គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ពលករខ្មែរជាង ៨០ម៉ឺននាក់បានវិលត្រឡប់មកកាន់មាតុប្រទេសវិញ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រសួងការងារកម្ពុជា តាមរយៈអ្នកនាំពាក្យ លោក ស៊ុន មេសា បានធានាថា ពលករខ្មែរដែលមកពីថៃទាំងអស់នឹងទទួលបានការងារធ្វើគ្រប់ៗគ្នា។ ក្រសួងការងារកម្ពុជាបានចេញមុខមកធានាសាជាថ្មី ថានឹងដាក់ទោសទណ្ឌលើជនឆ្លៀតឱកាស ដែលចង់ទារប្រាក់ពីពលរដ្ឋ ជាថ្នូរនឹងការទទួលបានការងារ នៅក្នុងប្រទេសកម្ពុជា។
យោងតាមអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិកចុះថ្ងៃទី៨សីហានេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យអនុវត្តអត្រាពន្ធគយសូន្យភាពរយចំពោះមុខទំនិញ ដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក និងនាំចូលមកកម្ពុជាពីសហរដ្ឋអាមេរិកផ្ទាល់។ តាមអនុក្រឹត្យ ទំនិញអាមេរិកដែលកម្ពុជាមិនយកពន្ធគឺ មិនមែនជាទំនិញជជុះ ឬទំនិញប្រើប្រាស់រួចហើយនោះទេ។ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកវិភាគសេដ្ឋកិច្ចយល់ថា ការសម្រេចឱ្យអនុវត្តអត្រាពន្ធគយសូន្យភាគរយចំពោះមុខទំនិញ ដែលបានកំណត់ខាងលើនេះនឹងចូលរួមដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា។ អ្នកវិភាគសេដ្ឋកិច្ចរូបនេះបានសម្តែងការគាំទ្រផងដែរ ចំពោះការបន្តយកពន្ធលើទំនិញជជុះពីសហរដ្ឋអាមេរិក ដោយលោកយល់ថាទោះទំនិញប្រភេទនេះតម្លៃថោក តែវាបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថានកម្ពុជា។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ បានសម្រេចបញ្ជាឲ្យកងទ័ពអ៊ីស្រាអែលវាយលុកចូលគ្រប់គ្រងទឹកដីហ្កាហ្សាទាំងមូល។ អង្គការសហប្រជាជាតិ មហាអំណាចអង់គ្លេសនិងចិន បានបង្ហាញជំហរជំទាស់ និងប្រាប់អ៊ីស្រាអែលឲ្យបញ្ចប់សកម្មភាពសឹកចម្បាំងជាបន្ទាន់។
កម្មវិធីព័ត៌មានប្រចាំថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ ដោយ សាំ ឧត្តម
កម្ពុជា និងថៃសម្រេចបាននូវការឯកភាពគ្នាចំនួន ១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃព្រហស្បតិ៍ទី៧សីហាម្សិលមិញ។ ១៣ចំណុចនោះមានទាក់ទងនឹងការអនុវត្តបទឈប់បាញ់ឲ្យខ្ជាប់ខ្ជួន និងយន្តការនានាដើម្បីបញ្ចៀសស្ថានការណ៍តានតឹងក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ទោះជាយ៉ាងនេះក្តី អ្នកជំនាញកិច្ចការអន្តរជាតិ យល់ថា កិច្ចព្រមព្រៀងទាំង ១៣ចំណុចនៃ GBC មិនទាន់អាចធានាបានទាំងស្រុងនូវដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃនៅឡើយ។
