ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី កំពុងធ្វើដំណើរមួយជុំនៅអឺរ៉ុបខាងជើង នាថ្ងៃពុធទី២២តុលា ដើម្បីស្វែងរកជំនួយបន្ថែមសម្រាប់មកទប់ទល់នឹងរុស្ស៊ី។ នៅប្រទេសស៊ុយអែត លោកហ្សេឡេនស្គីចុះកិច្ចព្រមព្រៀងនាំចេញអាវុធទៅអ៊ុយក្រែន។ នៅន័រវេស លោកប្រធានាធិបតីអ៊ុយក្រែនបានព្រលយឆន្ទៈគាំទ្រគំនិតផ្តួចផ្តើមរបស់លោកដូណាល់ត្រាំដែលស្នើឱ្យយកខ្សែសមរភូមិបច្ចុប្បន្នជាគោល នៃការចរចាជាមួយរុស្ស៊ី។
នៅប្រទេសថៃ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក វរភ័គ ធ័ន្យាវង្ស បានប្រកាសលាចុះពីតំណែង នៅថ្ងៃពុធ ទី២២ ខែតុលា ក្រោយពីចូលកាន់តួនាទី ជាង ១ ខែប៉ុណ្ណោះ។ ការសម្រេចចុះពីមុខនាទីនេះ ធ្វើឡើងក្រោយពី នាយករដ្ឋមន្ត្រីថៃ បានទាមទារឲ្យលោកអនុរដ្ឋមន្ត្រី ស្រាយបំភ្លឺសំណុំរឿងសង្ស័យពាក់ព័ន្ធក្នុងអំពើឆបោកអនឡាញនៅកម្ពុជា។
ទាហានថៃពិតជាបានប្រើគ្រឿងចក្រ វាយកម្ទេចផ្ទះពលរដ្ឋខ្មែរមួយខ្នង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យពិតមែន កាលពីថ្ងៃទី២១តុលាម្សិលមិញ។ នេះជាការបញ្ជាក់របស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី២២តុលានេះ និងថា អាជ្ញាធរខ្មែរបានអត់ធ្មត់ណាស់នៅក្នុងហេតុការណ៍នេះ។ បើតាមលោក ទូច សុឃៈ អាជ្ញាធរខេត្តបន្ទាយមានជ័យបានកត់ត្រាសកម្មភាពបំពានរបស់ទាហានថៃ សម្រាប់ធ្វើរបាយការណ៍តវ៉ាតាមបែបបទរដ្ឋាភិបាល។ តឹកតាងទាំងអស់នេះ នឹងក្លាយជាភស្តុតាងសំខាន់សម្រាប់ការងារការទូត និងការតវ៉ារបស់រដ្ឋាភិបាលកម្ពុជាទៅកាន់សហគមន៍អន្តរជាតិ។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃពុធ ទី២២ខែតុលា ថា គម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោដែលមានគម្រោងចំណាយជាង ១៧០០លានដុល្លារ បាននិងកំពុងដំណើរការទៅជាធម្មតា ហើយការទូទាត់សំណងផលប៉ះពាល់លើប្រជាពលរដ្ឋក៏បានប្រព្រឹត្តទៅតាមផែនការដែលបានគ្រោងទុក។ ការលើកឡើងយ៉ាងដូចនេះ ធ្វើឡើងនៅក្រោយពេលប្រជាពលរដ្ឋរស់នៅក្បែរគម្រោងបានលើកឡើងថា ការដ្ឋានរបស់គម្រោងដ៏ធំនេះនៅមិនទាន់មានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់នៅឡើយ។ លោក មាស សុខសេនសាន បានបញ្ជាក់ទៀតថា ប្រទេសចិននៅគាំទ្រគម្រោងមួយនេះ និងថា អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់កន្លងមកថា ការគម្រោងការជីកព្រែកដ៏មានមហិច្ឆតារបស់កម្ពុជានេះនឹងបញ្ចប់ទៅ នៅឆ្នាំ ២០២៨ ដោយគ្មានការប្រែប្រួលអ្វីទាំងអស់។
