ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាចង់ចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ីនាចុងខែតុលា ឆ្នាំ២០២៥នេះ ដើម្បីបង្អួតពីស្នាដៃដោះស្រាយបញ្ហាព្រំដែនខ្មែរ-ថៃ ក៏ដូចជាការស្តារសន្តិភាពនៅក្នុងតំបន់។ នេះបើតាមកាសែត Politico នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ និងថា សេតវិមានអាមេរិកក៏បានស្នើសុំឲ្យមានការដកមន្ត្រីរដ្ឋាភិបាលចិនចេញពីកិច្ចប្រជុំកំពូលអាស៊ានផងដែរ។
ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័ន្ទ កាលពីថ្ងៃចន្ទទី៦តុលា នូវយន្តការស៊ើបអង្កេតពិសេសមួយ ស្តីអំពីបទឧក្រិដ្ឋរំលោភបំពានសិទ្ធិមនុស្ស ដែលបានកើតឡើងនៅអាហ្វហ្កានីស្ថាន។ ប្រទេសសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស បានលើកឡើងថា ចាប់តាំងពីរបបផ្តាច់ការតាលីបង់បានវិលត្រលប់មកកាន់អំណាចវិញ ប្រជាជនអាហ្វហ្កានីស្ថាន ជាពិសេសស្ត្រី ត្រូវរស់នៅក្នុងការកៀបសង្កត់ និងការភ័យខ្លាចជាប្រចាំ។
បារាំងកំពុងឈានជើងផុងជ្រៅក្នុងវិបត្តិនយោបាយ នៅថ្ងៃទី៦តុលានេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីថ្មី សេបាស្យៀង ឡឺក័រនុយ បានសម្រេចលាចុះពីតំណែង។ ការលាចុះពីតំណែង បានធ្វើឡើងភ្លាមៗ ១យប់បន្ទាប់ពីលោក បានប្រកាសសមាសភាពរដ្ឋាភិបាលថ្មី ហើយដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រី បានរងការរិះគន់សឹងពីគ្រប់មជ្ឈដ្ឋាននយោបាយបារាំង។
អ្នកស្រាវជ្រាវជាតិជប៉ុន១នាក់ និងអ្នកស្រាវជ្រាវជនជាតិអាមេរិក២នាក់ត្រូវបានជ្រើសរើសជាជ័យលាភីណូបែលវេជ្ជសាស្រ្តឆ្នាំ ២០២៥។ បើតាមការប្រកាសរបស់ គណៈកម្មការណូបែលនៅទីក្រុងស្តុកខូម កាលពីថ្ងៃ ចន្ទ ទី ៦តុលា អ្នកស្រាវជ្រាវទាំងបីនាក់ត្រូវទទួលរង្វាន់ណូបែលវេជ្ជសាស្រ្ត ចំពោះស្នាដៃរកឃើញរបស់ពួកគេទាក់ទងនឹងការគ្រប់គ្រងប្រព័ន្ធភាពស៊ាំ។ ការកំណត់បាននូវតួនាទីរបស់ឆ្មាំការពារប្រព័ន្ធភាពស៊ាំ នឹងចូលរួមចំណែកជួយឲ្យគេអាចរិះរកវិធីព្យាបាលជំងឺផ្សេងៗដូចជា ជំងឺមហារីក ជំងឺអូតូអ៊ីម្ញូនជាដើម។
របាយការណ៍ចេញផ្សាយដោយអង្គភាពការពារកុមារនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងរយៈពេល ២ខែចុងក្រោយនេះ អង្គភាពការពារកុមារ ហៅកាត់ថា CPU និងសមត្ថកិច្ចកម្ពុជាបានបង្រ្កាបករណីរំលោភបំពានកុមារធ្ងន់ធ្ងរចំនួន ៣ករណី ដូចជាការបៀតបៀន កេងប្រវ័ញ្ចផ្លូវភេទ និងឃាតកម្ម។ បើតាមរបាយការណ៍ដដែល អង្គភាពបានសហការជាមួយមន្ត្រីជំនាញដើម្បីឃាត់ខ្លួនជនសង្ស័យ និងបន្តសំណុំរឿងតាមនីតិវិធីច្បាប់។
ដើម្បីការពារជំហរពង្រាយកងកម្លាំងឆ្មាំជាតិ រដ្ឋបាលត្រាំបាននិយាយចាត់ទុកទីក្រុងឈីកាហ្គោ (Chicago) ដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យថា ជាតំបន់សង្រ្គាម។ កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបានចុះហត្ថលេខាលើក្រឹត្យបញ្ជូនឆ្មាំជាតិចំនួន៣០០នាក់ទៅឈីកាហ្គោ នៅបន្ទាប់ពីមានការប្រឈមមុខដាក់គ្នាខ្លាំងរវាងភ្នាក់ងារប្រឆាំងជនអន្តោប្រវេសន៍ ហើយនិងបាតុករ។ នៅចុងសប្តាហ៍មុននេះ រដ្ឋបាលលោកត្រាំទើបតែបញ្ជូនកងកម្លាំងឆ្មាំជាតិពីរដ្ឋកាលីហ្វ័រនីញ៉ា ទៅOregon រដ្ឋមួយទៀតដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ។ ដល់វេនដែលលោកដូណាល់ ត្រាំត្រូវធ្វើជាមេធ្មប់សងសឹកក្រុមបក្សប្រឆាំង បក្សប្រជាធិបតេយ្យ?
