ការវាយប្រហារផ្លូវអាកាសរបស់រុស្ស៊ី លើអ៊ុយក្រែន បានកើនឡើងនៅទូទាំងប្រទេស ក្នុងយប់ថ្ងៃសៅរ៍ឆ្លងចូលថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា។ នៅក្នុងទីក្រុងកៀវ មានមនុស្សយ៉ាងតិច ៤នាក់បានស្លាប់ រួមទាំងក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ និងមានច្រើននាក់ទៀតបានរងរបួសពីការវាយប្រហាររបស់រុស្ស៊ីដោយដ្រូន និងគ្រាប់មីស៊ីល។ តែរុស្ស៊ីបានចេញមុខអះអាងថា ផ្ទាំងស៊ីបនៃការវាយប្រហាររបស់ខ្លួនគឺមូលដ្ឋានកងទ័ព។
ចិនកូរ៉េខាងជើងនៅតែបន្តជាសម្ព័ន្ធមិត្តដែកថែប។ ចិនចង់ពង្រឹងសហប្រតិបត្តិការ និងធ្វើការរួមគ្នាជាមួយកូរ៉េខាងជើងដើម្បីប្រឆាំងនឹងអនុត្តរភាព។ នេះជាប្រសាសន៍របស់រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យីទៅកាន់សមភាគីកូរ៉េខាងជើង លោកស្រី ឆេ សុនហ៊ី Choe Son-Hui នៅក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យទី ២៨កញ្ញា។ វត្តមានរបស់ប្រមុខការបរទេសកូរ៉េខាងជើង នៅប្រទេសចិន ធ្វើឡើងនៅប៉ុន្មានសប្តាហ៍ក្រោយពីលោកគីម ជុងអ៊ុនធ្វើដំណើរទៅចូលរួមជាលើកទី១ក្នុងកម្មវិធីបង្ហាញក្បួនទ័ពដ៏ធំរបស់ចិន នៅដើមខែកញ្ញានេះ។
នៅប្រទេសចិន តុលាការWenzhou នៅទីក្រុងកាលពីថ្ងៃចន្ទទី ២៩កញ្ញាបានសម្រេចកាត់ទោសប្រហារជីវិតមនុស្ស១៦នាក់ និងផ្តន្ទាទោសមនុស្ស២៣នាក់ផ្សេងទៀតឲ្យជាប់ពន្ធនាគារពី ៥ឆ្នាំ រហូតដល់មួយជីវិត ក្នុងបទចោទប្រកាន់ប្រព្រឹត្តឧក្រិដ្ឋកម្មអនឡាញ ល្បែងខុសច្បាប់ ជួញដូរគ្រឿងញៀន និងអំពើពេស្យាចារនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់អនឡាញក្នុងទឹកដីភូមា។ យោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋចិន ក្រុមឧក្រិដ្ឋជនមួយចំនួនធំដែលតុលាការកាត់ទោសកាលពីថ្ងៃចន្ទ ជាសមាជិករបស់គ្រួសារត្រកូល Mingដែលពង្រីកអំណាច កើបលុយរាប់ពាន់លានដុល្លារពីឧក្រិដ្ឋកម្មឆ្លងដែន។
ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រុមនិស្សិតផ្នែកសារព័ត៌មាននៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC) នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញតែងតែចាក់បញ្ចាំងខ្សែភាពយន្តឯកសារខ្នាតខ្លីដែលជាស្នាដៃផលិតរបស់ក្រុមនិស្សិតឆ្នាំទី៣ផ្នែកសារព័ត៌មាន នៅលើផ្ទាំងសំពត់សទំនើប នៃរោងភាពយន្តប្រ៉ាមស៊ីនេផ្លិចនៅទីក្រុងភ្នំពេញ។ ខ្សែភាពយន្តឯកសារខ្លីចំនួន១១រឿង បានឆ្លុះបញ្ចាំងពីជិវិតពិត ពីបញ្ហាប្រឈម និងការតស៊ូរបស់ស្ត្រី និងប្រជាជនខ្មែរនៅក្នុងតថភាពសង្គមជាក់ស្តែង។ ក្រុមនិស្សិត សង្ឃឹមថា ភាពយន្តឯកសារ របស់ពួកគេនឹងទទួលបានការចាប់អារម្មណ៍ពីសាធារជនទូទៅ ហើយមានការផ្លាស់ប្តូរទៅថ្ងៃអនាគតទៅតាមសាច់រឿងដែលបានដាក់បញ្ចាំងនោះ។ ខ្សែភាពយន្តដែលផ្តោតលើប្រធានបទដ៏កម្រនេះ និងកាន់តែទាក់ទាញនោះ ត្រូវបានចាក់បញ្ចាំងបង្ហាញជូនសាធារណៈជនអ្នកចូលទស្សនាជិត៣០០នាក់ កាលពីព្រឹកថ្ងៃសៅរ៍ទី២៧ ខែ កញ្ញា ឆ្នាំ ២០២៥៕
