នៅក្នុងសុន្ទរកថាប្រចាំឆ្នាំនៅរដ្ឋសភា ស្តីពីកញ្ចប់ថវិកា ប្រធានាធិបតីអភិរក្សនិយមកូរ៉េខាងត្បូង លោកលី ចែម្យុងបាននិយាយថា កូរ៉េខាងត្បូងនឹងដំឡើងថវិកាកងទ័ពប្រមាណ៨,២%បន្ថែមទៀតសម្រាប់ចំណាយនៅឆ្នាំ២០២៦។ មានវត្តមាននៅកូរ៉េខាងត្បូងក្នុងក្របខ័ណ្ឌទស្សនកិច្ចមួយជុំនៅអាស៊ី រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Pete Hegsethបានថ្លែងអបអរសាទរស្វាគមន៍កូរ៉េខាងត្បូងដែលដំឡើងថវិកាយោធាដើម្បីអាចការពារខ្លួនឯងពីការគំរាមកំហែងឈ្លានពានពីសំណាក់កូរ៉េខាងជើង។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមធ្វើអន្តរាគមន៍យោធា ទៅលើប្រទេសនីហ្សេរីយ៉ា និងបានបញ្ជាឲ្យក្រសួងការពារជាតិអាមេរិករៀបចំគម្រោងផែនការវាយប្រហារនេះ។ ការគំរាមរបស់លោក ដូណាល់ ត្រាំ យ៉ាងដូច្នេះបានធ្វើឡើង បន្ទាប់ពីមានដំណឹងអំពីការវាយប្រហារភេរវនិយមសម្លាប់គ្រិស្តបរិស័ទនៅក្នុងនីហ្សេរីយ៉ា ដែលជាប្រទេសកាន់សាសនាអ៊ីស្លាមភាគច្រើន។
តួកគីបានដឹកនាំកិច្ចប្រជុំពិសេសមួយ ជាមួយរដ្ឋមន្ត្រីតំណាងប្រទេសអ៊ីស្លាម៦ប្រទេស កាលពីថ្ងៃចន្ទទី៣វិច្ឆិកា។ កិច្ចប្រជុំត្រូវបានរៀបចំធ្វើឡើង ក្នុងកម្មវត្ថុមួយរបស់តួកគី ដែលចង់មានចំណែកចាត់ចែងស្តីពីអនាគតរបស់តំបន់ហ្កាហ្សា។ តែយ៉ាងណា សម្រាប់អ៊ីស្រាអែល តួកគីមិនអាចមានចំណែកអ្វីទាំងអស់នៅក្នុងតំបន់ហ្កាហ្សា ព្រោះថាតួកគីមានទំនាក់ទំនងជិតស្និទ្ធណាស់ជាមួយនឹងក្រុមហាម៉ាសប៉ាឡេស្ទីន។
អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុបានផ្អាក និងបិទកាស៊ីណូចិន ៤កន្លែងក្នុងខេត្តព្រះសីហនុ ក្រោយមានការសង្ស័យជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ នេះបើតាមការបញ្ជាក់ពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ យុទ្ធនាការនេះធ្វើឡើង បន្ទាប់ពីមានជំនួបពិភាក្សាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងលោក Kash Patel នាយកនៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI) របស់អាមេរិកស្តីពីការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ពិសេសសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
មនុស្សស្លាប់យ៉ាងហោច ២០នាក់ នៅភាគខាងជើងអាហ្វហ្កានីស្ថានដោយសារគ្រោះថ្នាក់រញ្ជួយដីដ៏ធ្ងន់ធ្ងរ កម្រិត៦,៣ រ៉ិចទ័រ។ សោកនាដកម្មនេះ បានកើតឡើងផ្ទួនៗគ្នានៅអាហ្វហ្កានីស្ថាន ដែលទើបតែងើបចេញពីគ្រោះមហន្តរាយរញ្ជួយដី កាលពី២ខែមុន។
លោកដូណាល់ ត្រាំ បានអះអាងថា ចិននិងរុស្ស៊ី បានសាកល្បងនុយក្លេអ៊ែរ តែគ្រាន់តែមិននិយាយប្រាប់ឲ្យគេឯងឲ្យដឹងប៉ុណ្ណោះ។ តែយ៉ាងណា លោកប្រធានាធិបតីអាមេរិក ដែលមានទម្លាប់ផ្សាយព័ត៌មានប្រឌិតរូបនេះ មិនបានបញ្ជាក់លម្អិតទេ ថាចិននិងរុស្ស៊ីបានធ្វើតេស្តសាកអ្វីឲ្យពិតប្រាកដ ជាបច្ចេកវិទ្យាសព្វាវុធ ឬក៏ជាការបំផ្ទុះក្បាលគ្រាប់។ ភ្លាមៗក្រោយការចោទនេះ ភាគីចិនបានប្រកាសច្រានចោលភ្លាមដែរ នៅព្រឹកថ្ងៃចន្ទទី៣វិច្ឆិកានេះ។
