ទើបតែចេញពីមន្ទីរឃុំឃាំងបានប៉ុន្មានសប្តាហ៍សោះ តើ អតីតប្រមុខរដ្ឋបារាំង លោក នីកូឡា សាកូហ្ស៊ី អាចត្រូវវិលត្រឡប់ចូលពន្ធនាគារវិញ ឬយ៉ាងណា? អតីតប្រធានាធិបតីបារាំងរូបនេះ ប្រឡាក់រឿងអាស្រូវនយោបាយ និងកំពុងជាប់ក្តីក្តាំតាមផ្លូវតុលាការជាច្រើនសំណុំរឿង។ រឿងក្តីខ្លះ កំពុងបន្តនៅតុលាការឧទ្ធរណ៍ ខ្លះទៀតនៅតុលាការកំពូល។ តុលាការកំពូល នាថ្ងៃទី២៦វិច្ឆិកា បានចេញសេចក្តីសម្រេចតម្កល់សាលដីការបស់តុលាការឧទ្ធណ៍ ដែលបានផ្តន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំ ចំពោះរូបលោក នីកូឡា សាកូហ្ស៊ី ក្នុងសំណុំរឿងឃោសនាបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១២។
អគ្គីភ័យដ៏ធំសម្បើម គួរឲ្យតក់ស្លុតមួយ បានលេបត្របាក់អគារខ្ពស់ៗ ចំនួនយ៉ាងហោច៥អគារ នៅទីក្រុងហុងកុងកាលពីល្ងាចថ្ងៃពុធទី២៦វិច្ឆិកា។ យោងតាមអាជ្ញាធរហុងកុង គិតត្រឹមយប់ថ្ងៃពុធ គឺមានមនុស្សស្លាប់យ៉ាងហោច ១៣នាក់ ខណៈមនុស្សច្រើននាក់ទៀតកំពុងជាប់គាំងក្នុងអគារ។
របាយការណ៍ថ្មីរបស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី២៦វិច្ឆិកា កត់សម្គាល់ឃើញថា ទោះប្រាក់ខែគ្រូនៅកម្ពុជាត្រូវបានដំឡើងជាបន្តបន្ទាប់តាំងពីឆ្នាំ ២០១៣មក ក៏ការបង្រៀននៅក្នុងសាលារដ្ឋកម្រិតបឋមនៅតែប្រឈមនឹងគុណវិបត្តិមួយចំនួនដូចជា គ្រូនៅឆ្លៀតទៅធ្វើការខាងក្រៅ ហើយសិស្សនៅតែរៀនខ្សោយក្នុងមុខវិជ្ជាខ្លះ រួមមាន អក្ខរកម្ម និងលេខនព្វន្ត។ អ្នកតាមដានសង្គមកម្ពុជា យល់ឃើញថា រដ្ឋាភិបាលគួរពិនិត្យមើលកត្តាផ្សេងទៀត ដើម្បីពង្រឹងគុណភាពបង្រៀនដូចជា កំណែទម្រង់ផ្នែករដ្ឋបាល ការផ្តល់ទំនុកបម្រុងបន្ថែមដល់គ្រូបង្រៀន និងមានយន្តការបង្កើតសាលាឯកជនក្នុងរូបភាពអង្គការក្រៅរដ្ឋាភិបាល៕
របបសឹកភូមា បញ្ជាក់អំពីការចាប់ខ្លួនមនុស្ស ជិត ១ ៦០០ នាក់ នៅមជ្ឈមណ្ឌលឆបោកអនឡាញ មួយកន្លែង ក្បែរព្រំដែនថៃ។ ពួកគេទាំងនោះ សុទ្ធតែជាជនបរទេស។ រដ្ឋអំណាចភូមា បានបង្កើនយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ កាន់តែសកម្ម ស្របពេលដែលការរៀបចំបោះឆ្នោតជាតិ កាន់តែខិតចូលមកដល់។
