ពលរដ្ឋបារាំង ២ នាក់ ត្រូវតុលាការអ៊ីរ៉ង សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទប្រព្រឹត្តអំពើចារកម្ម បម្រើផលប្រយោជន៍បារាំងនិងអ៊ីស្រាអែល ហើយប្រឆាំងនឹងសន្តិសុខជាតិអ៊ីរ៉ង់។ ស្ថានទម្ងន់ទោសធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ពោលម្នាក់ត្រូវជាប់៣១ឆ្នាំក្រោយចម្រឹងដែក និងម្នាក់ទៀត ៣២ឆ្នាំ។
ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៦,៧លាននាក់ ដោយអាចរកចំណូលបានជាង ៣,៦ពាន់លានដុល្លារ។ អ្នកពាក់ព័ន្ធវិស័យទេសចរណ៍នានាបានសម្តែងការព្រួយបារម្ភចំពោះអំពើឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជា ក្រោយយុវជនកូរ៉េខាងត្បូងម្នាក់បានស្លាប់កាលពីពេលថ្មីៗនេះនៅខេត្តកំពត។ ក្នុងន័យនេះ ប្រតិបត្តករក្នុងវិស័យទេសចរណ៍បានជំរុញឲ្យរដ្ឋាភិបាលបង្កើនការចាត់វិធានការលើអំពើឆបោកតាមអនឡាញឲ្យទាន់ពេលដើម្បីរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាពិសេសរក្សាបាននូវស្ថិរភាពក្នុងវិស័យទេសចរណ៍៕
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីធ្វើជាសាក្សីក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ នេះជាការបញ្ជាក់របស់ប្រមុខការទូតម៉ាឡេស៊ី លោក មហាម៉ាត់ ហាសាន ក្នុងសន្និសីទកាសែត នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។ ក្នុងសន្និសីទនេះដដែល លោក មហាម៉ាត់ ហាសាន ជឿជាក់ថា ម៉ាឡេស៊ី និងសហរដ្ឋអាមេរិកនឹងជួយសម្របសម្រួលលើការអនុវត្តបទឈប់បាញ់រវាងថៃ និងកម្ពុជា ដោយធ្វើយ៉ាងណាឲ្យភាគីជម្លោះទាំង២ ដោះគ្រាប់មីន និងដកកាំភ្លើងធំៗចេញឲ្យអស់នៅតាមតំបន់ព្រំដែន។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃកំពុងត្រៀមរៀបចំលិខិតផ្លូវការផ្ញើទៅស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ជុំវិញសំណុំរឿងឃាតកម្មនិស្សិតកូរ៉េខាងត្បូងម្នាក់ នៅខេត្តកំពត កាលពីពេលថ្មីៗនេះ។ នេះបើតាមការបញ្ជាក់របស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ ទន្ទឹមគ្នានេះ ក្រសួងមហាផ្ទៃក៏បានណែនាំឲ្យអគ្គស្នងការនគរបាលជាតិកោះហៅតំណាងស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជាឲ្យមកស្តាប់ការពន្យល់ផ្ទាល់ស្តីពីបច្ចុប្បន្នភាពនៃរបាយការណ៍ក្នុងរឿងឃាតកម្មនេះ។
