ប្រមុខរដ្ឋចិន លោក ស៊ី ជីនពីង និង ប្រមុខរដ្ឋរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជជែកគ្នាអំពីការរស់នៅអាយុវែង និងមាន«ជីវិតអមតៈ» ក្នុងឱកាសពិធីដង្ហែក្បួនកងទ័ពដ៏ធំសម្បើម នៅរដ្ឋធានីប៉េកាំង ថ្ងៃទី៣ កញ្ញា កន្លងទៅ។ ការនិយាយគ្នាអំពីរឿង«រស់នៅបានយូរអង្វែង»នេះ នាំឲ្យបណ្តាញសារព័ត៌មានបស្ចិមចាប់អារម្មណ៍យកទៅចុះផ្សាយ និងចោទសួរទៅចៅហ្វាយវិមានក្រេមឡាំង ហើយលោកពូទីន ក៏បញ្ជាក់ក្នុងសន្និសីទកាសែត ថា នៅពេលនោះ មេដឹកនាំទាំងពីរ ពិតជាបាននិយាយអំពី«ជីវិតអមតៈ»មែន។
ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ថា ក្រុមការងារមន្ទីរពិសោធន៍បានរកឃើញផលិតផលបំប៉នសុខភាព និងផលិតផលគ្រឿងសម្អាងចំនួន ៣មុខរបស់អ្នកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya មានផ្ទុកសារធាតុគ្រោះថ្នាក់។ ការលើកឡើងរបស់ក្រសួងសុខាភិបាលដូច្នេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញរបស់ក្រសួងយកសំណាកផលិតផលបំប៉នសុខភាពចំនួន ២មុខ និងផលិតផលគ្រឿងសម្អាងចំនួន ១២មុខរបស់អ្នកស្រី ឆេង ស្រីរ័ត្ន ទៅវិភាគគុណភាព។
វិបត្តិនយោបាយថៃ នៅតែបន្តជាប់គាំង។ កាលពីថ្ងៃពុធទី៣កញ្ញា គណបក្សភឿថៃ បានប្រកាសនីតិវិធីរំលាយសភា បន្ទាប់ពីលោក អនុធិន ឆានវីរៈគូន ប្រធានគណបក្សភូមិចៃថៃ ត្រូវបានគណបក្សប្រាឆាឈុនសម្រេចគាំទ្រឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី។ ក៏ប៉ុន្តែ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៤កញ្ញា ក្រុមប្រឹក្សាព្រះមហាក្សត្រថៃ បានបដិសេធ មិនទទួលយកសំណើសុំរំលាយសភារបស់ភឿថៃទេ ដោយលើកឡើងថាមានបញ្ហាគតិយុត្តិ។
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តតាកែវបានដាក់បម្រាមមិនឱ្យមានការបង្ហោះដ្រូន ឬប៉េងប៉ោងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែកញ្ញា ដោយពន្យល់ហេតុផលថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងធ្វើតេស្តសាកល្បងការហោះហើរពេញលេញ មុននឹងព្រលានយន្តហោះខ្នាតធំលំដាប់ 4F របស់កម្ពុជាមួយនេះនឹងបើកប្រតិបត្តិការហោះហើរជាផ្លូវការនៅថ្ងៃទី៩ កញ្ញា។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៤ ខែកញ្ញានេះ លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបញ្ជាក់ថា ការធ្វើតេស្តសាកល្បងការហោះហើរពេញលេញ ការត្រួតពិនិត្យឧបករណ៍ឃ្លាំមើលដែនអាកាស និង ផ្លូវចុះចត គឺទទួលបានជោគជ័យជាបន្តបន្ទាប់។ តាមលោក ស៊ិន ចាន់សេរីវត្ថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងក្លាយជាសមិទ្ធិផលដ៏សំខាន់នៃភាពរីកចម្រើនក្នុងវិស័យអាកាសចរណ៍កម្ពុជា។
