ប្រធានាធិបតីបារាំង លោក អេម៉ានុយ អែលម៉ាក្រុង បានចេញបញ្ជាឲ្យមន្ត្រីក្រោមឱវាទ ពង្រឹងវិធានការចំណាត់គ្រឿងញៀនឲ្យខ្លាំងក្លា ជាពិសេសនៅក្នុងខេត្តម៉ាកសីយ៍ ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ដែលបានទទួលបញ្ជាចុះទៅបង្ក្រាបដោយផ្ទាល់ នៅខេត្តភាគខាងត្បូងប្រទេសបារាំង។ ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីពួកឧក្រិដ្ឋជនជួញដូរគ្រឿងញៀន បានបាញ់សម្លាប់សកម្មជនបរិស្ថានម្នាក់ និងយុវជនម្នាក់ ក្នុងខេត្ត២ផ្សេងគ្នា កាលពីពេលថ្មីៗនេះ ដើម្បីជាការព្រមាន និងស្តែងពីឥទ្ធិពលរបស់ក្រុមទំនើងពួកគេនោះ។
អ៊ុយក្រែនបានរៀបចំ សន្និសីទអន្តរជាតិឈ្មោះថា “Crimea Global” ជាលើកទី៣ ដើម្បីសន្ទនាជាមួយក្រុមប្រទេសខាងត្បូងសកលលោក មិនថានៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន។ គឺជាវេទិកាដែលលោកហ្សេឡេនស្គីបានផ្តួចផ្តើមគំនិតឡើង ដើម្បីអញ្ជើញតំណាងអង្គការសង្គមស៊ីវីលតាមប្រទេសទាំងនោះ ឲ្យមើលដោយផ្ទាល់ភ្នែកនូវការពិតនៃសង្គ្រាម ដែលប្រជាជនអ៊ុយក្រែនបានរងទុក្ខ ចាប់តាំងពីឆ្នាំ២០១៤ មក ហើយដើម្បីកុំឲ្យប្រទេសទាំងនោះ ជឿតាមការឃោសនាបោកប្រាស់របស់រុស្ស៊ី។
កាលពីថ្ងៃចន្ទ ទី១៧វិច្ឆិកាម្សិលមិញ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានបោះឆ្នោតអនុម័ត ផែនការសន្តិភាពសម្រាប់តំបន់ហ្កាហ្សា ដែលលោកដូណាល់ ត្រាំ បានស្នើឡើង។ ផែនការនេះ បានកំណត់បង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីចាត់ចែងសម័យអន្តរកម្មនៅហ្កាហ្សា ព្រមទាំងបង្កើតកងកម្លាំងរក្សាស្ថិរភាពនិងឃ្លាំមើលការគោរពបទឈប់បាញ់។
អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោក ឃៀង សុណាឌីន បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី១៨ ខែវិច្ឆិការនេះថា គិតមកដល់ត្រឹមម៉ោង ១០ និង៣០នាទីព្រឹកនេះ សមត្ថកិច្ចចាប់បានជនជាប់ឃុំម្នាក់ ក្នុងចំណោមជនជាប់ឃុំចំនួន ៦នាក់ ដែលបានរត់គេចខ្លួននៅក្នុងសាលាដំបូងខេត្តស្វាយរៀង។ ការតាមចាប់ខ្លួនអ្នកទោសត្រលប់មកវិញនេះ ធ្វើឡើងក្រោយហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដោយក្រុមឧក្រិដ្ឋជនមួយក្រុម ដែលគេសង្ស័យថាជាជនជាតិចិន បានចូលទៅបាញ់រំដោះអ្នកទោសម្នាក់នៅតុលាការខេត្តស្វាយរៀង អំឡុងពេលសមត្ថកិច្ចនាំអ្នកទោសរូបនោះចូលទៅក្នុងសវនាការ ដើម្បីកាត់ទោស នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ តាមលោក ឃៀង សុណាឌីន កម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ក្រុមឧក្រិដ្ឋជន និងចាប់យកអ្នកទោសដទៃទៀតត្រឡប់មកវិញ៕