កាលពីចុងសប្តាហ៍កន្លងទៅ យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍កំរិតពិភពលោក Etihad Airways បានចាប់ផ្តើមហោះហើរត្រង់ជាលើកដំបូងពីទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម មកកាន់រាជធានីភ្នំពេញប្រទេសកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា ការតភ្ជាប់រវាងទីក្រុងអាប៊ុយដាប៊ី និងក្រុងភ្នំពេញ តាមរយៈក្រុមហ៊ុន Etihad Airways ជាសញ្ញាណមួយ ដែលបង្ហាញពីស្ថិរភាពផ្លូវអាកាស និងជាការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក៕
វេទិកាឆ្លើយតបមនុស្សធម៌ ហៅកាត់ HRF បានឲ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយមួយថា អស់រយៈពេល៩សប្តាហ៍នៃការឈប់ផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីមានបទឈប់បាញ់ ស្ថានភាពមនុស្សធម៌នៅតាមព្រំដែនប្រទេសទាំងពីរបន្តមានភាពប្រសើរឡើង។ តែយ៉ាងណាមិញ និងបើតាមរបាយការណ៍ដដែល ពលរដ្ឋភៀសសឹក ដែលបានធ្លាក់ចុះនៅត្រឹមចំនួន ១ម៉ឺន១ពាន់នាក់ គិតនៅត្រឹមថ្ងៃទី២២កញ្ញា បែរជាកើនឡើងមកចំនួនជាង១ម៉ឺន៦ពាន់នាក់ នៅត្រឹមថ្ងៃទី២តុលា។
ទោះបីជាប្រឈមនឹងបញ្ហារនាំងពន្ធគយអាមេរិកជាច្រើនខែមកនេះក្តី តែសេដ្ឋកិច្ចវៀតណាមនៅតែរឹងមាំ។ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥នេះ វៀតណាមមានសន្ទុះវឌ្ឍនភាពសេដ្ឋកិច្ច កើនឡើងខ្ពស់ រហូតដល់ ៨,២% ដែលជាកំណើនខ្ពស់ខ្លាំងនិងមិនធ្លាប់ជួប ក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយ។
អាជ្ញាធរសុខាភិបាលនៃរដ្ឋចំនួន៣នៅឥណ្ឌា បានប្រកាសផ្ទួនៗគ្នានៅថ្ងៃអាទិត្យ ទី៥តុលានេះ ហាមឃាត់ការលក់ផលិតផលថ្នាំស៊ីរ៉ូក្អកមួយប្រភេទ បន្ទាប់ពីបានរកឃើញថាមានផ្ទុកសារធាតុពុល។ យ៉ាងហោចណាស់ មានកុមារឥណ្ឌាចំនួន៩នាក់ បានស្លាប់បន្ទាប់ពីបានផឹកស៊ីរ៉ូក្អកនេះ។
ស្ថានទូតបារាំងប្រចាំកម្ពុជាបានបើកទ្វារស្វាគមន៍អ្នកទស្សនាជាថ្មី ក្នុងឱកាសទិវាបេតិកភណ្ឌ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។ តាមរយៈទិវានេះ ស្ថានទូតបារាំង ដែលមានទីធ្លាជិត ៥ហិចតាបានអនុញ្ញាតឱ្យអ្នកទស្សនាស្វែងយល់ពីសំណង់អគារប្រវត្តិសាស្ត្ររបស់ខ្លួន។ អ្វីដែលពិសេសនោះ អ្នកទស្សនាអាចមានឱកាសបានទទួលបទពិសោធន៍ដើរកំសាន្ត ក្នុងឧទ្យានបៃតងធំជាងគេ នៅចំកណ្តាលទីក្រុងភ្នំពេញ។ អ្នកទស្សនាភាគច្រើនលើកឡើងថា នេះជាលើកដំបូងរបស់ខ្លួន ដែលបានឈានជើងចូលស្ថានទូតបរទេសមួយដែលពោរពេញដោយធម្មជាតិបែបនេះ។ ពីស្ថានទូតបារាំងប្រចាំកម្ពុជា សូមលោកអ្នកនាងទស្សនាបទយកការណ៍រៀបចំដោយ សើ ដាវី៖
