ជំនួបរវាងប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ និងសមភាគីចិនលោក ស៊ី ជីនពីងនៅកូរ៉េខាងត្បូងដែលពិភពលោករង់ចាំតាមដានបំផុតទទួលបានជោគជ័យយ៉ាងធំធេង។ នេះបើតាមប្រសាសន៍របស់លោកដូណាល់ត្រាំ ដោយប្រកាសគ្រោងធ្វើដំណើរទៅប្រទេសចិននៅខែមេសា ឆ្នាំ២០២៦ ខាងមុខ។ តែអ្វីជាការកត់សម្គាល់ ប្រមុខដឹកនាំទាំងពីរមិនធ្វើបានសេចក្តីថ្លែងការណ៍រួមនៅក្រោយជំនួបទេ។
ប៉ុន្មាននាទីមុននឹងជួបប្រជុំជាមួយលោកស៊ី ជីនពីង នៅប៊ូសាន់ លោកដូណាល់ ត្រាំ បានប្រកាសថា លោកបានចេញបញ្ជាឲ្យកងទ័ពអាមេរិក ចាប់ផ្តើមបើកការសាកល្បងអាវុធនុយក្លេអ៊ែរថ្មីៗ ដែលអាមេរិកបានខានធ្វើ ប្រមាណជាង៣០ឆ្នាំមកហើយ។ ការប្រកាសរបស់លោកដូណាល់ ត្រាំ នេះ គឺជាសារឆ្លើយតបទៅនឹងការប្រកាសអួតរបស់លោកពូទីន ប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ ដែលថារុស្ស៊ីបានសាកល្បងមីស៊ីលនុយក្លេអ៊ែរ និងដ្រូនមុជទឹកដើរដោយប្រព័ន្ធនុយក្លេអ៊ែរ ដ៏ទំនើបបំផុត។
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កម្ពុជា និងអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដើម្បីលុបបំបាត់រនាំងពន្ធលើមុខទំនិញសំខាន់ៗមួយចំនួន និងពង្រីកពាណិជ្ជកម្មទ្វេភាគី។ បើតាមសេចក្តីថ្លែងការណ៍រួម កម្ពុជានឹងលុបចោលពន្ធនាំចូលទាំងអស់លើផលិតផលឧស្សាហកម្ម អាហារ និងកសិកម្មរបស់អាមេរិកដែលនាំចូលកម្ពុជា។ ចំណែក អាមេរិកនៅតែរក្សាពន្ធ ១៩% លើទំនិញរបស់កម្ពុជាដដែល តែនឹងបន្ថយមកនៅពន្ធសូន្យចំពោះផលិតផលមួយចំនួនដែលបានចុះបញ្ជីក្នុងបទបញ្ជាប្រតិបត្តិថ្មីៗនេះ។ សម្រាប់អ្នកជំនាញសេដ្ឋកិច្ច កម្ពុជានឹងទទួលបានអត្ថប្រយោជន៍បន្ថែមទៀតពីលើកិច្ចព្រមព្រៀងនេះ។
សមត្ថកិច្ចសិង្ហបុរី កំពុងតាមចាប់ខ្លួនបណ្តាញក្រុមឧក្រិដ្ឋជនឆបោកអនឡាញក្នុងប្រទេសកម្ពុជាសរុបចំនួន ៣៤នាក់ ដែលមានជនជាតិសិង្ហបុរីចំនួន២៧នាក់ និងជនជាតិម៉ាឡេស៊ីចំនួន ៧នាក់។ នេះបើយោងតាមការចុះផ្សាយដោយទូរទស្សន៍សិង្ហបុរី CNA នាថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៥។ ក្រុមជនសង្ស័យទាំង ៣៤នាក់ ខាងលើ បានឆបោកប្រាក់ពីជនរងគ្រោះជាជនជាតិសិង្ហបុរី គិតជាទឹកប្រាក់ប្រមាណ ៣១លានដុល្លារអាមេរិក តាមរយៈការក្លែងបន្លំធ្វើជាមន្ត្រីរដ្ឋាភិបាលរបស់សិង្ហបុរី។
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ព្រឹទ្ធសភាកម្ពុជាបានចេញសេចក្តីប្រកាសមួយដោយសំដែងការខកចិត្តយ៉ាងខ្លាំងនឹងការផ្សាយរបស់សារព័ត៌មានថៃThe Nation ដែលថាប្រធានរដ្ឋសភាកម្ពុជានាំមុខប្រធានរដ្ឋសភាថៃ នៅប្រទេសហុងគ្រី សម្រាប់កិច្ចពិភាក្សាលើកិច្ចព្រមព្រៀងសន្តិភាព។ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ចាត់ទុកការចុះផ្សាយរបស់កាសែតថៃនេះ ថាមិនត្រឹមតែបំភ្លៃការពិតប៉ុណ្ណោះទេ តែបង្ហាញពីកង្វះការយល់ដឹង និងបកស្រាយខុសដោយចេតនា ពីនីតិវិធីផ្លូវការ និងឯកសារនានារបស់សន្និបាត IPU។
នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានពិភាក្សាអំពីជម្លោះកម្ពុជា-ថៃជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នៅកិច្ចសន្ទនាទល់មុខគ្នាដែលធ្វើឡើងនៅកូរ៉េខាងត្បូងនាថ្ងៃព្រហស្បតិ៍ ទី៣០ តុលានេះ ភាគីទាំងពីរបានលើកឡើងពីតួនាទីរបស់ប្រទេសចិនក្នុងការលើកកម្ពស់សន្តិភាពក្នុងតំបន់ដើម្បីដោះស្រាយជម្លោះព្រំដែននៃប្រទេសជាសមាជិកអាស៊ានទាំងពីរនេះ។
នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ ចិនបានចេញមុខអះអាងថា ទីក្រុងប៉េកាំងបានប្រើវិធីផ្ទាល់របស់ខ្លួនក្នុងការជួយឲ្យកម្ពុជា និងថៃទទួលបានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកាលពីថ្ងៃទី២៦ តុលានៅក្នុងប្រទេសម៉ាឡេស៊ី។ នេះជាសម្តីចេញពីមាត់របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីងប្រាប់ទៅប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំនៅក្នុងជំនួបទ្វេភាគីនៅប្រទេសកូរ៉េខាងត្បូង។ តាំងពីកម្ពុជា និងថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពគូឡាឡាំពួកាលពីថ្ងៃអាទិត្យ ទី២៦ តុលាមក នេះជាលើកទី១ ដែលចិនបានបញ្ចេញប្រតិកម្មដូចនេះ។ អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិកត់សម្គាល់ថា ការដែលចិនបញ្ចេញប្រតិកម្មយឺតយ៉ាវក៏ព្រោះតែចង់រក្សាអព្យាក្រឹតរបស់ខ្លួននៅក្នុងជម្លោះព្រំដែនខ្មែរ-ថៃ។
នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២៨តុលា សមត្ថកិច្ចបានចុះទៅបង្រ្កាបក្រុមជួញដូរគ្រឿងញៀន នៅតំបន់អនាធិបតេយ្យ ហើយបានបណ្តាលឲ្យស្លាប់មនុស្ស យ៉ាងហោច៦៤នាក់។ នេះគឺជាប្រតិបត្តិការដ៏កំណាចមិនធ្លាប់ទេ។ សូម្បីតែឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្ស ក៏បានថ្លែងការតក់ស្លុត និងបានទាមទារឲ្យមានការស៊ើបអង្កេតស៊ីជម្រៅ ឲ្យបានឆាប់បំផុត។
ជំនួបកំពូលនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថាAPEC បានចាប់បើកធ្វើនៅប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី២៩តុលាដល់ថ្ងៃសៅរ៍ទី១វិច្ឆិកា ដោយមាន ប្រមុខរដ្ឋរដ្ឋាភិបាល នៃប្រទេសជាសមាជិកទាំង២១មកជួបជុំគ្នា។ សង្គ្រាមពាណិជ្ជកម្មបង្កឡើងអាមេរិកដោយការដំឡើងពន្ធគយខ្ពស់កប់ពពក ជាពិសេសជាមួយចិន បានមកគ្របដណ្តប់ជំនួបកំពូលទាំងមូល។ ប៉ុន្តែជាកិច្ចចាប់ផ្តើម អាមេរិកនិងកូរ៉េខាងត្បូងបានប្រកាសសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងគ្នា។