សាកលវិទ្យាល័យរដ្ឋនិងឯកជន ក្នុងទីក្រុងភ្នំពេញ មានសភាពអ៊ូអរខុសប្លែកពីសព្វដង ដោយសារការសម្រុកទៅបំពេញពាក្យចូលរៀនរបស់បេក្ខជនដែលទើបប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ ២០២៥នេះ។ ជាក់ស្តែង ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃចន្ទទី២៩កញ្ញានេះ មានបេក្ខជនមកពីរាជធានី-ខេត្ត យ៉ាងច្រើនកុះករ សង្វាតមកបំពេញពាក្យ ជ្រើសរើសមុខវិជ្ជាដែលពួកគេចូលចិត្ត។ សូមទស្សនាបទយកការណ៍របស់ ជួប នរក្សា៖
ភ្លៀងធ្លាក់ខ្លាំង និងជាប់ៗគ្នាឥតដាច់ប៉ុន្មានថ្ងៃចុងក្រោយនេះបានបណ្តាលឲ្យផ្លូវជាតិលេខ៥៥ នៅតំបន់អន្លង់អាំងក្នុងខេត្តពោធិ៍សាត់រងការបាក់ច្រោះដីធ្លាក់លើតួផ្លូវ និងបណ្តាលឲ្យខូចខាតផ្លូវដោយអន្លើនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃ២៩ កញ្ញាដដែល លោក ផន រឹម បានថ្លែងថា ហេតុការណ៍នេះបានរារាំងចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋដោយសារមានច្រោះដី ធ្លាក់ភក់ ថ្ម ព្រមទាំងដើមឈើនៅលើកំណាត់ផ្លូវ។ ក្នុងន័យនេះ លោកទទូចឱ្យពលរដ្ឋប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមដងផ្លូវខាងលើ។ សូមស្តាប់ការបញ្ជាក់របស់លោក ផន រឹម ដែលរៀបចំឡើងដោយ សើ ដាវី៖
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃនៅថ្ងៃទី២៨ ខែកញ្ញា បានប្រតិកម្មនឹងការថ្លែងរបស់រដ្ឋមន្រ្តីការបរទេសថៃលោក ស៊ីហាស័ក្តិ ផួងកេតកែវនៅឯមហាសន្និបាតអង្គការសហប្រជាជាតិដែលថា ប្រទេសថៃក៏ទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែនជាមួយកម្ពុជា ដែលនាំដល់ការផ្ទុះសង្គ្រាមកាលពីខែកក្កដា ឆ្នាំ២០២៥។ ចំពោះក្រសួងមហាផ្ទៃកម្ពុជា ភាគីថៃត្រូវតែដោះលែងកងទ័ពខ្មែរទាំង១៨នាក់ឲ្យត្រឡប់មកវិញ បើថៃពិតជាទឹកចិត្តល្អជាមួយកម្ពុជាប្រាកដមែន។
នៅថ្ងៃអាទិត្យទី២៨កញ្ញានេះ ម៉ុលដាវីរៀបចំការបោះឆ្នោតសភា ដែលមានតម្លៃជាការកំណត់ជោគវាសនាអនាគត ថាតើម៉ុលដាវីនឹងបន្តដំណើរចូលជាសមាជិកអឺរ៉ុប ឬត្រលប់ចូលក្នុងក្រញាំរុស្ស៊ីវិញ។ ប៉ុន្តែអ្នកវិភាគ ប្រធានាធិបតីកាន់អំណាច ក៏ដូចជាសហភាពអឺរ៉ុប យល់ថា ការបោះឆ្នោតលើកនេះ មានការជ្រៀតជ្រែកពីបរទេស យ៉ាងខ្លាំងបំផុតមិនធ្លាប់មានទេ គិតចាប់តាំងពីប្រទេសបានទទួលឯករាជ្យ ចេញផុតពីរបបសហភាពសូវៀតនៅឆ្នាំ១៩៩១មក។