ថ្ងៃទី៥តុលា គឺជាទិវាគ្រូបង្រៀនពិភពលោក។ ឆ្លៀតយកឱកាសនេះសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានស្នើឲ្យមានការដំឡើងប្រាក់ខែគ្រូបង្រៀននៅកម្ពុជាឲ្យបាន១ភាគ៤នៃប្រាក់ខែតំណាងរាស្ត្របច្ចុប្បន្នឬស្មើនឹង១២៥០ដុល្លារសហរដ្ឋអាមេរិក។ ប្រាក់ខែតំណាងរាស្ត្រដែលមានប្រមាណ៥ពាន់ដុល្លារក្នុង១ខែ។ តែក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រាក់ខែគ្រូបង្រៀនត្រូវបានដំឡើងជាបន្តបន្ទាប់។ ពោលគឺឥឡូវនេះ ជាមធ្យមគ្រូបង្រៀនម្នាក់ទទួលបាន២លានរៀល ឬប្រមាណ៥០០ដុល្លារក្នុងមួយខែ៕
មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកកម្ពុជាមួយរូបប្រាប់វិទ្យុបារំាង RFI នៅថ្ងៃ អាទិត្យ ទី ៥ ខែតុលាថា នាវាចម្បាំង ប្រភេទ ០៥៦C នឹងត្រូវប្រគល់ជូនកម្ពុជា តែការមកដល់របស់នាវាចម្បាំងប្រភេទនេះនៅមិនទាន់អាចកំណត់បានជាក់លាក់នៅឡើយ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ឃើញថា ជំនួយនេះអាចរួមចំណែកអភិវឌ្ឍសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ប៉ុន្តែកម្ពុជាត្រូវការធ្វើទំនើបកម្មវិស័យការពារជាតិបន្ថែមទៀត។
បាំងតែ២ថ្ងៃប៉ុណ្ណោះ សង្គ្រាមហ្កាហ្សា នឹងឈានចូលគម្រប់ខួប ២ ឆ្នាំគត់ ដែលបានសម្លាប់ជីវិតមនុស្ស ជាង ៦ ម៉ឺននាក់។ ក្រោមសម្ពាធពីសហរដ្ឋអាមេរិក អ៊ីស្រាអែលនិងក្រុមហាម៉ាសផ្តើមចរចាគ្នាជាថ្មី នៅប្រទេសអេហ្ស៊ីប ដើម្បីធ្វើបទឈប់បាញ់ និងរំដោះចំណាប់ខ្មាំង។
នៅយប់ថ្ងៃសៅរ៍ទី៤តុលាឆ្នាំ២០២៥ មានហេតុការណ៍នៃការប៉ះទង្គិចដោយហិង្សារវាងជនជាតិប៉ាគីស្ថាន និងជនជាតិចិនរាប់សិបនាក់ ដែលបណ្តាលឲ្យមានភាពឆោឡោពេញក្រុងព្រះសីហនុ។ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអាទិត្យទី៥តុលានេះថា ករណីប៉ះទង្គិចរបស់ជនជាតិប៉ាគីស្ថាន និងជនជាតិចិននាពេលថ្មីៗនេះ មិនមែនដោយសារបញ្ហាមិនបើកប្រាក់ខែនោះទេ។ ប៉ុន្តែអំពើហិង្សានោះបានកើតឡើង ដោយសារបញ្ហាទំនាស់សាសនា។ ពោលគឺថៅកែជាជនជាតិចិនបាននិយាយលើសលស់ខាងសាសនា លើបុគ្គលិកជាជនជាតិប៉ាគីស្ថាន។ លោកបញ្ជាក់ទៀតថា សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលិកជាជនជាតិប៉ាគីស្ថានជាង៥០នាក់ និងថៅកែជាជនជាតិចិនចំនួន២រូប ដើម្បីបន្តនីតិវិធីសាកសួរ។
