ប្រមុខរដ្ឋាភិបាលកម្ពុជាបានសម្រេចកាលពីពេលថ្មីៗនេះ អនុញ្ញាតឲ្យប្រតិភូ និងអត្តពលិកកម្ពុជាចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) លើកទី៣៣ នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ទី២០ ខែធ្នូ ឆ្នាំ២០២៥។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា ម្ចាស់ផ្ទះថៃបានអះអាងរួចហើយពីការធានាសន្តិសុខឲ្យបានល្អសម្រាប់ប្រតិភូកីឡាស៊ីហ្គេមគ្រប់ប្រទេសទាំងអស់ និងមានកិច្ចការពារសុវត្ថិភាពជាពិសេសសម្រាប់ប្រតិភូ និងកីឡាករកម្ពុជា៕
អ៊ុយក្រែនទើបទទួលបានសំណើថ្មីពីសហរដ្ឋអាមេរិក នៅថ្ងៃទី១៩វិច្ឆិកា២០២៥។ ប៉ុន្តែគួរឱ្យភ្ញាក់ផ្អើលជាខ្លាំង ផែនការសន្តិភាពថ្មី មានខ្លឹមសារដដែល ដែលឆ្លើយតបទៅនឹងការទាមទាររបស់ម៉ូស្គូតាំងពីដើមមក។ នោះ គឺអ៊ុយក្រែនត្រូវកាត់ទឹកដីរងការឈ្លានពាន ឱ្យទៅរុស្ស៊ី ហើយត្រូវកាត់បន្ថយកម្លាំងទ័ពពាក់កណ្តាល និងត្រូវប្រើភាសារុស្ស៊ីជាភាសាជាតិ។
នៅថ្ងៃព្រហស្បតិ៍ ទី២០វិច្ឆិកា តុលាការហ្វីលីពីន បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ស្ត្រីជាតិចិនម្នាក់ ដែលជាមេខ្លោង ក្នុងឧក្រិដ្ឋកម្មឆបោកអនឡាញ និងសកម្មភាពជួញដូរមនុស្ស។ មានឈ្មោះ អាលីស គួ (Alice Guo) ជនជាប់ចោទធ្លាប់ជានារីដ៏ល្បីល្បាញក្នុងបណ្តាញសង្គម និងធ្លាប់ជាប់ឆ្នោត ធ្វើជា មេឃុំតូចមួយ នៅភាគខាងជើងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។
ចិនបាននិងកំពុងបើកយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីបំផ្លាញទីផ្សារលក់យន្តហោះចម្បាំងប្រភេទរ៉ាហ្វាល់ (Rafale) របស់បារាំង។ នេះបើតាមរបាយការណ៍របស់គណៈកម្មការអាមេរិក ដោយបញ្ជាក់ថា ការបន្តុះបង្អាប់យន្តហោះចម្បាំងបារាំងធ្វើឡើងក្រោយពេលឥណ្ឌាបានប្រើយន្តហោះចម្បាំងរ៉ាហ្វាល់ធ្វើសង្គ្រាមជាមួយប៉ាគីស្ថាន ដែលប្រើយន្តហោះចម្បាំងផលិតដោយប្រទេសចិន។
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ដែលហៅកាត់ថា AIEA បានកំញើញ រដ្ឋាភិបាលអ៊ីរ៉ង់ ឲ្យសហការជាមួយគ្នា ឲ្យបានពេញដៃពេញជើង និងមិនត្រូវពន្យារពេលឡើយ។ គោលបំណងសំខាន់របស់ស្ថាប័នអង្គការសហប្រជាជាតិ១នេះ គឺចង់ចុះត្រួតពិនិត្យស្ថានីយថាមពលអ៊ីរ៉ង់ ចំនួន៣ ដែលធ្លាប់រងការវាយប្រហារពីសហរដ្ឋអាមេរិក។ តែ អ៊ីរ៉ង់ មានៈបដិសេធ។