បារាំងនិងអង់គ្លេស ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលមេដឹកនាំលោកខាងលិច ប្រមាណ ៣០ប្រទេស ដើម្បីរកដំណោះស្រាយជួយអ៊ុយក្រែន ដោយបានស្នើឲ្យបង្កើត«សម្ព័ន្ធស្ម័គ្រចិត្តជួយការពារសន្តិសុខអ៊ុយក្រែន» ។ ក្នុងន័យនេះ បារាំង អង់គ្លេស និងបែលហ្ស៊ិក ក៏បានលើកសំណើឲ្យបញ្ចូនកងទ័ពរបស់បស្ចិមលោក ឲ្យទៅយាមកាម«ឃ្លាំមើលសន្តិភាព»នៅលើទឹកដីអ៊ុយក្រែន នៅពេលដែលរុស្ស៊ីនិងអ៊ុយក្រែនសម្រេចធ្វើបទឈប់បាញ់។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំនេះ ពីចម្ងាយ។ មុនកិច្ចប្រជុំមួយថ្ងៃ លោក ត្រាំ បានប្រកាសពីក្រុងវ៉ាស៊ីនតោនថា នឹងបង្កើនកងទ័ពអាមេរិកនៅប៉ូឡូញ។ ប៉ូឡូញជាទីដែលនៅកៀកនឹងសមរភូមិអ៊ុយក្រែន-រុស្ស៊ី។
ហេតុការណ៍នៃការប៉ះទង្គិចគ្នារវាងយោធាថៃ និងប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានកើតឡើងជាថ្មីនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែកញ្ញានេះ។ មូលហេតុនៃការប៉ះទង្គិច គឺដោយសារតែទាហានថៃបានព្យាយាមយកបន្លាលួសមកព័ទ្ធដីចម្ការអំពៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលអាស្រ័យផលនៅទីនោះ។ ការណ៍នេះនាំឱ្យប្រជាពលរដ្ឋខ្មែរស្រាក់ដៃគ្នាបណ្តេញទាហានថៃឲ្យត្រលប់ទៅទីតាំងរបស់ខ្លួនវិញ។ អ្នកឃ្លាំមើលយល់ថា ថៃកំពុងបញ្ឆេះភ្លើងកំហឹងជាមួយភាគីកម្ពុជាដើម្បីឲ្យទាហានកម្ពុជាធ្វើសកម្មភាពតបត រួចចោទប្រកាន់កម្ពុជាថាបានរំលោភបំពានបទឈប់បាញ់។ តើភាពចម្រូងចម្រាសនៅភូមិជោគជ័យអាចឈានទៅផ្ទុះអាវុធជាថ្មីរវាងយោធាខ្មែរ-ថៃដែរ ឬយ៉ាងណា?
រដ្ឋាភិបាលកម្ពុជាបានទូទាត់សងបំណុលឱ្យចិនចំនួន ១១១.៧៥លានដុល្លារ និងការប្រាក់ជិត ២៩លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០២៥នេះ។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈរបស់កម្ពុជា ដែលចេញផ្សាយថ្មីៗនេះ។ ក្នុងចំណោមបំណុលសាធារណៈសរុប ១២.៦៧ពាន់លានដុល្លារ បំណុលដែលកម្ពុជាជាប់ជំពាក់ចិនមានសរុបប្រមាណ ៤.០៧ ពាន់លានដុល្លារ ខណៈប្រទេសចិនជាម្ចាស់បំណុលទ្វេភាគីធំបំផុតមួយរបស់កម្ពុជា។
