ក្រៅពីអំពាវនាវឲ្យឈប់លក់អាវុធឲ្យអ៊ីស្រាអែល ក្រុមប្រឹក្សាអឺរ៉ុបបានដាស់តឿនរដ្ឋសមាជិកទាំង ៤៦ ប្រទេស ឲ្យប្រយ័ត្នប្រយែងក្នុងការផ្ទេរអាវុធឲ្យអ៊ីស្រាអែល និងត្រូវតែធានាថា អាវុធនោះនឹងមិនត្រូវប្រើប្រាស់ដោយបំពានសិទ្ធិមនុស្ស នៅតំបន់ហ្កាហ្សា នោះឡើយ។ សេចក្តីដាស់តឿននេះ មានគោលដៅស្របគ្នានឹងចំណាត់ការរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានប្រកាសផ្អាកឈប់នាំចេញអាវុធទៅអ៊ីស្រាអែល។
ភាពអត់ឃ្លានកំពុងកើនឡើងយ៉ាងគំហុកនៅភូមា ជាពិសេសនៅតំបន់រ៉ាឃីនដែលញាំញីដោយសង្គ្រាមស៊ីវិលខ្លាំងជាងគេ។ បើតាមអង្គការកម្មវិធីស្បៀងអាហារពិភពលោក តំបន់រ៉ាឃីនជួបគ្រោះទុរ្ភិក្សខ្លាំងឡើងៗ ជាផលវិបាកដោយផ្ទាល់នៃសេចក្តីសម្រេចរបស់រដ្ឋបាលអាមេរិក កាត់បន្ថយជំនួយមនុស្សធម៌អន្តរជាតិ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានផ្ញើលិខិតដាច់ដោយឡែកចំនួនពីរទៅកាន់អង្គការសហប្រជាជាតិ(អ.ស.ប)ស្តីពីការគំរាមកំហែងកាន់តែធ្ងន់ធ្ងរលើបទឈប់បាញ់ពីសំណាក់ភាគីថៃ។ ក្នុងចំណោមលិខិតទាំងពីរនេះ មួយច្បាប់ផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខ អ.ស.ប និងមួយច្បាប់ទៀតផ្ញើទៅកាន់លោកអគ្គលេខាធិការ អ.ស.ប។ នេះបើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ថ្លែងនៅក្នុងឱកាសនៃសន្និសីទកាសែតនាថ្ងៃទី១២ ខែសីហានេះ។
ក្រសួងទេសចរណ៍បានកោះប្រជុំនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ដើម្បីដាក់ចេញវិធានការគន្លឹះ ឆ្លើយតបនឹងបញ្ហាប្រឈមដែលកើតមានពីជម្លោះព្រំដែនកម្ពុជា និងថៃ។ ក្រុមអ្នកតាមដានវិស័យទេសចរណ៍ លើកឡើងថា សង្គ្រាមរវាងកម្ពុជា និងថៃនាពេលកន្លងមកនេះ គឺពិតជាធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ ប៉ះពាល់ខ្លាំងគឺភ្ញៀវជាជនជាតិខ្មែរទៅប្រទេសថៃ និងភ្ញៀវជាជនជាតិថៃមកកាន់កម្ពុជា។ តែសម្រាប់ភ្ញៀវទេសចរពីប្រទេសផ្សេងៗ ហាក់ដូចជាពុំទាន់ប៉ះពាល់ធ្ងន់ធ្ងរនៅឡើយ៕
នៅប៉ុន្មានម៉ោងមុនអស់សុពលភាព លោកប្រធានាធិបតីអាមេរិក បានចេញក្រឹត្យពន្យារកិច្ចព្រមព្រៀងផ្អាកអត្រាពន្ធគយកប់ពពក ពេលរយៈពេល៩០ថ្ងៃបន្ថែមទៀត ដើម្បីបន្តការចរចាជាមួយភាគីចិន។ តើនេះជាសញ្ញាបញ្ជាក់អំពីភាពល្អប្រសើរឡើងវិញនៃទំនាក់ទំនងរវាងមហាអំណាចទាំងពីរ?
