សូម៉ាលីលែនដ៍មានចេតនាចង់ឲ្យអាមេរិកចូលទៅធ្វើអាជីវកម្មរ៉ែសំខាន់ៗ និងបង្កើតមូលដ្ឋានទ័ពក្នុងទឹកដីរបស់ខ្លួន។ នេះជាប្រសាសន៍របស់រដ្ឋមន្រ្តីនៃវិមានប្រធានាធិបតីសូម៉ាលីលែនដ៍ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានបារាំង AFP កាលពីថ្ងៃសៅរ៍ ទី២១កុម្ភៈ។ សូម៉ាលីលែនដ៍ជាទឹកដីស្វយ័តមួយនៃប្រទេសសូម៉ាលី ដែលបានប្រកាសឯករាជ្យតែម្នាក់ឯង កាលពីឆ្នាំ ១៩៩១។ នៅចុងខែធ្នូ ឆ្នាំមុន អ៊ីស្រាអែលបានក្លាយជាប្រទេសដំបូងគេបង្អស់ដែលប្រកាសទទួលស្គាល់សូម៉ាលីលែនដ៍ជារដ្ឋឯករាជ្យ ខណៈលោកដូណាល់ ត្រាំនៅរារែក មិនចង់ដើរតាមអ៊ីស្រាអែល។ តើលោកត្រាំនឹងអាចប្តូរចិត្តនៅចំពោះមុខ សំណើគួរឲ្យចាប់អារម្មណ៍របស់សូម៉ាលែនដ៍ដែរឬទេ?
នៅក្នុងខែមករា ឆ្នាំ២០២៦ កម្ពុជាបានចំណាយលុយប្រមាណ ២១៩.៥លានដុល្លារអាមេរិក ដើម្បីទិញនាំចូលទំនិញយុទ្ធសាស្ត្រដូចជា ប្រេងម៉ាស៊ូត ប្រេងសាំង និងហ្គាសពីក្រៅប្រទេស។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅថ្ងៃសុក្រទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។ របាយការណ៍ដដែលបង្ហាញថា ទំហំនៃការនាំចូលទំនិញយុទ្ធសាស្ត្រខាងលើនេះបានកើនឡើងចំនួន ១.៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។
ការទទូចចង់បានប្លង់កម្មសិទ្ធិដីធ្លី នៅលើកោះមាស នៅតែជាក្តីប្រាថ្នាធំរបស់ប្រជាជនរស់នៅលើកោះ ទោះបីជា កោះនេះត្រូវបានរដ្ឋាភិបាលប្រគល់ឱ្យក្រុមហ៊ុនឯកជនរបស់ឧកញ្ញា ឃុន សៀគ្រប់គ្រងក្តី។ ពលរដ្ឋភាគច្រើនមិនយល់ព្រមលក់ដីធ្លីរបស់ពួកគេនោះទេ ព្រោះថា ក្រុមហ៊ុនផ្តល់តម្លៃដីទាបជាងទីផ្សារច្រើនពេក។ ខណៈពេលដែលនៅមិនទាន់មានដំណោះស្រាយអ្វីសោះ អ្នកភូមិមួយចំនួន នៅលើកោះមាសចាប់ផ្តើមបារម្ភ បន្ទាប់ពីឃើញក្រុមហ៊ុនរបស់ឧកញ្ញា ឃុន សៀ បញ្ចូនគ្រឿងចក្រមកឈូសឆាយដីដែលពលរដ្ឋមួយចំនួនបានលក់រួចហើយ។ ពលរដ្ឋកោះមាសថា ពួកគេនឹងនាំគ្នាទៅដាក់ញត្តិនៅផ្ទះរបស់ប្រធានព្រឹទ្ធសភា ដើម្បីស្វែងរកជំនួយ កិច្ចអន្តរាគមន៍។
អ្នកស្រី ហុង ថា ភរិយារបស់លោក ផន សុភាព ដែលត្រូវបានតុលាការខេត្តសៀមរាបកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ១៤ឆ្នាំ ជុំវិញការបង្ហោះព័ត៌មានព្រំដែន នៅលើបណ្តាញសង្គមហ្វេសប៊ុក បានអះអាងថា អ្នកស្រីកំពុងរៀបចំដាក់បណ្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ ជុំវិញការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរលើស្វាមីអ្នកស្រី។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅរសៀលថ្ងៃអាទិត្យទី២២កុម្ភៈនេះ លោកស្រី ហុង ថា បញ្ជាក់ថា ការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១៤ឆ្នាំ ចំពោះស្វាមីរបស់អ្នកស្រី គឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបានឡើយ។ អយុត្តិធម៌នៅត្រង់ថា ស្វាមីរបស់អ្នកស្រីមិនដែលបានផ្តល់ព័ត៌មានអ្វីដល់ខ្មាំងសត្រូវនោះទេ ប៉ុន្តែ គ្រាន់ធ្វើការងារទៅអាជីពជាអ្នកកាសែត ដែលរាយការណ៍ព័ត៌មានតែប៉ុណ្ណោះ។
សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងនៅរសៀលថ្ងៃអាទិត្យ ទី២២កុម្ភៈនេះថា ដំណាំស្វាយចន្ទីក្នុងខេត្តកំពង់ធំ នឹងត្រូវចុះក្នុងបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ក្រោយពីទទួលបានការអនុម័តលក្ខន្តិកៈ ព្រមទាំងស្តង់ដារគុណភាពរួចរាល់។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិRFI ថា កសិករដាំស្វាយចន្ទីក្នុងខេត្តកំពង់ធំ បានបង្កើតសមាគមម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រោមឈ្មោះថា « សមាគមអ្នកដាំស្វាយចន្ទីកំពង់ធំ» ដោយមានការគាំទ្រពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងការគាំទ្រផ្នែកបច្ចេកទេសពីអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)។ បើតាមលោក អួន ស៊ីឡុត ជាជំហានបន្ទាប់ ភាគីពាក់ព័ន្ធត្រូវបំពេញនីតិវិធីស្នើសុំចុះបញ្ជីជាផ្លូវការ ដើម្បីជួយការពារផលិតផលស្វាយចន្ទីក្នុងខេត្តកំពង់ធំ ពីការក្លែងបន្លំមកពីតំបន់ផ្សេង ឬពីក្រៅប្រទេស។ សមាគមស្វាយចន្ទីកម្ពុជាសង្ឃឹមថា យុទ្ធនាការនេះនឹងជួយបង្កើនប្រាក់ចំណូលដល់កសិករដាំដុះស្វាយចន្ទីក្នុងខេត្តកំពង់ធំ។
សំឡេងស្នូរផ្ទុះបានលាន់ឮបន្តគ្នា យ៉ាងរដឹក តាំងពីព្រលឹម នាថ្ងៃអាទិត្យទី២២កុម្ភៈ ដែលត្រូវជាពីរថ្ងៃមុនខួបបួនឆ្នាំនៃសង្គ្រាមរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន។ បើតាមអាជ្ញាធរអ៊ុយក្រែន រុស្ស៊ីបានបាញ់មីស៊ីលជាច្រើនគ្រាប់មកលើក្រុងកៀវ។ ប៉ុន្តែនៅលើសមរភូមិភាគខាងត្បូងប្រទេស កងទ័ពអ៊ុយក្រែនទើបដណ្តើមដីបាន៣០០គីឡូម៉ែត្រការ៉េពីរុស្ស៊ីមកវិញ។ នេះបើតាមការអះអាងរបស់លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី។
នៅថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ តុលាការកំពូលនឹងបើកសវនាការ ដើម្បីជំនុំជម្រះលើបណ្តឹងសាទុក្ខរបស់ក្រុមសកម្មជនចលនាមាតាធម្មជាតិ ៥នាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ក្រោមបទចោទ «រួមគំនិតក្បត់» និង«ប្រមាថចំពោះអង្គព្រះមហាក្សត្រ»។ អ្នកឃ្លាំមើលបញ្ហាសង្គមសំណូមពរឱ្យតុលាការពិចារណាដោះលែងសកម្មជនបរិស្ថានទាំង ៥នាក់ឱ្យមានសេរីភាពវិញ ក្រោមហេតុផលថា ទង្វើរបស់សកម្មជនមាតាធម្មជាតិ ស្រាល។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានឲ្យដឹងពីគម្រោងដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចំពោះទង្វើរបស់យោធាថៃដែលចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាអះអាងថា ខ្លួននឹងដាក់ផែនទីខ្នាត ១/២០០ ០០០ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីទាមទារទឹកដីរបស់កម្ពុជា ដែលថៃបានចូលកាន់កាប់។ រដ្ឋាភិបាលកម្ពុជាមិនបានចេញប្រតិកម្មអ្វីចំពោះសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលានេះឡើយ ដោយត្រឹមបញ្ជាក់ថា អ្វីដែលរដ្ឋាភិបាលកម្ពុជាកំពុងធ្វើ គឺការតស៊ូមតិលើឆាកអន្តរជាតិតាមរយៈផ្លូវការទូត។
សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនបានជំរុញឲ្យបណ្តាប្រទេសអឺរ៉ុបគិតគូរពីគ្រប់មធ្យោបាយដើម្បីការពារសន្តិសុខផ្ទាល់ នៅក្នុងនោះក៏មានផងដែរ ការផលិតសព្វាវុធ ដ្រូន និងគ្រាប់មីន។ ជាក់ស្តែង ដើម្បីអាចមានសមត្ថភាពផលិតគ្រាប់មីន ប៉ូឡូញ ដែលមានព្រំដែនជាប់ប្រទេសបេឡារុស និងរុស្ស៊ី បានចាកចេញជាផ្លូវការពីសន្ធិសញ្ញាអូតាវ៉ា ដែលហាមឃាត់ការផលិត និងប្រើគ្រាប់មីនប្រឆាំងមនុស្ស។
កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ ទី ២១ ខែ កុម្ភៈ ឆ្នាំ២០២៦ ដោយ សាំ ឧត្តម
ភ្លាមៗបន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិកបានសម្រេច នៅថ្ងៃសុក្រ ទី២០កុម្ភៈ លុបចោលការអនុវត្តពន្ធគយជាសាកលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងអត្រា ១៩ភាគរយ លោក ដូណាល់ ត្រាំ បានប្រកាសអត្រាពន្ធថ្មីចំនួន ១០ភាគរយ សម្រាប់គ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ក្នុងនោះក៏មានដែរប្រទេសកម្ពុជា។ អត្រាពន្ធថ្មីនឹងត្រូវចូលជាធរមាននៅថ្ងៃអង្គារទី២៤កុម្ភៈសប្តាហ៍ក្រោយ ។ សេដ្ឋវិទូកម្ពុជាមើលឃើញថា ពន្ធគយថ្មីរបស់លោកត្រាំក្នុងអត្រា ១០ភាគរយ មិនប៉ះពាល់ខ្លាំងដល់ការនាំចេញរបស់កម្ពុជាឡើយ។
តុលាការកំពូលអាមេរិកបានអារកាត់សេចក្តីនៅថ្ងៃសុក្រទី២០កុម្ភៈថា ការដំឡើងពន្ធនាំចូល ដែលលោកដូណាល់ត្រាំដាក់សង្កត់លើស្ទើរគ្រប់ប្រទេស ជាទង្វើខុសច្បាប់ និងធ្វើឱ្យខូចតម្លៃនៃកម្មវិធីសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេស។ គ្រាន់តែបានឮសាលក្រមនេះភ្លាម លោកប្រធានាធិបតីអាមេរិកបានចេញក្រឹត្យថ្មី កំរិតយកពន្ធគយលើផលិតផលនាំចូលពិភពលោក ១០% ដែលចូលជាធរមាននៅថ្ងៃទី ២៤កុម្ភៈ២០២៦ សម្រាប់រយៈ១៥០ថ្ងៃ។
ជាលើកទី១ រុស្ស៊ីដាច់ចិត្តឈប់នៅស្ងៀមស្ងាត់ ហើយ ក៏បញ្ចេញយោបល់ខ្លួន ទាក់ទងនឹង ពួកទាហានប្រទេសអាហ្វ្រិកដែលត្រូវបានគេចុះផ្សាយថា បានទៅជួយច្បាំងក្នុងជួរកងទ័ពរុស្ស៊ី នៅ អ៊ុយក្រែន។ រុស្ស៊ីបរិហារការចោទប្រកាន់ដែលថា ខ្លួននេះបានចាត់ចែង ក្រុមបណ្តាញបោកបញ្ឆោត បង្ខំ ជនទាំងនោះ ឲ្យគេផ្លាស់ទីចេញពីស្រុកកំណើត។ តាមយោបល់រុស្ស៊ី ការចោទប្រកាន់បែបនេះ គឺជា” ការឃោសនាក្លែងបន្លំយ៉ាងគ្រោះថ្នាក់ “ ប៉ុន្តែទន្ទឹមនេះ រុស្ស៊ីមិនបដិសេធទេ អំពីវត្តមាននៃ ទាហានបរទេស នៅក្នុងជួរកងទ័ពខ្លួន។