នៅទីបំផុត អគារអង្គរមានជ័យ ដែលជាសំណង់អគារវ័យចំណាស់ជាងគេមួយ នៅចំកណ្តាលរាជធានីភ្នំពេញ កំពុងត្រូវបានវាយកំទេចចោល។ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម លោក ខៀវ បូរិន្ទ បានលើកឡើងថា ការសម្រេចវាយកំទេចសំណង់អគារ អាយុកាលជាង ៧៥ឆ្នាំមួយនេះធ្វើឡើង បន្ទាប់ពីមានការជូនដំណឹងជាមុនរាប់ខែរួចមកហើយ។ តាមគម្រោង ដំណើរការនៃការវាយកំទេចសំណង់អគារវ័យចំណាស់មួយនេះធ្វើឡើង ក្នុងរយៈពេល ៤៥ថ្ងៃ គិតចាប់តាំងពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ ទោះយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋម្ចាស់ផ្ទះចំនួន១ ឬ២គ្រួសារទៀត នៅមិនទាន់យល់ព្រមទទួលយកសំណងឡើយ។
នៅក្នុងជំនួបកំពូលស្តីពីហ្កាហ្សា នៅប្រទេសអេហ្ស៊ីបកាលពីចន្ទទី១៣តុលា ក្នុងឱកាសនេះដែរ លោកដូណាល់ ត្រាំ បានប្រកាសអះអាងយ៉ាងមោទនភាពបំផុត ថាសន្តិភាពតំបន់ដើមបូព៌ាបានកើតមានហើយ ដោយសារតែការប្រឹងប្រែងរបស់លោក។ តែជាមួយគ្នានេះ គេសង្កេតឃើញថា នៅមានចំណុចមិនប្រាដកប្រជាច្រើនចំណុច ជាក់ស្តែងដូចជាទាក់ទិននឹងការរំសាយអាវុធទាំងស្រុង របស់ក្រុមហាម៉ាសជាដើម។
ម៉ាដាហ្កាស្កា ប្រទេសកោះដ៏ក្រីក្របំផុតនៅមហាសមុទ្រឥណ្ឌាបានធ្លាក់ផុងជ្រៅក្នុងវិបត្តិ បន្ទាប់ពីកងទ័ពបង្ហាញសមានចិត្តគាំទ្រចលនាបាតុកម្មទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែង។ នៅថ្ងៃចន្ទ មន្រ្តីយោធាម៉ាដាហ្កាស្កាបញ្ជាក់ការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ ដែលថា ប្រធានាធិបតីម៉ាដាហ្កាស្កាបានចាកចេញពីប្រទេសតាំងពីថ្ងៃអាទិត្យ ជាមួយយន្តហោះយោធាបារាំង។
រង្វាន់ណូបែលសេដ្ឋកិច្ច ឆ្នាំ២០២៥នេះ បានទៅលើអ្នកជំនាញសេដ្ឋកិច្ច ៣ នាក់ គឺជនជាតិបារាំង កាណាដា និងម្នាក់ទៀត ជាជនជាតិអាមេរិកដើមកំណើតជ្វីហ្វ។ ស្នាដៃរបស់សេដ្ឋវិទូទាំង៣ នាក់ គឺកិច្ចការស្រាវជ្រាវស្តីពីវឌ្ឍនភាពសេដ្ឋកិច្ចដោយផ្អែកលើនវានុវត្តន៍។
ម៉ាដាហ្កាស្កា ប្រទេសកោះដ៏ក្រីក្របំផុតនៅមហាសមុទ្រឥណ្ឌាបានធ្លាក់ផុងជ្រៅក្នុងវិបត្តិ បន្ទាប់ពីកងទ័ពបង្ហាញសមានចិត្តគាំទ្រចលនាបាតុកម្មទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែង។ នៅថ្ងៃចន្ទ មន្រ្តីយោធាម៉ាដាហ្កាស្កាបញ្ជាក់ការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ ដែលថា ប្រធានាធិបតីម៉ាដាហ្កាស្កាបានចាកចេញពីប្រទេសតាំងពីថ្ងៃអាទិត្យ ជាមួយយន្តហោះយោធាបារាំង។