រយៈពេល ៧ខែឆ្នាំ២០២៥ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិចំនួនជាង ៣៦ពាន់លានដុល្លារ ពោលមានការកើនឡើង ១៦,៥%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ យ៉ាងណាមិញ ថៃនៅតែជាដៃគូពាណិជ្ជកម្មឈានមុខរបស់កម្ពុជា បើទោះបីប្រទេសទាំងពីរ កំពុងមានជម្លោះព្រំដែនរវាងគ្នាក្តី។
ក្នុងបរិបទតានតឹងនៃរនាំងពន្ធគយអាមេរិក ចិននិងប្រេស៊ីលបានឈោងដៃចាប់ឱកាសរកស៊ីជាមួយគ្នា។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរយៈពេល១ម៉ោង ប្រមុខរដ្ឋចិននិងប្រធានាធិបតីប្រេស៊ីល បានគូសបង្ហាញពីឆន្ទៈបន្តធ្វើការជាមួយគ្នា ដើម្បីកាលានុវត្តភាពពាណិជ្ជកម្មនិងសេដ្ឋកិច្ចនៃប្រទេសជាតិទាំង ២។ នេះបើតាមការបញ្ជាក់របស់ខុទ្ទកាល័យប្រធានាធិបតីប្រេស៊ីល និងកាសែតរដ្ឋចិន។
ក្នុងលិខិតចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង បានសម្រេចផ្អាកមុខងារលោក ស៊ាន បូរ៉ាត ពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ rfi នៅថ្ងៃទី១២សីហានេះថា លោក ស៊ាន បូរ៉ាត ត្រូវផ្អាកតំណែងដោយសារក្រុមពិសេសស៊ើបអង្កេតផ្ទៃក្នុង ACU រកឃើញភស្តុតាងមួយចំនួន ដែលសង្ស័យថា លោក ស៊ាន បូរ៉ាត អាចពាក់ព័ន្ធក្នុងសំណុំរឿងបោកប្រាស់របស់អតីតឧកញ៉ា ឡេង ចាន់ណា។ តាមអ្នកនាំពាក្យរូបនេះដដែល ACU នៅពុំទាន់ដាក់សេចក្តីសន្និដ្ឋានទាំងស្រុងនោះទេ ពោល លោក ស៊ាន បូរ៉ាត កំពុងស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ។
មន្ត្រីយោធា និងរដ្ឋាភិបាលថៃបានប្រតិកម្មជាបន្តបន្ទាប់ទៅនឹងពាក្យសម្តីរបស់មេទ័ពភូមិភាគ២របស់ថៃ ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ក្លាង ដែលថាក្នុងពេលនៅសល់តែ៥១ថ្ងៃនៃការចូលនិវត្តន៍លោកនឹងវាយដណ្តើមយកប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីក្នុងខេត្តឧត្តរមានជ័យរបស់ប្រទេសកម្ពុជា។ អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ ឧត្តមសេនីយ៍ទោ វីនថៃ ស៊ូវារី បានចេញមុខការពារលោកប៊ុនស៊ីន ដោយបានធ្វើការបំភ្លឺថា សម្តីរបស់មេទ័ពភូមិភាគរូបនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយបកស្រាយខុស។ នេះមានន័យថា យោធាថៃគ្មានចេតនាបំផុសការប្រើប្រាស់ទ័ពដើម្បីទាមទារគ្រប់គ្រងប្រាសាទតាក្របីនោះទេ។
