ដំណើរការវាស់វែង និងបោះបង្គោលព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ ក្នុងខេត្តបន្ទាយមានជ័យ និងលេខ ៥២-៥៩ ក្នុងខេត្តបាត់ដំបងមិនមែនជាការងារដែលធ្វើឡើងទាំងតក់ក្រហល់ ដូចការរិះគន់ក្នុងបណ្តាញសង្គមនោះទេ។ នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២៥ វិច្ឆិកានេះ។ ចំពោះលោក ហ៊ុន ម៉ាណែត ដំណើរការវាស់វែង និងបោះបង្គោលព្រំដែននេះជាដំណើរវែងឆ្ងាយមួយដែលក្រុមការងារបច្ចេកទេសព្រំដែនកម្ពុជា និងថៃ បានធ្វើរួមគ្នាជិត ២០ឆ្នាំមកហើយក្នុងគោលដៅសន្តិភាពតាមបណ្តោយព្រំដែន។
ក្រសួងមហាផ្ទៃបានប្រកាសនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះពីការដាក់ពង្រាយមន្ត្រីនគរបាលនៅតាមគោលដៅនានា ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ បន្ទាប់ពីផ្អាកកាលពីខែសីហា ឆ្នាំ២០២៥កន្លងទៅ។ ការសម្រេចដូចនេះដោយសារក្រសួងមើលឃើញពីកំណើនគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ និងភាពគ្មានសណ្តាប់ធ្នាប់នៅលើដងផ្លូវ។ តែការត្រួតពិនិត្យនេះធ្វើឡើងត្រឹមកំរិតអប់រំណែនាំប៉ុណ្ណោះ ពោលគ្មានការផាកពិន័យអ្វីទេ។ អ្នកជំនាញបញ្ហាសុវត្ថិភាពចរាចរណ៍នានាបានសម្តែងការគាំទ្រចំពោះវិធានការនេះ តែពួកគេបានស្នើឲ្យមានការអនុវត្តជាប់ជាប្រចាំ ពោលមិនគួរធ្វើឡើងដូចអំពិលអំពែកនោះទេ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈលោក កែវ រ៉េមី បានប្រាប់រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សឥណ្ឌូណេស៊ីថា ថៃបានបង្កការបែកបាក់ក្នុងអាស៊ាន និងបានបំផ្លាញស្នូលចម្បងរបស់អាស៊ាន ក្រោយផ្ទុះជម្លោះព្រំដែនជាមួយកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោក កែវ រ៉េមី បានស្នើឱ្យឥណ្ឌូណេស៊ីជួយជំរុញឱ្យថៃដោះស្រាយបញ្ហានានាជាមួយកម្ពុជាដោយសន្តិវិធី។
កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការបញ្ជូនកុមារឲ្យចូលរៀននៅថ្នាក់បឋមសិក្សា តែចាំបាច់កែលម្អជាបន្ទាន់នូវសកម្មភាពបង្រៀននៅក្នុងថ្នាក់រៀន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក World Bank ចេញផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។ ចំពោះធនាគារពិភពលោក ក្រសួងអប់រំកម្ពុជាត្រូវពិនិត្យមើលគុណភាព និងបរិមាណម៉ោងនៃការបង្រៀននៅតាមសាលារៀនថ្នាក់បឋមសិក្សា ពិសេសមុខវិជ្ជាអក្ខរកម្ម និងលេខនព្វន្តជាមូលដ្ឋាន។