ក្រោយទទួលបានញត្តិពីក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍កាលពី ២សប្តាហ៍មុន ស្ថានទូតមួយចំនួនដូចជាបារាំង និងអង់គ្លេស បានសួរនាំអំពីដំណើររឿងវិវាទក្រុមហ៊ុនណាហ្គាវើលដ៍នេះ មុននឹងបញ្ជូនទៅរដ្ឋាភិបាលប្រទេសនីមួយៗពិចារណា ដើម្បីយកទៅដាក់ក្នុងអង្គប្រជុំរបស់គណៈកម្មការទទួលបន្ទុកសេរីភាពបញ្ចេញមតិនៃអង្គការសិទ្ធិការងារអន្តរជាតិ ហៅកាត់ (ILO)។ នេះជាការបញ្ជាក់របស់កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ដែលប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី៣វិច្ឆិកានេះ។
នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានចេញមុខសុំទោសជាសាធារណៈ ក្រោយពីបាននិយាយថា កម្ពុជារំលោភទឹកដីថៃ ហើយថៃត្រូវទទួលស្គាល់ពីការរំលោភទឹកដីកម្ពុជាវិញដែរ។ ក្នុងអំឡុងចូលរួមកិច្ចប្រជុំកំពូល APEC លើកទី៣២ នៅប្រទេសកូរ៉េខាងត្បូងនាយប់ថ្ងៃទី១ វិច្ឆិកា លោក អនុធិន ឆានវីរៈគូន ក៏បានទទួលស្គាល់ដែរថា សម្តីដែលលោកនិយាយនោះបានបង្កឲ្យមានភាពចលាចល ពិសេសក្នុងចំណោមក្រុមជាតិនិយមជ្រុលរបស់ថៃ។
សង្រ្គាមវាយប្រហាររបស់រុស្ស៊ីទៅលើទឹកដីអ៊ុយក្រែនសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។ នៅយប់ថ្ងៃសៅរ៍ចូលដល់ថ្ងៃអាទិត្យទី២វិច្ឆិកា ការវាយប្រហារដ៏សន្ធឹកសំដៅទីក្រុងធំៗរបស់អ៊ុយក្រែន ជាពិសេសក្រុងជាប់សមរភូមិនៅចុងសប្តាហ៍នេះបាន សម្លាប់មនុស្ស៦នាក់ និងរបួសជាង១០នាក់។ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គីបានប្រកាសពង្រឹងប្រព័ន្ធការពារដែនអាកាសអាមេរិក ដែលប៊ែរឡាំងបានផ្ទេរបញ្ជូនមកឲ្យអ៊ុយក្រែន។
ក្រោយបញ្ចប់ជំនួបប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបន្តបំពេញទស្សនកិច្ច ចំនួន ២ថ្ងៃ នៅវៀតណាម។ វៀតណាម ជាទីដែល ប្រមុខដឹកនាំមន្ទីរបញ្ចកោណ ចង់រឹតបន្តឹងទំនាក់ទំនងវិស័យយោធា ឲ្យកាន់តែរឹងមាំខ្លាំងថែមទៀត។
ក្រោយបញ្ចប់ជំនួបប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបន្តបំពេញទស្សនកិច្ច ចំនួន ២ថ្ងៃ នៅវៀតណាម។ វៀតណាម ជាទីដែល ប្រមុខដឹកនាំមន្ទីរបញ្ចកោណ ចង់រឹតបន្តឹងទំនាក់ទំនងវិស័យយោធា ឲ្យកាន់តែរឹងមាំខ្លាំងថែមទៀត។
កម្ពុជា-ថៃចាប់ផ្តើមការដកអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះព្រំដែន ទៅតាមការចែងរបស់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលកម្ពុជា និងថៃ បានចុះហត្ថលេខានៅទីក្រុងគួឡាឡាំពួ កាលពីថ្ងៃអាទិត្យទី២៦ខែតុលា។ អាវុធធុនធ្ងន់ដែលត្រូវដកចេញមានជាអាទិ៍ ប្រព័ន្ធកាំជ្រួចហ្វូង កាំភ្លើងធំគ្រប់ប្រភេទ និងរថពាសដែក។ អ្នកតាមដានបញ្ហាសង្គលមើលឃើញថា កម្ពុជាបានអនុវត្តការដកអាវុធធុនធ្ងន់នេះ យ៉ាងខ្ជាប់ខ្ជួន តែពួកគេបារម្ភថា ភាគីថៃមិនមានឆន្ទៈធ្វើដូចកម្ពុជាទេ។ តើការកែសម្រួលទីតាំងអាវុធធុនធ្ងន់អាចឲ្យថៃយល់ព្រមដោះលែងទាហានខ្មែរទាំង ១៨រូបដែលភាគីថៃកំពុងឃុំឃាំងដែរឬទេ?