នៅថ្ងៃសៅរ៍ទី៤តុលា ឆ្នាំ ២០២៥ កងទ័ពជើងគោកយោធភូមិភាគីទី៥ តាមរយៈលិខិតមួយច្បាប់បានបញ្ជាក់មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ ឲ្យបានដឹងថា កិច្ចប្រជុំគណៈកម្មកាធិការព្រំដែនថ្នាក់ភូមិភាគរវាងកម្ពុជា-ថៃ (RBC) ក្នុងពេលខាងមុខនេះ ពុំមានសមត្ថកិច្ចផ្លូវការណាមួយដែលអាចកំណត់ខ្សែព្រំដែននៅភូមិជោគជ័យ និងភូមិព្រៃចាន់ បានឡើយ។ នេះជាការឆ្លើយតបរបស់ភាគីកម្ពុជា ទៅនឹងការស្នើរបស់ភាគីថៃដែលចង់ឲ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ស្ថិតក្នុងខេត្តបន្ទាយមានជ័យរបស់កម្ពុជា ឲ្យបានមុនកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC) នៅចុងសប្តាហ៍ក្រោយ។
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានអះអាងថា កម្ពុជាមិនអាក្រក់ដូចការចោទប្រកាន់របស់សហគមន៍អន្តរជាតិដែលថា កម្ពុជាជាញឹកញាប់បានរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ និងអ្នកនយោបាយជំទាស់នៅកម្ពុជា។ ប្រតិកម្មរបស់តំណាងកម្ពុជានៅUNដូចនេះ កើតឡើងនាសម័យប្រជុំលើកទី៦០នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងជាទីដែលកម្ពុជារងការរិះគន់ឥតសំចៃមាត់ពីសហគមន៍អន្តរជាតិ។ ទោះយ៉ាងណា តំណាងកម្ពុជានៅUNបានបកស្រាយថា លំហពលរដ្ឋ និងនយោបាយនៅកម្ពុជាមិនល្អឥតខ្ចោះទេ តែកម្ពុជាបានព្យាយាមធ្វើឱ្យមានភាពល្អប្រសើរជាលំដាប់ និងកំពុងបន្តធ្វើកំណែទម្រង់ឯករាជ្យភាពនៃប្រព័ន្ធតុលាការ។
កាលពីរាត្រីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ព្រឹត្តិការណ៍នៃការបិទកម្មវិធីមហោស្រព «ចតុ» ដែលផ្តោតលើភាពច្នៃប្រឌិត ផ្នែកសិល្បៈ និងការបង្កើតស្នាដៃថ្មី ត្រូវបានរៀបចំធ្វើឡើងយ៉ាងអធិកអធម នៅឯវិទ្យាស្ថានបារាំងនៅទីក្រុងភ្នំពេញ។ យុវជន-យុវនារីកម្ពុជាចំនួន ៦០រូប ទាំងក្នុងវិស័យភាពយន្ត តន្ត្រី របាំ និងសៀវភៅបានចូលរួមបង្កើតស្នាដៃច្នៃប្រឌិតថ្មីចំនួន ៣៥ផ្សេងៗគ្នា រួមមានទាំងភាពយន្តខ្នាតខ្លីចំនួន៥ ក្បាច់រាំចំនួន៥ សៀវភៅរឿង អមដោយរូបភាពចំនួន៦ រឿងនិទានជាសំឡេងជាភាសាខ្មែរចំនួន ៧រឿង បទចម្រៀងចំនួន ៨បទ និងតន្រ្តីសម្រាប់ភាពយន្តខ្នាតខ្លីចំនួន ៤បទ។ ការបន្សល់ទុកនូវស្នាដៃវប្បធម៌បែបច្នៃប្រឌិតនៅកម្ពុជាតាមរយៈកម្មវិធី «ចតុ» គឺជាគំនិតផ្តួចផ្តើមរបស់ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅកម្ពុជា រួមសហការជាដៃគូ ជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា និងអវតា ក្រុមហ៊ុនផលិតកម្ម Anti-Archive ផលិតកម្មកងចក្រ និងអង្គការសិល្បៈខ្មែរអមតៈ (Cambodian Living Arts) ក្រោមជំនួយមូលនិធិរបស់ Equipe France Création នៃក្រសួងការបរទេសបារាំង។