ប្រឈមនឹងការគំរាមកំហែងពីជប៉ុនដែលចង់ការពារតៃវ៉ាន់ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឆ្កឹះយកសំណុំរឿងតៃវ៉ាន់ទៅជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ប្រមុខរដ្ឋចិនចង់យកបញ្ហាតៃវ៉ាន់ធ្វើជាប្រធាបទស្នូលមួយក្នុងការចរចាពាណិជ្ជកម្មជាមួយប្រធានាធិបតីអាមេរិក។ បុរសខ្លាំងចិនថែមទាំងធានាហ៊ានជួយសម្រុះសម្រួលវិបត្តិអ៊ុយក្រែន ប្រសិនបើអាមេរិកមិនលូកដៃក្នុងសំណុំរឿងតៃវ៉ាន់។
សហគមន៍មួយចំនួននៅតាមបណ្តោយអូរតាបូក ក្នុងខេត្តរតនគិរី ប្រទេសកម្ពុជា កំពុងជួបប្រទះនឹងវិបត្តិបំពុលទឹក និងសុខភាពសាធារណៈធ្ងន់ធ្ងរ ដោយសារតែការបំពុលទឹកចេញពីការជីកយករ៉ែមាស។ នេះបើតាមអត្ថបទចុះផ្សាយដោយកាសែត Mongabay នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាម Mongabay អ្នកភូមិអូរតាបូក ក្នុងខេត្តរតនគិរី បានប្រើប្រាស់ទឹកអូរនេះសម្រាប់តម្រូវការប្រចាំថ្ងៃ និងជាអាងស្តុកត្រីធំមួយ។ តែក្រសួងរ៉ែ និងថាមពលអះអាងថា ការចុះផ្សាយរបស់ Mongabay គឺជារឿងមិនពិត។
សហគមន៍មួយចំនួននៅតាមបណ្តោយអូរតាបូក ក្នុងខេត្តរតនគិរី ប្រទេសកម្ពុជា កំពុងជួបប្រទះនឹងវិបត្តិបំពុលទឹក និងសុខភាពសាធារណៈធ្ងន់ធ្ងរ ដោយសារតែការបំពុលទឹកចេញពីការជីកយករ៉ែមាស។ នេះបើតាមអត្ថបទចុះផ្សាយដោយកាសែត Mongabay នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាម Mongabay អ្នកភូមិអូរតាបូក ក្នុងខេត្តរតនគិរី បានប្រើប្រាស់ទឹកអូរនេះសម្រាប់តម្រូវការប្រចាំថ្ងៃ និងជាអាងស្តុកត្រីធំមួយ។ តែក្រសួងរ៉ែ និងថាមពលអះអាងថា ការចុះផ្សាយរបស់ Mongabay គឺជារឿងមិនពិត។
ប្រធានាធិបតីវ៉េណេស៊ុយអេឡា បានបរិហារ សហរដ្ឋអាមេរិក ថាកំពុងតែលាបពណ៌ កុហកបោកប្រាស់។ ប្រតិកម្មយ៉ាងដូច្នេះ ធ្លាក់មក បន្ទាប់ពី រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានដាក់បញ្ជូលអង្គការមួយរបស់វ៉េណេស៊ុយអេឡា ទៅក្នុងបញ្ជីភេរវជន បន្ថែមលើការគំរាមកំហែងវាយប្រហារយោធា។