ក្រសួងការបរទេសថៃបានឲ្យដឹងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះថា តំណាងអចិន្ត្រៃយ៍របស់រដ្ឋាភិបាលថៃនៅការិយាល័យអង្គការសហប្រជាជាតិនាទីក្រុងហ្សឺណែវ បានប្តឹងកម្ពុជាទៅប្រធានចាត់តាំងនៃកិច្ចប្រជុំលើកទី២២របស់រដ្ឋភាគី អនុសញ្ញាទីក្រុងអូតាវ៉ា ចំពោះការដាក់គ្រាប់មីនប្រឆាំងមនុស្សដែលបានបណ្តាលឲ្យទាហានថៃ១១នាក់របួសធ្ងន់ស្រាលលើទីតាំងដែលភាគីថៃអះអាងថា ជាទឹកដីរបស់ខ្លួន។ តែកម្ពុជាបានបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃម្តងហើយម្តងទៀតនេះ។
អ្នកសារព័ត៌មាន Al Jazeera ចំនួន ៥ នាក់ រួមមាន អ្នកឆ្លើយឆ្លងព័ត៌មាន និងអ្នកថតវីដេអូ បានស្លាប់ព្រោះការវាយប្រហាររបស់អ៊ីស្រាអែល នៅថ្ងៃអាទិត្យ ទី១០សីហា។ នេះបើតាមមន្ទីរពេទ្យ al-Shifa នៅទីក្រុងហ្កាហ្សា និងបើតាមការបញ្ជាក់របស់ក្រុមហ៊ុនប្រព័ន្ធផ្សាយផ្សាយព័ត៌មាន Al Jazeera ដែលមានមូលដ្ឋានក្នុងប្រទេសកាតា។ កងទ័ពអ៊ីស្រាអែល បានទទួលស្គាល់ថា ពិតជាស្នាដៃរបស់ខ្លួន និងចាត់ទុកថា ការវាយប្រហារនោះសំដៅផ្ទាំងស៊ីប«ភេរវជន»។
បេក្ខជនប្រធានាធិបតីកូឡុំប៊ី លោក មីរ៉ែល អ៊ុយរីប តួរបៃ បានទទួលអនិច្ចកម្ម នៅថ្ងៃចន្ទ ទី១១សីហា បន្ទាប់ពីទទួលការព្យាបាលនិងវះកាត់ជាច្រើនលើក។ អ្នកនយោបាយវ័យក្មេងរូបនេះ រងរបួសធ្ងន់ធ្ងរ ព្រោះតែខ្មាន់កាំភ្លើងបាញ់ត្រូវ ៣ គ្រាប់ កាលពីខែមិថុនា ក្នុងពេលកំពុងធ្វើយុទ្ធនាការបោះឆ្នោត។ ក្រោយទទួលដំណឹងមរណទុក្ខ សហរដ្ឋអាមេរិកសម្តែងក្តីសោកស្តាយ និងទាមទារឲ្យស្វែងរកយុត្តិធម៌ជូនចំពោះខ្មោចអ្នកនយោបាយស្តាំនិយម រូបនេះ។
នៅប៉ុន្មានថ្ងៃមកនេះ ប្រទេសលោកខាងលិចជាបន្តបន្ទាប់គ្នាបានប្រកាសត្រៀមខ្លួនទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅក្នុងឱកាសមហាសន្និបាតអង្គការសហប្រជាជាតិនៅខែកញ្ញាខាងមុខ។ លើកលែងតែសហរដ្ឋអាមេរិក ប្រទេសលោកខាងលិចដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលបានសន្យាទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋមួយនឹងគេ នៅបន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែលប្រកាសពីផែនការចូលទៅច្បាម គ្រប់គ្រងទីក្រុងហ្កាហ្សា។ នៅថ្ងៃចន្ទទី ១១សីហា អូស្ត្រាលីជាសម្ព័ន្ធមិត្តចុងក្រោយគេរបស់អាមេរិកដែលងាកចេញពីនយោបាយការពារអ៊ីស្រាអែល ទៅទទួលរដ្ឋបាឡេស្ទីន។ តើការប្រកាសទទួលស្គាល់ពីសំណាក់ប្រទេសមហាអំណាចឧស្សាហកម្ម ដូចជាបារាំង អង់គ្លេស កាណាដា និងចុងក្រោយគឺអូស្ត្រាលី នឹងអាចទៅផ្លាស់ប្តូរខ្សែទឹក ឬលក្ខខណ្ឌជីវិតរបស់របស់ប្រជាជនប៉ាឡេស្ទីនដែរឬទេ?
