ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥ ជាខួប២ឆ្នាំនៃការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជាដ៏មានឥទ្ធិពលលោកហ៊ុន សែន។ អ្នកវិភាគ និងអ្នកនយោបាយមួយចំនួនវាយតម្លៃថា ការគ្រប់គ្រងប្រទេសរបស់លោកហ៊ុន ម៉ាណែត មានទាំងភាពជោគជ័យ និងជូរចត់។ ជូរចត់ ដោយសារតែប៉ុន្មានខែចុងក្រោយនៃការកាន់អំណាចរយៈពេល២ឆ្នាំនេះ លោកហ៊ុន ម៉ាណែតត្រូវឆ្លងកាត់វិញ្ញាសារដ៏លំបាកមួយគឺបញ្ហាដែលផ្តើមចេញពីជម្លោះព្រំដែនកម្ពុជា និងថៃ។ សកម្មជនប្រជាធិបតេយ្យខ្លះ ក៏បានកត់ចំណាំឃើញថា លោក ហ៊ុន ម៉ាណែតបាននិងកំពុងដឹកនាំប្រទេស ដោយមានស្រមោលឪពុកលោកតាមជាប់ជានិច្ច។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ ប្រជាជនខ្មែររាប់ម៉ឺននាក់បានភៀសខ្លួនទៅជាយដែនប្រទេសថៃ ដោយសង្ឃឹមថា នឹងទទួលបានជំនួយមនុស្សធម៌អន្តរជាតិ។ ប៉ុន្តែផ្ទុយទៅវិញ អំឡុងខែមិថុនា ឆ្នាំ១៩៧៩ អាជ្ញាធរថៃបានបង្ខំឲ្យជនភៀសខ្លួនខ្មែរទាំងអស់ត្រឡប់ទៅចូលក្នុងប្រទេសកម្ពុជាវិញ ដោយអាជ្ញាធរថៃបានដឹកមកទម្លាក់ចោលនៅតំបន់គ្រោះថ្នាក់តាមជួរភ្នំដងរែក។ សោកនាដកម្មភ្នំខ្មោចបានក្លាយជាសុបិន្តដ៏អាក្រក់ សម្រាប់ជនភៀសខ្លួនខ្មែរទាំងអស់ ដែលនៅរស់រានមានជីវិត ក៏ព្រោះតែវាបានរំលឹកពីសេចក្ដីឈឺចាប់នៃដំណើរស្វែងរកសិទ្ធិរស់រានសារជាថ្មី។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្យួរតំណែងប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធា និងមន្ត្រីជាន់ខ្ពស់យោធា ២ នាក់ទៀត។ ការបណ្តេញចេញពីតំណែងនេះ ព្រោះតែ ប្រធានាធិបតីអាមេរិក លែងទុកចិត្តពួកគេ បន្ទាប់ពីចេញផ្សាយរបាយការណ៍ អះអាងថា ការវាយប្រហាររបស់អាមេរិកទៅលើស្ថានីយនុយក្លេអ៊ែរអ៊ីរ៉ង់ មានប្រសិទ្ធភាពតួចតួច។
បន្ទាប់ពីបានចេញសាលក្រមតម្រូវឲ្យអាជ្ញាធរក្រុងញូដេលី ចាប់សត្វឆ្កែអនាថាយកទៅបង្ខាំងទុក នៅទីបំផុតតុលាការកំពូលឥណ្ឌា បានដកថយវិញ ក្រោយរងនូវការរិះគន់ពីសំណាក់ប្រជាជនក្រុងញូដេលី និងក្រុមអ្នកអាណិតស្រលាញ់សត្វ។ ជាមួយនឹងសេចក្តីសម្រេចថ្មីរបស់តុលាការកំពូលឥណ្ឌា សត្វឆ្កែអនាថានៅក្រុងញូដេលី នឹងត្រូវចាប់យកមកចាក់វ៉ាក់សាំង ហើយក្រៀវកុំឲ្យបន្តពូជ មុននឹងដោះលែងទៅវិញ។
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋប្រមាណជាង៥០០នាក់ រួមទាំងព្រះសង្ឃបាននាំគ្នាដើរក្បួនដង្ហែសន្តិភាពនៅតាមសួនព្រះរាជដំណាក់ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាបបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ការដើរក្បួនរបស់ពលរដ្ឋនៅខេត្តសៀមរាបនេះ គឺដើម្បីទាមទារឲ្យប្រទេសថៃដោះលែងវីរកងទ័ពកម្ពុជា១៨រូប ដែលថៃបានចាប់ខ្លួន កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥។ បន្ថែមពីនេះក៏មានការលើកបដាស្នើសុំដល់សហគមន៍អន្តរជាតិ ជាពិសេសប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជួយអន្តរាគមន៍ដោះស្រាយបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ។