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ អភិបាលខេត្តបន្ទាយមានជ័យរបស់កម្ពុជា បានចេញលិខិតផ្លូវការមួយបញ្ជាក់ប្រាប់ទៅភាគីថៃថា ការធ្វើសកម្មភាពណាមួយដោយឯកតោភាគីគឺជាការរំលោភលើបទឈប់បាញ់ និងជាការរំលោភលើកិច្ចព្រមព្រៀងនានាដែលកម្ពុជា និងថៃបានឯកភាពគ្នាកន្លងមក។ នេះជាការឆ្លើយតបរបស់ភាគីកម្ពុជា បន្ទាប់ពីអភិបាលខេត្តស្រះកែវរបស់ថៃបានជូនដំណឹងមកអភិបាលខេត្តបន្ទាយមានជ័យពីកិច្ចសហការជម្លៀសពលរដ្ឋខ្មែរចំនួន ១៧០គ្រួសារចេញពីភូមិសាស្ត្រ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
រដ្ឋាភិបាលកម្ពុជា តាមរយៈសារាចរចុះថ្ងៃទី២៧ សីហាបានសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូកក្នុងឆ្នាំ២០២៥ ដែលគ្រោងធ្វើនៅថ្ងៃទី៤ ទី៥ និងទី៦ ខែវិច្ឆិកាខាងមុខ។ ការសម្រេចនេះធ្វើឡើងក្រោមហេតុផលសំខាន់ ២ ទី១ គឺកម្ពុជាកំពុងប្រឈមនឹងស្ថានភាពមិនទាន់នឹងនរផ្នែកព្រំដែនជាមួយប្រទេសថៃ និងទី២ គឺលំហូរពលករខ្មែរដែលត្រលប់ពីប្រទេសថៃមករកការងារធ្វើក្នុងស្រុក។
នៅប្រទេសថៃ លោក ភូមិថាំ វិឆៈយៈឆៃ នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន មកពីគណបក្សភឿថៃ ប្រកាសផ្តើមនីតិវិធីរំលាយសភា។ ការប្រកាសបោះឆ្នោតរំលាយរដ្ឋសភាយ៉ាងដូច្នេះ ធ្វើឡើងក្រោយពី បក្សប្រឆាំង គឺគណបក្សប្រាឆាឈុន បានងាកទៅគាំទ្របេក្ខជនរបស់បក្សភូមិចៃថៃ សម្រាប់កៅអីប្រមុខរដ្ឋាភិបាលថ្មី។ បក្សភូមិចៃថៃ ជាអតីតសម្ព័ន្ធមិត្តរបស់បក្សភឿថៃ តែបានសម្រេចដកខ្លួនពីរដ្ឋាភិបាលចម្រុះ។
កម្ពុជាបានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យអុំទូកដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ តាមសារាចររបស់រដ្ឋាភិបាលកម្ពុជា ការសម្រេចផ្អាកប្រារព្ធពិធីបុណ្យអុំទូកឆ្នាំនេះ គឺដោយសារកម្ពុជាជាប់ដៃដោះស្រាយបញ្ហាជូនជនភៀសសឹក និងពលករខ្មែរធ្វើការនៅប្រទេសថៃដែលវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ។ ការសម្រេចដូចនេះត្រូវបានរដ្ឋាភិបាលចាត់ទុកជាផ្នែកមួយនៃការបន្តអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃដែលសម្រេចបាននៅម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ អ្នកឃ្លាំមើលបញ្ហាសង្គមយល់ថា ការផ្អាកពិធីបុណ្យអុំទូកក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃជាការគិតគូរត្រឹមត្រូវ។ ទោះជាយ៉ាងណា ការរៀបចំពិធីបុណ្យអុំទូកឆ្នាំ ២០២៥ អាចធ្វើនៅតាមបណ្តាខេត្តនានាដោយផ្អែកតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។
