រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលបានអនុម័តផែនការវាយសង្គ្រុបយកក្រុងហ្កាហ្សា និងបានចេញបញ្ជានៅថ្ងៃពុធទី២០សីហា ឱ្យទ័ពបម្រុង៦ម៉ឺននាក់ចូលជួរ បំពេញបេសកកម្មប្រយុទ្ធ។ ការប្រមូលកម្លាំងទ័ពធ្វើឡើងក្នុងពេលកំពុងមានយន្តការសម្របសម្រួលដើម្បីផ្អាកបាញ់លើដែនដីប៉ាឡេស្ទីននិងការដោះលែងចំណាប់ខ្មាំង។
នៅរដ្ឋសហព័ន្ធម៉ាឡេស៊ី អាជ្ញាធរនៃរដ្ឋអភិរក្សនិយមមួយ បានប្រកាសរឹតបន្តឹងច្បាប់សាសនាឥស្លាម ដោយដាក់ទោសពន្ធនាគារ ចំពោះជនណាដែលមិនទៅថ្វាយបង្គំព្រះ រៀងរាល់ថ្ងៃសុក្រ។ ដើម្បីសម្រេចវិធានការនេះ ការត្រួតពិនិត្យនិងឃ្លាំមើលពីសំណាក់អាជ្ញាធរ កាន់តែតឹងតែង ហើយការដាក់ពិន័យជាទឹកប្រាក់ រឹងរឹតតែច្រើនខ្លាំង។
ចាប់តាំងពីមានជម្លោះព្រំដែនកម្ពុជា និងថៃ ពិសេសនៅគ្រាដែលកងទ័ពថៃបើកការប្រយុទ្ធជាមួយកងទ័ពកម្ពុជាក្នុងសង្គ្រាម៥ថ្ងៃ កាលពីចុងខែកក្កដា បានធ្វើឲ្យចរន្តជាតិនិយមរបស់ពលរដ្ឋខ្មែរកាន់តែពុះកញ្ជ្រោល ដោយសារពលរដ្ឋខ្មែរខ្លះឈប់ប្រើផលិតផលថៃ។ តែទន្ទឹមនឹងគ្នានោះ ក៏មានការចោទសួរថា តើផលិតផលរបស់កម្ពុជាបច្ចុប្បន្នអាចធានាបានគ្រប់សម្រាប់តម្រូវការប្រើប្រាស់របស់ពលរដ្ឋខ្មែរហើយឬនៅ។ ម្យ៉ាងទៀត នៅពេលដែលកម្ពុជាឈប់ប្រើផលិតផលថៃ តើអាចនឹងធ្វើឲ្យទំនិញពីប្រភពផ្សេងទៀតហក់ឡើងថ្លៃ ឬយ៉ាងណា ហើយពេលនោះ រដ្ឋត្រូវធានាយ៉ាងណាដើម្បីកុំឲ្យមានការដំឡើងថ្លៃទំនិញ ឬការក្លែងបន្លំទំនិញ?