សារព័ត៌មានសិង្ហបុរី Mothership បានចុះផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ពីការបាត់ខ្លួនស្ត្រីជនជាតិចិនដែលជាតារា TikTok ក្រោយនាងបានមកសួរសុខទុក្ខមិត្តប្រុសក្នុងខេត្តព្រះសីហនុ កាលពីដើមខែវិច្ឆិកាកន្លងទៅ។ តែសមត្ថកិច្ចខេត្តព្រះសីហនុបានចេញមកបញ្ជាក់ថា នារីជនជាតិចិនរូបនេះមិនបានបាត់ខ្លួនទេ ពោលគឺកំពុងជាប់ឃុំ ក្រោយរកឃើញជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ។
ក្រុមហ៊ុនព្រីនស៍ ដែលជាប់ឈ្មោះក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយសារការសង្ស័យថា បានប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនបានបង្កើតក្រុមហ៊ុនយ៉ាងហោចណាស់ ៣នៅក្នុងប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo នៅថ្ងៃទី១៦វិច្ឆិកា។ តាម Kyodo ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលមានមូលដ្ឋាននៅប្រទេសជប៉ុននេះគឺជាកន្លែងលាងលុយកខ្វក់ សម្រាប់ឧក្រិដ្ឋកម្មរបស់ពួកគេ។
ប្រទេសបារាំង រៀបចំវេទិកាវិនិយោគទុន «Choose France» ចំនួន ៨ ឆ្នាំជាប់ៗគ្នា។ ឆ្នាំ ២០២៥ នេះ រដ្ឋាភិបាលទីក្រុងប៉ារីស អញ្ជើញតែក្រុមហ៊ុនបារាំង ១៥០ប៉ុណ្ណោះ ពោលខុសពីឆ្នាំមុនៗដែលមានការចូលរួមពីក្រុមហ៊ុនអន្តរជាតិធំៗ។ ក្រៅពីប្រកាសបង្កើនការវិនិយោគទុនដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ ក្រុមហ៊ុនបារាំងដែលមានវត្តមានក្នុងវេទិកា«Choose France» ក៏បានត្អូញត្អែរអំពីវិបត្តិអស្ថិរភាពនយោបាយនៅក្នុងស្រុក។
ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី អ៊ុយក្រែនត្រូវការថវិកាជាង៧០ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំ២០២៦។ ២៧ប្រទេសជាសមាជិកសហភាពអឺរ៉ុបទទួលបន្ទុកផ្តល់ហិរញ្ញវត្ថុ លើផ្នែកសំខាន់ៗ។ គណៈកម្មការអឺរ៉ុបមានជម្រើសបីក្នុងការសម្រេចផែនការជួយអ៊ុយក្រែននេះ។ តើជាអ្វីខ្លះទៅ?
ជម្លោះការទូតរវាងចិននិងជប៉ុន បានផ្ទុះកំដៅឡើងប៉ុន្មានថ្ងៃចុងក្រោយនេះ ពាក់ព័ន្ធនឹងពាក្យសំដីរបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន ក្នុងសំណុំរឿងកោះតៃវ៉ាន់។ បន្ទាប់ពីចិនបានប្រកាសកាលពីថ្ងៃសៅរ៍ ហាមប្រជាជនខ្លួនកុំឲ្យធ្វើដំណើរទៅលេងជប៉ុន ក្រុមហ៊ុនជប៉ុនស្ទើទាំងអស់ក្នុងវិស័យទេសចរណ៍ បានខាតប្រាក់យ៉ាងច្រើន ដោយហេតុតែតម្លៃភាគហ៊ុនបានធ្លាក់ថ្លៃ។ នៅពីក្រោយជម្លោះពាក្យសំដីរវាងចិននិងជប៉ុន ជុំវិញបញ្ហាកោះតៃវ៉ាន់នេះ គឺវាមានបង្កប់ទៅដោយការគុំគួនប្រវត្តិសាស្ត្រ ជាយូរឆ្នាំមកហើយ រវាងមហាអំណាចអាស៊ីទាំង២នេះ។
លោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានធ្វើដំណើរមកដល់បារាំងនៅព្រឹកថ្ងៃចន្ទទី១៧តុលា។ គោលបំណងធំបំផុតនៃទស្សនកិច្ចលើកទី៩នេះ គឺលោកហ្សេឡេនស្គី បានប្រកាសថាអ៊ុយក្រែន គ្រោងចុះហត្ថលេខាទិញលក់យន្តហោះចម្បាំង Rafale របស់បារាំង ចំនួនដល់ទៅ១០០គ្រឿង ព្រមទាំងគ្រឿងសព្វាវុធមួយចំនួនទៀត ដើម្បីការពារផ្លូវអាកាសអ៊ុយក្រែន។
នៅក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាទមន្ត្រីសង្ឃទូទាំងប្រទេសនាថ្ងៃចន្ទទី១៧វិច្ឆិកា ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានព្រមានប្រើធម៌ក្តៅលើពលរដ្ឋប្រើប្រាស់បណ្តាញសង្គម ដែលហ៊ាននិយាយប៉ះពាល់ដល់សន្តិសុខជាតិ។ បើតាមលោក ហ៊ុន សែន ការចូលទៅបញ្ចេញមតិ ឬ Comment ប៉ះពាល់ដល់សន្តិសុខជាតិ ក្នុងពេលកម្ពុជាមានជម្លោះជាមួយថៃគឺ មិនអាចអត់ឱនឱ្យបាន និងថា សូម្បីតែនាយករដ្ឋមន្ត្រីក៏មិនអាចលូកដៃបានដែរ។ ការព្រមានបែបនេះ ត្រូវបានលោក ហ៊ុន សែន បញ្ជាក់ថា មិនមែនជាអំពើផ្តាច់ការទេ តែជាការប្រឆាំងនឹងអំពើញុះញង់ អំពើក្បត់ជាតិ និងបង្អាក់ទឹកចិត្តកងទ័ពខ្មែរ។ គួរជ្រាបថា ប្រតិកម្មរបស់លោក ហ៊ុន សែន នេះ ធ្វើឡើង ដើម្បីឆ្លើយតបនឹងការរិះគន់ថាមានការដោះដីតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។ សូមស្តាប់ការថ្លែងរបស់លោក ហ៊ុន សែន ដែលជាការរៀបចំដោយ ហ៊ុល រស្មី។
ក្រសួងសារធារណការ និងដឹកជញ្ជូន តាមរយៈអ្នកនាំពាក្យ លោក ផន រឹមបានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ថា រថភ្លើងដឹកប្រេងមួយគ្រឿងបានក្រឡាប់ កំពប់ប្រេង ក្នុងភូមិសាស្ត្រស្រុកបាកាន ខេត្តពោធិ៍សាត់។ បើតាមលោក ផន រឹម ផ្លូវស្រុតជាមូលហេតុដែលបានធ្វើឲ្យរថភ្លើងដឹកប្រេងក្រឡាប់ តែមិនបណ្តាលឲ្យមានមនុស្សរងរបួសទេ។ តែយ៉ាងណា អ្នកនាំពាក្យរូបនេះបានបញ្ជាឱ្យសមត្ថកិច្ចរារាំងមិនឱ្យពលរដ្ឋដួសប្រេងដែលកំពប់ចេញពីទូររថភ្លើង។
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានប្រកាសទទួលស្គាល់នៅព្រឹកថ្ងៃទី១៧ វិច្ឆិកានេះថា កម្ពុជាពិតជាធ្លាប់បានធ្វេសប្រហែសដែលមិនបានបំពាក់អាវក្រោះ ឬអាវសុវត្ថិភាពឱ្យកងទ័ព។ តែក្នុងពេលនេះ កម្ពុជាលែងធ្វេសប្រហែសទៀតហើយ ដោយមិនត្រឹមតែអាចផលិតអាវក្រោះសម្រាប់កងទ័ពខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងអាចនាំអាវក្រោះចេញទៀតផង។