ក្រុមប្រទេសអាហ្វ្រិក និងសហភាពអឺរ៉ុប បានជួបប្រជុំគ្នាក្នុងជំនួបកំពូលលើកទី៧ កាលពីថ្ងៃចន្ទទី២៤វិច្ឆិកា នៅឯប្រទេសអង់ហ្គោឡា។ សំណុំរឿងពាណិជ្ជកម្ម ការវិនិយោគធនធានរ៉ែ និងបញ្ហាអន្តោប្រវេសន៍សុទ្ធតែជាសំណុំរឿងធំៗ ដែលគេលើកមកនិយាយក្នុងជំនួបកំពូលនេះ។ តែទន្ទឹមគ្នានេះ បញ្ហាបន្ទាន់ស្តីពីផែនការសន្តិភាពនៅអ៊ុយក្រែន ក៏បានតម្រូវឲ្យថ្នាក់ដឹកនាំក្រុមប្រទេសអឺរ៉ុប ចំណាយពេលវេលាប្រជុំពិភាក្សាគ្នាដាច់ដោយឡែកដែរ។
ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំប្រទេសថៃបានរកឃើញថា មីនដែលទាហានថៃបានជាន់កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់មានជម្លោះ ត្រង់ភូមិសាស្ត្រភ្នំត្រប់ ដែលស្ថិតក្នុងខេត្តស៊ីសាកេតរបស់ថៃ គឺជាមីនបង្កប់ថ្មីប្រភេទ PMN-2។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីបញ្ជាការដ្ឋានកងទ័ពថៃចុះថ្ងៃទី២៤ វិច្ឆិកានេះដោយអះអាងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំប្រទេសថៃមានភស្តុតាងរឹងមាំដើម្បីបញ្ជាក់ការពិតនៅក្នុងរឿងនេះ។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មដុតសម្លាប់មួយគ្រួសារនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ រូបភាពនៃករណីដ៏សាហាវព្រៃផ្សៃមួយនេះត្រូវបានគេយកទៅចែកចាយជាបន្តបន្ទាប់លើបណ្តេញសង្គម និងបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ និងផ្លូវចិត្តរបស់សាធារណជនទូទៅ។ អ្នកតាមសង្គមយល់ឃើញថា រូបភាពនៃអំពើហិង្សា ឬឃាតកម្មបែបនេះបានជះឥទ្ធិពលអវិជ្ជមាន និងបង្កការភ័យខ្លាចដល់ពលរដ្ឋនៅតាមមូលដ្ឋាន។ ហេតុអ្វីមិនត្រូវផ្សព្វផ្សាយរូបភាពឃាតកម្មសាហាវព្រៃផ្សៃនៅតាមបណ្តាញសង្គម?
យុវជន តុង លេន ជនជាតិដើមភាគតិចពូនង និងជាអ្នកថតរូបឯករាជ្យបានប្រើប្រាស់ជំនាញចាប់យករូបភាពតាមរយៈកញ្ចក់កាមេរ៉ា ដើម្បីរក្សាអត្តសញ្ញាណវប្បធម៍ និងប្រពៃណីរបស់ជនជាតិដើមភាគតិច។ ចំពោះយុវជន តុង លេន រូបថតនីមួយៗមានអត្ថន័យជ្រាលជ្រៅ ដែលបង្ហាញពីសកម្មភាពផ្សេងៗរបស់ជនជាតិដើមភាគតិច ពិសេសការចូលរួមអភិរក្សធនធានធម្មជាតិ។ ក្នុងន័យនេះ តុង លេន ចង់ឃើញរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ និងសង្គមស៊ីវិលគោរពសិទ្ធិ និងគាំទ្រសកម្មភាពការពារធនធានធម្មជាតិរបស់ជនជាតិដើមភាគតិច៕
រដ្ឋាភិបាលម៉ាឡេស៊ី គ្រោងចាត់វិធានការផ្លូវច្បាប់ បិទខ្ទប់ការប្រើប្រាស់បណ្តាញសង្គម សម្រាប់កុមារ មានអាយុក្រោម ១៦ ឆ្នាំ។ តាមរដ្ឋមន្ត្រីទូរគមនាគមន៍ ច្បាប់ហាមឃាត់នេះ នឹងត្រូវអនុម័តនៅឆ្នាំ២០២៦ ដែលមានគោលបំណងធំ ដើម្បីការពារសុវត្ថិភាពក្មេងៗម៉ាឡេស៊ី ឲ្យជៀសផុតពីរូបភាពឬសកម្មភាពអវិជ្ជមានផ្សេងៗ។