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បាននិយាយរៀបរាប់ប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក នៅថ្ងៃសៅរ៍ទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៥ថា សន្តិភាពរបស់ប្រទេសកម្ពុជា ដែលបានមកដោយលំបាក បច្ចុប្បន្នកំពុងរងការគំរាមកំហែងពីប្រទេសជិតខាងមួយដែលកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា។ ភ្លាមៗ នៅក្រោយការឡើងថ្លែងប្រមុខទូតកម្ពុជា រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក្តិ ផួងកេតកែវ បានលេបខាយដាក់ភាគីកម្ពុជាថា បានព្យាយាមធ្វើជាជនរងគ្រោះម្តងហើយ ម្តងទៀត។
ប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន បានស្នើឱ្យក្រុមសង្កេតការណ៍អន្តរកាល (IOT) ចុះត្រួតពិនិត្យទីតាំងធ្លាក់គ្រាប់ និងធ្វើកោសល្យវិច័យគ្រាប់ ក្រោយយោធាថៃបរិហារកម្ពុជាថា បានបើកការបាញ់ប្រហារទៅលើទីតាំងកងទ័ពថៃដោយប្រើកាំភ្លើងយន្ត។ បើតាមលោក ហ៊ុន សែន ប្រសិនបើភាគីណាមួយ(កម្ពុជា-ថៃ) បដិសេធមិនឱ្យអ្នកសង្កេតការណ៍អន្តរកាល ចុះទៅត្រួតពិនិត្យ គឺបានសេចក្តីថា ភាគីនោះជាអ្នកបាញ់ ហើយជាអ្នកដែលរំលោភបំពានទៅលើបទឈប់បាញ់គ្នា។
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានឆ្លៀតរៀបរាប់ពីជម្លោះព្រំដែនកម្ពុជា និងថៃ ប្រាប់មេដឹកនាំប្រទេសនានាដែលបានចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ ក្នុងទីក្រុងញូវយ៉ក នាសប្តាហ៍នេះ។ លោក ប្រាក់ សុខុន បានប្រាប់មេដឹកនាំ និងរដ្ឋមន្ត្រីការបរទេសមួយចំនួនថា កម្ពុជាគឺជាជនរងគ្រោះក្នុងសង្គ្រាមជាមួយថៃ។ អ្នកវិភាគ លើកឡើងថា នេះជាឱកាសដែលកម្ពុជាបកអាក្រាតទង្វើរបស់ភាគីថៃដែលឈ្លានពានមកលើកម្ពុជា តែថាសហគមន៍អន្តរជាតិអាចមិនសូវផ្តល់ការយកចិត្តទុកដាក់លើ ជម្លោះនេះ។
សមាជិកសភាអាមេរិកចំនួន៨រូប បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ខែកញ្ញា។ តាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ ដំណើរទស្សនកិច្ចរបស់ប្រតិភូសភាអាមេរិកនេះ ជាការបង្ហាញពីការបេ្តជ្ញាចិត្តរបស់អាមេរិក ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា លើវិស័យសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិ មើលឃើញថា ដំណើរទស្សនកិច្ចរបស់ក្រុមប្រតិភូសភាអាមេរិកមកកម្ពុជាពេលនេះ មានលក្ខណៈពិសេស ចំពេលដែលកម្ពុជាកំពុងអនុវត្តបទបាញ់ ក្នុងជម្លោះព្រំដែនជាមួយភាគីថៃ។ តើដំណើរទស្សនកិច្ចនៃប្រតិភូសភាអាមេរិកនៅកម្ពុជាក្នុងស្ថានភាពបែបនេះ មានន័យយ៉ាងដូចម្តេចចំពោះកម្ពុជា?