បណ្តាខេត្តចំនួន៧ នៅភាគខាងត្បូងប្រទេសថៃ បានរងគ្រោះដោយទឹកជំនន់ បណ្តាលមកពីទឹកភ្លៀងធ្លាក់យ៉ាងគំហុកជាប់ៗគ្នាជាច្រើនថ្ងៃ។ គិតត្រឹមថ្ងៃពុធទី២៦វិច្ឆិកា អាជ្ញាធរថៃបានឲ្យដឹងថាមានមនុស្សស្លាប់យ៉ាងហោច៣៣នាក់ និងមនុស្សច្រើនម៉ឺននាក់ទៀត ត្រូវភៀសខ្លួន។ ទឹកភ្លៀងកំពុងតែបន្តបោកសង្គ្រុបនៅម៉ាឡេស៊ី ហើយធ្វើឲ្យអាជ្ញាធរប្រទេសនេះចាប់ផ្តើមជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់ដែរ។
ក្រសួងអប់រំបានឱ្យដឹងថា ប្រតិភូកីឡាស៊ីហ្គេមកម្ពុជាបានរៀបចំក្រុមអន្តរាគមន៍ពិសេសមួយសម្រាប់តាមដាន និងធានាដល់សុវត្ថិភាពអត្តពលិក ពិសេសនៅពេលមានវិបត្តិកើតឡើងអំឡុងពេលអត្តពលិកកម្ពុជាចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ។ ការបង្កើតក្រុមអន្តរាគមន៍ពិសេសនាពេលនេះ គឺដើម្បីឆ្លើយចំពោះក្តីបារម្ភរបស់សាធារណជនចំពោះសុវត្ថិភាពរបស់ប្រតិភូកីឡាកម្ពុជា រួមនឹងអត្តពលិកផង ចំពេលកម្ពុជា និងថៃកំពុងមានជម្លោះព្រំដែននឹងគ្នា។
ស៊ុន រដ្ឋា សមាជិកសកម្មរបស់ចលនាមាតាធម្មជាតិតែម្នាក់គត់ដែលបានរត់គេចខ្លួនចេញពីប្រទេសកម្ពុជា ខណៈពេលសកម្មជន៥រូបរបស់ចលនាមួយនេះត្រូវចាប់ដាក់ឃុំក្នុងពន្ធនាគារ ក្នុងទោសរួមគំនិតក្បត់ជាតិ។ តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះ អង្គការការពារសិទ្ធិមនុស្សAmnesty International France បានអញ្ជើញស៊ុន រដ្ឋាឲ្យមកចូលរួមនៅក្នុងយុទ្ធនាការសិទ្ធិសរសេរ និងបំពេញទស្សនកិច្ចនៅប្រទេសអឺរ៉ុបមួយចំនួន ដូចជាបារាំង ប៊ែលហ្សិក និងស៊ុយអែត។ នៅទីក្រុងប៉ារីស ប្រទេសបារាំងស៊ុន រដ្ឋា កាលពីថ្ងៃអង្គារទី ២៥វិច្ឆិកា បានជួប និងរៀបរាប់ប្រាប់អ្នកតំណាងកិច្ចការអាស៊ានរបស់ក្រសួងការបរទេស ពីស្ថានភាពរបស់សកម្មជន របស់ចលនាមាតាធម្មជាតិដែលកំពុងជាប់ក្នុងពន្ធនាគារ ក៏ព្រោះតែបុព្វហេតុការពារបរិស្ថាន និងសិទ្ធិរបស់ប្រជាជនភាគតិច។ #ចលនាមាតាធម្មជាតិ #បរិស្ថាន #ការពារព្រៃឈើ #បូមខ្សាច់ #ទូកនេសាទវៀតណាម #ស៊ុនរដ្ឋា