នៅអ៊ីរ៉ាក់ ប្រជាកសិករច្រើនរយនាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងបំរាមរបស់អាជ្ញាធរ ដែលហាមឃាត់មិនឲ្យប្រើប្រាស់ទឹក សម្រាប់ដាំដំណាំ នៅរដូវប្រាំង។ បាតុករបានទាមទារសំណង និងស្នើឲ្យចែកចាយទឹកឲ្យបានគ្រប់គ្រាន់។
នៅថ្ងៃទី៤តុលានេះ កម្មកររោងចក្រតារ៉ាល់បានវិលចូលបំពេញការងារវិញ បន្ទាប់ពីផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីថ្ងៃសុក្រ ទី៣ តុលា ម្សិលមិញ។ កម្មកររបស់រោងចក្រតារ៉ាល់បានធ្វើបាតុកម្មដើម្បីទាមទារអត្ថប្រយោជន៍ការងាររបស់ពួកគេពីថៅកែ រួមមាន ថ្លៃបាយថ្ងៃត្រង់ ប្រាក់រង្វាន់ និងប្រាក់ធ្វើការទៀងទាត់ជាដើម។ តាមការបញ្ជាក់របស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនៅថ្ងៃទី៤តុលាការនេះ ថៅកែរោងចក្របានយល់ព្រមគ្រប់ការទាមទាររបស់កម្មករ៕ សូមស្តាប់លោក ស៊ុន មេសា៖
សហគមន៍ និងស្ថាប័នសិទ្ធិមនុស្សអន្តរជាតិបានរួមគ្នាចោទប្រកាន់ថា រដា្ឋភិបាលកម្ពុជាបានយកបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ ទៅគាបសង្កត់លំហសេរីភាពពលរដ្ឋ និងធ្វើទុក្ខបុកម្នេញអ្នកមាននិន្នាការជំទាស់។ បន្ថែមពីលើការចោទប្រកាន់ សហគមន៍អន្តរជាតិបានរិះគន់ការធ្វើវិសោធនកម្មច្បាប់ដកហូតសញ្ជាតិខ្មែរ ដែលមានគោលដៅកំណត់មុខព្រួញដាក់ទោសទណ្ឌពលរដ្ឋខ្មែរ ដែលហ៊ានប្រឆាំងនឹងរដ្ឋាភិបាល។ មន្ត្រីសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាចាត់ទុកការលើកឡើងខាងលើថា ជាការចោទប្រកាន់គ្មានមូលដ្ឋាន។
នៅថ្ងៃសុក្រទី៣ខែកញ្ញាឆ្នាំ២០២៥ តុលាការថៃបានចេញសាលក្រមផ្តន្ទាទោសខ្មាន់កាំភ្លើងជនជាតិថៃ អេកាឡាក់ ភាណយ ដែលបានបាញ់សម្លាប់ លោក លិម គិមយ៉ា ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ កូនប្រុសលោក លិម គិមយ៉ា បានប្រតិកម្មភ្លាមៗថា ការសម្រេចរបស់តុលាការថៃគ្រាន់ជាជំហាននៃការផ្តល់យុត្តិធម៌ដល់ឪពុករបស់ខ្លួនប៉ុណ្ណោះ។ សម្រាប់គ្រួសារលោក លិម គិមយ៉ា យុត្តិធម៌ពិតប្រាកដនឹងកើតមានឡើង នៅល្គឹកណាដែលអ្នកបញ្ជាពិតប្រាកដត្រូវនាំយកទៅកាត់ទោសតាមផ្លូវច្បាប់។ តើមានមធ្យោបាយអ្វីបន្ថែមទៀតសម្រាប់ឲ្យគ្រួសារលោក លិម គិមយ៉ា អាចរកបានយុត្តិធម៌ពេញលេញ?