នៅថ្ងៃអាទិត្យ ទី២វិច្ឆិកានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានណែនាំឲ្យមន្ត្រីក្រោមឱវាទ សហការគ្នាចុះត្រួតពិនិត្យ និងស៊ើបអង្កេត លើករណីឈ្មួញកណ្តាលដើរប្រមូលទិញស្រូវផ្តាច់មុខនៅតាមបណ្តាខេត្តដែលនាំឱ្យតម្លៃស្រូវធ្លាក់ថ្លៃ។ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យេង វិញលើកឡើងថា កម្ពុជាគ្មានករណីឈ្មួញកណ្តាលទិញស្រូវផ្តាច់មុខទេ ពីព្រោះពួកគេគ្មានទុន ឬគ្មានលទ្ធភាពទៅបោះមេប្រមូលទិញស្រូវផ្តាច់មុខបានឡើយ។
ក្រោយព្យុះសង្ឃរានៅភាគកណ្តាលប្រទេសវៀតណាម ភ្លៀងធំនិងជំនន់ទឹកភ្លៀងក្នុងសប្តាហ៍នេះ បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច ៣៥ នាក់។ នេះបើតាមតុល្យការបឋមរបស់អាជ្ញាធរវៀតណាម ដោយបញ្ជាក់ទៀត ថា មនុស្សយ៉ាងហោច ៥ នាក់  បន្តបាត់ខ្លួន។ 
ក្នុងទិវាបញ្ចប់និទណ្ឌភាពលើអ្នកសារព័ត៌មានថ្ងៃទី២ វិច្ឆិកា អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិថ្នាក់តំបន់ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ស្នើឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាបន្ទាន់លើឧក្រិដ្ឋកម្មទាំងអស់ដែលប្រឆាំងអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។ សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា គិតតាំងពីឆ្នាំ ១៩៩៤មក អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជាយ៉ាងហោចណាស់ ១៥នាក់ត្រូវបានសម្លាប់ ដោយពួកគេទាំងនោះភាគច្រើនបានរាយការណ៍អំពីបញ្ហានយោបាយ និងបញ្ហាបរិស្ថានដ៏រសើបៗ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកមានអំណាច។
យានដឹកអវកាសយានិកចិនបីរូបបានចូលចតដោយជោគជ័យនៅស្ថានីយ៍អវកាសធានកុង កាលពីថ្ងៃសៅរ៍ទី១វិច្ឆិកា។ បេសកកម្មនៅទីអវកាសលើកនេះជាមោទនភាពថ្មីមួយទៀតរបស់មហាអំណាចចិន ព្រោះការបញ្ជូនយានទៅដល់ស្ថានីយ៍ធ្វើឡើងក្នុងរយៈពេលកាន់តែខ្លីជាងមុន ហើយនេះជាលើកទី១ដែលចិនបញ្ជូនអវកាសយានិកវ័យក្មេងជាងគេបំផុតរបស់ខ្លួនទៅក្នុងទីអវកាស។
នៅស៊ូដង់ ការរំលោភបំពានផ្លូវភេទ និងការកាប់សម្លាប់មនុស្ស កាន់តែសាហាវឃោរឃៅឡើងៗ បន្ទាប់ពីទីក្រុង អែល-ហ្វាស់ស្សែរ (El-Fasher) នៃតំបន់ដារហ្វួរ បានធ្លាក់ក្នុងកណ្តាប់ដៃរបស់ទាហានប៉ារ៉ាស៊ូដង់។ សហគមន៍អន្តរជាតិ នាំគ្នាបរិហារអំពើព្រៃផ្សែនៅស៊ូដង់ ហើយរដ្ឋាភិបាលអង់គ្លេស ក៏បានប្រកាសផ្តល់ជំនួយមនុស្សធម៌បន្ថែម ដោយផ្តោតទៅលើសកម្មភាពជួយជនរងគ្រោះព្រោះការរំលោភបំពានផ្លូវភេទ។