ជិតមួយឆ្នាំ នៃការដួលរលំរបបបាស្ហា អាល់អាសាដ ស៊ីរីនៅតែមិនទាន់រកឃើញឯកភាពជាតិទាំងស្រុង។ នៅក្នុងគោលដៅបង្រួបបង្រួមជាតិ ប្រមូលទឹកដីទាំងអស់មកនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលថ្មី ប្រធានាធិបតីស្តីទី លោកអាម៉េដ អាល់ ស្ហារ៉ា Ahmed Al Charaa បានចរចាជាមួយកម្លាំងប្រដាប់អាវុធគ្រប់ភាគីនៅស៊ីរី ជាពិសេសក្រុមគួដឌីស្ថាន ដែលគ្រប់គ្រងតំបន់ស្វយ័តភាគខាងជើងស៊ីរី។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានបារាំង AFP កាលពីថ្ងៃអាទិត្យ មេដឹកនាំរបស់ចលនាប្រយុទ្ធគួដឌីស្ថានបានមានប្រសាសន៍ថា លោកបានរកឃើញកិច្ចព្រមព្រៀងជាគោលការណ៍ជាមួយមេដឹកនាំថ្មីរបស់ស៊ីរី ស្តីពីការធ្វើសមាហរណកម្មទាហានគួដទៅក្នុងជួរកងទ័ពជាតិស៊ីរី។
ថ្ងៃចន្ទ ទី១៣តុលា អ៊ីស្រាអែល និងហាម៉ាស បានដោះលែងចំណាប់ខ្មាំង និងអ្នកទោសគ្នាទៅវិញទៅមក។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលជាអ្នកផ្តួចផ្តើមដាក់សម្ពាធខ្លាំងឲ្យភាគីទាំង២ធ្វើបទឈប់បាញ់ បានអញ្ជើញទៅដល់ប្រទេសអ៊ីស្រាអែល ដើម្បីអបអរសាទរការទទួលចំណាប់ខ្មាំងអ៊ីស្រាអែល ហើយលោក ត្រាំ ក៏ត្រូវចូលរួមកិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅតំបន់ហ្កាហ្សា ដែលត្រូវរៀបចំនៅប្រទេសអេហ្ស៊ីប។ កិច្ចប្រជុំកំពូលនេះ ដឹកនាំដោយសហប្រធានលោក ត្រាំ និងសមភាគីអេហ្ស៊ីប លោកអាល់ស៊ីស៊ី ដោយមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប្រមាណ ២០ប្រទេសផ្សេងទៀត ។
សៀវភៅស្នាក់នៅជាឯកសារសំខាន់មួយដែលពលរដ្ឋប្រើដើម្បីចុះសំបុត្រកំណើតឱ្យកូន ចុះឈ្មោះធ្វើសៀវភៅគ្រួសារ ចុះឈ្មោះបោះឆ្នោត និងធ្វើសំបុត្រអាពាហ៍ពិពាហ៍ជាដើម។ រហូតមកដល់ពេលនេះ ពលរដ្ឋចំនួន១៥៤ គ្រួសារ នៅសហគមន៍ពង្រសែនជ័យ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅតែពុំទាន់មានសៀវភៅស្នាក់នៅសម្រាប់ប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ពួកគេទទូចស្នើសុំឱ្យអាជ្ញាធរធ្វើសៀវភៅស្នាក់នៅ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់គេ។
ក្រោយការស្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅកម្ពុជា ករណីឧក្រិដ្ឋកម្មអនឡាញលើជនជាតិកូរ៉េខាងត្បូងនៅកម្ពុជាមួយនេះ ត្រូវបានគេលើកយកមកជជែកយ៉ាងផុសផុលជាថ្មីតាមបណ្តាញសង្គម។ នៅថ្ងៃទី១១ តុលា ឆ្នាំ ២០២៥ លោក លី ចែម្យុង បានបញ្ជាឱ្យក្រសួងការបរទេសកូរ៉េចាត់វិធានការផ្លូវទូតដើម្បីឆ្លើយតបនឹងបញ្ហានេះ។ ចំពោះអ្នកតាមដានសង្គមកម្ពុជា ឧក្រិដ្ឋកម្មអនឡាញជាបញ្ហាដ៏ធ្ងន់ធ្ងរមួយដែលប៉ះពាល់ដល់មុខមាត់ និងសណ្តាប់ធ្នាប់សង្គមកម្ពុជា។ ក្នុងន័យនេះ ពួកគេជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យតឹងរ៉ឹង និងម៉ឺងម៉ាត់។ តើកម្ពុជាគួរដោះស្រាយយ៉ាងណានឹងការចោទប្រកាន់លើរឿងឧក្រិដ្ឋកម្មតាមអនឡាញនេះ?
