មេដឹកនាំបរទេសមួយចំនួនទាំងក្នុងទ្វីបអាស៊ី និងលោកខាងលិច បានចេញមកសាទរ និងស្វាគមន៍ចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានឯកភាពគ្នានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីប្រធានប្តូរវេនអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ ក្នុងខ្លឹមសារស្រដៀងគ្នា មេដឹកនាំបរទេសទាំងនោះបានចាត់ទុក ការចរចាបទឈប់បាញ់ដែលជាគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងមានការចូលរួមពីចិន ថាជាជំហានទៅរកការស្តារសន្តិភាព និងកិច្ចសហប្រតិបត្តិការឡើងវិញរវាងប្រទេសកម្ពុជា និងថៃ។
ក្រសួងព័ត៌មានកម្ពុជាអំពាវនាវឱ្យអ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងពលរដ្ឋខ្មែរទាំងអស់បញ្ឈប់រាល់ការកាត់តរូបភាពប្រមាថមេដឹកនាំថៃ បង្កើតព័ត៌មានញុះញង់បង្ករឱ្យឆេះកំហឹង និងរើសអើងពូជសាសន៍។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបានស្នើឱ្យពលរដ្ឋខ្មែរទាំងអស់ប្រុងប្រយ័ត្នចំពោះព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់ពាក់ព័ន្ធនឹងករណីជម្លោះព្រំដែនកម្ពុជា-ថៃ។
សហរដ្ឋអាមេរិកមិនអាចសម្រេចកិច្ចចរចាពន្ធបដិការជាមួយកម្ពុជា ឬថៃបានឡើយ។ នេះបើតាមការបញ្ជាក់របស់លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ដែលបានប្រាប់វិទ្យុបារាំងRFI នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ។ ការបញ្ជាក់របស់លោក Casey Barnett ដូច្នេះ គឺបន្ទាប់ពីកាសែតបរទេសមួយចំនួនបានរាយការណ៍ពីការផ្ទុះអាវុធជាថ្មី នៅតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយភាគីទាំង២ ព្រមព្រៀងបង្កើតបទឈប់បាញ់បន្ទាន់មួយ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលបទឈប់បាញ់នេះត្រូវបានផ្តួចផ្តើមដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរន្ថើនឲ្យថ្នាក់ដឹកនាំរុស្ស៊ីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយកាត់បន្ថយថ្ងៃឱសានវាទ។ ពីប្រទេសអង់គ្លេស ចៅហ្វាយសេតវិមានបានកំណត់ពេលត្រឹមតែពី ១០ ទៅ១២ថ្ងៃប៉ុណ្ណោះ ដើម្បីឲ្យចៅហ្វាយវិមានក្រេមឡាំង ពន្លត់ភ្លើងសង្គ្រាមឈ្លានពានអ៊ុយក្រែន។ បើពុំដូច្នោះទេ វ៉ាស៊ីនតោននឹងដាក់ទណ្ឌកម្មធ្ងន់ចំពោះម៉ូស្គូ។
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានច្រានចោលការអត្ថាធិប្បាយរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលថា មានការប្រយុទ្ធកើតឡើង ក្រោយឱសានវាទនៅវេលាម៉ោង១២យប់ថ្ងៃទី ២៨ ខែ កក្កដា។ នៅក្នុងសន្និសីទព័ត៌មានមួយធ្វើឡើងនាព្រឹកថ្ងៃអង្គារទី ២៩ ខែ កក្កដា ឆ្នាំ ២០២៥នេះ លោកស្រីបានបញ្ជាក់ទៀតថា កងកម្លាំងប្រដាប់អាវុធកម្ពុជា បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជា និងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ចាប់តាំងពីម៉ោង ១២យប់ ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥។ សូមជម្រាបថា បន្ទាប់ពីកិច្ចប្រជុំពិសេស នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃចន្ទ ទី ២៨ ខែកក្កដា ភាគីកម្ពុជា និងថៃ បានព្រមព្រៀងលើបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន ត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលក្រុមសង្កេតការណ៍ ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ជាបន្ទាន់នេះ។ បទឈប់បាញ់នេះ កើតឡើង បន្ទាប់ពីមានបទអន្តរាគមន៍របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងក្រោយកងទ័ពកម្ពុជា និងថៃវាយប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ នៅតំបន់មានជម្លោះតាមបន្ទាត់ព្រំដែននៃប្រទេសទាំង២។
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ មេដឹកនាំកំពូលកម្ពុជា និងថៃ បានជួបចរចាគ្នាកម្រិតខ្ពស់ នៅប្រទេសម៉ាឡេស៊ី ដែលមានលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ជាអ្នកសម្របសម្រួល។ ជំនួបនេះធ្វើឡើងដោយមានការរៀបចំពីសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងរដ្ឋាភិបាលចិន ដើម្បីស្វែងរកដំណោះស្រាយរវាងកម្ពុជា និងថៃ ខណៈកងទ័ពនៃប្រទេសទាំងពីរបាននិងកំពុងប្រយុទ្ធគ្នានៅតាមព្រំដែនអស់រយៈពេល ៥ថ្ងៃមកហើយ។ តើអ្វីទៅដែលកម្ពុជាគួរធ្វើ ក្រោយជំនួបចរចានៅម៉ាឡេស៊ី ក្នុងករណីមាន ឬគ្មានបទឈប់បាញ់នោះ?
