អណ្តូងរ៉ែទង់ដែងដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលស្ថិតនៅក្នុងប្រទេសស៊ីលី បានបាក់រលំ កាលពីថ្ងៃព្រហស្បតិ៍ទី ៣១ កក្កដា២០២៥។ កម្មករ ៥នាក់ដែលជាប់កុនក្នុងអណ្តូង តាំងពីថ្ងៃកើតឧប្បតិហេតុមក បានស្លាប់បាត់បង់ជីវិតទាំងអស់។ នេះបើតាមសេចក្តីប្រកាសរបស់អាជ្ញាធរស៊ីលី ក្រោយពីរកឃើញសាកសពជនបាត់ខ្លួនចុងក្រោយ នៅថ្ងៃអាទិត្យទី ៣ សីហា។ ប្រធានាធិបតីស៊ីលីបានចេញក្រិត្យកាន់ទុក្ខជាតិចំនួន ៣ថ្ងៃ។
សំរាមប្លាស្ទិកជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ និងកាន់តែធំឡើងៗ សម្រាប់សុខភាពដែលធ្វើឱ្យពិភពលោកខាតបង់។ បើគិតជាថវិកា គឺអស់យ៉ាងហោច ១៥០០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ តែគ្រប់គ្នាមើលស្រាលទំហំគ្រោះថ្នាក់របស់ប្លាស្ទិកណាស់។ នេះបើតាមរបាយការណ៍ព្រមានរបស់អ្នកស្រាវជ្រាវល្បីៗ ដែលមានចុះផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet នៅថ្ងៃចន្ទ ទី៤ សីហា ២០២៥។
រដ្ឋាភិបាលអ៊ីស្រាអែលបានបំផុសឲ្យសាធារណៈមតិអន្តរជាតិ យកចិត្តទុកដាក់ចំពោះជោគវាសនារបស់ចំណាប់ខ្មាំងអ៊ីស្រាអែល ដែលត្រូវពួកប្រដាប់អាវុធហាម៉ាសចាប់ខ្លួន ជាង ២២ ខែមកហើយ។ ការប្រកាសនេះ ធ្វើឡើង ក្រោយពីពួកហាម៉ាសបានផ្សាយវីដេអូដែលបង្ហាញពីសភាពដ៏វេទនារបស់ចំណាប់ខ្មាំង២នាក់ ដែលមានតែស្បែកដណ្តប់ឆ្អឹង។ ជាថ្មីម្តងទៀត នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្តេជ្ញាចិត្តតាមកម្ទេចពួកហាម៉ាស និងរំដោះចំណាប់ខ្មាំង។ ក៏ប៉ុន្តែ អតីតមេបញ្ជាការកំពូល និងក្រុមគ្រួសារចំណាប់ខ្មាំង បានអំពាវនាវឲ្យបញ្ចប់សង្គ្រាមនៅហ្កាហ្សា និងថា ការបន្តធ្វើសង្គ្រាមទៀត គឺមានតែនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតចំណាប់ខ្មាំង ទៅវិញទេ។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសនៅយប់ថ្ងៃទី៤ ខែសីហា ថា កម្ពុជានឹងឈានទៅរកការពឹងពាក់លើកាកបាទក្រហមអន្តរជាតិដើម្បីជួយដល់ទាហានកម្ពុជា១៨រូបដែលថៃចាប់យកទៅ នៅក្រោយបទឈប់បាញ់តែមិនទាន់បានបញ្ជូនមកវិញ។ គិតត្រឹមថ្ងៃទី៤ខែសីហានេះ មានទាហានខ្មែរតែ២រូប ប៉ុណ្ណោះដែលត្រូវបានប្រគល់មកវិញ ដោយស្ថិតក្នុងស្ថានភាពរបួស។
ក្រោយកម្ពុជា-ថៃ សម្រេចបាននូវបទឈប់បាញ់មួយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃតែងចោទប្រកាន់កម្ពុជាថាបានរំលោភបទឈប់បាញ់ម្តងជាពីរដង។ ប៉ុន្តែកម្ពុជាបានច្រានចោល និងបញ្ជាក់ថាខ្លួនតែងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលសម្រេចបានតាមអនុលោមច្បាប់អន្តរជាតិ។ អ្នកជំនាញកិច្ចការអន្តរជាតិនានា បានលើកឡើងពីភាពផុយស្រួយនៃបទឈប់បាញ់រវាងកម្ពុជា និងថៃនាពេលនេះ ដែលតម្រូវឲ្យសហគមន៍អន្តរជាតិចាត់តាំងក្រុមសង្កេតការណ៍ឯករាជ្យជាបន្ទាន់ក្នុងការតាមដាន។ តាមក្រុមអ្នកជំនាញ សហគមន៍អន្តរជាតិត្រូវមានវិធានការច្បាស់លាស់មួយ ក្នុងការដាក់សម្ពាធ ឬទណ្ឌកម្មចំពោះភាគីថៃប្រសិនបើនៅតែបន្តរំលោភបទឈប់បាញ់។ ស្ថិតក្នុងអំឡុងពេលនេះ តើសហគមន៍អន្តរជាតិមានតួនាទីយ៉ាងណា ដើម្បីឲ្យភាគីថៃគោរពបទបាញ់ជាមួយកម្ពុជា?
ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ជាខួប៥ឆ្នាំគត់នៃហេតុការណ៍ផ្ទុះដ៏មហន្តរាយនៅកំពង់ផែបេរូតប្រទេសលីបង់។ ការផ្ទុះដ៏ធំសម្បើមនេះ បណ្តាលឲ្យស្លាប់មនុស្សជាង ២៣០នាក់ និងរបួសច្រើនពាន់នាក់។ តែរហូតមកទល់ពេលនេះការស៊ើបអង្កេតស្វែងរកមូលហេតុពិតនៃសោកនាដកម្មនោះបន្តគ្មានពន្លឺនៅឡើយ ហើយយុត្តិធម៌សម្រាប់ជនរងគ្រោះក៏នៅឆ្ងាយពីក្តីសង្ឃឹម។
ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមបណ្តាប្រទេសនានា តួយ៉ាងអង់គ្លេស បារាំង និងកាណាដា នាំគ្នាធ្វើបាតុកម្មទាមទារឲ្យមានសន្តិភាព និងដោះលែងទាហានកម្ពុជា ដែលត្រូវកងយោធាថៃចាប់ខ្លួនជាឈ្លើយសឹក។ អ្នកវិភាគយល់ថា ការធ្វើបាតុកម្មនេះមិនអាចគាបថៃឲ្យគោរពបទបាញ់នោះទេ លើកលែងតែភាគីកម្ពុជា និងថៃ ធានាឲ្យបាននូវយន្តការតាមដានរឹងមំាមួយពីអ្នកសង្កេតការណ៍ឯករាជ្យ ក្នុងការឃ្លាំមើលស្ថានភាពទូទៅនៅតាមព្រំដែន ខ្មែរ និងថៃ។
សភាពការណ៍ជួរមុខទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ ដែលនៅជាប់ប្រទេសថៃ បានបន្តស្ថិតនៅក្នុងភាពប្រក្រតី ពោលគឺមិនមានការផ្ទុះអាវុធ រវាងកងទ័ពកម្ពុជា និងថៃ ខណៈទាហានកម្ពុជារក្សាការប្រុងប្រយ័ត្នខ្ពស់ ហើយកម្ពុជាក៏បន្តគោរពយ៉ាងម៉ឺងម៉ាត់បទឈប់បាញ់ដែលភាគីកម្ពុជា និងថៃទទួលបាននៅប្រទេសម៉ាឡេស៊ី កាលពីខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។ អ្នកនាំពាក្យរូបនេះដដែលបានបញ្ជាក់ថា គិតត្រឹមម៉ោង១១ ព្រឹកថ្ងៃទី ៤ ខែសីហា កងយោធាថៃ ក៏នៅមិនទាន់បញ្ជូនទាហានខ្មែរ ១៨នាក់ដែលយោធាថៃបានចាប់ជាឈ្លើយសឹក ក្រោយបទឈប់បាញ់ចូលធរមានកាលពីម៉ោង១២ រំលង អធ្រាត្រ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥។
នៅថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ថៃបានប្រកាសចោទកម្ពុជាចំៗ ថាបានបំពានបទឈប់បាញ់ ដែលភាគីកម្ពុជា និងថៃ ទើបឯកភាពគ្នាកាលពីថ្ងៃចន្ទ នៅប្រទេសម៉ាឡេស៊ី។ រដ្ឋាភិបាលទីក្រុងបាងកកបានលើកឡើងថា កងទ័ពកម្ពុជា បានបើកការវាយប្រហារដោយគ្មានគោលដៅពិតប្រាកដលើតំបន់នានាក្នុងទឹកដីថៃ នៅតាមព្រំដែន។ តែកម្ពុជាបានបដិសេធចោលយ៉ាងដាច់អហង្ការនូវរាល់ព័ត៌មានដែលថា កម្ពុជារំលោភបទឈប់បាញ់ និងថាជាការចោទប្រកាន់មិនមានការពិត ប្រឌិត និងគ្មានមូលដ្ឋាន។
ក្រសួងមហាផ្ទៃកម្ពុជាបានហាមឃាត់ជាដាច់ខាតក្នុងការបង្ហោះដ្រូនក្នុងខេត្តទាំងអស់ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តខ្លះទៀត ដែលមិននៅជាប់ព្រំដែន។ បំរាមនេះគឺក្រោមហេតុផលការពារសន្តិសុខ និងសុវត្ថិភាពជាតិ អំឡុងពេលថៃកំពុងមានមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា។ តាមក្រសួងមហាផ្ទៃ ត្រូវផ្អាកការបង្ហោះដ្រូនរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី៣ខែសីហាតទៅ បើពុំដូច្នោះអ្នកល្មើសនឹងត្រូវប្រឈមតាមច្បាប់។
