ឆ្លើយតបទៅនឹងការដាក់សំពាធអំពាវនាវ ពីសហគមអន្តរជាតិ នៅទីបំផុត កងទ័ពអ៊ីស្រាអែល បានប្រកាសថ្ងៃទី២៧កក្កដាថា គេនឹងផ្អាកការប្រយុទ្ធមួយថ្ងៃ១០ម៉ោងជារៀងរាល់ថ្ងៃ នៅត្រង់តំបន់មួយចំនួននៅហ្កាហ្សា ដើម្បីជួយសម្រួលដល់ប្រតិបត្តិការមនុស្សធម៌។ បន្ថែមពីនេះ អ៊ីស្រាអែលបានសម្រេចបើកច្រកផ្លូវសុវត្ថិភាពនៅតំបន់ហ្កាហ្សា ដើម្បីអនុញ្ញាតដល់ការធ្វើដំណើរ និងការដឹកជញ្ជូនស្បៀង។ កងទ័ពអ៊ីស្រាអែល ក៏បានអះអាងដែរថាគេបានចាប់ផ្តើម ទម្លាក់ស្បៀងអាហារតាមឆ័ត្រយោង បានខ្លះហើយ កាលពីថ្ងៃទី២៦កក្កដា។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានដាក់ក្តីសង្ឃឹមថា ភាគីថៃនឹងមិនកែប្រែជំហររបស់ខ្លួនជាមួយសំណើរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ឲ្យមានបទឈប់បាញ់ជាបន្ទាន់នោះទេ។ ដោយឡែក នាយករដ្ឋមន្រ្តីស្តីទីថៃ លោក ភូមថាំ វីឆាយ៉ាឆ័យ ក៏បានយល់ព្រមលើគោលការណ៍ដើម្បីឲ្យមានបទឈប់បាញ់នៅនឹងកន្លែង ប៉ុន្តែលោកថាចង់ឃើញចេតនាដោយស្មោះពីកម្ពុជាក្នុងការចរចាទ្វេភាគី ដើម្បីបញ្ចប់ភាពតានតឹងតាមព្រំដែន។ ការចេញមកអះអាងយ៉ាងដូចគ្នារបស់ភាគីកម្ពុជា-ថៃ គឺក្រោយមានជំនួបដាច់ដោយឡែក តាមទូរស័ព្ទរវាង លោក ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ នៅម៉ោង២ទាបភ្លឺ ថ្ងៃទី២៧ ខែកក្កដានេះ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ចាប់តាំងពីម៉ោង៥ព្រឹកថ្ងៃទី២៧ ខែកក្កដា ថៃបានចាប់ផ្ដើមវាយ មកលើកម្ពុជា នៅតំបន់ជាំតែ បុស្បូវ ដោយបាញ់គ្រាប់ និងប្រើយន្តហោះទម្លាក់គ្រាប់បែកចំនួន២គ្រាប់ នៅតាមផ្លូវឡើងទៅប្រាសាទព្រះវិហារ។ សកម្មភាពរបស់ទាហានថៃ បង្ហាញថា ថៃនៅតែបន្តវាយប្រហារជាថ្មីមកលើកម្ពុជា ក្នុងថ្ងៃទី២៧ ខែកក្កដានេះ ហាក់ដូចជាផ្គើនទៅនឹងបទអន្តរាគមន៍ឲ្យមានបទឈប់បាញ់ជាបន្ទាន់មួយ ដែលស្នើឡើងដោយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថោ្កលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ពីសំណាក់ភាគីថៃដែលថា កម្ពុជាបានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីឡាវដោយចេតនា និងថា ការចោទប្រកាន់មិនពិតបែបនេះ មានចរិតព្យាបាទមកលើកម្ពុជា។ ។ ចំណែក យោធាឡាវ ថាខ្លួនមិនដឹងច្បាស់ថា ភាគីជម្លោះណាមួយក្នុងសង្គ្រាមខ្មែរ ថៃដែលបានបាញ់ផ្លោងគ្រាប់ចូលទឹកដីខ្លួននោះទេ។ តាមអ្នកវិភាគ ថៃចង់យកប្រៀបលើកម្ពុជាទាំងសមរភូមិកងទ័ព និងប្រព័ន្ធផ្សព្វផ្សាយដោយការប្រឌិតព័ត៌មានចោទប្រកាន់លើកម្ពុជា។
ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា រដ្ឋាភិបាលបានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ ដើម្បីសម្របសម្រួលចំពោះការវិលត្រឡប់ទ្រង់ទ្រាយធំចូលប្រទេសកំណើតវិញរបស់ពលករខ្មែរពីប្រទេសថៃ និងជនភៀសសឹក ដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅតាមព្រំដែន។ លោកនាយករដ្ឋមន្រ្តី បានបញ្ជាឲ្យ អាជ្ញាធរតាមបណ្តាខេត្តជាប់ព្រំដែនទាំងអស់ត្រូវសហការគ្នា រៀបចំរថយន្តដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទាំងអស់ពីព្រំដែន ត្រឡប់ទៅស្រុកកំណើតរបស់ពួកគេរៀងៗខ្លួន។
អាជ្ញាធរជាតិព្រះវិហារបានប្រកាសនៅថ្ងៃទី២៦ ខែកក្កដានេះថា បុគ្គលិករបស់ខ្លួនចំនួន៤៥រូប បានរួចផុតពីគ្រោះថ្នាក់ ដែលជាប់គាំងនៅលើប្រាសាទព្រះវិហារតាំងពីថ្ងៃទី២៤ ខែកក្កដា គ្រាដែលកងទ័ពថៃបើកការបាញ់ប្រហារមកលើទឹកដីកម្ពុជា។ អាជ្ញាធរជាតិព្រះវិហារបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសថា កាលពីម៉ោង២២យប់ថ្ងៃទី២៥ ខែកក្កដា អាជ្ញាធរជាតិមួយនេះ បានសម្របសម្រួលជូនបុគ្គលិកទាំងនោះចុះពីលើភ្នំ មកតាមចម្រាក់ភ្នំពើយតាឌីរហូតមកដល់ភូមិធម្មជាតិតេជោ រួចបន្តដំណើរដោយរថយន្តមកស្នាក់ការអាជ្ញាធរជាតិព្រះវិហារដោយសុវត្ថិភាព។ លោក គង់ ពុទ្ធិកា អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារប្រាប់វិទ្យុបារាំងអន្តរជាតិRFI កាលពីថ្ងៃទិ២៤ ខែកក្កដា ថាប្រាសាទព្រះវិហារបានរងការខូចខាតផ្នែកខ្លះ ក្រោយទាហានថៃបានបាញ់ផ្លោងជាច្រើនគ្រាប់មកតំបន់ប្រាសាទព្រះវិហារ និងមកលើកងទ័ពកម្ពុជា៕
ក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី២៦ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសកងទ័ពថៃដែលបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន៥គ្រាប់មកលើទីតាំងជាច្រើនកន្លែងក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការវាយប្រហាររបស់កងទ័ពថៃមកភូមិសាស្ត្រខេត្តពោធិ៍សាត់នាពេលនេះ ក្រសួងការពារជាតិកម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពអរិភាពរបស់ខ្លួនជាបន្ទាន់ ហើយត្រូវតែគោរពច្បាប់អន្តរជាតិ។
នៅទីក្រុងគូឡាឡាំពួរ ថ្ងៃសៅរ៍ទី២៦កក្កដា ប្រជាជនម៉ាឡេស៊ីច្រើនម៉ឺននាក់ បានជួបជុំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងតម្លៃទំនិញដែលឡើងថ្លៃខ្លាំងធ្វើបាបជីវភាព រីឯរដ្ឋាភិបាលវិញគ្មានកំណែទម្រង់ ឬវិធានការអ្វីទាំងអស់។ គួរកត់សំគាល់ថា នេះជាលើកទី១ហើយ ដែលមានបាតុកម្មទ្រង់ទ្រាយធំ នៅកណ្តាលរាជធានីរបស់ម៉ាឡេស៊ី បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានចូលមកកាន់អំណាចនៅឆ្នាំ២០២២។