អ្នកនយោបាយជាតិនិយមជប៉ុន លោកស្រី តាកាអ៊ីជី សាណាអេ បានជាប់ឆ្នោតក្លាយជាប្រមុខដឹកនាំបក្សកាន់អំណាច គឺគណបក្សសេរីនិយមប្រជាធិបតេយ្យ។ មុខតំណែងនេះនឹងអាចឲ្យលោកស្រីមានឱកាសក្លាយជា នាយករដ្ឋមន្ត្រីស្រី ជាលើកដំបូងបំផុត នៅក្នុងប្រវត្តិសាស្ត្រប្រទេសជប៉ុន។ ក៏ប៉ុន្តែ គេត្រូវរង់ចាំការបោះឆ្នោតផ្តល់ទំនុកចិត្តពីសភាជាមុនសិន។ បញ្ហានៅត្រង់ថា សភាទាំង២ ពោលគឺរដ្ឋសភានិងព្រឹទ្ធសភា ឋិតក្នុងដៃរបស់គណបក្សប្រឆាំង។
រងការវាយប្រហារទម្លាក់គ្រាប់សឹងជារៀងរាល់ថ្ងៃពីអ៊ីស្រាងែល តើហា្កហ្សាកំពុងស្ថិតនៅលើផ្លូវទៅស្គាល់សន្តិភាព។ នៅយប់ថ្ងៃសុក្រទី៣ តុលាម្សិលមិញ នៅតែប៉ុន្មានម៉ោងក្រោយការដាក់ឱសានវាទរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ក្រុមហាម៉ាសបានប្រកាសថា ខ្លួនសុខចិត្តយល់ព្រមទទួលយកផែនការសន្តិភាព ស្នើឡើងដោយលោកត្រាំ។ ភ្លាមៗ ប្រធានាធិបតីបានប្រាប់ឲ្យអ៊ីស្រាអែលត្រូវឈប់ទម្លាក់គ្រាប់លើហ្កាហ្សា ដើម្បីបើកផ្លូវឲ្យមានការចរចា ដោះលែងចំណាប់ខ្មាំង ប៉ុន្តែ អ៊ីស្រាអែលនៅតែបន្ត និងទម្លាក់គ្រាប់កាន់តែសន្ធឹក ពីយប់ថ្ងៃសុក្រ រហូតដល់ព្រឹកថ្ងៃសៅរ៍នេះ។
ម្តាយជនរងគ្រោះអំពាវនាវឲ្យជួយរកយុត្តិធម៌ដល់គ្រួសាររបស់គាត់ បន្ទាប់ពីកូនប្រុសត្រូវគ្រាប់កាំភ្លើងស្លាប់នៅពេលដែលប៉ូលិសប៉ុស្តិ៍ពោធិ៍អង្ក្រង ក្នុងខេត្តកំពង់ស្ពឺ ចុះដើរល្បាតនៅយប់ថ្ងៃទី៣ ខែតុលាឆ្នាំ២០២៥។ សាក្សីក្នុងហេតុការណ៍នោះបានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា ជនរងគ្រោះបានស្លាប់ដោយសារតែគ្រាប់កាំភ្លើងរបស់លោកមេប៉ុស្តិ៍ពោធិ៍អង្ក្រង ខណៈជនរងគ្រោះជិះម៉ូតូមកពីទិញទឹកកកក៏ជួបប្រទះក្រុមប៉ូលីសដែលចុះល្បាតនាពេលយប់។
ក្រុមសម្ព័ន្ធយុវជនម៉ារ៉ុក ឈ្មោះ “GenZ 212” បានប្រកូកប្រកាសធ្វើបាតុកម្ម សឹងទូទាំងប្រទេសចាប់តាំងពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនមក ដើម្បីទាមទារឲ្យរដ្ឋាភិបាលម៉ារ៉ុកចុះចេញពីអំណាច ព្រោះខ្វះសមត្ថភាពដឹកនាំប្រទេស។ ការទាមទារនេះ គឺបានផុសផុលឡើង បន្ទាប់ពីមានករណីស្ត្រី៨នាក់ ដែលពរពោះត្រូវសម្រាលកូនដោយការវះកាត់ បានស្លាប់ផ្ទួនៗគ្នានៅឯមន្ទីរពេទ្យរដ្ឋមួយកន្លែង។
នៅថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៥ មានពិធីចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីនរវាងអាជ្ញាធរមីនជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម រួមនឹងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ គោលដៅគឺដើម្បីប្រតិបត្តិការដោះមីនលើផ្ទៃដីចំការមីនទំហំជាង៤១ គីឡូម៉ែត្រការ៉េនៅក្នុងខេត្តជាប់ព្រំដែនថៃចំនួន៦ ក្រោមការគាំទ្រពី «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ដែលមានទឹកប្រាក់ ៥ លានដុល្លារ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនបានបញ្ជាក់ថា គម្រោងបោសសម្អាតមីនខាងលើនេះមិនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងដោះមីនមនុស្សធម៌រវាងកម្ពុជា និងថៃទេ៕
ដំណើរទស្សនាតែ១០ថ្ងៃនៅប្រាសាទអង្គរបានផ្លាស់ប្តូរជីវិតរបស់អ្នករុករកជនជាតិបារាំង ល្វី ដឺឡាប៉ក។ បន្ទាប់ពីត្រលប់មកប្រទេសបារាំងនៅឆ្នាំ ១៨៦៨ នៅក្រោយបញ្ចប់បេសកកម្មនៅទន្លេមេគង្គ លោក ល្វី ដឺឡាប៉កបានចិញ្ចឹមចិត្តចង់ត្រលប់ទៅស្រាវជ្រាវសាជាថ្មីនៅអាស៊ី ជាពិសេសកម្ពុជាជាទីដែលប្រាសាទអង្គរវត្តបានទាក់ចិត្តលោកយ៉ាងខ្លាំង។ នៅក្នុងបទយកការណ៍នៅថ្ងៃសុក្រទី៣តុលា លោកស្រី វេរ៉ូនីក ឡួម អ្នកទទួលខុសត្រូវផ្នែកបេតិកភណ្ឌ និងសារមន្ទីររបស់ទីក្រុង ឡូស្ហ Loches ពន្យល់ពីចំណុចពិសេសរបស់អ្នករុករកបារាំង ក្នុងការនាំយកសិល្បៈខ្មែរទៅបង្ហាញលោកខាងលិច កាលពីជាង១០០ឆ្នាំមុន។
នៅថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ នេះ តុលាការថៃបានចេញសេចក្តីសម្រេចផ្តន្ទាទោសខ្មាន់កាំភ្លើង អេកាឡាក់ ភាណយ ដែលបានបាញ់សម្លាប់លោក លិម គិមយ៉ាឲ្យជាប់គុកអស់មួយជីវិត។ ទន្ទឹមគ្នានេះ តុលាការថៃក៏បានសម្រេចឲ្យខ្មាន់កាំភ្លើងថៃដៃឆៅរូបនេះបង់ប្រាក់ ១,៧៩លានបាត ឬស្មើជាង ៥ម៉ឺន ៤ពាន់ដុល្លារដល់ក្រុមគ្រួសារសពលោក លិម គិមយ៉ា។
មានស្លាប់ពីរនាក់ និងរបួសធ្ងន់បីនាក់ នៅក្នុងការវាយប្រហារបែបភេរវកម្ម នៅមុខវិហារសាសនាជ្វីហ្វ ក្នុងក្រុងមែនឆេស្ទឺ (Manchester) ប្រទេសអង់គ្លេស។ ភ្នាក់ងារមានសមត្ថកិច្ចកម្ចាត់ជនដៃដល់បានភ្លាមនៅនឹងកន្លែង និងចាប់បានជនជាប់សង្ស័យពាក់ព័ន្ធបីនាក់ផ្សេងទៀត។ នេះជាហេតុការណ៍ភេរវកម្មដ៏ធ្ងន់ធ្ងរបំផុតនៅអឺរ៉ុប គិតចាប់តាំងពីថ្ងៃដែលពួកហាម៉ាសវាយឆ្មក់លើអ៊ីស្រាអែល ថ្ងៃទី៧តុលា២០២៣មក។