នៅថ្ងៃពុធទី ២២តុលានេះ កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលជាច្រើន ជាលើកទីមួយ គិតចាប់តាំងពីកូរ៉េខាងត្បូងមានប្រធានាធិបតីថ្មីដែលចង់កម្តៅទំនាក់ទំនង រវាងកូរ៉េទាំងពីរ ឱ្យបានល្អប្រសើរឡើង។ ការបាញ់សាកល្បងនេះក៏ប្រព្រឹត្តទៅតែប្រមាណមួយសប្តាហ៍មុនដំណើរទៅដល់តំបន់របស់លោកដូណាល់ត្រាំ។
តុលាការយុត្តិធម៌អន្តរជាតិ (ICJ/CIJ) ជំរុញឲ្យ អ៊ីស្រាអែល គោរពកាតព្វកិច្ចសម្របសម្រួលដល់បណ្តាអង្គការមនុស្សធម៌ទាំងឡាយ ដែលកំពុងតែញាប់ដៃញាប់ជើងបំពេញបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ អនុប្រធានាធិបតីអាមេរិក លោក JD Vance ក៏កំពុងតែបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ដើម្បីជួយពង្រឹង«កិច្ចព្រមព្រៀងបទឈប់បាញ់» ដ៏ផុយស្រួយ។ រីឯ កងទ័ពបស្ចិមលោក តួយ៉ាង ទាហានអង់គ្លេស បានប្រកាសស្ម័គ្រចិត្តចូលរួមឃ្លាំមើលបទឈប់បាញ់នៅហ្កាហ្សា។
កិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) រវាងកម្ពុជា និងថៃ នឹងត្រូវធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ក្នុងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះត្រូវគេរំពឹងថានឹងមានការជជែកគ្នាលើរបៀបវារៈសំខាន់ៗមួយចំនួនដូចជា ការដកអាវុធធុនធ្ងន់ ការបោសសម្អាតមីនមនុស្សធម៌ ការដោះស្រាយឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងអាចជជែកគ្នាផងដែរនូវការគ្រប់គ្រងរួមនៃតំបន់ព្រំដែនកម្ពុជា-ថៃ។ រដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ សីហា បានបង្ហាញនូវសុទិដ្ឋិនិយមជាមុនចំពោះកិច្ចប្រជុំនេះ។ តែអ្នកតាមដាននយោបាយកម្ពុជាបានបង្ហាញពីក្តីបារម្ភចំពោះកិច្ចពិភាក្សាណាមួយ ដែលអាចចាញ់ប្រៀបថៃ។ ចាញ់ប្រៀប ក៏ព្រោះតែកម្ពុជាចង់បាននូវកិច្ចព្រមព្រៀងសន្តិភាពមួយនៅចំពោះមុខ លោក ដូណាល់ ត្រាំ អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ីនាសប្តាហ៍ក្រោយ៕
ថៃនឹងមិនចុះកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំ GBC ជាមួយកម្ពុជានោះទេ ប្រសិនបើកម្ពុជាមិនអើពើនឹងចំណុចចំនួន៤ ដែលភាគីថៃបានស្នើឡើង។ នេះបើយោងតាមរបាយការណ៍នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ដែលកាសែតថៃ The Nationបានយកមកចុះផ្សាយនៅថ្ងៃពុធទី២២តុលានេះ។ ដោយឡែក ភាគីកម្ពុជាវិញបានបញ្ជាក់ថា កម្ពុជា-ថៃបន្តពិភាក្សាបន្ថែមលើខ្លឹមសារឯកសារ ដែលជំរុញប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់។
