លោក អ៊ីលីយ៉ា យ៉ាហ្ស៊ីន (Ilya Yashin) សកម្មជនប្រឆាំងរដ្ឋាភិបាលរុស្ស៊ី ដែលមានឈ្មោះ បោះសំឡេងមួយរូប បានថ្លែងនៅថ្ងៃ ចន្ទ ទី ៨ កញ្ញា ថ្មីៗនេះថា អាជ្ញាធររុស្ស៊ី បានប្រកាស ដកសញ្ជាតិរុស្ស៊ី ពីរូបគាត់។ នេះបើយោងតាមប្រភពព័ត៌មានចុងក្រោយ ដែលអាជ្ញាធររុស្ស៊ី បានចុះផ្សាយ ជុំវិញសំណុំរឿងព្រហ្មទណ្ឌថ្មីមួយទៀត ពាក់ព័ន្ធនឹងរូប លោក អ៊ីលីយ៉ា យ៉ាហ្ស៊ីន។
សភាបារាំង ដែលបណ្តាគណបក្សប្រឆាំងមានសំឡេងច្រើនជាង បានសម្រេចបោះឆ្នោតដកសេចក្តីទុកចិត្តពីនាយករដ្ឋមន្ត្រី លោក ហ្វ្រង់ស័រ បៃរូ។ ប្រមុខរដ្ឋាភិបាលអស់តំណែងរូបនេះ ត្រូវប្រគល់លិខិតលាលែងចុះចេញពីកៅអីជាផ្លូវការ ជូនចំពោះប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង នៅវិមានអេលីហ្សេ។ ទោះចង់មិនចង់ ប្រទេសបារាំងត្រូវធ្លាក់ក្នុងវិបត្តិនយោបាយជាថ្មី ដ្បិតថា ក្រុមសហជីពជាច្រើន រួមនិងបក្សប្រឆាំង បានប្រកាសផ្តើមធ្វើបាតុកម្មចាប់ពីថ្ងៃទី១០កញ្ញាតទៅ ដើម្បីបិទខ្ទប់ដំណើរការការងារជាច្រើនវិស័យ ក្នុងបំណងចង់ទម្លាក់ប្រមុខរដ្ឋតែម្តង។
កាលពីថ្ងៃចន្ទទី៨កញ្ញា លោកថាក់ស៊ីន ស្ថាបនិកគណបក្សភឿថៃ បានត្រលប់ចូលស្រុកវិញ ដើម្បីចូលខ្លួនក្នុងសវនាការរបស់តុលាការកំពូលថៃ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងភាពត្រឹមត្រូវ នៃការអនុវត្តទោសរបស់លោក។ ព្រឹកថ្ងៃអង្គារទី៩កញ្ញានេះ តុលាការកំពូលថៃ បានសម្រេចសេចក្តី បញ្ជូនលោកថាក់ស៊ីន យកទៅអនុវត្តទោសចំនួន១ឆ្នាំ នៅក្នុងមន្ទីរឃុំឃាំងក្រុងបាងកក។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះបានបញ្ជាក់ថា គ្មានការបញ្ជាឱ្យកងទ័ពជួរមុខនៅសមរភូមិដកថយ ក្រោយបទឈប់បាញ់ និងគ្មានការចរចាដោយភ្ជាប់លក្ខខណ្ឌដោះដូរដីជាមួយថៃទេ។ ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក ហ៊ុន ម៉ាណែតធ្វើឡើង ក្រោយមានការវែកញែកលើបណ្តាញសង្គមហ្វេសប៊ុកជុំវិញភាពអសកម្ម និងកម្សោយនៃការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃកន្លងមករបស់រដ្ឋាភិបាលកម្ពុជា។
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានដាក់ឲ្យចូលនិវត្តន៍ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ទៅ បន្ទាប់ពីបានដំណើរការអស់រយៈពេលជិត ៧០ឆ្នាំ។ ប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់កាលពីខែឧសភា ឆ្នាំ២០២៥ថា នឹងរក្សាទុកព្រលានយន្តហោះទំហំជាង ៤០០ហិចតានេះ ជាទ្រព្យសម្បត្តិរដ្ឋ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។ អ្នកតាមដានសង្គមនានាយល់ឃើញថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ គួរតែត្រូវបានរៀបចំឲ្យក្លាយទៅជាកន្លែងកម្សាន្ត ទេសចរណ៍ វប្បធម៌ កីឡា ដែលអាចទាក់ទាញថវិកាបានយ៉ាងច្រើនសម្រាប់ហិបរដ្ឋ។