នៅថ្ងៃទី៤ ខែសីហានេះ ថៃបានបញ្ជូនគ្រឿងចក្រ និងកម្លាំងប្រដាប់អាវុធគ្រប់ដៃចូលតំបន់អានសេះក្នុងខេត្តព្រះវិហារ និងតំបន់ផ្សេងទៀតដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ នេះជាការគូសបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃទី៤ សីហានេះ។ មិនត្រឹមតែប៉ុណ្ណឹងទេ និងបើតាមលោកស្រី ម៉ាលី សុជាតា យោធាថៃថែមទាំងហ៊ានរាយបន្លាលួស ទោះបីកងកម្លាំងកម្ពុជាបានហាមយ៉ាងណាក៏ដោយ។
ពីក្រុងឡុងដ៍ ដល់ប៉ារីស និងក្រុងនីសភាគខាងត្បូង បារាំង ប្រជាពលរដ្ឋខ្មែររស់នៅបារាំង និងអឺរ៉ុប បាននាំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងទង្វើរបស់ទាហានថៃ ដែលបានវាយប្រហារមកលើទឹកដី និងប្រាសាទបូរាណខ្មែរ ប្រាប់ពិភពលោក។ នៅថ្ងៃអាទិត្យ ជាគម្រប់ពីរថ្ងៃជាប់គ្នាដែលប្រជាជនខ្មែរ បានមកជួបជុំគ្នានៅទីលានក្បែរតួអេហ្វែល ជាថ្មី ក្នុងបំណងតែមួយ គឺទាមទារឱ្យថៃដោះលែងយុទ្ធជនខ្មែរទាំង១៨នាក់។
នៅទីក្រុងបាងកក ក្រុមប្រឆាំងនឹងរដ្ឋាភិបាលថៃរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅថ្ងៃសៅរ៍ ទី២ សីហា ដើម្បីទាមទារឲ្យនាយករដ្ឋមន្រ្តីព្យួរតំណែង លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ចុះចេញពីតំណែង។ ក្រុមបាតុករគាំទ្ររាជានិយមថៃ ខឹងនឹងរបៀបដឹកនាំរបស់នាយករដ្ឋមន្រ្តីព្យួរតំណែងរូបនេះ ក្រោយពីមានការបែកធ្លាយសំឡេងសន្ទនារវាងលោកស្រី និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងបានចោទលោកស្រី ថាជាអ្នកបង្កឲ្យមានសង្រ្គាមរវាងខ្មែរនិងថៃ។
កម្ពុជា និងថៃបានឈានដល់បទឈប់បាញ់បន្ទាន់មួយនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ ក្រោយមានបទអន្តរាគមន៍ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងការសម្របសម្រួលរបស់ប្រធានអាស៊ានប្តូរវេនគឺ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ ស្របពេលកម្ពុជាកំពុងប្រកាន់ខ្ជាប់នឹងបទឈប់បាញ់នេះ មានការចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុក អំពាវនាវឲ្យពលរដ្ឋខ្មែរឈប់ប្រើប្រាស់ផលិតផលថៃ និងខ្លះមានបង្កប់ពាក្យពេចន៍អុជអាលឱ្យស្អប់ខ្ពើមជាតិសាសន៍ថៃ។ អ្នកឃ្លាំមើលសង្គមកម្ពុជាយល់ថា ការបង្កើនស្មារតីជាតិនិយម ដែលចំណេញដល់ប្រទេសជាតិជារឿងត្រឹមត្រូវ។ ប៉ុន្តែប្រសិនបើជាទង្វើនោះជ្រុលហួសហេតុ បែបអុជអាល បង្កជម្លោះ បង្កើតការស្អប់ខ្ពើមជាតិសាសន៍ដទៃ នោះវានឹងបើកផ្លូវឱ្យថៃយកលេសបង្កអរិភាពលើកម្ពុជាបាន។