តាំងពីផ្ទុះសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន នៅឆ្នាំ២០២២មក ទំនាក់ទំនងរុស្ស៊ី-ប៉ូឡូញ ធ្លាក់ចុះដុនដាបជាខ្លាំង។ ដុបដាបខ្លាំង ដ្បិតថា ប្រទេសប៉ូឡូញ ដែលមានព្រំដែនជាប់អ៊ុយក្រែន (សត្រូវរុស្ស៊ី) និងមានព្រំដែនជាប់បេឡារុស (សម្ព័ន្ធមិត្តរុស្ស៊ី) បានប្រកាន់ជំហរគាំទ្ររដ្ឋាភិបាលទីក្រុងកៀវ ហើយតែងតែរិះគន់មិនសំចៃមាត់ចំពោះទង្វើឈ្លានពានរបស់កងទ័ពរុស្ស៊ី។ ប្រទេសទាំង ២ បានបណ្តេញមន្ត្រីទូត និងផ្អាកការងារស្ថានទូត ជាបន្តបន្ទាប់។ ពេលនេះ រដ្ឋាភិបាលទីក្រុងវ៉ាសូវី បានប្រកាសបិទស្ថានកុងស៊ុលរុស្ស៊ី ដែលសល់តែមួយចុងក្រោយនៅប៉ូឡូញ។
សភាខុនហ្ក្រេសសហរដ្ឋអាមេរិក បានបោះឆ្នោតសឹងជាឯកច្ឆន្ទ កាលពីថ្ងៃអង្គារទី១៧វិច្ឆិកា លើអត្ថបទច្បាប់មួយដែលតម្រូវឲ្យក្រសួងយុត្តិធម៌ ត្រូវបើកចំហជាសាធារណៈ នូវឯកសារក្នុងសំណុំរឿង Jeffrey Epstein ដែលជារឿងអាស្រូវផ្លូវភេទជាប់ពាក់ព័ន្ធនឹងបុគ្គលសំខាន់ៗច្រើននាក់។ លោកដូណាល់ ត្រាំ ដែលត្រូវពាក្យចចាមអារ៉ាមចោទ ថាមានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវនេះដែរ ធ្លាប់បានរារាំងមិនឲ្យគេបើកចំហឯកសារទាំងនេះជាសាធារណៈទេ។ សំណុំរឿង Jeffrey Epstein កំពុងតែធ្វើឲ្យអ្នកគាំទ្រលោកដូណាល់ ត្រាំមួយចំនួន ចាប់ផ្តើមបែកចិត្តពីលោក។
នៅប្រទេសភូមា មានមនុស្សជិត ៣៥០ នាក់ ត្រូវចាប់ឃាត់ខ្លួន ក្រោយពីអាជ្ញាធរបានចុះឆែកឆេរមជ្ឈមណ្ឌលឆបោកអនឡាញ១កន្លែងនៅព្រំដែនថៃ-ភូមា។ នេះបើតាមការបញ្ជាក់របស់យោធាភូមានៅថ្ងៃពុធ ទី១៩ វិច្ឆិកា។ ចំណែក កាសែតក្នុងស្រុកក៏បានឲ្យដឹងដែរថា ក្នុងចំណោមមនុស្សទាំងជិត ៣៥០ នាក់នោះ ភាគច្រើនសុទ្ធសឹងជាជនបរទេស។
វិទ្យាល័យស្រអែមជាសាលារៀនមួយក្នុងចំណោមសាលារៀនជាង ៦០០ផ្សេងទៀតដែលស្ថិតនៅក្នុងតំបន់ក្តៅនៃបន្ទាត់ព្រំដែនខ្មែរ ថៃក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ វិទ្យាល័យស្រអែមត្រូវបានបិទទ្វារតាំងពីថ្ងៃផ្ទុះសង្គ្រាមជាមួយថៃក្នុងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ សម្រាប់បវេសនកាលឆ្នាំថ្មី ២០២៥-២០២៦ វិទ្យាល័យស្រអែមបានបើកទ្វារឡើងវិញជាមួយនឹងការណែនាំដល់សិស្សានុសិស្សអំពីគ្រោះថ្នាក់នៃសំណល់ជាតិផ្ទុះ និងគ្រោះថ្នាក់ផ្សេងៗនៃសង្គ្រាមដែលអាចកើតមានជាថ្មីម្តងទៀត។
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់លោក ខាន់ សារ័ត្ន ក្រោយពីបានរកឃើញថាមានកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ។ ការសម្រេចរបស់ក្រសួងព័ត៌មានធ្វើឡើង ក្រោយអ្នកកាសែតអនឡាញរូបនេះបានប្រើប្រាស់ពាក្យសម្តីអសីលធម៌ និងយកដៃទៅអង្អែលថ្ពាល់ស្ត្រី ដែលជាជនសង្ស័យក្នុងការធ្វើសកម្មភាពរំដោះអ្នកទោសនៅសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែវិច្ឆិកាម្សិលមិញ។
នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលារបស់លោក សម រង្ស៊ី បានប្រកាសពីការប្តឹងភាគីថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចំពោះការឈ្លានពានរបស់ភាគីថៃមកលើពលរដ្ឋខ្មែរ និងប្រទេសកម្ពុជា។ រដ្ឋាភិបាលក្រៅប្រទេសមួយនេះលើកហេតុផលថា ការដែលខ្លួនចេញមុខប្តឹងភាគីថៃចំពោះការរំលោភបំពានម្តងហើយម្តងទៀតមកលើប្រទេសកម្ពុជា ដោយសារតែរដ្ឋាភិបាលកម្ពុជាមិនបានយកសំណុំរឿងព្រំដែនកម្ពុជា-ថៃ ប្តឹងទៅកាន់តុលាការអន្តរជាតិ។ តើបណ្តឹងរបស់រដ្ឋាភិបាលឯករាជ្យ២៣តុលា មានទម្ងន់ដែរ ឬទេទៅលើភាគីថៃ?
នាយករដ្ឋមន្ត្រីថៃ លោក អានុធីន ឆាន់វីរៈគូន បានក្រឡាស់សម្តីរបស់លោកដែលថា ថៃនឹងលែងខ្វល់ពីកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា និងត្រៀមតតាំងជាមួយកម្ពុជា ជាឯកតោភាគី ក្រោយឧបទ្ទវហេតុផ្ទុះមីនកាលពីថ្ងៃទី១០ខែវិច្ឆិកា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយថៃ។ នាយករដ្ឋមន្ត្រីរូបនេះថ្លែងថា ការអនុវត្តខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពនៅម៉ាឡេស៊ីអាចបន្ត បើសិនកម្ពុជាបញ្ឈប់ធ្វើជាសត្រូវជាមួយថៃ។
ប្រធានាធិបតីបារាំង លោក អេម៉ានុយ អែលម៉ាក្រុង បានចេញបញ្ជាឲ្យមន្ត្រីក្រោមឱវាទ ពង្រឹងវិធានការចំណាត់គ្រឿងញៀនឲ្យខ្លាំងក្លា ជាពិសេសនៅក្នុងខេត្តម៉ាកសីយ៍ ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ដែលបានទទួលបញ្ជាចុះទៅបង្ក្រាបដោយផ្ទាល់ នៅខេត្តភាគខាងត្បូងប្រទេសបារាំង។ ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីពួកឧក្រិដ្ឋជនជួញដូរគ្រឿងញៀន បានបាញ់សម្លាប់សកម្មជនបរិស្ថានម្នាក់ និងយុវជនម្នាក់ ក្នុងខេត្ត២ផ្សេងគ្នា កាលពីពេលថ្មីៗនេះ ដើម្បីជាការព្រមាន និងស្តែងពីឥទ្ធិពលរបស់ក្រុមទំនើងពួកគេនោះ។
អ៊ុយក្រែនបានរៀបចំ សន្និសីទអន្តរជាតិឈ្មោះថា “Crimea Global” ជាលើកទី៣ ដើម្បីសន្ទនាជាមួយក្រុមប្រទេសខាងត្បូងសកលលោក មិនថានៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន។ គឺជាវេទិកាដែលលោកហ្សេឡេនស្គីបានផ្តួចផ្តើមគំនិតឡើង ដើម្បីអញ្ជើញតំណាងអង្គការសង្គមស៊ីវីលតាមប្រទេសទាំងនោះ ឲ្យមើលដោយផ្ទាល់ភ្នែកនូវការពិតនៃសង្គ្រាម ដែលប្រជាជនអ៊ុយក្រែនបានរងទុក្ខ ចាប់តាំងពីឆ្នាំ២០១៤ មក ហើយដើម្បីកុំឲ្យប្រទេសទាំងនោះ ជឿតាមការឃោសនាបោកប្រាស់របស់រុស្ស៊ី។