ទាហានថៃបាននិងកំពុងទន្ទ្រានចូលមកក្នុងខេត្តបន្ទាយមានជ័យរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ។ តាមលោកស្រី ម៉ាលី សុជាតា ការបន្តឈ្លានពានដោយកំរោលរបស់ភាគីថៃមកលើទឹកដីកម្ពុជា គឺបានរំលោភលើអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០០ និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុត។ បន្ថែមពីនេះ ភាគីថៃបានចល័តនាវាជើងទឹកសរុប៨គ្រឿងនៅដែនកោះជាប់កម្ពុជា។ ក្រសួងការពារជាតិកម្ពុជាក៏បានច្រានចោលផងដែរ ចំពោះការចោទប្រកាន់របស់ថៃថា កម្ពុជាបានប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយ PHL-03 បាញ់ទៅលើភាគីថៃ។
ប្រទេសថៃបានច្រានចោលការអំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យមានការអត់ធ្មត់ខ្ពស់ ហើយបើកការវាយប្រហារបន្ថែមលើទឹកដីកម្ពុជា សំដៅទីតាំងដែលនៅឆ្ងាយពីតំបន់មានជម្លោះ។ មន្រ្តីរដ្ឋាភិបាល និងយោធាកម្ពុជាបានប្រតិកម្មជាបន្តបន្ទាប់ ដោយអំពាវនាវឲ្យមានបទឈប់បាញ់ តែក៏នៅរក្សាសិទ្ធិវាយការពារខ្លួនចំពោះការឈ្លានពានយ៉ាងចំហរបស់ថៃ។ អ្នកជំនាញច្បាប់ និងទំនាក់ទំនងអន្តរជាតិ មើលឃើញថា ថៃពិតជាបានត្រៀមផែនការវាយឈ្លានពានកម្ពុជា ដោយមិនអាចប្រកែកបាន។ តាមអ្នកវិភាគ តួនាទីរបស់អង្គការសហប្រជាជាតិនៅពេលនេះមានសារសំខាន់ដើម្បីបញ្ឈប់ការវាយប្រហាររបស់ថៃលើកម្ពុជា។
នៅក្នុងកិច្ចប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្ងៃទី២៥ខែកក្កដា ត្រូវនឹងម៉ោង ២ទៀបភ្លឺ ថ្ងៃទី២៦ ខែកក្កដា ម៉ោងនៅកម្ពុជា តំណាងកម្ពុជាបានស្នើឲ្យមានការឈប់បាញ់គ្នាជាបន្ទាន់ និងឥតលក្ខខណ្ឌ ជាមួយភាគីថៃ។ នេះជាការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃសៅរ៍នេះ។ ក្នុងសន្និសីទដដែលនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានស្នើឲ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ ចំពោះការពង្រាយកម្លាំងឈ្លានពានរបស់ថៃមកលើកម្ពុជា គ្រាដែលភាគីថៃបន្តពង្រាយទ័ពកាន់តែច្រើនមកតាមព្រំដែននៃបណ្តាខេត្តជាប់នឹងកម្ពុជា។
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិបានបង្ហាញក្តីអាណិត និងបារម្ភជាពន់ពេកចំពោះអំពើឈ្លានពានរបស់ប្រទេសថៃមកលើបូរណភាពទឹកដីកម្ពុជា។ នេះបើតាមសហមេធាវីការពារក្តីរបស់លោក កឹម សុខា ក្នុងពេលដែលពួកគេទៅជម្រាបដំណឹងអំពីដំណើរការនីតិវិធីសំណុំរឿងរបស់លោកនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ តាមសហមេធាវីការពារក្តី លោក កឹម សុខា គ្មានអារម្មណ៍គិតគូរពីសំណុំរឿងរបស់លោកដែលត្រូវឡើងសាលាឧទ្ធរណ៍នៅពេលខាងមុខនេះឡើយ ខណៈកម្ពុជាកំពុងមានសង្គ្រាមជាមួយថៃ។
