ប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន បានស្នើឱ្យក្រុមសង្កេតការណ៍អន្តរកាល (IOT) ចុះត្រួតពិនិត្យទីតាំងធ្លាក់គ្រាប់ និងធ្វើកោសល្យវិច័យគ្រាប់ ក្រោយយោធាថៃបរិហារកម្ពុជាថា បានបើកការបាញ់ប្រហារទៅលើទីតាំងកងទ័ពថៃដោយប្រើកាំភ្លើងយន្ត។ បើតាមលោក ហ៊ុន សែន ប្រសិនបើភាគីណាមួយ(កម្ពុជា-ថៃ) បដិសេធមិនឱ្យអ្នកសង្កេតការណ៍អន្តរកាល ចុះទៅត្រួតពិនិត្យ គឺបានសេចក្តីថា ភាគីនោះជាអ្នកបាញ់ ហើយជាអ្នកដែលរំលោភបំពានទៅលើបទឈប់បាញ់គ្នា។
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានឆ្លៀតរៀបរាប់ពីជម្លោះព្រំដែនកម្ពុជា និងថៃ ប្រាប់មេដឹកនាំប្រទេសនានាដែលបានចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ ក្នុងទីក្រុងញូវយ៉ក នាសប្តាហ៍នេះ។ លោក ប្រាក់ សុខុន បានប្រាប់មេដឹកនាំ និងរដ្ឋមន្ត្រីការបរទេសមួយចំនួនថា កម្ពុជាគឺជាជនរងគ្រោះក្នុងសង្គ្រាមជាមួយថៃ។ អ្នកវិភាគ លើកឡើងថា នេះជាឱកាសដែលកម្ពុជាបកអាក្រាតទង្វើរបស់ភាគីថៃដែលឈ្លានពានមកលើកម្ពុជា តែថាសហគមន៍អន្តរជាតិអាចមិនសូវផ្តល់ការយកចិត្តទុកដាក់លើ ជម្លោះនេះ។
សមាជិកសភាអាមេរិកចំនួន៨រូប បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ខែកញ្ញា។ តាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ ដំណើរទស្សនកិច្ចរបស់ប្រតិភូសភាអាមេរិកនេះ ជាការបង្ហាញពីការបេ្តជ្ញាចិត្តរបស់អាមេរិក ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា លើវិស័យសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិ មើលឃើញថា ដំណើរទស្សនកិច្ចរបស់ក្រុមប្រតិភូសភាអាមេរិកមកកម្ពុជាពេលនេះ មានលក្ខណៈពិសេស ចំពេលដែលកម្ពុជាកំពុងអនុវត្តបទបាញ់ ក្នុងជម្លោះព្រំដែនជាមួយភាគីថៃ។ តើដំណើរទស្សនកិច្ចនៃប្រតិភូសភាអាមេរិកនៅកម្ពុជាក្នុងស្ថានភាពបែបនេះ មានន័យយ៉ាងដូចម្តេចចំពោះកម្ពុជា?