កាលពីថ្ងៃចន្ទ ទី១៧វិច្ឆិកាម្សិលមិញ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានបោះឆ្នោតអនុម័ត ផែនការសន្តិភាពសម្រាប់តំបន់ហ្កាហ្សា ដែលលោកដូណាល់ ត្រាំ បានស្នើឡើង។ ផែនការនេះ បានកំណត់បង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីចាត់ចែងសម័យអន្តរកម្មនៅហ្កាហ្សា ព្រមទាំងបង្កើតកងកម្លាំងរក្សាស្ថិរភាពនិងឃ្លាំមើលការគោរពបទឈប់បាញ់។
អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោក ឃៀង សុណាឌីន បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី១៨ ខែវិច្ឆិការនេះថា គិតមកដល់ត្រឹមម៉ោង ១០ និង៣០នាទីព្រឹកនេះ សមត្ថកិច្ចចាប់បានជនជាប់ឃុំម្នាក់ ក្នុងចំណោមជនជាប់ឃុំចំនួន ៦នាក់ ដែលបានរត់គេចខ្លួននៅក្នុងសាលាដំបូងខេត្តស្វាយរៀង។ ការតាមចាប់ខ្លួនអ្នកទោសត្រលប់មកវិញនេះ ធ្វើឡើងក្រោយហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដោយក្រុមឧក្រិដ្ឋជនមួយក្រុម ដែលគេសង្ស័យថាជាជនជាតិចិន បានចូលទៅបាញ់រំដោះអ្នកទោសម្នាក់នៅតុលាការខេត្តស្វាយរៀង អំឡុងពេលសមត្ថកិច្ចនាំអ្នកទោសរូបនោះចូលទៅក្នុងសវនាការ ដើម្បីកាត់ទោស នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ តាមលោក ឃៀង សុណាឌីន កម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ក្រុមឧក្រិដ្ឋជន និងចាប់យកអ្នកទោសដទៃទៀតត្រឡប់មកវិញ៕
សារព័ត៌មានសិង្ហបុរី Mothership បានចុះផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ពីការបាត់ខ្លួនស្ត្រីជនជាតិចិនដែលជាតារា TikTok ក្រោយនាងបានមកសួរសុខទុក្ខមិត្តប្រុសក្នុងខេត្តព្រះសីហនុ កាលពីដើមខែវិច្ឆិកាកន្លងទៅ។ តែសមត្ថកិច្ចខេត្តព្រះសីហនុបានចេញមកបញ្ជាក់ថា នារីជនជាតិចិនរូបនេះមិនបានបាត់ខ្លួនទេ ពោលគឺកំពុងជាប់ឃុំ ក្រោយរកឃើញជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ។
ក្រុមហ៊ុនព្រីនស៍ ដែលជាប់ឈ្មោះក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយសារការសង្ស័យថា បានប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនបានបង្កើតក្រុមហ៊ុនយ៉ាងហោចណាស់ ៣នៅក្នុងប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo នៅថ្ងៃទី១៦វិច្ឆិកា។ តាម Kyodo ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលមានមូលដ្ឋាននៅប្រទេសជប៉ុននេះគឺជាកន្លែងលាងលុយកខ្វក់ សម្រាប់ឧក្រិដ្ឋកម្មរបស់ពួកគេ។