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានបង្ហោះសារតាមបណ្ដាញសង្គម កាលពីល្ងាចថ្ងៃទី២៤កក្កដា ថាបារាំងនឹងប្រកាសទទួលស្គាល់ “រដ្ឋប៉ាឡេស្ទីន” នៅក្នុងឱកាសមហាសន្និបាតអង្គការសហប្រជាជាតិ នាខែកញ្ញាខាងមុខ។ ការប្រកាសទទួលស្គាល់ ដែលលោកម៉ាក្រុងអះអាងថា នឹងផ្តល់សន្ទុះរួមជាលក្ខណៈអន្តរជាតិ ដើម្បីឈានទៅបង្កើតរដ្ឋប៉ាឡេស្ទីនជាផ្លូវការ និងដើម្បីកសាងសន្តិភាពជូនប្រជាជនប៉ាឡេស្ទីន។ ប្រតិកម្មទៅនឹងការប្រកាសរបស់លោកម៉ាក្រុង លោកនេតាន់យ៉ាហ៊ូ បានចាត់ទុកថាបារាំងកំពុងតែផ្តល់រង្វាន់ជូនចំពោះក្រុមហាម៉ាស ដែលបានចូលសម្លាប់ប្រជាជនអ៊ីស្រាអែលចំនួន១២១៩នាក់ យ៉ាងសាហាវព្រៃផ្សៃ កាលពីថ្ងៃទី៧តុលាឆ្នាំ២០២៣។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានសម្រេចប្រកាសដកទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុន និងអ្នកជំនួញមួយចំនួនដែលជិតស្និទ្ធនឹងរដ្ឋអំណាចរបបសឹកភូមា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចអាមេរិក ដោយពុំបានបញ្ជាក់ពីមូលហេតុលម្អិតឡើយ។ តែជាការកត់សម្គាល់ ការលើកលែងទណ្ឌកម្មនេះបានធ្វើឡើង បន្ទាប់ពីប្រមុខដឹកនាំរបបសឹកភូមាបានសរសេរឆ្លើយតបលិខិតមួយ ជូនលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
នៅចំពោះមុខនៃស្ថានការណ៍ក្តៅក្នុងជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា-ថៃនាពេលនេះ សភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បានទទូចឱ្យអាស៊ាន និងម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេនចូលអន្តរាគមន៍ជាបន្ទាន់ ដើម្បីការពារអាយុជីវិតជនស៊ីវិល។ តាមសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) អាស៊ានត្រូវបំពេញឱ្យបាននូវតួនាទីរបស់ខ្លួន ទោះត្រូវប្រើគ្រប់យន្តការកាទូតក៏ដោយ។ តែតាមកាសែត The Straits times នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានហៅទូរស័ព្ទទៅប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃកាលពីយប់ម្សិលមិញ និងបានអំពាវនាវឱ្យភាគីទាំង២ បន្ធូរបន្ថយជម្លោះផងដែរ។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានស្នើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ឲ្យជួយអន្តរាគមន៍ជាបន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ ការសុំកិច្ចអន្តរាគមន៍របស់កម្ពុជាពីសំណាក់អង្គការសហប្រជាជាតិនាពេលនេះ គឺក្រោយហេតុការណ៍វាយប្រហារគ្នាយ៉ាងខ្លាំងក្លា រវាងកងទ័ពកម្ពុជា-ថៃ នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ តំបន់មុំបី រហូតដល់ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ។
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានបង្ហោះសារតាមបណ្ដាញសង្គម កាលពីល្ងាចថ្ងៃទី២៤កក្កដា ថាបារាំងនឹងប្រកាសទទួលស្គាល់ “រដ្ឋប៉ាឡេស្ទីន” នៅក្នុងឱកាសមហាសន្និបាតអង្គការសហប្រជាជាតិ នាខែកញ្ញាខាងមុខ។ ការប្រកាសទទួលស្គាល់ ដែលលោកម៉ាក្រុងអះអាងថា នឹងផ្តល់សន្ទុះរួមជាលក្ខណៈអន្តរជាតិ ដើម្បីឈានទៅបង្កើតរដ្ឋប៉ាឡេស្ទីនជាផ្លូវការ និងដើម្បីកសាងសន្តិភាពជូនប្រជាជនប៉ាឡេស្ទីន។ ប្រតិកម្មទៅនឹងការប្រកាសរបស់លោកម៉ាក្រុង លោកនេតាន់យ៉ាហ៊ូ បានចាត់ទុកថាបារាំងកំពុងតែផ្តល់រង្វាន់ជូនចំពោះក្រុមហាម៉ាស ដែលបានចូលសម្លាប់ប្រជាជនអ៊ីស្រាអែលចំនួន១២១៩នាក់ យ៉ាងសាហាវព្រៃផ្សៃ កាលពីថ្ងៃទី៧តុលាឆ្នាំ២០២៣។
កងទ័ពកម្ពុជា និងកងទ័ពថៃ បាន និងកំពុងវាយប្រហារគ្នា នៅតំបន់មួយចំនួនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឈានចូលដល់ថ្ងៃទី២។ បណ្តាប្រទេស និងសហគមន៍អន្តរជាតិជាច្រើនបានអំពាវនាវឲ្យភាគីកម្ពុជា-ថៃ បើកកិច្ចចរចាដោយសន្តិវិធី ដើម្បីបញ្ឈប់ការផ្ទុះអាវុធដាក់គ្នានាពេលនេះ។ អ្នកជំនាញកិច្ចការអន្តរជាតិនានាបានលើកឡើងថា ភាគីថៃត្រូវតែបញ្ឈប់សកម្មភាពឈ្លានពានរបស់ខ្លួនមកលើទឹកដីកម្ពុជា ហើយចូលខ្លួនមកទទួលស្គាល់ការដោះស្រាយគ្នាតាមសន្តិវិធី តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ។ តើកម្ពុជា-ថៃ អាចមានដំណោះស្រាយបែបណា ដើម្បីបញ្ឈប់ការផ្ទុះអាវុធដាក់គ្នា?
នៅថ្ងៃសុក្រ ទី២៥ កក្កដា អាជ្ញាធរហុងកុងប្រកាសផ្តល់ប្រាក់រង្វាន់ ចន្លោះពី ២ សែន ទៅ ១ លានដុល្លារហុងកុង ចំពោះព័ត៌មានលម្អិតទាំងឡាយណា ដែលអាចឈានទៅចាប់ខ្លួនក្រុមអ្នកប្រឆាំង ចំនួន ១៩ នាក់ នៅបរទេស។ អាជ្ញាធរហុងកុង ចោទប្រកាន់ថា ជនទាំងនោះ បានរៀបចំគម្រោងការធ្វើវិទ្ធង្សនា ដើម្បីផ្តួលរំលំរដ្ឋអំណាច។