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរស៍ បានក្រើនរម្លឹក ថា គេមិនត្រូវយកការអត់ឃ្លានធ្វើជាអាវុធសម្លាប់មនុស្សឡើយ។ ប្រសាសន៍របស់ប្រមុខដឹកនាំស្ថាប័នអង្គការសហប្រជាជាតិយ៉ាងដូច្នេះថ្លែងឡើងនៅក្នុងកិច្ចប្រជុំកំពូលដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះទុរ្ភិក្សនៅទ្វីបអាហ្វ្រិក។
ប្រឈមនឹងវិបត្តិប្រជាសាស្ត្រ រដ្ឋាភិបាលចិនសម្រេចផ្តល់ប្រាក់ឧបត្ថម្ភប្រចាំឆ្នាំក្នុងមួយឆ្នាំ ៤២០អឺរ៉ូ ដល់គ្រួសារដែលមានកូនអាយុក្រោម ៣ឆ្នាំ និងរហូតដល់កូនមានអាយុ ៣ឆ្នាំ។ នេះជាវិធានការសំដៅលើកកម្ពស់អត្រាកំណើតនៅក្នុងប្រទេសឡើងវិញ។
កម្ពុជា និងថៃបានឯកភាពគ្នាលើបទឈប់បាញ់ដោយឥតលក្ខខណ្ឌចាប់ពីម៉ោង១២៖០០ រំលងអាធាត្រថ្ងៃចន្ទ ទី២៨ ឆ្លងចូលថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមលទ្ធផលនៃកិច្ចចរចាពិសេសរវាងមេដឹកនាំប្រទេសទាំងពីរនៅក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនាថ្ងៃទី២៨ ខែកក្កដា។ ពលរដ្ឋក្នុងជំរំភៀសសឹកក្នុងខេត្តឧត្តរមានជ័យបានបង្ហាញក្តីត្រេកអរចំពោះលទ្ធផលមួយនេះ។ តែទន្ទឹមគ្នានេះ ពួកគេក៏បារម្ភខ្លាចភាគីថៃបន្តក្រឡាស់សម្តីដោយមិនអនុវត្តតាមការព្រមព្រៀងជាមួយភាគីកម្ពុជា។ ពីជំរំបាត់ថ្កាត់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ សូមលោក អ្នកនាងទស្សនាសេចក្តីរាយការណ៍របស់ ជួប នរក្សា ដោយមានជំនួយបច្ចេកទេសពី ឈា ប៊ុណ្ណារិទ្ធ៖
គិតមកត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ជនភៀសសឹកចំនួនជិត៤ម៉ឺនគ្រួសារ ស្មើនឹងជាង១៣ម៉ឺននាក់ ត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព និងផ្ទះសាច់ញាតិ។ សាលារៀនចំនួន ៦០០ ដែលស្ថិតនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយថៃទាំង៥ ត្រូវបានបិទទ្វារ និងសិស្សចំនួន ១៥ម៉ឺននាក់បានរងផលប៉ះពាល់ដល់ការសិក្សា។ នេះបើតាមលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បន្តថាអំពើឈ្លានពានរបស់ថៃ ក៏បានបំផ្លាញផងដែរ ដល់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌរបស់ជាតិខ្មែរ និងពិភពលោក។
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងការងារកម្ពុជាបានសរសេរលិខិតមួយច្បាប់ផ្ញើរទៅកាន់ម្ចាស់ម៉ាកសម្គាល់ផលិតផល អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ ដោយស្នើសុំឲ្យធ្វើអន្តរាគមន៍បន្ទាន់លើករណីក្រុមជ្រុលនិយមថៃ ដែលបានប្រើប្រាស់អំពើហិង្សារលើពលករខ្មែរ។ ជាមួយគ្នានេះ ក្រសួងការងារកម្ពុជាក៏បានអំពាវនាវឱ្យភាគីថៃរក្សាកាតព្វកិច្ច គោរពគោលការណ៍ការងារ ដោយមិនរើសអើងជាតិសាសន៍ និងគោរពសិទ្ធិពលករ។