ទណ្ឌកម្មទៅលើអ៊ីរ៉ង់នឹងត្រូវចាប់ផ្តើមអនុវត្តជាថ្មីឡើងវិញ ចាប់ពីយប់រំលងអាធ្រាត្រថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យទី២៨កញ្ញា។ ជាយន្តការអនុវត្តឡើងវិញ សម្រេចក្នុងក្របខណ្ឌក្រុមប្រឹក្សាសន្តិសុខ បន្ទាប់ពីក្រុមប្រទេសអឺរ៉ុប៣ បារាំង អង់គ្លេស និងអាល្លឺម៉ង់ បានទាមទារអនុវត្ត។ ប្រទេសទាំង៣នេះ បានអះអាងថាអ៊ីរ៉ង់មិនបានគោរពការសន្យារបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរឆ្នាំ២០១៥។
កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយ សាំ ឧត្តម
នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន ម៉ាណែត បានប្រតិកម្មនឹងការអះអាងរបស់ភាគីថៃដែលថា ការកំណត់ព្រំប្រទល់នៅតំបន់មានជម្លោះត្រង់ចំណុចភូមិព្រៃចាន់ និងភូមិជោគជ័យនោះត្រូវបានដោះស្រាយរួចរាល់ គឺជាការលើកឡើងខុសពីការកំណត់នៅក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ ២០០០។ នេះមានន័យថា ភាគីទាំងពីរនឹងនៅបន្តពិភាក្សាការកំណត់ព្រំប្រទល់នេះតាមយន្តការទេ្វភាគីដែលបានព្រមព្រៀងកន្លងមក។
យោធភូមិភាគទី៥របស់កម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានចេញលិខិតបដិសេធចោលការចោទប្រកាន់ពាក់ព័ន្ធនឹងការរុះរើផ្ទះ១ខ្នង នៅចំណុចអូរភ្លុកដំរី ថាជាការកាត់ទឹកដីកម្ពុជាឲ្យទៅថៃ។ យោធភូមិភាគទី៥ ចាត់ទុកការលើកឡើងនេះ ថាខុសពីការពិត និងគ្មានមូលដ្ឋាន។ ការបដិសេធរបស់កងទ័ពកម្ពុជាបែបនេះ កើតឡើង បន្ទាប់ពីអ្នកនយោបាយប្រឆាំងរបស់កម្ពុជា បានអះអាងថា ការដែលកម្ពុជាបានយល់ព្រមរុះរើផ្ទះ១ខ្នងរបស់ពលរដ្ឋខ្មែរ និងកែប្រែលេណដ្ឋាននៅតំបន់ជម្លោះ ទៅតាមសំណើអាជ្ញាធរថៃនៅខេត្តត្រាត គឺប្រៀបដូចជា«ការកាត់ទឹកដីឲ្យថៃ»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ បានថ្លែងបដិសេធចំពោះការចោទប្រកាន់ទាំងឡាយដែលថា កងទ័ពអ៊ីស្រាអែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទៅលើពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ លោកបានថ្លែងយ៉ាងដូចនេះនៅលើវេទិកានៃមហាសន្និបាតអង្គការសហប្រជាជាតិនាថ្ងៃសុក្រ ទី២៦ កញ្ញា។
