នៅថ្ងៃទី២៥ ខែសីហានេះ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំ រវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។ នេះបើតាមក្រសួងការពារជាតិកម្ពុជាដែលបានគូសបញ្ជាក់នៅក្នុងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។
អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន៥០ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយស្នើសុំកុំឲ្យរដ្ឋសភាជាតិអនុម័តលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែលអាចឈានដល់ការដកហូតសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរ។ សេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលនេះ ធ្វើឡើងចំពេលដែលរដ្ឋសភាកម្ពុជានៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់សញ្ជាតិ ដែលអនុញ្ញាតឲ្យមានការដកសញ្ជាតិលើពលរដ្ឋខ្មែរដែលប្រព្រឹត្តអំពើណាមួយប៉ះពាល់ដល់សន្តិសុខជាតិ។
វិទ្យាស្ថានជាតិនៃការអភិវឌ្ឍរដ្ឋបាល NIDA របស់ថៃ បានឲ្យដឹងនាពេលថ្មីៗនេះថា ជាងពាក់កណ្តាលនៃពលរដ្ឋថៃដែលបានផ្តល់យោបល់តាមការស្ទង់មតិមួយ យល់ស្របថា ប្រទេសជិតខាងគឺកម្ពុជា ជាប្រទេសដែលថៃមិនគួរសេពគប់ជាមួយនោះទេ។ ៦៤,៧៣ភាគរយនៃអ្នកចូលរួមផ្តល់មតិថៃជឿថា ប្រទេសមហាអំណាចកំពុងជ្រៀតជ្រែកជម្លោះព្រំដែនកម្ពុជា និងថៃដើម្បីរក្សាឲ្យបាននូវផលប្រយោជន៍ដែលចាក់ឫសក្នុងប្រជាជាតិទាំង២។ តែអ្នកសិក្សាស្រាវជ្រាវនៅកម្ពុជា យល់ថា ការវាយតម្លៃនេះ មានចរិតនយោបាយ និងប្រមាថមកលើកម្ពុជា។
ត្រីប្រាសំយ៉ុង ឬហៅថា ត្រីប្រហើម ជាអាហារដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ ក៏ព្រោះតែវាមានក្លិនឈ្ងុយ ឬស្អុយតែឆ្ងាញ់។ ចាប់ផ្តើមក្នុងឆ្នាំ២០១៦ អ្នកស្រី យន់ ស៊ីនួន បានប្រែក្លាយខ្លួនពីម្ចាស់អាជីវកម្មកែច្នៃត្រីងៀតលក់ជាលក្ខណៈគ្រួសារ មកជាសិប្បកម្មកែច្នៃត្រីធម្មជាតិប្រចាំខេត្តទេសចរណ៍។ អ្នកស្រីបានចាប់ឱកាសផលិតត្រីប្រាសំយ៉ុង ដើម្បីជួយបង្កើតទីផ្សារដល់អ្នកចិញ្ចឹមត្រីប្រាក្នុងសហគមន៍។ ជាមួយរសជាតិ គុណភាព អនាម័យ និងការវេចខ្ចប់ បានធ្វើឲ្យសិប្បកម្មស៊ីនួនពិភពត្រីធម្មជាតិទទួលបានការគាំទ្រពីអតិថិជនពីមួយថ្ងៃទៅមួយថ្ងៃ។
ព្យុះKajiki ត្រូវបោកបក់លើប្រទេសវៀតណាម នៅថ្ងៃនេះនិងថ្ងៃស្អែក ក្នុងកម្រិតកម្លាំងខ្យល់ ប្រមាណជា ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះកំណាចនេះ អាចនឹងបណ្តាលឲ្យមានគ្រោះថ្នាក់ ហើយខូចខាតច្រើន។ ម្ល៉ោះហើយ អាជ្ញាធរវៀតណាម បានជម្លៀសប្រជាពលរដ្ឋ ប្រមាណជាង ៣ សែន នាក់ ដែលរស់នៅតាមតំបន់ឆ្នេរ ក្នុងខេត្តចំនួន៥ ឲ្យទៅរកទីទួលមានសុវត្ថិភាព។
កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ សាលាមធ្យមវិចិត្រសិល្បៈនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំការសម្តែងសិល្បៈសប្បុរសធម៌ដើម្បីវីរៈកងទ័ពកម្ពុជា ជាលើកដំបូងដោយមានការចូលរួមពីសប្បុរសជនពីគ្រប់ទីជិតឆ្ងាយនិងមានការសម្តែងស្នាដៃសិល្បៈរបស់សិស្សានុសិស្សបញ្ចប់ការសិក្សាព្រមទាំងសិល្បករសិល្បការនីរួមអាជីពផ្សេងៗទៀត។ គោលបំណងសំខាន់នៃការរួមគ្នាសម្តែងសិល្បៈសប្បុរសធម៌នេះគឺធ្វើឡើងដើម្បីគាំទ្រនិងលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខកម្ពុជាដែលកំពុងបំពេញបេសកកម្ម ការពារបូរណភាពទឹកដីខ្មែរ និងក៏ដើម្បីរួមចំណែកក្នុងគ្រាលំបាកជួយដល់ជនភៀសសឹកកម្ពុជាដែលកំពុងរងគ្រោះដោយសារសង្គ្រាមឈ្លានពាននៅតាមមណ្ឌលសុវត្ថិភាពមួយចំនួននៃភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។
ប៉ាគីស្ថាន និងបង់ក្លាដែស បានចាប់ដៃគ្នារឹតចំណងមិត្តភាព ក្រោយពីឆ្លងកាត់ច្រើនទសវត្សរ៍ក្នុងភាពជាសត្រូវព្រោះតែសំណុំរឿងសង្គ្រាមបំបែកទឹកដី។ នៅពេលនេះ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បានទៅជាន់ទឹកដីបង់ក្លាដែស ជាលើកទី១ ក្រោយពីខកខាន ប្រមាណ ១២ ឆ្នាំ។ ប្រទេសទាំងជិតខាងទាំង២ បានសន្យាចាប់ដៃគ្នា ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម និងសហការអន្តរវប្បធម៌។ ភាពល្អូនល្អិននេះ ឋិតក្រោមក្រសែភ្នែកតាមដានយ៉ាងសម្លក់សម្លឹងរបស់ឥណ្ឌា ដែលជាសត្រូវសួពូជរបស់ប៉ាគីស្ថាន និងជាប្រភពអរិភាពថ្មីថ្មោងរបស់បង់ក្លាដែស។
នៅកោះហ្សាវ៉ា ប្រទេសឥណ្ឌូណេស៊ី កម្មវិធីរាំសប្បាយចាក់ធុងបាស់ថ្លង់ទ្រហឹងអឺងកងតាមផ្លូវ កំពុងតែបង្កការរំខានយ៉ាងខ្លាំងដល់ភាពស្ងប់ស្ងាត់ និងបង្កផលប៉ះពាល់ទៅលើសុខភាពរបស់ប្រជាជន។ ប្រឈមនឹងបញ្ហានេះ អាជ្ញាធរឥណ្ឌូណេស៊ី បានចេញវិធានការបន្តិចបន្តួចដើម្បីបន្ថយសំឡេងធុងបាស់។ ដោយឡែក ក្រុមប្រឹក្សាសាសនាអ៊ីស្លាមវិញប្រចាំតំបន់នៅឥណ្ឌូណេស៊ីវិញ បានប្រកាសចាត់ទុក ការចាក់ភ្លេងតាមធុងបាស់ឮៗខ្លាំង គឺជាទង្វើខុសនឹងច្បាប់សាសនាអ៊ីស្លាម ដែលហៅថា « ហារ៉ាំ »។