ប្រទេសបារាំង រៀបចំវេទិកាវិនិយោគទុន «Choose France» ចំនួន ៨ ឆ្នាំជាប់ៗគ្នា។ ឆ្នាំ ២០២៥ នេះ រដ្ឋាភិបាលទីក្រុងប៉ារីស អញ្ជើញតែក្រុមហ៊ុនបារាំង ១៥០ប៉ុណ្ណោះ ពោលខុសពីឆ្នាំមុនៗដែលមានការចូលរួមពីក្រុមហ៊ុនអន្តរជាតិធំៗ។ ក្រៅពីប្រកាសបង្កើនការវិនិយោគទុនដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ ក្រុមហ៊ុនបារាំងដែលមានវត្តមានក្នុងវេទិកា«Choose France» ក៏បានត្អូញត្អែរអំពីវិបត្តិអស្ថិរភាពនយោបាយនៅក្នុងស្រុក។
ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី អ៊ុយក្រែនត្រូវការថវិកាជាង៧០ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំ២០២៦។ ២៧ប្រទេសជាសមាជិកសហភាពអឺរ៉ុបទទួលបន្ទុកផ្តល់ហិរញ្ញវត្ថុ លើផ្នែកសំខាន់ៗ។ គណៈកម្មការអឺរ៉ុបមានជម្រើសបីក្នុងការសម្រេចផែនការជួយអ៊ុយក្រែននេះ។ តើជាអ្វីខ្លះទៅ?
ជម្លោះការទូតរវាងចិននិងជប៉ុន បានផ្ទុះកំដៅឡើងប៉ុន្មានថ្ងៃចុងក្រោយនេះ ពាក់ព័ន្ធនឹងពាក្យសំដីរបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន ក្នុងសំណុំរឿងកោះតៃវ៉ាន់។ បន្ទាប់ពីចិនបានប្រកាសកាលពីថ្ងៃសៅរ៍ ហាមប្រជាជនខ្លួនកុំឲ្យធ្វើដំណើរទៅលេងជប៉ុន ក្រុមហ៊ុនជប៉ុនស្ទើទាំងអស់ក្នុងវិស័យទេសចរណ៍ បានខាតប្រាក់យ៉ាងច្រើន ដោយហេតុតែតម្លៃភាគហ៊ុនបានធ្លាក់ថ្លៃ។ នៅពីក្រោយជម្លោះពាក្យសំដីរវាងចិននិងជប៉ុន ជុំវិញបញ្ហាកោះតៃវ៉ាន់នេះ គឺវាមានបង្កប់ទៅដោយការគុំគួនប្រវត្តិសាស្ត្រ ជាយូរឆ្នាំមកហើយ រវាងមហាអំណាចអាស៊ីទាំង២នេះ។
លោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានធ្វើដំណើរមកដល់បារាំងនៅព្រឹកថ្ងៃចន្ទទី១៧តុលា។ គោលបំណងធំបំផុតនៃទស្សនកិច្ចលើកទី៩នេះ គឺលោកហ្សេឡេនស្គី បានប្រកាសថាអ៊ុយក្រែន គ្រោងចុះហត្ថលេខាទិញលក់យន្តហោះចម្បាំង Rafale របស់បារាំង ចំនួនដល់ទៅ១០០គ្រឿង ព្រមទាំងគ្រឿងសព្វាវុធមួយចំនួនទៀត ដើម្បីការពារផ្លូវអាកាសអ៊ុយក្រែន។
នៅក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាទមន្ត្រីសង្ឃទូទាំងប្រទេសនាថ្ងៃចន្ទទី១៧វិច្ឆិកា ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានព្រមានប្រើធម៌ក្តៅលើពលរដ្ឋប្រើប្រាស់បណ្តាញសង្គម ដែលហ៊ាននិយាយប៉ះពាល់ដល់សន្តិសុខជាតិ។ បើតាមលោក ហ៊ុន សែន ការចូលទៅបញ្ចេញមតិ ឬ Comment ប៉ះពាល់ដល់សន្តិសុខជាតិ ក្នុងពេលកម្ពុជាមានជម្លោះជាមួយថៃគឺ មិនអាចអត់ឱនឱ្យបាន និងថា សូម្បីតែនាយករដ្ឋមន្ត្រីក៏មិនអាចលូកដៃបានដែរ។ ការព្រមានបែបនេះ ត្រូវបានលោក ហ៊ុន សែន