លោក ផន ផាន់ណា អ្នកនយោបាយប្រឆាំង ដែលស្និទ្ធនឹង លោក សម រង្ស៊ី និងកំពុងនិរទេសខ្លួន នៅក្រៅប្រទេសបានអះអាងថា លោកទើបទទួលបានដីកាកោះឲ្យចូលសវនាការ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅសាលាដំបូងរាជធានីភ្នំពេញ។ តាមដីកាកោះហៅ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ១១ខែកុម្ភៈ មានជនជាប់ចោទចំនួន ៩រូបដែលត្រូវបានចោទប្រកាន់ពីបទ «ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលនាំមុខដោយ លោក សម រង្ស៊ី និងតាមពីក្រោយដោយលោក នាង សុឃុន និងលោក ផន ផាន់ណា។
តុលាការកំពូលអាមេរិកបានអារកាត់សេចក្តីនៅថ្ងៃសុក្រទី២០កុម្ភៈថា ការដំឡើងពន្ធនាំចូល ដែលលោកដូណាល់ត្រាំដាក់សង្កត់លើស្ទើរគ្រប់ប្រទេស ជាទង្វើខុសច្បាប់ និងបាន បានបន្ទាបតម្លៃនៃកម្មវិធីសេដ្ឋកិច្ចសំខាន់ៗជាគោលរបស់ប្រទេស។ គ្រាន់តែបានឮសាលក្រមនេះភ្លាម លោកប្រធានាធិបតីអាមេរិកបានចេញក្រិត្យថ្មី កំរិតយកពន្ធគយលើផលិតផលនាំចូលពិភពលោក ១០% សម្រាប់រយៈ១៥០ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី២៤កុម្ភៈទៅ។
កាស៊ីណូចំនួន ១ នៅក្នុងខេត្តកំពត ត្រូវបានព្យួរអាជ្ញាបណ្ណ និងកាស៊ីណូចំនួន៥ ផ្សេងទៀតត្រូវបានដកអាជ្ញាបណ្ណ ក្នុងនោះ ៤ ស្ថិតនៅក្នុងខេត្តព្រះសីហនុ និង១ទៀត ស្ថិតក្នុងខេត្តកណ្តាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ តែសេចក្តីប្រកាស មិនបានបញ្ជាក់ពីមូលហេតុនៃការព្យួរ និងដកអាជ្ញាបណ្ណកាស៊ីណូទាំងនេះទេ។
អាជ្ញាធររាជធានីភ្នំពេញបានចុះត្រួតពិនិត្យទីតាំងសង្ស័យបង្កប់បទល្មើសឆបោកតាមអនឡាញបានជាង ២ ៧០០ទីតាំង និងរកឃើញជនបរទេសជាង ២០ ០០០នាក់ តែក្នុងរយៈពេល ១៥ថ្ងៃប៉ុណ្ណោះ។ ការសម្រេចបាននូវលទ្ធផលបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញដ៏ច្រើនសន្ធឹកសន្ធាប់នេះធ្វើឡើង បន្ទាប់ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្តេជ្ញាចិត្តបោសសម្អាតបទល្មើសឆបោកអនឡាញឲ្យអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនៅត្រឹមចុងខែមីនា ឆ្នាំ២០២៦។
អ្នកសារព័ត៌មានអនឡាញ ២រូបត្រូវបានសាលាដំបូងខេត្តសៀមរាបសម្រេចផ្តន្ទាទោសដាក់ក្នុងពន្ធនាគាររយៈពេល ១៤ឆ្នាំពីបទក្បត់ជាតិ ក្រោយពួកគេបានចែកចាយរូបថតកងទ័ពខ្មែរនៅលើបណ្តាញសង្គម។ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយយល់ថា ការកាត់ទោសនេះជារឿងធ្ងន់ធ្ងរ និងស្នើឱ្យតុលាការពិចារណាទម្លាក់បទចោទប្រកាន់លើអ្នកទាំង ២វិញ។