នៅទីក្រុងប៉េកាំង ថ្ងៃពុធទី៣កញ្ញា លោកប្រធានាធិបតីចិន បានប្រារព្ធពិធីដង្ហែក្បួនកងទ័ពដ៏ធំសម្បើម ដើម្បីបង្ហាញគ្រឿងសព្វាវុធទំនើបៗ ក៏ដូចជាបញ្ជាក់ឥទ្ធិពលរបស់ចិនក្នុងពិភពលោក។ ក្នុងចំណោមភ្ញៀវកិត្តិយស ប្រមុខរដ្ឋនៃបណ្តាប្រទេសដែលចិនអញ្ជើញចូលរួម គឺមានលោកពូទីន ប្រធានាធិបតីរុស្ស៊ី និងលោកគីម ជុងអ៊ុង មេដឹកនាំផ្តាច់ការកូរ៉េខាងជើង ដែលជាសុទ្ធតែជាមហាមិត្តដ៏ធំទាំង២របស់ចិន។ ថ្លែងក្នុងពិធីដ៏មហាអស្ចារ្យនេះ លោកស៊ី ជីនពីងបានប្រកាសថា “គ្មាននរណា អាចមកបង្អាក់ដំណើរឈ្ពោះទៅមុខ របស់ចិនបានឡើយ”។
អំពើកាប់សម្លាប់មនុស្ស បង្កឡើងដោយរបបសឹកភូមានិងក្រុមឧទ្ទាម បាននិងកំពុងតែកើតមានឡើង នៅរដ្ឋរ៉ាឃីន ភាគខាងលិចភូមា។ ឧត្តមស្នងការដ្ឋានសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានចេញរបាយការណ៍ថ្មីមួយ នៅថ្ងៃអង្គារទី២កញ្ញា អះអាងថា សកម្មភាពកាប់សម្លាប់ធ្វើបាបប្រជាជនស៊ីវីលនេះ គឺមានទម្រង់ដូចគ្នាទៅនឹងអំពើកាប់សម្លាប់ធ្វើទុក្ខបុកម្នេញ ដែលកងទ័ពភូមាបានធ្វើទៅលើជនជាតិរ៉ូហ៊ីងយ៉ា កាលពីអំឡុងឆ្នាំ២០១៧។
រត់គេចខ្លួន ចាកចេញពីប្រទេស បន្ទាប់ពីត្រូវក្រុមប្រឆាំងផ្តួលរំលំអំណាចកាលពីខែធ្នូចុងឆ្នាំមុន អតីតប្រធានាធិបតីស៊ីរី លោកបាស្ហា អាល់អាសាដត្រូវមកជាប់សំណាញ់ច្បាប់បារាំង នៅក្នុងសំណុំរឿងសម្លាប់អ្នកកាសែតបរទេសពីរនាក់ កាលពីឆ្នាំ ២០១២។ នៅថ្ងៃអង្គារទី ២កញ្ញា សហព័ន្ធអន្តរជាតិផ្នែកសិទ្ធិមនុស្ស នៅទីក្រុងប៉ារីសបានចេញសេចក្តីប្រកាសព័ត៌មានមួយដែលបញ្ជាក់ថា តុលាការបារាំងបានចេញដីកាតាមចាប់ខ្លួន អតីតប្រធានាធិបតីស៊ីរី និងបក្សពួកចំនួន៦នាក់។
រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសផ្តល់ជំនួយប្រមាណជាង២០លានយ័ន ឬជិត៣លានដុល្លារអាមេរិក ដល់ជនភៀសសឹកនៅប្រទេសកម្ពុជា ដែលរងគ្រោះពីការឈ្លានពានរបស់កងទ័ពថៃ។ ការផ្តល់ជំនួយនេះធ្វើឡើងក្នុងជំនួបរវាង នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត និងប្រធានាធិបតីចិនលោក ស៊ី ជីងពីង នៅក្រៅកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក (SCO) ក្នុងទីក្រុងធានជីង ប្រទេសចិនកាលពីថ្ងៃទី៣០ សីហា ដល់ថ្ងៃទី១ កញ្ញា ឆ្នាំ២០២៥។
នៅក្នុងឱកាសប្រារព្ធពិធីបុណ្យឯករាជ្យពីបារាំង លើកទី៨០ នៅថ្ងៃអង្គារទី ២កញ្ញានេះ វៀតណាមបានរៀបចំក្បួនព្យុហយាត្រាយោធាយ៉ាងធំសម្បើមមិនធ្លាប់មានពីមុនមក។ កងទ័ពមន្រ្តីរដ្ឋការ ពលករ និងជនជាតិភាគតិច សរុប៤ម៉ឺននាក់ចូលរួមក្នុងព្យុហយាត្រា ក្រោមក្រសែភ្នែកតាមដានរបស់មេដឹកនាំវៀតណាម លោកតូ ឡឹម ដែលអមដោយថ្នាក់ដឹកនាំមកពីប្រទេសកម្ពុជា