បញ្ជាក់ថា មិនមែនជាអំពើផ្តាច់ការទេ តែជាការប្រឆាំងនឹងអំពើញុះញង់ អំពើក្បត់ជាតិ និងបង្អាក់ទឹកចិត្តកងទ័ពខ្មែរ។ គួរជ្រាបថា ប្រតិកម្មរបស់លោក ហ៊ុន សែន នេះ ធ្វើឡើង ដើម្បីឆ្លើយតបនឹងការរិះគន់ថាមានការដោះដីតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។ សូមស្តាប់ការថ្លែងរបស់លោក ហ៊ុន សែន ដែលជាការរៀបចំដោយ ហ៊ុល រស្មី។
ក្រសួងសារធារណការ និងដឹកជញ្ជូន តាមរយៈអ្នកនាំពាក្យ លោក ផន រឹមបានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ថា រថភ្លើងដឹកប្រេងមួយគ្រឿងបានក្រឡាប់ កំពប់ប្រេង ក្នុងភូមិសាស្ត្រស្រុកបាកាន ខេត្តពោធិ៍សាត់។ បើតាមលោក ផន រឹម ផ្លូវស្រុតជាមូលហេតុដែលបានធ្វើឲ្យរថភ្លើងដឹកប្រេងក្រឡាប់ តែមិនបណ្តាលឲ្យមានមនុស្សរងរបួសទេ។ តែយ៉ាងណា អ្នកនាំពាក្យរូបនេះបានបញ្ជាឱ្យសមត្ថកិច្ចរារាំងមិនឱ្យពលរដ្ឋដួសប្រេងដែលកំពប់ចេញពីទូររថភ្លើង។
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានប្រកាសទទួលស្គាល់នៅព្រឹកថ្ងៃទី១៧ វិច្ឆិកានេះថា កម្ពុជាពិតជាធ្លាប់បានធ្វេសប្រហែសដែលមិនបានបំពាក់អាវក្រោះ ឬអាវសុវត្ថិភាពឱ្យកងទ័ព។ តែក្នុងពេលនេះ កម្ពុជាលែងធ្វេសប្រហែសទៀតហើយ ដោយមិនត្រឹមតែអាចផលិតអាវក្រោះសម្រាប់កងទ័ពខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងអាចនាំអាវក្រោះចេញទៀតផង។
នៅថ្ងៃចន្ទទី១៧ វិច្ឆិកានេះ តុលាការបង់ក្លាដែសបានចេញសាលក្រមកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី ស្ហេក ហាស៊ីណា ពីបទបញ្ជាឱ្យប៉ូលិសបង្ក្រាបបាតុករដោយហិង្សាកាលពីឆ្នាំ២០២៤។ បាតុកម្មកាលណោះបានជំរុញឱ្យលោកស្រីធ្លាក់ពីតំណែងនិងរត់និរទេសខ្លួនយ៉ាងទាន់ហន់ទៅជ្រកកោននៅក្នុងប្រទេសឥណ្ឌា។
ព្រះមហាក្សត្រថៃបានបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅចិនរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៣ ដល់ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ អំឡុងពេលជួបព្រះមហាក្សត្រថៃក្នុងទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជីនពីងបានចាត់ទុកទំនាក់ទំនងមិត្តភាពរវាងចិន និងថៃ ថាជាទំនាក់ទំនងដែលមានភាពជិតស្និទ្ធ «ប្រៀបបានគ្រួសារតែមួយ»។ នៅកម្ពុជា អ្នកវិភាគខ្លះមើលឃើញថា កម្ពុជាពុំគួរចាប់អារម្មណ៍នឹងសំដីការទូតរបស់ចិនពេកទេ តែអ្នកខ្លះទៀតយល់ថា ការលើកឡើងរបស់របស់មេដឹកនាំចិនមិនត្រូវនឹងកាលៈទេសៈ។ តើកម្ពុជាគួរមានជំហរបែបណាចំពោះការលើកឡើងរបស់ចិនដូចនេះ?