លោក ហ្ស៊ីលដាស ឡឺ លីដិក (Gildas Le Lidec) អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ៩០ បានទទួលមរណភាពក្នុងវ័យ ៧៨ឆ្នាំ។ ស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញបានបញ្ជាក់ដំណឹងមរណភាពនេះនៅព្រឹកថ្ងៃទី១៣ តុលា។ សម្រាប់ស្ថានទូតបារាំងប្រចាំកម្ពុជា លោក ហ្ស៊ីលដាស ឡឺ លីដិក បានជួយជ្រោមជ្រែងកម្ពុជាក្នុងការកសាងប្រទេសឡើងវិញ ក្រោយខ្ទេចខ្ទីដោយសារសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ។ ភ្លាមៗ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាក៏បានចេញសារចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអ្នកការទូតបារាំងដ៏ចំណាននេះដែរ។
ថៃនឹងមិនដោះលែងទាហានខ្មែរទាំង ១៨នាក់ឡើយ ប្រសិនបើជម្លោះព្រំដែនរវាងកម្ពុជា-ថៃមិនទាន់ត្រូវបានបិទបញ្ចប់ជាផ្លូវការទេនោះ។ នេះជាការបញ្ជាក់របស់លោកស្រី ប្រាថាណា ឌីស៊ីយ៉ាតាត តំណាងអចិន្ត្រៃយ៍ថៃប្រចាំអង្គការសហប្រជាជាតិនៅក្នុងសម័យប្រជុំលើកទី៧៦ របស់គណៈកម្មាធិការប្រតិបត្តិនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ស្រ៊ាង ចិន្តា ចាត់ទុកការបញ្ជាក់របស់លោកស្រី ប្រាថាណា ឌីស៊ីយ៉ាតាត ថាគ្រាន់តែភាសាការទូត ដើម្បីលាក់ចរិតព្រៃផ្សៃរបស់ជាតិសាសន៍ខ្លួនតែប៉ុណ្ណោះ។ សម្រាប់លោក ស្រ៊ាង ចិន្តា ប្រសិនបើថៃចង់បញ្ចប់ជម្លោះមែន ថៃមិនត្រូវបន្តឃុំខ្លួនទាហានខ្មែរទាំង ១៨នាក់ និងបន្តសកម្មភាពញុះញង់ដែលផ្ទុយទាំងស្រុងពីច្បាប់អន្តរជាតិនោះទេ៕
ម៉ោង១០យប់ ថ្ងៃអាទិត្យទី១២តុលា លោកនាយករដ្ឋមន្ត្រីបារាំង សេបាស្យៀង ឡឺក័រនុយ បានប្រកាសសមាសភាពរដ្ឋាភិបាលថ្មីរបស់់លោក បន្ទាប់ពីបានប្រជុំអស់ច្រើនមោ៉ោង ជាមួយលោកប្រធានាធិបតីម៉ាក្រុង។ ដូចការសន្យារបស់លោក សេបាស្យៀង ឡឺក័រនុយ សមាសភាពរដ្ឋាភិបាលថ្មីបារាំង គឺផ្គុំដោយអ្នកនយោបាយចាស់ឆ្នាំផង និងមនុស្សថ្មីៗមួយចំនួនមកពីអង្គការសង្គមស៊ីវីលផង។ យ៉ាងណាក៏ដោយ គេនៅតែបារម្ភ ថារដ្ឋាភិបាលនេះអាចនឹងគ្មានអាយុវែងទេ ព្រោះសភាអាចនឹងបោះឆ្នោតទម្លាក់។
ជារៀងរាល់ឆ្នាំ ទិវាអ្នកស័្មគ្រចិត្តបារាំងតែងតែរៀបចំប្រារព្ធធ្វើឡើង ជាមួយនឹងការចូលរួមពីមនុស្សរាប់ពាន់នាក់នៅជុំវិញពិភពលោក។ ទិវានេះមានគោលដៅសំខាន់ក្នុងការលើកកម្ពស់ការប្តេជ្ញាចិត្តរបស់អ្នកស្ម័គ្រចិត្តជាតិ និងអន្តរជាតិឲ្យមកធ្វើការក្នុងសហគមន៍តាមបណ្តាប្រទេសនានា។ កម្មវត្ថុសំខាន់មួយទៀតនៃការប្រារព្ធទិវានេះ គឺជំរុញឲ្យមានការផ្លាស់ប្តូរអ្នកស្ម័គ្រចិត្តអន្តរជាតិ ដើម្បីពង្រឹងសាមគ្គីភាព និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ នៅឆ្នាំ២០២៥នេះ ប្រទេសកម្ពុជានៅតែត្រូវបានចាត់ទុកថាជាប្រទេសម្ចាស់ផ្ទះធំទីពីរ សម្រាប់អ្នកស្ម័គ្រចិត្តបារាំង ដែលមានចំនួនរហូតដល់ជិត២០០នាក់ក្នុងមួយឆ្នាំៗ។ ពួកគេបានមកធ្វើការនៅលើវិស័យសំខាន់ៗដូចជាវិស័យអប់រំ កសិកម្ម និងបរិស្ថាន។ ដោយឡែកអ្នកស្ម័គ្រចិត្តកម្ពុជា ដែលបានចាកចេញទៅប្រទេសបារាំងក៏មានការកើនឡើងរហូតដល់៤២នាក់ផងដែរ ចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៥នេះ។
ជាទូទៅ ភាគច្រើននៃគ្រឿងសង្ហារិម រួមមាន តុ ទូ សាឡុង ឬកៅអីជាដើមត្រូវបានធ្វើឡើងពីឈើបេង នាងនួន ឬឈើប្រណីតផ្សេងៗទៀត។ ប៉ុន្តែនៅខេត្តតាកែវ លោក ចឹក ធុចបែរជាយកវល្លិ៍ផ្ដៅច្នៃធ្វើជាគ្រឿងលម្អនៅតាមផ្ទះ និងជាគ្រឿងសង្ហារិមនៅតាមហាងកាហ្វេ។ ជម្រើសការប្រើវល្លិ៍ផ្តៅជំនួសការប្រើឈើប្រណិតៗត្រូវបានលោក ចឹក ធុច ពន្យល់ថា គឺជាការចូលរួមកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងជួយដោះស្រាយជីវភាពអ្នកនៅតាមជនបទ ក្រៅពីការធ្វើស្រែចំការ។
ប្រធានធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung បានបញ្ជាឱ្យក្រសួងការបរទេសកូរ៉េចាត់វិធានការការទូតគ្រប់សព្វបែបយ៉ាង ដើម្បីឆ្លើយតបនឹងសំណុំរឿងឧក្រិដ្ឋកម្មក្នុងប្រទេសកម្ពុជា។ បទបញ្ជានេះ ធ្វើឡើងក្រោយពលរដ្ឋកូរ៉េជាច្រើននាក់បានក្លាយជារងគ្រោះ ដោយសារតែអំពើឆបោកអនឡាញនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងYONHAP NEWS AGENCY។ ការិយាល័យអ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូងមិនបានបញ្ជាក់ថា វិធានការកាទូតរបស់លោក Lee ជាអ្វីឱ្យប្រាកដនៅឡើយទេ។ ប៉ុន្តែថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងទើបតែកោះហៅមន្ត្រីទូតខ្មែរប្រចាំកូរ៉េខាងត្បូងតវ៉ាផ្លូវទូតប្រឆាំងនឹងការស្លាប់និស្សិតកូរ៉េម្នាក់នៅលើភ្នំបូកគោ ខេត្តកំពតដែលនៅប៉ែកនិរតីនៃប្រទេសកម្ពុជា។
តំណាងអចិន្ត្រៃយ៍ថៃប្រចាំអង្គការសហប្រជាជាតិ លោកស្រី ប្រាថាណា ឌីស៊ីយ៉ាតាត (Pratana Disyatat) បាននិយាយថា កម្ពុជាបានធ្វើរបាយការណ៍ដែលមិនបានឆ្លុះបញ្ចាំងការពិតជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ហើយលើកយករបាយការណ៍នោះទៅបង្ហាញនៅក្នុងវេទិការអន្តរជាតិធំៗដែលមានភាគីច្រើនចូលរួម។ ការអត្ថាធិប្បាយរបស់ភាគីថៃយ៉ាងដូចនេះ ជាការឆ្លើយតបនឹងបទអន្តរាគមន៍របស់លោក អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ដែលបានលើកឡើងថា ថៃកំពុងប្រើប្រាស់កម្លាំងប្រដាប់អាវុធបណ្តេញពលរដ្ឋខ្មែរចេញពីលំនៅឋានក្នុងតំបន់មានជម្លោះតាមខ្សែបន្ទាត់ព្រំដែនខ្មែរ និងថៃ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃសៅរ៍ទី១១តុលា បានបញ្ជូនញត្តិបន្ទាន់មួយដាក់ទៅជូនឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ជុំវិញបញ្ហាចាក់សំឡេងរំខានរបស់ទាហានថៃ នៅភូមិជោគជ័យ និងភូមិព្រៃចាន់របស់កម្ពុជា។ ញត្តិរបស់លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើឲ្យលោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្ស មកសង្កេតការណ៍ដោយផ្ទាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីឃើញពីហេតុការណ៍ដែលទាហានថៃកំពុងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
សង្គ្រាមពាណិជ្ជកម្មបានឆាបឆេះជាថ្មី។ នៅថ្ងៃសុក្រទី ១០តុលា ប្រធានាធិបតីអាមេរិក ស្រាប់តែច្រឡោត ប្រកាសដំឡើងពន្ធបន្ថែមលើគ្រប់ផលិតផលចិនដល់១០០% ចាប់ពីថ្ងៃទី១វិច្ឆិកាទៅ។ ចំណែកខាងចិនវិញ គ្មានប្រតិកម្មជាសាធារណៈ ពីសំណាក់ក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្មចិនទេ គិតត្រឹមរសៀលថ្ងៃសៅរ៍ទី១១តុលា២០២៥នេះ។ ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មាន ប្រជាពលរដ្ឋប៉េកាំងអះអាងថាមិនខ្វល់នឹងសេចក្តីប្រកាសលោកដូណាល់ត្រាំ ហើយក៏មិនខ្លាចនយោបាយដំឡើងពន្ធគយប្រឆាំងនឹងចិនទេ។
ប្រទេសជិតខាងគ្នា អាហ្វហ្កានីស្ថាន និងប៉ាគីស្ថានបានដំឡើងសំឡេងដាក់គ្នា កាលពីថ្ងៃសុក្រទី១០តុលា បន្ទាប់ពីរបបតាលីបង់ចោទប្រកាន់ក្រុងអ៊ីស្លាម៉ាបាដថា បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរចូលក្នុងដែនអធិបតេយ្យរបស់អាហ្វហ្កានីស្ថាន។ ក្រសួងការពារជាតិរបស់រដ្ឋាភិបាលតាលីបង់ ប៉ាគីស្ថាននៅថ្ងៃព្រហស្បតិ៍ បានរំលោភចូលជ្រៅក្នុងដែនអាកាសរបស់អាហ្វហ្កានីស្ថាន។ ប៉ាគីស្ថានវិញមិនប្រកាសទទួលស្គាល់ការបំផ្ទុះគ្រាប់នៅទីក្រុងកាប៊ូល ប៉ុន្តែ ទាមទារឲ្យរបបតាលីបង់ឈប់ផ្តល់ជំរកដល់ក្រុមប៉ាគីស្ថានតាលីបង់ ដែលជាក្រុមភេរវនិយម សត្រូវរបស់ប៉ាគីស្ថាន។
លោកសេបាស្យៀង ឡឺក័រនុយ ដែលបានលាចុះពីតំណែងនាយករដ្ឋមន្ត្រីបារាំង កាលពីថ្ងៃចន្ទទី៦តុលា ត្រូវបានលោកម៉ាក្រុង តែងតាំងឲ្យកាន់មុខតំណែងនេះជាថ្មីម្តងទៀត នៅយប់ថ្ងៃសុក្រទី១០តុលា។ ពេញមួយរសៀលថ្ងៃសុក្រ លោកម៉ាក្រុងបានជួបប្រជុំជាមួយតំណាងគណបក្សនយោបាយបារាំង លើកលែងតែបក្សឆ្វេងនិយមជ្រុល និងស្តាំនិយមជ្រុល ដើម្បីព្យាយាមរកច្រកចេញពីភាពទ័លច្រកនយោបាយ។ តើអនាគតរដ្ឋាភិបាលទី២របស់លោក សេបាស្យៀង ឡឺក័រនុយ នឹងអាចនាំបារាំងឲ្យងើបចេញវិបត្តិនយោបាយបានដែរឬទេ?