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងចូលរួមកិច្ចប្រជុំពិសេសមួយ នៅប្រទេសម៉ាឡេស៊ី ដើម្បីសម្រេចបទឈប់បាញ់បន្ទាន់ ជាមួយតំណាងរដ្ឋាភិបាលថៃ។ ផ្តួចផ្តើមដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កិច្ចប្រជុំកម្រិតខ្ពស់នេះនឹងមានការចូលរួមពីតំណាងរដ្ឋាភិបាលចិន និងមានលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេនជាអ្នកសម្របសម្រួល។ ដោយឡែក រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីប្រកាសរួមមួយនៅរសៀលថ្ងៃទី២៨កក្កដានេះ ដោយជម្រុញបន្ថែមឱ្យភាគីទាំង២ បញ្ឈប់អំពើអរិភាពទាំងអស់ និងត្រឡប់ចូលតុចរចាផ្អែកតាមគោលការណ៍សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ធម្មនុញ្ញអាស៊ាន ក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិ។
គ្រោះហូរបាក់ដីដោយព្យុះភ្លៀងកំណាច បានសម្លាប់ជីវិតមនុស្សអស់យ៉ាងហោច៤នាក់ និង១៣នាក់ផ្សេងទៀតបាត់ខ្លួន។ នេះបើតាមសារព័ត៌មានផ្លូវការចិន ចេញផ្សាយនៅថ្ងៃចន្ទទី២៨កក្កដា ២០២៥។ មហន្តរាយអាកាសធាតុនេះ បានជំរុញឱ្យអាជ្ញាធរជម្លៀសប្រជាពលរដ្ឋជាច្រើនសិបពាន់នាក់ នៅខេត្តជុំវិញរដ្ឋធានីនិងនៅប៉េកាំង។
នៅប្រទេសថៃ ខ្មាន់កំាំភ្លើងម្នាក់បានបាញ់ប្រហារសម្លាប់មនុស្ស ៥នាក់ មុននឹងធ្វើអត្តឃាតខ្លួនឯង។ នេះបើតាមប៉ូលិសថៃដែលកំពុងតែបន្តការស៊ើបអង្កេតរកមើលមូលហេតុ និងចេតនាពិតប្រាកដរបស់ខ្មាន់កាំភ្លើង។ ហេតុការណ៍សោកនាដកម្មនេះបានកើតឡើងនៅថ្ងៃចន្ទ ទី២៨ កក្កដាក្នុងបរិវេណផ្សារលក់បន្លែនិងត្រីមួយកន្លែង នៅទីក្រុងបាងកក។
ស្របពេលដែលគម្រោងព្រែកជីកហ្វូណន រៀបនឹងបញ្ចប់ការបោះបង្គោលនិយាមកា ក្តីបារម្ភពីការបាត់បង់ផ្ទះសម្បែងនិងដីចម្ការរបស់ពលរដ្ឋរងគ្រោះ កំពុងចោទឡើង។ ជាក់ស្តែងពលរដ្ឋក្នុងភូមិចំនួន២ក្នុងឃុំត្រើយស្លាស្រុកស្អាង បានលើកឡើងពីក្តីបារម្ភនៃការបាត់បង់ផ្ទះសម្បែង និងដីចម្ការ ដោយសារតែគម្រោងព្រែកជីកបានពង្រីកទំហំទទឹងរហូតដល់ជាង៥០០ម៉ែត្រ។
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងចូលរួមកិច្ចប្រជុំពិសេសមួយ នៅប្រទេសម៉ាឡេស៊ី ដើម្បីសម្រេចបទឈប់បាញ់បន្ទាន់ ជាមួយតំណាងរដ្ឋាភិបាលថៃ។ ផ្តួចផ្តើមដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កិច្ចប្រជុំកម្រិតខ្ពស់នេះនឹងមានការចូលរួមពីតំណាងរដ្ឋាភិបាលចិន និងមានលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេនជាអ្នកសម្របសម្រួល។ ដោយឡែក រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីប្រកាសរួមមួយនៅរសៀលថ្ងៃទី២៨កក្កដានេះ ដោយជម្រុញបន្ថែមឱ្យភាគីទាំង២ បញ្ឈប់អំពើអរិភាពទាំងអស់ និងត្រឡប់ចូលតុចរចាផ្អែកតាមគោលការណ៍សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ធម្មនុញ្ញអាស៊ាន ក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិ។