សហរដ្ឋអាមេរិកបានដាក់សម្ពាធលើប្រទេសថៃឲ្យគោរពតាមកិច្ចព្រមព្រៀងសន្តិភាព ដែលលោកដូណាល់ត្រាំបានចូលរួមចុះហត្ថលេខាក្នុងនាមជាសាក្សី។ នៅថ្ងៃសៅរ៍ ទី១៤វិច្ឆិកា អ្នកនាំពាក្យរបស់ក្រសួងការបរទេសថៃបាននិយាយប្រាប់អ្នកកាសែត ក្នុងក្រុងបាងកកថា វ៉ាស៊ីនតោនបានជូនដំណឹងស្តីពីការផ្អាកការចរចាពាណិជ្ជកម្មជាមួយថៃ រហូតដល់ថ្ងៃដែលភាគីថៃអនុវត្តតាមសេចក្តីថ្លែងការណ៍រួមនៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី។
នៅក្នុងសង្រ្គាមអ៊ុយក្រែន កងទ័ពរុស្ស៊ីនៅបន្តរុលទៅមុខ ដោយវាយដណ្តើមយកភូមិដែនដីរបស់អ៊ុយក្រែនកាន់តែច្រើន ជាពិសេសនៅក្នុងតំបន់ទាំង៤ភាគខាងកើតអ៊ុយក្រែនដែលរុស្ស៊ីបានរំលោភកាត់យកទៅដាក់ក្នុងផែនទីរបស់ខ្លួន។ ដោយវាយចូលកាន់តែជ្រៅក្នុងទឹកដីអ៊ុយក្រែន រុស្ស៊ីមិនត្រឹមពង្រីកវិសាលភាពទឹកដី និងចំណេញបានធនធានធម្មជាតិរបស់អ៊ុយក្រែនតែប៉ុណ្ណោះទេ ប៉ុន្តែ រុស្ស៊ីនៅចំណេញបានទាំងធនធានមនុស្ស។ នៅក្នុងទឹកដីអ៊ុយក្រែនដែលរុស្ស៊ីបានកាត់យកមកគ្រប់គ្រង ប្រជាជនអ៊ុយក្រែនត្រូវរុស្ស៊ីកេណ្ឌយកទៅធ្វើទ័ពប្រយុទ្ធនឹងកម្លាំងទ័ពជាតិអ៊ុយក្រែនក្នុងសមរភូមិ។ បើតាមអង្គការការពារសិទ្ធិមនុស្សអន្តរជាតិ និងស្នងការអ៊ុយក្រែនទទួលបន្ទុកផ្នែកសិទ្ធមនុស្ស ប្រជាជនអ៊ុយក្រែនជាច្រើនសែននាក់ត្រូវរុស្ស៊ីចាប់បង្ខំ រើសបញ្ចូលក្នុងជួរកងទ័ពដើម្បីប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែនដែលជាប្រទេសជាតិមាតុភូមិរបស់ខ្លួន។
ប្រឈមនឹងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ ដែលមិនធ្លាប់ជួបក្នុងរយៈពេលជិតមួយសតវត្សរ៍ចុងក្រោយនេះ នៅថ្ងៃអាទិត្យ ទី១៦ វិច្ឆិកា អាជ្ញាធរអ៊ីរ៉ង់បានចាប់ផ្តើមយុទ្ធនាការបណ្តុះពពក ដើម្បីបង្កើតទឹកភ្លៀង។ កាលពីដើមខែវិច្ឆិការនេះ ប្រធានាធិបតីអ៊ីរ៉ង់បានទាញសញ្ញាអាសន្នអំពីស្ថានភាពខ្វះទឹក ដែលអាចនឹងជំរុញឲ្យរដ្ឋាភិបាល បង្ខំចិត្តជម្លៀសប្រជាជនក្នុងរដ្ឋធានីផង។