ការិយាល័យអនុព័ន្ធយោធាថៃប្រចាំស្ថានទូតថៃក្នុងទីក្រុងភ្នំពេញ បានចេញលិខិតមួយនាពេលថ្មីៗនេះ បដិសេធចោលសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា ពាក់ព័ន្ធនឹងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដែលថា មានការពិភាក្សាអំពីវិធានការដែលអាចអនុវត្តបានចំពោះបញ្ហាបន្លាលួស និងការរារាំងផ្សេងៗទៀត ដើម្បីសម្រួលទុក្ខលំបាករបស់ពលរដ្ឋមូលដ្ឋាន។ តែក្រសួងការពារជាតិកម្ពុជាបានការពារសេចក្តីថ្លែងការណ៍របស់ខ្លួនកន្លងមកថាទុកជាបានការដដែល។ សម្រាប់អ្នកវិភាគ ថៃមិនដែលមើលឃើញកម្ពុជាក្នុងផ្លូវវិជ្ជមាននោះទេ និងមិនសូវមានភាពស្មោះត្រង់នឹងពាក្យសម្តីរបស់ខ្លួន។
មេធាវីការពារក្តីឲ្យលោក កឹម សុខា បានកោតសរសើរដល់មេធាវីការពារក្តីឲ្យ លោក ថាក់ស៊ីន ថាបានដោះរឿងនយោបាយរបស់អតីតនាយករដ្ឋមន្ត្រីថៃរូបនេះទទួលបានជោគជ័យ។ ជោគជ័យដែលតុលាការថៃនៅថ្ងៃទី២២ ខែសីហា បានទម្លាក់ចោលបទចោទលើ លោក ថាក់ស៊ីន ពីបទប្រមាថព្រះមហាក្សត្រ។ ក្នុងន័យនេះ មេធាវីការពារក្តីលោក កឹម សុខា ក៏ចង់ឃើញអ្នកនយោបាយនៅកម្ពុជា មានការអត់ឱនឲ្យគ្នា និងផ្សះផ្សាជាតិ នៅគ្រាដែលប្រទេសជិតខាងកំពុងឈ្លានពានទឹកដីកម្ពុជា។
រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសជាសាធារណៈនៅថ្ងៃ អាទិត្យទី ២៤ ខែសីហា ឆ្នាំ២០២៥នេះ អំពីការស្លាប់សត្វដំរីឈ្មោះ ឡាក់គី ដោយសារជំងឺនៅសួនសត្វភ្នំតាម៉ៅ ឬហៅម្យ៉ាងទៀតថា មជ្ឈមណ្ឌលភ្នំតាម៉ៅ។ រដ្ឋបាលព្រៃឈើចាត់ទុកការស្លាប់របស់សត្វដំរី ឡាក់គី ថាជាការបាត់បង់ដំរីដែលជា«និមិត្តរូបមួយដ៏សំខាន់»នៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។
របបដឹកនាំក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលដ៏ទំនើបថ្មី ២ គ្រាប់ ដើម្បីជាការព្រមានមេដឹកនាំកូរ៉េខាងត្បូង ដែលកំពុងធ្វើដំណើរទៅជួបសម្ព័ន្ធមិត្តអាមេរិក លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅវ៉ាស៊ីនតោន។ ក្រៅពីបាញ់សាកល្បងមីស៊ីលទៅលើអាកាស, កងទ័ពកូរ៉េខាងជើង ៣០នាក់ ក៏បានបាញ់ជាង ១០ គ្រាប់ និងដើរឈ្លានពានចូលតំបន់ព្រំដែនខណ្ឌចែកកូរ៉េទាំង២ នៅត្រង់ចំណុចគ្មានកងទ័ព ថែមទៀតផង។
ថ្ងៃទី២៤សីហា គឺជាទិវាបុណ្យឯករាជ្យជាតិអ៊ុយក្រែន ខួបទី៣៤ នៅក្នុងបរិបទដែលសង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅតែបន្ត។ បើទោះបីជាមានការប្រឹងប្រែងពីលោកដូណាល់ ត្រាំ និងក្រុមប្រទេសអឺរ៉ុប ប៉ុន្មានថ្ងៃកន្លងមកនេះ ដើម្បីជំរុញឲ្យមានកិច្ចព្រមព្រៀងសន្តិភាព តែគិតត្រឹមពេលនេះ ភាគីរុស្ស៊ីនៅតែមិនអើពើអ្វីទាំងអស់ ក្រៅតែពីបន្តទាមទារឲ្យអ៊ុយក្រែនប្រគល់ទឹកដីឲ្យខ្លួន។ នៅរដ្ឋធានីកៀវ កម្មវិធីបុណ្យបានប្រព្រឹត្តិទៅដោយមានវត្តមានចូលរួម ពីលោកនាយករដ្ឋមន្ត្រីកាណាដា ម៉ាក ខានី។ នៅក្នុងឱកាសបុណ្យឯករាជ្យជាតិនេះ កាលពីយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ កងទ័ពអ៊ុយក្រែនបានបើកការវាយប្រហារដោយប្រើដ្រូន ទៅលើទីតាំងស្ថានីយនុយក្លេអ៊ែរ និងទីតាំងស្តុកប្រេងរបស់រុស្ស៊ី បណ្តាលឲ្យមានអគ្គីភ័យឆាបឆេះច្រើនកន្លែង។
ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥ ជាខួប២ឆ្នាំនៃការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជាដ៏មានឥទ្ធិពលលោកហ៊ុន សែន។ អ្នកវិភាគ និងអ្នកនយោបាយមួយចំនួនវាយតម្លៃថា ការគ្រប់គ្រងប្រទេសរបស់លោកហ៊ុន ម៉ាណែត មានទាំងភាពជោគជ័យ និងជូរចត់។ ជូរចត់ ដោយសារតែប៉ុន្មានខែចុងក្រោយនៃការកាន់អំណាចរយៈពេល២ឆ្នាំនេះ លោកហ៊ុន ម៉ាណែតត្រូវឆ្លងកាត់វិញ្ញាសារដ៏លំបាកមួយគឺបញ្ហាដែលផ្តើមចេញពីជម្លោះព្រំដែនកម្ពុជា និងថៃ។ សកម្មជនប្រជាធិបតេយ្យខ្លះ ក៏បានកត់ចំណាំឃើញថា លោក ហ៊ុន ម៉ាណែតបាននិងកំពុងដឹកនាំប្រទេស ដោយមានស្រមោលឪពុកលោកតាមជាប់ជានិច្ច។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ ប្រជាជនខ្មែររាប់ម៉ឺននាក់បានភៀសខ្លួនទៅជាយដែនប្រទេសថៃ ដោយសង្ឃឹមថា នឹងទទួលបានជំនួយមនុស្សធម៌អន្តរជាតិ។ ប៉ុន្តែផ្ទុយទៅវិញ អំឡុងខែមិថុនា ឆ្នាំ១៩៧៩ អាជ្ញាធរថៃបានបង្ខំឲ្យជនភៀសខ្លួនខ្មែរទាំងអស់ត្រឡប់ទៅចូលក្នុងប្រទេសកម្ពុជាវិញ ដោយអាជ្ញាធរថៃបានដឹកមកទម្លាក់ចោលនៅតំបន់គ្រោះថ្នាក់តាមជួរភ្នំដងរែក។ សោកនាដកម្មភ្នំខ្មោចបានក្លាយជាសុបិន្តដ៏អាក្រក់ សម្រាប់ជនភៀសខ្លួនខ្មែរទាំងអស់ ដែលនៅរស់រានមានជីវិត ក៏ព្រោះតែវាបានរំលឹកពីសេចក្ដីឈឺចាប់នៃដំណើរស្វែងរកសិទ្ធិរស់រានសារជាថ្មី។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្យួរតំណែងប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធា និងមន្ត្រីជាន់ខ្ពស់យោធា ២ នាក់ទៀត។ ការបណ្តេញចេញពីតំណែងនេះ ព្រោះតែ ប្រធានាធិបតីអាមេរិក លែងទុកចិត្តពួកគេ បន្ទាប់ពីចេញផ្សាយរបាយការណ៍ អះអាងថា ការវាយប្រហាររបស់អាមេរិកទៅលើស្ថានីយនុយក្លេអ៊ែរអ៊ីរ៉ង់ មានប្រសិទ្ធភាពតួចតួច។
បន្ទាប់ពីបានចេញសាលក្រមតម្រូវឲ្យអាជ្ញាធរក្រុងញូដេលី ចាប់សត្វឆ្កែអនាថាយកទៅបង្ខាំងទុក នៅទីបំផុតតុលាការកំពូលឥណ្ឌា បានដកថយវិញ ក្រោយរងនូវការរិះគន់ពីសំណាក់ប្រជាជនក្រុងញូដេលី និងក្រុមអ្នកអាណិតស្រលាញ់សត្វ។ ជាមួយនឹងសេចក្តីសម្រេចថ្មីរបស់តុលាការកំពូលឥណ្ឌា សត្វឆ្កែអនាថានៅក្រុងញូដេលី នឹងត្រូវចាប់យកមកចាក់វ៉ាក់សាំង ហើយក្រៀវកុំឲ្យបន្តពូជ មុននឹងដោះលែងទៅវិញ។