មេដឹកនាំបណ្តាប្រទេសមួយចំនួនទាំងក្នុងទ្វីបអាស៊ី និងលោកខាងលិចបានចេញមកស្វាគមន៍កិច្ចព្រមព្រៀងកម្ពុជា-ថៃ តាមរយៈកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ GBC នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ចំពោះបណ្តាប្រទេសទាំងនោះ កិច្ចព្រមព្រៀងដែលសម្រេចបាននោះជាជំហានដំបូងប្រកបដោយការស្ថាបនា និងសំខាន់បំផុតក្នុងការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ។
កម្មវិធីព័ត៌មានប្រចាំថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥ ដោយ ស៊ឹម ចាន់សំណាង
រដ្ឋាភិបាលថ្មីរបស់អាល្លឺម៉ង់ទំនងមិនបោះបង់ចោលនយោបាយប្រយុទ្ធប្រឆាំងនឹងជនអន្តោប្រវេសន៍។ ខណៈពេលដែលយុទ្ធនាការរឹតបន្តឹងការត្រួតពិនិត្យច្រកព្រំដែនត្រូវចប់នៅថ្ងៃទី ១៦កញ្ញាខាងមុខ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ទី ៧ សីហាបានអះអាងថា អាល្លឺម៉ង់នឹងពន្យារវិធានការត្រួតពិនិត្យច្រកព្រំដែន សម្រាប់រយៈពេល៦ខែទៅមុខទៀត។ ការរឹតបន្តឹងច្រកព្រំដែនក្នុងហេតុផលប្រយុទ្ធប្រឆាំងនឹងជនអន្តោប្រវេសន៍ខុសច្បាប់ បានធ្វើឲ្យប្រទេសជិតខាងរបស់អាល្លឺម៉ង់មានការអាក់អន់ ថ្នាំងថ្នាក់ចិត្តជាខ្លាំង។ ប៉ូឡូញផ្ទាល់ដែលប្រឆាំងនឹងការស្តាររបាំងរនាំងរវាងប្រទេសអឺរ៉ុបក្នុងលំហស្ហិនហ្កិន ក៏បានប្រតិកម្មតបនឹងអាល្លឺម៉ង់ ដោយការរឹតបន្តឹងច្រកចេញចូលនៅព្រំដែនរបស់ខ្លួនជាមួយអាល្លឺម៉ង់។
ចាប់តាំងពីការផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃ កាលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកដែលជាបងធំទី១ពិភពលោកបានចេញមុខភ្លាមៗមកសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងភាគីជម្លោះទាំងពីរ និងបានបន្តតាមដានការអនុវត្តបទឈប់បាញ់គ្នានោះយ៉ាងដិតដល់ថែមទៀតផង។ ជាមួយគ្នានេះ នៅថ្ងៃទី៧ ខែសីហា មេបញ្ជាការកងកម្លាំងប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ក្នុងគ្រាដែលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោកទៀ សីហា ក៏បានអះអាងថា អាមេរិកនឹងផ្តល់ជំនួយចំបាច់នានាក្នុងការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃឱ្យមានប្រសិទ្ធិភាព ឈានទៅដល់ការកសាងសន្តិភាពឋិតថេរមួយ នៅតាមបន្ទាត់ព្រំដែនរបស់ប្រទេសទាំងពីរ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា អាមេរិកកំពុងបង្ហាញពីឥទ្ធិពលរបស់ខ្លួនក្នុងការរក្សាសណ្តាប់ធ្នាប់ពិភពលោក ក្នុងនាមជាប្រទេសមហាអំណាចដែលស្រឡាញ់សន្តិភាព តែមិនមែនក្នុងន័យទប់ឥទ្ធិពលរបស់ចិនដែលកំពុងរីកធំក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះឡើយ។