នៅថ្ងៃសៅរ៍ទី៩សីហា យោធាភូមិភាគ២ថៃ បានអះអាងថា ទាហានថៃ៣រូប បានរងរបួសក្នុងហេតុការណ៍ផ្ទុះមីនតាមតំបន់ព្រំដែនកម្ពុជា-ថៃ អំឡុងពេលពួកគេកំពុងដើរល្បាត។ អ្នកវិភាគនៅកម្ពុជា បង្ហាញក្តីបារម្ភថា ករណីផ្ទុះមីនជាថ្មីនេះអាចជាលេសរបស់ភាគីថៃ ដើម្បីបង្កការប៉ះទង្គិចឡើងវិញជាមួយកម្ពុជា។
ស្លឹកត្នោត មានអត្ថប្រយោជន៍សម្រាប់ដេរប្រក់លំនៅដ្ឋាន ត្បាញកន្ទេល ដេរមួក ធ្វើកន្ត្រក និងខ្ចប់ស្ករផែនជាដើម។ ដោយឡែកលោក រឿម ប៊ុនហាក់ ជាវិចិត្រករខ្មែរតែម្នាក់គត់ មានគំនិតប្រើដែកដុតកម្ដៅទៅរោលកម្លោច(ឬឆ្លាក់)លើបណ្ដូលស្លឹកត្នោតឱ្យចេញជារូបភាពផ្សេងៗ ដែលហៅថា សិល្បៈគំនូរកម្លោចស្លឹកត្នោត។ ក្រោយមានបទពិសោធន៍ជិត ២០ ឆ្នាំ និងកេរ្តិ៍ឈ្មោះល្បីផ្នែកវិចិត្រកម្មដ៏កម្រនេះ លោក រឿម ប៊ុនហាក់ អាចលក់គំនូររបស់លោកបានចាប់ពី ៣០ ដុល្លារទៅដល់ ៣០០ ដុល្លារ ក្នុង១ផ្ទាំង។
លោក ហ៊ុន សែន ប្រធានគណបក្សកាន់អំណាចនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ បានប្រតិកម្មទៅកាន់លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំងដោយសារ លោក សម រង្ស៊ី បានលើកសរសើរដល់កងទ័ពថៃ និងបន្តុះបង្អាប់កងទ័ពខ្មែរ។ ប្រតិកម្មរបស់លោក ហ៊ុន សែន នាពេលនេះ ធ្វើឡើងក្រោយលោក សម រង្ស៊ី បានថ្លែងទៅកាន់សមាជិករបស់ខ្លួននៅក្នុងទីក្រុង Chambéry ប្រទេសបារាំង នាថ្ងៃទី១០ ខែសីហាម្សិលមិញ ពាក់ព័ន្ធទៅនឹងការវាយប្រហារគ្នា ដោយអាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃកាលពីពេលថ្មីៗនេះ។
ទឹកជំនន់នាប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យមានផលប៉ះពាល់ដល់ក្រុង និងស្រុកចំនួន៦ ក្នុងខេត្តក្រចេះ ដោយប៉ះពាល់ដំណាំស្រូវចំនួន ៣ ៣៤០ហិកតា និងខូចខាតសរុបចំនួន ២ ៣៥០ហិកតា រួមទាំងប៉ះពាល់ដំណាំទ្រទ្រង់សេដ្ឋកិច្ចផ្សេងទៀតចំនួន១ ៣១២ហិកតា។ នេះបើតាមមន្ត្រីក្រសួងកសិកម្មដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំនៅមន្ទីរកសិកម្ម ខេត្តក្រចេះ នាថ្ងៃទី៩ ខែសីហា។
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) បានរកឃើញសំណល់គ្រាប់បែកចំនួនជាង ១ពាន់គ្រាប់នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលសុទ្ធសឹងជាគ្រាប់ដែលត្រូវបានទម្លាក់ដោយកងទ័ពអាកាសថៃ។ លោក ហេង រតនា អគ្គនាយកនៃអង្គភាពស៊ីម៉ាក់ បានអះអាងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ថា ស៊ីម៉ាក់កំពុងបន្តស្វែងរក និងបោសសម្អាតគ្រាប់បែកធំៗ ដែលថៃបានប្រើក្នុងការឈ្លានពានមកលើទឹកដីកម្ពុជា។