មន្ត្រីរដ្ឋាភិបាលកម្ពុជា និងហ្វីលីពីនបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ស្តីពីការប្រឆាំងអំពើឆ្លងដែន ការងារក្នុងវិស័យអប់រំ និងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងប្រធានាធិបតីហ្វីលីពីន លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រនៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅកម្ពុជាដែលចាប់ផ្តើមក្នុងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥។
ការឃោសនាផ្សព្វផ្សាយដើម្បីសង្រ្គាមកកើតមាននៅគ្រប់ទីកន្លែងក្នុងពិភពលោក។ ប្រធានឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិបានទាញសញ្ញាអាសន្នយ៉ាងដូច្នេះ នៅថ្ងៃចន្ទទី ៨កញ្ញា ដែលជាថ្ងៃបើកកិច្ចប្រជុំលើកទី៦០របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ។ ដោយលើកឡើងពីសង្រ្គាមនៅហ្កាហ្សា សង្រ្គាមអ៊ុយក្រែន និងជម្លោះប្រដាប់អាវុធនៅស៊ូដង់ ប្រធានឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិថ្លែងព្រួយបារម្ភពីនិន្នាការលើកស្ទួយការប្រព្រឹត្តអំពើហិង្សា និងការធ្លាក់ចុះខ្សោយនៃច្បាប់អន្តរជាតិ។
ហេតុការណ៍វាយប្រហារមួយ បានកើតឡើងនៅទីក្រុងហ្សេរុយសាឡឹមភាគខាងកើត ដោយខ្មាន់កាំភ្លើងជនជាតិប៉ាឡេស្ទីន២នាក់ បានបាញ់រះ បណ្តាលឲ្យស្លាប់មនុស្សយ៉ាងហោច៦នាក់។ សមត្ថកិច្ចអ៊ីស្រាអែល បានចាត់ទុកការវាយប្រហារមកលើជនជាតិជ្វីហ្វនេះ គឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុត បើគិតចាប់ពីហេតុការណ៍វាយប្រហារថ្ងៃទី៧តុលាឆ្នាំ២០២៣។
អធិការបតីអាល្លឺម៉ង់ លោកហ្វ្រីដ្រិក មែក្ស បានព្រមានថា ផែនការចក្រពត្តិនិយមរបស់មេដឹកនាំរុស្ស៊ី គឺលោកពូទីននឹងមិនបញ្ចប់នៅត្រឹមទឹកដីអ៊ុយក្រែន។ ថ្លែងនៅចំពោះមុខអ្នកតំណាងទូតទាំងអស់របស់អាល្លឺម៉ង់ នៅក្នុងសន្និសីទ កាលពីថ្ងៃចន្ទទី ៨កញ្ញា ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់បានចោទប្រកាន់រុស្ស៊ីរបស់លោកពូទីនថា បានបង្កើនការវាយប្រហារចម្រុះ Hybrid មកលើអាល្លឺម៉ង់។ ឈាង បុប្ផារាយការណ៍ព័ត៌មាននេះលម្អិត៖
ភាពយន្តឯកសារ «វាលពិឃាតរបស់វេជ្ជបណ្ឌិត ហាំង ង៉ោ» បានរៀបរាប់ពីដំណើរជីវិត និងការសម្ដែងរបស់លោក ហាំង ង៉ោ មុនពេលដែលលោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីឆ្នាំ ១៩៩៦។ ឃាតកម្មលើលោក ហាំង ង៉ោ នៅតែបន្សល់ភាពសោកសៅដល់ទស្សនិកជនជាតិ និងអន្តរជាតិ។ សម្រាប់ពលរដ្ឋខ្មែរ ឃាតកម្មលើលោក ហាំង ង៉ោ ជាការបាត់បង់អ្នកមានស្នាដៃឆ្នើមខ្មែរ។
សហភាពអង្គការសង្គមស៊ីវិលដែលតំណាងឱ្យក្រុមអង្គការ សមាគម និងក្រុមយុវជនខ្មែរ ៥០ស្ថាប័ន/ក្រុមបានដាក់លិខិតស្នើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដាក់សម្ពាធថៃឱ្យឈប់ធ្វើរបងចូលក្នុងទឹកដីខ្មែរបន្តទៀត។ បើតាមលិខិតចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ សហភាពអង្គការសង្គមស៊ីវិលទាំងនេះជឿថា ក្នុងកាលៈទេសៈនេះ គឺមានតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះដែលមានទឹកមាត់ប្រៃដើម្បីប្រាប់ថៃឱ្យឈប់បំពានទឹកដីកម្ពុជា។
កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ថៃរកបាននាយករដ្ឋមន្រ្តីទី ៣២ គឺលោក អនុធិន ឆានវីរៈគូន។ នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត បានផ្ញើសារអបអរសាទរលោក អនុធិន ឆានវីរៈគូន តែមិនភ្លេចលើកឡើងពីការចង់បានរបស់កម្ពុជាដើម្បីស្តារទំនាក់ទំនងការទូតជាមួយថៃឲ្យមានប្រក្រតីភាពឡើងវិញ។ ចំណែកនាយករដ្ឋមន្រ្តីថៃថ្មីក៏បានបង្ហាញពីការត្រៀមវិធានការដោះស្រាយជម្លោះកម្ពុជា-ថៃ ដោយសន្តិវិធី ដើម្បីកាត់បន្ថយទុក្ខលំបាក និងការបាត់បង់ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ តែអ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញថា រដ្ឋាភិបាលថ្មីថៃរបស់លោក អនុធិន ឆានវីរៈគូន ក៏មិនខុសគ្នាប៉ុន្មានពីរដ្ឋាភិបាលចាស់ដែរ ព្រោះអ្នកមានអំណាចក្នុងដៃពិតប្រាកដនៅថៃ គឺក្រុមយោធាថៃដែលហាក់បង្ហាញសកម្មភាពមិនចង់ស្តារទំនាក់ទំនងជាមួយកម្ពុជាឡើងវិញ។ ចំណែកអ្នកជំនាញយល់ថា ការស្តារទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរនៅមានភាពលំបាកនៅឡើយ។ តើទំនាក់ទំនងកម្ពុជា-ថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តីថៃថ្មីអាចមានអ្វីប្រែប្រួលខ្លះ?
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសសារជាថ្មីថាមិនមានការបែកធ្លាយវិញ្ញាសាគណិតវិទ្យាមុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនោះទេ។ ចំពោះឯកសារដែលបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក និងមានភាពស្រដៀងគ្នាទៅនឹងវិញ្ញាសារដើមស្ទើរតែទាំងស្រុងត្រូវបាន ACU បញ្ជាក់ថា គឺត្រូវបានបត់ និងលាយកមកបង្ហោះក្រោយម៉ោងប្រឡង។
សុខុមាលភាពរបស់កងទ័ពដែលត្រូវបានឃុំខ្លួន គឺជាបញ្ហានៃសេចក្តីថ្លៃថ្នូររបស់ជាតិនិងជាកង្វល់ផ្នែកមនុស្សធម៌ជាបន្ទាន់។ នេះជាការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយនាពេលថ្មីៗនេះ។ លោក ហ៊ុន ម៉ាណែត ក៏បានបង្គាប់ឲ្យស្ថាប័នរដ្ឋាភិបាលរិះរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបានទាំងតាមទ្វេភាគីតំបន់ និងអន្តរជាតិដើម្បីធានានូវការវិលត្រលប់មកវិញយ៉ាងឆាប់រហ័សរបស់កងទ័ពទាំង១៨នាក់។
ព្រះមហាក្សត្រខ្មែរ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិដែលមាន៣៤មាត្រា។ មាត្រា២៩ថ្មីនៃច្បាប់ស្តីពីសញ្ជាតិដែលត្រូវបានធ្វើវិសាធនកម្ម បានបើកផ្លូវឲ្យមានការដកសញ្ជាតិពលរដ្ឋខ្មែរតាមករណីមួយចំនួន ដូចជាការប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពឈុបឃិតគ្នាជាមួយបរទេសដែលនាំឲ្យអន្តរាយដល់ផលប្រយោជន៍ស្នូលរបស់ប្រទេសកម្ពុជា។ អ្នកវិភាគយល់ថា ច្បាប់នេះអាចបង្កការរឹតត្បិតលើក្រុមអ្នកនយោបាយជំទាស់។