វិបត្តិថវិកាជាប់គាំងជាង៣សប្តាហ៍បានរាលដាលប៉ះពាល់ដល់ទីភ្នាក់ងារទទួលបន្ទុកថែរក្សាគ្រាប់បែកនុយក្លេអ៊ែរ។ បើតាមការចុះផ្សាយរបស់កាសែតអាមេរិក មន្រ្តីរបស់រដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិប្រមាណ១៤០០នាក់បានទទួលសំបុត្រ នៅថ្ងៃចន្ទទី២០តុលា ឲ្យឈប់សម្រាកដោយគ្មានទទួលបានប្រាក់កម្រៃ។ នេះជាលើកទី១ដែលវិបត្តិជាប់គាំងថវិកាអាមេរិកបានអូសបន្លាយក្នុងរយៈពេលដ៏វែង បន្ទាប់ពីគណបក្សប្រឆាំង បក្សប្រជាធិបតេយ្យបដិសេធមិនបោះឆ្នោតច្បាប់ថវិកាមហាសាលរបស់រដ្ឋបាលលោកត្រាំ។
អាជ្ញាធរជប៉ុនបានរាយការណ៍ថា មានជនបរទេសផ្សេងទៀតប្រមាណជាង ១០០០នាក់ ដែលជាពលរដ្ឋនៅតំបន់អាស៊ី បានស្ថិតនៅទីតាំងប្រព្រឹត្តិសកម្មភាពឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ជប៉ុន NHK ចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ តាមទូរទស្សន៍ជប៉ុន NHK ជនបរទេសទាំងនោះត្រូវបានគេប្រើឲ្យប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញនៅក្នុងក្រុងប៉ោយប៉ែត ភាគពាយ័ព្យ ប្រទេសកម្ពុជា។
អាជ្ញាធរជប៉ុនបានរាយការណ៍ថា មានជនបរទេសផ្សេងទៀតប្រមាណជាង ១០០០នាក់ ដែលជាពលរដ្ឋនៅតំបន់អាស៊ី បានស្ថិតនៅទីតាំងប្រព្រឹត្តិសកម្មភាពឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតជប៉ុន NHK ចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ តាមកាសែត NHK ជនបរទេសទាំងនោះត្រូវបានគេប្រើឲ្យប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញនៅក្នុងក្រុងប៉ោយប៉ែត ភាគពាយ័ព្យ ប្រទេសកម្ពុជា។
វិបត្តិថវិកាជាប់គាំងជាង៣សប្តាហ៍បានរាលដាលប៉ះពាល់ដល់ទីភ្នាក់ងារទទួលបន្ទុកថែរក្សាគ្រាប់បែកនុយក្លេអ៊ែរ។ បើតាមការចុះផ្សាយរបស់កាសែតអាមេរិក មន្រ្តីរបស់រដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិប្រមាណ១៤០០នាក់បានទទួលសំបុត្រ នៅថ្ងៃចន្ទទី២០តុលា ឲ្យឈប់សម្រាកដោយគ្មានទទួលបានប្រាក់កម្រៃ។ នេះជាលើកទី១ដែលវិបត្តិជាប់គាំងថវិកាអាមេរិកបានអូសបន្លាយក្នុងរយៈពេលដ៏វែង បន្ទាប់ពីគណបក្សប្រឆាំង បក្សប្រជាធិបតេយ្យបដិសេធមិនបោះឆ្នោតច្បាប់ថវិកាមហាសាលរបស់រដ្ឋបាលលោកត្រាំ។
វិបត្តិថវិកាជាប់គាំងជាង៣សប្តាហ៍បានរាលដាលប៉ះពាល់ដល់ទីភ្នាក់ងារទទួលបន្ទុកថែរក្សាគ្រាប់បែកនុយក្លេអ៊ែរ។ បើតាមការចុះផ្សាយរបស់កាសែតអាមេរិក មន្រ្តីរបស់រដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិប្រមាណ១៤០០នាក់បានទទួលសំបុត្រ នៅថ្ងៃចន្ទទី២០តុលា ឲ្យឈប់សម្រាកដោយគ្មានទទួលបានប្រាក់កម្រៃ។ នេះជាលើកទី១ដែលវិបត្តិជាប់គាំងថវិកាអាមេរិកបានអូសបន្លាយក្នុងរយៈពេលដ៏វែង បន្ទាប់ពីគណបក្សប្រឆាំង បក្សប្រជាធិបតេយ្យបដិសេធមិនបោះឆ្នោតច្បាប់ថវិកាមហាសាលរបស់រដ្ឋបាលលោកត្រាំ។