រដ្ឋាភិបាលបារាំង បានប្រគល់ខ្លាឃ្មុំ ប៉ងដា (Panda) ១គូ មានអាយុ១៧ឆ្នាំ ទៅឲ្យ រដ្ឋអំណាចចិន វិញ។ ពលរដ្ឋបារាំង ពិសេសបុគ្គលិកសួនសត្វដែលបានចិញ្ចឹមសត្វទាំង២ ចំនួន១៣ឆ្នាំហើយ បានបង្ហូរទឹកភ្នែកទាំងអាឡោះអាល័យ ក្នុងថ្ងៃលាគ្នាជាចុងក្រោយ។ តែយ៉ាងណាក្តី អាជ្ញាធរចិន សន្យាថានឹងឲ្យបារាំងខ្ចី ខ្លាឃ្មុំប៉ងដា ផ្សេងទៀត នាពេលឆាប់ៗខាងមុខ។ គួរជ្រាបថា ខ្លាឃ្មុំ ប៉ងដា ជានិម្មិតរូបដ៏សំខាន់ នៃយុទ្ធសាស្ត្រការទូតចិននៅបរទេស ដើម្បីស្តែងអំពីចំណងមេត្រីភាព ការដឹងគុណ និងការពង្រឹងមិត្តភាពជាមួយចិន។
ដំណើរការវាស់វែង និងបោះបង្គោលព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ ក្នុងខេត្តបន្ទាយមានជ័យ និងលេខ ៥២-៥៩ ក្នុងខេត្តបាត់ដំបងមិនមែនជាការងារដែលធ្វើឡើងទាំងតក់ក្រហល់ ដូចការរិះគន់ក្នុងបណ្តាញសង្គមនោះទេ។ នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២៥ វិច្ឆិកានេះ។ ចំពោះលោក ហ៊ុន ម៉ាណែត ដំណើរការវាស់វែង និងបោះបង្គោលព្រំដែននេះជាដំណើរវែងឆ្ងាយមួយដែលក្រុមការងារបច្ចេកទេសព្រំដែនកម្ពុជា និងថៃ បានធ្វើរួមគ្នាជិត ២០ឆ្នាំមកហើយក្នុងគោលដៅសន្តិភាពតាមបណ្តោយព្រំដែន។
ក្រសួងមហាផ្ទៃបានប្រកាសនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះពីការដាក់ពង្រាយមន្ត្រីនគរបាលនៅតាមគោលដៅនានា ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ បន្ទាប់ពីផ្អាកកាលពីខែសីហា ឆ្នាំ២០២៥កន្លងទៅ។ ការសម្រេចដូចនេះដោយសារក្រសួងមើលឃើញពីកំណើនគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ និងភាពគ្មានសណ្តាប់ធ្នាប់នៅលើដងផ្លូវ។ តែការត្រួតពិនិត្យនេះធ្វើឡើងត្រឹមកំរិតអប់រំណែនាំប៉ុណ្ណោះ ពោលគ្មានការផាកពិន័យអ្វីទេ។ អ្នកជំនាញបញ្ហាសុវត្ថិភាពចរាចរណ៍នានាបានសម្តែងការគាំទ្រចំពោះវិធានការនេះ តែពួកគេបានស្នើឲ្យមានការអនុវត្តជាប់ជាប្រចាំ ពោលមិនគួរធ្វើឡើងដូចអំពិលអំពែកនោះទេ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈលោក កែវ រ៉េមី បានប្រាប់រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សឥណ្ឌូណេស៊ីថា ថៃបានបង្កការបែកបាក់ក្នុងអាស៊ាន និងបានបំផ្លាញស្នូលចម្បងរបស់អាស៊ាន ក្រោយផ្ទុះជម្លោះព្រំដែនជាមួយកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោក កែវ រ៉េមី បានស្នើឱ្យឥណ្ឌូណេស៊ីជួយជំរុញឱ្យថៃដោះស្រាយបញ្ហានានាជាមួយកម្ពុជាដោយសន្តិវិធី។
កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការបញ្ជូនកុមារឲ្យចូលរៀននៅថ្នាក់បឋមសិក្សា តែចាំបាច់កែលម្អជាបន្ទាន់នូវសកម្មភាពបង្រៀននៅក្នុងថ្នាក់រៀន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក World Bank ចេញផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។ ចំពោះធនាគារពិភពលោក ក្រសួងអប់រំកម្ពុជាត្រូវពិនិត្យមើលគុណភាព និងបរិមាណម៉ោងនៃការបង្រៀននៅតាមសាលារៀនថ្នាក់បឋមសិក្សា ពិសេសមុខវិជ្ជាអក្ខរកម្ម និងលេខនព្វន្តជាមូលដ្ឋាន។
ប្រឈមនឹងការគំរាមកំហែងពីជប៉ុនដែលចង់ការពារតៃវ៉ាន់ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឆ្កឹះយកសំណុំរឿងតៃវ៉ាន់ទៅជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ប្រមុខរដ្ឋចិនចង់យកបញ្ហាតៃវ៉ាន់ធ្វើជាប្រធាបទស្នូលមួយក្នុងការចរចាពាណិជ្ជកម្មជាមួយប្រធានាធិបតីអាមេរិក។ បុរសខ្លាំងចិនថែមទាំងធានាហ៊ានជួយសម្រុះសម្រួលវិបត្តិអ៊ុយក្រែន ប្រសិនបើអាមេរិកមិនលូកដៃក្នុងសំណុំរឿងតៃវ៉ាន់។
សហគមន៍មួយចំនួននៅតាមបណ្តោយអូរតាបូក ក្នុងខេត្តរតនគិរី ប្រទេសកម្ពុជា កំពុងជួបប្រទះនឹងវិបត្តិបំពុលទឹក និងសុខភាពសាធារណៈធ្ងន់ធ្ងរ ដោយសារតែការបំពុលទឹកចេញពីការជីកយករ៉ែមាស។ នេះបើតាមអត្ថបទចុះផ្សាយដោយកាសែត Mongabay នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាម Mongabay អ្នកភូមិអូរតាបូក ក្នុងខេត្តរតនគិរី បានប្រើប្រាស់ទឹកអូរនេះសម្រាប់តម្រូវការប្រចាំថ្ងៃ និងជាអាងស្តុកត្រីធំមួយ។ តែក្រសួងរ៉ែ និងថាមពលអះអាងថា ការចុះផ្សាយរបស់ Mongabay គឺជារឿងមិនពិត។
សហគមន៍មួយចំនួននៅតាមបណ្តោយអូរតាបូក ក្នុងខេត្តរតនគិរី ប្រទេសកម្ពុជា កំពុងជួបប្រទះនឹងវិបត្តិបំពុលទឹក និងសុខភាពសាធារណៈធ្ងន់ធ្ងរ ដោយសារតែការបំពុលទឹកចេញពីការជីកយករ៉ែមាស។ នេះបើតាមអត្ថបទចុះផ្សាយដោយកាសែត Mongabay នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាម Mongabay អ្នកភូមិអូរតាបូក ក្នុងខេត្តរតនគិរី បានប្រើប្រាស់ទឹកអូរនេះសម្រាប់តម្រូវការប្រចាំថ្ងៃ និងជាអាងស្តុកត្រីធំមួយ។ តែក្រសួងរ៉ែ និងថាមពលអះអាងថា ការចុះផ្សាយរបស់ Mongabay គឺជារឿងមិនពិត។