ឈ្មោះ និងស្នាដៃរបស់ជនជាតិបារាំង លោកLouis Delaporteត្រូវបានគេរំលឹក និងលើកយកមកបង្ហាញ ជូនទស្សនិកជននៅឆ្នាំនេះ។ ចំពោះអ្នកដែលមិនធ្លាប់ស្គាល់ គេត្រូវដឹងថា លោកLouis Delaporteជាអ្នករុករកម្នាក់ដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា នៅសម័យដែលមួយកម្ពុជាស្ថិតក្រោមអាណាព្យាបាលរបស់បារាំង។ កោតសរសើរ ស្ញប់ស្ញែង ស្នាដៃសិល្បៈ ស្ថាបត្យកម្មសាងសង់ប្រាសាទខ្មែរ លោកLouis Delaporteបាននាំយកវត្ថុបុរាណខ្មែរមួយចំនួនមកចូលរួមតាំងពិព័រណ៌សកលនៅប្រទេសបារាំងកាលពីជាង១០០ឆ្នាំមុន។ នៅខួប១០០ឆ្នាំនៃមរណភាពរបស់លោកLouis Delaporteកាលពីខែឧសភាឆ្នាំនេះ និងក្នុងឱកាសដែលសារមន្ទីរហ្គីមេនៅទីក្រុងប៉ារីស តាំងពិព័រណ៌វត្ថុសំរឹទ្ធខ្មែរ ទីក្រុង ឡូស្ហ ដែលជាទីក្រុងកំណើតរបស់លោកLouis Delaporte បានរៀបចំតាំងពិព័រណ៌ស្នាដៃរបស់លោកដែរ ប៉ុន្តែ ភាគច្រើនជាផ្ទាំងគំនូរ ដែលលោកបានគូរកាលពីជាង១០០ឆ្នាំមុន។
នៅលើផ្ទៃមេឃរបស់ប្រទេសសមាជិកអូតង់ខ្លះបន្តរងការយាយីពីដ្រូនអនាមិក។ បន្ទាប់ពីចាប់បានសញ្ញាដ្រូនហោះចូលរំខានជាច្រើនដងលើព្រលានយន្តហោះជាច្រើនតាំងពីយប់ថ្ងៃពុធ ទី២៤ មក អាជ្ញាធរដាណឺម៉ាកបានសម្រេចបិទដែនអាកាសហោះហើរនៅពីលើអាកាសយានដ្ឋានធំទី២ របស់ខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍ឈានចូលដល់ព្រឹកថ្ងៃសុក្រទី២៦ កញ្ញានេះ។ កាលពីប៉ុន្មានថ្ងៃកន្លងទៅ ដាណឺម៉ាកក៏ដូចជាប្រទេសសមាជិករបស់អូតង់នៅភាគខាងជើង និងខាងកើតអឺរ៉ុបកំពុងប្រឈម និងទាញសញ្ញាអាសន្នអំពីវត្តមានដ្រូនអនាមិកហោះពីលើទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាអាកាសយានដ្ឋាន និងមូលដ្ឋានទ័ពអាកាសជាដើម។ នៅថ្ងៃសុក្រ ទី២៦ កញ្ញានេះ ប្រទេសអឺរ៉ុបជាសមាជិកអូតង់ត្រូវជួបប្រជុំគ្នាបន្ទាន់ដើម្បីស្វែងរកចំណាត់ការទប់ទល់នឹងសត្រូវដ៏គ្រោះថ្នាក់មួយនេះ។ តើអ្វីទៅជាជញ្ជាំងរបស់ប្រទេសសមាជិកអូតង់ដើម្បីប្រឆាំងនឹងការវាយប្រហារដោយដ្រូនរុស្ស៊ី និងដ្រូនអនាមិក?
ប្រធានាធិបតីអាមេរិកមិនបញ្ចប់សង្គ្រាមពន្ធគយទេ។ នៅថ្ងៃព្រហស្បតិ៍ ទី២៥ កញ្ញា ២០២៥ លោក ដូណាល់ ត្រាំ បានចេញប្រកាសថ្មីមួយទៀតដោយដំឡើងពន្ធបន្ថែមរហូតដល់ ១០០% លើគ្រប់ផលិតផលឱសថនាំចូលអាមេរិក។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានប្រកាសបេ្តជ្ញាចិត្តជាថ្មីក្នុងការជំរុញសេវាហិរញ្ញវត្ថុនៅកម្ពុជាប្រកបដោយការទទួលខុសត្រូវខ្ពស់ ពង្រឹងកិច្ចការពារអតិថិជន និងការធានានូវនិរន្តរភាពសម្រាប់វិស័យហិរញ្ញវត្ថុ។ ការបេ្តជ្ញាចិត្តរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានេះធ្វើឡើងនៅក្នុងកិច្ចពិគ្រោះយោបល់ដោះស្រាយបញ្ហានៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុរបស់ធនាគារជាតិកម្ពុជា និងអង្គការសហប្រជាជាតិនៅកម្ពុជាកាលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។