នៅទីក្រុងឡុងដ៍ ប៉ូលិសអង់គ្លេស បានចាប់ខ្លួនបាតុករ ប្រមាណជិត ៩០០ នាក់ នៅចុងសប្តាហ៍នេះ ពីព្រោះតែពួកគេធ្វើបាតុកម្មសម្តែងការគាំទ្រចំពោះអង្គការសកម្មភាពដើម្បីប៉ាឡេស្ទីន Palestine Action។ អង្គការនេះ បានត្រូវរដ្ឋាភិបាលអង់គ្លេស ហាមឃាត់ ក្រោមច្បាប់ប្រឆាំងភេរវកម្ម។ បើតាមប៉ូលិសអង់គ្លេស បាតុករខ្លះបានប្រព្រឹត្តល្មើស ដោយប្រើហិង្សាទៅលើកម្លាំងសមត្ថកិច្ច។
នៅសហរដ្ឋអាមេរិក ប៉ូលីសអន្តោប្រវេសន៍អាមេរិកបានចាប់ខ្លួនបុគ្គលិករោងចក្រផលិតអាគុយរថយន្តអគ្គិសនី Hyundai-LG Energy Solution ចំនួន ៤៧៥នាក់ នៅភាគខាងត្បូងនៃរដ្ឋ Georgia ព្រោះតែពួកគេធ្វើការខុសច្បាប់លើទឹកដីអាមេរិក។ ប្រមុខការទូតកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃសៅរ៍ ទី៦ កញ្ញា ថា នៅក្នុងចំណោមនោះមានជនជាតិកូរ៉េខាងត្បូង ជាង៣០០នាក់។ ថ្នាក់ដឹកនាំក្រុងសេអ៊ូលអាចនឹងធ្វើទៅទីក្រុងវ៉ាស៊ីន ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ជុំវិញបញ្ហានេះ ប្រសិនបើចាំបាច់។
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានគូសបញ្ជាក់ថា បទឈប់បាញ់រវាងកម្ពុជា-ថៃ នឹងមិនអាចកើតមានឡើយ បើសិនគ្មានភាគីអាមេរិកជួយសម្របសម្រួល។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបរវាងលោក ហ៊ុន សែន និងភារធារីទូតអាមេរិកលោកស្រី Bridgette L. Walker កាលពីថ្ងៃសុក្រទី៥កញ្ញា ឆ្នាំ២០២៥។
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. នឹងត្រូវបំពេញទស្សនកិច្ចផ្លូវរដ្ឋចំនួន៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩កញ្ញា ឆ្នាំ២០២៥។ តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកMarcos មកកម្ពុជា គឺដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជានិងហ្វីលីពីន។ លោកបណ្ឌិត ស៊ឺន សំ អ្នកស្រាវជ្រាវផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា កត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន នឹងមានការជជែកពីបញ្ហាតំបន់ ជាពិសេសស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ។ បន្ថែមពីនេះ លោកយល់ថា កម្ពុជាគួរស្វែងរកឱកាសនាំផលិតផលកសិកម្មរបស់ខ្លួនទៅកាន់ទីផ្សារហ្វីលីពីន។
ច្បាប់ដកសញ្ជាតិពលរដ្ឋខ្មែរបានចូលជាធរមាន បន្ទាប់ពីការចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ក្រុមអ្នកនយោបាយនៅក្រៅប្រទេសបានលើកឡើងថា ច្បាប់នេះមានគោលដៅធ្វើបាបអ្នកនយោបាយប្រឆាំង ពិសេស លោក សម រង្ស៊ី និងក្រុមរបស់លោក។ អ្នកវិភាគយល់ថា ច្បាប់ដកសញ្ជាតិខ្មែរ មិនគួរចេញនៅពេលនេះទេ ដោយសារតែបារម្ភពីការបែកបាក់ផ្ទៃក្នុងជាតិកាន់តែខ្លាំង នៅគ្រាដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយថៃ។ តែអ្នកនាំពាក្យព្រឹទ្ធសភា ចាត់ទុកការមានច្បាប់នេះជារឿងត្រឹមត្រូវ។