គណៈកម្មការអង្កេត ដែលបង្កើតឡើងនៅខែឧសភា ដោយរដ្ឋាភិបាលបណ្តោះអាសន្នស៊ីរី បានទម្លាយឱ្យដឹងថា មានករណីបាត់ខ្លួនដល់ទៅជាង៣សែននាក់ ក្នុងអំឡុងពេល៥០ឆ្នាំ នៃរបបផ្តាច់ការស៊ីរី ដឹកនាំឱ្យត្រកូលអាសាដ ឪនិងកូន។ បើចំនួនមនុស្សបាត់ខ្លួនច្រើន ការងារវែករកអត្តសញ្ញាណដើម្បីបញ្ជាក់ការពិត ក៏នឹងធំធេងខ្លាំងដែរ។
រដ្ឋាភិបាលក្រុងបាងកក បានប្រកាសស្វែងរកពលករ ពីបណ្តាប្រទេសនានាៗនៅតំបន់អាស៊ី ដើម្បីមកធ្វើការដោយស្របច្បាប់ នៅក្នុងប្រទេសថៃ។ ថៃត្រូវការកម្លាំងពលកម្មបរទេស ដើម្បីបម្រើឲ្យប្រយោជន៍សេដ្ឋកិច្ច។ តែថ្មីៗនេះ ថៃត្រូវប្រឈមនឹងបញ្ហាខ្វះកម្លាំងពលកម្ម ជាខ្លាំង ក៏ព្រោះតែ ពលករខ្មែរច្រើនម៉ឺននាក់ បន្តរត់ត្រឡប់ចូលស្រុកកំណើតវិញ ក្រោយផ្ទុះសង្គ្រាមនៅតាមព្រំដែនហើយបទឈប់បាញ់ បន្តឋិតក្នុងសភាពផុយស្រួយនៅឡើយ។
ក្រសួងការងារនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានរៀបចំវេទិកាការងារសម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ កម្មវត្ថុគឺដើម្បីទម្រង់ទិស និងស្វែងរកឱកាសការងារដល់ពលករទាំងអស់នោះ។ អ្នកធ្វើការក្នុងវិស័យការងារយល់ឃើញថា វេទិកាការងារនេះគឺជារឿងមួយល្អប្រសើរ ក៏ព្រោះតែវាអាចជួយសម្រួលដល់ការស្វែងរកការងាររបស់ពលករដែលទើបមកពីប្រទេសថៃ។ ប៉ុន្តែអ្នកជំនាញនៅតែមើលឃើញពីបញ្ហាចោទមួយចំនួនរួមមាន ទីផ្សារការងារ និងចំនួនការងារមិនសមស្របនឹងចំនួនពលករ។ ក្នុងន័យនេះ ពួកគេចង់ឃើញរដ្ឋាភិបាល និងក្រសួងការងាររៀបចំគោលនយោបាយសមស្របច្បាស់លាស់ ដើម្បីធានាការឆ្លើយតបមានប្រសិទ្ធភាពសម្រាប់ឱកាសការងារដល់ពលរដ្ឋ។
នៅថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)មកពី៥ប្រទេស បានចុះទៅពិនិត្យ តំបន់ប្រាសាទព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់រវាងភាគីយោធាកម្ពុជា និងថៃ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាលនេះ ជាផ្នែកមួយនៃការអនុវត្តទៅការព្រមព្រៀងគ្នារវាងភាគីកម្ពុជា និងថៃ នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥។
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ អង្គការសង្គមស៊ីវិលកម្ពុជាមួយក្រុម នឹងដាក់ញត្តិទៅកាន់បណ្តាស្ថានទូតនៃប្រទេសជាហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ គោលបំណងនៃការដាក់ញត្តិនេះ គឺទាមទារឲ្យ ប្រទេសហត្ថលេខីទាំងនោះ ត្រូវរក្សាការប្តេជ្ញាចិត្ត និងមានចំណាត់ការជាបន្ទាន់ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា អំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ។