អត្រាពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក បានចូលជាធរមាន នៅថ្ងៃទី៧សីហានេះ។ ក្នុងនោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធគយបន្ថែម ដល់ទៅ ៥០% ចំពោះទំនិញនាំចូលពីឥណ្ឌា។ នេះក៏ព្រោះតែចៅហ្វាយសេតវិមានអាមេរិកចង់សំដៅដាក់សម្ពាធលើវិមានក្រេមឡាំង ដ្បិតថា ឥណ្ឌាជាដៃគូពាណិជ្ជកម្មរបស់រុស្ស៊ី និងជួយទិញប្រេងពីរុស្ស៊ី។ នៅពេលភ្លាមៗនេះ សហគ្រិនឥណ្ឌា និងធុរជនបរទេសនៅស្រុកឥណ្ឌា កំពុងតែព្រួយបារម្ភអំពីការក្ស័យធន។
ប្រេសិតពិសេសរបស់លោកដូណាល់ ត្រាំ គឺលោក Steve Witkoffបានទៅដល់ទីក្រុងម៉ូស្គូ កាលពីថ្ងៃពុធទី ៦សីហា ដើម្បីជួបមេដឹកនាំរុស្ស៊ី លោកវ្លាឌីមៀរ ពូទីន។ នៅក្នុងសេចក្តីប្រកាស វិមានក្រេមឡាំងចាត់ទុក ការពិភាក្សារវាង មេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និង លោក Steve Witkoff បេសកជនរបស់លោក ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំថា ”មានប្រយោជន៍និងស្ថាបនា”។ ជំនួបនៅទីក្រុងម៉ូស្គូ ប្រព្រឹត្តទៅ នៅតែពីរថ្ងៃទៀតប៉ុណ្ណោះ មុនផុតកាលកំណត់ នៃឱសានវាទអាមេរិក សំដៅបញ្ចប់ សង្គ្រាម នៅ អ៊ុយក្រែន។។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ទី៧សីហានេះ បានបើកសវនាការកោះហៅអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឲ្យចូលបំភ្លឺលើសំណុំរឿងថ្មីមួយទៀត ដែលទាំងមេធាវី និងសាច់ញាតិរបស់អ្នកនយោបាជំទាស់រូបនេះ មិនទាន់ដឹងច្បាស់នៅឡើយ។ ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀន និងមេធាវីការពារក្តី យល់ថា លោក ថាច់ សេដ្ឋា អាចប្រឈមនឹងបទចោទប្រកាន់ថ្មីបន្ថែមទៀត ក្រោយការចូលបំភ្លឺនៅសាលាដំបូងនាព្រឹកនេះ។
ប្រមុខការពារជាតិកម្ពុជា និងថៃ បានឯកភាពគ្នាចំនួន១៣ចំណុចសំខាន់ៗទាក់ទងនឹងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ដែលបានឈានដល់ការប្រើប្រាស់កម្លាំងយោធាវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា កាលពីខែកក្កដា កន្លងទៅ។ ការឯកភាពគ្នាចំនួន១៣ចំណុចរវាងកម្ពុជា-ថៃ ធ្វើឡើងតាមរយៈកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC ដោយមានការចូលរួមសង្កេតការណ៍ពី តំណាងរបស់ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅឯទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC កំពុងចាប់ផ្តើម នៅទីក្រុងគូឡាឡាំពួរ ដោយមានការចូលរួមរបស់តំណាងប្រទេសទី៣ គឺម៉ាឡេស៊ី អាមេរិក និងចិន។ តែមុនកិច្ចប្រជុំនេះបើកទ្វារ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បានបញ្ជាក់ថា កម្ពុជាស្រងាកចិត្ត ដែលថៃនៅតែបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីបំភ្លៃឆន្ទៈរបស់កម្ពុជាដែលចង់បានតែសន្តិភាព។ តាមលោក ជុំ សុន្ទរី យុទ្ធនាការនេះជាការប៉ុនប៉ងបំភាន់សហគមន៍អន្តរជាតិ និងបង្វែរការចាប់អារម្មណ៍ពីសកម្មភាពឈ្លានពានរបស់ថៃខ្លួនឯងផ្ទាល់មកលើកម្ពុជា។