ចិន និងគុយបា។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចោទអាជ្ញាធរកម្ពុជាថាបាន និងកំពុងយាយីពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន។ អង្គការសិទ្ធិមនុស្សអន្តរជាតិមួយនេះបានលើកឡើងថា ការយាយីនេះជាឧទាហរណ៍នៃការគាបសង្កត់សិទ្ធិមនុស្សឆ្លងដែន។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ចាត់ទុកការចោទប្រកាន់របស់ Human Rights Watch ថាមិនត្រឹមត្រូវ គ្មានតុល្យភាព និងដើរតួជាអ្នកនាំពាក្យឲ្យក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស។
មនុស្សជាច្រើនពាន់នាក់នៅបន្តធ្វើបាតុកម្មតវ៉ានៅទូទាំងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃចន្ទទី១កញ្ញា នោះបើទោះបីជានាយករដ្ឋមន្រ្តីព្រមានប្រើកម្លាំងដើម្បីរក្សាសណ្តាប់ធ្នាប់។ នៅពេលបាតុកម្មបន្តផ្ទុះនៅតាមទីក្រុងជាច្រើននៅក្នុងប្រទេស នៅរដ្ឋធានីហ្សាការតាជាទីដែលរដ្ឋាភិបាលដាក់ពង្រាយទាហាននិងប៉ូលិស នៅតាមផ្លូវធំៗ និងនៅមុខរដ្ឋសភា បាតុករបានរំសាយនៅពេលថ្ងៃលិច ចំណែក ក្រុមស្រ្តី និងនិស្សិតមួយចំនួនបានសម្រេចលើកថ្ងៃធ្វើបាតុកម្ម ដើម្បីជៀសវាងការប៉ះទង្គិច និងការបង្រ្កាបពីសំណាក់យោធាឥណ្ឌូណេស៊ី។ ពួកគេលើកពេលធ្វើបាតុកម្ម ប៉ុន្តែ កំហឹងតវ៉ារបស់ពួកគេនៅតែខ្លាំង បើទោះបីជារដ្ឋាភិបាល និងសភាបានធ្វើសម្បទានមួយចំនួនក្តី។ ហេតុអ្វីបានជាដូច្នេះ?
៣ថ្ងៃបន្ទាប់ពីលោកស្រី ភែថងថាន ត្រូវបានតុលាការធម្មនុញ្ញថៃដកហូតតំណែងជាស្ថាពរ គណបក្សនយោបាយធំៗថៃ បានចាប់ផ្តើមប្រជុំចរចាគ្នា ដើម្បីស្នើបេក្ខជននាយករដ្ឋមន្ត្រីថ្មីម្នាក់ទៀត ទៅកាន់សភា។ បន្ទាប់ពីបានប្រជុំ២ដាច់ដោយឡែកពីគ្នា ជាមួយគណបក្សភឿថៃ និងគណបក្សភូមិចៃថៃ គណបក្សប្រាឆាឈុនដែលជាបក្សប្រឆាំងធំជាងគេបង្អស់ បានបើកការប្រជុំបក្សកាលពីថ្ងៃចន្ទទី១កញ្ញា ដើម្បីសម្រេចចិត្តជ្រើសរើសគាំទ្របក្សណាមួយ។ តែការប្រជុំនេះ មិនបានលទ្ធផលអ្វីទាំងអស់ ដោយសមាជិកបក្សបានបង្ហាញការមិនទុកចិត្ត ទាំងទៅលើបក្សភូមិចៃថៃ និងទៅលើបក្សភឿថៃ។
នៅក្នុងជំនួបកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃនៅថ្ងៃចន្ទទី ១កញ្ញា ដែលមានការចូលរួមពីប្រមុខដឹកនាំ និងប្រមុខរដ្ឋាភិបាលប្រទេសជាង២០ ប្រធានាធិបតីចិន និងប្រធានាធិបតីរុស្ស៊ីបាននិយាយម្តងម្នាក់ បរិហារិះគន់ និងទម្លាក់កំហុសលើប្រទេសលោកខាងលិច។ នៅក្នុងបរិបទដែលពិភពលោកកំពុងជ្រួលច្របល់ និងផ្លាស់ប្តូរលឿន ប្រធានធិបតីចិន លោកស៊ី ជីនពីងបានអំពាវនាវឲ្យគេដើរតាមស្មារតីសៀងហៃ ដោយប្រឆាំងដាច់ខាតនឹងគំនិតសង្រ្គាមត្រជាក់ និងសកម្មភាពដើរសម្លុតអ្នកដទៃ។