ប្រធានាធិបតីវ៉េណេស៊ុយអេឡា បានបរិហារ សហរដ្ឋអាមេរិក ថាកំពុងតែលាបពណ៌ កុហកបោកប្រាស់។ ប្រតិកម្មយ៉ាងដូច្នេះ ធ្លាក់មក បន្ទាប់ពី រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានដាក់បញ្ជូលអង្គការមួយរបស់វ៉េណេស៊ុយអេឡា ទៅក្នុងបញ្ជីភេរវជន បន្ថែមលើការគំរាមកំហែងវាយប្រហារយោធា។
ក្រុមប្រទេសអាហ្វ្រិក និងសហភាពអឺរ៉ុប បានជួបប្រជុំគ្នាក្នុងជំនួបកំពូលលើកទី៧ កាលពីថ្ងៃចន្ទទី២៤វិច្ឆិកា នៅឯប្រទេសអង់ហ្គោឡា។ សំណុំរឿងពាណិជ្ជកម្ម ការវិនិយោគធនធានរ៉ែ និងបញ្ហាអន្តោប្រវេសន៍សុទ្ធតែជាសំណុំរឿងធំៗ ដែលគេលើកមកនិយាយក្នុងជំនួបកំពូលនេះ។ តែទន្ទឹមគ្នានេះ បញ្ហាបន្ទាន់ស្តីពីផែនការសន្តិភាពនៅអ៊ុយក្រែន ក៏បានតម្រូវឲ្យថ្នាក់ដឹកនាំក្រុមប្រទេសអឺរ៉ុប ចំណាយពេលវេលាប្រជុំពិភាក្សាគ្នាដាច់ដោយឡែកដែរ។
ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំប្រទេសថៃបានរកឃើញថា មីនដែលទាហានថៃបានជាន់កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់មានជម្លោះ ត្រង់ភូមិសាស្ត្រភ្នំត្រប់ ដែលស្ថិតក្នុងខេត្តស៊ីសាកេតរបស់ថៃ គឺជាមីនបង្កប់ថ្មីប្រភេទ PMN-2។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីបញ្ជាការដ្ឋានកងទ័ពថៃចុះថ្ងៃទី២៤ វិច្ឆិកានេះដោយអះអាងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំប្រទេសថៃមានភស្តុតាងរឹងមាំដើម្បីបញ្ជាក់ការពិតនៅក្នុងរឿងនេះ។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មដុតសម្លាប់មួយគ្រួសារនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ រូបភាពនៃករណីដ៏សាហាវព្រៃផ្សៃមួយនេះត្រូវបានគេយកទៅចែកចាយជាបន្តបន្ទាប់លើបណ្តេញសង្គម និងបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ និងផ្លូវចិត្តរបស់សាធារណជនទូទៅ។ អ្នកតាមសង្គមយល់ឃើញថា រូបភាពនៃអំពើហិង្សា ឬឃាតកម្មបែបនេះបានជះឥទ្ធិពលអវិជ្ជមាន និងបង្កការភ័យខ្លាចដល់ពលរដ្ឋនៅតាមមូលដ្ឋាន។ ហេតុអ្វីមិនត្រូវផ្សព្វផ្សាយរូបភាពឃាតកម្មសាហាវព្រៃផ្សៃនៅតាមបណ្តាញសង្គម?