នៅក្នុងសន្និសីទកាសែតរយៈពេលខ្លី ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថាកងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជា ស្ថិតនៅតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទីពីរនេះ ចំនួន ៧ទីតាំង។ អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ រៀបរាប់ថាថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាចាប់តាំងពីម៉ោង ៣,២០នាទី ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ភ្នំខ្មោច តាថាវ ភ្នំ៣៣៣ ប្រាសាទតាមាន់ ប្រាសាទតាក្របី ជាំតែ និងតំបន់មុំ៣។ នៅក្នុងការវាយប្រហារមកលើកងទ័ពកម្ពុជានេះ ថៃបានប្រើប្រាស់គ្រាប់បែកចង្កោមចំនួន ២លើក។ ចំណុចនេះត្រូវលោកស្រី ម៉ាលី សុជាតា កត់សម្គាល់ថាការប្រើប្រាស់គ្រាប់បែកចង្កោមរបស់ថៃ បានបំពានធ្ងន់ធ្ងរទៅលើអនុសញ្ញាអន្តរជាតិ បង្ហាញពីភាពឃោរឃៅ និងអមនុស្សធម៌។ សូមស្តាប់ប្រសាសន៍លោកស្រី ម៉ាលី សុជាតា ដែលរៀបចំដោយ ញឹម សុផល៖
ទីបំផុតនៅក្នុងជម្លោះព្រំដែន សង្រ្គាមរវាងកម្ពុជា និងថៃបានផ្ទុះនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយភាគីម្ខាងៗបានប្រើប្រាស់សព្វាវុធធុនធ្ងន់ដើម្បីវាយប្រហារគ្នា។ តាមកំណត់ហេតុពីភាគីកម្ពុជា ការវាយប្រយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃចាប់ផ្តើមដំបូងពីប្រាសាទតាមាន់ធំ និងបានឈានទៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច ហើយបន្តពង្រីកភូមិសាស្ត្រវាយប្រយុទ្ធទៅដល់តំបន់មុំបី រហូតដល់ប្រាសាទព្រះវិហារទៀត។ តើគេអាចនិយាយបានទេថា សង្រ្គាមជាថ្មីរវាងកម្ពុជា និងថៃនៅក្នុងជម្លោះព្រំដែនពេលនេះជារឿងដែលគេបានទន្ទឹងរង់ចាំ ពិសេសពីភាគីកម្ពុជា?
ជម្រើសម្ហូបអាហារមានសារៈសំខាន់ណាស់សម្រាប់សុខភាព។ ពេលម៉ោងទទួលទានអាហារក៏សំខាន់ដែរ។ តើអ្នកដឹងទេ ថាម៉ោងទទួលទានអាហារ អាចជះឥទ្ធិពលអាក្រក់ដល់សុខភាព? អ្នកវិទ្យាសាស្ត្រផ្តល់សេចក្តីបំភ្លឺថាហេតុអ្វីត្រូវឆាប់ទទួលទានអាហារល្ងាច។
ថ្នាក់ដឹកនាំកំពូលសហភាពអឺរ៉ុប បានធ្វើដំណើរទៅរដ្ឋធានីប៉េកាំង និងបានជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ប្រមុខរដ្ឋចិន បានអំពាវនាវឲ្យមេដឹកនាំសហភាពអឺរ៉ុប ពង្រឹងទំនុកចិត្តចំពោះគ្នាទៅវិញទៅមក ខណៈពេលដែលសមភាគីអឺរ៉ុបជំរុញឲ្យរដ្ឋអំណាចប៉េកាំង ផ្តល់ដំណោះស្រាយច្បាស់លាស់ ចំពោះជម្លោះពាណិជ្ជកម្ម។
អ៊ុយក្រែននិងរុស្ស៊ី បានចាប់ផ្តើមចរចាគ្នាជាថ្មីឡើងវិញ នៅឯក្រុងអ៊ីស្តង់ប៊ូល កាលពីល្ងាចថ្ងៃពុធទី២៣កក្កដាម្សិលម៉ិញ។ ក៏ប៉ុន្តែ លទ្ធផលបានស្តួចស្តើងបំផុត ដោយភាគីទាំងសងខាង បានទទួលស្គាល់ថាមានគោលជំហរផ្ទុយពីគ្នាស្រឡះ។ ក្រុមចរចាអ៊ុយក្រែននិងរុស្ស៊ីបានត្រឹមតែយល់ព្រម ដោះដូរចំណាប់ខ្មាំងគ្នាចំនួន ១២០០នាក់ទៅវិញទៅមក។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានប្រាប់ពលរដ្ឋខ្មែរកុំឲ្យមានការព្រួយបារម្ភ ព្រោះថាលោកមិនរត់ទៅណាឡើយ ពោលគឺនៅរួមចំណែកបញ្ជាទ័ពតាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមេដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយខ្មាំងថៃឈ្លានពាន។ ការបញ្ជាក់របស់លោក ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្រោយសារព័ត៌មានថៃ The Nation នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះផ្សាយថា លោក ហ៊ុន សែន កំពុងជិះយន្តហោះឯកជនទៅប្រទេសចិន អំឡុងកងទ័ពកម្ពុជា-ថៃកំពុងផ្ទុះអាវុធដាក់គ្នា។
នៅក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា បានថ្លែងថាកម្ពុជានៅរក្សាបានប្រៀបឈ្នះលើសមរភូមិប្រយុទ្ធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិដូច្នេះ គឺដោយសារកងទ័ពកម្ពុជាបានដណ្តើមកាន់កាប់ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងតំបន់មុំបី។ ចំពោះតុល្យការនៃការខូចខាតរបស់ភាគីកម្ពុជា អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះបញ្ជាក់ថា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ ក៏ប៉ុន្តែលោកស្រីគ្រាន់តែឲ្យដឹងថាកងកម្លាំងកម្ពុជាពេលនេះ បានឈរជើងយ៉ាងរឹងមាំ ១០០%នៅលើសមរភូមិ ដោយរក្សាបាននូវអធិបតេយ្យភាពរបស់ខ្លួន។
លោកប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសថា រដ្ឋបាលលោក បានចរចាបានសម្រេចជាមួយជប៉ុន ដើម្បីកំណត់កិច្ចព្រមព្រៀងពន្ធគយ ដែលលោកអះអាងថាជាកិច្ចព្រមព្រៀង “ដ៏ធំមហិហា”។ ពន្ធនាំចូលទំនិញទៅវិញទៅមក ជាទូទៅរវាងជប៉ុននិងអាមេរិក នឹងត្រូវកំណត់ត្រឹម១៥%។ ដោយឡែក អត្រាពន្ធបន្ថែមដល់ទៅ៥០% លើដែកថែបជប៉ុនដែលនាំចូលមកអាមេរិក គឺមិនត្រូវបានដោះស្រាយដោយកិច្ចព្រមព្រៀងនេះទេ។
ក្នុងសំឡេងភាគច្រើនលើសលប់ រដ្ឋសភាអ៊ុយក្រែនបានអនុម័តច្បាប់ថ្មីដែលសម្រេចដកហូតឯករាជ្យភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នអយ្យការប្រឆាំងអំពើពុករលួយ។ ពលរដ្ឋអ៊ុយក្រែនផ្ទុះក្តីខឹងសម្បារ និងនាំគ្នាធ្វើបាតុកម្មនៅកណ្តាលរដ្ឋធានីកៀវ។ ចំណែកសហភាពអឺរ៉ុបវាយតម្លៃភ្លាមៗថា រដ្ឋាភិបាលក្រុងកៀវកំពុងតែដើរថយក្រោយ។
កុមារប្រមាណ៧១០០០នាក់នៅតំបន់ហ្កាហ្សា កំពុងប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភដ៏ធ្ងន់ធ្ងរបំផុត។ កាលពីថ្ងៃទី២៣កក្កដា អង្គការមនុស្សធម៌ចំនួន១១០អង្គការ បានរួមគ្នាអំពាវនាវទៅកាន់សហគមន៍អន្តរជាតិ ត្រូវតែរកវិធីជួយជាបន្ទាន់ ព្រោះគ្រោះអត់ឃ្លាន គ្មានអ្វីបរិភោគ កំពុងតែសម្លាប់ប្រជាជននៅហ្កាហ្សា។ ជនរងគ្រោះដែលប្រឈមបំផុតនោះ គឺកុមារ។ តំណាងអង្គការ Unicef បានរន្ធាន់ ថាត្រូវតែដកចេញជាបន្ទាន់ នូវរនាំងរាំងខ្ទប់ការដឹកជំនួយស្បៀងអាហារទៅកាន់ហ្កាហ្សា។