នៅថ្ងៃចន្ទទី១៧ វិច្ឆិកានេះ តុលាការបង់ក្លាដែសបានចេញសាលក្រមកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី ស្ហេក ហាស៊ីណា ពីបទបញ្ជាឱ្យប៉ូលិសបង្ក្រាបបាតុករដោយហិង្សាកាលពីឆ្នាំ២០២៤។ បាតុកម្មកាលណោះបានជំរុញឱ្យលោកស្រីធ្លាក់ពីតំណែងនិងរត់និរទេសខ្លួនយ៉ាងទាន់ហន់ទៅជ្រកកោននៅក្នុងប្រទេសឥណ្ឌា។
ព្រះមហាក្សត្រថៃបានបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅចិនរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៣ ដល់ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ អំឡុងពេលជួបព្រះមហាក្សត្រថៃក្នុងទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជីនពីងបានចាត់ទុកទំនាក់ទំនងមិត្តភាពរវាងចិន និងថៃ ថាជាទំនាក់ទំនងដែលមានភាពជិតស្និទ្ធ «ប្រៀបបានគ្រួសារតែមួយ»។ នៅកម្ពុជា អ្នកវិភាគខ្លះមើលឃើញថា កម្ពុជាពុំគួរចាប់អារម្មណ៍នឹងសំដីការទូតរបស់ចិនពេកទេ តែអ្នកខ្លះទៀតយល់ថា ការលើកឡើងរបស់របស់មេដឹកនាំចិនមិនត្រូវនឹងកាលៈទេសៈ។ តើកម្ពុជាគួរមានជំហរបែបណាចំពោះការលើកឡើងរបស់ចិនដូចនេះ?
សហរដ្ឋអាមេរិកបានដាក់សម្ពាធលើប្រទេសថៃឲ្យគោរពតាមកិច្ចព្រមព្រៀងសន្តិភាព ដែលលោកដូណាល់ត្រាំបានចូលរួមចុះហត្ថលេខាក្នុងនាមជាសាក្សី។ នៅថ្ងៃសៅរ៍ ទី១៤វិច្ឆិកា អ្នកនាំពាក្យរបស់ក្រសួងការបរទេសថៃបាននិយាយប្រាប់អ្នកកាសែត ក្នុងក្រុងបាងកកថា វ៉ាស៊ីនតោនបានជូនដំណឹងស្តីពីការផ្អាកការចរចាពាណិជ្ជកម្មជាមួយថៃ រហូតដល់ថ្ងៃដែលភាគីថៃអនុវត្តតាមសេចក្តីថ្លែងការណ៍រួមនៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី។
នៅក្នុងសង្រ្គាមអ៊ុយក្រែន កងទ័ពរុស្ស៊ីនៅបន្តរុលទៅមុខ ដោយវាយដណ្តើមយកភូមិដែនដីរបស់អ៊ុយក្រែនកាន់តែច្រើន ជាពិសេសនៅក្នុងតំបន់ទាំង៤ភាគខាងកើតអ៊ុយក្រែនដែលរុស្ស៊ីបានរំលោភកាត់យកទៅដាក់ក្នុងផែនទីរបស់ខ្លួន។ ដោយវាយចូលកាន់តែជ្រៅក្នុងទឹកដីអ៊ុយក្រែន រុស្ស៊ីមិនត្រឹមពង្រីកវិសាលភាពទឹកដី និងចំណេញបានធនធានធម្មជាតិរបស់អ៊ុយក្រែនតែប៉ុណ្ណោះទេ ប៉ុន្តែ រុស្ស៊ីនៅចំណេញបានទាំងធនធានមនុស្ស។ នៅក្នុងទឹកដីអ៊ុយក្រែនដែលរុស្ស៊ីបានកាត់យកមកគ្រប់គ្រង ប្រជាជនអ៊ុយក្រែនត្រូវរុស្ស៊ីកេណ្ឌយកទៅធ្វើទ័ពប្រយុទ្ធនឹងកម្លាំងទ័ពជាតិអ៊ុយក្រែនក្នុងសមរភូមិ។ បើតាមអង្គការការពារសិទ្ធិមនុស្សអន្តរជាតិ និងស្នងការអ៊ុយក្រែនទទួលបន្ទុកផ្នែកសិទ្ធមនុស្ស ប្រជាជនអ៊ុយក្រែនជាច្រើនសែននាក់ត្រូវរុស្ស៊ីចាប់បង្ខំ រើសបញ្ចូលក្នុងជួរកងទ័ពដើម្បីប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែនដែលជាប្រទេសជាតិមាតុភូមិរបស់ខ្លួន។