ប្រមុខគណបក្សកាន់អំណាចនៅកម្ពុជា លោក ហ៊ុន សែន បានព្រមាននៅយប់ថ្ងៃទី១៨ ខែសីហាថា ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន នោះកម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។ ប្រតិកម្មរបស់ប្រធានព្រឹទ្ធសភាកម្ពុជាបែបនេះក៏ដោយសារតែនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នឹងត្រូវចាប់ខ្លួនភ្លាម ប្រសិនបើរកឃើញថាចូលជាន់ទឹកដីថៃ។
ទំនាក់ទំនងរវាងមហាអំណាចអាស៊ីទាំងពីរចិននិងឥណ្ឌាកំពុងមានភាពស្វាហាប់វិជ្ជមាន ឡើងវិញ។ លោកនាយករដ្ឋមន្ត្រីឥណ្ឌាណារិនដ្រាម៉ូឌី នឹងអញ្ជើញទៅចិននៅចុងខែសីហា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាសន្តិសុខជាតិឥណ្ឌា មុនជំនួបជាមួយប្រមុខការទូតចិន។ លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន ដែលកំពុងបំពេញទស្សនកិច្ច នៅទីក្រុងញូវដេលី បានប្រកាសនៅថ្ងៃអង្គារទី១៩សីហានេះវិញថា ទំនាក់ទំនងចិន-ឥណ្ឌា កំពុងប្រសើរឡើង ឈានឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ ដូចមុន។
បន្ទាប់ពីមានកិច្ចព្រមព្រៀងលើបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅម៉ាឡេស៊ី ថៃបានចោទប្រកាន់កម្ពុជាថាបានដាក់មីនថ្មីនៅតាមព្រំដែន។ តែការចោទប្រកាន់នេះ ត្រូវបានកម្ពុជាច្រានចោល និងបញ្ជាក់ថាជាមីនចាស់ ដែលនៅសល់តាំងពីសម័យសង្គ្រាម។ ចុងក្រោយនេះ កងទ័ពថៃបានបង្កើនការរាយលួសបន្លា និងកង់ឡាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានរំលោភចូលមកក្នុងទឹកដីកម្ពុជាផងដែរ។ អ្នកតាមដានសង្គម និងនយោបាយនានា បានយល់ស្របដូចគ្នាចំពោះភាពអត់ធ្មត់របស់កម្ពុជា ដើម្បីទទួលបានពិន្ទុល្អ ក្នុងការគោរពបទឈប់បាញ់ និងព្យាយាមដោះស្រាយជាក់ស្តែង តាមដែលអាចធ្វើទៅបាន។
ផ្ទុយពីជម្លោះទាស់សំដីខ្លាំងកាលពី៥ខែមុន ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានទទួលប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គីយ៉ាងរាក់ទាក់នៅសេតវិមាន កាលពីថ្ងៃចន្ទទី ១៨សីហាម្សិលមិញ។ នៅក្នុងកិច្ចប្រជុំស្តីពីសំណុំរឿងអ៊ុយក្រែន មានការចូលរួមផងដែរ ពីប្រធានាធិបតីបារាំង នាយករដ្ឋមន្រ្តីរបស់ប្រទេសអង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ ហ្វាំងឡង់ និងប្រធានគណៈកម្មការអឺរ៉ុប។ ថ្នាក់ដឹកនាំអឺរ៉ុបបានលើកគ្នាជាលើកទី១ ទៅសេតវិមាន ដើម្បីជួយបញ្ចុះបញ្ចូលឲ្យប្រធានាធិបតីអាមេរិក គិតគូរពីផលប្រយោជន៍សន្តិសុខរបស់អ៊ុយក្រែន និងអឺរ៉ុប នៅក្នុងដំណើរការចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោកពូទីន ដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន។
នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ អគ្គនាយកសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) បានថ្លែងថានៅតាមបណ្តាយព្រំដែនកម្ពុជា-ថៃ ប្រមាណជាង ៧០០គីឡូម៉ែត្រ នៅមានគ្រាប់មីន ដែលបន្សល់ទុកពីសម័យសង្គ្រាមជាយូរមកហើយ និងដែលមិនទាន់បានបោសសម្អាតនៅឡើយ។ ការលើកឡើងរបស់លោក ហេង រតនា ដូច្នេះ គឺជាការបញ្ជាក់ឡើងវិញ និងក៏ជាការឆ្លើយតបទៅភាគីថៃ ដែលបានចោទថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែនកម្ពុជា-ថៃ ដែលមានជម្លោះបច្ចុប្បន្ន។ តាមលោកអគ្គនាយក CMAC តំបន់ព្រំដែន ដែលនៅមានគ្រាប់មីន ហើយមិនទាន់បានបោសសម្អាត គឺមិនមែនជាតំបន់អាទិភាពជាចម្បងនោះទេ។ សូមបញ្ជាក់ថា រយៈពេល៣៣ឆ្នាំកន្លងទៅ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួនជាង ១,២លានគ្រាប់ មីនប្រឆាំងរថក្រោះចំនួនជាង ២៦ ០០០គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣,២លានគ្រាប់៕
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានស្នើឲ្យស្ថាប័នអន្តរជាតិធំៗចំនួនបីក្នុងនោះមានទាំងការិយាល័យរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សឲ្យពិនិត្យលើការរំលោភបំពានលើបទឈប់បាញ់ពីសំណាក់ភាគីយោធាថៃ ដែលបាននិងកំពុងរាយបន្លាលួស ឬធ្វើសកម្មភាពបំពានផ្សេងៗទៀត លើទឹកដីកម្ពុជា។ តែអ្នកវិភាគថា សំណើរបស់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី ទំនងជាមិនអាចបញ្ចុះបញ្ចូលស្ថាប័នអន្តរជាតិទាំងនោះ ជួយកម្ពុជាបានពេញដៃពេញជើងនោះទេ ក្រោមហេតុផលថាស្ថាប័នមួយនេះ ស្ថិតក្រោមឥទ្ធិពលនយោបាយនៅកម្ពុជា ពោលគឺខ្វះឯករាជ្យភាព និងយុត្តិធម៌ដើម្បីលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា។
ឃ្លាតតែកាយ ប៉ុន្តែ ចិត្តនៅនឹកទន្ទឹងគិតដល់ជនរួមជាតិក្នុងស្រុកដែលកំពុងជួបទុក្ខលំបាក រត់ភៀសសឹកដោយសារតែសង្រ្គាមឈ្លានពានពីសំណាក់កងទ័ពថៃ។ ទាំងនេះជាអារម្មណ៍របស់ប្រជាជនខ្មែរ មិនថា ជាមនុស្សចាស់ ឬកូនចៅជំនាន់ក្រោយដែលកើតធំដឹងក្តីនៅប្រទេសបារាំង។ ដោយសារតែអារម្មណ៍ឈឺឆ្អាល ចង់បន្ធូរទុក្ខលំបាករបស់ជនភៀសសឹក វត្តចន្ទរង្សីក្នុងទីក្រុងត្រំប្លេភាគខាងជើងទីក្រុងប៉ារីសបានរៀបចំកម្មវិធីបង្សុកូលរៃអង្គាសថវិកាដើម្បីជួយកងទ័ពកម្ពុជា និងជនភៀសសឹកនៅតាមព្រំដែនខ្មែរថៃ តាមរយៈសមាគមFragmentis Vitae Asia។ ឈាងបុប្ផាបានទៅធ្វើបទយកការណ៍ផ្ទាល់នៅវត្តចន្ទរង្ស៊ី
សហរដ្ឋអាមេរិកកំពុងញាប់ដៃជើងដើម្បីនាំយកម៉ាស៊ីនប្រតិករនុយក្លេអ៊ែរទៅដាក់នៅឋានព្រះចន្ទ ឲ្យបានយ៉ាងយូរបំផុត នៅមុនឆ្នាំ២០៣០។ នៅក្នុងក្របខណ្ឌនៃបេសកកម្មបញ្ជូនមនុស្សឲ្យត្រលប់ទៅជាន់ដីព្រះចន្ទនៅអំឡុងឆ្នាំ២០២៧ ប្រធានថ្មីរបស់ទីភ្នាក់ងារណាសាកាលពីចុងខែកក្កដាកន្លងទៅបានបញ្ជាឲ្យគេដាក់ដេញថ្លៃគម្រោងផលិតប្រតិករនុយក្លេអ៊ែរដែលមានសមត្ថភាពផ្គត់ផ្គង់ថាមពលនៅលើឋានព្រះចន្ទ។ តើណាសាអាចសម្រេចមហិច្ឆតាដំឡើងម៉ាស៊ីនប្រតិករនុយក្លេអ៊ែរនៅលើឋានព្រះចន្ទដែរឬទេ? យើងស្តាប់បទអត្ថាធិប្បាយរបស់ឈាង បុប្ផា