ក្រសួងអប់រំកម្ពុជា និងចិនបានចុះអនុស្សរណៈយោគយល់គ្នា (MOU) ក្នុងការបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិននៅកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ។ តាមក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ការចុះហត្ថលេខាយោគយល់គ្នានេះនឹងជំរុញដល់ការអភិវឌ្ឍការបង្រៀនភាសាចិននៅកម្ពុជា និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំង២។
ជាច្រើនខែមកហើយ ដែលសហគមន៍អន្តរជាតិ បានលើកឡើងពីវិបត្តិមនុស្សធម៌នៅហ្កាហ្សា។ ពេលនេះទៀត អង្គការសហប្រជាជាតិ បានប្រកាសទទួលស្គាល់ ជាផ្លូវការ ថាពិតមានគ្រោះទុរ្ភិក្សអត់ឃ្លានដ៏ធ្ងន់ធ្ងរនៅហ្កាហ្សា ហើយបញ្ហានេះ អាចជៀសវាងបាន ប្រសិនបើគ្មានការជំទាស់រារាំងពីអ៊ីស្រាអែល។ ក៏ប៉ុន្ តែ អ៊ីស្រាអែល បានបរិហារថា ជាកុហកបោកប្រាស់ និងបម្រើប្រយោជន៍ឲ្យពួកប្រដាប់អាវុធហាម៉ាស។
ថ្ងៃសុក្រទី២២សីហា លោកនីកូឡា ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេស៊ុយអេឡា បានថ្លែងថ្កោលទោសសហរដ្ឋអាមេរិក ថាកំពុងតែធ្វើអំពើខុសច្បាប់ តាមរយៈការបញ្ជូននាវាចម្បាំងច្រើនគ្រឿង មកគំរាមសម្លុត និងប៉ុនប៉ងផ្តួលរំលំរបបដឹកនាំវ៉េណេស៊ុយអេឡា។ ការថ្លែងថ្កោលទោសរបស់លោកប្រធានាធិបតីវ៉េណេស៊ុយអេឡានេះ គឺបន្ទាប់ពី លោកដូណាល់ ត្រាំ បានសម្រេចបញ្ជូននាវាច្បាំងចំនួន៣គ្រឿង និងកម្លាំងទាហានច្រើនពាន់នាក់ ទៅតំបន់សមុទ្រការ៉ាអ៊ីប ក្បែរវ៉េណេស៊ុយអេឡា ដោយលើកហេតុផលថា ដើម្បីបង្ក្រាបបណ្តាញជួញដូរគ្រឿងញៀន។
ឯកអគ្គរាជទូតជប៉ុនទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ លោក Suzuki Hideo នឹងមកបំពេញទស្សនកិច្ចនៅប្រទេសចំនួនបីក្នុងតំបន់អាស៊ាន រួមមានម៉ាឡេស៊ី កម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសជប៉ុនចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ តាមក្រសួងការបរទេសជប៉ុន លោកឯកអគ្គរាជទូត Suzuki Hideo ក៏នឹងមានជំនួបជាមួយមន្រ្តីរដ្ឋាភិបាលកម្ពុជា ថៃ និងម៉ាឡេស៊ី ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាក្នុងការឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ។