ទណ្ឌកម្មទៅលើអ៊ីរ៉ង់នឹងត្រូវចាប់ផ្តើមអនុវត្តជាថ្មីឡើងវិញ ចាប់ពីយប់រំលងអាធ្រាត្រថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យទី២៨កញ្ញា។ ជាយន្តការអនុវត្តឡើងវិញ សម្រេចក្នុងក្របខណ្ឌក្រុមប្រឹក្សាសន្តិសុខ បន្ទាប់ពីក្រុមប្រទេសអឺរ៉ុប៣ បារាំង អង់គ្លេស និងអាល្លឺម៉ង់ បានទាមទារអនុវត្ត។ ប្រទេសទាំង៣នេះ បានអះអាងថាអ៊ីរ៉ង់មិនបានគោរពការសន្យារបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរឆ្នាំ២០១៥។
កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយ សាំ ឧត្តម
នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន ម៉ាណែត បានប្រតិកម្មនឹងការអះអាងរបស់ភាគីថៃដែលថា ការកំណត់ព្រំប្រទល់នៅតំបន់មានជម្លោះត្រង់ចំណុចភូមិព្រៃចាន់ និងភូមិជោគជ័យនោះត្រូវបានដោះស្រាយរួចរាល់ គឺជាការលើកឡើងខុសពីការកំណត់នៅក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ ២០០០។ នេះមានន័យថា ភាគីទាំងពីរនឹងនៅបន្តពិភាក្សាការកំណត់ព្រំប្រទល់នេះតាមយន្តការទេ្វភាគីដែលបានព្រមព្រៀងកន្លងមក។
យោធភូមិភាគទី៥របស់កម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានចេញលិខិតបដិសេធចោលការចោទប្រកាន់ពាក់ព័ន្ធនឹងការរុះរើផ្ទះ១ខ្នង នៅចំណុចអូរភ្លុកដំរី ថាជាការកាត់ទឹកដីកម្ពុជាឲ្យទៅថៃ។ យោធភូមិភាគទី៥ ចាត់ទុកការលើកឡើងនេះ ថាខុសពីការពិត និងគ្មានមូលដ្ឋាន។ ការបដិសេធរបស់កងទ័ពកម្ពុជាបែបនេះ កើតឡើង បន្ទាប់ពីអ្នកនយោបាយប្រឆាំងរបស់កម្ពុជា បានអះអាងថា ការដែលកម្ពុជាបានយល់ព្រមរុះរើផ្ទះ១ខ្នងរបស់ពលរដ្ឋខ្មែរ និងកែប្រែលេណដ្ឋាននៅតំបន់ជម្លោះ ទៅតាមសំណើអាជ្ញាធរថៃនៅខេត្តត្រាត គឺប្រៀបដូចជា«ការកាត់ទឹកដីឲ្យថៃ»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ បានថ្លែងបដិសេធចំពោះការចោទប្រកាន់ទាំងឡាយដែលថា កងទ័ពអ៊ីស្រាអែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទៅលើពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ លោកបានថ្លែងយ៉ាងដូចនេះនៅលើវេទិកានៃមហាសន្និបាតអង្គការសហប្រជាជាតិនាថ្ងៃសុក្រ ទី២៦ កញ្ញា។
ឈ្មោះ និងស្នាដៃរបស់ជនជាតិបារាំង លោកLouis Delaporteត្រូវបានគេរំលឹក និងលើកយកមកបង្ហាញ ជូនទស្សនិកជននៅឆ្នាំនេះ។ ចំពោះអ្នកដែលមិនធ្លាប់ស្គាល់ គេត្រូវដឹងថា លោកLouis Delaporteជាអ្នករុករកម្នាក់ដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា នៅសម័យដែលមួយកម្ពុជាស្ថិតក្រោមអាណាព្យាបាលរបស់បារាំង។ កោតសរសើរ ស្ញប់ស្ញែង ស្នាដៃសិល្បៈ ស្ថាបត្យកម្មសាងសង់ប្រាសាទខ្មែរ លោកLouis Delaporteបាននាំយកវត្ថុបុរាណខ្មែរមួយចំនួនមកចូលរួមតាំងពិព័រណ៌សកលនៅប្រទេសបារាំងកាលពីជាង១០០ឆ្នាំមុន។ នៅខួប១០០ឆ្នាំនៃមរណភាពរបស់លោកLouis Delaporteកាលពីខែឧសភាឆ្នាំនេះ និងក្នុងឱកាសដែលសារមន្ទីរហ្គីមេនៅទីក្រុងប៉ារីស តាំងពិព័រណ៌វត្ថុសំរឹទ្ធខ្មែរ ទីក្រុង ឡូស្ហ ដែលជាទីក្រុងកំណើតរបស់លោកLouis Delaporte បានរៀបចំតាំងពិព័រណ៌ស្នាដៃរបស់លោកដែរ ប៉ុន្តែ ភាគច្រើនជាផ្ទាំងគំនូរ ដែលលោកបានគូរកាលពីជាង១០០ឆ្នាំមុន។