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋប្រមាណជាង៥០០នាក់ រួមទាំងព្រះសង្ឃបាននាំគ្នាដើរក្បួនដង្ហែសន្តិភាពនៅតាមសួនព្រះរាជដំណាក់ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាបបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ការដើរក្បួនរបស់ពលរដ្ឋនៅខេត្តសៀមរាបនេះ គឺដើម្បីទាមទារឲ្យប្រទេសថៃដោះលែងវីរកងទ័ពកម្ពុជា១៨រូប ដែលថៃបានចាប់ខ្លួន កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥។ បន្ថែមពីនេះក៏មានការលើកបដាស្នើសុំដល់សហគមន៍អន្តរជាតិ ជាពិសេសប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជួយអន្តរាគមន៍ដោះស្រាយបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ។
ក្រសួងអប់រំកម្ពុជា និងចិនបានចុះអនុស្សរណៈយោគយល់គ្នា (MOU) ក្នុងការបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិននៅកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ។ តាមក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ការចុះហត្ថលេខាយោគយល់គ្នានេះនឹងជំរុញដល់ការអភិវឌ្ឍការបង្រៀនភាសាចិននៅកម្ពុជា និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំង២។
ជាច្រើនខែមកហើយ ដែលសហគមន៍អន្តរជាតិ បានលើកឡើងពីវិបត្តិមនុស្សធម៌នៅហ្កាហ្សា។ ពេលនេះទៀត អង្គការសហប្រជាជាតិ បានប្រកាសទទួលស្គាល់ ជាផ្លូវការ ថាពិតមានគ្រោះទុរ្ភិក្សអត់ឃ្លានដ៏ធ្ងន់ធ្ងរនៅហ្កាហ្សា ហើយបញ្ហានេះ អាចជៀសវាងបាន ប្រសិនបើគ្មានការជំទាស់រារាំងពីអ៊ីស្រាអែល។ ក៏ប៉ុន្ តែ អ៊ីស្រាអែល បានបរិហារថា ជាកុហកបោកប្រាស់ និងបម្រើប្រយោជន៍ឲ្យពួកប្រដាប់អាវុធហាម៉ាស។
ថ្ងៃសុក្រទី២២សីហា លោកនីកូឡា ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេស៊ុយអេឡា បានថ្លែងថ្កោលទោសសហរដ្ឋអាមេរិក ថាកំពុងតែធ្វើអំពើខុសច្បាប់ តាមរយៈការបញ្ជូននាវាចម្បាំងច្រើនគ្រឿង មកគំរាមសម្លុត និងប៉ុនប៉ងផ្តួលរំលំរបបដឹកនាំវ៉េណេស៊ុយអេឡា។ ការថ្លែងថ្កោលទោសរបស់លោកប្រធានាធិបតីវ៉េណេស៊ុយអេឡានេះ គឺបន្ទាប់ពី លោកដូណាល់ ត្រាំ បានសម្រេចបញ្ជូននាវាច្បាំងចំនួន៣គ្រឿង និងកម្លាំងទាហានច្រើនពាន់នាក់ ទៅតំបន់សមុទ្រការ៉ាអ៊ីប ក្បែរវ៉េណេស៊ុយអេឡា ដោយលើកហេតុផលថា ដើម្បីបង្ក្រាបបណ្តាញជួញដូរគ្រឿងញៀន។