ផែនការសន្តិភាពទាំង២៨ចំណុច ដែលលោកដូណាល់ ត្រាំ បានស្នើទៅកាន់អ៊ុយក្រែន ត្រូវបានភាគីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអ៊ុយក្រែន យកទៅជជែកពិនិត្យឡើងវិញ នៅឯទីក្រុងហ្សឺណែវ កាលពីថ្ងៃអាទិត្យទី២៣វិច្ឆិកា។ អត្ថបទដើមរបស់លោកដូណាល់ ត្រាំ ត្រូវបានភាគីអ៊ុយក្រែនក៏ដូចជាអឺរ៉ុប បដិសេធមិនទទួលយក ព្រោះវាបានផ្តល់អត្ថប្រយោជន៍ទាំងស្រុងទៅខាងរុស្ស៊ី ដែលជាប្រទេសឈ្លានពានគេ។ ក្រោយកិច្ចប្រជុំបន្ទាន់នៅហ្សឺណែវ ភាគីទាំង៣ អាមេរិក អឺរ៉ុប និងអ៊ុយក្រែន បានស្រុះស្រួលគ្នាថានឹងបន្តជជែកគ្នា ដើម្បីឈានទៅតាក់តែងអត្ថបទផែនការសន្តិភាព ថ្មីមួយច្បាប់ទៀត ហើយផែនការនេះ ត្រូវចែងកំណត់ គោរពនិងការពារអធិបតេយ្យភាពទឹកដីរបស់អ៊ុយក្រែន ឲ្យបានទាំងស្រុង។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមិន នេតាន់យ៉ាហ៊ូបានចេញបញ្ជានៅថ្ងៃអាទិត្យ ទី២៣ វិច្ឆិកា ឲ្យកងទ័ពបន្តបាញ់ប្លោងគ្រាប់ទៅលើទីក្រុងបេរូត ដើម្បីកម្ចាត់មេបញ្ជាកំពូលម្នាក់របស់ក្រុមហេសបូឡាលីបង់។ ការវាយប្រហាររបស់អ៊ីស្រាអែល បានបណ្តាលឲ្យមនុស្ស ៥នាក់ បានស្លាប់បាត់បង់ជីវិត និង របួសជាង ២០នាក់។
និស្សិតខ្មែរ ដែលសិក្សាលើជំនាញទន្តវទនសាស្រ្ត ឬមាត់ធ្មេញចំនួន ៥នាក់បានទទួលពានរង្វាន់ឆ្នើមពីការប្រកួតក្នុងវេទិកាប្រកួតប្រជែងចំនួន ២ នៅខេត្តក្វាងស៊ី ប្រទេសចិន កាលពីសប្តាហ៍មុន។ នេះបើតាមការឱ្យដឹងពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាមរយៈការកាន់ពាននេះ និស្សិតខ្មែរទាំង ៥នាក់ ក៏បានទទួលបទពិសោធន៍នៃការផ្លាស់ប្តូរកម្មវិធីសិក្សារបស់និស្សិតរវាងប្រទេសចិន និងបណ្តាប្រទេសក្នុងសមាគមអាស៊ាន។
បញ្ញវន្ត អ្នកសិក្សាស្រាវជ្រាវ និងមេដឹកនាំសង្គមស៊ីវិលមកពីតំបន់អាស៊ានចំនួន ១២១នាក់បានចេញសេចក្តីថ្លែងការណ៍ចំហមួយ កាលពីចុងសប្តាហ៍នេះ ដោយបានស្នើឱ្យរដ្ឋាភិបាលកម្ពុជា និងថៃ ព្រមទាំងអាស៊ានបន្ថយកម្តៅជាបន្ទាន់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ស្របទៅតាមច្បាប់អន្តរជាតិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។ ក្រុមបញ្ញវន្តទាំងជាង ១២០នាក់យល់ថា ជម្លោះព្រំដែនកម្ពុជា-ថៃលើកនេះនឹងអាចធ្វើឱ្យខូចតម្លៃស្នូលរបស់អាស៊ានទាំងមូល។