នៅក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និងថៃនៅម៉ាឡេស៊ីកាលពីថ្ងៃទី ២៦តុលា ភាគីចិនត្រូវបានអាមេរិកហាមមិនឲ្យមានមុខ។ ក្រោយព្រឹត្តិការណ៍មួយនេះ អ្នកប្រឆាំងនៅក្រៅប្រទេសបាននិយាយដោយឥតលាក់លៀមថា កម្ពុជាត្រូវជ្រើសយកអាមេរិក ព្រោះមានតែអាមេរិកដែលមានទឹកមាត់ប្រៃនិយាយទៅ ថៃស្តាប់ និងធ្វើតាម។ តែអ្នកឃ្លាំមើលស្ថានការណ៍ក្នុងស្រុកមានការប្រយ័ត្នប្រយែងដោយបញ្ជាក់ថា ការពឹងពាក់មហាអំណាចណាមួយអាចធ្វើឡើងតែនៅក្នុងគ្រាបណ្តោះអាសន្ន និងថា អ្វីដែលកម្ពុជាគួរធ្វើ គឺពង្រឹងសមត្ថភាពខ្លួនឯង និងធ្វើពិពិធកម្មការទូតស្វែងរកការគំាទ្រលើឆាកអន្តរជាតិ។
នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគូន បានប្រាប់អ្នកកាសែតនៅមូលដ្ឋានទ័ពអាកាសដនមឿងថា រដ្ឋាភិបាលរបស់លោកនឹងបញ្ជូនទាហានខ្មែរទាំង១៨នាក់ឲ្យកម្ពុជាវិញភ្លាមៗ នៅពេលយោធាថៃបញ្ជាក់ពីការចាត់ចែងកិច្ចការនេះរួចរាល់។ តែលោក អនុធីនមិនភ្លេចបញ្ជាក់ដដែលៗដោយស្នើឲ្យកម្ពុជាត្រូវគោរពតាមគោលការណ៍ព្រមព្រៀងចំនួន ៤ចំណុចដែលថៃចង់បាននោះទេ។
ថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥នេះជាខួប២១ព្រះវស្សានៃការឡើងសោយរាជសម្បត្តិរបស់ព្រះបាទសម្តេចនរោត្តម សីហមុនី។ បណ្តាឥស្សរជននយោបាយនៅក្នុងជួររដ្ឋាភិបាល និងក្រៅរដ្ឋាភិបាលបានចេញសារអបអររៀងៗខ្លួន និងផ្តល់ការកត់សម្គាល់ខុសៗគ្នាពីស្នាព្រះហស្ថរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី។
បុរសមានពិការភាព លោក ភុន យុទ្ធ ត្រូវបាននគរបាលស្រុកទ្រាំង ខេត្តតាកែវចាប់ខ្លួននៅព្រឹកថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមសមាគមសិទ្ធិមនុស្សអាដហុកដែលទទួលបានដំណឹងពីភរិយារបស់លោក ភុន យុទ្ធ។ បើតាមអាដហុក ការចាប់ខ្លួនលោក ភុន យុទ្ធធ្វើឡើង ក្រោយពីអតីតសកម្មជននយោបាយបក្សប្រឆាំងរូបនេះបានធ្វើសកម្មភាពបញ្ចេញមតិយ៉ាងសកម្មនៅក្នុងបណ្តាញសង្គមស្តីពីបញ្ហាសង្គមផ្សេងៗ។ គួរជម្រាបជូនថា លោក ភុន យុទ្ធទើបត្រូវបានដោះលែងពីពន្ធនាគារកាលពីខែកញ្ញា ឆ្នាំ២០២៥។
បារាំងនិងសហគមន៍អន្តរជាតិមួយចំនួន បានចេញមកបញ្ចេញប្រតិកម្មសាទរជាបន្តបន្ទាប់ចំពោះការឈានទៅសម្រេចបានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យទី២៦តុលា។ បារាំងនិងសហគមន៍អន្តរជាតិបានផ្តល់ក្តីសង្ឃឹមថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួនឹងអាចធ្វើឲ្យព្រំដែនកម្ពុជា-ថៃ មានសន្តិភាពឡើងវិញ។
អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចម្រុះនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ចាប់ខ្លួនជនសង្ស័យចំនួន៦៥នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញក្នុងរាជធានីភ្នំពេញ និងខេត្តកំពត។ តាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យទាំងនោះបានប្រើប្រាស់វិធីសាស្ដ្រឆបោកក្រោមរូបភាពជាការលួងលោមស្នេហា (Romance scam) និងមានគោលដៅឆបោកទៅកាន់ប្រទេសផ្សេងៗទៀត។
វេទិកាអន្តរជាតិស្តីពីគំនិតផ្តួចផ្តើមវិនិយោគនាថ្ងៃអនាគត “Future Investment Initiative” បានចាប់បើកពីថ្ងៃទី ២៧ ដល់ថ្ងៃទី៣០ តុលា ២០២៥ នៅប្រទេសអារ៉ាប៊ីសាអូឌីត។ មានការចូលរួមពីសំណាក់ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល និងអ្នកជំនួញធំៗជាច្រើនរយនាក់ អារ៉ាប៊ីសាអូឌីតចង់លើកតម្កើងគម្រោងគ្រាក់របស់ប្រទេសផង និងមហិច្ឆតាក្នុងវិស័យបញ្ញាសិប្បនិម្មិតផង។
រដ្ឋាភិបាលក្រុងប៉េកាំង បានកត់សម្គាល់ឃើញពីសញ្ញាវិជ្ជមានក្នុងទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មីរបស់ជប៉ុន។ ចំណែកជប៉ុនក៏រំពឹងចង់បានស្ថិរភាពជាមួយចិនដែរ។ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចលេខ២និងលេខ៤ក្នុងលោក ចិននិងជប៉ុនគឺជាដៃគូពាណិជ្ជកម្មដ៏ធំចម្បងជាមួយគ្នា តែប្រទេសជិតខាងទាំង២ ត្រូវរួមរឹតដោយបញ្ហា«ស្នាមដំបៅ»ពីអតីតកាល និងជម្លោះភូមិសាស្ត្រនយោបាយ ព្រមទាំងការទាមទារដែនកោះសេនកាគូ ឬទាវយូជាភាសាចិន។
ថ្ងៃ ចន្ទ ទី ២៧ តុលា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់ថ្មី បិទបញ្ចប់ កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ស្តីអំពីការកែច្នៃឡើងវិញនូវសារធាតុ Plutonium ដែលសេសសល់ពីសម័យសង្គ្រាមត្រជាក់។ ចុះហត្ថលេខា កាលពីឆ្នាំ ២០០០ កិច្ចព្រមព្រៀងខាងលើនេះ មានកម្មវត្ថុ រារាំងប្រទេសទាំងពីរ កុំឲ្យប្រើប្រាស់សាធាតុ Plutonium ដើម្បីបង្កើនការផលិតអាវុធ នុយក្លេអ៊ែរ។
នៅថ្ងៃអង្គារ ទី២៨ តុលានេះ ចិន និងអាស៊ានបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីការដំឡើងកម្រិតទំនាក់ទំនងពាណិជ្ជកម្មសេរីទ្វេភាគី។ គឺជាការដំឡើងទំនាក់ទំនងពាណិជ្ជកម្មកម្រិតទី៣ របស់ចិនជាមួយអាស៊ានដែលមានផលិតផលសរុបក្នុងស្រុកចំនួន ៣ ៩០០ ពាន់លានដុល្លារ។ តាមរយៈការដំឡើងទំនាក់ទំនងពាណិជ្ជកម្មជាមួយអាស៊ានពេលនេះ ចិនរំពឹងអាចទប់ទល់នឹងការយកពន្ធដ៏ច្រើនសន្ធឹកពីរដ្ឋបាលអាមេរិករបស់លោក ដូ ណាល់ត្រាំ។