ស្នងការនគរបាលរាជធានីបានចេញមកបដិសេធច្រានចោលការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនដែលថា ការចាប់ខ្លួនលោក ពិន ប៉ូច មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងខេត្តសៀមរាបថា ជាការរំលោភសិទ្ធសេរីភាពបញ្ចេញមតិ និងបំភិតបំភ័យផ្នែកនយោបាយ។ តាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ ស្នងការនគរបាលក្រុងភ្នំពេញបានអះអាងថា ការចាប់ខ្លួនលោក ពិន ប៉ូច ធ្វើឡើងត្រឹមត្រូវតាមច្បាប់។
អ្នកនយោបាយអភិរក្សជាតិនិយម លោកស្រីតាកាអ៊ីជី សាណាអេ ត្រូវសភាជប៉ុនបោះឆ្នោតជ្រើសតាំងជាផ្លូវការឲ្យធ្វើជានាយករដ្ឋមន្រ្តីជប៉ុន នៅថ្ងៃអង្គារទី ២១តុលា។ ការសម្រេចរបស់សភាជប៉ុនធ្វើឡើងនៅមួយថ្ងៃមុនការចុះកិច្ចព្រមព្រៀងយ៉ាងប្រផិតប្រផើយរវាងគណបក្សកាន់អំណាចរបស់លោកស្រី សាណាអេ ជាមួយគណបក្សប្រឆាំងដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។
ជាករណីដំបូងគេបង្អស់នៅបារាំង និងនៅអឺរ៉ុប ! នៅថ្ងៃអង្គារទី២១ តុលា២០២៥នេះ អតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្ស៊ី បានចូលខ្លួនទៅក្នុងបន្ទប់ឃុំឃាំងដោយជាក់ស្តែង នៃពន្ធនាគារ សង់តេ ក្នុងទីក្រុងប៉ារីស។ នេះជាការអនុវត្តទោស ស្របតាមសាលក្រមរបស់តុលាការព្រហ្មទណ្ឌ ដែលសម្រេចដាក់ទោសលោក នីកូឡាសាកូហ្ស៊ី ឱ្យជាប់ពន្ធនាគារ៥ឆ្នាំពីបទ ពីបទឃុបឃិតយកហិរញ្ញវត្ថុបរទេសមកឃោសនាបោះឆ្នោតប្រធានាធិបតីបារាំងកាលពីឆ្នាំ២០០៧។
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានចេញមុខប្រតិកម្ម អតីតអ្នកកាសែតអនឡាញ លោក K01 ក្រោយលោក K01 បានបង្ហោះវីដេអូតាមបណ្តាញសង្គម ទាក់ទងនឹងការដុតបំផ្លាញទំនិញថៃ។ ប្រធានព្រឹទ្ធសភាកម្ពុជារូបនេះបានបង្ហាញការខកចិត្ត និងចាត់ទុកទង្វើរបស់លោក K01 ជាអំពើមិនគប្បី ត្បិតការដុត ឬដាក់បណ្តាសាដល់អ្នកលក់ទំនិញថៃ ដែលនៅសេសសល់ជាការបង្ហាញភាពជ្រុលនិយមហួសហេតុ។
ក្រុមការងារផ្នែកស្រូវ-អង្ករ(ក្រុម ឈ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជាបានបើកកិច្ចប្រជុំមួយកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដើម្បីធ្វើបច្ចុប្បន្នភាព និងការប៉ាន់ប្រមាណទុកជាមុន ចំពោះទិន្នផលស្រូវដែលកសិករទទួលបាននៅឆ្នាំ២០២៥។ លោកឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារវិស័យឯកជនផ្នែកស្រូវ-អង្ករ បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី២១ ខែតុលានេះថា កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើការរៀបចំយុទ្ធសាស្ត្រ ដើម្បីជួយដោះស្រាយទីផ្សារជូនកសិករ និងត្រៀមបម្រុងនូវដំណោះស្រាយផ្សេងៗ ប្រសិនបើមានបញ្ហាជាយថាហេតុណាមួយអាចនឹងកើតឡើងនៅរដូវប្រមូលផលស្រូវនាពេលខាងមុខ។