បន្ទាប់ពីពន្យារពេលមួយថ្ងៃថែមទៀត នៅទីបំផុត សន្និសីទអន្តរជាតិស្តីពីអាកាសធាតុCOP៣០ នៅប្រទេសប្រេស៊ីល បានបិទបញ្ចប់នៅថ្ងៃសៅរ៍ទី ២២ វិច្ឆិកា ដោយសម្រេចបានកិច្ចព្រមព្រៀងអាកាសធាតុដ៏តូចមួយ។ ខកចិត្តខ្លាំង សហភាពអឺរ៉ុប យល់ថា សន្និសីទអាកាសធាតុCOP៣០បានឆ្លុះបញ្ចាំងឱ្យឃើញជាថ្មីអំពី តថភាពនៃភូមិសាស្ត្រនយោបាយ។
នៅថ្ងៃសុក្រទី ២១វិច្ឆិកា២០២៥ មានករណីធ្លាក់យន្តហោះចម្បាំង ជាលើកទីមួយ ក្នុងកម្មវិធីតាំងពិព័រណ៍យន្តហោះនៅក្រុងឌូបៃ។ យន្តហោះចម្បាំងនោះជារបស់ឥណ្ឌា ផលិតនៅឥណ្ឌា មានឈ្មោះថា Tejas (តេជៈ)។ កាលពីខែមីនាឆ្នាំមុន យន្តហោះប្រភេទនេះធ្លាប់ធ្លាក់មួយគ្រឿងហើយ នៅពេលហោះសាកល្បង។ តើគ្រោះថ្នាក់នេះប៉ះពាល់ដល់ឧស្សាហកម្មយន្តហោះចម្បាំងឥណ្ឌា និងរូបភាពប្រទេស យ៉ាងណា?
ក្រោយរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកនយោបាយក្នុងស្រុក នៅថ្ងៃសៅរ៍ម្សិលមិញ លោកដូណាល់ ត្រាំ បានក្រឡាស់ពាក្យសំដីថា ផែនការសន្តិភាព២៨ចំណុច មិនមែនជាសំណើចុងក្រោយសម្រាប់អ៊ុយក្រែនឡើយ។ នៅថ្ងៃអាទិត្យ ទី២៣ វិច្ឆិកា លោកត្រាំបានបញ្ជូនថ្នាក់ដឹកនាំនិងគណៈប្រតិភូអាមេរិក នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដើម្បីជួបពិភាក្សាជាមួយ ភាគីអ៊ុយក្រែន និងអឺរ៉ុប ជុំវិញផែនការសន្តិភាពដ៏ចម្រូងចម្រាស់នេះ។
កម្ពុជាត្រៀមបញ្ជូនក្រុមអត្តពលិកចំនួន ២២២នាក់ ក្នុងកីឡា២១ប្រភេទ ដើម្បីចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ចាប់ពីថ្ងៃទី៩ ដល់ទី២០ ខែធ្នូ ឆ្នាំ២០២៥។ តាមអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ម្ចាស់ផ្ទះថៃបានអះអាងពីការធានាសន្តិសុខឲ្យបានល្អសម្រាប់ប្រតិភូកីឡាស៊ីហ្គេមគ្រប់ប្រទេសទាំងអស់ ដោយនឹងមានការផ្តល់កិច្ចការពារសុវត្ថិភាពជាពិសេសសម្រាប់ប្រតិភូ និងកីឡាករកម្ពុជា។ តែអ្នកតាមដាននយោបាយនៅតែបារម្ភពីហានិភ័យផ្សេងៗចំពោះក្រុមអត្តពលិកកម្ពុជា ព្រោះកន្លងមកភាគីថៃមិនសូវគោរពពាក្យសន្យារបស់ខ្លួនទេ៕
