ប្រទេសថៃនាពេលថ្មីៗនេះ បានចុះកិច្ចសន្យាទិញយន្តហោះចម្បាំងប្រភេទ JAS 39 Gripen E/F របស់ស៊ុយអែត ចំនួន៤គ្រឿង ដែលមានតម្លៃទឹកប្រាក់សរុប ៤៨០លានអឺរ៉ូ ឬប្រមាណ៥៥៨លានដុល្លារសហរដ្ឋអាមេរិក។ ការទិញយន្តហោះចម្បាំងនេះ កើតឡើងក្រោយទាហានថៃបានប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារយៈពេល៥ថ្ងៃ ជាមួយកម្ពុជា ដែលបណ្តាលឲ្យទាហានរាប់សិបនាក់ស្លាប់ ហើយពលរដ្ឋរាប់ម៉ឺនគ្រួសារនៅភាគីសងខាងចាកចេញពីផ្ទះសម្បែង កាលពីខែចុងកក្កដា ឆ្នាំ២០២៥។ នៅពេលដែលថៃបង្កើនសមត្ថភាពទ័ពអាកាសថែមទៀតនេះ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា វាគួរដល់ពេលកម្ពុជាអាចបង្កើនសមត្ថភាពការពារខ្លួនទៅតាមស្ថានភាពភូមិសាស្ត្រជាក់ស្តែង និងមធ្យោបាយផ្សេងៗដែលទាមទារការចំណាយតិច ខណៈកម្លាំងសេដ្ឋកិច្ចកម្ពុជាក៏នៅខ្សោយជាងប្រទេសជិតខាងខ្លួនមួយនេះ។
រដ្ឋាភិបាលដាណឺម៉ាក បានកោះហៅ ភារធារីអាមេរិក ទៅសួរដេញដោល ក្រោយពីជនជាតិអាមេរិកមួយចំនួន ធ្វើសកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងតំបន់ ហ្ក្រូអិនឡង់ដ៍ (Groenland ឬ Greenland )។ នេះជាទំព័រថ្មីមួយទៀតនៃភាពតានតឹងផ្លូវទូត រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលកូប៉ិនហាក បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រាថ្នាចង់ក្រសោបយកតំបន់ហ្ក្រូអិនឡង់ដ៍ ជាសម្បត្តិអាមេរិក។
គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) នៅថ្ងៃទី២៧ ខែសីហា បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរវាងបញ្ជាការដ្ឋានកងទ័ពភូមិភាគ៤កម្ពុជា និងបញ្ជាការដ្ឋានកងទ័ពភូមិភាគ២ថៃ ។ ក្នុងសេចក្តីប្រកាសព័ត៌មានរួមគ្នានោះ ភាគីទាំងពីរបានឯកភាពគ្នាចំនួន១១ចំណុច ដែលសុទ្ធសឹងតែបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងស្មារតីរក្សាភាពជាអ្នកជិតខាងល្អ និងបង្កើនជំនឿទុកចិត្តរវាងគ្នាសំដៅកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន។ រីឯលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតស្វាគមន៍ចំពោះលទ្ធផលជាវិជ្ជមាននេះ។
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ អ្នកកាសែតអនឡាញ ២នាក់ បានរងការព្រមាន និងឃាត់ខ្លួន ក្រោយបានបង្ហោះវីដេអូផ្សាយផ្ទាល់នៅទីតាំង ដែលពលរដ្ឋខ្មែរតតាំងជាមួយទ័ពថៃនៅក្នុងខេត្តបន្ទាយមានជ័យ។ មន្ត្រីជាន់ខ្ពស់របស់ក្រសួងព័ត៌មានឲ្យដឹងថា ការផ្សាយផ្ទាល់វីដេអូនៅទីតាំងជម្លោះព្រំដែនជាសកម្មភាពរំលោភដល់សន្តិសុខជាតិ និងការសំងាត់របស់ប្រទេសជាតិ។ ប៉ុន្តែអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយយល់ថា អាជ្ញាធរគួរកំណត់ច្បាប់ចំពោះសកម្មភាពដែលហាមឃាត់។