ជាលើកទី១ រដ្ឋកូរ៉េខាងត្បូងបានប្រកាសទទួលស្គាល់កំហុសរបស់ខ្លួន ចំពោះករណីអនុញ្ញាតការស្មុំកូនដោយបំពាននឹងលក្ខខណ្ឌច្បាប់ ដែលបានកើតឡើងកាលពីអតីតកាល។ រវាងពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៩៩ មានកុមារកូរ៉េខាងត្បូង ជាងមួយសែននាក់ ដែលត្រូវបានប្រគល់ ឲ្យគេយកទៅចិញ្ចឹមនៅឯបរទេស ហើយដែលភាគច្រើនលើសលប់ គឺនីតិវិធីស្មុំកូនមិនត្រូវបានធ្វើឲ្យបានត្រឹមត្រូវស្របច្បាប់ និងបង្កឲ្យកុមារទាំងនោះព្រាត់ប្រាសពីឪពុកម្តាយបង្កើត។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានបន្តដាក់ញត្តិសុំកិច្ចអន្តរាគមន៍ទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិ(OHCHR) ដើម្បីឱ្យ OHCHR បន្តតាមដានលើញត្តិបន្ទាន់របស់កម្ពុជា ដែលពាក់ព័ន្ធនឹងការឃុំខ្លួនទាហានកម្ពុជាទាំង ១៨នាក់ ដោយខុសច្បាប់ពីសំណាក់យោធាថៃ។ ក្នុងញត្តិថ្មីនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបង្ហាញពីការព្រួយបារម្ភ និងជំរុញឲ្យ OHCHR ធ្វើសកម្មភាពជាក់ស្តែង និងទាន់ពេលវេលា ដើម្បីគេចចេញពីការបកស្រាយថា OHCHR បានព្រងើយកន្តើយចំពោះការរំលោភបំពានសិទ្ធិមនុស្សអន្តរជាតិ និងសិទ្ធិមនុស្សធម៌អន្តរជាតិ។
ស្ថានទូតចិនប្រចាំប្រទេសថៃនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងថា ចិនបានផ្តល់គ្រឿងសព្វាវុធដល់កម្ពុជា ក្នុងអំឡុងនៃការផ្ទុះអាវុធដាក់គ្នានៅតាមព្រំដែនកម្ពុជា-ថៃ កាលពីខែកក្កដា ឆ្នាំ២០២៥។ ស្ថានទូតចិនប្រចាំទីក្រុងបាងកកសង្កត់ធ្ងន់ថា ប៉េកាំងគ្មានតួនាទីអ្វីក្នុងការបញ្ឆេះជម្លោះរវាងកម្ពុជា-ថៃ នោះទេ ប៉ុន្តែមានតែជំរុញការកសាងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
នៅព្រឹកថ្ងៃសុក្រទី៣ ខែតុលា ឆ្នាំ២០២៥នេះ កម្មកររាប់ពាន់នាក់ ដែលបំរើការងារនៅរោងចក្រតារ៉ាល់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានសម្រេចបិទផ្លូវជាតិ៣ ដើម្បីទាមទារអត្ថប្រយោជន៍ការងាររបស់ពួកគេពីថៅកែរោងចក្រ។ ការផ្ទុះការតវ៉ានេះ បានឈានទៅដល់ការប៉ះទង្គិចគ្នារវាងកម្មករ និងកម្លាំងសមត្ថកិច្ច ខណៈដែលសមត្ថកិច្ចព្យាយាមបើកផ្លូវសម្រួលចរាចរណ៍កុំឲ្យកកស្ទះ។
សន្ធិសញ្ញាការពារគ្នាជាមួយអូស្ត្រាលី ដ៏ចម្រូងចម្រាស បានទទួលការយល់ព្រមពីរដ្ឋាភិបាលប៉ាពូអាស៊ីនូវែលហ្គីណេហើយ។ នេះបើតាមសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេ នៅថ្ងៃព្រហស្បតិ៍ទី២តុលា២០២៥។ សម្រាប់អូស្ត្រាលី សន្ធិសញ្ញានេះ ជាការរឹតចំណងទំនាក់ទំនងជាមួយរដ្ឋក្នុងតំបន់មហាសមុទ្ទប៉ាស៊ីហ្វិកផង និងដើម្បីទប់ទល់ឥទ្ធិពលរបស់ចិនដែលរីកធំធាត់ជាលំដាប់ក្នុងតំបន់ផង។