យុវជន តុង លេន ជនជាតិដើមភាគតិចពូនង និងជាអ្នកថតរូបឯករាជ្យបានប្រើប្រាស់ជំនាញចាប់យករូបភាពតាមរយៈកញ្ចក់កាមេរ៉ា ដើម្បីរក្សាអត្តសញ្ញាណវប្បធម៍ និងប្រពៃណីរបស់ជនជាតិដើមភាគតិច។ ចំពោះយុវជន តុង លេន រូបថតនីមួយៗមានអត្ថន័យជ្រាលជ្រៅ ដែលបង្ហាញពីសកម្មភាពផ្សេងៗរបស់ជនជាតិដើមភាគតិច ពិសេសការចូលរួមអភិរក្សធនធានធម្មជាតិ។ ក្នុងន័យនេះ តុង លេន ចង់ឃើញរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ និងសង្គមស៊ីវិលគោរពសិទ្ធិ និងគាំទ្រសកម្មភាពការពារធនធានធម្មជាតិរបស់ជនជាតិដើមភាគតិច៕
រដ្ឋាភិបាលម៉ាឡេស៊ី គ្រោងចាត់វិធានការផ្លូវច្បាប់ បិទខ្ទប់ការប្រើប្រាស់បណ្តាញសង្គម សម្រាប់កុមារ មានអាយុក្រោម ១៦ ឆ្នាំ។ តាមរដ្ឋមន្ត្រីទូរគមនាគមន៍ ច្បាប់ហាមឃាត់នេះ នឹងត្រូវអនុម័តនៅឆ្នាំ២០២៦ ដែលមានគោលបំណងធំ ដើម្បីការពារសុវត្ថិភាពក្មេងៗម៉ាឡេស៊ី ឲ្យជៀសផុតពីរូបភាពឬសកម្មភាពអវិជ្ជមានផ្សេងៗ។
ផែនការសន្តិភាពទាំង២៨ចំណុច ដែលលោកដូណាល់ ត្រាំ បានស្នើទៅកាន់អ៊ុយក្រែន ត្រូវបានភាគីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអ៊ុយក្រែន យកទៅជជែកពិនិត្យឡើងវិញ នៅឯទីក្រុងហ្សឺណែវ កាលពីថ្ងៃអាទិត្យទី២៣វិច្ឆិកា។ អត្ថបទដើមរបស់លោកដូណាល់ ត្រាំ ត្រូវបានភាគីអ៊ុយក្រែនក៏ដូចជាអឺរ៉ុប បដិសេធមិនទទួលយក ព្រោះវាបានផ្តល់អត្ថប្រយោជន៍ទាំងស្រុងទៅខាងរុស្ស៊ី ដែលជាប្រទេសឈ្លានពានគេ។ ក្រោយកិច្ចប្រជុំបន្ទាន់នៅហ្សឺណែវ ភាគីទាំង៣ អាមេរិក អឺរ៉ុប និងអ៊ុយក្រែន បានស្រុះស្រួលគ្នាថានឹងបន្តជជែកគ្នា ដើម្បីឈានទៅតាក់តែងអត្ថបទផែនការសន្តិភាព ថ្មីមួយច្បាប់ទៀត ហើយផែនការនេះ ត្រូវចែងកំណត់ គោរពនិងការពារអធិបតេយ្យភាពទឹកដីរបស់អ៊ុយក្រែន ឲ្យបានទាំងស្រុង។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមិន នេតាន់យ៉ាហ៊ូបានចេញបញ្ជានៅថ្ងៃអាទិត្យ ទី២៣ វិច្ឆិកា ឲ្យកងទ័ពបន្តបាញ់ប្លោងគ្រាប់ទៅលើទីក្រុងបេរូត ដើម្បីកម្ចាត់មេបញ្ជាកំពូលម្នាក់របស់ក្រុមហេសបូឡាលីបង់។ ការវាយប្រហាររបស់អ៊ីស្រាអែល បានបណ្តាលឲ្យមនុស្ស ៥នាក់ បានស្លាប់បាត់បង់ជីវិត និង របួសជាង ២០នាក់។