គណៈកម្មការអនុសញ្ញាអូតាវ៉ាបានកត់ត្រារាល់សេចក្តីបំភ្លឺរបស់កម្ពុជា ជុំវិញការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាបានដាក់ពង្រាយមីនថ្មីតាមបន្ទាត់ព្រំដែន និងថែមទាំងបានទទួលស្គាល់ពីការរួមចំណែករបស់កម្ពុជាក្នុងសកម្មភាពកម្ចាត់មីនផងដែរ។ នេះជាការបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ តាមមន្ត្រីនាំពាក្យរូបនេះ គណៈកម្មការអនុសញ្ញាអូតាវ៉ាក៏បានលើកទឹកចិត្តឱ្យភាគីកម្ពុជា-ថៃ បន្តកិច្ចសន្ទនាធ្វើយ៉ាងណាកាត់បន្ថយភាពតានតឹងរវាងគ្នា និងត្រូវប្រកាន់ខ្ជាប់នូវបទឈប់បាញ់ ពិសេសបន្តជំរុញសកម្មភាពមីនមនុស្សធម៌។
បារាំងនិងអ៊ីស្រាអែលជួបភាពរកាំរកូសនឹងគ្នាច្រើនខែមកហើយ ចាប់តាំងពីមេដឹកនាំប្រទេសបារាំង បានប្រកូសប្រកាសថានឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ ពេលនេះ មេដឹកនាំប្រទេសទាំង២ បានប្លោងសម្តីដាក់គ្នាទៅវិញទៅមក កាន់តែខ្លាំង។ ក្រៅពីស្តីបន្តោស នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចោទរដ្ឋាភិបាលបារាំងថា ពុំព្រមមើលថែការពារពលរដ្ឋជ្វីហ្វឲ្យបានដិតដល់ និងថែមទាំងបំផុសចលនាប្រឆាំងជ្វីហ្វ។ ការលើកឡើងនេះ ត្រូវប្រធានាធិបតីបារាំងចាត់ទុកថាជាការប្រមាថមាក់ងាយចំពោះប្រទេសបារាំងទាំងមូល ដែលមិនអាចទទួលយកបានសោះឡើយ។
កូរ៉េខាងជើងគ្មានថ្ងៃនឹងដើរថយក្រោយ លះបង់ចោលអាវុធនុយក្លេអ៊ែរដែលជាកិត្តិយស និងវត្ថុដ៏សក្តិសិទ្ធរបស់ជាតិឡើយ។ នេះជាសំណេររបស់ទីភ្នាក់ងារព័ត៌មានKCNA ឧបករណ៍ឃោសនារបស់រដ្ឋកូរ៉េខាងជើង ដើម្បីប្រតិកម្មទៅនឹងការលើកឡើងរបស់មេដឹកនាំកូរ៉េខាងត្បូងទាក់ទងនឹងការលុបបំបាត់ចោលអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ នៅក្នុងការចុះផ្សាយរបស់ខ្លួននៅថ្ងៃពុធទី២៧សីហា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងនៅបានសរសេរសើចចំអក ចាត់ទុកប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង ថាជាមនុស្សពុតត្បុត និងឆោតល្ងង់។
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេសកម្ពុជា បានដាក់លិខិតតវ៉ាជាផ្លូវការមួយទៅកាន់រដ្ឋាភិបាលថៃ ដើម្បីប្រឆាំងនឹងការទន្ទ្រានជាបន្តបន្ទាប់របស់យោធាថៃ ចូលទៅក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ ជាពិសេសតំបន់ដែលមានប្រជាពលរដ្ឋកម្ពុជាបានរស់នៅ។ នេះបើតាមការបញ្ជាក់របស់លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ។ ក្នុងលិខិតតវ៉ាជាផ្លូវការនោះ កម្ពុជាបានបង្ហាញក្តីកង្វល់យ៉ាងខ្លាំង និងបានចាត់ទុកសកម្មភាពទន្រ្ទាន ដោយរាយបន្លាលួស ដាក់សំណាញ់របាំង និងដាក់កង់ឡានចូលទឹកដីខ្មែរនៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺជាទង្វើដែលនាំឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៃប្រទេសទាំងពីរ ដែលបានឯកភាពគ្នាកាលពីកន្លងទៅ។