ប្រឈមនឹងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ ដែលមិនធ្លាប់ជួបក្នុងរយៈពេលជិតមួយសតវត្សរ៍ចុងក្រោយនេះ នៅថ្ងៃអាទិត្យ ទី១៦ វិច្ឆិកា អាជ្ញាធរអ៊ីរ៉ង់បានចាប់ផ្តើមយុទ្ធនាការបណ្តុះពពក ដើម្បីបង្កើតទឹកភ្លៀង។ កាលពីដើមខែវិច្ឆិការនេះ ប្រធានាធិបតីអ៊ីរ៉ង់បានទាញសញ្ញាអាសន្នអំពីស្ថានភាពខ្វះទឹក ដែលអាចនឹងជំរុញឲ្យរដ្ឋាភិបាល បង្ខំចិត្តជម្លៀសប្រជាជនក្នុងរដ្ឋធានីផង។
ពលរដ្ឋរស់នៅតំបន់រុនតាឯកលើកឡើងពីការលំបាកដោយសារតែទីនោះពុំមានដង្ហើមសេដ្ឋកិច្ច។ ភាពស្ងាត់ជ្រងំ និងផ្ទះទុកចោលមិនមានមនុស្សនៅ គឺជាបញ្ហាពិបាកក្នុងការប្រកបរបរចិញ្ចឹមជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ អ្វីដែលពួកគេចង់បាន គឺការរៀបចំតំបន់រុនតាឯកឲ្យមានដង្ហើមសេដ្ឋកិច្ច ដូចជាការសាងសង់រោងចក្រ ជាដើម។ ចំណែក អាជ្ញាធរខេត្តសៀមរាបបានបញ្ជាក់ថាកំពុងគិតគូរដោះស្រាយបញ្ហានេះជូនពលរដ្ឋនៅតំបន់រុនតាឯកហើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ តាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា សមត្ថកិច្ចកម្ពុជាបាននិងកំពុងស្រាវជ្រាវស៊ើបអង្កេតនិងប្រមូលភស្តុតាងចំពោះករណីដែលភាគីថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់។ ជាការបាញ់ប្រហារដែលបានបណ្តាលឲ្យពលរដ្ឋខ្មែរម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់។ ក្រសួងថានឹងពិចារណាប្តឹងថៃទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិ ក្នុងសំណុំរឿងបាញ់ប្រហារលើពលរដ្ឋស្លូតត្រង់កម្ពុជានេះ។ អ្នកវិភាគថា កម្ពុជាហាក់ដូចជាមានភាពស្ទាក់ស្ទើរក្នុងការប្តឹងថៃទៅតុលាការអន្តរជាតិ។
ក្រុមបញ្ញវន្តខ្មែរ ប្រកាសដាក់ពាក្យបណ្តឹងប្រឆាំងភាគីថៃ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) នៅសប្តាហ៍ក្រោយ។ ក្រុមបញ្ញវន្តខ្មែរដាក់ពាក្យបណ្តឹងទៅកាន់តុលាការអន្តរជាតិ ក៏ព្រោះតែកងកម្លាំងថៃ បានបាញ់សម្លាប់ពលរដ្ឋខ្មែរ ម្នាក់និងរបួស៣នាក់ កាលពីថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យ។ បើតាមក្រុមបញ្ញវន្តខ្មែរ ពាក្យបណ្តឹងនេះធ្វើឡើងដោយផ្អែកទៅលើមាត្រា ១៥ នៃលក្ខន្តិកៈទីក្រុងរ៉ូម។ ដោយឡែក ក្រសួងមហាផ្ទៃកម្ពុជា ក៏អះអាងដែរថា កម្ពុជានឹងពិចារណាប្តឹងករណីនេះទៅស្ថាប័នអន្តរជាតិដែរ ក្រោយពេលប្រមូលភស្តុតាងគ្រប់ជ្រុងជ្រោយដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ ទាក់ទងនឹងករណីកងកម្លាំងថៃបាញ់សម្លាប់ពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ តើកម្ពុជាអាចប្តឹងភាគីថៃទៅតុលាការICCបានទេ?