នៅលើផ្ទៃមេឃរបស់ប្រទេសសមាជិកអូតង់ខ្លះបន្តរងការយាយីពីដ្រូនអនាមិក។ បន្ទាប់ពីចាប់បានសញ្ញាដ្រូនហោះចូលរំខានជាច្រើនដងលើព្រលានយន្តហោះជាច្រើនតាំងពីយប់ថ្ងៃពុធ ទី២៤ មក អាជ្ញាធរដាណឺម៉ាកបានសម្រេចបិទដែនអាកាសហោះហើរនៅពីលើអាកាសយានដ្ឋានធំទី២ របស់ខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍ឈានចូលដល់ព្រឹកថ្ងៃសុក្រទី២៦ កញ្ញានេះ។ កាលពីប៉ុន្មានថ្ងៃកន្លងទៅ ដាណឺម៉ាកក៏ដូចជាប្រទេសសមាជិករបស់អូតង់នៅភាគខាងជើង និងខាងកើតអឺរ៉ុបកំពុងប្រឈម និងទាញសញ្ញាអាសន្នអំពីវត្តមានដ្រូនអនាមិកហោះពីលើទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាអាកាសយានដ្ឋាន និងមូលដ្ឋានទ័ពអាកាសជាដើម។ នៅថ្ងៃសុក្រ ទី២៦ កញ្ញានេះ ប្រទេសអឺរ៉ុបជាសមាជិកអូតង់ត្រូវជួបប្រជុំគ្នាបន្ទាន់ដើម្បីស្វែងរកចំណាត់ការទប់ទល់នឹងសត្រូវដ៏គ្រោះថ្នាក់មួយនេះ។ តើអ្វីទៅជាជញ្ជាំងរបស់ប្រទេសសមាជិកអូតង់ដើម្បីប្រឆាំងនឹងការវាយប្រហារដោយដ្រូនរុស្ស៊ី និងដ្រូនអនាមិក?
ប្រធានាធិបតីអាមេរិកមិនបញ្ចប់សង្គ្រាមពន្ធគយទេ។ នៅថ្ងៃព្រហស្បតិ៍ ទី២៥ កញ្ញា ២០២៥ លោក ដូណាល់ ត្រាំ បានចេញប្រកាសថ្មីមួយទៀតដោយដំឡើងពន្ធបន្ថែមរហូតដល់ ១០០% លើគ្រប់ផលិតផលឱសថនាំចូលអាមេរិក។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានប្រកាសបេ្តជ្ញាចិត្តជាថ្មីក្នុងការជំរុញសេវាហិរញ្ញវត្ថុនៅកម្ពុជាប្រកបដោយការទទួលខុសត្រូវខ្ពស់ ពង្រឹងកិច្ចការពារអតិថិជន និងការធានានូវនិរន្តរភាពសម្រាប់វិស័យហិរញ្ញវត្ថុ។ ការបេ្តជ្ញាចិត្តរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានេះធ្វើឡើងនៅក្នុងកិច្ចពិគ្រោះយោបល់ដោះស្រាយបញ្ហានៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុរបស់ធនាគារជាតិកម្ពុជា និងអង្គការសហប្រជាជាតិនៅកម្ពុជាកាលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។
ចាប់ពីដើមខែកក្កដា ដល់ថ្ងៃទី២៣ ខែសីហា ពលរដ្ឋខ្មែរយ៉ាងហោចណាស់ ១ពាន់នាក់ត្រូវបានថៃចាប់បញ្ចូនមកប្រទេសកម្ពុជាវិញ ក្រោយព្យាយាមលួចឆ្លងដែនខុសច្បាប់ចូលទៅទឹកដីថៃ អំឡុងស្ថានការណ៍នៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ នេះបើតាមទិន្នន័យពីមន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់។ តាមមន្ត្រីអង្គការសង់ត្រាល់ ទិន្នន័យនេះនៅមិនទាន់រាប់បញ្ចូលចំនួនពលរដ្ឋខ្មែរលួចឆ្លងដែនខុសច្បាប់ ដែលទាហានថៃមិនទាន់ចាប់ខ្លួនបាននៅឡើយទេ។