និស្សិតខ្មែរ ដែលសិក្សាលើជំនាញទន្តវទនសាស្រ្ត ឬមាត់ធ្មេញចំនួន ៥នាក់បានទទួលពានរង្វាន់ឆ្នើមពីការប្រកួតក្នុងវេទិកាប្រកួតប្រជែងចំនួន ២ នៅខេត្តក្វាងស៊ី ប្រទេសចិន កាលពីសប្តាហ៍មុន។ នេះបើតាមការឱ្យដឹងពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាមរយៈការកាន់ពាននេះ និស្សិតខ្មែរទាំង ៥នាក់ ក៏បានទទួលបទពិសោធន៍នៃការផ្លាស់ប្តូរកម្មវិធីសិក្សារបស់និស្សិតរវាងប្រទេសចិន និងបណ្តាប្រទេសក្នុងសមាគមអាស៊ាន។
បញ្ញវន្ត អ្នកសិក្សាស្រាវជ្រាវ និងមេដឹកនាំសង្គមស៊ីវិលមកពីតំបន់អាស៊ានចំនួន ១២១នាក់បានចេញសេចក្តីថ្លែងការណ៍ចំហមួយ កាលពីចុងសប្តាហ៍នេះ ដោយបានស្នើឱ្យរដ្ឋាភិបាលកម្ពុជា និងថៃ ព្រមទាំងអាស៊ានបន្ថយកម្តៅជាបន្ទាន់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ស្របទៅតាមច្បាប់អន្តរជាតិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។ ក្រុមបញ្ញវន្តទាំងជាង ១២០នាក់យល់ថា ជម្លោះព្រំដែនកម្ពុជា-ថៃលើកនេះនឹងអាចធ្វើឱ្យខូចតម្លៃស្នូលរបស់អាស៊ានទាំងមូល។
បន្ទាប់ពីពន្យារពេលមួយថ្ងៃថែមទៀត នៅទីបំផុត សន្និសីទអន្តរជាតិស្តីពីអាកាសធាតុCOP៣០ នៅប្រទេសប្រេស៊ីល បានបិទបញ្ចប់នៅថ្ងៃសៅរ៍ទី ២២ វិច្ឆិកា ដោយសម្រេចបានកិច្ចព្រមព្រៀងអាកាសធាតុដ៏តូចមួយ។ ខកចិត្តខ្លាំង សហភាពអឺរ៉ុប យល់ថា សន្និសីទអាកាសធាតុCOP៣០បានឆ្លុះបញ្ចាំងឱ្យឃើញជាថ្មីអំពី តថភាពនៃភូមិសាស្ត្រនយោបាយ។
នៅថ្ងៃសុក្រទី ២១វិច្ឆិកា២០២៥ មានករណីធ្លាក់យន្តហោះចម្បាំង ជាលើកទីមួយ ក្នុងកម្មវិធីតាំងពិព័រណ៍យន្តហោះនៅក្រុងឌូបៃ។ យន្តហោះចម្បាំងនោះជារបស់ឥណ្ឌា ផលិតនៅឥណ្ឌា មានឈ្មោះថា Tejas (តេជៈ)។ កាលពីខែមីនាឆ្នាំមុន យន្តហោះប្រភេទនេះធ្លាប់ធ្លាក់មួយគ្រឿងហើយ នៅពេលហោះសាកល្បង។ តើគ្រោះថ្នាក់នេះប៉ះពាល់ដល់ឧស្សាហកម្មយន្តហោះចម្បាំងឥណ្ឌា និងរូបភាពប្រទេស យ៉ាងណា?