នៅរដ្ឋប៉ែកខាងកើតប្រទេសប៉ាគីស្ថាន ប្រធានគណបក្សប្រឆាំងដ៏លេចធ្លោ និងសហការីនយោបាយជាង ៣០នាក់ បានត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ក្នុងម្នាក់ៗចំនួន ១០ ឆ្នាំ។ នេះបើតាមក្រសួងយុត្តិធម៌ប៉ាគីស្ថានដោយបញ្ជាក់ហេតុផលថា ពួកគេបានប្រព្រឹត្តអំពើ«ភេរវកម្ម»។ ក៏ប៉ុន្តែ អ្នកនាំពាក្យបក្សប្រឆាំងអះអាងថា រដ្ឋអំណាចប៉ាគីស្ថានតែងតែសំអាងលើមូលហេតុប្រយុទ្ធប្រឆាំងអំពើភេរវកម្មធ្វើជាលេសដើម្បីកម្ទេចអ្នកនយោបាយប្រឆាំង។
កងទ័ពភូមិន្ទថៃ បានកោះហៅអនុព័ន្ធយោធាបរទេស៤៧ប្រទេសរួមទាំងកម្ពុជាផង ទៅស្តាប់របាយការណ៍របស់ខ្លួនអំពីឧបទ្ទវហេតុផ្ទុះមីនកាលពីថ្ងៃទី ១៦ ខែកក្កដា ដែលបានបណ្តាលឲ្យទាហានថៃបីនាក់រងរបួស។ តែអនុព័ន្ធយោធាកម្ពុជា ដែលមានវត្តមានក្នុងកិច្ចប្រជុំនោះ គឺមិនមានយោបល់អ្វីទាំងអស់ ពាក់ព័ន្ធករណីផ្ទុះមីនថ្មីៗនេះក្នុងតំបន់មុំបីនៃទឹកដីប្រទេសកម្ពុជា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយថៃ Khaosod English។ អ្នកជំនាញកិច្ចការអន្តរជាតិនៅកម្ពុជា យល់ឃើញថា ភាពស្ងៀមស្ងាត់របស់អនុព័ន្ធយោធាកម្ពុជាក្នុងរឿងនេះ អាចបញ្ជាក់ជាថ្មីទៅភាគីថៃថា កម្ពុជាមិនស្ថិតនៅពីក្រោយការដាក់មីនលើទឹកដីខ្លួនឯងនោះទេ។
នៅថ្ងៃទី២០ ខែកក្កដា សមាគមស្វាយចន្ទីកម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះតម្លៃគ្រាប់ស្វាយចន្ទីកម្ពុជា ដែលអាចជួបហានិភ័យ ដោយសារតែការប្រមូលផលដំណាលគ្នាជាមួយចន្ទីអាហ្រ្វិកខាងលិច។ ការព្រមានយ៉ាងដូច្នេះ ធ្វើឡើងក្រោយសមាគមស្វាយចន្ទីកម្ពុជាសង្កេតឃើញគ្រាប់ស្វាយចន្ទីនៅតំបន់អាហ្វ្រិកខាងលិចមានតម្លៃថោក ខណៈបរិមាណ និងគុណភាពផលិតរបស់គេខ្ពស់។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ លោក អួន ស៊ីឡុតប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា ក្នុងរដូវប្រមូលផលកន្លងទៅ គ្រាប់ស្វាយចន្ទីកម្ពុជាហាក់ធ្លាក់ថ្លៃបន្តិច តែធ្លាក់ក្នុងរយៈពេលខ្លី។ តែជាយន្តការដើម្បីធានាថា ស្វាយចន្ទីកម្ពុជាមិនប៉ះពាល់ផ្នែកតម្លៃ លោក អួន ស៊ីឡុត ជំរុញឱ្យរដ្ឋាភិបាលពន្លឿនការបង្កើតសួនកសិ-ឧស្សាហកម្មស្វាយចន្ទី ខណៈមានក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីមួយចំនួនកំពុងមានចំណាប់អារម្មណ៍។