សហរដ្ឋអាមេរិកបានអះអាងពីការត្រៀមបំពាក់ប្រព័ន្ធឃ្លាំមើលតាមអាកាស ផ្តល់គ្រឿងបរិក្ខារផ្នែកយោធា និងសម្ភារៈបច្ចេកទេសទំនើបដទៃទៀត ដើម្បីចូលរួមតាមដានការអនុវត្តបទឈប់បាញ់រវាងយោធាកម្ពុជា និងថៃ។ នេះបើតាមការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៧ ខែសីហានេះ។ សហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួននឹងតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីធានាថា បទឈប់បាញ់នេះនឹងប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។
រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃនៅថ្ងៃទី៥ ខែសីហា បានលើកសំណើចំនួន ៨ចំណុចក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC)ជាមួយកម្ពុជា និងរំពឹងថា បើកម្ពុជាទទួលយកសំណើទាំងនោះ កិច្ចប្រជុំថ្ងៃទី៧ ខែសីហានឹងសម្រេចបានលទ្ធផលល្អ។ នេះជាសម្រង់សម្តីរបស់លោក ណាត់ថាផុន ណាក់ផានិត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ចុះផ្សាយដោយសារព័ត៌មាន Thai Enquirer នាថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៥។ អ្នកជំនាញកិច្ចការអន្តរជាតិថា ថៃមានចេតនាបំប៉ោងព័ត៌មាន ដើម្បីបង្កការភាន់ច្រឡំដល់សាធារណមតិ។
មានអត្តពលិក និងពលរដ្ឋខ្មែរជាង១ពាន់នាក់ បានចូលរួមព្រឹត្តិការណ៍រត់ដើម្បីសន្តិភាព នៅទីក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃអង្គារទី៥សីហា។ ទឹកចិត្តរបស់អត្តពលិកនិងពលរដ្ឋខ្មែរ ចូលរួមក្នុងព្រឹត្តិការណ៍កីឡាមួយនេះ គឺដើម្បីបញ្ជាក់ពីការគាំទ្រដល់វីរភាពនៃកងទ័ពកម្ពុជា ដែលកំពុងស្ថិតក្នុងសមរភូមិជួរមុខ នៃសង្រ្គាមព្រំដែនកម្ពុជា-ថៃ។ បើទោះជាគ្មានអ្វីអាចរួមចំណែកបានក៏ដោយ តែពលរដ្ឋខ្មែរជឿថា ការផ្តល់កម្លាំងចិត្តពីចម្ងាយ ជាឱសថមិនអាចខ្វះបាន ដល់ស្មារតីកងទ័ពកម្ពុជាដែលកំពុងតតាំងនឹងខ្មាំងសត្រូវ។
នៅរសៀលថ្ងៃទី ៦ ខែសីហានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ប្រាប់សន្និសីទព័ត៌មានប្រចាំថ្ងៃរបស់រដ្ឋាភិបាលកម្ពុជា ដោយអំពាវនាវឲ្យភាគីថៃ បញ្ឈប់សកម្មភាពយោធាជាឯកតោភាគីនៅតាមព្រំដែនប្រទេសទាំង២ ដែលបង្កហានិភ័យដល់ការកើតឡើងជាថ្មីនូវការវាយប្រយុទ្ធគ្នា និងធ្វើឲ្យមានអស្ថិរភាពនៅតាមបណ្តោយព្រំដែន។ ការអំពាវនាវរបស់ភាគីកម្ពុជា កើតឡើង ក្រោយយោធាថៃនៅបន្តធ្វើសកម្មភាពបំពានលើដែនអធិបតេយ្យភាពកម្ពុជា ដោយការរាយបន្លាលួសនៅត្រង់ច្រកអានសេះ ក្នុងខេត្តព្រះវិហារ របស់កម្ពុជា។ ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅរសៀលថ្ងៃទី ៦ ខែសីហានេះ ក៏បានប្រកាសច្រានចោលព័ត៌មានរបស់កាសែតថៃ ដែលថា ទាហានកម្ពុជាម្នាក់នៃបញ្ជាការដ្ឋានអង្គរក្សរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ត្រូវបានចាប់ខ្លួន ក្រោមការសង្ស័យថា បានធ្វើសកម្មភាពចារកម្មយកព័ត៌មានពីយោធាថៃបញ្ជូនមកកម្ពុជា។