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែនក្រើនរម្លឹកឱ្យមានការប្រុងប្រយ័ត្នចំពោះជំនួយបរទេស ពិសេសរាល់ជំនួយដែលផ្តល់មកឱ្យប្រទេសក្រីក្រ។ នេះជាលើកឡើងរបស់លោក ហ៊ុន សែន នៅចំពោះមុខឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ លោក Daouda Bitie ក្នុងពិធីប្រគល់សារតាំងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។ សម្រាប់លោក ហ៊ុន សែន ជំនួយពីបរទេសមួយចំនួនអាចជះផលអវិជ្ជមាន ប្រសិនបើសាមីរដ្ឋាភិបាលប្រទេសនោះខ្វះការគិតគូរឱ្យបានល្អិតល្អន់។
កាន់អំណាចបានតែ ១ ឆ្នាំ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គេរូ អ៊ីស៊ីបា បានសម្រេចចិត្តប្រកាសលាលែងពីតំណែង ព្រោះតែការធ្លាក់ចុះប្រជាប្រិយភាពខ្លាំង និងវិបត្តិអតិផរណាទំនិញ។ ការប្រកាសលាឈប់របស់ប្រមុខរដ្ឋាភិបាលជប៉ុនរូបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអាទិត្យ ដើម្បីបើកផ្លូវឲ្យគណបក្សរបស់លោក បោះឆ្នោតជ្រើសតាំងមេដឹកនាំថ្មី នៅថ្ងៃចន្ទ ទី៨កញ្ញា ។
ប្រជាពលរដ្ឋខ្មែរ បានជួបជុំគ្នាសម្តែងមតិ នៅមុខសភាស៊ុយអែត ដើម្បីទាមទារឲ្យផ្អាកលក់យន្តហោះចម្បាំងទៅឲ្យប្រទេសថៃ ដែលកំពុងតែមានជម្លោះនៅព្រំដែនជាមួយកម្ពុជា។ ក្រៅពីសុំឲ្យព្យួរកិច្ចសន្យាទិញលក់អាវុធ បាតុករខ្មែរក៏ស្នើរដ្ឋាភិបាលស៊ុយអែត ដាក់សម្ពាធលើថៃ ដើម្បីដោះលែងទាហានខ្មែរ ហើយបញ្ឈប់រាល់ទង្វើអរិភាព និងហិង្សាបំពានលើប្រជាជាតិខ្មែរ។
សហភាពអឺរ៉ុបទទូចឱ្យកម្ពុជា និងថៃ មានកិច្ចខិតខំប្រកបដោយនិរន្តរភាពក្នុងការអនុវត្តបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ ២០២៥នៅប្រទេសម៉ាឡេស៊ី។ ភាគីទាំងពីរក៏ត្រូវគោរពតាមច្បាប់អន្តរជាតិ និងបញ្ចៀសសកម្មភាពណាមួយដែលបង្កឱ្យមានភាពតានតឹងរវាងគ្នា។ នេះជាការលើកឡើងរបស់ អ្នកនាំពាក្យសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខលោកស្រី Anitta Hipper។ អ្នកវិភាគយល់ថា ការអំពាវនាវរបស់សហភាពអឺរ៉ុបយ៉ាងដូចនេះ ស្តែងឱ្យឃើញពីភាពផុយស្រួយនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ព្រោះការអនុវត្តបទឈប់បាញ់នេះប្រៀបដូចជាការពន្យារពេលនៃការកើតឡើងសង្គ្រាមម្តងទៀត ដោយសារភាគីទាំង២មានជំហរផ្ទុយគ្នាក្នុងការដោះស្រាយជម្លោះព្រំដែន។
នៅថ្ងៃទី៦ ខែកញ្ញានេះ ក្រុមការងារ Cambodia Local Guides បានបញ្ចេញរបាយការណ៍មួយដោយបានកត់ត្រាពីការយាយីជាប្រព័ន្ធដែលកំណត់គោលដៅលើប្រទេសកម្ពុជា តាមរយៈការកែប្រែទីតាំងនៅលើ Google Maps។ ក្រុមអ្នកស្ម័គ្រចិត្តក្នុងស្រុក និងការវិភាគបច្ចេកទេស បានរកឃើញថា មានការបំពានយ៉ាងទូលំទូលាយដែលប៉ះពាល់ «អធិបតេយ្យភាពឌីជីថល កេរ្ត៍ឈ្មោះទេសចរណ៍ និងសុវត្ថិភាពសហគមន៍» របស់កម្ពុជា។