ជាមោទនភាពផ្នែកបច្ចេកវិទ្យាខ្លាំងបំផុតសម្រាប់ចិន។ ពីមុនយឺតយ៉ាវខ្លាំង ដើរក្រោយអាមេរិកនិងជប៉ុនមែន តែពេលនេះចិនបានរត់តាមទាន់ និងកំពុងចាប់ផ្តើមវ៉ារគេវ៉ារឯង តាមរយៈការចំណាយវិនិយោគដ៏ធំមហិមារ និងអានុភាពនៃឧស្សាហកម្មអេឡិចត្រូនិក។ ចិនបានបំបែកឯតទគ្គកម្មពិភពលោក ផ្នែកបង្កើតឧបករណ៍បញ្ជាសត្វល្អិត ដ៏ស្រាលបំផុត បំពាក់លើសត្វឃ្មុំ។
នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ គណៈកម្មកាធិការសិទ្ធិមនុស្សកម្ពុជាបានដាក់ញត្តិទៅឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ OHCHR ដើម្បីសុំអន្តរាគមន៍ជាបន្ទាន់លើករណីរំលោភបំពាន ធ្វើទារុណកម្ម និងឃុំខ្លួនទាហានកម្ពុជា ២០នាក់ ដែលថៃចាប់ជាចំណាប់ខ្មាំង ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីម៉ោង១២ អធ្រាត្រថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥។ តាមគណៈកម្មាធិការមនុស្សកម្ពុជា ទាហានខ្មែរ ២នាក់ ដែលថៃទើបបញ្ជូនមកកម្ពុជាវិញក្នុងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នោះ ត្រូវបានរកឃើញថាស្ថិតក្នុងស្ថានភាពមានវិបត្តិផ្លូវកាយ និងផ្លូវចិត្តធ្ងន់ធ្ងរ។
រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃយល់ព្រមសំណើរបស់ភាគីកម្ពុជា ដែលចង់ឱ្យមានក្រុមប្រទេសសង្កេតការណ៍ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC)។ នេះបើយោងតាមលិខិតផ្លូវការរបស់ក្រសួងការពារជាតិថៃ ដែលចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥។ ការយល់ព្រមរបស់ភាគីថៃនាពេលនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយកាសែតបាងកកប៉ុស្តិ៍ ផ្សាយថា រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃបដិសេធមិនទទួលយកសំណើរបស់ភាគីកម្ពុជា ក្រោមហេតុផលថា ជាកិច្ចប្រជុំទ្វេភាគី និងបន្ទាប់ពីម៉ាឡេស៊ីអះអាងថា កងទ័ពរបស់ខ្លួននឹងចូលខ្លួនសម្របសម្រួលបន្តទៀត។
សហគមន៍ខ្មែរនៅប្រទេសបារាំង ធ្វើបាតុកម្ម នៅរសៀលថ្ងៃសៅរ៍ ទី២ ខែសីហា ឆ្នាំ២០២៥ នៅក្រុងប៉ារីស។ បាតុកម្មនេះបានធ្វើឡើងក្នុងបរិបទសង្គ្រាមខ្មែរ-ថៃនៅព្រំដែន ដែលស្ងៀមស្ងាត់ក្នុងអំលុងពេលរក្សាបទឈប់បាញ់ ហើយមេៗទាហានទាំង២ភាគី ក៏បន្តចរចាគ្នានៅឡើយ។ បាតុករខ្មែរនៅស្រុកបារាំង បានទាមទារសន្តិភាពពិតប្រាកដ និងទាមទារឲ្យទ័ពថៃប្រគល់ទាហានខ្មែរ ឲ្យកម្ពុជា វិញ។