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ សាកលវិទ្យាល័យមួយទៀតរបស់ប្រទេសថៃឈ្មោះ «បានសម្តេចចៅព្រះយា រច្ឆៈផាត» ប្រកាសដកហូតសញ្ញបត្របណ្ឌិតកិត្តិយសពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ នេះជាលើកទី២ហើយដែលសាកលវិទ្យាល័យនៅប្រទេសថៃប្រកាសដកហូតសញ្ញាបត្របណ្ឌិតកិត្តិយសពីប្រធានព្រឹទ្ធសភាកម្ពុជា បន្ទាប់ពីកម្ពុជា-ថៃ បានផ្ទុះអាវុធដាក់គ្នាអស់រយៈពេល៥ថ្ងៃ និងស្របពេលដែលប្រទេសទាំងពីរទម្លាក់កម្រិតការទូតឱ្យនៅទាបបំផុត។ តែជាការឆ្លើយតប លោក ហ៊ុន សែន ថាសញ្ញាបត្រទាំងនោះសុទ្ធតែគ្មានតម្លៃ ដ្បិតលោកបានបោះចោលយូរណាស់មកហើយ។
ក្រសួងអប់រំកម្ពុជា បានបញ្ជាក់នៅថ្ងៃទី២២ ខែសីហាថា សាលាចំនួន៧កន្លែងរងការខូចខាតដោយសារគ្រាប់បែករបស់យោធាថៃ ក្នុងសង្គ្រាម៥ថ្ងៃជាមួយកម្ពុជា កាលពីចុងខែកក្កដាឆ្នាំ២០២៥។ តាមក្រសួងអប់រំ សាលារៀនដែលរងការខូចខាតដោយសារសង្គ្រាមនេះ នឹងត្រូវចំណាយថវិកា ៥០ម៉ឺនដុល្លារ សម្រាប់ជួសជុលឡើងវិញ ហើយបញ្ហានេះបានប៉ះពាល់ដល់ការបើកបវេសនកាលឆ្នាំសិក្សាថ្មី ដែលគ្រោងបើកនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។
ដើម្បីការពារអ៊ុយក្រែនទល់នឹងមហិច្ឆតាគំរាមឈ្លានពានរបស់រុស្ស៊ី ក្រុមប្រទេសសម្ព័ន្ធមិត្តនៃអង្គការអូតង់ កំពុងតែពិចារណាស្វែងរកយន្តការ ចងក្រងការធានាសន្តិសុខឲ្យបានរឹងមាំបំផុតសម្រាប់អ៊ុយក្រែន ទៅថ្ងៃអនាគត។ នេះគឺជាសម្តីលើកឡើង របស់លោក ម៉ាក រូត អគ្គលេខាធិការអង្គការអូតង់ ដែលបានទៅជួបលោកហ្សេឡេនស្គី នៅទីក្រុងកៀវ កាលពីសៀលថ្ងៃសុក្រទី២២សីហា។ ដោយឡែក គិតត្រឹមពេលនេះ ពុំទាន់មានដំណឹងអ្វីជាក់លាក់នៅឡើយទេ ទាក់ទិននឹងជំនួបរវាងលោកពូទីន និងលោកហ្សេឡេនស្គី ដើម្បីចរចាស្វែងរកកិច្ចព្រមព្រៀងសន្តិភាព។
នៅស្រីលង្កា ប៉ូលិសឃាត់ខ្លួនអតីតប្រធានាធិបតីលោក Ranil Wickremesinghe បន្ទាប់ពីសាកសួរចម្លើយរួច។ នគរបាលយុត្តិបានចោទប្រកាន់ថា រូបលោកបានប្រើប្រាស់ថវិកាជាតិ ដើម្បីដំណើរកម្សាន្តផ្ទាល់ខ្លួន ក្នុងអំឡុងពេលដឹកនាំប្រទេសស្រីលង្កា។ អតីតប្រធានាធិបតីរូបនេះ ក្លាយជាឥស្សរជនជាន់ខ្ពស់បំផុតនៃក្រុមអ្នកនយោបាយប្រឆាំង ដែលត្រូវរដ្ឋាភិបាលឆ្វេងនិយមសព្វថ្ងៃ ចាប់ឃុំខ្លួនក្រោមយុទ្ធនាការបោសសម្អាតអំពើពុករលួយ។
ថ្ងៃសុក្រទី២២សីហា តុលាការថៃបានសម្រេចបោះបង់ចោលការចោទប្រកាន់ទាំងស្រុង លើរូបលោកថាក់ស៊ីន នៅក្នុងសំណុំរឿងដែលលោកជាប់ចោទពីបទ ប្រមាថព្រះចេស្តាព្រះមហាក្សត្រ។ ផ្អែកតាមមេធាវីរបស់លោកថាក់ស៊ីន ការសម្រេចរបស់តុលាការ គឺដោយសារតែចៅក្រមយល់ថា ពុំមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ទៅលើរូបលោកថាក់ស៊ីន ដែលជាជនជាប់ចោទ។