ធាតុអាកាសក្តៅនិងស្ងួតខ្លាំងឆ្នាំនេះ បានបង្កជាភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ នៅតាមប្រទេសអឺរ៉ុប ដូចជាក្រិក បារាំង និងជាពិសេសអេស្ប៉ាញនិងព័រទុយហ្កាល់។ គិតពីដើមឆ្នាំ២០២៥មក ភ្លើងបានលេបត្របាក់ព្រៃឈើ លំនៅដ្ឋានប្រជាជន ក្នុងទំហំផ្ទៃដីសរុបជាង៥៦ម៉ឺនហិកតា នៅអេស្ប៉ាញនិងព័រទុយហ្កាល់។ គិតត្រឹមថ្ងៃចន្ទទី១៨សីហា ក្រុមពន្លត់អគ្គីភ័យកំពុងព្យាយាមយ៉ាងលំបាក ដើម្បីពន្លត់ភ្លើងនិងបង្អាក់ការឆេះរាលដាល។
ថ្នាក់ដឹកនាំសហភាពអឺរ៉ុបបានប្រកាសថា លោក វ្លូឌីមៀរ ហ្សេឡេនស្គី មិនឯកាឡើយ ក្នុងជំនួបជាមួយលោក ដូណាល់ ត្រាំ នៅសហរដ្ឋអាមេរិក នាថ្ងៃចន្ទ ទី១៨ សីហា។ មេដឹកនាំអឺរ៉ុបមួយចំនួននឹងអមដំណើរលោកប្រធានាធិបតីអ៊ុយក្រែន ទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជជែកពិភាក្សាជាមួយចៅហ្វាយសេតវិមាន អំពីជំនួបទ្វេភាគីអាមេរិក និងរុស្ស៊ី នៅរដ្ឋអាឡាស្កា និងសង្រ្គាមនៅអ៊ុយក្រែន។
លោក Michael Alfaro ជាជនជាតិអាមេរិកាំងម្នាក់បាន និងកំពុងទាញការចាប់អារម្មណ៍ខ្លាំងពីសំណាក់ពលរដ្ឋកម្ពុជា ដោយសារតែលោកចុះទៅកាន់តំបន់មានជម្លោះព្រំដែនកម្ពុជា និងបានរាយការណ៍ពីផលវិបាកនៃលទ្ធផលដែលកើតចេញពីសង្គ្រាម៥ថ្ងៃរវាងកម្ពុជា និងថៃ។ ប្រធានក្រុមអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមានបានបញ្ជាក់ថា លោក Michael Alfaro មកកម្ពុជាក្នុងនាមជាអ្នកកាសែតម្នាក់ ដោយរ៉ាប់រងការចំណាយខ្លួនឯង និងមិនទទួលបានប្រាក់ឈ្នួលពីរដ្ឋាភិបាលកម្ពុជាទេ។ តើបេសកកម្មរបស់លោក Michael Alfaro ទៅកាន់ព្រំដែនកម្ពុជាឆ្លុះបញ្ចាំងយ៉ាងដូចម្តេចខ្លះ?
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានគូសបញ្ជាក់នៅអំឡុងពេលមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី១០នៅប្រទេសចិនថា កម្ពុជានឹងបន្តបង្កើនទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅជាមួយភាគីចិន។ តែទន្ទឹមនឹងគ្នានោះ ប្រមុខការទូតកម្ពុជាក៏អះអាងថាកម្ពុជាក៏បន្តរក្សាទំនាក់ទំនងដ៏រឹងមាំជាមួយវៀតណាម។ នេះបើសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយថ្ងៃទី១៥ ខែសីហា។
ការបោះឆ្នោតសភានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ខែធ្នូចុងឆ្នាំ២០២៥។ នេះបើតាមការប្រកាសរបស់របបសឹកភូមា នៅថ្ងៃចន្ទទី ១៨សីហា។ ក្នុងរយៈពេលជិត៥ឆ្នាំ ពោលគិតចាប់តាំងពីធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជីនៅខែ កុម្ភៈឆ្នាំ២០២១ នេះជាលើកទី១ដែលរបបសឹកភូមាប្រកាសរៀបចំការបោះឆ្នោតសកល។ ក្នុងកាលៈទេសៈដែលប្រទេសកំពុងឆាបឆេះដោយភ្លើងសង្រ្គាមស៊ីវិល តើរបបសឹកភូមាអាចរៀបចំការបោះឆ្នោតបានដោយរបៀបណា?