អាមេរិកដំឡើងសំឡេងដាក់រុស្ស៊ីកាន់តែខ្លាំងឡើងៗ។ ជាប្រតិកម្មតបនឹងសេចក្តីថ្លែងការណ៍បែបបង្កហេតុរបស់អតីតប្រធានាធិបតីរុស្ស៊ីលោក ឌីមីទ្រី មេដវេដេវ - នៅរសៀលថ្ងៃសុក្រទី១សីហា២០២៥នេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ ពីរគ្រឿង នៅទីតាំងដ៏សក្តិសម។
បណ្តាអង្គទូតនានានៅកម្ពុជាបានសរសេរសារតាមបណ្តាញសង្គមរបស់ខ្លួន ដោយជំរុញឲ្យកម្ពុជា-ថៃ គោរពបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព។ សំណេររបស់បណ្តាអង្គទូតនៅកម្ពុជា ធ្វើឡើងក្រោយពេលពួកគេបាន ទៅមើលស្ថានភាពជាក់ស្តែងនៃតំបន់រងគ្រោះដោយសារគ្រាប់ផ្លោងរបស់ភាគីថៃចូលមកទឹកដីកម្ពុជានៅថ្ងៃទី១សីហា។
អ្នកវិទ្យាសាស្ត្រល្បីឈ្មោះជាច្រើននាក់ បានចេញមុខចោទអាជ្ញាធរអាមេរិក ថាបានធ្វើរបាយការណ៍ដោយយកការសិក្សាស្រាវជ្រាវរបស់ពួកគេ យកទៅបំភ្លៃការពិត ឬបកស្រាយដោយភន្ត័ច្រឡំ ដើម្បីបម្រើដល់គោលនយោបាយប្រឆាំងអាកាសធាតុ។ ការចេញមុខចោទនេះ គឺបន្ទាប់ពីរដ្ឋបាលអាមេរិក បានលុបចោលច្បាប់គ្រប់គ្រងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឆ្នាំ២០០៩ ដោយផ្អែកលើរបាយការណ៍ថ្មីមួយ ហើយដែលអ្នកវិទ្យាសាស្ត្រចោទថា បានបកស្រាយខុសពីការពិតនៃការសន្និដ្ឋានរបស់គេ។
នៅអេស្ប៉ាញ សំណុំរឿងពុករលួយនៅតែបន្តលងបន្លាចនាយករដ្ឋមន្ត្រី លោក ប៉េត្រូ សាន់ឆេស៍ (Pedro Sánchez)។ ក្នុងរបាយការណ៍ ចេញផ្សាយថ្ងៃទី១ សីហា ក្រុមប្រឹក្សាអឺរ៉ុប បន្តរិះគន់អេស្ប៉ាញ អំពីបញ្ហាពុករលួយរបស់ក្រុមមន្ត្រីសាធារណៈក្នុងជួររដ្ឋាភិបាល និងក្រុមនគរបាល ហើយជំរុញឲ្យប្រទេសនេះ ពន្លឿនវិធានការទប់ស្កាត់។
ចាប់ពីថ្ងៃសុក្រទី១ ខែសីហា ឆ្នាំ ២០២៥ ទៅ ពលរដ្ឋរុស្ស៊ីណា ដែលប្រើបណ្តាញអ៊ិនធ័រនែត ដើម្បីស្វែងមាតិកាផ្សេងៗ ដែលត្រូវអាជ្ញាធរវិនិច្ឆ័យថាមានលក្ខណៈ ជ្រុលនិយម នឹងត្រូវរងពិន័យ។ មានទម្រង់ស្រពិចស្រពិលនៅឡើយ ច្បាប់ថ្មីនេះ នឹងបើកផ្លូវឲ្យអាជ្ញាធររុស្ស៊ី ដាក់សម្ពាធមួយជាន់បន្ថែមទៀត លើប្រជាជនក្នុងស្រុក។
លោកដូណាល់ ត្រាំបានដាក់ឱសានវាទថាថ្ងៃទី១សីហានេះ អត្រាពន្ធថ្មីលើទំនិញនាំចូល នឹងត្រូវអនុវត្ត។ តែកាលពីរសៀលថ្ងៃទី៣១កក្កដា សេតវិមានបានប្រកាសថា អត្រាពន្ធថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី៧សីហា ដើម្បីទុកពេលវេលាឲ្យអាជ្ញាធរគយរៀបចំដំណើរការការងារ។ គិតត្រឹមពេលនេះ មានប្រទេសតែ៧ទេ ដែលបានសម្រេចបានកិច្ចព្រមព្រៀងកំណត់អាត្រាពន្ធជាមួយអាមេរិក។ តើចាប់ពីថ្ងៃ៧សីហាទៅ អត្រាពន្ធនាំចូលរបស់អាមេរិក នឹងមានកម្រិតប៉ុន្មានខ្លះ សម្រាប់ប្រទេសនីមួយៗ ?
សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធបដិការឱ្យកម្ពុជាមកត្រឹម ១៩% រាល់មុខទំនិញនាំចេញពីកម្ពុជាចូលទៅទីផ្សាររបស់អាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន ចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ ការបញ្ចុះអត្រាពន្ធបដិការរបស់អាមេរិក ធ្វើឡើងបន្ទាប់ពី កម្ពុជា និងថៃសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់មួយដែលផ្តើមឡើងពីការសម្របសម្រួលរបស់សហរដ្ឋអាមេរិក។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា កម្ពុជានឹងក្លាយជាប្រទេសមួយដែលមានការប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ ចំពោះការទាក់ទាញអ្នកវិនិយោគពីបរទេសមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ តែអ្នកជំនាញក៏ស្នើឱ្យរដ្ឋាភិបាលគិតគូរទៅលើការបង្កើននូវបរិយាកាសវិនិយោគងាយស្រួល និងការដឹកជញ្ចូនមានតម្លៃទាបជាងមុន។
អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី(OIF) លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO)កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសស្វាគមន៍បទឈប់បាញ់ជាបន្ទាន់ និងឥតលក្ខខណ្ឌ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ បន្ថែមពីនេះ លោកស្រី មូស៊ីគីវ៉ាបូ ក៏បានស្នើឲ្យភាគីកម្ពុជា-ថៃ គោរពឲ្យបាននូវបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព។
គិតត្រឹមម៉ោង ៤រសៀល ថ្ងៃសុក្រទី០១ ខែសីហា ឆ្នាំ២០២៥ កម្ពុជាទទួលបានទាហាន ២រូប ដែលស្ថិតក្នុងស្ថានភាពរបួសពីភាគីថៃ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះ។ តុល្យការចុងក្រោយ មានទាហានកម្ពុជា ១៨រូបផ្សេងទៀត ដែលភាគីថៃបន្តឃុំឃាំងជាចំណាប់ខ្មាំង និងមិនទាន់បានប្រគល់មកឲ្យកម្ពុជាវិញ។
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានរកឃើញអាវុធយុទ្ធភណ្ឌផ្ទុះ និងមិនទាន់ផ្ទុះ ព្រមទាំងរណ្តៅគ្រាប់បែកជាច្រើន ដែលកងទ័ពអាកាសថៃបានទម្លាក់លើប្រទេសកម្ពុជា អំឡុងពេលនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥បានចេញមកបញ្ជាក់ចំៗថា អាវុធយុទ្ធភណ្ឌដូចជាគ្រាប់ប្រភេទ MK-84 ដែលកម្ពុជារកឃើញនាពេលនេះសុទ្ធសឹងជាគ្រាប់ថ្មីថ្មោង ដែលថៃបានយកមកប្រើប្រាស់ក្នុងការឈ្លានពានទឹកដីកម្ពុជា។ តែថៃបានបដិសេធ និងគេចពីការទទួលខុសត្រូវចំពោះការលើកឡើងរបស់អង្គភាពស៊ីម៉ាក់ដូច្នេះ។