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានបិទអង្គភាពសារព័ត៌មានអនឡាញឈ្មោះ សារ៉ា ស៊ីស៊ីអ៊ិន ធីវី លែងឱ្យដំណើរការតទៅទៀត ក្រោយអង្គភាពមួយនេះបានចុះផ្សាយព័ត៌មានខ្វះវិជ្ជាជីវៈ និងរំលោភសន្តិសុខជាតិ។ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា មុនការលុបអាជ្ញាបណ្ណ ក្រសួងបានណែនាំអង្គភាពមួយនេះជាច្រើនលើកមកហើយ។ ជាមួយគ្នានេះ លោកក៏រំឭកឱ្យអ្នកសារព័ត៌មានចាំបាច់ប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយជុំវិញករណីវិបត្តិព្រំដែនកម្ពុជា-ថៃ។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថាបេក្ខជន ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នឹងត្រូវទទួលបានវិធានការពិសេសនៅក្នុងការប្រលងនេះ។ ក៏ប៉ុន្តែលោករដ្ឋមន្ត្រីមិនទាន់បង្ហើបនៅឡើយ ថាវិធានការពិសេស ដែលក្រសួងត្រូវជួយដល់បេក្ខជនប្រលងបាក់ឌុបជិត ៤ពាន់នាក់ នៅក្នុងខេត្តទាំងពីរខាងលើយ៉ាងណានោះទេ។ សូមបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលមានបេក្ខជនចូលរួមសរុបជាង ១៤៦ ០០០នាក់។ មុនការប្រលងបាក់ឌុបមកដល់ ជាពិសេសអំឡុងពេលត្រៀមប្រលង ពលរដ្ឋនិងសិស្សានុស្សិសនៃសាលាមួយចំនួនក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ បានរងផលប៉ះពាល់ពីការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមព្រំដែន។ អំពើឈ្លានពានរបស់ថៃមកលើកម្ពុជាដូច្នេះ បណ្តាលឲ្យពលរដ្ឋ និងសិស្សានុសិស្ស ដែលកំពុងសិក្សានៅក្នុងខេត្តតាមព្រំដែនទាំងពីរក្លាយជាជនភៀសសឹក សាលារៀនជាច្រើនត្រូវបិទ និងសិស្សត្រូវខកខានសិក្សា ជាពិសេសការត្រៀមប្រលងបាក់ឌុប៕
គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ គឺមានរយៈពេល២៤ថ្ងៃ ដែលថៃបានចាប់ខ្លួន និងបន្តឃុំឃាំងទាហានខ្មែរចំនួន១៨នាក់មិនព្រមដោះលែងឱ្យត្រឡប់មកកម្ពុជាវិញ។ ការបន្តឃុំខ្លួនទាហានខ្មែរដោយមិនព្រមដោះលែងឱ្យមានសេរីភាពវិញបែបនេះ ត្រូវបានភាគីកម្ពុជាចាត់ទុកថា បានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ និងបទឈប់បាញ់រវាងប្រទេសទាំងពីរ។ មន្ត្រីរដ្ឋាភិបាលបញ្ជាក់ថា កម្ពុជាបានប្រើគ្រប់វិធីសាស្ត្រទាំងអស់ មិនថាការទូត ការចរចា ក៏ប៉ុន្តែភាគីថៃនៅតែមិនអើពើចំពោះសំណើរបស់កម្ពុជា។ ត្រង់ចំណុចនេះ អ្នកវិភាគនយោបាយលើកទឹកចិត្តឱ្យកម្ពុជាបន្តប្រើយន្តការការទូត ពិសេសប្រើវិធីសាស្ត្រពឹងពាក់ប្រទេសមហាអំណាចឱ្យជួយដាក់គំនាបទៅលើថៃ។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន រៀបចំពិធីគោរពវិញ្ញាណក្ខន្ធទាហានកូរ៉េខាងជើង ដែលបានពលីជីវិត នៅសមរភូមិអ៊ុយក្រែន។ លុតជង្គង់ចំពោះរូបថតយោធិនពាលី លោកប្រមុខដឹកនាំរបបក្រុងព្យុងយ៉ាង បានពោលពាក្យសរសើរខ្មោចយុទ្ធជន ថាពោរពេញដោយ«វីរភាព» និង«គួរឲ្យគោរព»។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ រៀបចំនៅទីស្នាក់ការកណ្តាលរបស់គណបក្ស ពលករកូរ៉េខាងជើង។
គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា អាជ្ញាធរកម្ពុជាបានចាត់វិធានការបង្ក្រាបតាមគោលដៅចំនួន ៧២ទីតាំង ក្នុងចំណោម ១៨រាជធានី-ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យសរុបជាង ៣ពាន់នាក់ រួមមាន ១៩សញ្ជាតិ។ ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងរយៈពេលជិត ២ខែមកនេះ អាជ្ញាធរកម្ពុជាបានបញ្ជូនមុខសញ្ញាសង្ស័យជាមេខ្លោងចំនួន ៦៦នាក់ទៅតុលាការ និងមានបរទេសជាង ២ ៤០០នាក់ទៀតត្រូវបណ្តេញចេញពីកម្ពុជា។
អតីតបេក្ខភាពឯកអគ្គរដ្ឋទូ តអាមេរិកប្រចាំប្រទេសថៃលោក Leewood Phu បានដាក់លិខិតមួយទៅកាន់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីស្នើឲ្យលោកអន្តរាគមន៍ក្នុងការ ជំរុញដល់ភាគីថៃដោះលែងទាហានខ្មែរទាំង ១៨នាក់ ជាបន្ទាន់ និងឥតលក្ខខណ្ឌ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ឃើញថា លិខិតដាក់ដោយអតីតបេក្ខភាពទ ូតអាមេរិកប្រចាំប្រទេសថៃនេះ គឺជាការរួមចំណែកនាំសារសំខាន់មួយពីកម្ពុជា ក្នុងការស្វែងរកយុត្តិធម៌ដល់កងទ័ពកម្ពុជា ដែលយោធាថៃបានចាប់ខ្លួនទៅ ក្រោយបទឈប់បាញ់ចូលជាធរមាន។
រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចដាក់អត្រាពន្ធគយ ចំនួន ១៥% ចំពោះទំនិញជាច្រើនមុខ ដែលនាំចេញពីសហភាពអឺរ៉ុប ចូលស្រុកអាមេរិក។ នេះបើយោងសេចក្តីថ្លែងការណ៍រួម រវាង វ៉ាស៊ីនតោន និងព្រុចសែល ដែលចុះផ្សាយ នៅថ្ងៃទី២១ សីហា។ ចំពោះអត្រាពន្ធគយថ្មីនេះ បារាំងនិងអ៊ីតាលី ហាក់ទំនងជាខកចិត្តខ្លាំង ដ្បិតថា ស្រាអឺរ៉ុបមិនបានឋិតក្នុងបញ្ជីលើកលែងពិសេស។
កាលពីថ្ងៃព្រហស្បតិ៍ទី២១សីហា លោកប្រធានាធិបតីអ៊ុយក្រែន បានប្រកាសថាអ៊ុយក្រែនបានសាកល្បងបានសម្រេច នូវមីស៊ីលប្រភេទថ្មីមួយ ជាប្រភេទមីស៊ីលក្រ័រស្យែរ អាចរត់ក្នុងល្បឿនខ្ទង់៩៥០គីឡូម៉ែត្រក្នុងមួយម៉ោង និងមានរយៈចម្ងាយ៣០០០គីឡូម៉ែត្រ។ សព្វាវុធថ្មីនេះ អាចនឹងអនុញ្ញាតឲ្យអ៊ុយក្រែន វាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដូចជាទីតាំងស្តុកគ្រឿងសព្វាវុធ និងមូលដ្ឋានទ័ពរុស្ស៊ីជាដើម។
នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២១សីហា លោកស្រី ភែថងថាន បានចូលខ្លួនទៅអង្គសវនាការនៃតុលាការធម្មនុញ្ញថៃ ដើម្បីឆ្លើយបំភ្លឺ នៅក្នុងសំណុំរឿងបែកធ្លាយសារសំឡេងរវាងលោកស្រី និងលោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ លោកស្រី ភែថងថាន អាចប្រឈមនឹងការដកហូតតំណែងនាយករដ្ឋមន្ត្រីជាស្ថាពរ ពីបទបំពាននឹងក្រមសីលធម៌ក្នុងនាមជាប្រមុខរដ្ឋាភិបាល។
ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកគ្រោងជួបជុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដើម្បីដាក់ញតិ្តទៅតាមស្ថានទូតនៃបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងដើម្បីប្រឆាំងការឈ្លានពានរបស់ថៃចូលមកក្នុងបូរណភាពទឹកដីកម្ពុជាផងដែរ។ ការចេញមកធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅអាមេរិកនាពេលនេះ គឺស្របពេលដែលក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកកំពុងដាក់ញត្តិទាមទារឲ្យ ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្តេជ្ញាចិត្ត និងមានចំណាត់ការជាបន្ទាន់ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់ថៃ។
ពលរដ្ឋជាច្រើនគ្រួសារនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រកបរបរដាំដើមម្លិះ ជាពិសេសនៅជុំវិញផ្ទះ ដែលមានដីទំនេរ។ ថ្វីបើទាមទារការថែទាំច្រើនបន្តិចមែន តែអ្នកភូមិកោះក្របីទាញចំណូលបានច្រើន និងជាប់ជាប្រចាំពីរបរដាំផ្កាម្លិះ ក៏ព្រោះថា ដំណាំម្លិះហ៊ុចផលជារៀងរាល់ថ្ងៃ ពិសេសនៅរាល់មុនថ្ងៃសីលចូលមកដល់។ អ្នកដាំផ្កាមិ្លះចាត់ទុករបរមួយនេះថា ជាឆ្នាំងបាយកៀនផ្ទះដែលជួយឱ្យជីវភាពពួកគាត់ល្អប្រសើរ។
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោក អូលីវីយេ រីឆា(Olivier Richard) ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសបារាំង បានថ្វាយសារតាំងដល់ព្រះមហាក្សត្រកម្ពុជាគឺព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង។ ការថ្វាយសារតាំងដល់ព្រះមហាក្សត្រកម្ពុជាជាផ្លូវការនេះ ធ្វើឡើងបន្ទាប់ពីលោក អូលីវីយេ រីឆា ត្រូវបានរដ្ឋាភិបាលបារាំងតែងតាំងលោក កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជាជំនួសលោក ហ្សាក់ ប៉ឺឡេ ដែលបានចប់អាណត្តិការទូតកាលពីចុងខែកក្កដា ឆ្នាំ២០២៥។
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោក លិម តូម៉ាសំណាង កូនប្រុសលោក លិម គិមយ៉ា បានទទូចសុំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍លើការចាប់ខ្លួនជនសង្ស័យឈ្មោះ លី រតនរស្មី និងពេជ្រ គឹមស្រ៊ិន ដើម្បីយកមកកាត់ទោសតាមច្បាប់។ ការទទូចរបស់កូនប្រុសលោក លិម គិមយ៉ា ធ្វើឡើងបន្ទាប់ពីរូបគេកត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជាហាក់មិនអើពើ និងទុកសំណុំរឿងឃាតកម្មឪពុករបស់ខ្លួនចោល បើទោះណាជាតុលាការថៃបានចេញដីកាឱ្យតាមចាប់ខ្លួនជនសង្ស័យទាំងពីរ និងត្រូវប៉ូលីសអន្តរជាតិអាំងទែប៉ូលដាក់ចូលនិវេទន៍ក្រហមនៃការតាមចាប់ខ្លួនក៏ដោយ។ តែសំណុំរឿងនេះ មន្ត្រីរដ្ឋាភិបាលកម្ពុជាបដិសេធការអត្ថាធិប្បាយ។