កម្ពុជា តាមរយៈគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើយ៉ាងទទូចឱ្យសហគមន៍អន្តរជាតិចូលរួម និងជំរុញឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ លើករណីទាហានថៃបាញ់ប្រហារមកលើពលរដ្ឋស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ កាលពីថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការស្នើដ៏ទទូចរបស់កម្ពុជាយ៉ាងដូចនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសលើកទី៤របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សហៅកាត់ អាយឆា ICHA ដែលរៀបចំនៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១០ដល់ថ្ងៃទី១៤វិច្ឆិកា។ នៅចំពោះមុខតំណាងអាយឆានៃប្រទេសសមាជិកអាស៊ាន តំណាងអាយឆាកម្ពុជាថែមទាំងបានរិះគន់ និងថ្កោលទោសសកម្មភាពដ៏ព្រៃផ្សៃរបស់យោធាថៃ ដែលបើកការបាញ់ប្រហារទៅលើភូមិព្រៃចាន់ បណ្តាលឱ្យពលរដ្ឋស៊ីវិលខ្មែរម្នាក់ស្លាប់ និង៣នាក់រងរបួសធ្ងន់។
នៅឥណ្ឌា មានមនុស្សស្លាប់យ៉ាងហោចណាស់ ៩នាក់ និងរបួស ជាង៣០នាក់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកក្នុងប៉ុស្តិ៍ប៉ូលិសមួយកន្លែង ដែលស្ថិតនៅតំបន់កាស្មៀរភាគខាងជើង។ ឧបទ្ទវហេតុនេះ បានកើតឡើងនាយប់ថ្ងៃសុក្រ ទី១៤ វិច្ឆិកា ដោយអចេតនា នៅអំឡុងពេលដែលក្រុមប៉ូលិសជំនាញ កំពុងពិនិត្យនិងវិភាគគ្រឿងផ្ទុះដែលរឹបអូសបាន កាលពីថ្ងៃចន្ទ កន្លងទៅ។
ប្រមាណ៧ខែក្រោយការដំឡើងពន្ធលើទំនិញនាំចូលគ្រប់មុខ នៅទីបំផុត កាលពីថ្ងៃសុក្រទី១៤វិច្ឆិកា លោកដូណាល់ ត្រាំ បានសម្រេចចិត្ត លើកលែងមិនយកពន្ធនាំចូល លើទំនិញស្បៀងអាហារមួយចំនួន ដើម្បីជួយជីវភាពប្រជាជនអាមេរិក។ នេះគឺជាការដកថយមួយជំហានរបស់លោកដូណាល់ ត្រាំ បន្ទាប់ពីគេសង្កេតឃើញថា ទំនិញស្បៀងអាហារប្រចាំថ្ងៃរបស់ប្រជាជនអាមេរិក កាន់តែឡើងថ្លៃ ហើយអត្រាអតិផរណាវិញក៏កាន់តែកើនឡើង។
សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP30 នៅទីក្រុងបេឡេម ប្រទេសប្រេស៊ីល បានដំណើរការទៅអស់មួយសប្ដាហ៍ហើយ មុននឹងត្រូវបិទបញ្ចប់នៅចុងសប្តាហ៍ក្រោយ។ កាលពីថ្ងៃទី១៥វិច្ឆិកាម្សិលមិញ មានជនជាតិដើមភាគតិច និងសកម្មជនបរិស្ថានច្រើនពាន់នាក់ បានជុំគ្នាដើរដង្ហែរក្បួន នៅក្បែរទីតាំងសន្និសីទ ដើម្បីទាមទារយុត្តិធម៌អាកាសធាតុ និងបានដង្ហើយហៅឲ្យប្រទេសទាំងអស់ រួមគ្នារកដំណោះស្រាយវិបត្តិអាកាសធាតុឲ្យបាន។
ក្រោយការបាញ់ប្រហារលើជនស៊ីវិលកម្ពុជា ដែលបណ្តាលឲ្យពលរដ្ឋខ្មែរម្នាក់ស្លាប់ ពីសំណាក់ទាហានថៃ មានការជជែកវែកញែកក្នុងប្រព័ន្ធទំនាក់ទំនងសង្គមពីការធ្វើពហិការទំនិញថៃគ្រប់មុខ និងការលើកឡើងពីការបិទការនាំចូលទំនិញថៃទាំងស្រុង។ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានលើកជាយោបល់ថា ការពហិការ និងការបិទការនាំចូលទំនិញរបស់ថៃ ជាមធ្យោបាយមួយ ដែលកម្ពុជាអាចទប់ស្កាត់ភាគីថៃមិនឲ្យមានលទ្ធភាពទិញអាវុធ មកបាញ់ប្រហារប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាបន្តទៅទៀត។ តើកម្ពុជាគួរពហិការនិងបិទការនាំចូលទំនិញថៃទាំងអស់ដែរឬទេ?