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានច្រានចោលការចោទប្រកាន់របស់ក្រុមបាតុករថៃថា «ម៉ាឡេស៊ីបានជ្រៀតជ្រែក» ក្នុងការដោះស្រាយជម្លោះព្រំដែនរបស់កម្ពុជា និងថៃ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតម៉ាឡេស៊ី Free Malaysia Today ដែលបានចុះផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការចេញមកបញ្ជាក់យ៉ាងដូចនេះរបស់លោក អាន់វ៉ា គឺបន្ទាប់ពីក្រុមបាតុករថៃនៅថ្ងៃទី២២ វិច្ឆិកា បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតម៉ាឡេស៊ីប្រចាំទីក្រុងបាងកក ទីដែលពួកគេបានចោទប្រកាន់លោក Anwar ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេនថាបានជ្រៀតជ្រែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃដើម្បីរក្សាអធិបតេយ្យភាពរបស់ខ្លួន។
ក្រុមប្រដាប់អាវុធនៅភាគកណ្តាលនីហ្សេរីយ៉ា បានចាប់ខ្លួនសិស្សសាលានិងគ្រូបង្រៀន កាន់សាសនាគ្រិស្ត ចំនួនយ៉ាងហោច ៣១៥នាក់ កាលពីថ្ងៃសុក្រទី២១វិច្ឆិកា។ នេះគឺជាករណីចាប់ជំរិតសិស្សសាលា ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រទេសអាហ្វ្រិកមួយនេះ។ ករណីនេះ បានកើតឡើងតែ៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីចាប់ជំរិតសិស្សសាលាភេទស្រីចំនួន២៥នាក់ នៅក្នុងរដ្ឋផ្សេងមួយទៀតនៃប្រទេសនីហ្សេរីយ៉ា។
ជំនួបកំពូលហ្សេ២០ ថ្ងៃទី ២២-២៣វិច្ឆិកាឆ្នាំ២០២៥ ប្រព្រឹត្តទៅ ជាលើកទីមួយ នៅលើដែនដីទ្វីបអាហ្វ្រិក។ ប្រទេសអាហ្វ្រិកខាងត្បូង ជាប្រធានផ្លាស់វេនហ្សេ២០ ចង់ឱ្យជំនួបកំពូល ដែលធ្លាប់ជាឱកាសជួបជុំមេដឹកនាំកំពូលៗនៅលើពិភពលោក ក្លាយជាជោគជ័យការទូតនិងពហុភាគីនិយម។ អាកាសធាតុ ហិរញ្ញវត្ថុ និងភូមិសាស្ត្រនយោបាយ ជាសំណុំរឿងដែលក្រុមហ្សេ២០ត្រូវលើកមកជជែកគ្នាដោះស្រាយ ប៉ុន្តែប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានធ្វើពហិការមិនចូលរួមទេ។
កាលពីថ្ងៃពុធទី១៩វិច្ឆិកា សហរដ្ឋអាមេរិកស្នើផែនការសន្តិភាពភាព ទៅកាន់អ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។ ផែនការរបស់លោកដូណាល់ ត្រាំ ដែលមាន២៨ចំណុចនេះ បានកំណត់តម្រូវឲ្យអ៊ុយក្រែន ត្រូវកាត់ទឹកដីឲ្យរុស្ស៊ី ត្រូវសន្យាមិនចូលក្នុងអង្គការអូតង់ ហើយត្រូវកាត់បន្ថយកម្លាំងទ័ពមិនឲ្យលើសពី៦សែននាក់។ សម្រាប់អ៊ុយក្រែន ក៏ដូចជាសហភាពអឺរ៉ុប ផែនការសន្តិភាពដែលដូណាល់ ត្រាំ បានស្នើមកនេះ វាប្រៀបបីដូចជាការកាត់ក្បាលអ៊ុយក្រែន