កាសែតក្នុងស្រុកថៃកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានចុះផ្សាយអំពីករណីចាប់ឃុំខ្លួនពលរដ្ឋខ្មែរចំនួន៣៨នាក់ ដែលលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃដើម្បីស្វែងរកការងារ។ ពលរដ្ឋខ្មែរទាំងនោះបានប្រាប់សមត្ថកិច្ចថៃថា ពួកគេជួបប្រទះវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបត្រូវបង្ខំចិត្តលួចឆ្លងដែនចូលទឹកដីថៃ។ អ្នកធ្វើការលើបញ្ហាពលករចំណាកស្រុកអះអាងថា ពលករខ្មែរត្រឡប់ពីប្រទេសថៃកំពុងប្រទះបញ្ហាប្រឈមសំខាន់ៗដូចជា កង្វះជំនួយមនុស្សធម៌ វិបត្តិបំណុលធនាគារ និងកង្វះការងារធ្វើជាដើម។ ក្នុងន័យនេះអ្នកពាក់ព័ន្ធក្នុងវិស័យការងារទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់មួយ ដូចជាការបញ្ចេញកញ្ចប់ថវិកាជាតិនៅកម្រិតណាមួយ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរបស់ពលករខ្មែរទាំងនោះ។
គ្រោះរញ្ជួយដីកម្រិត ៦នៃមាត្រដ្ឋានរិចទែរ បានកើតឡើងនៅភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន កាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទ ទី១កញ្ញានេះ។ យោងតាមព័ត៌មានបឋម ពីអាជ្ញាធរតាលីបង់ មានមនុស្សស្លាប់យ៉ាងហោច ៨០០នាក់ និងរបួសយ៉ាងហោចជិត៣០០០នាក់។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ស្នើឱ្យកម្ពុជាកែសម្រួលការអនុម័តច្បាប់ដកសញ្ជាតិ ដោយយល់ថា ច្បាប់ថ្មីនេះអាចជាឧបករណ៍នយោបាយរាំងខ្ទប់សំឡេងពលរដ្ឋ។ តាមសេចក្តីប្រកាសរបស់ខ្លួន អង្គការឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកច្បាប់ដកសញ្ជាតិប្រាសចាកពីច្បាប់ ដែលមានចែងជាសកលស្តីពីសិទ្ធិមនុស្ស។
នៅថ្ងៃចន្ទ ទី ១ ខែកញ្ញានេះ ថ្នាក់ដឹកនាំគណបក្សកាន់អំណាចនៅកម្ពុជាបានទៅដល់រដ្ឋធានីហាណូយ ដើម្បីចូលរួមពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងខួប៨០ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ទី២ ខែកញ្ញា ឆ្នាំ២០២៥។ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាលោក ហេង សំរិន បានបញ្ជាក់ក្នុងបទសម្ភាសន៍មួយជាមួយកាសែតវៀតណាមថា ទស្សនកិច្ចរបស់ប្រតិភូជាន់ខ្ពស់កម្ពុជានៅវៀតណាម ជាឱកាសដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជំរុញការផ្លាស់ប្តូរវប្បធម៌ និងបង្កើនការយល់ដឹងអំពីគ្នាទៅវិញទៅមករវាងប្រទេសទាំង២។