ចាប់តាំងពីឆ្នាំ២០១៦ នៅពេលដែលមើលឃើញតម្រូវការ និងភាពចាំបាច់នៅក្នុងសង្គមពាក់ព័ន្ធនឹងការថែទាំសុខភាពមនុស្សចាស់ជរា លោកស្រីឌីផន ភិរម្យ ដែលធ្លាប់ជាគិលានុបដ្ឋាយិកាដ៏ចំណានម្នាក់ បានសម្រេចចិត្តបើកអាជីវកម្មថ្មីដំបូងគេមួយនៅកម្ពុជា គឺសេវាថែទាំសុខភាពចល័ត ដែលមានឈ្មោះថាMUCH Mobile Health Care។ លោកស្រីឌីផន ភិរម្យ បានលើកឡើងថាបច្ចុប្បន្នសេវាថែទាំសុខភាពមនុស្សចាស់កាន់តែទទួលបានការចាប់អារម្មណ៍ ដោយសារយុវជនមានភាពមមាញឹកខ្លាំងនៅក្នុងការងាររបស់ខ្លួន។
នៅថៃ ក្រោយទទួលការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីសភា ក្នុងសំឡេងគាំទ្រ ៣១១សំឡេង លើ ៤៩២អសនៈ ប្រធានគណបក្សភូមិចៃថៃ លោក អនុធិន ឆានវីរៈគូន បានក្លាយជានាយករដ្ឋមន្ត្រីថៃ ទី៣២ ជាផ្លូវការ កាលពីថ្ងៃសុក្រ ទី៥ កញ្ញា។ នាយករដ្ឋមន្ត្រីថៃថ្មី បានប្រកាសផ្សះផ្សាជាតិ ដោយមិនសងសឹកព្យាបាទក្រុមគ្រួសាររបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន។ មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីថៃថ្មី រូបនេះ បានបញ្ជាក់ការសន្យាថា នឹងអនុវត្តតាមលក្ខខណ្ឌទាំងអស់នៃកិច្ចព្រមព្រៀងជាមួយគណបក្សប្រាឆាឈុន ដែលជាបក្សប្រឆាំងធំជាងគេនៅថៃ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសនៅសេតវិមាន នាថ្ងៃសុក្រ ទី៥ កញ្ញា ថា លោកនិង នាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី នៅតែជាមិត្តភ័ក្តិនឹងគ្នា បើទោះបីជាប្រទេសទាំងពីរ កំពុងប្រឈមមុខតានតឹងដាក់គ្នា ក្នុងទំនាក់ទំនងពាណិជ្ជកម្ម។ រីឯ លោកម៉ូឌីក៏បានបង្ហាញពីអារម្មណ៍ដូចគ្នា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកត្រាំ ដែលបានគិតគូរពីទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងញូដែលី។
អាជ្ញាធរជំនាញពាក់ព័ន្ធបានចេញសេចក្តីព្រមានមួយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយប្រាប់ឲ្យនីតិបុគ្គល ឬរូបវន្តបុគ្គលបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពរក្សាទុកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌(ប័ណ្ណក្រីក្រ) និងប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) សម្រាប់ការធានាលើប្រាក់កម្ចី។ នេះជាការក្រើនរម្លឹកជាថ្មីនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ រវាងក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