ចំនួនប្រជាពលរដ្ឋជប៉ុននៅឆ្នាំ២០២៥ បានធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មានទេ គិតតាំងពីប្រទេសផ្តើមធ្វើកំណត់ត្រាជំរឿនប្រជាជនមក។ លទ្ធផលនៃជំរឿននេះ បានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីស្ថានភាពចាស់ជរារបស់ប្រជាជនជប៉ុន ដែលរដ្ឋាភិបាលបានចាត់ទុកជា ស្ថានភាពបន្ទាន់។
ថៃអះអាងថាទាហានរបស់ខ្លួន៣រូប បានរងរបួសក្នុងហេតុការណ៍ផ្ទុះមីនតាមតំបន់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃសៅរ៍ទី៩សីហា អំឡុងពេលពួកគេដើរល្បាតដោយរាយបន្លាលួស។ ក្រសួងការបរទេសថៃក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងបានចោទប្រកាន់មកភាគីកម្ពុជាថា បានដាក់មីនថ្មីនៅតាមព្រំដែនដែលរំលោភមកលើដែនអធិបតេយ្យភាពរបស់ខ្លួន។ តែព័ត៌មាននេះ ត្រូវបានបដិសេធដោយភាគីកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិ បង្ហាញកង្វល់ថា ហេតុការណ៍ផ្ទុះមីនជាថ្មីនេះ អាចជាចេតនារបស់ថៃ ចិញ្ចឹមចិត្តចង់ឈ្លានពានកម្ពុជាជាថ្មីម្តងទៀត។
បណ្តាញសារព័ត៌មានអាមេរិកបានរាយការណ៍កាលពីថ្ងៃសុក្រ ទី៨ សីហា ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យយោធាទាំងអស់ត្រៀមខ្លួនចេញទៅបង្ក្រាបក្រុមជួញដូរគ្រឿងញៀន នៅអាមេរិកឡាទីន។ ក្រោយពីទទួលបានដំណឹងនេះភ្លាម លោកស្រីប្រធានាធិបតីម៉ិកស៊ិកបានជំទាស់យ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរបស់យោធាអាមេរិក នៅលើទឹកដីរបស់ខ្លួន។
កិច្ចប្រជុំអន្តរជាតិនៅក្រុងហ្សឺណែវ ដើម្បីតាក់តែងសន្ធិសញ្ញាពិភពលោកប្រឆាំងប្លាស្ទិក គ្មានការជឿនលឿនទៅមុខទេ។ នេះបើតាមតំណាងការទូតអេក្វាទ័រ ដែលជាប្រធានដឹកនាំកិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីប្លាស្ទិក។ ក្រុមប្រទេសផលិតប្រេងបន្តរារាំង ហើយប្រឆាំងនឹងការកាត់បន្ថយប្លាស្ទិកនៅលើពិភពលោកយ៉ាងខ្លាំង។ ហេតុអ្វី? ព្រោះតែប្រយោជន៍ហិរញ្ញវត្ថុឬ?
លោកប្រធានាធិបតីដូណាល់ត្រាំនឹងជួបសមភាគីរុស្ស៊ីលោកពូទីន នៅថ្ងៃទី១៥សីហា នៅរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក។ ម៉ូស្គូក៏បានបញ្ជាក់ថាពិតជានឹងមានជំនួបរវាងមេដឹកនាំកំពូលទាំងពីរ ដើម្បីជជែកដោះស្រាយអំពីសង្គ្រាមនៅអ៊ុយក្រែន។ ការធ្វើសម្បទាន ទឹកដី ជាចំណុចដ៏សំខាន់មួយនៃកិច្ចពិភាក្សានេះ។ នេះបើតាមការអះអាងរបស់លោកដូណាល់ត្រាំ។ គ្មានចំណែកក្នុងជំនួប លោកប្រធានាធិបតីអ៊ុយក្រែន បានព្រមាននៅថ្ងៃសៅរ៍នេះ ថា អ៊ុយក្រែនមិនព្រមបោះបង់ទឹកដីរងការឈ្លានពានទេ ឯការសម្រេចចិត្តដោយគ្មានអ៊ុយក្រែន ជាសេចក្តីសម្រេចប្រឆាំងសន្តិភាព។
ជំនួបរវាងលោកដូណាល់ត្រាំនិងលោកពូទីន នៅថ្ងៃទី១៥សីហា ដើម្បីស្វែងរកដំណោះស្រាយបិទបញ្ចប់សង្គ្រាម ដោយឱ្យអ៊ុយក្រែនធ្វើសម្បទានទឹកដី កំពុងធ្វើឱ្យក្រុងកៀវព្រួយបារម្ភយ៉ាងខ្លាំង។ លោកប្រធានាធិបតីអ៊ុយក្រែនហ្សេឡេនស្គីបានប្រកាសច្រានចោលជាស្រេចមិនទទួលយកកិច្ចព្រមព្រៀងដែលធ្វើបាត់បង់ទឹកដីទេ។ ចំណែកអឺរ៉ុបក៏កំពុងខ្នះខ្នែងបញ្ចេញសំឡេង និងបញ្ជាក់អំពីការគាំទ្រឥតងាករេជាមួយអ៊ុយក្រែន។