រដ្ឋបាលខេត្តក្វាងស៊ីរបស់ចិន បានអះអាងកាលពីចុងសប្តាហ៍កន្លងទៅថា ចិននឹងគាំទ្របណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដើម្បីអភិវឌ្ឍន៍ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងប្រទេសកម្ពុជា។ ដោយឡែក អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យាមើលឃើញថា ការបណ្តុះបណ្តាលលើចំណេះដឹងបញ្ញាសិប្បនិម្មិត AI នឹងផ្តល់នូវភាពវិជ្ជមានសម្រាប់ធនធានមនុស្ស និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោកទៀ សីហានៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៥នេះ បានប្រតិកម្មនឹងការរិះគន់ពីមជ្ឈដ្ឋានមួយចំនួនដែលចោទក្រសួងការពារជាតិថា បានលាក់បាំង ព័ត៌មានជុំវិញស្ថានការណ៍នៅបណ្តោយព្រំដែនខ្មែរ និងថៃ ខណៈពលរដ្ឋខ្មែរក្រោកតវ៉ាប្រឆាំងនឹងការរាយលួសបន្លារំលោភលើទឹកដីរបស់ពលរដ្ឋខ្មែរក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ។ ប្រមុខការពារជាតិកម្ពុជា ស្នើឲ្យពលរដ្ឋរក្សាភាពអត់ធ្មត់ ខណៈរដ្ឋាភិបាលកំពុងដោះស្រាយជម្លោះជាមួយភាគីថៃ តាមយន្តការសន្ទនាគ្នា ស្របតាមការកំណត់ក្នុងបទឈប់បាញ់រវាងភាគីកម្ពុជា និងថៃ។
រន្ធត់ តក់ស្លុត និងថ្កោលទោស។ នេះជាប្រតិកម្មដែលសហគមន៍អន្តរជាតិបានបន្លឺយ៉ាងស្រុះគ្នាចាប់តាំងពីល្ងាចចន្ទទី ២៥ខែសីហា ថ្ងៃដែលមនុស្ស២០នាក់ ក្នុងនោះអ្នកកាសែត៥នាក់ស្លាប់នៅក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល ទៅលើមន្ទីរពេទ្យនៅភាគខាងត្បូងហ្កាហ្សា។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានសំដែងការសោកស្តាយចំពោះគ្រោះថ្នាក់ ប៉ុន្តែ ការពារប្រតិបត្តិការរបស់កងទ័ពអ៊ីស្រាអែលដែលមានគោលដៅសំខាន់គឺគាស់រំលើងក្រុមហាម៉ាស និងរំដោះចំណាប់ខ្មាំង។
តើបារាំងកំពុងឈានចូលក្នុងវិបត្តិនយោបាយឬ? លោកនាយករដ្ឋមន្ត្រី ហ្វ្រង់ស្វ័រ បៃរូ បានប្រថុយដាក់អាយុជីវិតរដ្ឋាភិបាលរបស់លោក ឲ្យសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅថ្ងៃទី៨កញ្ញា ដើម្បីឈានទៅអនុម័តច្បាប់ថវិកាជាតិ ទាំងដែលរដ្ឋាភិបាលគ្មានសំឡេងភាគច្រើនក្នុងសភា។ ក្រុមគណបក្សនយោបាយបារាំង ដែលប្រឆាំងនឹងគម្រោងច្បាប់ថវិការបស់រដ្ឋាភិបាល បាននាំគ្នាអះអាងថា គេនឹងមិនបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យរដ្ឋាភិបាលរបស់លោកបៃរូឡើយ ដែលមានន័យថា រដ្ឋាភិបាលនេះអាចនឹងត្រូវដួលរលំ នៅថ្ងៃទី៨កញ្ញា។
អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានផ្ញើលិខិតទៅអភិបាលខេត្តស្រះកែវរបស់ថៃ ដើម្បីជំទាស់ទៅនឹងការចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋថៃ នៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លិខិតជំទាស់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ធ្វើឡើងក្រោយកាសែតថៃ The Nation ចុះផ្សាយថា អភិបាលខេត្តស្រះកែវ បានបញ្ជាឲ្យមន្ត្រីដីធ្លីពន្លឿនការចេញបណ្ណកម្មសិទ្ធិសម្រាប់ពលរដ្ឋនៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ។
លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានសរសេរ លិខិតមួយច្បាប់ទៅកាន់នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយាឆ័យ ដើម្បីស្នើសុំឲ្យថៃ ដោះលែងទាហានខ្មែរចំនួន១៨ នាក់ដែលថៃចាប់ខ្លួន។ សំណើររបស់លោក សម រង្ស៊ី គឺជា ការធ្វើឡើងបន្ថែមពីលើអ្វីដែលរដ្ឋាភិបាលកម្ពុជាបានទាមទារជារៀងរាល់ថ្ងៃ ស្នើសុំឲ្យភាគីថៃ ដោះលែងទាហានកម្ពុជាដោយឥតលក្ខខណ្ឌ។
បន្ទាប់ពីពលរដ្ឋខ្មែរបានស្រុះគ្នាងើបប្រឆាំងការរាយបន្លាលួសតាមតែអំពើចិត្តរបស់យោធាថៃ មេទ័ពភូមិភាគ២ថៃ ឧត្តមសេនីយ៍ឯក Boonsin Padklang បានព្រមានអំពីការបាញ់បង្អើលឲ្យមានការបញ្ឈប់សកម្មភាពបំពានលើទឹកដីថៃ។ តែអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាថ្លែងថា ការក្រោកប្រឆាំងរបស់ពលរដ្ឋខ្មែរនឹងការរាយបន្លាលួសរបស់ទាហានថៃនោះ កើតចេញពីក្តីបារម្ភរបស់ពួកគេផ្ទាល់ដែលជាម្ចាស់ដី និងជាការការពារទ្រព្យសម្បតិ្តរបស់ប្រជាជន។ អ្នកវិភាគយល់ថា ការប្រឆាំងរបស់ពលរដ្ឋខ្មែរ ជាជំហរត្រឹមត្រូវ និងកើតចេញពីកំហឹងឈឺចាប់ខ្លាំងក្លា នៅចំពោះមុខការរាយបន្លាលួសពីសំណាក់យោធាភាគីថៃ ដែលបំពានលើទឹកដីរបស់ពួកគេ។
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ទាហានថៃបានព្យាយាមចូលរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែក៏ត្រូវបានប្រជាពលរដ្ឋខ្មែរ និងសមត្ថកិច្ចនៅភូមិជោគជ័យធ្វើការទប់ស្កាត់យ៉ាងខ្លាំង ហើយទាហានថៃក៏យកបន្លាលួសនោះត្រឡប់ទៅវិញ។ នេះបើតាមក្រសួងការពារជាតិកម្ពុជា។ សកម្មភាពរាយបន្លាលួសរបស់ភាគីថៃមិនមែនជាលើកទី១ទេ ពោលតាំងពីក្រោយបទឈប់បាញ់មក ទាហានថៃតែងតែធ្វើសកម្មភាពបែបនេះ។ ដើម្បីទប់ទល់នឹងសកម្មភាពរបស់ទាហានថៃដែលរំលោភលើទឹកដីកម្ពុជា តើកម្ពុជាត្រូវប្រើយុទ្ធសាស្ត្រអ្វីខ្លះដើម្បីទប់ទល់?