អ៊ីស្រាអែលត្រូវយកឈ្នះពួកប្រដាប់អាវុធហាម៉ាស និងរំដោះចំណាប់ខ្មាំង។ នេះបើតាមនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ ដែលថ្លែងក្នុងសម្តីម៉ឺងម៉ាត់។ ដើម្បីសម្រេចវត្ថុបំណងនេះ លោក នេតាន់យ៉ាហ៊ូ បានចេញបញ្ជាឲ្យកងទ័ពសម្រុកវាយលុក និងឈានទៅកាន់កាប់តំបន់ហ្កាហ្សាទាំងស្រុង ហើយត្រួតត្រាជំរំភៀសខ្លួនប៉ាឡេស្ទីនថែមទៀត។
កាលពី៨០ឆ្នាំមុន ពោលនៅថ្ងៃទី៦ សីហាឆ្នាំ១៩៤៥ និងជាប្រវត្តិសាស្ត្រ គ្រាប់បែកបរមាណូ ១គ្រាប់ដំបូងត្រូវបានអាមេរិកទម្លាក់លើក្រុងហ៊ីរ៉ូស្ហ៊ីម៉ា និងលើក្រុងណាហ្កាសាគីនៅ ៣ថ្ងៃបន្ទាប់។ ក្នុងពេលតែមួយប៉ប្រិចភ្នែក គ្រាប់បរមាណូបានផ្តាច់ជីវិតមនុស្សអស់ ជាង២១ម៉ឺននាក់ និងជាង១៥ម៉ឺននាក់រងរបួស។ ថ្វីបើសង្គ្រាមលោកបានបិទបញ្ចប់ ហើយហ៊ីរ៉ូស្ហ៊ីម៉ា និងណាហ្កាសាគីបានក្លាយជានិម្មិតរូបនៃសន្តិភាពក្តី តែការចងចាំនៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរហាក់កំពុងតែចាប់រលុបជាមួយពេលវេលា។
នៅចំពោះមុខវិបត្តិអង្ករឡើងថ្លៃ រដ្ឋាភិបាលជប៉ុនមាននយោបាយថ្មី។ លោកនាយករដ្ឋមន្ត្រីជប៉ុនបានប្រកាសនៅថ្ងៃអង្គារ ទី៥ សីហា ២០២៥នេះ លើកទឹកចិត្តឱ្យប្រជាកសិករដាំស្រូវឱ្យបានច្រើនជាងមុនដើម្បីបង្កើនទិន្នផលស្រូវ។
សមត្ថកិច្ចកម្ពុជាចាប់បានសាច់បង្កកទម្ងន់ជិត ៧តោនដែលគ្មានប្រភពច្បាស់លាស់ និងនាំចូលមកកម្ពុជាដោយខុសលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ នេះបើតាមការឱ្យដឹងពីលោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ យ៉ាងណាមិញ រូបភាពនៃការនាំចូលសាច់បង្កកតែងមានជាហូរហែ ក្នុងនោះសាច់ដែលចាប់បានភាគច្រើនគឺត្រូវបានដឹកចេញពីប្រទេសវៀតណាម។
នគរបាលថៃនៅខេត្តបុរីរម្យ បានចាប់ខ្លួនបុរសម្នាក់ដែលសង្ស័យថា ជាទាហានក្នុងកងអង្គរក្សរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។ នគរបាលថៃដាក់ការសង្ស័យថា បុរសម្នាក់នោះ បានចូលទៅសម្ងំក្នុងស្រុកក្រសាំង នៃខេត្តរបស់ថៃដែលនៅជាប់ខេត្តឧត្តរមានជ័យរបស់កម្ពុជា ដើម្បីយកការណ៍ពីទាហានថៃ។ តែអ្នកវិភាគយល់ថា ថៃកំពុងបង្កើតរឿងដើម្បីទម្លាក់ការទទួលខុសត្រូវលើភាគីកម្ពុជា។
តុលាការអាល្លឺម៉ង់ បើកសវនាការកាត់ក្តីចារបុរសម្នាក់ ជាពលរដ្ឋអាល្លឺម៉ង់ដើមកំណើតចិន ដែលបានលួចស៊ើបយការណ៍សម្ងាត់ពីយោធា សេដ្ឋកិច្ច និងនយោបាយរបស់សហភាពអឺរ៉ុបនិងអាល្លឺម៉ង់ ឲ្យប្រទេសចិន។ រដ្ឋាភិបាលទីក្រុងប៉េកាំងបានបដិសេធច្រានចោលថា រឿងនេះគ្មានពាក់ព័ន្ធនឹងចិនទេ។