អាជ្ញាធរខេត្តស្រះកែវរបស់ថៃបានប្រកាសទុកពេលចំនួន ២សប្តាហ៍រហូតដល់ថ្ងៃទី១០ ខែតុលាឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យរបស់កម្ពុជាផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនខ្មែរក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ។ បើមិនដូច្នោះទេ ថៃនឹងអនុវត្តច្បាប់របស់ខ្លួន។ អ្នកជំនាញចាត់ទុកការដាក់ឱសានវាទរបស់ភាគីថៃបែបនេះថាជាការរំលោភច្បាប់អន្តរជាតិទាំងស្រុង។ តាមអ្នកជំនាញ មានតែច្បាប់អន្តរជាតិមួយប៉ុណ្ណោះដែលអាចឆ្លើយតបនឹងទង្វើរបស់ភាគីថៃ។
បើតាមរដ្ឋាភិបាលកូរ៉េខាងត្បូង កូរ៉េខាងជើងមានធាតុអ៊ុយរ៉ានីញ៉ូមចម្រើនរួចប្រមាណដល់ទៅ ២តោន។ បរិមាណអ៊ុយរ៉ាញ៉ូមដ៏សន្ធឹកសន្ធាប់នេះនឹងអនុញ្ញាតឲ្យរបបកុម្មុយនិស្តក្រុងព្យុងយ៉ាងអាចផលិតគ្រាប់បែកបរមាណូបានជាច្រើនគ្រាប់។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំទាស់នឹងគម្រោងរបស់នាយករដ្ឋអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូដែលចង់ធ្វើអាណានិគមកិច្ចភ្ជាប់យកតំបន់ស៊ីហ្សកដានីរបស់ប៉ាឡេស្ទីនដាក់ក្នុងឧបសម្ព័ន្ធដែនដីអ៊ីស្រាអែល។ ការប្រកាសជំទាស់បែបនេះធ្វើឡើងតែ១ថ្ងៃប៉ុណ្ណោះ មុនពេលលោក នេតាន់យ៉ាហ៊ូឡើងថ្លែងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិដើម្បីប្រឆាំងនឹងក្រុមប្រទេសដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។
កាលពីថ្ងៃព្រហស្បតិ៍ទី២៥កញ្ញា ឥណ្ឌាដាក់ពង្រាយទាហានរាប់រយនាក់ និងប្រកាសបម្រាមគោចរ នៅតំបន់Ladakh ក្នុងជួរភ្នំហិមាល័យ នៅមួយថ្ងៃក្រោយដែលបាតុកម្មទាមទារឲ្យសិទ្ធិអំណាចឲ្យតំបន់ បានឆេះរាលដាលទៅជាបាតុកម្មហិង្សា ដុតរថយន្តប៉ូលិស និងទីស្នាក់ការរបស់គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តីណារិនដ្រា ម៉ូឌី។ បើតាមប៉ូលិសឥណ្ឌា ការប៉ះទង្គិចដ៏ហិង្សា កាលពីថ្ងៃពុធទី ២៤កញ្ញា បានសម្លាប់មនុស្ស យ៉ាងហោច ៥នាក់ និងធ្វើឲ្យរងរបួសប្រមាណ១០០នាក់ ក្នុងនោះ ៣០នាក់ជាអាជ្ញាធរមានសមត្ថកិច្ច។ មនុស្ស៤០នាក់ផ្សេងទៀតត្រូវចាប់ឃុំខ្លួន។
អគ្គបញ្ជាការកងទ័ពកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានប្រតិកម្មទៅនឹងការលើកឡើងរបស់អ្នកវិភាគនយោបាយ លោក គឹម សុខ ដែលថា រដ្ឋាភិបាលកម្ពុជាបានទុកសាកសពទាហានចោលនៅក្នុងព្រៃ។ ក្រៅតែពីច្រានចោលថា ជាព័ត៌មានមិនពិត អគ្គបញ្ជាការកងទ័ពក៏បានថ្កោលទោស និងចាត់ទុកការលើកឡើងរបស់លោក គឹម សុខ ថា ជាការប្រមាថដល់កងយោធពលខេមរភូមិន្ទ។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានផ្តល់សម្ភាសផ្តាច់មុខឲ្យទូរទស្សន៍បារាំង France២៤ និង វិទ្យុបារាំងRFI។ ឆ្លើយនឹងសំណួរអ្នកកាសែត ប្រមុខរដ្ឋបារាំងបានបកស្រាយពីសំណុំរឿងអន្តរជាតិជាច្រើន តួយ៉ាង សង្គ្រាមអ៊ុយក្រែន បញ្ហារដ្ឋប៉ាឡេស្ទីន និងនុយក្លេអ៊ែរអ៊ីរ៉ង់។