ចាប់ពីដើមខែកក្កដា ដល់ថ្ងៃទី២៣ ខែសីហា ពលរដ្ឋខ្មែរយ៉ាងហោចណាស់ ១ពាន់នាក់ត្រូវបានថៃចាប់បញ្ចូនមកប្រទេសកម្ពុជាវិញ ក្រោយព្យាយាមលួចឆ្លងដែនខុសច្បាប់ចូលទៅទឹកដីថៃ អំឡុងស្ថានការណ៍នៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ នេះបើតាមទិន្នន័យពីមន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់។ តាមមន្ត្រីអង្គការសង់ត្រាល់ ទិន្នន័យនេះនៅមិនទាន់រាប់បញ្ចូលចំនួនពលរដ្ឋខ្មែរលួចឆ្លងដែនខុសច្បាប់ ដែលទាហានថៃមិនទាន់ចាប់ខ្លួនបាននៅឡើយទេ។
អាជ្ញាធរខេត្តស្រះកែវរបស់ថៃបានប្រកាសទុកពេលចំនួន ២សប្តាហ៍រហូតដល់ថ្ងៃទី១០ ខែតុលាឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យរបស់កម្ពុជាផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនខ្មែរក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ។ បើមិនដូច្នោះទេ ថៃនឹងអនុវត្តច្បាប់របស់ខ្លួន។ អ្នកជំនាញចាត់ទុកការដាក់ឱសានវាទរបស់ភាគីថៃបែបនេះថាជាការរំលោភច្បាប់អន្តរជាតិទាំងស្រុង។ តាមអ្នកជំនាញ មានតែច្បាប់អន្តរជាតិមួយប៉ុណ្ណោះដែលអាចឆ្លើយតបនឹងទង្វើរបស់ភាគីថៃ។
បើតាមរដ្ឋាភិបាលកូរ៉េខាងត្បូង កូរ៉េខាងជើងមានធាតុអ៊ុយរ៉ានីញ៉ូមចម្រើនរួចប្រមាណដល់ទៅ ២តោន។ បរិមាណអ៊ុយរ៉ាញ៉ូមដ៏សន្ធឹកសន្ធាប់នេះនឹងអនុញ្ញាតឲ្យរបបកុម្មុយនិស្តក្រុងព្យុងយ៉ាងអាចផលិតគ្រាប់បែកបរមាណូបានជាច្រើនគ្រាប់។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំទាស់នឹងគម្រោងរបស់នាយករដ្ឋអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូដែលចង់ធ្វើអាណានិគមកិច្ចភ្ជាប់យកតំបន់ស៊ីហ្សកដានីរបស់ប៉ាឡេស្ទីនដាក់ក្នុងឧបសម្ព័ន្ធដែនដីអ៊ីស្រាអែល។ ការប្រកាសជំទាស់បែបនេះធ្វើឡើងតែ១ថ្ងៃប៉ុណ្ណោះ មុនពេលលោក នេតាន់យ៉ាហ៊ូឡើងថ្លែងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិដើម្បីប្រឆាំងនឹងក្រុមប្រទេសដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។
កាលពីថ្ងៃព្រហស្បតិ៍ទី២៥កញ្ញា ឥណ្ឌាដាក់ពង្រាយទាហានរាប់រយនាក់ និងប្រកាសបម្រាមគោចរ នៅតំបន់Ladakh ក្នុងជួរភ្នំហិមាល័យ នៅមួយថ្ងៃក្រោយដែលបាតុកម្មទាមទារឲ្យសិទ្ធិអំណាចឲ្យតំបន់ បានឆេះរាលដាលទៅជាបាតុកម្មហិង្សា ដុតរថយន្តប៉ូលិស និងទីស្នាក់ការរបស់គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តីណារិនដ្រា ម៉ូឌី។ បើតាមប៉ូលិសឥណ្ឌា ការប៉ះទង្គិចដ៏ហិង្សា កាលពីថ្ងៃពុធទី ២៤កញ្ញា បានសម្លាប់មនុស្ស យ៉ាងហោច ៥នាក់ និងធ្វើឲ្យរងរបួសប្រមាណ១០០នាក់ ក្នុងនោះ ៣០នាក់ជាអាជ្ញាធរមានសមត្ថកិច្ច។ មនុស្ស៤០នាក់ផ្សេងទៀតត្រូវចាប់ឃុំខ្លួន។