ថ្ងៃទី ៥កញ្ញា អង្គការសុខភាពពិភពលោក បានសម្រេចចុះបញ្ជីនូវម៉ូឡេគុលឱសថថ្មី ចំនួន៤មុខ ទៅក្នុងបញ្ជីឱសថសំខាន់ៗ។ ផ្អែកតាមការសិក្សាស្រាវជ្រាវ ម៉ូឡេគុលទាំង៤មុខនេះ មិនត្រឹមតែមានប្រសិទ្ធភាពល្អ ក្នុងការព្យាបាលទាំងជម្ងឺទឹកនោមផ្អែមនោះទេ តែអាចមានប្រសិទ្ធភាពព្យាបាលជម្ងឺធាត់ចុកខ្លាញ់ថែមទៀតផង។ ទន្ទឹមគ្នានេះ អង្គការសុខភាពពិភពលោក បានអំពាវនាវឲ្យមន្ទីពិសោធន៍ឱសថម្ចាស់អាជ្ញាបណ្ណ ត្រូវតែបើកផ្លូវ ផ្តល់សិទ្ធិផលិតឱសថទាំងនេះ ទៅកាន់សហគ្រាសផលិតឱសថតាមប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធ្វើឲ្យឱសថនេះ មានតម្លៃថោក ជួយព្យាបាលមនុស្សនៅតាមប្រទេសក្រីក្រ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស្វ៊ីស ត្រូវជជែកចរចា ជាមួយមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកទទួលបន្ទុកពាណិជ្ជកម្ម នៅថ្ងៃសុក្រ ទី៥កញ្ញា។ នេះបើតាមការបញ្ជាក់របស់ ក្រុមប្រឹក្សាសហព័ន្ធស្វ៊ីស។ កម្មវត្ថុនៃកិច្ចពិភាក្សា គ្មានអ្វីផ្សេង ក្រៅពីចង់ស្នើឲ្យអាមេរិកបញ្ចុះរនាំងពន្ធគយ ដែលស្វ៊ីសយល់ថា ខ្ពស់ខ្លាំងពេក។ ពោលអាមេរិកដាក់អត្រាពន្ធគយ ចំនួន ៣៩% ចំពោះទំនិញស្វ៊ីស។
ដូចការគ្រោងទុក សភាថៃបានបើកសម័យប្រជុំនៅថ្ងៃសុក្រទី៥កញ្ញា ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ គឺលោក អនុធិន ឆានវីរៈគូន ប្រធានគណបក្សភូមិចៃថៃ ដែលបានទទួលសំឡេងឆ្នោតគ្រប់គ្រាន់ ក្លាយជានាយករដ្ឋមន្ត្រី និងចាប់ផ្តើមបង្កើតរដ្ឋាភិបាល។ លទ្ធផលដែលបានបង្ហាញអំពីបរាជ័យរបស់គណបក្សភឿថៃ របស់លោកស្រីផែថងថាន។ ប៉ុន្មានម៉ោងមុនសភាបោះឆ្នោត លោកថាក់ស៊ីន ស្ថាបនិកគណបក្សភឿថៃ បានធ្វើដំណើរតាមយន្តហោះចាកចេញពីប្រទេសភ្លាមៗផងដែរ។
រដ្ឋាភិបាលអូស្ត្រាលី តាមរយៈទីភ្នាក់ងារទេសចរណ៍ Smartraveller បានកែសម្រួល និងបង្រួមតំបន់ដែលប្រឈមបញ្ហាគ្រោះថ្នាក់ដល់ភ្ញៀវទេសចរបរទេស ពិសេសភ្ញៀវទេសចរជនជាតិអូស្ត្រាលី ដែលធ្វើដំណើរកម្សាន្តក្នុងប្រទេសកម្ពុជា។ ក្នុងសេចក្តីណែនាំទើបកែសម្រួលថ្មីចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ទីភ្នាក់ងារទេសចរណ៍របស់រដ្ឋាភិបាលអូស្ត្រាលីបានបែងចែកទីតាំង និងភូមិសាស្ត្រក្នុងប្រទេសកម្ពុជាជា ៣តំបន់ សម្រាប់ឱ្យភ្ញៀវទេសចរពិចារណាមុនធ្វើដំណើរកម្សាន្ត តែហាមដាច់ខាត ការធ្វើដំណើរទៅតំបន់ ដែលមានចម្ងាយ ៥០គីឡូម៉ែត្រពីព្រំដែនរវាងកម្ពុជា-ថៃ។
ពលរដ្ឋខ្មែរបានបញ្ចេញប្រតិកម្មហួសចិត្តជាបន្តបន្ទាប់ តាំងពីថៃប្រកាសទិញយន្តហោះចម្បាំង ៤គ្រឿងបន្ថែមទៀតពីប្រទេសស៊ុយអែតកាលពីចុងខែសីហា ឆ្នាំ២០២៥។ ប្រតិកម្មហួសចិត្ត ព្រោះស៊ុយអែតដែលធ្លាប់ជាអ្នកផ្តល់ជំនួយផ្នែកសិទ្ធិមនុស្សមកកម្ពុជាបែរជាងាកទៅចុះកិច្ចព្រមព្រៀងលក់យន្តហោះ Gripen ទៅឲ្យថៃដើម្បីធ្វើសង្រ្គាមប្រឆាំងកម្ពុជាទៅវិញ។ គួររម្លឹកថា ថៃបានប្រើប្រាស់យន្តហោះ Gripen របស់ស៊ុយអែតនេះក្នុងការវាយប្រហារកម្ពុជាចំនួន ៥ថ្ងៃនៅតាមព្រំដែនកាលពីចុងខែកក្កដាកន្លងទៅ។ តើកម្ពុជាគួរមានយន្តការអ្វីខ្លះដើម្បីបង្អាក់ស៊ុយអែតកុំឲ្យលក់យន្តហោះចម្បាំងទៅឲ្យប្រទេសថៃ?