នៅថ្ងៃចន្ទទី២០តុលានេះ ក្នុងជំនួបប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងថាមពល សមាជិកសហភាពអឺរ៉ុបទាំង២៧បានព្រមព្រៀងទទួលយកវិធានការរបស់គណៈកម្មការអឺរ៉ុបដែលចង់បិទបញ្ចប់ជាស្ថាពរការនាំចូលឧស្ម័នពីរុស្ស៊ី។ គម្រោងហាមឃាត់ការនាំចូលឧស្ម័នរុស្ស៊ីបានទទួលអនុម័តហើយ ប៉ុន្តែអឺរ៉ុបមិនទាន់កំណត់ថ្ងៃចាប់អនុវត្តបម្រាមភ្លាមទេ និងត្រូវរង់ចាំភ្លើងខៀវពីសភាអឺរ៉ុបទៀតសិន។
នៅប្រទេសយេម៉ែន ពួកឧទ្ទាមហ៊ូទី បានចាប់ខ្លួន បុគ្គលិកអង្គការសហប្រជាជាតិ យ៉ាងហោច ២០នាក់ ក្នុងនោះ មានប្រធានអង្គការ Unicefប្រចាំយេម៉ែន ទៀតផង។ ក្រុមប្រដាប់អាវុធហ៊ូទី ធ្លាប់បានចោទប្រកាន់ មន្ត្រីអង្គការមនុស្សធម៌ នៃអង្គការសហប្រជាជាតិ ថាជា បណ្តាញចារកម្មឈ្លបយកការណ៍សម្ងាត់ បម្រើប្រយោជន៍ឲ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
កម្ពុជា តាមរយៈព្រឹទ្ធសភា បានទាត់ចោលសេចក្តីរាយការណ៍របស់កាសែតថៃ The Nation ដែលថា កម្ពុជាបានប្រើប្រាស់វេទិកាអន្តរជាតិ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ។ ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ព្រឹទ្ធសភាកម្ពុជាបានចាត់ទុកការចុះផ្សាយរបស់ថៃនេះជាការបំផ្លើស ដើម្បីបង្កហេតុអរិភាព និងបង្កើតឱ្យមានការភាន់ច្រឡំមតិសាធារណៈ។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុងជារបស់«ទ្រព្យសម្បតិ្តរដ្ឋ» ដែលនឹងមិនលក់ទៅឱ្យវិស័យឯកជនឡើយ។ នេះគឺជាការបញ្ជាក់ជាថ្មីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាពិធីសម្ពោធព្រលានយន្តហោះអន្តរជាតិតេជោជាផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែតុលានេះ។ តាមលោក ហ៊ុន ម៉ាណែត ក្រោយបិទទ្វារជាស្ថាពរ ព្រលានយន្តហោះចាស់ធ្លាប់ត្រូវបានស្នើយកទៅអភិវឌ្ឍក្រោមរូបភាពផ្សេងៗ ប៉ុន្តែសំណើនោះត្រូវបានបដិសេធជាបន្តបន្ទាប់។ ដំណាលគ្នានេះ និងបើតាមលោក ហ៊ុន ម៉ាណែត អាជ្ញាធរក៏បានចាប់ដាក់ពន្ធនាគារជនខិលខូចម្នាក់ ដែលបានបន្លំឯកសារ និងហត្ថលេខារបស់លោក ដើម្បីទិញ-លក់ព្រលានយន្តហោះចាស់នេះ។ នាយករដ្ឋមន្ត្រីកម្ពុជាដដែលរូបនេះបានប្រកាសថា ព្រលានលានយន្តហោះចាស់របស់កម្ពុជាត្រូវចំណាយលុយថែទាំ ៣លានដុល្លារក្នុង១ឆ្នាំៗ។ លោកថា ព្រលានយន្តហោះចាស់នេះនឹងត្រូវប្រែក្លាយជាសួនសាធារណៈ ហើយក៏ត្រូវរក្សាទុកបម្រុងសម្រាប់ការចុះចតយន្តហោះគ្រាមានអាសន្ន៕