អគ្គបញ្ជាការកងទ័ពកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានប្រតិកម្មទៅនឹងការលើកឡើងរបស់អ្នកវិភាគនយោបាយ លោក គឹម សុខ ដែលថា រដ្ឋាភិបាលកម្ពុជាបានទុកសាកសពទាហានចោលនៅក្នុងព្រៃ។ ក្រៅតែពីច្រានចោលថា ជាព័ត៌មានមិនពិត អគ្គបញ្ជាការកងទ័ពក៏បានថ្កោលទោស និងចាត់ទុកការលើកឡើងរបស់លោក គឹម សុខ ថា ជាការប្រមាថដល់កងយោធពលខេមរភូមិន្ទ។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានផ្តល់សម្ភាសផ្តាច់មុខឲ្យទូរទស្សន៍បារាំង France២៤ និង វិទ្យុបារាំងRFI។ ឆ្លើយនឹងសំណួរអ្នកកាសែត ប្រមុខរដ្ឋបារាំងបានបកស្រាយពីសំណុំរឿងអន្តរជាតិជាច្រើន តួយ៉ាង សង្គ្រាមអ៊ុយក្រែន បញ្ហារដ្ឋប៉ាឡេស្ទីន និងនុយក្លេអ៊ែរអ៊ីរ៉ង់។
ថ្ងៃព្រហស្បតិ៍ ទី២៥កញ្ញា តុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស បានសម្រេចកាត់ទោសអតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្ស៊ី ឲ្យជាប់ពន្ធនាគារ ចំនួន ៥ ឆ្នាំ ពីបទល្មើសឃុបឃិតជាមួយក្រុមជនល្មើស។ ទោសព្រហ្មទណ្ឌនេះ ត្រូវអនុវត្តក្នុងពន្ធនាគារជាក់ស្តែង បើទោះបីជា ជនត្រូវចោទរូបនេះ បន្តប្តឹងឧទ្ធរណ៍ ក្តី។
អាជ្ញាធរខេត្តស្រះកែវរបស់ថៃបានប្រកាសទុកពេល២សប្តាហ៍ ឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យរបស់កម្ពុជាផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនខ្មែរពីតំបន់ជម្លោះឲ្យអស់ នៅត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បើពុំដូច្នោះទេ ថៃនឹងអនុវត្តច្បាប់របស់ខ្លួន។ នេះបើតាម លោក លី សុវណ្ណារិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅរសៀលថ្ងៃទី២៥ ខែកញ្ញានេះ។ ការលើកឡើងរបស់មន្រ្តីកម្ពុជាធ្វើឡើង ក្រោយពីអភិបាលខេត្តស្រះកែវមិនព្រមចូលរួមប្រជុំជាមួយអភិបាលខេត្តបន្ទាយមានជ័យនៅថ្ងៃព្រហស្បតិ៍នេះ។
នៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសទទួលស្គាល់ពីកំហុសរបស់លោកក្នុងការសរសេរអត្ថបទមួយទាក់ទងនឹងការប៉ុនប៉ងធ្វើឃាតទៅលើរូបលោកកាលពីថ្ងៃ២៧ឆ្នាំមុន នៅខេត្តសៀមរាប។ កំហុសនៅត្រង់ថា ការដែលលោកហ៊ានអះអាងថា ប្រសិនលោកស្លាប់ ឬរបួសនាពេលនោះ ប្រទេសកម្ពុជានឹងមិនមានសន្តិភាព។ ការលើកឡើងដូច្នេះត្រូវបាន លោក ហ៊ុន សែន ទទួលស្គាល់ថា ជាការមើលឃើញតែមួយជ្រុង ដោយមិនបានគិតដល់កត្តាដទៃទៀត។