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះទង្វើបំពានរបស់អាជ្ញាធរថៃមកលើអធិបតេយ្យភាពកម្ពុជា និងការរំលោភលើសិទ្ធិរបស់ពលរដ្ឋខ្មែរស្លូតត្រង់។ លើសពីនេះរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ចូលរួមថ្កោលទោសចំពោះទង្វើរបស់ភាគីថៃ និងចាត់វិធានការបង្ខំឲ្យប្រទេសជិតខាងកម្ពុជាមួយនេះបញ្ឈប់សកម្មភាពរំលោភបំពានមកលើទឹកដីកម្ពុជា។
រង្វាន់ណូបែលសន្តិភាព ឆ្នាំ២០២៥ នេះ ឧទ្ទិសកិត្តិយសជូនចំពោះលោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ អ្នកនយោបាយប្រឆាំងដ៏លេចធ្លោនៅប្រទេសវ៉េណេស៊ុយអេឡា។ លោកស្រី បានតស៊ូប្រយុទ្ធ ជាង ២ ទសវត្សរ៍ ដើម្បីបុព្វហេតុសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យ ប្រឆាំងទល់នឹងអំណាចជិះជាន់ផ្តាច់ការរបស់បុរសខ្លាំង ប្រធានាធិបតី នីកូឡា ម៉ាឌុយរ៉ូ។
ឆ្នាំ ២០២៥ នេះ ជ័យលាភីរង្វាន់ណូបែលសន្តិភាព បានទៅលើលោកស្រី Maria Corina Machado មេដឹកសំឡេងប្រឆាំង នៅក្នុងប្រទេស វ៉េណេស៊្សុយអេឡា។ ចាប់តាំងពីពានរង្វាន់ណូបែល បានចាប់កំណើតឡើងនៅក្នុងឆ្នាំ ១៩០១ មានជ័យលាភីណូបែលសន្តិភាពមួយចំនួន ដែលបានរងនូការទិតៀន មិនយល់ស្រប នៅក្នុងចំណោមស្រទាប់មហាជន។
រង្វាន់ណូបែលសន្តិភាព ឆ្នាំ២០២៥ នេះ ឧទ្ទិសកិត្តិយសជូនចំពោះលោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ អ្នកនយោបាយប្រឆាំងដ៏លេចធ្លោនៅប្រទេសវ៉េណេស៊ុយអេឡា ដែលបានតស៊ូប្រយុទ្ធ ជាង ២ ទសវត្សរ៍ ដើម្បីបុព្វហេតុសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យ ប្រឆាំងទល់នឹងអំណាចជិះជាន់ផ្តាច់ការរបស់បុរសខ្លាំង ប្រធានាធិបតី នីកូឡា ម៉ាឌុយរ៉ូ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារាចរមួយស្តីពីការរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល ថ្ងៃទី៧ ធ្នូ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFIនៅថ្ងៃទី១០តុលានេះ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានមានប្រសាសន៍ថា ការប្រារព្ធទិវាអាកាសចរណ៍ ៧ធ្នូ គឺជាការបង្ហាញពីការគាំទ្ររបស់សហគមន៍អន្តរជាតិ និងវឌ្ឍនភាពនៃវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។ លោក ស៊ីន ចាន់សិរីវុត្ថា រំពឹងថា ទិវានេះនឹងជួយបង្កើនការយល់ដឹងរបស់សាធារណជន ជាពិសេសយុវជនអំពីចក្ខុវិស័យនៃអាកាសចរណ៍ស៊ីវិលកម្ពុជា និងប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនេះ។ សូមស្តាប់លោក ស៊ិន ចាន់សិរីវុត្ថានៅក្នុងបទសម្ភាស ដែលរៀបរៀងដោយ ហ៊ុល រស្មី៖