ក្នុងដំណើរទស្សនកិច្ចដ៏កម្រនៅតំបន់ស្វយ័តទីបេ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឲ្យបង្រួងបង្រួមជាតិសាសន៍ រក្សាស្ថិរភាព និងរស់នៅក្នុងវិបុលភាពនៃព្រះពុទ្ធសាសនាទីបេ។ ការប្រកាសដូច្នេះ បានធ្វើឡើងក្នុងទស្សនកិច្ចជាលើកទី២របស់ប្រមុខរដ្ឋចិនរូបនេះ នៅក្នុងតំបន់ភ្នំខ្ពស់ភាគនិរតីនៃមហាប្រទេសចិន ដែលពោរពេញដោយកម្លាំងចលនាប្រឆាំងនឹងរដ្ឋអំណាចក្រុងប៉េកាំង។
នៅរដ្ឋសហព័ន្ធម៉ាឡេស៊ី អាជ្ញាធរនៃរដ្ឋអភិរក្សនិយម ត្រាំងគូនូ បានប្រកាសរឹតបន្តឹងច្បាប់សាសនាឥស្លាម ដោយដាក់ទោសពន្ធនាគារ ចំពោះជនណាដែលមិនទៅថ្វាយបង្គំព្រះ រៀងរាល់ថ្ងៃសុក្រ។ ដើម្បីសម្រេចវិធានការនេះ ការត្រួតពិនិត្យនិងឃ្លាំមើលពីសំណាក់អាជ្ញាធរ កាន់តែតឹងតែង ហើយការដាក់ពិន័យជាទឹកប្រាក់ រឹងរឹតតែច្រើនខ្លាំង។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលបានអនុម័តផែនការវាយសង្គ្រុបយកក្រុងហ្កាហ្សា និងបានចេញបញ្ជានៅថ្ងៃពុធទី២០សីហា ឱ្យទ័ពបម្រុង៦ម៉ឺននាក់ចូលជួរ បំពេញបេសកកម្មប្រយុទ្ធ។ ការប្រមូលកម្លាំងទ័ពធ្វើឡើងក្នុងពេលកំពុងមានយន្តការសម្របសម្រួលដើម្បីផ្អាកបាញ់លើដែនដីប៉ាឡេស្ទីននិងការដោះលែងចំណាប់ខ្មាំង។
នៅរដ្ឋសហព័ន្ធម៉ាឡេស៊ី អាជ្ញាធរនៃរដ្ឋអភិរក្សនិយមមួយ បានប្រកាសរឹតបន្តឹងច្បាប់សាសនាឥស្លាម ដោយដាក់ទោសពន្ធនាគារ ចំពោះជនណាដែលមិនទៅថ្វាយបង្គំព្រះ រៀងរាល់ថ្ងៃសុក្រ។ ដើម្បីសម្រេចវិធានការនេះ ការត្រួតពិនិត្យនិងឃ្លាំមើលពីសំណាក់អាជ្ញាធរ កាន់តែតឹងតែង ហើយការដាក់ពិន័យជាទឹកប្រាក់ រឹងរឹតតែច្រើនខ្លាំង។
ចាប់តាំងពីមានជម្លោះព្រំដែនកម្ពុជា និងថៃ ពិសេសនៅគ្រាដែលកងទ័ពថៃបើកការប្រយុទ្ធជាមួយកងទ័ពកម្ពុជាក្នុងសង្គ្រាម៥ថ្ងៃ កាលពីចុងខែកក្កដា បានធ្វើឲ្យចរន្តជាតិនិយមរបស់ពលរដ្ឋខ្មែរកាន់តែពុះកញ្ជ្រោល ដោយសារពលរដ្ឋខ្មែរខ្លះឈប់ប្រើផលិតផលថៃ។ តែទន្ទឹមនឹងគ្នានោះ ក៏មានការចោទសួរថា តើផលិតផលរបស់កម្ពុជាបច្ចុប្បន្នអាចធានាបានគ្រប់សម្រាប់តម្រូវការប្រើប្រាស់របស់ពលរដ្ឋខ្មែរហើយឬនៅ។ ម្យ៉ាងទៀត នៅពេលដែលកម្ពុជាឈប់ប្រើផលិតផលថៃ តើអាចនឹងធ្វើឲ្យទំនិញពីប្រភពផ្សេងទៀតហក់ឡើងថ្លៃ ឬយ៉ាងណា ហើយពេលនោះ រដ្ឋត្រូវធានាយ៉ាងណាដើម្បីកុំឲ្យមានការដំឡើងថ្លៃទំនិញ ឬការក្លែងបន្លំទំនិញ?
គណៈកម្មការអង្កេត ដែលបង្កើតឡើងនៅខែឧសភា ដោយរដ្ឋាភិបាលបណ្តោះអាសន្នស៊ីរី បានទម្លាយឱ្យដឹងថា មានករណីបាត់ខ្លួនដល់ទៅជាង៣សែននាក់ ក្នុងអំឡុងពេល៥០ឆ្នាំ នៃរបបផ្តាច់ការស៊ីរី ដឹកនាំឱ្យត្រកូលអាសាដ ឪនិងកូន។ បើចំនួនមនុស្សបាត់ខ្លួនច្រើន ការងារវែករកអត្តសញ្ញាណដើម្បីបញ្ជាក់ការពិត ក៏នឹងធំធេងខ្លាំងដែរ។