ពលរដ្ឋរស់នៅតំបន់រុនតាឯកលើកឡើងពីការលំបាកដោយសារតែទីនោះពុំមានដង្ហើមសេដ្ឋកិច្ច។ ភាពស្ងាត់ជ្រងំ និងផ្ទះទុកចោលមិនមានមនុស្សនៅ គឺជាបញ្ហាពិបាកក្នុងការប្រកបរបរចិញ្ចឹមជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ អ្វីដែលពួកគេចង់បាន គឺការរៀបចំតំបន់រុនតាឯកឲ្យមានដង្ហើមសេដ្ឋកិច្ច ដូចជាការសាងសង់រោងចក្រ ជាដើម។ ចំណែក អាជ្ញាធរខេត្តសៀមរាបបានបញ្ជាក់ថាកំពុងគិតគូរដោះស្រាយបញ្ហានេះជូនពលរដ្ឋនៅតំបន់រុនតាឯកហើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ តាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា សមត្ថកិច្ចកម្ពុជាបាននិងកំពុងស្រាវជ្រាវស៊ើបអង្កេតនិងប្រមូលភស្តុតាងចំពោះករណីដែលភាគីថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់។ ជាការបាញ់ប្រហារដែលបានបណ្តាលឲ្យពលរដ្ឋខ្មែរម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់។ ក្រសួងថានឹងពិចារណាប្តឹងថៃទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិ ក្នុងសំណុំរឿងបាញ់ប្រហារលើពលរដ្ឋស្លូតត្រង់កម្ពុជានេះ។ អ្នកវិភាគថា កម្ពុជាហាក់ដូចជាមានភាពស្ទាក់ស្ទើរក្នុងការប្តឹងថៃទៅតុលាការអន្តរជាតិ។
ក្រុមបញ្ញវន្តខ្មែរ ប្រកាសដាក់ពាក្យបណ្តឹងប្រឆាំងភាគីថៃ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) នៅសប្តាហ៍ក្រោយ។ ក្រុមបញ្ញវន្តខ្មែរដាក់ពាក្យបណ្តឹងទៅកាន់តុលាការអន្តរជាតិ ក៏ព្រោះតែកងកម្លាំងថៃ បានបាញ់សម្លាប់ពលរដ្ឋខ្មែរ ម្នាក់និងរបួស៣នាក់ កាលពីថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យ។ បើតាមក្រុមបញ្ញវន្តខ្មែរ ពាក្យបណ្តឹងនេះធ្វើឡើងដោយផ្អែកទៅលើមាត្រា ១៥ នៃលក្ខន្តិកៈទីក្រុងរ៉ូម។ ដោយឡែក ក្រសួងមហាផ្ទៃកម្ពុជា ក៏អះអាងដែរថា កម្ពុជានឹងពិចារណាប្តឹងករណីនេះទៅស្ថាប័នអន្តរជាតិដែរ ក្រោយពេលប្រមូលភស្តុតាងគ្រប់ជ្រុងជ្រោយដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ ទាក់ទងនឹងករណីកងកម្លាំងថៃបាញ់សម្លាប់ពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ តើកម្ពុជាអាចប្តឹងភាគីថៃទៅតុលាការICCបានទេ?