ក្រោយរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកនយោបាយក្នុងស្រុក នៅថ្ងៃសៅរ៍ម្សិលមិញ លោកដូណាល់ ត្រាំ បានក្រឡាស់ពាក្យសំដីថា ផែនការសន្តិភាព២៨ចំណុច មិនមែនជាសំណើចុងក្រោយសម្រាប់អ៊ុយក្រែនឡើយ។ នៅថ្ងៃអាទិត្យ ទី២៣ វិច្ឆិកា លោកត្រាំបានបញ្ជូនថ្នាក់ដឹកនាំនិងគណៈប្រតិភូអាមេរិក នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដើម្បីជួបពិភាក្សាជាមួយ ភាគីអ៊ុយក្រែន និងអឺរ៉ុប ជុំវិញផែនការសន្តិភាពដ៏ចម្រូងចម្រាស់នេះ។
កម្ពុជាត្រៀមបញ្ជូនក្រុមអត្តពលិកចំនួន ២២២នាក់ ក្នុងកីឡា២១ប្រភេទ ដើម្បីចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ចាប់ពីថ្ងៃទី៩ ដល់ទី២០ ខែធ្នូ ឆ្នាំ២០២៥។ តាមអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ម្ចាស់ផ្ទះថៃបានអះអាងពីការធានាសន្តិសុខឲ្យបានល្អសម្រាប់ប្រតិភូកីឡាស៊ីហ្គេមគ្រប់ប្រទេសទាំងអស់ ដោយនឹងមានការផ្តល់កិច្ចការពារសុវត្ថិភាពជាពិសេសសម្រាប់ប្រតិភូ និងកីឡាករកម្ពុជា។ តែអ្នកតាមដាននយោបាយនៅតែបារម្ភពីហានិភ័យផ្សេងៗចំពោះក្រុមអត្តពលិកកម្ពុជា ព្រោះកន្លងមកភាគីថៃមិនសូវគោរពពាក្យសន្យារបស់ខ្លួនទេ៕
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានច្រានចោលការចោទប្រកាន់របស់ក្រុមបាតុករថៃថា «ម៉ាឡេស៊ីបានជ្រៀតជ្រែក» ក្នុងការដោះស្រាយជម្លោះព្រំដែនរបស់កម្ពុជា និងថៃ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតម៉ាឡេស៊ី Free Malaysia Today ដែលបានចុះផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការចេញមកបញ្ជាក់យ៉ាងដូចនេះរបស់លោក អាន់វ៉ា គឺបន្ទាប់ពីក្រុមបាតុករថៃនៅថ្ងៃទី២២ វិច្ឆិកា បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតម៉ាឡេស៊ីប្រចាំទីក្រុងបាងកក ទីដែលពួកគេបានចោទប្រកាន់លោក Anwar ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេនថាបានជ្រៀតជ្រែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃដើម្បីរក្សាអធិបតេយ្យភាពរបស់ខ្លួន។
ក្រុមប្រដាប់អាវុធនៅភាគកណ្តាលនីហ្សេរីយ៉ា បានចាប់ខ្លួនសិស្សសាលានិងគ្រូបង្រៀន កាន់សាសនាគ្រិស្ត ចំនួនយ៉ាងហោច ៣១៥នាក់ កាលពីថ្ងៃសុក្រទី២១វិច្ឆិកា។ នេះគឺជាករណីចាប់ជំរិតសិស្សសាលា ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រទេសអាហ្វ្រិកមួយនេះ។ ករណីនេះ បានកើតឡើងតែ៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីចាប់ជំរិតសិស្សសាលាភេទស្រីចំនួន២៥នាក់ នៅក្នុងរដ្ឋផ្សេងមួយទៀតនៃប្រទេសនីហ្សេរីយ៉ា។
ជំនួបកំពូលហ្សេ២០ ថ្ងៃទី ២២-២៣វិច្ឆិកាឆ្នាំ២០២៥ ប្រព្រឹត្តទៅ ជាលើកទីមួយ នៅលើដែនដីទ្វីបអាហ្វ្រិក។ ប្រទេសអាហ្វ្រិកខាងត្បូង ជាប្រធានផ្លាស់វេនហ្សេ២០ ចង់ឱ្យជំនួបកំពូល ដែលធ្លាប់ជាឱកាសជួបជុំមេដឹកនាំកំពូលៗនៅលើពិភពលោក ក្លាយជាជោគជ័យការទូតនិងពហុភាគីនិយម។ អាកាសធាតុ ហិរញ្ញវត្ថុ និងភូមិសាស្ត្រនយោបាយ ជាសំណុំរឿងដែលក្រុមហ្សេ២០ត្រូវលើកមកជជែកគ្នាដោះស្រាយ ប៉ុន្តែប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានធ្វើពហិការមិនចូលរួមទេ។