សមាជិកសភាសហព័ន្ធរបស់ប្រទេសអូស្ត្រាលីមួយរូបគឺលោក Mark Dreyfus បានធ្វើបទអន្តរាគមន៍ស្តីពីជម្លោះព្រំដែនខ្មែរ និងថៃ ដែលបានបង្កក្តីបារម្ភខ្លាំងដល់សហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី។ តាមបទអន្តរាគមន៍ដែលមានរយៈពេល ជាង៣នាទី សមាជិកសភារូបនេះ បានថ្លែងថា ជម្លោះព្រំដែនខ្មែរថៃត្រូវតែមិនអាចកើតមានទៀត ហើយសហគមន៍អន្តរជាតិក៏ត្រូវមានការឆ្លើយតបនឹងរឿងជម្លោះនេះ។ លោកថា រដ្ឋាភិបាលអូស្ត្រាលីបានគាំទ្របទឈប់បាញ់រវាងភាគីកម្ពុជា និងថៃ។ តែលោកថា សន្តិភាពមិនមែនមានន័យថា ទាល់តែគ្មានសង្គ្រាមនោះទេ ពោលគឺត្រូវតែមានយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងជំនឿជឿជាក់ថា រាល់ពលរដ្ឋទាំងអស់សមនឹងទទួលបានការរស់នៅដោយគ្មានការភ័យខ្លាច។ សូមស្តាប់បទអន្តរគមន៍របស់លោក Mark Dreyfusសមាជិកសភាសហព័ន្ធរបស់ប្រទេសអូស្ត្រាលី ដែលរៀបចំដោយហ៊ុល រស្មី។
រដ្ឋមន្ត្រីការបរទេសកម្ពុជា តាមរយៈអ្នកនាំពាក្យលោក នង សាកល កាលពីពេលថ្មីៗនេះ បានលើកឡើងពីសុឆន្ទៈវិលទៅរកប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ តាមរយៈការចាប់ផ្តើមកិច្ចពិភាក្សាបើកព្រំដែនឡើងវិញ និងការដោះមីនតាមបែបមនុស្សធម៌។ អ្នកវិភាគនយោបាយ និងសង្គមនានាយល់ឃើញថាគោលបំណងរបស់កម្ពុជាគឺជារឿងដ៏ល្អ តែត្រូវធ្វើឡើងដោយការប្រយ័ត្នប្រយែងផងដែរ។
សមត្ថកិច្ចរាជធានីភ្នំពេញអះអាងថា បានរកឃើញជនសង្ស័យ ៦នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់រូបប្រុសស្អាតក្លែងបន្លំក្នុងបណ្តាញសង្គមហ្វេសប៊ុក ដើម្បីលួងលោម សុំស្នេហ៍ និងឆបោកប្រាក់ពីមនុស្សស្រីដោយការផ្ញើសារ។ នេះបើតាម លោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលផ្សាយលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ និងបានបញ្ជាក់ថា ជនល្មើសចំនួន ៣នាក់គឺជាទណ្ឌិត ដែលកំពុងអនុវត្តទោសក្នុងពន្ធនាគារខេត្តស្ទឹងត្រែង។
នៅបង់ក្លាដែស លោក មូហាម៉ាដ យូនូស នាយករដ្ឋមន្រ្តីអន្តរកាល បានអំពាវនាវដល់របបសឹកភូមា ឲ្យបិទបញ្ចប់ការបោសសម្អាតជាតិសាសន៍រ៉ូហ៊ីងយ៉ា កាន់សាសនាអ៊ីស្លាម។ មេដឹកនាំបង់ក្លាដែស ដែលជាជ័យលាភីរង្វាន់ណូបែលសន្តិភាព រូបនេះ ក៏ប្រកូកប្រកាសឲ្យសហគមន៍អន្តរជាតិ ផ្តល់ជំនួយសប្បុរសធម៌បន្ថែមទៀត ទៅដល់ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងតែមានមនុស្សរស់នៅកកណែនណាន់តាន់តាប់ ចំនួនជាង ១ លាននាក់ ឋិតនៅភាគអាគ្នេយ៍ ប្រទេសបង់ក្លាដែស។
ថ្ងៃចន្ទទី២៥សីហា ថៃបានចុះកិច្ចសន្យាទិញយន្តហោះចម្បាំង ប្រភេទ Gripen ផលិតដោយក្រុមហ៊ុនស៊ុយអែត SAAB ចំនួន៤គ្រឿង។ យន្តហោះចម្បាំងថ្មីទំនើបបំផុតទាំងនេះ គឺកងទ័ពអាកាសថៃ នឹងយកមកជំនួសយន្តហោះចម្បាំង F-16 របស់ខ្លួន ដែលមានចំណាស់តាំងតែពីឆ្នាំ១៩៨០។