បង្កើតឡើងដោយអតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី ទូរទស្សន៍អាស៊ីសេរីនឹងចាប់ដំណើរការជាផ្លូវការ នៅថ្ងៃទី១៧ ខែវិច្ឆិកា។ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយចាត់ទុកទូរទស្សន៍អាស៊ីសេរីនេះថា ជា ប្រភពព័ត៌មានមួយទៀត បន្ទាប់ពីវិទ្យុអាស៊ីសេរីបានផ្អាកការផ្សាយរបស់ខ្លួន តាំងពីថ្ងៃទី៨ខែតុលា។ ក្រសួងព័ត៌មានបានប្រតិកម្មថា ក្រសួងផ្តល់សារសំខាន់លើភាពចម្រុះនៃប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែ ការផ្សព្វផ្សាយព័ត៌មានត្រូវឈរលើគោលការណ៍វិជ្ជាជីវៈ។
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា តាមរយៈលិខិតមួយច្បាប់បានចេញមកបញ្ជាក់ថា នារីវ័យក្មេងម្នាក់ដែលត្រូវបានអ្នកជំពាក់លុយសម្លាប់ រួចយកសពទៅកប់នៅក្រោយផ្ទះ ក្នុងភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ មិនមែនជាបុគ្គលិកបម្រើការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ឬធនាគារឡើយ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានចេញមកបំភ្លឺយ៉ាងដូច្នេះ បន្ទាប់ពីបណ្តាញសារព័ត៌មានជាច្រើនបានផ្សាយថា ជនរងគ្រោះឈ្មោះ ហ៊ឹម ទីណា អាយុ២២ឆ្នាំ មានមុខរបរជាបុគ្គលិកធ្វើការខាងមីក្រូហរិញ្ញវត្ថុ ហើយត្រូវបានកូនបំណុលសម្លាប់នៅពេលជនរងគ្រោះទៅទារលុយ។
នៅយប់ថ្ងៃទី ១៤ វិច្ឆិកានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីធ្វើបច្ចុប្បន្នភាពនៃសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរនេះ។ ជំនួបតាមទូរស័ព្ទរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាមេរិក កើតឡើងក្រោយពេលដែលយោធាថៃបើកការបាញ់ប្រហារមកលើពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
កម្ពុជា និងវៀតណាម ប្តេជ្ញាចាប់ដៃគ្នាលើកកម្ពស់មិត្តភាព ស្ថិរភាព និងសន្តិភាពនៅតាមបន្ទាត់ព្រំដែន ពិសេសបង្កើនជំនឿទុកចិត្តនយោបាយរវាងគ្នា។ ជំហរការទូតនៃប្រទេសទាំងពីរ ស្តែងឡើងក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា ទៅកាន់ប្រទេសវៀតណាមកាលពីថ្ងៃទី១៣ និង១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ សម្រាប់វៀតណាម ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានាពេលនេះ គឺបានបង្ហាញឱ្យឃើញនូវសាមគ្គីភាពជាប្រពៃណី