ឯកអគ្គរាជទូតជប៉ុនទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ លោក Suzuki Hideo នឹងមកបំពេញទស្សនកិច្ចនៅប្រទេសចំនួនបីក្នុងតំបន់អាស៊ាន រួមមានម៉ាឡេស៊ី កម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសជប៉ុនចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ តាមក្រសួងការបរទេសជប៉ុន លោកឯកអគ្គរាជទូត Suzuki Hideo ក៏នឹងមានជំនួបជាមួយមន្រ្តីរដ្ឋាភិបាលកម្ពុជា ថៃ និងម៉ាឡេស៊ី ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាក្នុងការឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ។
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ សាកលវិទ្យាល័យមួយទៀតរបស់ប្រទេសថៃឈ្មោះ «បានសម្តេចចៅព្រះយា រច្ឆៈផាត» ប្រកាសដកហូតសញ្ញបត្របណ្ឌិតកិត្តិយសពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ នេះជាលើកទី២ហើយដែលសាកលវិទ្យាល័យនៅប្រទេសថៃប្រកាសដកហូតសញ្ញាបត្របណ្ឌិតកិត្តិយសពីប្រធានព្រឹទ្ធសភាកម្ពុជា បន្ទាប់ពីកម្ពុជា-ថៃ បានផ្ទុះអាវុធដាក់គ្នាអស់រយៈពេល៥ថ្ងៃ និងស្របពេលដែលប្រទេសទាំងពីរទម្លាក់កម្រិតការទូតឱ្យនៅទាបបំផុត។ តែជាការឆ្លើយតប លោក ហ៊ុន សែន ថាសញ្ញាបត្រទាំងនោះសុទ្ធតែគ្មានតម្លៃ ដ្បិតលោកបានបោះចោលយូរណាស់មកហើយ។
ក្រសួងអប់រំកម្ពុជា បានបញ្ជាក់នៅថ្ងៃទី២២ ខែសីហាថា សាលាចំនួន៧កន្លែងរងការខូចខាតដោយសារគ្រាប់បែករបស់យោធាថៃ ក្នុងសង្គ្រាម៥ថ្ងៃជាមួយកម្ពុជា កាលពីចុងខែកក្កដាឆ្នាំ២០២៥។ តាមក្រសួងអប់រំ សាលារៀនដែលរងការខូចខាតដោយសារសង្គ្រាមនេះ នឹងត្រូវចំណាយថវិកា ៥០ម៉ឺនដុល្លារ សម្រាប់ជួសជុលឡើងវិញ ហើយបញ្ហានេះបានប៉ះពាល់ដល់ការបើកបវេសនកាលឆ្នាំសិក្សាថ្មី ដែលគ្រោងបើកនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។
ដើម្បីការពារអ៊ុយក្រែនទល់នឹងមហិច្ឆតាគំរាមឈ្លានពានរបស់រុស្ស៊ី ក្រុមប្រទេសសម្ព័ន្ធមិត្តនៃអង្គការអូតង់ កំពុងតែពិចារណាស្វែងរកយន្តការ ចងក្រងការធានាសន្តិសុខឲ្យបានរឹងមាំបំផុតសម្រាប់អ៊ុយក្រែន ទៅថ្ងៃអនាគត។ នេះគឺជាសម្តីលើកឡើង របស់លោក ម៉ាក រូត អគ្គលេខាធិការអង្គការអូតង់ ដែលបានទៅជួបលោកហ្សេឡេនស្គី នៅទីក្រុងកៀវ កាលពីសៀលថ្ងៃសុក្រទី២២សីហា។ ដោយឡែក គិតត្រឹមពេលនេះ ពុំទាន់មានដំណឹងអ្វីជាក់លាក់នៅឡើយទេ ទាក់ទិននឹងជំនួបរវាងលោកពូទីន និងលោកហ្សេឡេនស្គី ដើម្បីចរចាស្វែងរកកិច្ចព្រមព្រៀងសន្តិភាព។
នៅស្រីលង្កា ប៉ូលិសឃាត់ខ្លួនអតីតប្រធានាធិបតីលោក Ranil Wickremesinghe បន្ទាប់ពីសាកសួរចម្លើយរួច។ នគរបាលយុត្តិបានចោទប្រកាន់ថា រូបលោកបានប្រើប្រាស់ថវិកាជាតិ ដើម្បីដំណើរកម្សាន្តផ្ទាល់ខ្លួន ក្នុងអំឡុងពេលដឹកនាំប្រទេសស្រីលង្កា។ អតីតប្រធានាធិបតីរូបនេះ ក្លាយជាឥស្សរជនជាន់ខ្ពស់បំផុតនៃក្រុមអ្នកនយោបាយប្រឆាំង ដែលត្រូវរដ្ឋាភិបាលឆ្វេងនិយមសព្វថ្ងៃ ចាប់ឃុំខ្លួនក្រោមយុទ្ធនាការបោសសម្អាតអំពើពុករលួយ។