ក្រុមហ៊ុន Space X ដែលគ្រោងបាញ់បង្ហោះសាកល្បង យានអវកាស Starship កាលពីល្ងាចថ្ងៃអាទិត្យទី២៤សីហាម្សិលមិញ បានសម្រេចលុបចោលវិញ ប្រមាណ១៥នាទីមុនពេលកំណត់ បន្ទាប់ពីបានរកឃើញថាមានបែកធ្លាយសារធាតុអុកស៊ីសែនរាវ។ នេះគឺជាបរាជ័យថ្មីមួយទៀត របស់ក្រុមហ៊ុនលោក Elon Musk ដែលមានមហិច្ឆតា ចង់ដឹកមនុស្សឡើងទៅព្រះចន្ទ និងគ្រោងទៅភពអង្គារ នៅឆ្នាំ២០២៦។
នៅថ្ងៃទី២៥ ខែសីហានេះ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំ រវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។ នេះបើតាមក្រសួងការពារជាតិកម្ពុជាដែលបានគូសបញ្ជាក់នៅក្នុងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។
អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន៥០ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយស្នើសុំកុំឲ្យរដ្ឋសភាជាតិអនុម័តលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែលអាចឈានដល់ការដកហូតសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរ។ សេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលនេះ ធ្វើឡើងចំពេលដែលរដ្ឋសភាកម្ពុជានៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់សញ្ជាតិ ដែលអនុញ្ញាតឲ្យមានការដកសញ្ជាតិលើពលរដ្ឋខ្មែរដែលប្រព្រឹត្តអំពើណាមួយប៉ះពាល់ដល់សន្តិសុខជាតិ។
វិទ្យាស្ថានជាតិនៃការអភិវឌ្ឍរដ្ឋបាល NIDA របស់ថៃ បានឲ្យដឹងនាពេលថ្មីៗនេះថា ជាងពាក់កណ្តាលនៃពលរដ្ឋថៃដែលបានផ្តល់យោបល់តាមការស្ទង់មតិមួយ យល់ស្របថា ប្រទេសជិតខាងគឺកម្ពុជា ជាប្រទេសដែលថៃមិនគួរសេពគប់ជាមួយនោះទេ។ ៦៤,៧៣ភាគរយនៃអ្នកចូលរួមផ្តល់មតិថៃជឿថា ប្រទេសមហាអំណាចកំពុងជ្រៀតជ្រែកជម្លោះព្រំដែនកម្ពុជា និងថៃដើម្បីរក្សាឲ្យបាននូវផលប្រយោជន៍ដែលចាក់ឫសក្នុងប្រជាជាតិទាំង២។ តែអ្នកសិក្សាស្រាវជ្រាវនៅកម្ពុជា យល់ថា ការវាយតម្លៃនេះ មានចរិតនយោបាយ និងប្រមាថមកលើកម្ពុជា។
ត្រីប្រាសំយ៉ុង ឬហៅថា ត្រីប្រហើម ជាអាហារដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ ក៏ព្រោះតែវាមានក្លិនឈ្ងុយ ឬស្អុយតែឆ្ងាញ់។ ចាប់ផ្តើមក្នុងឆ្នាំ២០១៦ អ្នកស្រី យន់ ស៊ីនួន បានប្រែក្លាយខ្លួនពីម្ចាស់អាជីវកម្មកែច្នៃត្រីងៀតលក់ជាលក្ខណៈគ្រួសារ មកជាសិប្បកម្មកែច្នៃត្រីធម្មជាតិប្រចាំខេត្តទេសចរណ៍។ អ្នកស្រីបានចាប់ឱកាសផលិតត្រីប្រាសំយ៉ុង ដើម្បីជួយបង្កើតទីផ្សារដល់អ្នកចិញ្ចឹមត្រីប្រាក្នុងសហគមន៍។ ជាមួយរសជាតិ គុណភាព អនាម័យ និងការវេចខ្ចប់ បានធ្វើឲ្យសិប្បកម្មស៊ីនួនពិភពត្រីធម្មជាតិទទួលបានការគាំទ្រពីអតិថិជនពីមួយថ្ងៃទៅមួយថ្ងៃ។
ព្យុះKajiki ត្រូវបោកបក់លើប្រទេសវៀតណាម នៅថ្ងៃនេះនិងថ្ងៃស្អែក ក្នុងកម្រិតកម្លាំងខ្យល់ ប្រមាណជា ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះកំណាចនេះ អាចនឹងបណ្តាលឲ្យមានគ្រោះថ្នាក់ ហើយខូចខាតច្រើន។ ម្ល៉ោះហើយ អាជ្ញាធរវៀតណាម បានជម្លៀសប្រជាពលរដ្ឋ ប្រមាណជាង ៣ សែន នាក់ ដែលរស់នៅតាមតំបន់ឆ្នេរ ក្នុងខេត្តចំនួន៥ ឲ្យទៅរកទីទួលមានសុវត្ថិភាព។
កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ សាលាមធ្យមវិចិត្រសិល្បៈនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំការសម្តែងសិល្បៈសប្បុរសធម៌ដើម្បីវីរៈកងទ័ពកម្ពុជា ជាលើកដំបូងដោយមានការចូលរួមពីសប្បុរសជនពីគ្រប់ទីជិតឆ្ងាយនិងមានការសម្តែងស្នាដៃសិល្បៈរបស់សិស្សានុសិស្សបញ្ចប់ការសិក្សាព្រមទាំងសិល្បករសិល្បការនីរួមអាជីពផ្សេងៗទៀត។ គោលបំណងសំខាន់នៃការរួមគ្នាសម្តែងសិល្បៈសប្បុរសធម៌នេះគឺធ្វើឡើងដើម្បីគាំទ្រនិងលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខកម្ពុជាដែលកំពុងបំពេញបេសកកម្ម ការពារបូរណភាពទឹកដីខ្មែរ និងក៏ដើម្បីរួមចំណែកក្នុងគ្រាលំបាកជួយដល់ជនភៀសសឹកកម្ពុជាដែលកំពុងរងគ្រោះដោយសារសង្គ្រាមឈ្លានពាននៅតាមមណ្ឌលសុវត្ថិភាពមួយចំនួននៃភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។
ប៉ាគីស្ថាន និងបង់ក្លាដែស បានចាប់ដៃគ្នារឹតចំណងមិត្តភាព ក្រោយពីឆ្លងកាត់ច្រើនទសវត្សរ៍ក្នុងភាពជាសត្រូវព្រោះតែសំណុំរឿងសង្គ្រាមបំបែកទឹកដី។ នៅពេលនេះ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បានទៅជាន់ទឹកដីបង់ក្លាដែស ជាលើកទី១ ក្រោយពីខកខាន ប្រមាណ ១២ ឆ្នាំ។ ប្រទេសទាំងជិតខាងទាំង២ បានសន្យាចាប់ដៃគ្នា ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម និងសហការអន្តរវប្បធម៌។ ភាពល្អូនល្អិននេះ ឋិតក្រោមក្រសែភ្នែកតាមដានយ៉ាងសម្លក់សម្លឹងរបស់ឥណ្ឌា ដែលជាសត្រូវសួពូជរបស់ប៉ាគីស្ថាន និងជាប្រភពអរិភាពថ្មីថ្មោងរបស់បង់ក្លាដែស។
នៅកោះហ្សាវ៉ា ប្រទេសឥណ្ឌូណេស៊ី កម្មវិធីរាំសប្បាយចាក់ធុងបាស់ថ្លង់ទ្រហឹងអឺងកងតាមផ្លូវ កំពុងតែបង្កការរំខានយ៉ាងខ្លាំងដល់ភាពស្ងប់ស្ងាត់ និងបង្កផលប៉ះពាល់ទៅលើសុខភាពរបស់ប្រជាជន។ ប្រឈមនឹងបញ្ហានេះ អាជ្ញាធរឥណ្ឌូណេស៊ី បានចេញវិធានការបន្តិចបន្តួចដើម្បីបន្ថយសំឡេងធុងបាស់។ ដោយឡែក ក្រុមប្រឹក្សាសាសនាអ៊ីស្លាមវិញប្រចាំតំបន់នៅឥណ្ឌូណេស៊ីវិញ បានប្រកាសចាត់ទុក ការចាក់ភ្លេងតាមធុងបាស់ឮៗខ្លាំង គឺជាទង្វើខុសនឹងច្បាប់សាសនាអ៊ីស្លាម ដែលហៅថា « ហារ៉ាំ »។
ការិយាល័យអនុព័ន្ធយោធាថៃប្រចាំស្ថានទូតថៃក្នុងទីក្រុងភ្នំពេញ បានចេញលិខិតមួយនាពេលថ្មីៗនេះ បដិសេធចោលសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា ពាក់ព័ន្ធនឹងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដែលថា មានការពិភាក្សាអំពីវិធានការដែលអាចអនុវត្តបានចំពោះបញ្ហាបន្លាលួស និងការរារាំងផ្សេងៗទៀត ដើម្បីសម្រួលទុក្ខលំបាករបស់ពលរដ្ឋមូលដ្ឋាន។ តែក្រសួងការពារជាតិកម្ពុជាបានការពារសេចក្តីថ្លែងការណ៍របស់ខ្លួនកន្លងមកថាទុកជាបានការដដែល។ សម្រាប់អ្នកវិភាគ ថៃមិនដែលមើលឃើញកម្ពុជាក្នុងផ្លូវវិជ្ជមាននោះទេ និងមិនសូវមានភាពស្មោះត្រង់នឹងពាក្យសម្តីរបស់ខ្លួន។