អស់រយ:ពេល៥ថ្ងៃមកហេីយ ដែលកងទ័ពថៃបានបើកការវាយប្រហារដោយអាវុធមកលើដែនអធិបតេយ្យភាពកម្ពុជា។ ពលរដ្ឋខ្មែរដែលរស់នៅតាមខេត្តជាប់ព្រំដែនថៃ បានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែង ដោយក្តីអាល័យ និងភិតភ័យជាពន្លឹក។ ពីជំរុំភៀសសឹកបាត់ថ្កៅ ក្នុងខេត្តឧត្តរមានជ័យ យើងមានសេចក្តីរាយការណ៍របស់ ជួប នរក្សា នៃវិទ្យុបារាំងអន្តរជាតិ ស្តីពីស្ថានភាពលំបាក និងការទទូចរបស់ពលរដ្ឋឲ្យភាគីថៃបញ្ឈប់ការបាញ់ប្រហារមកលើកម្ពុជា។
គិតពីដើមឆ្នាំនេះមក អារ៉ាប៊ីសាអូឌីត បានប្រហារជីវិតមនុស្សជាង២០០នាក់ហើយ។ ភាគច្រើននៃករណីប្រហារជីវិតទាំងនេះ គឺសុទ្ធតែពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ហើយជនជាប់ចោទទៀតសោត ភាគច្រើនគឺជាជនបរទេស។ បញ្ហានេះ បានធ្វើឲ្យអង្គការសិទ្ធិមនុស្ស មានការបារម្ភ ព្រោះជនបរទេសមួយចំនួនធំជាពលករចំណាកស្រុក ពុំអាចទទួលបានសេវាការពារផ្លូវច្បាប់ នៅចំពោះមុខតុលាការអារ៉ាប៊ីសាអូឌីតឡើយ។
នៅថ្ងៃអាទិត្យទី២៧ ខែកក្កដានេះ ពលរដ្ឋខ្មែររាប់រយនាក់នៅក្រៅប្រទេសបាននាំគ្នាធ្វើបាតុកម្មព្រមៗគ្នា ដោយស្រែកថ្កោលទោស និងទាមទារឲ្យកងទ័ពថៃបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានមកលើទឹកដីកម្ពុជា។ បាតុកម្មរបស់ពលរដ្ឋខ្មែរបានកើតឡើងនៅប្រទេសកូរ៉េខាងត្បូង អូស្ត្រាលី និងនៅណូវ៉ែលហ្សេឡង់។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចោទប្រកាន់ថៃថាបានរំលោភបំពានលើអធិបតេយ្យភាពកម្ពុជា ដោយការបង្កើនការប្លោងគ្រាប់ចូលប្រាសាទព្រះវិហារ។ ក្រសួងនឹងប្រមូលឯកសារនានា បញ្ជាក់អំពីការឈ្លានពានរបស់ថៃ និងឈានទៅ ប្តឹងថៃនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ អ្នកជំនាញច្បាប់កត់សម្គាល់ថា ថៃកំពុងប្រព្រឹត្តិបទឧក្រិដ្ឋកម្មដ៏គ្រោះថ្នាក់មួយមកបំផ្លាញប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទ ជាសម្បត្តិវប្បធម៌របស់មនុស្សជាតិ ដែលត្រូវប្រឈមនឹងការទទួលខុសត្រូវជាអន្តរជាតិ ជាពិសេសនៅចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ។
ឆ្លើយតបទៅនឹងការដាក់សំពាធអំពាវនាវ ពីសហគមអន្តរជាតិ នៅទីបំផុត កងទ័ពអ៊ីស្រាអែល បានប្រកាសថ្ងៃទី២៧កក្កដាថា គេនឹងផ្អាកការប្រយុទ្ធមួយថ្ងៃ១០ម៉ោងជារៀងរាល់ថ្ងៃ នៅត្រង់តំបន់មួយចំនួននៅហ្កាហ្សា ដើម្បីជួយសម្រួលដល់ប្រតិបត្តិការមនុស្សធម៌។ បន្ថែមពីនេះ អ៊ីស្រាអែលបានសម្រេចបើកច្រកផ្លូវសុវត្ថិភាពនៅតំបន់ហ្កាហ្សា ដើម្បីអនុញ្ញាតដល់ការធ្វើដំណើរ និងការដឹកជញ្ជូនស្បៀង។ កងទ័ពអ៊ីស្រាអែល