ថ្ងៃសុក្រទី២២សីហា តុលាការថៃបានសម្រេចបោះបង់ចោលការចោទប្រកាន់ទាំងស្រុង លើរូបលោកថាក់ស៊ីន នៅក្នុងសំណុំរឿងដែលលោកជាប់ចោទពីបទ ប្រមាថព្រះចេស្តាព្រះមហាក្សត្រ។ ផ្អែកតាមមេធាវីរបស់លោកថាក់ស៊ីន ការសម្រេចរបស់តុលាការ គឺដោយសារតែចៅក្រមយល់ថា ពុំមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ទៅលើរូបលោកថាក់ស៊ីន ដែលជាជនជាប់ចោទ។
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានបិទអង្គភាពសារព័ត៌មានអនឡាញឈ្មោះ សារ៉ា ស៊ីស៊ីអ៊ិន ធីវី លែងឱ្យដំណើរការតទៅទៀត ក្រោយអង្គភាពមួយនេះបានចុះផ្សាយព័ត៌មានខ្វះវិជ្ជាជីវៈ និងរំលោភសន្តិសុខជាតិ។ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា មុនការលុបអាជ្ញាបណ្ណ ក្រសួងបានណែនាំអង្គភាពមួយនេះជាច្រើនលើកមកហើយ។ ជាមួយគ្នានេះ លោកក៏រំឭកឱ្យអ្នកសារព័ត៌មានចាំបាច់ប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយជុំវិញករណីវិបត្តិព្រំដែនកម្ពុជា-ថៃ។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថាបេក្ខជន ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នឹងត្រូវទទួលបានវិធានការពិសេសនៅក្នុងការប្រលងនេះ។ ក៏ប៉ុន្តែលោករដ្ឋមន្ត្រីមិនទាន់បង្ហើបនៅឡើយ ថាវិធានការពិសេស ដែលក្រសួងត្រូវជួយដល់បេក្ខជនប្រលងបាក់ឌុបជិត ៤ពាន់នាក់ នៅក្នុងខេត្តទាំងពីរខាងលើយ៉ាងណានោះទេ។ សូមបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលមានបេក្ខជនចូលរួមសរុបជាង ១៤៦ ០០០នាក់។ មុនការប្រលងបាក់ឌុបមកដល់ ជាពិសេសអំឡុងពេលត្រៀមប្រលង ពលរដ្ឋនិងសិស្សានុស្សិសនៃសាលាមួយចំនួនក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ បានរងផលប៉ះពាល់ពីការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមព្រំដែន។ អំពើឈ្លានពានរបស់ថៃមកលើកម្ពុជាដូច្នេះ បណ្តាលឲ្យពលរដ្ឋ និងសិស្សានុសិស្ស ដែលកំពុងសិក្សានៅក្នុងខេត្តតាមព្រំដែនទាំងពីរក្លាយជាជនភៀសសឹក សាលារៀនជាច្រើនត្រូវបិទ និងសិស្សត្រូវខកខានសិក្សា ជាពិសេសការត្រៀមប្រលងបាក់ឌុប៕
គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ គឺមានរយៈពេល២៤ថ្ងៃ ដែលថៃបានចាប់ខ្លួន និងបន្តឃុំឃាំងទាហានខ្មែរចំនួន១៨នាក់មិនព្រមដោះលែងឱ្យត្រឡប់មកកម្ពុជាវិញ។ ការបន្តឃុំខ្លួនទាហានខ្មែរដោយមិនព្រមដោះលែងឱ្យមានសេរីភាពវិញបែបនេះ ត្រូវបានភាគីកម្ពុជាចាត់ទុកថា បានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ និងបទឈប់បាញ់រវាងប្រទេសទាំងពីរ។ មន្ត្រីរដ្ឋាភិបាលបញ្ជាក់ថា កម្ពុជាបានប្រើគ្រប់វិធីសាស្ត្រទាំងអស់ មិនថាការទូត ការចរចា ក៏ប៉ុន្តែភាគីថៃនៅតែមិនអើពើចំពោះសំណើរបស់កម្ពុជា។ ត្រង់ចំណុចនេះ អ្នកវិភាគនយោបាយលើកទឹកចិត្តឱ្យកម្ពុជាបន្តប្រើយន្តការការទូត ពិសេសប្រើវិធីសាស្ត្រពឹងពាក់ប្រទេសមហាអំណាចឱ្យជួយដាក់គំនាបទៅលើថៃ។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន រៀបចំពិធីគោរពវិញ្ញាណក្ខន្ធទាហានកូរ៉េខាងជើង ដែលបានពលីជីវិត នៅសមរភូមិអ៊ុយក្រែន។ លុតជង្គង់ចំពោះរូបថតយោធិនពាលី លោកប្រមុខដឹកនាំរបបក្រុងព្យុងយ៉ាង បានពោលពាក្យសរសើរខ្មោចយុទ្ធជន ថាពោរពេញដោយ«វីរភាព» និង«គួរឲ្យគោរព»។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ រៀបចំនៅទីស្នាក់ការកណ្តាលរបស់គណបក្ស ពលករកូរ៉េខាងជើង។
គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា អាជ្ញាធរកម្ពុជាបានចាត់វិធានការបង្ក្រាបតាមគោលដៅចំនួន ៧២ទីតាំង ក្នុងចំណោម ១៨រាជធានី-ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យសរុបជាង ៣ពាន់នាក់ រួមមាន ១៩សញ្ជាតិ។ ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងរយៈពេលជិត ២ខែមកនេះ អាជ្ញាធរកម្ពុជាបានបញ្ជូនមុខសញ្ញាសង្ស័យជាមេខ្លោងចំនួន ៦៦នាក់ទៅតុលាការ និងមានបរទេសជាង ២ ៤០០នាក់ទៀតត្រូវបណ្តេញចេញពីកម្ពុជា។
អតីតបេក្ខភាពឯកអគ្គរដ្ឋទូ តអាមេរិកប្រចាំប្រទេសថៃលោក Leewood Phu បានដាក់លិខិតមួយទៅកាន់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីស្នើឲ្យលោកអន្តរាគមន៍ក្នុងការ ជំរុញដល់ភាគីថៃដោះលែងទាហានខ្មែរទាំង ១៨នាក់ ជាបន្ទាន់ និងឥតលក្ខខណ្ឌ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ឃើញថា លិខិតដាក់ដោយអតីតបេក្ខភាពទ ូតអាមេរិកប្រចាំប្រទេសថៃនេះ គឺជាការរួមចំណែកនាំសារសំខាន់មួយពីកម្ពុជា ក្នុងការស្វែងរកយុត្តិធម៌ដល់កងទ័ពកម្ពុជា ដែលយោធាថៃបានចាប់ខ្លួនទៅ ក្រោយបទឈប់បាញ់ចូលជាធរមាន។
រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចដាក់អត្រាពន្ធគយ ចំនួន ១៥% ចំពោះទំនិញជាច្រើនមុខ ដែលនាំចេញពីសហភាពអឺរ៉ុប ចូលស្រុកអាមេរិក។ នេះបើយោងសេចក្តីថ្លែងការណ៍រួម រវាង វ៉ាស៊ីនតោន និងព្រុចសែល ដែលចុះផ្សាយ នៅថ្ងៃទី២១ សីហា។ ចំពោះអត្រាពន្ធគយថ្មីនេះ បារាំងនិងអ៊ីតាលី ហាក់ទំនងជាខកចិត្តខ្លាំង ដ្បិតថា ស្រាអឺរ៉ុបមិនបានឋិតក្នុងបញ្ជីលើកលែងពិសេស។