នៅក្នុងជំនួបលើកទីមួយនាទីក្រុងតូក្យូ លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន តាកាអ៊ីជី សាណាអេ បានរៀបចំទទួលស្វាគមន៍លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំដោយយកចិត្តទុកដាក់ជាទីបំផុត និងបានប្រកាសបើកទំព័រយុគមាសជាមួយអាមេរិក។ ចំណែកលោកត្រាំក៏បានអបអរលោកស្រី តាកាអ៊ីជី សាណាអេដែលទើបក្លាយជាប្រមុខរដ្ឋាភិបាលភេទស្រីទីមួយរបស់ជប៉ុន។
អាស៊ាននឹងមិនមានសំឡេងរួមមួយសម្រាប់បញ្ជូនក្រុមអ្នកសង្កេតការណ៍របស់ខ្លួនទៅតាមដានឃ្លាំមើលការបោះឆ្នោតនៅភូមា ដែលគ្រោងនឹងរៀបចំដោយរបបសឹកនៅចុងខែធ្នូ ឆ្នាំ ២០២៥។ ជាការបោះឆ្នោតសកល ដែលរបបសឹកភូមាប្រកាសរៀបចំ ជាលើកទី១ ក្នុងរយៈពេលជិត៥ឆ្នាំ ពោលគិតចាប់តាំងពីពេលធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១។
មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកដាក់ក្តីរំពឹងថា ប្រទេសថៃនឹងសហការជាមួយប្រទេសកម្ពុជាក្នុងការដោះលែងទាហានខ្មែរទាំង ១៨នាក់ភ្លាមៗបន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយស្តីពីសន្តិភាពរវាងប្រទេសទាំងពីរនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីកាលពីចុងសប្តាហ៍មុន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។
អ្នកជំនាញផ្នែកច្បាប់ និងនយោបាយកម្ពុជា លោក វ៉ន ចាន់ឡូត បានលើកឡើងថា គោលបំណងនៃការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានគោលដៅកម្ទេចសំឡេងបក្សប្រឆាំងនៅក្នុងព្រឹទ្ធសភា។ ការលើកឡើងរបស់អ្នកជំនាញច្បាប់ និងនយោបាយដូចនេះ ធ្វើឡើងស្របពេលដែលព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានសម្រេចបញ្ជូនសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាទៅកាន់រដ្ឋសភា ដើម្បីពិនិត្យ និងអនុម័ត។
ថ្ងៃអង្គារ ទី២៨ តុលា សហភាពអាហ្វ្រិកបានបរិហារអំពើដ៏សាហាវឃោរឃៅនៅស៊ូដង់ និងបានចាត់ទុកជម្លោះប្រដាប់អាវុធនៅស៊ូដង់ថាជា «ឧក្រិដ្ឋកម្មសង្គ្រាម»។ ការបរិហារយ៉ាងដូច្នេះ បានធ្វើឡើង បន្ទាប់ពីកងកម្លាំងយោធារបស់រដ្ឋាភិបាលស៊ូដង់ ប្រកាសដកទ័ពចេញពីភូមិអែល-ហ្វាស់ស្សែរ (El-Facher) ក្នុងតំបន់ដារហ្វួរ។
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ អាមេរិកបានប្រកាសពីការព្រមព្រៀងគ្នាជាមួយកម្ពុជាដើម្បីរៀបចំសមយុទ្ធ «ឆ្មាំអង្គរ» ឡើងវិញ ក្រោយអាក់ខានអស់ជិត ១០ឆ្នាំ។ ក្រៅពីនេះ អាមេរិកក៏បានបញ្ជាក់ថា ខ្លួននឹងលុបចោលបម្រាមដែលហាមលក់អាវុធឲ្យកម្ពុជាដែរ។ បន្ទាប់មក អាមេរិកនឹងបង្កើនចំនួនកៅអីឲ្យសិស្សនិសិ្សតខ្មែរទៅសិក្សាជំនាញកងទ័ពនៅសាលាបណ្ឌិតយោធាអាមេរិកមួយចំនួនទៀតដូចជា