កាលពីថ្ងៃអាទិត្យទី១៧សីហា ប្រជាជនអ៊ីស្រាអែលប្រមាណ៥សែននាក់ បានរួមគ្នាធ្វើមហាបាតុកម្ម នៅទីក្រុងទែលអាវីវ ដើម្បីទាមទារឲ្យរដ្ឋាភិបាលរបស់លោកនេតាន់យ៉ាហ៊ូ ត្រូវតែចុះបទឈប់បាញ់ បិទបញ្ចប់សង្គ្រាមនៅហ្កាហ្សា និងរំដោះចំណាប់ខ្មាំងដែលនៅសេសសល់ទាំងប៉ុន្មានមកវិញ។ ជាង២ឆ្នាំមកនេះ ប្រជាជនអ៊ីស្រាអែលតែងតែបានធ្វើបាតុកម្មជារឿយៗ ដើម្បីប្រឆាំងនឹងសង្គ្រាមនៅហ្កាហ្សា។ តែលើកនេះ គឺជាបាតុកម្មធំបំផុតមិនធ្លាប់មាន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រកាសថានឹងបើកប្រតិបត្តិការយោធាជាថ្មីម្តងទៀត ចូលទៅកាន់ទីក្រុងហ្កាហ្សាស៊ីធី ដើម្បីកម្ទេចក្រុមហាម៉ាស។
នៅក្នុងជំនួបតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែន និងថ្នាក់ដឹកនាំប្រទេសអឺរ៉ុប កាលពីថ្ងៃសៅរ៍ ទី ១៦សីហា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានលើកសំណើស្តីពីការធានាសន្តិសុខឲ្យអ៊ុយក្រែន ដោយមិនចាំបាច់ឲ្យប្រទេសនេះចូលជាសមាជិករបស់អង្គការអូតង់។ យោងតាមប្រភពមន្រ្តីអាមេរិកដែលស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំង AFP នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះដែរ លោកដូណាល់ត្រាំបង្ហាញគំនិតគាំទ្រការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ីដែលចង់ឲ្យអ៊ុយក្រែនដកខ្លួនទាំងស្រុងចេញពីតំបន់ដុនបាស់ ជាថ្នូរនឹងការឈប់វាយប្រហាររបស់កងទ័ពរុស្ស៊ីនៅតំបន់ពីរផ្សេងទៀត គឺKherson និងZaporizhzhia។ តំបន់ពីរនេះគ្រប់គ្រងមួយផ្នែកដោយកងទ័ពអ៊ុយក្រែនដែលកំពុងវាយរុញច្រានកងទ័ពរុស្ស៊ី។ ឈាង បុប្ផាលម្អិតព័ត៌មាននេះ
ប្រធានាធិបតីស៊ីរីបានអំពាវនាវឲ្យសហគមន៍ជនជាតិភាគតិចឌ្រូហ្ស និងបេដ្វាំង បញ្ឈប់ការបង្ហូរឈាម និងរួបរួមគ្នា កសាងប្រទេសជាតិ។ ការអំពាវនាវរបស់ប្រមុខដឹកនាំស៊ីរីថ្មី ធ្វើឡើងមួយថ្ងៃបន្ទាប់ពីសហគមន៍ឌ្រូហ្សរាប់រយនាក់ បាននាំគ្នាធ្វើបាតុកម្ម នៅថ្ងៃសៅរ៍ ទី១៦ សីហា ដើម្បីទាមទារបំបែកទឹកដី ព្រមទាំងថ្កោលទោសចំពោះអំពើហិង្សាស្លាប់ជនជាតិភាគតិចឌ្រូហ្សជាច្រើននាក់ កាលពីខែកក្កដា ដែលបង្កដោយក្រុមប្រដាប់អាវុធសហគមន៍បេដ្វាំង។