អង្គការការពារសិទ្ធិមនុស្សលីកាដូបានកត់ត្រាក្នុងរបាយការណ៍របស់ខ្លួនថា នៅក្នុងអំឡុងពេលដែលជម្លោះព្រំដែនកម្ពុជា និងថៃកើនកម្តៅខ្លាំង មានអ្នកកាសែត និងអ្នកប្រើប្រាស់បណ្តាញសង្គមចំនួន១៦នាក់ ត្រូវបានចាប់ខ្លួន។ នៅមុនអង្គការលីកាដូចេញរបាយការណ៍ទៅទៀត អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ថា កម្ពុជាមិនបានបិទសិទ្ធិសេរីភាពបញ្ចេញមតិនោះទេ ពោលគឺកម្ពុជាគោរពតាមស្មារតីនៃរដ្ឋធម្មនុញ្ញកម្ពុជា និងឯកសារអន្តរជាតិផ្សេងៗទៀត ស្តីពីការប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។
នៅតៃវ៉ាន់ ប្រធានគណបក្សប្រឆាំងថ្មី ដែលទើបតែចូលកាន់តំណែង បានប្រកាសជំទាស់គម្រោងដំឡើងកញ្ចប់ថវិកាក្នុងវិស័យការពារជាតិ។ ការជំទាស់នេះ ដោយសំអាងថា រដ្ឋបាលក្រុងតៃប៉ិ គ្មានលទ្ធភាពគ្រប់គ្រាន់។ តៃវ៉ាន់មិនមែនជាម៉ាស៊ីនផលិតក្រដាសប្រាក់ទេ។ នេះបើតាម មេដឹកនាំគណបក្សប្រឆាំងដដែល ដោយដាស់តឿនថា គម្រោងបង្កើនថវិកាយោធាតៃវ៉ាន់ អាចនឹងបំផ្លាញសន្តិភាព។
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ព្រឹទ្ធសភាកម្ពុជាបានចេញសេចក្តីប្រកាសមួយដោយសំដែងការខកចិត្តយ៉ាងខ្លាំងនឹងការផ្សាយរបស់សារព័ត៌មានថៃThe Nation ដែលថាប្រធានរដ្ឋសភាកម្ពុជានាំមុខប្រធានរដ្ឋសភាថៃ នៅប្រទេសហុងគ្រី សម្រាប់កិច្ចពិភាក្សាលើកិច្ចព្រមព្រៀងសន្តិភាព។ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ចាត់ទុកការចុះផ្សាយរបស់កាសែតថៃនេះ ថាមិនត្រឹមតែបំភ្លៃការពិតប៉ុណ្ណោះទេ តែបង្ហាញពីកង្វះការយល់ដឹង និងបកស្រាយខុសដោយចេតនា ពីនីតិវិធីផ្លូវការ និងឯកសារនានារបស់សន្និបាត IPU។
នៅថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកបានឲ្យដឹងថា លោកទើបជួបពិភាក្សាតាមទូរស័ព្ទជាមួយ លោក Kash Patel នាយកនៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក។ បើតាមនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចសន្ទនានេះ សមភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខកម្ពុជា និង FBI របស់អាមេរិក ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងរបត់ដែលកម្ពុជាកំពុងបិទការនាំចូលទំនិញមួយចំនួនពីប្រទេសថៃ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា ចរន្តនៃការវិនិយោគនៅក្នុងស្រុកមានសន្ទុះកើនឡើង។ បើទោះជាមានការកើនឡើង អ្នកសេដ្ឋកិច្ចនៅកត់សម្គាល់ឃើញថា ចរន្តនៃការបណ្តាក់ទុនរបស់អ្នកវិនិយោគក្នុងស្រុកនៅមានកម្រិត។ នៅមានកម្រិត ក៏ព្រោះតែ មានឧបសគ្គមួយចំនួនដែលអ្នកជំនួញក្នុងស្រុកបន្តជួបប្រទះ គឺកង្វះផ្នែកបច្ចេកទេស តម្លៃដើមនៃការផលិតនៅស្ថិតក្នុងកម្រិតខ្ពស់ ការខ្វះខាតការគាំពារ និងការទ្រទ្រង់បន្ថែមពីរដ្ឋាភិបាល។