ក៏បានអះអាងដែរថាគេបានចាប់ផ្តើម ទម្លាក់ស្បៀងអាហារតាមឆ័ត្រយោង បានខ្លះហើយ កាលពីថ្ងៃទី២៦កក្កដា។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានដាក់ក្តីសង្ឃឹមថា ភាគីថៃនឹងមិនកែប្រែជំហររបស់ខ្លួនជាមួយសំណើរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ឲ្យមានបទឈប់បាញ់ជាបន្ទាន់នោះទេ។ ដោយឡែក នាយករដ្ឋមន្រ្តីស្តីទីថៃ លោក ភូមថាំ វីឆាយ៉ាឆ័យ ក៏បានយល់ព្រមលើគោលការណ៍ដើម្បីឲ្យមានបទឈប់បាញ់នៅនឹងកន្លែង ប៉ុន្តែលោកថាចង់ឃើញចេតនាដោយស្មោះពីកម្ពុជាក្នុងការចរចាទ្វេភាគី ដើម្បីបញ្ចប់ភាពតានតឹងតាមព្រំដែន។ ការចេញមកអះអាងយ៉ាងដូចគ្នារបស់ភាគីកម្ពុជា-ថៃ គឺក្រោយមានជំនួបដាច់ដោយឡែក តាមទូរស័ព្ទរវាង លោក ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ នៅម៉ោង២ទាបភ្លឺ ថ្ងៃទី២៧ ខែកក្កដានេះ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ចាប់តាំងពីម៉ោង៥ព្រឹកថ្ងៃទី២៧ ខែកក្កដា ថៃបានចាប់ផ្ដើមវាយ មកលើកម្ពុជា នៅតំបន់ជាំតែ បុស្បូវ ដោយបាញ់គ្រាប់ និងប្រើយន្តហោះទម្លាក់គ្រាប់បែកចំនួន២គ្រាប់ នៅតាមផ្លូវឡើងទៅប្រាសាទព្រះវិហារ។ សកម្មភាពរបស់ទាហានថៃ បង្ហាញថា ថៃនៅតែបន្តវាយប្រហារជាថ្មីមកលើកម្ពុជា ក្នុងថ្ងៃទី២៧ ខែកក្កដានេះ ហាក់ដូចជាផ្គើនទៅនឹងបទអន្តរាគមន៍ឲ្យមានបទឈប់បាញ់ជាបន្ទាន់មួយ ដែលស្នើឡើងដោយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថោ្កលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ពីសំណាក់ភាគីថៃដែលថា កម្ពុជាបានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីឡាវដោយចេតនា និងថា ការចោទប្រកាន់មិនពិតបែបនេះ មានចរិតព្យាបាទមកលើកម្ពុជា។ ។ ចំណែក យោធាឡាវ ថាខ្លួនមិនដឹងច្បាស់ថា ភាគីជម្លោះណាមួយក្នុងសង្គ្រាមខ្មែរ ថៃដែលបានបាញ់ផ្លោងគ្រាប់ចូលទឹកដីខ្លួននោះទេ។ តាមអ្នកវិភាគ ថៃចង់យកប្រៀបលើកម្ពុជាទាំងសមរភូមិកងទ័ព និងប្រព័ន្ធផ្សព្វផ្សាយដោយការប្រឌិតព័ត៌មានចោទប្រកាន់លើកម្ពុជា។
ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា រដ្ឋាភិបាលបានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ ដើម្បីសម្របសម្រួលចំពោះការវិលត្រឡប់ទ្រង់ទ្រាយធំចូលប្រទេសកំណើតវិញរបស់ពលករខ្មែរពីប្រទេសថៃ និងជនភៀសសឹក ដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅតាមព្រំដែន។ លោកនាយករដ្ឋមន្រ្តី បានបញ្ជាឲ្យ អាជ្ញាធរតាមបណ្តាខេត្តជាប់ព្រំដែនទាំងអស់ត្រូវសហការគ្នា រៀបចំរថយន្តដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទាំងអស់ពីព្រំដែន ត្រឡប់ទៅស្រុកកំណើតរបស់ពួកគេរៀងៗខ្លួន។