កម្ពុជាបានឯកភាពទៅលើសំណើរបស់ភាគីថៃ ក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅក្នុងប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនាពេលនេះ កម្ពុជាក៏បានស្នើសុំដល់ភាគីអាមេរិក ចិន និងម៉ាឡេស៊ី ឲ្យចូលរួមជាអ្នកសង្កេតការណ៍ផងដែរ ដើម្បីឲ្យដំណើរការកិច្ចប្រជុំនេះប្រកបដោយអព្យាក្រឹត្យ។
អាមេរិកបានសម្រេចបញ្ចុះអត្រាពន្ធបដិការដល់កម្ពុជាមកត្រឹម១៩% ដែលការសម្រេចនេះបានចូលជាធរមានចាប់ពីថ្ងៃសុក្រទី០១ ខែសីហា ឆ្នាំ២០២៥តទៅ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃសុក្រទី០១សីហានេះ។ ការបញ្ចុះអត្រាពន្ធរបស់អាមេរិកលើទំនិញកម្ពុជាមកត្រឹម ១៩%នេះ ធ្វើឡើងក្រោយពេលដែលកម្ពុជា-ថៃ យល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់កាលពីពេលថ្មីៗនេះ ជុំវិញជម្លោះនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។
នៅក្នុងឱកាសខួប៥០ឆ្នាំ នៃកិច្ចព្រមព្រៀងហ៊ែលស៊ីនគីស្តីពីសន្តិសុខអឺរ៉ុប ១សីហា១៩៧៥ លោកប្រធានាធិតបីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានថ្លែងសុន្ទរកថា ដោយលោកបានអំពាវនាវឲ្យពិភពលោក ត្រូវតែរួមគ្នាផ្លាប់ប្តូររបបដឹកនាំនៅរុស្ស៊ី ព្រោះពុំនោះទេ រុស្ស៊ីនឹងបន្តគំរាមសន្តិសុខ គំរាមសន្តិភាពរបស់ប្រទេសអឺរ៉ុបជាបន្តបន្ទាប់។ សុន្ទរកថាលោកប្រធានាធិបតីអ៊ុយក្រែន ត្រូវបានធ្វើឡើងបន្ទាប់ពីវេលាទៀបភ្លឺថ្ងៃព្រហស្បតិ៍ទី៣១កក្កដា រុស្ស៊ីបានបញ្ជាដ្រូនចំនួន៣០៩គ្រឿងនិងបាញ់មីស៊ីល៩គ្រាប់ សំដៅមកលើរដ្ឋធានីកៀវ។ អាជ្ញាធរអ៊ុយក្រែនបានអះអាងថា ដ្រូននិងមីស៊ីលរុស្ស៊ីបានវាយសំដៅចំអគារផ្ទះសំបែង មន្ទីរពេទ្យ និងសាលារៀន បណ្តាលឲ្យមានមនុស្សរបួសយ៉ាងហោចជាង៥០នាក់។
២ថ្ងៃមុនផុតឱសានវាទដែលលោក ដូណាល់ ត្រាំ បានគំរាមអនុវត្តអត្រាពន្ធ២៥% ទីបំផុតកូរ៉េខាងត្បូង បានសម្រេចបានកិច្ចព្រមព្រៀងមួយ ជាមួយសហហរដ្ឋអាមេរិក។ យោងតាមកិច្ចព្រមព្រៀងនេះ អត្រាពន្ធបន្ថែមលើទំនិញកូរ៉េខាងត្បូងដែលនាំចូលទៅអាមេរិក នឹងមានកម្រិត១៥% ហើយកូរ៉េខាងត្បូងវិញ បានសន្យាវិនិយោគច្រើនម៉ឺនលានដុល្លារ នៅសហរដ្ឋអាមេរិក។
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានបង្ហាញមុខជាលើកដំបូងនៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធដល់កងទ័ពកម្ពុជា ដែលបានពលីជីវិតនៅក្នុងសមរភូមិតាមព្រំដែនកម្ពុជា-ថៃ។ វត្តមានរបស់មេដឹកនាំបក្សប្រឆាំងនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពយុទ្ធជនពលីពេលនេះ ធ្វើឡើងដោយមានការអមដំណើរពីសំណាក់ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ចផងដែរ។