នៅក្រោយពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃកាន់តែមានភាពតានតឹងរហូតឈានទៅដល់ការផ្ទុះអាវុធ កាលពីចុងខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរកាន់តែមានសន្ទុះច្រើនឡើង ក្នុងការធ្វើពហិកាទៅលើទំនិញនិងផលិតផលផ្សេងៗដែលនាំចូលមកពីប្រទេសថៃ។ ជាក់ស្តែងនៅក្នុងខេត្តបាត់ដំបង អាជីវករលក់ដូរនៅតាមបណ្តាផ្សារនានាបានអះអាងថានៅក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ ពួកគេតែងតែឲ្យតម្លៃទៅលើទំនិញនិងផលិតផលខ្មែរក្នុងស្រុកជាចម្បង មុននឹងសម្រេចចិត្តទិញនិងលក់ផលិតផលដែលខ្វះខាតផ្សេងទៀតដែលនាំចូលមកពីក្រៅប្រទេស ដូចជាមកពីប្រទេសចិន ប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ីជាដើម។
វិញ្ញាសាគណិតវិទ្យា អំឡុងសម័យប្រឡងបាក់ឌុប កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ មានលទ្ធភាពបែកធ្លាយក្រោយដំណាក់កាលរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានពិនិត្យរួច និងសម្រេចជាមួយនឹងហត្ថលេខាសង្ខេប។ នេះបើតាមការវាយតម្លៃបឋមរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ តាម ACU វិញ្ញាសាគណិតនេះក៏អាចត្រូវបានលួចថតនៅបន្ទប់ប្រឡង ដែលបេក្ខជនមានវត្តមានមិនគ្រប់២៥នាក់ដែរ។
ធនាគារពិភពលោក (World Bank) បានអនុម័តគម្រោងកែលំអការអប់រំកម្រិតមូលដ្ឋាន ក្នុងទំហំទឹកប្រាក់ប្រមាណជាង ១០០លានដុល្លារអាមេរិកដើម្បីជួយដល់កុមារ ដែលខ្សោយជំនាញអក្ខរកម្ម និងគណិតវិទ្យា។ តាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ គម្រោងនេះនឹងជួយដល់កុមារជិត ២លាននាក់ ខណៈកុមារតូចអាយុក្រោម ៥ឆ្នាំប្រមាណជាង ៥ម៉ឺននាក់ផ្សេងនឹងទទួលបានការថែទាំពីមជ្ឍមណ្ឌលថែទាំកុមារនៅកម្ពុជាផងដែរ។
នៅឥណ្ឌូណេស៊ី បាតុកម្មហិង្សាប្រឆាំងនគរបាលនិងអាជ្ញាធររដ្ឋ កាន់តែរីករាយដាលខ្លាំងឡើងៗ។ ក្រៅពីដុតបំផ្លាញស្ថាប័នសាធារណៈពីសំណាក់បាតុករហិង្សា ក៏មានក្រុមជនខិលខូចបានឆ្លៀតឱកាសចូលលួចរបស់របរនៅក្នុងគេហដ្ឋានរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងផ្ទះសមាជិកសភា ជាច្រើននាក់។ ភ្លាមៗ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញវិធានការក្តៅប្រឆាំងនឹងក្រុមចោរ។ ចំណែក ប្រធានាធិបតីឥណ្ឌូណេស៊ី បានចាត់ទុកក្រុមចោរឆ្លៀតឱកាសនោះ ថា ភេរវជន ក្បត់ជាតិ ។