មេធាវីការពារក្តីឲ្យលោក កឹម សុខា បានកោតសរសើរដល់មេធាវីការពារក្តីឲ្យ លោក ថាក់ស៊ីន ថាបានដោះរឿងនយោបាយរបស់អតីតនាយករដ្ឋមន្ត្រីថៃរូបនេះទទួលបានជោគជ័យ។ ជោគជ័យដែលតុលាការថៃនៅថ្ងៃទី២២ ខែសីហា បានទម្លាក់ចោលបទចោទលើ លោក ថាក់ស៊ីន ពីបទប្រមាថព្រះមហាក្សត្រ។ ក្នុងន័យនេះ មេធាវីការពារក្តីលោក កឹម សុខា ក៏ចង់ឃើញអ្នកនយោបាយនៅកម្ពុជា មានការអត់ឱនឲ្យគ្នា និងផ្សះផ្សាជាតិ នៅគ្រាដែលប្រទេសជិតខាងកំពុងឈ្លានពានទឹកដីកម្ពុជា។
រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសជាសាធារណៈនៅថ្ងៃ អាទិត្យទី ២៤ ខែសីហា ឆ្នាំ២០២៥នេះ អំពីការស្លាប់សត្វដំរីឈ្មោះ ឡាក់គី ដោយសារជំងឺនៅសួនសត្វភ្នំតាម៉ៅ ឬហៅម្យ៉ាងទៀតថា មជ្ឈមណ្ឌលភ្នំតាម៉ៅ។ រដ្ឋបាលព្រៃឈើចាត់ទុកការស្លាប់របស់សត្វដំរី ឡាក់គី ថាជាការបាត់បង់ដំរីដែលជា«និមិត្តរូបមួយដ៏សំខាន់»នៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។
របបដឹកនាំក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលដ៏ទំនើបថ្មី ២ គ្រាប់ ដើម្បីជាការព្រមានមេដឹកនាំកូរ៉េខាងត្បូង ដែលកំពុងធ្វើដំណើរទៅជួបសម្ព័ន្ធមិត្តអាមេរិក លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅវ៉ាស៊ីនតោន។ ក្រៅពីបាញ់សាកល្បងមីស៊ីលទៅលើអាកាស, កងទ័ពកូរ៉េខាងជើង ៣០នាក់ ក៏បានបាញ់ជាង ១០ គ្រាប់ និងដើរឈ្លានពានចូលតំបន់ព្រំដែនខណ្ឌចែកកូរ៉េទាំង២ នៅត្រង់ចំណុចគ្មានកងទ័ព ថែមទៀតផង។
ថ្ងៃទី២៤សីហា គឺជាទិវាបុណ្យឯករាជ្យជាតិអ៊ុយក្រែន ខួបទី៣៤ នៅក្នុងបរិបទដែលសង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅតែបន្ត។ បើទោះបីជាមានការប្រឹងប្រែងពីលោកដូណាល់ ត្រាំ និងក្រុមប្រទេសអឺរ៉ុប ប៉ុន្មានថ្ងៃកន្លងមកនេះ ដើម្បីជំរុញឲ្យមានកិច្ចព្រមព្រៀងសន្តិភាព តែគិតត្រឹមពេលនេះ ភាគីរុស្ស៊ីនៅតែមិនអើពើអ្វីទាំងអស់ ក្រៅតែពីបន្តទាមទារឲ្យអ៊ុយក្រែនប្រគល់ទឹកដីឲ្យខ្លួន។ នៅរដ្ឋធានីកៀវ កម្មវិធីបុណ្យបានប្រព្រឹត្តិទៅដោយមានវត្តមានចូលរួម ពីលោកនាយករដ្ឋមន្ត្រីកាណាដា ម៉ាក ខានី។ នៅក្នុងឱកាសបុណ្យឯករាជ្យជាតិនេះ កាលពីយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ កងទ័ពអ៊ុយក្រែនបានបើកការវាយប្រហារដោយប្រើដ្រូន ទៅលើទីតាំងស្ថានីយនុយក្លេអ៊ែរ និងទីតាំងស្តុកប្រេងរបស់រុស្ស៊ី បណ្តាលឲ្យមានអគ្គីភ័យឆាបឆេះច្រើនកន្លែង។