និងភាពរីកចម្រើននៃប្រជាជាតិទាំងពីរ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បានឲ្យដឹងនៅថ្ងៃសៅរ៍ទី ១៥វិច្ឆិកានេះថា ពលរដ្ឋខ្មែរមួយរូបពិតជាបានស្លាប់ដោយសារការបាញ់ប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ គួរជ្រាបថា កងយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរកាលពីរសៀលថ្ងៃទី ១២វិច្ឆិកាក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ដោយបានបណ្តាលឲ្យពលរដ្ឋខ្មែរម្នាក់ស្លាប់ និងបីនាក់ផ្សេងទៀតរងរបួស។
ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានទាញសញ្ញាអាសន្នកាលពីថ្ងៃសុក្រទី១៤វិច្ឆិកា ទាក់ទិននឹងការសម្លាប់រង្គាលដ៏ព្រៃផ្សៃ ដែលកំពុងតែកើតឡើងនៅស៊ូដង់។ ក្រៅពីបានស្តីបន្ទោសពីភាពអសកម្មរបស់សហគមន៍អន្តរជាតិ លោក Volker Türk ឧត្តមស្នងការសិទ្ធិមនុស្ស បានគំរាមទៅកាន់ជនដៃដល់ដែលប្រព្រឹត្តិអំពើកាប់សម្លាប់ ថាស្ថាប័នលោក នឹងទាមទាររកយុត្តិធម៌ជូនប្រជាជនស៊ីវីលស៊ូដង់ ។
នៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកាឆ្នាំ២០២៥ នេះ ចិនបានអះអាងថានឹងបង្កើតចំណងមិត្តភាពជាមួយប្រទេសថៃឲ្យកាន់តែជិតស្និទ្ធ។ ការអះអាងរបស់ចិនដូចនេះធ្វើឡើងនៅក្នុងជំនួបរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងព្រះមហាក្សត្រថៃ ព្រះបាទមហា វជិរ៉ាឡុងកន ក្នុងដំណើរយាងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង។
ព្រលឹមស្រាងៗ ថ្ងៃ សុក្រ ទី ១៤ វិច្ឆិកា ទីក្រុងកៀវ បានរងនូវការវាយប្រហារទ្រង់ទ្រាយធំ ពីសំណាក់រុស្ស៊ី ដែលបណ្តាលឲ្យខូចខាត អគារធំៗប្រមាណ ៣០ កន្លែង ។ ស្ត្រីវ័យចំណាស់ម្នាក់ បានបាត់បង់ជីវិត ខណៈពេលដែល មនុស្ស ២៤ នាក់ផ្សេងទៀត បានរងរបួស ដែលក្នុងនោះមានស្ត្រីពពោះម្នាក់ និង ក្មេងប្រុស អាយុ ១០ ឆ្នាំម្នាក់។ នេះបើយោងតាមសេចក្តីប្រកាស ពីសំណាក់អាជ្ញាធរ ទីក្រុងកៀវ។
សហរដ្ឋអាមេរិកបានសម្រេចអនុញ្ញាត លក់គ្រឿងសព្វាវុធទៅឲ្យតៃវ៉ាន់ក្នុងតម្លៃជាង៣០០លានដុល្លារ។ នេះបើផ្អែកតាមការប្រកាសរបស់ក្រសួងការបរទេសតៃវ៉ាន់ នៅថ្ងៃសុក្រ ទី១៤វិច្ឆិកា។ គួរកត់សំគាល់ថា នេះគឺជាលើកទីមួយហើយ បន្ទាប់ពីលោកដូណាល់ ត្រាំ ត្រលប់មកចូលកាន់អំណាចវិញ ដែលក្រសួងការពារជាតិអាមេរិក បានយល់ព្រមលក់គ្រឿងសព្វាវុធទៅឲ្យតៃវ៉ាន់។ ដំណឹងនេះ បានធ្វើឲ្យចិនប្រតិកម្មចោទភ្លាមៗដែរ។