បក្សកុម្មុយនិស្តចិន បានផ្តើមបើកសមាជពេញអង្គ ដោយបិទទ្វារ នៅថ្ងៃចន្ទទី២០តុលា ២០២៥ ដើម្បីកំណត់ទិសដៅនយោបាយសេដ្ឋកិច្ច សម្រាប់៥ឆ្នាំខាងមុខ។ សមាជលើកនេះប្រព្រឹត្តទៅក្នុងបរិបទអាប់អួរ និងស្ថានភាពសេដ្ឋកិច្ចមិនជាក់លាក់ ដែលបណ្តាលមកពី កំណើនសេដ្ឋកិច្ចក្នុងស្រុកដើរយឺតខ្លាំងផង ហើយមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកទៀត។
នៅប្រទេសជប៉ុន ២សប្តាហ៍ក្រោយជាប់ឈ្មោះជាប្រធានគណបក្សកាន់អំណាច លោកស្រី តាកាអ៊ីជី សាណាអេ បានបោះដៃចរចាជាមួយក្រុមគណបក្សប្រឆាំង។ នៅថ្ងៃចន្ទ ទី២០តុលានេះ គណបក្សកាន់អំណាចនិងបក្សប្រឆាំង បានសម្រេចស្រុះស្រួលគ្នា ចុះកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយផ្ទៃក្នុងប្រទេស និងបើកផ្លូវឲ្យលោកស្រី តាកាអ៊ីជី សាណាអេ ចូលអង្គុយកៅអីនាយករដ្ឋមន្ត្រី។
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការនូវព្រលានយន្តហោះអន្តរជាតិ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅក្នុងជម្លោះជាមួយថៃ «រដ្ឋាភិបាលស្ងាត់តែមិនស្ងៀមឡើយ»។ ក្នុងន័យនេះ លោកនាយករដ្ឋមន្ត្រីបានបកស្រាយ ដោយលើកយកអភិក្រមចំនួន ៣ចំណុចមកពន្យល់គឺ ទី១. ទប់ស្កាត់កុំឲ្យរីករាលដាល ទី២. ដោះស្រាយបញ្ហា និងទី៣. ស្ដារសភាពការណ៍ឡើងវិញ។ អ្នកតាមដាននយោបាយកម្ពុជាមួយចំនួនបានយល់ស្របនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី និងខ្លះទៀតក៏ឆ្លៀត ស្នើឲ្យរដ្ឋាភិបាលទទួលយកយោបល់ពីគ្រប់និន្នាការ ចៀសវាងការធ្វើទុក្ខបុកម្នេញអ្នកដែលបញ្ចេញមតិនៅក្នុងរឿងជាតិ៕
បន្ទាប់ពីដោះដូរចំណាប់ខ្មាំងនិងចុះហត្ថលេខាធ្វើបទឈប់បាញ់រួច មិនបាន១០ថ្ងៃស្រួលបួលផង កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារជាថ្មី ទៅលើតំបន់ហ្កាហ្សា។ ការណ៍នេះក៏ព្រោះតែ អ៊ីស្រាអែល ចោទប្រកាន់ថា ពួកហាម៉ាសរំលោភបំពានបទឈប់បាញ់ និងវាយប្រហារប្រដាប់អាវុធលើទីតាំងទ័ពអ៊ីស្រាអែល។ តែពួកប្រដាប់អាវុធហាម៉ាសបដិសេធ និងថា អ៊ីស្រាអែល ទៅវិញទេ ដែលមិនគោរពបទឈប់បាញ់។
កម្ពុជា និងថៃបានឯកភាពគ្នាលើសេចក្តីព្រាងឯកសារ ឈ្មោះ«កិច្ចព្រមព្រៀងសន្តិភាព» ដែល នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃគ្រោងនឹងចុះហត្ថលេខា នៅចុងខែតុលានេះ នៅប្រទេស ម៉ាឡេស៊ី។ កិច្ចព្រមព្រៀងនេះធ្វើឡើងដោយមានការសម្របសម្រួលពីខាងសហរដ្ឋអាមេរិក និងម៉ាឡេស៊ី។ បើតាមប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន សេចក្តីព្រាងនៃកិច្ចព្រមព្រៀងសន្តិភាព មាននិយាយពី ការដោះមីនមនុស្សធម៌ ការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ និងការដោះលែងចំណាប់ខ្មាំងកម្ពុជា។ ប៉ុន្តែ ចំពោះអ្នកតាមដានបញ្ហាព្រំដែន កិច្ចព្រមព្រៀងនេះគួរតែដកចេញចំណុចខ្លះ និងបន្ថែមចំណុចថ្មីជំនួសវិញ ដូចជាករណីទាហានថៃចូលរាយលួសបន្លាព័ទ្ធយកដីខ្មែរជាដើម៕
គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្មនិងអំពើពុករលួយ (OCCRP) នៅថ្ងៃទី១៧តុលា បានចេញរបាយការណ៍មួយស្តីពី លោកជូ ចុងពាវ (Zhu Zhongbiao) ម្ចាស់ក្រុមហ៊ុនកាស៊ីណូ ជីន ប៉ី នៅខេត្តព្រះសីហនុ ដែលមានទ្រព្យសម្បត្តិរាប់លានដុល្លារ នៅទីក្រុងឌូបៃ ប្រទេសអេមីរាត់អារ៉ាប់រួម។ គេជឿជាក់ថា ទ្រព្យសម្បត្តិរបស់ម្ចាស់ក្រុមហ៊ុនកាស៊ីណូ ជីន ប៉ី បានមកពីការប្រព្រឹត្តបទល្មើសឆបោកអនឡាញ និងលាងលុយកខ្វក់ ជាមួយអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុនព្រីនស៍គ្រុប។ លោកចេន ហ្ស៊ី ទើបបានរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នាពេលថ្មីៗនេះចំពោះតួនាទីរបស់លោកនៅក្នុងបណ្តាញឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។
លោក Matt Western ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី ២០ដល់២១តុលាឆ្នាំ២០២៥។ ទស្សនកិច្ចនេះជាផ្នែកមួយនៃការបញ្ជាក់សាជាថ្មីរបស់ចក្រភពអង់គ្លេសក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។
ប្រធានាធិបតីកូឡុំប៊ី ហ្គុស្តាវូ ប៉េត្រូ បានចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ថាបានរំលោភបំពានបូរណភាពដែនសមុទ្រកូឡុំប៊ី និងថែមទាំងសម្លាប់អ្នកនេសាទជាតិកូឡុំប៊ី។ ការចោទប្រកាន់បែបនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យបើកប្រតិបត្តិការកម្ចាត់គ្រឿងញៀន តាមផ្លូវសមុទ្រ តាមរយៈការដាក់ពង្រាយកងទ័ពជើងទឹកនិងនាវាចម្បាំងនៅដែនសមុទ្រការ៉ាអ៊ីប។ គោលដៅជាពិសេសរបស់លោកដូណាល់ ត្រាំ គឺ ដើម្បីទប់ទល់ក្រុមជួញដូរគ្រឿងញៀនចេញពីប្រទេសវ៉េណេស៊ុយអេឡានិងកូឡុំប៊ី សំដៅទៅទឹកដីអាមេរិក។
ប្រជាជនអាមេរិកនៅទូទាំងប្រទេសបានចុះថ្នល់ធ្វើបាតុកម្មប្រឆាំងលោកដូណាល់ ត្រាំ នៅក្រោមស្លាកបដាថា “គ្មានទេ ស្តេច”។ បើតាមអ្នករៀបចំ នៅថ្ងៃសៅរ៍ទី ១៨តុលា នៅក្នុងមហាបាតុកម្មដែលមានមនុស្សចូលរួម ប្រមាណ៧លាននាក់ បាតុករស្រែកបរិហារិះគន់នយោបាយផ្តាច់ការ ការគំរាមកំហែង រំលោភសិទ្ធិ ដែលមានកាន់តែច្រើនឡើងៗ គិតចាប់តាំងពីលោកដូណាល់ ត្រាំ វិលត្រលប់មកដឹកនាំសហរដ្ឋអាមេរិក។ ប្រធានសភាខុនហ្រ្គេសមកពីគណបក្សសាធារណរដ្ឋចាត់ទុកបាតុកម្មកាលពីថ្ងៃសៅរ៍ថា ជាបាតុកម្មប្រឆាំងនឹងអាមេរិក។