បណ្ឌិតសភាយោធាជើងគោក (West Point) ឬបណ្ឌិតសភាទ័ពអាកាស (Air Force Academy)។ ការប្រកាសរបស់អាមេរិកទាំងនេះត្រូវបានអ្នកជំនាញទំនាក់ទំនងអន្តរជាតិយល់ថា គឺជាសញ្ញាវិជ្ជមាននៃការស្តារទំនាក់ទំនង និងទំនុកចិត្តគ្នាឡើងវិញរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ តាមរយៈការប្រកាសបន្តសមយុទ្ធ «ឆ្មាំអង្គរ» ឡើងវិញ និងការដកបម្រាមលើការលក់សព្វាវុធមកឲ្យកម្ពុជានាពេលនេះ អាចជាការស្តារ និងលើកកម្ពស់ទំនាក់ទំនងល្វីងជូរចត់រវាងសហរដ្ឋអាមេរិក និងកម្ពុជាដែរឬ?
ទំនាក់ទំនងអាមេរិក-កាណាដា កាន់តែធ្លាក់ក្នុងសភាពតានតឹងខ្លាំង។ មេដឹកនាំប្រទេសទាំង២ មានវត្តមានទាំងអស់គ្នានៅម៉ាឡេស៊ី តែគ្មានឱកាសជួបគ្នា ហើយបើទោះបីជានាយករដ្ឋមន្ត្រីកាណាដាទទូចចង់សុំជួបលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ យ៉ាងណាក្តី។ ក្រោយពីសម្រេចបន្ថែមពន្ធគយលើកាណាដា លោក ដូណាល់ ត្រាំ ថែមទាំងប្រកាសថា មិនចង់ជួបមុខ នាយករដ្ឋមន្ត្រីកាណាដា សម្រាប់រយៈពេលយូរ ទៀតផង។
នៅក្នុងដំណាក់កាលបន្ទាប់នៃដំណើរការបទឈប់បាញ់នៅហ្កាហ្សា សហរដ្ឋអាមេរិកបានប្រកាសបង្កើត កងកម្លាំងអន្តរជាតិដើម្បីរក្សាស្ថិរភាព ដែលនឹងមានការចូលរួមពីបណ្តាប្រទេសមួយចំនួន។ ថ្ងៃអាទិត្យទី២៦តុលា លោកនេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានអះអាងថា អ៊ីស្រាអែលមានសិទ្ធិវេតូ បដិសេធមិនឲ្យប្រទេសណាមួយ ចូលរួមនៅក្នុងសមាសភាពនៃកងកម្លាំងអន្តរជាតិនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា តាមរយៈសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា កម្ពុជា និងថៃបានឯកភាពគ្នាចាប់ផ្តើមកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ នៅក្រោមការឃ្លាំមើលរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កាលពីយប់ថ្ងៃអាទិត្យទី២៦តុលា។ បើតាមអ្នកនាំពាក្យខាងលើ ការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ ដោយដកមួយផ្នែកនៃជំហានទី១ ជានិមិត្តរូបនៃការប្តេជ្ញាចិត្តក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ ដែលមានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។ ទោះយ៉ាងណា អ្នកជំនាញកិច្ចការអន្តរជាតិ នៅតែបារម្ភពីជំហររបស់ភាគីថៃ ដើម្បីអនុវត្តតាមសេចក្តីថ្លែងការណ៍រួមនោះ ដ្បិតថា ថៃជារឿយៗចុះហត្ថលេខាតែលើក្រដាស តែការអនុវត្តផ្សេង។