កម្ពុជា និងថៃ ចាប់ផ្តើមដកសព្វាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនជួរមុខនៃប្រទេសទាំងពីរ ក្នុងដំណាក់កាលទី១ ពីថ្ងៃទីសៅរ៍ទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រទេសទាំងពីរបានឯកភាពគ្នាយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំរវាងមេយោធភូមិភាគទី៤របស់កម្ពុជា និងមេយោធភូមិភាគទី២របស់ថៃ កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជា ភាគីទាំងពីរបានឯកភាពគ្នាកែសម្រួលលើការដកអាវុធធុនធ្ងន់ ដោយត្រូវដកប្រព័ន្ធកាំជ្រួចហ្វូង កាំភ្លើងធំគ្រប់ប្រភេទ និងរថពាសដែកចេញពីព្រំដែននៃប្រទេសទាំងពីរ។
អាជ្ញាធរខេត្តព្រះវិហារនៅថ្ងៃទី១ ខែវិច្ឆិកាបានឱ្យដឹងថា មណ្ឌលសុវត្ថិភាពចំនួន១៥កន្លែងក្នុងខេត្តព្រះវិហារត្រូវបានបិទ ក្រោយពេលពលរដ្ឋដែលជាជនភៀសសឹកបានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេរៀងៗខ្លួនវិញ និងបន្ទាប់ពីស្ថានការណ៍នៅព្រំដែនវិលមករកភាពប្រក្រតីឡើងវិញ។ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហារលោក គឹម ចាន់បញ្ញា បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា គិតមកទល់ពេលនេះ ជនភៀសសឹកជាង១ម៉ឺនគ្រួសារបានចាកចេញពីតំបន់សុវត្ថិភាពស្ទើរអស់ទាំងស្រុង។ ដូច្នេះ អាជ្ញាធរនឹងបង្រួមមណ្ឌលសុវត្ថិភាពទាំង១៥កន្លែងនោះ មកនៅត្រឹម៨កន្លែងវិញ ដើម្បីត្រៀមទុក ប្រសិនបើមានសភាពការណ៍មិនស្រួលកើតឡើងវិញ។ បើតាមលោក គឹម ចាន់បញ្ញា ថ្វីបើស្ថានភាពល្អប្រសើរក្តី អាជ្ញាធរនឹងនៅតែបន្តយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និងសុខមាលភាពរបស់ពលរដ្ឋ។
រដ្ឋមន្ត្រីការពារជាតិចិននិងអាមេរិក បានជួបប្រជុំគ្នាទ្វេរភាគី នៅកូឡាឡាំពួរ កាលពីថ្ងៃទី៣១តុលា នៅក្នុងឱកាសកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន។ ក្នុងពេលប្រជុំ រដ្ឋមន្ត្រីការពារជាតិចិន បានអំពាវនាវថាសុំឲ្យប្រទេសទាំង២ មានទំនុកចិត្តចំពោះគ្នា។ តែទន្ទឹមនេះ ចិនសូមប្រាប់ទៅអាមេរិកថា ត្រូវតែប្រុងប្រយ័ត្ន នៅក្នុងការនិយាយស្តី ជុំវិញសំណុំរឿងតៃវ៉ាន់។
បន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេស ដល់វេន សិង្ហបុរី ដែលប្រកាសរឹបអូសទ្រព្យសម្បត្តិរបស់មហាសេដ្ឋីខ្មែរដើមកំណើតចិន អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលពាក់ព័ន្ធនឹងអំពើក្លែងបន្លំ និងលាងសម្អាតលុយ។ ប៉ូលិសសិង្ហបុរីបានបញ្ជាក់ថា ទ្រព្យសម្បត្តិដែលអាជ្ញាធររឹបអូសមានចំនួនជាង ១១៥ លានដុល្លារអាមេរិក។ 
ការប្រកាសរបស់លោកដូណាល់ ត្រាំ ដែលថាលោកនឹងអនុញ្ញាតឲ្យកងទ័ពអាមេរិក បើកការសាកល្បងសព្វាវុធនុយក្លេអ៊ែរឡើងវិញនោះ បានបង្កជាមន្ទិលសង្ស័យ ព្រមទាំងការព្រួយបារម្ភជាខ្លាំង ស្តីពីការបើកទ្វារចំហ ឲ្យមានការប្រណាំងប្រជែងអាវុធមហាប្រល័យនេះ។ អង្គការសមាគមតំណាងជនរងគ្រោះដោយគ្រាប់បែកបរមាណូ បានរួមគ្នាផ្ញើលិខិតជាបន្តបន្ទាប់ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជំទាស់តវ៉ាយ៉ាងម៉ឺងម៉ាត់បំផុត ទៅនឹងគម្រោងសាកល្បងអាវុធនុយក្លេអ៊ែរ។
នៅរសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ មេយោធភូមិភាគ៤របស់កម្ពុជា និងមេយោធភូមិភាគទី២របស់ថៃបានជួបជជែកគ្នាស្តីពីការកែសម្រួលទីតាំងអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះព្រំដែនរវាងប្រទេសទាំង ២។ កិច្ចប្រជុំនេះធ្វើឡើងនៅច្រកព្រំដែនអូរស្មាច់ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានកិច្ចប្រជុំមួយរវាងលេខាធិការដ្ឋានគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៅព្រឹកថ្ងៃសុក្រដដែលនេះ។
ថ្ងៃព្រហស្បតិ៍ ទី ៣០ តុលា វិមានក្រេមឡាំង បានបន្ធូរបន្ថយពាក្យសំដីរបស់ខ្លួន ដោយអះអាងថា ការ បាញ់ពិសោធ យានដ្រូនមុជទឹក និង មីស៊ីលបណ្តែត កាលពីថ្ងៃ អាទិត្យ និង ថ្ងៃពុធ កន្លងទៅ មិនមែនជាការធ្វើតេស្ត អាវុធនុយក្លេអ៊ែរ ដោយផ្ទាល់នោះឡើយ ។ ការផ្លាស់ប្តូរគោលជំហរភ្លាមៗដូច្នេះ ប្រព្រឹត្តទៅ ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យ ក្រសួងការពារជាតិអាមេរិក ចាប់សាកល្បងឡើងវិញជាបន្ទាន់ នូវអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ ទី ៣០ តុលា។
កាលពីថ្ងៃសៅរ៍កន្លងទៅ លោកសមរង្ស៊ីបានប្រកាសបង្កើតជាផ្លូវការរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា។ ក្នុងចំណោមមនុស្សប្រមាណ៥០០នាក់ដែលមានវត្តមាននៅក្នុងសាលប្រជុំរៀបចំក្នុងទីក្រុងប៉ារីស មានអ្នកចូលរួមជិត១០០នាក់ដែលបានធ្វើដំណើរមកពីបរទេស ដូចជា ស៊ុយអែត ស្វ៊ីស អាល្លឺម៉ង់ សហរដ្ឋអាមេរិក កាណាដា នូវែលសេឡង់ ជប៉ុន និងកូរ៉េខាងត្បូង។ នៅមុនធ្វើដំណើរត្រលប់ទៅប្រទេសដែលខ្លួនរស់នៅ ក្រុមប្រតិភូខ្មែរដែលមួយចំនួនជាសមាជិករបស់រដ្ឋាភិបាលក្រៅប្រទេសបានធ្វើដំណើរទៅធ្វើទស្សនកិច្ចនៅវត្តពោធិ៍វង្ស ជាយក្រុងប៉ារីស។ តើអ្នកចូលរួមក្នុងរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាជាអ្នកណា ហើយហេតុអ្វីបានជាពួកគេទាំងនោះសម្រេចចិត្តចូលរួមក្នុងរដ្ឋាភិបាលក្រៅប្រទេស? យើងស្តាប់បទយកការណ៍របស់ឈាង បុប្ផាដែលបានទៅជួបសម្ភាសន៍នៅវត្តពោធិវង្ស។