ក្រសួងអប់រំ យុវជន និងកីឡា សម្រេចពន្យារពេលប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ចំនួន ១០ថ្ងៃ ទៅមុខទៀត ពោលលើកពីថ្ងៃទី ១៨ និងថ្ងៃទី១៩ សីហា ទៅធ្វើនៅថ្ងៃទី ២៨ និងថ្ងៃទី២៩ សីហា ឆ្នាំ២០២៥វិញ។ ការពន្យារពេលនេះ ដើម្បីសម្រួលឲ្យមានការគាំទ្រពិសេសដល់បេក្ខជនក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ ជាទីដែលរងគ្រោះដោយសារសង្គ្រាមរវាងកម្ពុជា និងថៃ និងដែលនៅមិនទាន់ធូរស្រាល។
ប្រធានអាស៊ានប្តូរវេន និងជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ឹម បានឲ្យដឹងថា ម៉ាឡេស៊ីបានកំពុងប្រើប្រាស់ផ្កាយរណប ដើម្បីតាមដានមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ។ លោក អាន់វ៉ា អ៊ីប្រាហ៊ឹម បានបញ្ជាក់យ៉ាងដូច្នេះនៅចំពោះមុខសមាជិកសភាម៉ាឡេស៊ីនាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ និងចំពេលដែលគណៈប្រតិភូកម្ពុជា-ថៃ កំពុងមានកិច្ចប្រជុំ GBC នៅម៉ាឡេស៊ីផងដែរ។
កម្ពុជា និងថៃ បានសម្រេចនូវបទឈប់បាញ់មួយដែលជាគំនិតផ្តួមផ្តើមរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដោយមានការសម្របសម្រួលពីប្រទេសម៉ាឡេស៊ី និងមានចិនជាសាក្សី កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥នៅទីក្រុង ពូត្រាចាយ៉ា។ តែមិនបានមួយសប្តាហ៍ផង យោធាថៃបានបង្ហាញកាយវិការមើលស្រាលបទឈប់បាញ់នេះ ដោយបញ្ជូនកងទ័ព និងគ្រឿងចក្ររុលចូល និងរាយបន្លាលួសលើទឹកដីកម្ពុជានៅច្រកអានសេះក្នុងខេត្តព្រះវិហាររបស់កម្ពុជា។ អ្នកតាមដានសង្គមកម្ពុជា ស្នើឲ្យកម្ពុជាត្រិះរិះរកគ្រប់មធ្យោបាយ ជាពិសេសយន្តការការទូត ដើម្បីបង្អាក់សន្ទុះនៃការឈ្លានពានរបស់យោធាថៃ។
ក្នុងក្របខ័ណ្ឌនៃការធ្វើទំនើបកម្មគ្រឿងសព្វាវុធការពារជាតិ អូស្ត្រាលីបានប្រកាសនៅថ្ងៃអង្គារ ទី៥ សីហាពីការទិញនាវាចម្បាំងចំនួន ១១គ្រឿងពីជប៉ុនក្នុងតម្លៃទឹកប្រាក់ ៦ ០០០លានដុល្លារអាមេរិក។ នេះជាកិច្ចព្រមព្រៀងសព្វាវុធដ៏ធំមិនធ្លាប់មានសម្រាប់ជប៉ុន និងអូស្ត្រាលី។
ក្នុងបរិបទតានតឹងនៅសមុទ្រចិនខាងត្បូង ប្រទេសហ្វីលីពីនត្រៀមធ្វើសមុទ្ធយោធាយោធាជើងទឹកជាមួយឥណ្ឌា។ ឥណ្ឌា ដែលជាគូប្រជែងដ៏ចាស់វស្សា ទល់នឹងមហាយក្សចិន។ ការធ្វើសមុទ្ធទ្វេភាគីរវាងកងទ័ពឥណ្ឌានិងហ្វីលីពីន ត្រូវឯកភាពគ្នានៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីននៅក្រុងញូវដេលី។ ប្រទេសទាំង២ក៏មានគម្រោងសហការគ្នាជាច្រើនទៀតនៅក្នុងវិស័យយោធា។