ប្រជាជានអ៊ីស្រាអែលរាប់រាប់ម៉ឺននាក់ ដែលភាគច្រើនជាក្រុមគ្រួសារចំណាប់ខ្មាំងបានចេញធ្វើបាតុកម្ម នៅថ្ងៃសៅរ៍ ទី៩ សីហា ទាមទារឱ្យបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា និងដោះលែងចំណាប់ខ្មាំងជាបន្ទាន់ដែលឋិតក្នុងដៃក្រុមហាម៉ាស។ បាតុករបានផ្ទុះកំហឹងកាន់តែខ្លាំងឡើងប្រឆាំងនឹងផែនការវាយលុកចូលគ្រប់គ្រងតំបន់ហ្កាហ្សារបស់រដ្ឋាភិបាលអ៊ីស្រាអែល ព្រោះយល់ថា គម្រោងការថ្មីនេះ នឹងនាំគ្រោះថ្នាក់ដល់អាយុជីវិតរបស់ចំណាប់ខ្មាំងទៅវិញទេ។
លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានប្រកាសនៅសេតវិមាន កាលពីថ្ងៃសុក្រ ទី៨ សីហា ថា អាមេនី និងអាស៊ែបៃហ្សង់ យល់ព្រមបិទបញ្ចប់ជម្លោះដណ្តើមទឹកដីគ្នា ជាង៣០ឆ្នាំ។ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ជានិរន្តរ៍ មេដឹកនាំនៃប្រទេសទំាងពីរបានថែមទាំងស្នើដាក់លិខិតគាំទ្របេក្ខភាព លោក ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាពផង។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ចេញប្រតិកម្មនៅយប់ថ្ងៃទី៨ ខែសីហាថា សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធ មកជាសង្រ្គាមប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក។ តាមអតីតនាយករដ្ឋមន្ត្រីកម្ពុជា រឿងនេះបើមើលមួយភ្លែតដូចជារឿងកំប្លែង ឬជារឿងតូចតាច តែបើពិនិត្យឲ្យស៊ីជម្រៅ វាជារឿងធំ ប្រសិនបើមិនទប់ស្កាត់បានទេនោះ។
មានវត្តមានជាពិសេសនៅទឹកដីបារាំងនៅក្នុងក្របខ័ណ្ឌនៃការជួសជុល និងការតាំងពិព័រណ៌នៅសារមន្ទីរជាតិបារាំងហ្គីមេ រហូតដល់ខែកញ្ញា ប្រតិមាព្រះវិស្ណុផ្ទំធ្វើពីសំរឹទ្ធមកពីប្រាសាទមេបុណ្យខាងលិចត្រូវបានអ្នកជំនាញបារាំងសិក្សាវិភាគរកឃើញជាច្រើនចំណុច។ ការរកឃើញដែលបានជួយបញ្ចប់ចម្ងល់មួយចំនួន និងបង្កើតភាពភ្ញាក់ផ្អើលក្នុងចំណោមអ្នកស្រាវជ្រាវបារាំង។ នៅក្នុងបទយកការណ៍របស់ឈាង បុប្ផានៅថ្ងៃនេះ លោកអ្នកនាងអាចស្តាប់ការពន្យល់របស់អ្នកជំនាញបារាំងម្នាក់ទៀត គឺ លោក David Bourgarit សាស្ត្រាចារ្យ និងជាវិស្វករផ្នែកលោហៈនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងជួសជុលនៃសារមន្ទីរបារាំង C2RMF។