អាជ្ញាធរជាតិព្រះវិហារបានប្រកាសនៅថ្ងៃទី២៦ ខែកក្កដានេះថា បុគ្គលិករបស់ខ្លួនចំនួន៤៥រូប បានរួចផុតពីគ្រោះថ្នាក់ ដែលជាប់គាំងនៅលើប្រាសាទព្រះវិហារតាំងពីថ្ងៃទី២៤ ខែកក្កដា គ្រាដែលកងទ័ពថៃបើកការបាញ់ប្រហារមកលើទឹកដីកម្ពុជា។ អាជ្ញាធរជាតិព្រះវិហារបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសថា កាលពីម៉ោង២២យប់ថ្ងៃទី២៥ ខែកក្កដា អាជ្ញាធរជាតិមួយនេះ បានសម្របសម្រួលជូនបុគ្គលិកទាំងនោះចុះពីលើភ្នំ មកតាមចម្រាក់ភ្នំពើយតាឌីរហូតមកដល់ភូមិធម្មជាតិតេជោ រួចបន្តដំណើរដោយរថយន្តមកស្នាក់ការអាជ្ញាធរជាតិព្រះវិហារដោយសុវត្ថិភាព។ លោក គង់ ពុទ្ធិកា អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារប្រាប់វិទ្យុបារាំងអន្តរជាតិRFI កាលពីថ្ងៃទិ២៤ ខែកក្កដា ថាប្រាសាទព្រះវិហារបានរងការខូចខាតផ្នែកខ្លះ ក្រោយទាហានថៃបានបាញ់ផ្លោងជាច្រើនគ្រាប់មកតំបន់ប្រាសាទព្រះវិហារ និងមកលើកងទ័ពកម្ពុជា៕
ក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី២៦ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសកងទ័ពថៃដែលបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន៥គ្រាប់មកលើទីតាំងជាច្រើនកន្លែងក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការវាយប្រហាររបស់កងទ័ពថៃមកភូមិសាស្ត្រខេត្តពោធិ៍សាត់នាពេលនេះ ក្រសួងការពារជាតិកម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពអរិភាពរបស់ខ្លួនជាបន្ទាន់ ហើយត្រូវតែគោរពច្បាប់អន្តរជាតិ។
នៅទីក្រុងគូឡាឡាំពួរ ថ្ងៃសៅរ៍ទី២៦កក្កដា ប្រជាជនម៉ាឡេស៊ីច្រើនម៉ឺននាក់ បានជួបជុំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងតម្លៃទំនិញដែលឡើងថ្លៃខ្លាំងធ្វើបាបជីវភាព រីឯរដ្ឋាភិបាលវិញគ្មានកំណែទម្រង់ ឬវិធានការអ្វីទាំងអស់។ គួរកត់សំគាល់ថា នេះជាលើកទី១ហើយ ដែលមានបាតុកម្មទ្រង់ទ្រាយធំ នៅកណ្តាលរាជធានីរបស់ម៉ាឡេស៊ី បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានចូលមកកាន់អំណាចនៅឆ្នាំ២០២២។
ទាហានថៃបាននិងកំពុងទន្ទ្រានចូលមកក្នុងខេត្តបន្ទាយមានជ័យរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ។ តាមលោកស្រី ម៉ាលី សុជាតា ការបន្តឈ្លានពានដោយកំរោលរបស់ភាគីថៃមកលើទឹកដីកម្ពុជា គឺបានរំលោភលើអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០០ និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុត។ បន្ថែមពីនេះ ភាគីថៃបានចល័តនាវាជើងទឹកសរុប៨គ្រឿងនៅដែនកោះជាប់កម្ពុជា។ ក្រសួងការពារជាតិកម្ពុជាក៏បានច្រានចោលផងដែរ ចំពោះការចោទប្រកាន់របស់ថៃថា កម្ពុជាបានប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយ PHL-03 បាញ់ទៅលើភាគីថៃ។