បន្ទាប់ពីខកខានមិនបានជួបគ្នាតាំងពីឆ្នាំ២០១៧ មក មេដឹកនាំចិន និងកាណាដាបានជួបប្រាស្រ័យទាក់ទងគ្នាឡើងវិញជាលើកទី១ នៅថ្ងៃសុក្រ ទី៣១ តុលា។ នាឱកាសប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងប្រទេសកូរ៉េខាងត្បូង ប្រធានាធិបតីចិនបានប្រកាសអញ្ជើញ នាយករដ្ឋមន្ត្រីកាណាដា ឲ្យទៅធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសចិនទៀតផង។ ភ្លាមៗ មេដឹកនាំកាណាដា បានទទួលការអញ្ជើញដោយរីករាយ និងប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយគ្នាឡើងវិញ។
សាលាដំបូងខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍ទី៣០ខែតុលាឆ្នាំ២០២៥ បានសម្រេចចោទប្រកាន់សកម្មជនសង្គម ជនមានពិការភាពមួយរូប គឺលោក ហ៊ុន យុទ្ធ ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ការសម្រេចនេះធ្វើឡើង បន្ទាប់ពីលោក ហ៊ុន យុទ្ធ បានបញ្ចេញមតិតាមបណ្តាញសង្គមជាបន្តបន្ទាប់ រិះគន់ការប្រើប្រាស់ពន្ធនាគារធ្វើជារនាំងបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ លោក ហ៊ុន យុទ្ធ ត្រូវប្រឈមនឹងការជាប់គុកជាលើកទី៣ នៅក្នុងសំណុំរឿងចោទប្រកាន់ពីបទញុះញង់។
ពលរដ្ឋរស់នៅក្នុងតំបន់អង្គរជាច្រើនគ្រួសារនៅពុំទាន់ទទួលយកការដោះដូរដីដោយស្ម័គ្រចិត្ត ដែលអាជ្ញាធរបានរៀបចំឲ្យនៅឡើយទេ។ ការមិនដាច់ចិត្តរើទៅទីតាំងថ្មីដោយពួកគេយល់ថា ទីតាំងបច្ចុប្បន្នអាចឱ្យពួកគេប្រកបរបរចិញ្ចឹមជីវិតបានល្អប្រសើរ បើធៀបនឹងតំបន់រុនតាឯកដែលអាជ្ញាធរផ្តល់ជូន។ ពលរដ្ឋមិនព្រមចាកចេញមើលឃើញថា តំបន់រុនតាឯកគ្មានដង្ហើមសេដ្ឋកិច្ចទេ។ តែទន្ទឹមគ្នានេះ ពួកគេក៏មិនហ៊ានជំទាស់នឹងសំណើរបស់អាជ្ញាធរក្នុងការរុះរើផ្ទះ ដោយត្រឹមហ៊ានលើកពីកង្វល់ផ្លូវច្បាប់។
តំណាងស្ថានទូតអាល្លឺម៉ងប្រចាំកម្ពុជា លោក Gidon Windecker បានលើកឡើងថា លុះត្រាណាតែកម្ពុជាមានក្របខណ្ឌច្បាប់រឹងមាំទើបការបារម្ភពីឯកជនភាពអនឡាញ និងការការពារទិន្នន័យរបស់អ្នកប្រើប្រាស់អ៊ីនធ័រនែតនៅកម្ពុជាអាចដោះស្រាយបាន។ លោក Gidon Windecker បានថ្លែងយ៉ាងដូចនេះនៅក្នុងវេទិកាអ៊ីនធ័រនែតភ្នំពេញឆ្នាំ ២០២៥ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់អនាគតឌីជីថលនៅកម្ពុជាប្រកបដោយបរិយាបន្ន និងការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន»។ សម្រាប់លោក Gidon Windecker កម្ពុជាកំពុងបោះជំហានទៅរកការផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់រហ័ស។ តែពលរដ្ឋខ្មែរមួយចំនួន ពិសេសអ្នករស់នៅតាមទីជនបទនៅមានការខ្វះខាតផ្នែកអក្ខរកម្មឌីជីថលនៅឡើយ។