រដ្ឋាភិបាលអាល្លឺម៉ង់បានចាត់វិធានការដាក់ពិន័យអ៊ីស្រាអែល បន្ទាប់ពីប្រមុខរដ្ឋាភិបាលរបស់ប្រទេសនេះបញ្ជាឲ្យកងទ័ពចូលគ្រប់គ្រងហ្កាហ្សាទាំងមូល។ ប្រតិកម្មទៅនឹងផែនការវាយលុកចូលគ្រប់គ្រងទឹកដីហ្កាហ្សា នាយករដ្ឋមន្រ្តីអាល្លឺម៉ង់កាលពីថ្ងៃសុក្រទី ៨ សីហាបានប្រកាសផ្អាកការនាំចេញអាវុធទៅអ៊ីស្រាអែល។ សង្ស័យថា យុទ្ធសាស្រ្តរបស់អ៊ីស្រាអែលគ្មានប្រសិទ្ធភាពដើម្បី រំដោះចំណាប់ខ្មាំង និងដកអាវុធពីក្រុមហាម៉ាស ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់នៅបានព្រមានអ៊ីស្រាអែលកុំឲ្យរាលដាលភ្លើងសង្រ្គាមចូលទៅក្នុងទឹកដីស៊ីហ្សកដានីរបស់ប៉ាឡេស្ទីន។
នៅប៉ែកខាងត្បូងប្រទេសបារាំងជាប់នឹងអេស្ប៉ាញ ភ្លើងឆេះព្រៃរាប់ម៉ឺនហិកតារ បានបណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសច្រើននាក់។ អគ្គិភ័យចាប់ផ្តើមឆេះ តាំងពីថ្ងៃអង្គារ បន្តរហូតដល់ថ្ងៃសុក្រ ទី៨ សីហា ហើយនៅតែពុំទាន់រលត់ទៀត។
គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ពលករខ្មែរជាង ៨០ម៉ឺននាក់បានវិលត្រឡប់មកកាន់មាតុប្រទេសវិញ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រសួងការងារកម្ពុជា តាមរយៈអ្នកនាំពាក្យ លោក ស៊ុន មេសា បានធានាថា ពលករខ្មែរដែលមកពីថៃទាំងអស់នឹងទទួលបានការងារធ្វើគ្រប់ៗគ្នា។ ក្រសួងការងារកម្ពុជាបានចេញមុខមកធានាសាជាថ្មី ថានឹងដាក់ទោសទណ្ឌលើជនឆ្លៀតឱកាស ដែលចង់ទារប្រាក់ពីពលរដ្ឋ ជាថ្នូរនឹងការទទួលបានការងារ នៅក្នុងប្រទេសកម្ពុជា។
យោងតាមអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិកចុះថ្ងៃទី៨សីហានេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យអនុវត្តអត្រាពន្ធគយសូន្យភាពរយចំពោះមុខទំនិញ ដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក និងនាំចូលមកកម្ពុជាពីសហរដ្ឋអាមេរិកផ្ទាល់។ តាមអនុក្រឹត្យ ទំនិញអាមេរិកដែលកម្ពុជាមិនយកពន្ធគឺ មិនមែនជាទំនិញជជុះ ឬទំនិញប្រើប្រាស់រួចហើយនោះទេ។ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកវិភាគសេដ្ឋកិច្ចយល់ថា ការសម្រេចឱ្យអនុវត្តអត្រាពន្ធគយសូន្យភាគរយចំពោះមុខទំនិញ ដែលបានកំណត់ខាងលើនេះនឹងចូលរួមដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា។ អ្នកវិភាគសេដ្ឋកិច្ចរូបនេះបានសម្តែងការគាំទ្រផងដែរ ចំពោះការបន្តយកពន្ធលើទំនិញជជុះពីសហរដ្ឋអាមេរិក ដោយលោកយល់ថាទោះទំនិញប្រភេទនេះតម្លៃថោក តែវាបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថានកម្ពុជា។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ បានសម្រេចបញ្ជាឲ្យកងទ័ពអ៊ីស្រាអែលវាយលុកចូលគ្រប់គ្រងទឹកដីហ្កាហ្សាទាំងមូល។ អង្គការសហប្រជាជាតិ មហាអំណាចអង់គ្លេសនិងចិន បានបង្ហាញជំហរជំទាស់ និងប្រាប់អ៊ីស្រាអែលឲ្យបញ្ចប់សកម្មភាពសឹកចម្បាំងជាបន្ទាន់។
កម្មវិធីព័ត៌មានប្រចាំថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ ដោយ សាំ ឧត្តម