ក្នុងសន្និសីទកាសែតនៅថ្ងៃទី៥សីហានេះ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាច្រានចោលជាថ្មីម្តងទៀត ចំពោះការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាមិនគោរពបទឈប់បាញ់។ តាមលោក ជុំ សន្ទរី ទំនាស់បច្ចុប្បន្ននេះផ្តើមឡើងដោយថៃ ហើយថៃខ្លួនឯងនៅផ្គើនទន្ទ្រានចូលដែនអធិបតេយ្យកម្ពុជា បើទោះមានបទឈប់បាញ់ហើយក្តី។ លោក ជុំ សន្ទរី បានច្រានចោលផងដែរចំពោះការចោទប្រកាន់របស់ថៃ ដែលថា កម្ពុជាយកជនស៊ីវិលជាគោលដៅវាយប្រហារ។
សារព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជាបានរាយការណ៍នៅថ្ងៃទី៥ ខែសីហានេះថា ប្រទេសថៃគ្រោងប្រើប្រាស់យន្តហោះវាយប្រហារធុនស្រាល AT-6TH បំពាក់ដោយគ្រាប់បែកណែនាំ GPS របស់កូរ៉េ ដើម្បីប៉ុនប៉ងធ្វើឃាតទៅលើ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ តែមិនទាន់មានប្រតិកម្មយ៉ាងណាពីអ្នកនាំពាក្យ លោក ហ៊ុន សែន នៅឡើយ។
អណ្តូងរ៉ែទង់ដែងដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលស្ថិតនៅក្នុងប្រទេសស៊ីលី បានបាក់រលំ កាលពីថ្ងៃព្រហស្បតិ៍ទី ៣១ កក្កដា២០២៥។ កម្មករ ៥នាក់ដែលជាប់កុនក្នុងអណ្តូង តាំងពីថ្ងៃកើតឧប្បតិហេតុមក បានស្លាប់បាត់បង់ជីវិតទាំងអស់។ នេះបើតាមសេចក្តីប្រកាសរបស់អាជ្ញាធរស៊ីលី ក្រោយពីរកឃើញសាកសពជនបាត់ខ្លួនចុងក្រោយ នៅថ្ងៃអាទិត្យទី ៣ សីហា។ ប្រធានាធិបតីស៊ីលីបានចេញក្រិត្យកាន់ទុក្ខជាតិចំនួន ៣ថ្ងៃ។
សំរាមប្លាស្ទិកជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ និងកាន់តែធំឡើងៗ សម្រាប់សុខភាពដែលធ្វើឱ្យពិភពលោកខាតបង់។ បើគិតជាថវិកា គឺអស់យ៉ាងហោច ១៥០០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ តែគ្រប់គ្នាមើលស្រាលទំហំគ្រោះថ្នាក់របស់ប្លាស្ទិកណាស់។ នេះបើតាមរបាយការណ៍ព្រមានរបស់អ្នកស្រាវជ្រាវល្បីៗ ដែលមានចុះផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet នៅថ្ងៃចន្ទ ទី៤ សីហា ២០២៥។
រដ្ឋាភិបាលអ៊ីស្រាអែលបានបំផុសឲ្យសាធារណៈមតិអន្តរជាតិ យកចិត្តទុកដាក់ចំពោះជោគវាសនារបស់ចំណាប់ខ្មាំងអ៊ីស្រាអែល ដែលត្រូវពួកប្រដាប់អាវុធហាម៉ាសចាប់ខ្លួន ជាង ២២ ខែមកហើយ។ ការប្រកាសនេះ ធ្វើឡើង ក្រោយពីពួកហាម៉ាសបានផ្សាយវីដេអូដែលបង្ហាញពីសភាពដ៏វេទនារបស់ចំណាប់ខ្មាំង២នាក់ ដែលមានតែស្បែកដណ្តប់ឆ្អឹង។ ជាថ្មីម្តងទៀត នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្តេជ្ញាចិត្តតាមកម្ទេចពួកហាម៉ាស និងរំដោះចំណាប់ខ្មាំង។ ក៏ប៉ុន្តែ អតីតមេបញ្ជាការកំពូល និងក្រុមគ្រួសារចំណាប់ខ្មាំង បានអំពាវនាវឲ្យបញ្ចប់សង្គ្រាមនៅហ្កាហ្សា និងថា ការបន្តធ្វើសង្គ្រាមទៀត គឺមានតែនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតចំណាប់ខ្មាំង ទៅវិញទេ។