ក្រុមប្រឹក្សាសន្តិភាព ដែលផ្តួចផ្តើមនិងបង្កើតឡើងដោយលោកដូណាល់ត្រាំ ដើម្បីធានាសន្តិភាពឱ្យតំបន់ហ្កហ្សា និងតំបន់មានជម្លោះជាច្រើនទៀតនៅលើពិភពលោក បានបើកជំនួបប្រជុំ ជាលើកទីមួយ នៅថ្ងៃព្រហស្បតិ៍ទី១៩កុម្ភៈ២០២៦ នាទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ ជាលទ្ធផលមានប្រទេសជាច្រើនបានប្រកាសផ្តល់វិភាគទានជាទឹកប្រាក់ និងជាកងកម្លាំងរក្សាសន្តិភាពសម្រាប់ស្ថាបនាតំបន់ហ្កាហ្សាឡើងវិញ។
ឆ្លៀតឱកាសចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានផ្តល់បទសម្ភាសផ្តាច់មុខឱ្យស្ថាប័នព័ត៌មានអន្តរជាតិ Reuters និង Fox News ដោយលើកឡើងពីការបន្តកាន់កាប់ជ្រៅក្នុងទឹកដីកម្ពុជាពីសំណាក់យោធាថៃ ទោះជាមានបទឈប់បាញ់ក៏ដោយ។ អ្វីដែលលោក ហ៊ុន ម៉ាណែត បានធ្វើនេះត្រូវបានអ្នកតាមដានកិច្ចការអន្តរជាតិនានាយល់ថា គឺជាយុទ្ធសាស្ត្រការទូតវាយលុកដ៏មានប្រសិទ្ធភាព និងដើម្បីឲ្យសហគមន៍អន្តរជាតិបានដឹងពីការពិតនៃជម្លោះព្រំដែនខ្មែរ-ថៃដែលបានបិទបាំងដោយឥទ្ធិពលនយោបាយក្នុងតំបន់។
ជំនួបកំពូលលើកទី៤នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បានបើកទ្វារចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅទីក្រុងញូវដេលីប្រទេសឥណ្ឌា។ វាគឺជាឱកាសដែលឥណ្ឌា អាចបង្ហាញសក្តានុពលទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ នៅថ្ងៃព្រហស្បតិ៍ទី១៩កុម្ភៈ លោកណារិនដ្រា ម៉ូឌី លោកម៉ាក្រុង និងលោកអង់តូនីញ៉ូ ហ្គូតទែរស៍ បានឡើងថ្លែងសុន្ទរកថាបន្តបន្ទាប់គ្នា ដោយបានអំពាវនាវ ឲ្យបើកចំហជាសកល នូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីបំរើអត្ថប្រយោជន៍មនុស្សជាតិទាំងមូល។
ជនជាប់ឃុំម្នាក់ដែលជាជនជាតិខ្មែរបានស្លាប់កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងមន្ទីរឃុំឃាំងរបស់អង្គភាពអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយនៃសហរដ្ឋអាមេរិក (ICE) ស្ថិតក្នុងរដ្ឋ Indiana សហរដ្ឋអាមេរិក។ មូលហេតុនៃការស្លាប់កំពុងស្ថិតក្រោមការស៊ើបអង្កេត។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកម្ភៈ ឆ្នាំ២០២៦។
ប្រមុខការទូតរុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ នៅថ្ងៃពុធ ទី ១៨ ខែ កុម្ភៈ បានថ្លែងបញ្ជាក់ជាថ្មីទៅកាន់ សមភាគីគុយបា លោក Bruno Rodriguez អំពីសាមគ្គីភាពដ៏រឹងមាំរបស់រុស្ស៊ី ជាមួយគុយបា ក្នុងបរិបទ ដែលអាមេរិក កំពុងបិទខ្ទប់មិនឲ្យនាំប្រេង ចូលក្នុងប្រទេសមួយនេះ ។ បន្ទាប់ពី ប្រមុខការទូតរុស្ស៊ី លោក Bruno Rodriguez ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ជុំវិញប្រធានបទនេះ បន្ថែមទៀត ។