យ៉ាងអយុត្តិធម៌បំផុត ដើម្បីបំពេញចិត្តរុស្ស៊ី។ ល្ងាចថ្ងៃសុក្រទី២១វិច្ឆិកា លោកហ្សេឡេនស្គី បានថ្លែងសារទៅកាន់ប្រជាជនអ៊ុយក្រែន ដោយលោកបានលើកឡើងថា អ៊ុយក្រែនកំពុងប្រឈមនឹងការសម្រេចចិត្តដ៏លំបាកបំផុត រវាងការសុខចិត្តបាត់បង់កិត្តយសនិងភាពថ្លៃថ្នូរ ឬមួយក៏ត្រូវបាត់បង់អាមេរិកជាសម្ព័ន្ធមិត្ត។ តែយ៉ាងណាលោកហ្សេឡេនស្គីអះអាងថា លោកនឹងមិនក្បត់ប្រយោជន៍ជាតិអ៊ុយក្រែនជាដាច់ខាត។
អ្នកការពារសិទ្ធិមនុស្សទទូចឲ្យសាលាដំបូងរាជធានីភ្នំពេញទម្លាក់ចោលបទចោទទៅលើ លោក ស៊្រុន ស៊្រន អ្នកផ្សព្វផ្សាយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងសកម្មជន២នាក់ទៀត នៅក្នុងសំណុំរឿង«ញុះញង់» ខណៈពួកគេត្រូវបានដាក់ឲ្យជាប់ឃុំជាង១៥ខែ។ ការស្នើនេះធ្វើឡើង បន្ទាប់ពីតុលាការជាន់ទាប បានបើកសវនាការសួរដេញដោលជនជាប់ទាំង៣នាក់ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ តែបានប្រកាសបន្តសវនាការទៅថ្ងៃក្រោយដោយមិនបានកំណត់ពេលជាក់លាក់។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង «ហ្វ្រង់កូហ្វូនី» លើកទី២០នៅឆ្នាំ២០២៦។ ក្នុងឱកាសទទួលតំណែងជាប្រធានសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្រ្វង់កូហ្វូនីលើកទី៤៧ រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានថ្លែងថា កម្ពុជានឹងរៀបចំកិច្ចប្រជុំនេះឲ្យទទួលបានជោគជ័យ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា កិច្ចប្រជុំនេះនឹងបើកផ្លូវឲ្យកម្ពុជាធ្វើឲ្យមានភាពចម្រុះក្នុងវិស័យការទូតដើម្បីទាញយកប្រយោជន៍ផ្សេងៗ រួមមានការផ្លាស់ប្តូរពាណិជ្ជកម្ម ការបណ្តាក់ទុន និងការជំរុញវិស័យទេសចរណ៍។
ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់រថយន្តក្រុងដឹកអ្នកដំណើរពេលយប់មួយគ្រឿងបុកបង្កាន់ដៃស្ពាន ក្រឡាប់ចូលក្នុងទឹកនៅខេត្តកំពង់ធំកាលពីយប់ថ្ងៃទី២០ វិច្ឆិកាបានកើនដល់ ១៦នាក់។ សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ដ៏ធំមួយនេះត្រូវបានអ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអ្នកតាមដានសង្គមនានាទាមទារឲ្យមានយន្តការជាក់លាក់មួយដើម្បីកុំឲ្យករណីដូចគ្នានេះកើតឡើងជាថ្មីម្តងទៀត។ តើគួរមានយន្តការអ្វីខ្លះដើម្បីឲ្យការដឹកជញ្ជូនតាមរថយន្តក្រុងពេលយប់មានសុវត្ថិភាព?