អាជ្ញាធរស្រុកឆែប ខេត្តព្រះវិហារកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ បានឃាត់រថយន្តចំនួន៤គ្រឿងដែលដឹកទំនិញពីប្រទេសថៃចូលមកកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវតាមច្រកព្រំដែនកំពង់ស្រឡៅ។ ក្រោយការត្រួតពិនិត្យ អាជ្ញាធរកម្ពុជា រកឃើញថា ទំនិញទាំងនោះសុទ្ធតែជាទំនិញខូចគុណភាព និងបានសម្រេចដុតកម្ទេចចោលតែម្តង។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហាររបស់កម្ពុជាបានប្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន០៧ប្រទេស នៅថ្ងៃទី១៥ ខែសីហាថា ទាហានថៃនៅតែចល័តកម្លាំងទ័ពចូលមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាដោយគឃ្លើននៅចំពោះមុខក្រុមសង្កេតការណ៍អន្តរជាតិ។ តែលោកថាសម្រាប់កងកម្លាំងកម្ពុជាវិញគឺរក្សាបាននូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ បន្ទាប់ពីសេចក្តីថ្លែងការណ៍រួម និងបទឈប់បាញ់។
ពលរដ្ឋអាមេរិកាំងមួយរូប លោក Michael B Alfaro បានទទួលការចាប់អារម្មណ៍ពីមហាជនកម្ពុជា ក្រោយពីលោកធ្វើសេចក្តីរាយការណ៍ជុំវិញផលវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ លោក Michael B Alfaro បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥សីហា ដោយជួបជាមួយបណ្តាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងចុះទៅជួបប្រជាពលរដ្ឋដោយផ្ទាល់ នៅជំរំជនភៀសសឹក និងតំបន់ជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានស្វះស្វែងឲ្យមានជំនួបមួយនៅខេត្តយូណាន រវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ដើម្បីពិភាក្សាអំពីភាពតានតឹងនៃជម្លោះព្រំដែនប្រទេសទាំង២។ ការណ៍នេះនាំឲ្យមានការចោទសួរថា តើចិនអាចមានឥទ្ធិពល ក្នុងការសម្របសម្រួលបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃតាមមធ្យោបាយណាខ្លះ ព្រោះក្រោយបទអន្តរាគមន៍របស់ប្រធាបធិបតីអាមេរិក លោក ដូណាល់ ត្រាំ ភាគីទាំង២នៅមើលមុខគ្នាមិនចំ ហើយយោធាថៃនៅបន្តធ្វើសកម្មភាពតាមអ្វីដែលកម្ពុជាយល់ថា ជាការបំពានលើបទឈប់បាញ់។
កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងកម្ពុជា-ថៃ បានប្តេជ្ញាចិត្តបន្តអនុវត្តនូវលទ្ធផលកិច្ចប្រជុំពិសេសរវាង លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ កាលពីថ្ងៃទី២៨កក្កដា និងលទ្ធផលឯកភាពគ្នាទាំង១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃ៧សីហា។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៅថ្ងៃទី១៦ ខែសីហានេះ។ តាមអ្នកនាំពាក្យរូបនេះ កម្ពុជា-ថៃ បានយល់ស្របបង្កើតក្រុមការងារសម្របសម្រួលមួយ ដើម្បីរក្សាទំនាក់ទំនងនៅគ្រប់កម្រិត។
ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីរុស្ស៊ី ស្តីពីសង្រ្គាមអ៊ុយក្រែន ដែលពិភពលោកទន្ទឹងតាមដានអស់ជាច្រើនថ្ងៃ មិនបានផ្តល់លទ្ធផលអ្វីជាដុំកំភួននោះទេ។ បន្ទាប់ពីជួបផ្ទាល់ ទល់មុខគ្នាជិត៣ម៉ោង នៅរដ្ឋអាឡាស្កាទឹកដីអាមេរិក កាលពីថ្ងៃសុក្រទី ១៥សីហា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និងមេដឹកនាំរុស្ស៊ី លោកពូទីនបានចាត់ទុកការពិភាក្សារីកចម្រើនទៅមុខ ប៉ុន្តែ គ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់នៅក្នុងសំណុំរឿងអ៊ុយក្រែន។
នៅប៉ាគីស្ថាន គ្រោះទឹកជំនន់ហូរបាក់ដីដោយព្យុះភ្លៀងដ៏កំណាច បានសម្លាប់ជីវិតមនុស្សយ៉ាងហោចជាង ៣០០នាក់ និងមនុស្សជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួន។ នេះបើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន នៅថ្ងៃសៅរ៍ ទី១៦ សីហា។
បន្ទាប់ពីជិះកង់អស់រយៈពេល១ឆ្នាំ២ខែ ចេញពីខេត្តសៀមរាប ប្រទេសកម្ពុជា អ្នកជិះកង់ឯករាជ្យ ទីវ តារារិទ្ធបានមកដល់គោលដៅនៅបារាំងកាលពីសប្តាហ៍មុន។ ជិះកង់តែម្នាក់ឯងលើចម្ងាយផ្លូវជាង៣ម៉ឺនគីឡូម៉ែត្រ ពីប្រទេសកម្ពុជាឆ្ពោះទៅទឹកដីអឺរ៉ុប ជាបេសកកម្មរបស់អ្នកជិះកង់ឯករាជ្យ ដើម្បីស្វែងរកការរៃអង្គាស បរិច្ចាគថវិកាពីសាធារណជនដើម្បីជួយដល់មន្ទីរពេទ្យពីរ គឺមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។ នៅទីក្រុងប៉ារីស ឈាង បុប្ផាបានជួបសម្ភាសន៍ លោកទីវ តារារិទ្ធ នៅមាត់ទន្លេសែន នៅមុនពេលលោកធ្វើដំណើរចាកចេញបន្តទៅប្រទេសអេស្ប៉ាញ សំដៅប្រទេសអាហ្វ្រិកខាងត្បូងដែលជាគោលដៅចុងក្រោយនៃយុទ្ធនាការជិះកង់ដើម្បីកុមារកម្ពុជា។ សូមទស្សនាដំណើរផ្សងព្រេងរបស់យុវជនខ្មែរ លោកទីវ តារារិទ្ធ។
តំណាងសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី នៅថ្ងៃទី១៦ ខែសីហានេះ បានដាក់លិខិតផ្លូវការមួយទៅកាន់រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី លោកស្រី Penny Wong ដើម្បីសុំកិច្ចអន្តរាគមន៍របស់អូស្ត្រាលីក្នុងការធានាបទឈប់បាញ់រយៈពេលវែងរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ បន្ថែមពីនេះសហគមន៍ខ្មែរ ថែមទាំងអំពាវនាវដល់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនខ្មែរ ដែលស្ថិតក្នុងតំបន់រងប៉ះពាល់ខ្លាំងដោយសារតែការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃកន្លងមកនេះ។
រដ្ឋាភិបាលចិន ប្តឹងរដ្ឋាភិបាលកាណាដា ទៅអង្គការពាណិជ្ជកម្មពិភពលោក WTO ចំពោះការដំឡើងរនាំងពន្ធគយដ៏ខ្ពស់ លើផលិតផលដែក។ ពាក្យបណ្តឹងរបស់ប៉េកាំងបានតម្កល់រួចហើយ កាលពីថ្ងៃសុក្រ ទី១៥ សីហា។ នេះបើតាមក្រសួងពាណិជ្ជកម្មចិន ដោយបញ្ជាក់ថា កាណាដាបានធ្វើខុសបទដ្ឋានច្បាប់ពាណិជ្ជកម្មពិភពលោក។