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ខេមបូចា បានរកឃើញថា ចន្លោះពីខែតុលាដល់ខែធ្នូ ឆ្នាំ២០២៥ មានអ្នកកាសែតចំនួន ១៤នាក់បានរងការបំពានសិទ្ធិក្នុងពេលចុះបំពេញការងាររបស់ខ្លួន។ នៅក្នុងរបាយការណ៍ប្រចាំត្រីមាសរបស់ខេមបូចាដែលទើបចេញផ្សាយនៅថ្ងៃទី១៩កុម្ភៈនេះបានបញ្ជាក់ថា ការបៀតបៀន និងបំពានសិទ្ធិអ្នកកាសែតភាគច្រើនកើតមាននៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលអ្នកកាសែតចុះទៅយកព័ត៌មានស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ។
តុលាការកូរ៉េខាងត្បូង បានចេញសាលក្រម នៅថ្ងៃព្រហស្បតិ៍ទី១៩កុម្ភៈ សម្រេចកាត់ទោសលោក យូនសុកយោល អតីតប្រធានាធិបតីកូរ៉េខាងត្បូង ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទបះបោរដោយប្រកាសប្រើច្បាប់អាជ្ញាសឹក និងបញ្ជូនយោធាទៅគំរាមសភា កាលពីខែធ្នូឆ្នាំ២០២៤។ នេះជាទោសដ៏ធ្ងន់បំផុតនៅកូរ៉េខាងត្បូង ដែលលែងអនុវត្តការប្រហារជីវិតតាំងពីឆ្នាំ១៩៩៧មក។
ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters និងសារព័ត៌មានកូរ៉េ Chosun បានចុះផ្សាយផ្ទួនៗគ្នាដោយកត់សម្គាល់ឃើញថា កម្ពុជាកំពុងបត់បែនគោលនយោបាយការបរទេសរបស់ខ្លួនដើម្បីស្វែងរកទំនាក់ទំនងល្អឡើងវិញជាមួយអាមេរិក។ បើតាម Chosun កម្ពុជាបានងាករកអាមេរិកដោយសារចិនមិនបានអើពើនឹងកម្ពុជាទាល់តែសោះនៅពេលមានសង្រ្គាមព្រំដែនជាមួយថៃ។ តែនៅក្នុងបទសម្ភាសជាមួយ Reuters លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមិនជ្រើសអ្នកណាទេរវាងអាមេរិក និងចិន។ អ្នកតាមដានកិច្ចការអន្តរជាតិមើលឃើញថា អ្វីដែលកម្ពុជាកំពុងធ្វើពេលនេះគឺជាការធ្វើពិពធកម្មគោលនយោបាយការបរទេសរបស់ខ្លួននៅក្នុងបរិបទនៃភាពតានតឹងព្រំដែន។ តើកម្ពុជាគួរប្រកាន់យកគោលនយោបាយការបរទេសបែបណានៅក្នុងបរិបទជម្លោះព្រំដែនជាមួយថៃ?
អ្នកនយោបាយជាន់ខ្ពស់គណបក្សប្រឆាំង លោក សុន ឆ័យ បានលើកឡើងនៅលើបណ្តាញសង្គមនាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ប្រទេសកម្ពុជានឹងមានផលចំណេញចំនួន ៣ចំណុច ប្រសិនបើមានការដោះលែងលោក កឹម សុខា លោក ថាច់ សេដ្ឋា រួមទាំងសកម្មជននយោបាយ និងសកម្មជនសង្គមស៊ីវិលផ្សេងទៀត។ ក៏ប៉ុន្តែ ការលើកឡើងរបស់អ្នកនយោបាយគណបក្សប្រឆាំងរូបនេះ មិនត្រូវបានស្វាគមន៍ដោយរដ្ឋាភិបាលកម្ពុជានោះទេ។
នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ក្នុងបទបង្ហាញនៅចំពោះមុខបណ្តាអង្គទូតបរទេសចំនួន ២៦ប្រទេសថា តុលាការកម្ពុជាបានកាត់ទោសមេខ្លោង និងបក្ខពួកឆបោកអនឡាញជាង ៥០០នាក់។ ទន្ទឹមនេះ កម្ពុជាក៏បានបណ្តេញជនបរទេសជាង ៨ពាន់នាក់ផងដែរ។ ទោះយ៉ាងណា កម្ពុជាបានប្តេជ្ញាចិត្តនៅចំពោះមុខតំណាងទូតបរទេសពីការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញឱ្យអស់ពីក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ តាមរយៈការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអន្តរជាតិ។