ប្រទេសថៃបានច្រានចោលការអំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យមានការអត់ធ្មត់ខ្ពស់ ហើយបើកការវាយប្រហារបន្ថែមលើទឹកដីកម្ពុជា សំដៅទីតាំងដែលនៅឆ្ងាយពីតំបន់មានជម្លោះ។ មន្រ្តីរដ្ឋាភិបាល និងយោធាកម្ពុជាបានប្រតិកម្មជាបន្តបន្ទាប់ ដោយអំពាវនាវឲ្យមានបទឈប់បាញ់ តែក៏នៅរក្សាសិទ្ធិវាយការពារខ្លួនចំពោះការឈ្លានពានយ៉ាងចំហរបស់ថៃ។ អ្នកជំនាញច្បាប់ និងទំនាក់ទំនងអន្តរជាតិ មើលឃើញថា ថៃពិតជាបានត្រៀមផែនការវាយឈ្លានពានកម្ពុជា ដោយមិនអាចប្រកែកបាន។ តាមអ្នកវិភាគ តួនាទីរបស់អង្គការសហប្រជាជាតិនៅពេលនេះមានសារសំខាន់ដើម្បីបញ្ឈប់ការវាយប្រហាររបស់ថៃលើកម្ពុជា។
នៅក្នុងកិច្ចប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្ងៃទី២៥ខែកក្កដា ត្រូវនឹងម៉ោង ២ទៀបភ្លឺ ថ្ងៃទី២៦ ខែកក្កដា ម៉ោងនៅកម្ពុជា តំណាងកម្ពុជាបានស្នើឲ្យមានការឈប់បាញ់គ្នាជាបន្ទាន់ និងឥតលក្ខខណ្ឌ ជាមួយភាគីថៃ។ នេះជាការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃសៅរ៍នេះ។ ក្នុងសន្និសីទដដែលនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានស្នើឲ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ ចំពោះការពង្រាយកម្លាំងឈ្លានពានរបស់ថៃមកលើកម្ពុជា គ្រាដែលភាគីថៃបន្តពង្រាយទ័ពកាន់តែច្រើនមកតាមព្រំដែននៃបណ្តាខេត្តជាប់នឹងកម្ពុជា។
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិបានបង្ហាញក្តីអាណិត និងបារម្ភជាពន់ពេកចំពោះអំពើឈ្លានពានរបស់ប្រទេសថៃមកលើបូរណភាពទឹកដីកម្ពុជា។ នេះបើតាមសហមេធាវីការពារក្តីរបស់លោក កឹម សុខា ក្នុងពេលដែលពួកគេទៅជម្រាបដំណឹងអំពីដំណើរការនីតិវិធីសំណុំរឿងរបស់លោកនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ តាមសហមេធាវីការពារក្តី លោក កឹម សុខា គ្មានអារម្មណ៍គិតគូរពីសំណុំរឿងរបស់លោកដែលត្រូវឡើងសាលាឧទ្ធរណ៍នៅពេលខាងមុខនេះឡើយ ខណៈកម្ពុជាកំពុងមានសង្គ្រាមជាមួយថៃ។
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានបង្ហោះសារតាមបណ្ដាញសង្គម កាលពីល្ងាចថ្ងៃទី២៤កក្កដា ថាបារាំងនឹងប្រកាសទទួលស្គាល់ “រដ្ឋប៉ាឡេស្ទីន” នៅក្នុងឱកាសមហាសន្និបាតអង្គការសហប្រជាជាតិ នាខែកញ្ញាខាងមុខ។ ការប្រកាសទទួលស្គាល់ ដែលលោកម៉ាក្រុងអះអាងថា នឹងផ្តល់សន្ទុះរួមជាលក្ខណៈអន្តរជាតិ ដើម្បីឈានទៅបង្កើតរដ្ឋប៉ាឡេស្ទីនជាផ្លូវការ និងដើម្បីកសាងសន្តិភាពជូនប្រជាជនប៉ាឡេស្ទីន។ ប្រតិកម្មទៅនឹងការប្រកាសរបស់លោកម៉ាក្រុង លោកនេតាន់យ៉ាហ៊ូ បានចាត់ទុកថាបារាំងកំពុងតែផ្តល់រង្វាន់ជូនចំពោះក្រុមហាម៉ាស ដែលបានចូលសម្លាប់ប្រជាជនអ៊ីស្រាអែលចំនួន១២១៩នាក់ យ៉ាងសាហាវព្រៃផ្សៃ កាលពីថ្ងៃទី៧តុលាឆ្នាំ២០២៣។