សាធារណជននៅប៉ុន្មានថ្ងៃនេះ បានបន្តជជែកវែកញែកជំរុញឲ្យដាក់ទោសទណ្ឌលើអធិការរងនគរបាលខណ្ឌចំការមនមួយរូប ដែលបានប្រើពាក្យសម្តីមិនសមរម្យដាក់ក្មេងស្រី២រូប ដែលនាងគ្រាន់ជាសាក្សីជួយបំភ្លឺសំណុំរឿងឃាតកម្ម។ បន្ទាប់ពីចេញវីដេអូលើបណ្តាញសង្គម សាធារណជនបានចាត់ទុកពាក្យសម្តីរបស់អធិការរងរូបនោះ គឺជាការប្រព្រឹត្តខុសផ្នែកក្រមសីលធម៌ ក្នុងនាមខ្លួនជាមន្ត្រីអនុវត្តច្បាប់។ យ៉ាងណាក្រោយមានប្រតិកម្មពីមហាជន ក្រសួងមហាផ្ទៃនៅរសៀលថ្ងៃអាទិត្យនេះ បានសម្រេចដកហូតដំណែង និងបណ្តេញអធិការរងខណ្ឌចំការមន ឈ្មោះ ហួត គង់ ចេញពីក្របខណ្ឌមន្ត្រីនគរបាល។
មេដឹកនាំជាន់ខ្ពស់មួយរូបរបស់គណបក្សកម្លាំងជាតិលោក រ៉ុង ឈុន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃអាទិត្យទី ៣១ ខែ សីហា ឆ្នាំ ២០២៥ថា ប្រធានគណបក្សកម្លាំងជាតិស្រុកភ្នំព្រឹក ខេត្តបាត់ដំបងលោក សឹង ហៀង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយគ្មានដីកា និងគ្មានមូលហេតុច្បាស់លាស់។ លោក រ៉ុង ឈុន បានដាក់ការសង្ស័យថាការចាប់ខ្លួននេះ កើតឡើងដោយសារសកម្មភាពរបស់លោក សឹង ហៀង ក្នុងបណ្តាញសង្គមហ្វេសប៊ុក។ លោកផ្តល់ការកត់សម្គាល់ទៀតថា ការចាប់ខ្លួននេះមិនគួរកើតមានក្នុងពេលកម្ពុជាកំពុងរងការឈ្លានពានពីភាគីថៃ។
យប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ទី៣១សីហា កងទ័ពអ៊ីស្រាអែលបានសម្រុកវាយប្រហារលើក្រុងហ្កាហ្សា ដើម្បីកម្ទេចលំនៅដ្ឋាន ហើយជំរុញប្រជាជនប៉ាឡេស្ទីនឲ្យចាកចេញ។ កងទ័ពអ៊ីស្រាអែល ព្រមានថា ការជម្លៀសប្រជាជនចេញ ជារឿងជៀសពុំរួច។ ផ្ទុយទៅវិញ អង្គការកាកបាទក្រហមអន្តរជាតិ បានចេញមុខបរិហារអ៊ីស្រាអែលអំពីការ«បោសសម្អាត»ប្រជាជនប៉ាឡេស្ទីន និងព្រមានថា ផែនការជម្លៀសប្រជាជនយ៉ាងសន្ធឹក ជាង ១លាននាក់ ចេញពីក្រុងហ្កាហ្សា ជាមហន្តរាយធ្ងន់ធ្ងរ និងជាគម្រោងធ្វើទៅមិនរួចទេ ប្រសិនបើអ៊ីស្រាអែលគោរពច្បាប់អន្តរជាតិ។
នៅថ្ងៃអាទិត្យទី៣១សីហា និងថ្ងៃចន្ទស្អែក ប្រទេសចិនធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលលើកទី២៥របស់អង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងកំពង់ផែធានជីន។ តាំងពីថ្ងៃសៅរ៍ និងនៅព្រឹកថ្ងៃអាទិត្យនេះ ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានទទួលស្វាគម មេដឹកនាំរបស់ប្រទេសធំៗជាច្រើន ដូចជាប្រធានាធិបតីរុស្ស៊ី លោកពូទីន នាយករដ្ឋមន្រ្តីឥណ្ឌា ម៉ូឌី និងថ្នាក់ដឹកនាំរបស់ប្រទេសអាស៊ីជាង១០ ក្នុងនោះមានផងដែរនាយករដ្ឋមន្រ្តី កម្ពុជា លោកហ៊ុនម៉ាណែត។