និស្សិតកូរ៉េខាងត្បូងម្នាក់ ភេទប្រុស អាយុ២២ឆ្នាំ ត្រូវបានរកឃើញថាស្លាប់អំឡុងពេលធ្វើដំណើរមកវិស្សមកាលរដូវក្តៅនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមកាសែតក្នុងស្រុកកូរ៉េខាងត្បូង The Korea Times នៅថ្ងៃទី១០ ខែតុលានេះ ដោយបញ្ជាក់ថា និស្សិតរូបនោះត្រូវបានគេចាប់ជំរិត និងធ្វើទារុណកម្មក្នុងស្រុកខ្មែរ។ តាមកាសែត The Korea Times និស្សិតរូបនេះបានស្លាប់ដោយការគាំងបេះដូង ក្រោយរងការធ្វើទារុណកម្មធ្ងន់ធ្ងរពេក។
កម្ពុជា តាមរយៈបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ បានស្នើឱ្យថៃផ្អាកសកម្មភាពដោះមីននៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់របស់កម្ពុជា ដែលស្ថិតនៅទល់មុខនឹងភូមិណងចាន់ និងភូមិណងយ៉ាកែវរបស់ថៃ។ ក្នុងលិខិតផ្ញើទៅមេទ័ពភូមិភាគទី១របស់ថៃ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ របស់កម្ពុជាចាត់ទុកគំនិតផ្តួចផ្តើមដោះមីនរបស់ថៃនេះថា ជាទង្វើផ្ទុយពីស្មារតី ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កន្លងទៅ។
ក្រុមអ្នកតាមដានថា ស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ នៅត្រង់ភូមិព្រៃចាន់ និងភូមិជោគជ័យ នៅតែផុយស្រួយ បើទោះបីជាភាគីថៃមិនអាចសម្រេចមហិច្ឆតារបស់ខ្លួនក្នុងការវាតទីដណ្តើមយកភូមិទាំងពីររបស់កម្ពុជា នៅថ្ងៃទី១០ ខែតុលានេះក៏ដោយ។ បើទោះជាភាគីថៃមិនអាចធ្វើអ្វីបានទៅតាមការដាក់ឱសានវាទរបស់ខ្លួន តែអ្នកឃ្លាំមើល លើកឡើងថា កម្ពុជាមិនត្រូវភ្លេចខ្លួន ត្បិតយោធាថៃនៅតែចិញ្ចឹមចិត្តឈ្លានពានទឹកដីកម្ពុជាតជំនាន់៕
រដ្ឋបាលខេត្តសៀមរាបបានទទូចឱ្យពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ បញ្ឈប់ការសាងសង់សំណង់គ្មានច្បាប់អនុញ្ញាត និងហាមផងដែរ ការប្រមូលផ្តុំគ្នាប្រឆាំងការអនុវត្តការងារនេះ។ ការទទូចនេះធ្វើឡើង បន្ទាប់អាជ្ញាធរខេត្តសៀមរាបបានទទួលរបាយការណ៍ពីអាជ្ញាធរជាតិអប្សរាថា សំណង់ខុសច្បាប់ក្នុងតំបន់អង្គរកំពុងតែរីកដុសដាល។ បើតាមរដ្ឋបាលខេត្តសៀមរាប ប្រសិនបើពលរដ្ឋណាមួយបន្តរឹងទទឹង ពួកគេនឹងត្រូវប្រឈមមុខជាមួយច្បាប់។
ពីពេលនេះទៅប៉ុន្មានសប្តាហ៍ខាងមុខ ទាហានមួកខៀវជាង១ម៉ឺននាក់របស់អង្គការសហប្រជាជាតិនឹងត្រូវបំបែកជួរ វេចខ្ចប់ឥវ៉ាន់ត្រលប់ចូលផ្ទះ។ កាលពីថ្ងៃ ពុធទី ៨តុលា អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់របស់អង្គការសហប្រជាជាតិបានប្រកាសពីការកាត់បន្ថយចំនួនកងកម្លាំងមួកខៀវប្រមាណ ១ភាគ៤ ក៏ព្រោះតែវិបត្តិខ្វះថវិកា។ ឈាង បុប្ផារាយការណ៍ព័ត៌មាននេះ។
ពីពេលនេះទៅប៉ុន្មានសប្តាហ៍ខាងមុខ ទាហានមួកខៀវជាង១ម៉ឺននាក់របស់អង្គការសហប្រជាជាតិនឹងត្រូវបំបែកជួរ វេចខ្ចប់ឥវ៉ាន់ត្រលប់ចូលផ្ទះ។ កាលពីថ្ងៃ ពុធទី ៨តុលា អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់របស់អង្គការសហប្រជាជាតិបានប្រកាសពីការកាត់បន្ថយចំនួនកងកម្លាំងមួកខៀវប្រមាណ ១ភាគ៤ ក៏ព្រោះតែវិបត្តិខ្វះថវិកា។ ឈាង បុប្ផារាយការណ៍ព័ត៌មាននេះ។