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានវត្តមានរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។ អ្នកវិភាគបញ្ហានយោបាយ និងសង្គមកម្ពុជាមើលឃើញថា កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ គឺជាការបោះជំហានទៅមុខប្រកបដោយភាពកក់ក្តៅ ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃ។ ជាក្តីសង្ឃឹម ដែលសំអាងទៅលើឥទ្ធិពលរបស់លោក ដូណាល់ ត្រាំ។ ទន្ទឹមគ្នានេះ ក្រុមអ្នកវិភាគក៏នៅមានក្តីបារម្ភដែរចំពោះដំណើរការអនុវត្តកិច្ចព្រមព្រៀង ខណៈចិនត្រូវបានគេផាត់ចោលពីព្រឹត្តិការណ៍ដ៏សំខាន់នេះ៕
ក្រោយបញ្ចប់ទស្សនកិច្ចនៅម៉ាឡេស៊ី ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្តបំពេញទស្សនកិច្ច១ជុំអាស៊ី ដោយបន្តចុះចតនៅជប៉ុន មុននឹងទៅកូរ៉េខាងត្បូង។ តាមជើងហោះហើរទៅទីក្រុងតូក្យូ ចៅហ្វាយសេតវិមានអាមេរិករូបនេះ បានប្រកាសក្តីសង្ឃឹមអំពីលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយមហាយក្សចិន និងថា ចង់ជួបមេដឹកនាំកូរ៉េខាងជើង ជាថ្មីម្តងទៀត។
ក្រុមអ្នកនយោបាយប្រឆាំងក្រៅប្រទេស ដែលដឹកនាំដោយលោក សម រង្ស៊ី នៅថ្ងៃសៅរ៍ទី២៥តុលា បានប្រកាសចាប់ផ្តើមដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា។ ក្រុមអ្នកនយោបាយប្រឆាំង បញ្ជាក់ថា ការបង្កើតរដ្ឋាភិបាលពីក្រៅប្រទេសជាកិច្ចការចាំបាច់ដើម្បីសង្រ្គោះកម្ពុជាចេញពីរដ្ឋាភិបាលក្នុងពេលបច្ចុប្បន្ន។ តើរដ្ឋាភិបាលក្រៅប្រទេសរបស់លោក សម រង្ស៊ី អាចមានភាពស្របច្បាប់ និងប្រជែងជាមួយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នដោយរបៀបណា?
ប្រតិបត្តិការបង្ក្រាបរបស់កងទ័ពភូមាទៅលើមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយនៅក្នុងប្រទេស បានបណ្តាលឲ្យមនុស្សជាង ១ពាក់នាក់ ដែលភាគច្រើនជាជាតិចិនរត់ចេញពីប្រទេសភូមា ឆ្លងចូលទឹកដីថៃ។ នេះបើតាមការប្រកាសរបស់អាជ្ញាធរថៃ កាលពីល្ងាចថ្ងៃសុក្រទី២៤តុលា។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ផ្តើមពីថ្ងៃអាទិត្យ ទី២៦រហូតដល់ថ្ងៃអង្គារទី២៨តុលា។ កិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី១នាព្រឹកថ្ងៃអាទិត្យនេះ ផ្តើមឡើងជាមួយកិច្ចប្រជុំរវាងប្រទេសជាសមាជិកទាំង ១០ប្រទេស និងការប្រកាសជាផ្លូវការទទួលស្គាល់ទីម័រខាងកើតជាសមាជិកទី ១១របស់អាស៊ាន។ ប៉ុន្តែ ជាការកត់សម្គាល់ សំណុំរឿងជម្លោះព្រំដែនខ្មែរ-ថៃបានក្លាយជាប្រធានបទថ្មី និងលេចធ្លោរជាងគេនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥នេះ។ ជុំវិញព័ត៌មាននេះ យើងមានបទអន្តរាគមន៍របស់ អោ ស្រីពេជ្រ ដែលកំពុងចុះយកព័ត៌មានផ្ទាល់ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។