វាពុំមែនជាលើកទីមួយទេដែលខ្សែភាពយន្តរឿងទេពហត្ថា ស្តីពីប្រវត្តិរបាំព្រះរាជទ្រព្យខ្មែរ របស់សមិទ្ធិករបារំាងលោកហ្សាវីយ៉េ ដឺឡូហ្សាន ត្រូវបានចាក់បញ្ចាំងទាំងនៅក្នុងប្រទេសកម្ពុជានិងនៅលើឆាកអន្តរជាតិ។ ប៉ុន្តែខ្សែភាពយន្តនេះនៅតែទទួលបានការទាក់ទាញ និងការចាប់អារម្មណ៍ខ្លាំង។ សម្រាប់ទស្សនិកជន ខ្សែភាពយន្តឯកសាររឿងទេពហត្ថាស្តីអំពីប្រវត្តិនៃរបាំព្រះរាជទ្រព្យខ្មែរ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីប្រវត្តិដ៏ល្អឯកនៃរបាំព្រះរាជទ្រព្យខ្មែរ ប៉ុន្តែក៏បានជួយរក្សាទុកនូវកេរដំណែលដ៏ថ្លៃថ្លានិងដ៏យូរលង់នៃវប្បធម៌ខ្មែរដ៏ចំណាស់មួយនេះ។
ធនាគារជាតិកម្ពុជាបានថ្លែងនៅថ្ងៃសៅរ៍ទី១៨តុលាថា អាជ្ញាធរមានសមត្ថកិច្ចកំពុងចាត់វិធានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើធនាគារព្រីនស៍ ដើម្បីធានាថា ធនាគារពាណិជ្ជកម្មមួយនេះ ធ្វើប្រតិបត្តិការត្រឹមត្រូវស្របតាមច្បាប់កម្ពុជា។ ចំណាត់ការត្រួតពិនិត្យរបស់ធនាគារជាតិកម្ពុជាយ៉ាងដូច្នេះ ធ្វើឡើងក្រោយ រដ្ឋធានីវ៉ាស៊ីតោន និងទីក្រុងឡុងដ៍បានប្រកាសដាក់ទណ្ឌកម្មព្រមៗគ្នា លើប្រធានក្រុមបឹ្រក្សាអភិបាលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុបរបស់អ្នកឧកញ៉ា ចេន ហ្ស៊ី ហើយទ្រព្យសម្បតិ្តជាប្រាក់ឌីជីថលជាង១៥ពាន់លានដុល្លារ របស់មហាសេដ្ឋីដើមកំណើតចិនរូបនេះក៏ត្រូវបានរឹបអូស។ ទ្រព្យសម្បត្តិដែលអាមេរិក និងអង់គ្លេសរកឃើញថា ជាប្រាក់បានមកពីឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងរបស់ថៃបានបោះឆ្នោតតែងតាំងលោក អភិសិទ្ធិ៍ វេជ្ជាជីវះ(អៈភិស៊ិត វ៉េតឆាឈីវ៉ៈ) អតីតនាយករដ្ឋមន្រ្តីទី២៧របស់ថៃឲ្យធ្វើជាប្រធានថ្មីរបស់គណបក្សចាប់ពីថ្ងៃទី ១៨តុលាតទៅ។ លោកអភិសិទ្ធិ៍បានជាប់ឈ្មោះជានាយករដ្ឋមន្រ្តីដ៏ចម្រូងចម្រាស និងត្រូវអ្នកប្រឆាំងដាក់ងារថា នាយករដ្ឋមន្រ្តីមានបាតដៃប្រឡាក់ឈាម បន្ទាប់ពីការបង្រ្កាបបង្ហូរឈាមទៅលើបាតុករនៅក្នុងអាណត្តិដឹកនាំរបស់លោក បានសម្លាប់មនុស្សជាង៩០នាក់កាលពីឆ្នាំ២០១០។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយពីអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនដែលលើកឡើងថា គណនីរបស់ពួកគេត្រូវបានបិទ (Disable) ដោយគ្មានមូលហេតុច្បាស់លាស់។ ដំណាលគ្នានេះ អាជ្ញាធរក៏បានសង្កេតឃើញថា មានបុគ្គលមួយចំនួនបានឆ្លៀតយកបណ្តាញសង្គមមកផ្សព្វផ្សាយសេវាកម្មដោះស្រាយបញ្ហាគណនីដែលត្រូវបានបិទ (Facbook Disabled) ដោយយកកម្រៃពី ៥០០ដុល្លារ ដល់១,២០០ដុល្លារ។ ក្នុងស្ថានភាពនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានណែនាំអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កុំទាន់ចាយលុយលើសេវាកម្ម ដែលមិនចេញមកពី ក្រុមហ៊ុន Meta ដែលជាប្រតិបតិ្តកររបស់បណ្តាញសង្គមហ្វេសប៊ុក។