រមៀត ខ្ញី ម្រេច ម្ទេស... គ្រឿងទេស មានគុណប្រយោជន៍សម្រាប់សុខភាពច្រើនណាស់ ដូចជាសម្រាប់ប្រឆាំងនឹងបាក់តេរី ប្រឆាំងនឹងការរោលរលាក ទល់ឬហើមពោះ។ បើចេះផ្សំប្រើ គ្រឿងទេសមិនត្រឹមតែជួយលើករសជាតិម្ហូបអាហារទេ តែអាចកាត់បន្ថយការប្រើអំបិល និងស្ករ បានទៀត។
ជិត១៥ឆ្នាំក្រោយគ្រោះមហន្តរាយនុយក្លេអ៊ែរនៅហ្វ៊ូគូស្ហ៊ីម៉ាឆ្នាំ២០១១ ជប៉ុនបានសម្រេចបើកមជ្ឈមណ្ឌលនុយក្លេអ៊ែរដ៏ធំជាងបំផុតនៅលើពិភពលោក ឱ្យដំណើរការឡើងវិញ។ អាជ្ញាធរមូលដ្ឋានទើបព្រមផ្តល់ការអនុញ្ញាតនៅថ្ងៃសុក្រទី ២១វិច្ឆិកានេះ។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បំពេញទស្សនកិច្ចមួយជុំអាហ្វ្រិក ដោយចាប់ផ្តើមពីកោះ ម៉ូរីស ហើយបន្តទៅ អាហ្វ្រិកខាងត្បូង និង ហ្គាបុង មុននឹងបញ្ចប់នៅ អង់ហ្គោឡា។ ទស្សនកិច្ចនៅតំបន់អាហ្វ្រិកលើកនេះ ត្រូវវិមានប្រធានាធិបតីអេលីហ្សេ ពន្យល់ថា ដើម្បីរឹតចំណងទាក់ទងផ្នែកសេដ្ឋកិច្ច វប្បធម៌ និងការសិក្សាជាន់ខ្ពស់។ តែ អ្នកវិភាគភូមិសាស្ត្រនយោបាយ គិតឃើញថា បារាំងកំពុងតែរកទីតាំងឈរជើងជាថ្មីនៅអាហ្វ្រិក ក្រោយពីត្រូវគេបណ្តេញទាត់ចេញពីតំបន់សាហែល។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកព្រឹទ្ធសភាកម្ពុជា បានមានបន្ទូលប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី ២១ វិច្ឆិកានេះថា ព្រះអង្គកំពុងជួបបញ្ហាទាល់ច្រកដោយសារតែតែព្រះអង្គខ្វះឯកសារដើម្បីបន្តបណ្ណបើកបរដែលបានផុតសុពលភាព។ ខ្វះឯកសារព្រោះព្រះអង្គគ្មានសំបុត្រកំណើត និងគ្មានអត្តសញ្ញាណបណ្ណ។ បើតាមព្រះអង្គម្ចាស់ ធម្មិកោ ព្រះអង្គបានទៅសុំអាជ្ញាធរមូលដ្ឋានដើម្បីចេញលិខិតបញ្ជាក់សំបុត្រកំណើតជាច្រើនដងដែរ ទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប តែអាជ្ញាធរមិនបានចេញជូនទេ ពោលមានរយៈប្រមាណ ២០ឆ្នាំ ចាប់តាំងពីទ្រង់យាងពីប្រទេសបារាំងមកនៅកម្ពុជាវិញ។ ទោះជាយ៉ាងណា បន្ទាប់ពីទ្រង់បានបង្ហោះសារបែបនេះលើបណ្តាញសង្គម ខាងមន្ត្រីអត្តសញ្ញាណកម្មក៏បានទាក់ទងមកកាន់ព្រះអង្គដើម្បីសួរនាំ៕
សារព័ត៌មានសិង្ហបុរី Channel News Asia បានចុះផ្សាយនូវអត្ថបទវិចារណកថានៅថ្ងៃសុក្រ ទី២១ ខែវិច្ឆិកានេះថា មជ្ឈមណ្ឌលឆបោកអនឡាញនៅកម្ពុជាមិនបានបាត់រលត់ទៅណាទេ និងថា ការបង្ក្រាបចុងក្រោយធ្វើឡើងតែទៅលើជនល្មើសតូចតាច និងគ្រាន់ជាល្ខោនបំភាន់ភ្នែកអន្តរជាតិប៉ុណ្ណោះ។