ភាគីរុស្ស៊ី និងអ៊ុយក្រែនបានជួបចរចាគ្នាជាថ្មីម្តងទៀត រយៈពេល២ថ្ងៃនៅទីក្រុងហ្សឺណែវ ដោយមានសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល។ ការចរចាដំណាក់កាលថ្មីនេះ បានបិទបញ្ចប់កាលពីថ្ងៃពុធទី១៨កុម្ភៈ ក៏ប៉ុន្តែ ដោយគ្មានបានលទ្ធផលអ្វីទាំងអស់។ ផ្អែកតាមការបញ្ជាក់ពីលោកហ្សេឡេនស្គី ចំណុចខ្ទាស់គឺនៅតែដដែល ពាក់ព័ន្ធនឹងការកាត់ទឹកដីអ៊ុយក្រែនប្រគល់ឲ្យរុស្ស៊ី។
ប្រទេសបារាំង បានកត់ត្រាភ្លៀងធ្លាក់ជាប់គ្នារយៈពេល ៣៥ ថ្ងៃ ដែលជាកំណត់ត្រាភ្លៀងធ្លាក់រយៈពេលវែងបំផុតមិនធ្លាប់មាន ចាប់តាំងពីការចាប់ផ្តើមវាស់វែងទិន្នន័យអាកាសធាតុក្នុងឆ្នាំ ១៩៥៩។ បើតាមការប្រកាសរបស់ ទីភ្នាក់ងារឧតុនិយមបារាំង(Météo-France) រយៈពេលភ្លៀងធ្លាក់នេះមានគិតចាប់ពីថ្ងៃទី ១៤ មករា ដល់ថ្ងៃទី ១៧ កុម្ភៈ។ ភ្លៀងធ្លាក់បន្តជាប់ថ្ងៃគ្នានេះបង្កឲ្យមានទឹកជំនន់នៅតំបន់ជាច្រើន ហើយអាជ្ញាធរបានដាក់ខេត្តមួយចំនួន ក្នុងស្ថានភាពប្រកាសអាសន្ន។
នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសថៃបានថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់ខ្លួនថា លោក ស៊ីហាស័ក ភួងកេតកែវ ប្រមុខការទូតថៃនឹងទៅប្រទេសបារាំង និងស្វីសដើម្បីនិយាយពីជម្លោះព្រំដែនខ្មែរ ថៃ។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ថៃរូបនេះធ្វើឡើងក្រោយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានផ្តល់បទសម្ភាសឱ្យទីភ្នាក់ងារសារព័ត៌មាន Reuters ជុំវិញបញ្ហាព្រំដែននៅថ្ងៃទី១៨កុម្ភៈដដែល។
នៅក្នុងប្រទេសជប៉ុន ចំនួនភ្ញៀវទេសចរចិនទៅលេងជប៉ុនក្នុងខែមករា ឆ្នាំ ២០២៦ បានធ្លាក់ចុះយ៉ាងគំហុកដល់ទៅជាង ៦០% បើប្រៀបធៀបនឹងខែមករា ឆ្នាំ ២០២៥។ ការធ្លាក់ចុះនេះបណ្តាលមកពីចិន និង ជប៉ុន កំពុងបន្តមានភាពតានតឹងផ្នែកការទូតរវាងគ្នា។ តែទន្ទឹមនឹងការធ្លាក់ចុះភ្ញៀវទេសចរចិន ជប៉ុនទទួលបានកំណើនភ្ញៀវទេសចរមកពីប្រទេសផ្សេងទៀត ពិសេសមកពីប្រទេសនៅអឺរ៉ុប។
បន្ទាប់ពីបានជោគជ័យក្នុងការបោះឆ្នោតថ្ងៃទី៨កុម្ភៈ លោកស្រីសាណាអេ តាកាអ៊ីឈិ ត្រូវបានសភាជប៉ុនបោះឆ្នោតតែងតាំង នៅថ្ងៃទី១៨កុម្ភៈនេះ ឲ្យធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត។ ថ្វីបើមានទំនុកចិត្តនយោបាយ មានសំឡេងភាគច្រើនក្នុងសភានៅពេលនេះ តែលោកស្រី តាកាអ៊ីឈិ ត្រូវប្រឈមនឹងការលំបាកជាខ្លាំង ក្នុងការផ្តល់សន្ទុះសេដ្ឋកិច្ច និងលើកកំពស់ជីវភាពប្រជាជនជប៉ុន។ អ្វីដែលជាការព្រួយបារម្ភធំបំផុតនោះ គឺបំណុលសាធារណៈរបស់រដ្ឋជប៉ុន ដែលកាន់តែឡើងប៉ោងទៅៗ។