អង្គការពាណិជ្ជកម្មពិភពលោក បានអបអរសាទរចំពោះការសម្រេចរបស់ចិន ដែលសុខចិត្តបោះបង់ចោល នូវសិទ្ធិអនុគ្រោះពិសេសរបស់ខ្លួន។ ជាសិទ្ធិពិសេសនៅក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ ដែលគេផ្តល់ទៅឲ្យប្រទេសកំពុងអភិវឌ្ឍន៍។ អង្គការពាណិជ្ជកម្មពិភពលោកលើកឡើងថា ការសម្រេចរបស់ចិននេះ នឹងអនុញ្ញាតឲ្យបង្កើតបរិយាកាសប្រកួតប្រជែង ឲ្យកាន់តែមានសមភាព ព្រមទាំងជំរុញសន្ទុះកំណែទម្រង់នៃស្ថាប័នអន្តរជាតិនេះ។
ក្នុងវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីកូឡុំប៊ី បានស្នើឲ្យបើកនីតិវិធីព្រហ្មទណ្ឌប្រឆាំងនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ការថ្លែងសំណើយ៉ាងដូច្នេះ បានធ្វើឡើងក្រោយពី កងទ័ពជើងទឹកអាមេរិក បានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ហើយបានវាយប្រហារសម្លាប់មនុស្សយ៉ាងតិច ១៤ នាក់ នៅតំបន់សមុទ្រការ៉ាអ៊ីប។
ថៃបានសម្រេចបិទព្រំដែនជាឯកតោភាគីជាមួយកម្ពុជា ចាប់តាំងពីចុងខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីមានភាពតានតឹងនៅព្រំដែនរវាងប្រទេសទាំងពីរ។ ទាក់ទងនឹងផលវិបាកនៃការបិទព្រំដែនជាមួយកម្ពុជានេះ ថៃបានអះអាងថា ខ្លួនបានខាតបង់ទឹកប្រាក់ប្រមាណ ១០ពាន់លានបាត ឬស្មើជាង៣០០លានដុល្លារក្នុង ១ខែ។ ចំណែកពីខាងភាគីកម្ពុជា គេនៅមិនទាន់ដឹងពីទំហំនៃការខាតបង់សេដ្ឋកិច្ច ដោយសារការបិទព្រំដែនជាមួយភាគីថៃនៅឡើយទេ។ ប៉ុន្តែអ្នកសេដ្ឋកិច្ចកម្ពុជាវាយតម្លៃថា ជាឱកាសល្អរបស់កម្ពុជា ប្រសិនបើព្រំដែនកម្ពុជា និងថៃនៅបន្តបិទកាន់តែយូរទៅមុខទៀត៕
ថ្មីៗនេះមានការបង្ហោះចែកចាយនៅតាមបណ្តាញសង្គមយ៉ាងព្រោងព្រាតអំពីការបន្លំយកមីកញ្ចប់របស់ថៃដាក់ចូលកេសមីរបស់ខ្មែរ ឈ្មោះថា «មីជាតិ»។ ភ្លាមៗនោះ ក្រុមហ៊ុនមីជាតិបានចេញមកបកស្រាយថា ការក្លែងបន្លំដូច្នេះមិនមែនជាទង្វើរបស់ក្រុមហ៊ុនទេ តែជាទង្វើរបស់ម្ចាស់ដេប៉ូចែកចាយមីថៃ។ អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា (ក.ប.ប) លោក គឹម មាសសុខសីហា បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ថា មន្ត្រីនៃអគ្គនាយកដ្ឋានបានចុះត្រួតពិនិត្យនៅដេប៉ូយ៉ាងហោច ៣កន្លែង ដែលមានការក្លែងបន្លំផលិតផលថៃ ក្រោយពលរដ្ឋខ្មែរភាគច្រើនពហិការមិនប្រើប្រាស់ផលិតផលថៃ។ បើតាមលោក គឹម មាសសុខសីហា ម្ចាស់ដេប៉ូទាំងនោះក៏បានចុះកិច្ចសន្យាបញ្ឈប់ទង្វើនេះ ជាមួយសមត្ថកិច្ចរួចហើយដែរ។
អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះបានរំឭកឱ្យទេសចរជាតិ និងអន្តរជាតិប្រុងប្រយ័ត្នចំពោះហានិភ័យក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយសារតែការប្រែប្រួលអាកាសធាតុអំឡុងរដូវវស្សា។ អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា បន្ថែមពីការអំពាវនាវ អាជ្ញាធរជាតិអប្សរាបានដាក់ពង្រាយក្រុមការងារតាមតំបន់អង្គរ ដើម្បីតាមដានស្ថានភាពអាកាសធាតុ និងសុវត្ថិភាពភ្ញៀវទេសចរ។ តែទោះយ៉ាងណា លោក ឡុង កុសល នៅតែអំពាវនាវឲ្យភ្ញៀវទេសចរប្រុងប្រយ័ត្នខ្លួនឯង ចំពោះគ្រោះថ្នាក់ជាយថាហេតុ ដែលបង្កឡើងដោយបាតុភូតធម្មជាតិក្នុងរដូវវស្សានេះ។
បន្ទាប់ពីបានឆ្លងកាត់ភាគខាងជើងហ្វីលីពីន ខ្យល់ព្យុះទីហ្វុង រ៉ាហ្កាសា បានបោកសង្គ្រុបលើកោះតៃវ៉ាន់ និងកំពុងរំកិលខ្លួនចេញពីហុងកុង ឈ្ពោះទៅកាន់តំបន់ខាងត្បូងនិងខាងកើតប្រទេសចិន។ នៅតៃវ៉ាន់ ទឹកជំនន់យ៉ាងគំហុកបង្កដោយព្យុះសង្ឃរានេះ បានបណ្តាលឲ្យបាក់ទំនប់ទឹក ស្លាប់មនុស្សយ៉ាងហោច១៥នាក់ និងមានមនុស្សបាត់ខ្លួនច្រើននាក់ទៀត។ នៅហ្វីលីពីន ខ្យល់ព្យុះដ៏កំណាចនេះ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច៨នាក់។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្លាស់ប្តូរជំហរក្នុងសំណុំរឿងសង្គ្រាមអ៊ុយក្រែន ។ ពីមុន លោកត្រាំធ្លាប់ស្តីបន្ទោសមេដឹកនាំអ៊ុយក្រែនថារឹងទទឹងមិនព្រមទទួលយកលក្ខខណ្ឌរុស្ស៊ីនិងមិនចង់បញ្ចប់សង្គ្រាម តែពេលនេះ លោកថា នឹងជួយអ៊ុយក្រែនដើម្បីដណ្តើមយកទឹកដីមកវិញ។ ការថ្លែងដូច្នេះ ធ្វើឡើងនៅកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ជាទីដែលចៅហ្វាយសេតវិមានបញ្ចេញយោបល់ក្នុងសំណុំរឿងអន្តរជាតិជាច្រើនផ្សេងទៀត។
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បានប្រាប់ទៅភាគីថៃថា កម្ពុជាមិនដាច់ពោះស្លាប់ឡើយ ទោះបីថៃបន្តបិទច្រកព្រំដែនជាមួយកម្ពុជារហូតដល់ ១០០ឆ្នាំទៀត និងថា កម្ពុជាក៏នឹងមិនបន្ទាបខ្លួនសុំឱ្យថៃបើកច្រកព្រំដែន ដែលថៃបានបិទដោយឯកតោភាគីឡើយ។ ប្រតិកម្មរបស់ លោក ហ៊ុន សែន ដូច្នេះធ្វើឡើង បន្ទាប់ពីមានការជជែកវែកញែកក្នុងចំណោមពលរដ្ឋខ្មែរមួយចំនួន និងគ្រប់មជ្ឈដ្ឋានថៃ អំពីការចង់ឱ្យបិទព្រំដែនកម្ពុជា-ថៃបន្តទៀត។
ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យបានបញ្ជាក់នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ថា កងកម្លាំងរបស់កម្ពុជាមិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃនោះទេ។ ការបញ្ជាក់ដូចនេះរបស់ក្រសួងការពារជាតិកម្ពុជា គឺក្រោយកងយោធពលភូមិន្ទថៃចោទថា «កម្ពុជាបានបាញ់អាវុធធុនតូចចំនួន ៣ទៅ៥គ្រាប់ចូលទឹកដីថៃ ក្នុងគោលបំណងញុះញង់ នៅតំបន់តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ»។ តាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា កងកម្លាំងកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងប្រទេសទាំងពីរ។
ទីបំផុតទៅ ឥណ្ឌូណេស៊ីនិងសហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី។ កិច្ចព្រមព្រៀងលើកលែងពន្ធគយនេះ បានស៊ីពេលចរចាជិត ១ ទសវត្សរ៍។ ស៊ីពេលយូរ ដ្បិតថា មានភាពប្រទាំងប្រទើសក្នុងសំណុំរឿងកាប់បំផ្លាញព្រៃឈើនៅឥណ្ឌូណេស៊ី ដើម្បីយកដីធ្វើកសិឧស្សាហកម្ម។ ក្រោមសម្ពាធរនាំងពន្ធគយរបស់អាមេរិក ភាគីទាំង២បានប្រញាប់រួសរាន់សម្រុះសម្រួលគ្នាចុះកិច្ចព្រមព្រៀង។
នៅមហាសន្និបាតនៃអង្គការសហប្រជាជាតិ ថ្ងៃទី២២កញ្ញា លោកម៉ាក្រុង ប្រធានាធិបតីបារាំងបានឡើងថ្លែងសុន្ទរកថា ប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ និងដើម្បីបើកផ្លូវឲ្យមានការចរចាបិទបញ្ចប់សង្គ្រាមនៅហ្កាហ្សា ស្ថាបនាសន្តិភាពមួយជារៀងដរាប សម្រាប់ប្រជាជនអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ក្រៅពីបារាំង លុចហ្សំបួរ ប៊ែលហ្សិក អង់គ្លេស កាណាដា អូស្ត្រាលី ព័រទុយហ្កាល់ ម៉ូណាកូ និងប្រទេសតូចៗមួយចំនួនទៀត សុទ្ធតែបានប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ នៅក្នុងឱកាសមហាសន្និបាតប្រចាំឆ្នាំទី៨០ នៃអង្គការសហប្រជាជាតិ។
ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន គឺជាជម្លោះដ៏រ៉ាំរ៉ៃអូសបន្លាយសឹងមួយសតវត្សរ៍មកហើយ។ នៅក្នុងរយៈពេលមួយនៃប្រវត្តិសាស្ត្រ គិតចាប់ពីការប្រកាសផែនការពុះចែកដែនដីប៉ាឡេស្ទីនជា២នៅឆ្នាំ១៩៤៧ អ៊ីស្រាអែលនិងប៉ាឡេស្ទីនបានខិតចូលចាប់ដៃគ្នាឈានទៅដោះស្រាយបញ្ហា តែពេលខ្លះ ក៏ឃ្លាតឆ្ងាយពីគ្នាវិញ ព្រោះតែប្រការផ្សេងៗ ដែលមករារាំង មិនឲ្យប្រជាជាតិទាំង២កសាងសន្តិភាពនឹងគ្នាបាន។ ហេតុការណ៍វាយប្រហារយ៉ាងសាហាវព្រៃផ្សៃរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃទី៧តុលាឆ្នាំ២០២៣ នៅក្នុងទឹកដីអ៊ីស្រាអែល គឺជាចំណុចចាប់ផ្តើមនៃទំព័រប្រវត្តិសាស្ត្រដ៏សែនខ្លោចផ្សារបំផុត សម្រាប់ប្រជាជនប៉ាឡេស្ទីន ហើយដែលបានធ្វើឲ្យក្តីសង្ឃឹមនៃសន្តិភាព កាន់តែរសាត់ឆ្ងាយ។