ថ្ងៃព្រហស្បតិ៍ ទី២៥កញ្ញា តុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស បានសម្រេចកាត់ទោសអតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្ស៊ី ឲ្យជាប់ពន្ធនាគារ ចំនួន ៥ ឆ្នាំ ពីបទល្មើសឃុបឃិតជាមួយក្រុមជនល្មើស។ ទោសព្រហ្មទណ្ឌនេះ ត្រូវអនុវត្តក្នុងពន្ធនាគារជាក់ស្តែង បើទោះបីជា ជនត្រូវចោទរូបនេះ បន្តប្តឹងឧទ្ធរណ៍ ក្តី។
អាជ្ញាធរខេត្តស្រះកែវរបស់ថៃបានប្រកាសទុកពេល២សប្តាហ៍ ឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យរបស់កម្ពុជាផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនខ្មែរពីតំបន់ជម្លោះឲ្យអស់ នៅត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បើពុំដូច្នោះទេ ថៃនឹងអនុវត្តច្បាប់របស់ខ្លួន។ នេះបើតាម លោក លី សុវណ្ណារិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅរសៀលថ្ងៃទី២៥ ខែកញ្ញានេះ។ ការលើកឡើងរបស់មន្រ្តីកម្ពុជាធ្វើឡើង ក្រោយពីអភិបាលខេត្តស្រះកែវមិនព្រមចូលរួមប្រជុំជាមួយអភិបាលខេត្តបន្ទាយមានជ័យនៅថ្ងៃព្រហស្បតិ៍នេះ។
នៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសទទួលស្គាល់ពីកំហុសរបស់លោកក្នុងការសរសេរអត្ថបទមួយទាក់ទងនឹងការប៉ុនប៉ងធ្វើឃាតទៅលើរូបលោកកាលពីថ្ងៃ២៧ឆ្នាំមុន នៅខេត្តសៀមរាប។ កំហុសនៅត្រង់ថា ការដែលលោកហ៊ានអះអាងថា ប្រសិនលោកស្លាប់ ឬរបួសនាពេលនោះ ប្រទេសកម្ពុជានឹងមិនមានសន្តិភាព។ ការលើកឡើងដូច្នេះត្រូវបាន លោក ហ៊ុន សែន ទទួលស្គាល់ថា ជាការមើលឃើញតែមួយជ្រុង ដោយមិនបានគិតដល់កត្តាដទៃទៀត។
អង្គការពាណិជ្ជកម្មពិភពលោក បានអបអរសាទរចំពោះការសម្រេចរបស់ចិន ដែលសុខចិត្តបោះបង់ចោល នូវសិទ្ធិអនុគ្រោះពិសេសរបស់ខ្លួន។ ជាសិទ្ធិពិសេសនៅក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ ដែលគេផ្តល់ទៅឲ្យប្រទេសកំពុងអភិវឌ្ឍន៍។ អង្គការពាណិជ្ជកម្មពិភពលោកលើកឡើងថា ការសម្រេចរបស់ចិននេះ នឹងអនុញ្ញាតឲ្យបង្កើតបរិយាកាសប្រកួតប្រជែង ឲ្យកាន់តែមានសមភាព ព្រមទាំងជំរុញសន្ទុះកំណែទម្រង់នៃស្ថាប័នអន្តរជាតិនេះ។
ក្នុងវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីកូឡុំប៊ី បានស្នើឲ្យបើកនីតិវិធីព្រហ្មទណ្ឌប្រឆាំងនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ការថ្លែងសំណើយ៉ាងដូច្នេះ បានធ្វើឡើងក្រោយពី កងទ័ពជើងទឹកអាមេរិក បានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ហើយបានវាយប្រហារសម្លាប់មនុស្សយ៉ាងតិច ១៤ នាក់ នៅតំបន់សមុទ្រការ៉ាអ៊ីប។