នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រសួងព័ត៌មានបានចេញផ្សាយប្រកាសមួយ ដែលមាន ៥ជំពូក និង៩មាត្រា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងវិជ្ជាជីវៈសារព័ត៌មាន។ ប្រកាសរបស់ក្រសួងព័ត៌មានសំដៅលើអង្គភាពផ្សព្វផ្សាយឯកជន ដូចជាអង្គភាពប្រកបអាជីពសារព័ត៌មានគ្រប់ជំនាញ គ្រឹះស្ថានបោះពុម្ពផ្សាយ សមាគមអ្នកសារព័ត៌មាន ក្រុមហ៊ុន/ភ្នាក់ងារផ្សាយពាណិជ្ជកម្ម និងក៏សំដៅផងដែរលើអ្នកសារព័ត៌មានគ្មានអង្គភាព អ្នកផលិតមាតិកា អ្នកមានប្រជាប្រិយភាព និងអ្នកសារព័ត៌មាន ដែលមានលក្ខណៈប្រហាក់ប្រហែល។
ប្រឈមនឹងគំរាមកំហែងខ្លាំងឡើងៗពីឥទ្ធិពលមហាយក្សចិន លោក ឡៃ ឈីងតឿ ប្រធានាធិបតីតៃវ៉ាន់ បានប្រកាសឲ្យកងទ័ពត្រៀមខ្លួនឲ្យស្រេច ដើម្បីទប់ទល់នឹងការវាយប្រហារឈ្លានពានពីសំណាក់កងទ័ពចិន។ មេដឹកនាំតៃវ៉ាន់រូបនេះ បានបញ្ជាក់ជំហរក្នុងការបង្កើនកញ្ចប់ថវិកាការពារជាតិ ឲ្យកាន់តែច្រើន។
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២៧វិច្ឆិកា បង្កើត “ករណីយកិច្ចចូលបម្រើកងទ័ព សម្រាប់យុវជនបារាំង តែដោយឈរលើការស្ម័គ្រចិត្តទាំងស្រុង។ ស្ថិតក្នុងបរិបទដែលអឺរ៉ុបកំពុងរងការគំរាមសន្តិសុខពីរុស្ស៊ី បារាំងក៏ដូចជាប្រទេសអឺរ៉ុបមួយចំនួន បានចាប់ផ្តើមកែប្រែច្បាប់ ដើម្បីអនុវត្តឡើងវិញនូវកាតព្វកិច្ចយោធា ដើម្បីឲ្យប្រជាជន ជាពិសេសយុវជន ត្រៀមកម្លាំងនិងស្មារតីឲ្យបានរឹងមាំ ក្នុងករណីផ្ទុះសង្គ្រាម។
នៅថ្ងៃទី២៦ ខែវិច្ឆិកា ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីជំហរសារជាថ្មីគាំទ្រគោលនយោបាយចិនតែមួយ ខណៈពេលដែលជប៉ុន និងចិនកំពុងស្គាល់ភាពតានតឹងជុំវិញបញ្ហាតៃវ៉ាន់។ ក្រសួងការបរទេសកម្ពុជាបានទទួលស្គាល់ថា រដ្ឋាភិបាលចិនសព្វថ្ងៃជាតំណាងឱ្យប្រទេសចិនតែមួយគត់ និងថា តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីទឹកដីចិនបានទេ។ អ្នកជំនាញភូមិសាស្ត្រនយោបាយចាត់ទុកការបង្ហាញជំហរគាំទ្ររបស់កម្ពុជាចំពោះចិននេះថាជាការប្រកាន់ជំហរអព្យាក្រឹត្យ។ តែអ្នកជំនាញក៏មិនភ្លេចដាស់តឿនឱ្យកម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ ដោយជៀសវាងការប៉ះពាល់ដល់ទំនាក់ទំនងការទូតជាមួយជប៉ុន ឬជាមួយចិន។
នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ លោក អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេសបានអះអាងថា បង្គោលព្រំដែនដែលក្រុមការងារកម្ពុជា-ថៃ កំពុងចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននោះ គឺឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីបារាំង។ ការចេញមុខអះអាងរបស់អតីតអភិបាលខេត្តប៉ៃលិនរូបនេះ គឺក្នុងន័យបដិសេធលើការលើកឡើងរបស់ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្របក្សប្រឆាំងដែលបានសរសេរថា លោក អ៊ី ឈាន ធ្លាប់និយាយថា ថៃបានបង្ខិតព្រំដែនចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀង ក្នុងខេត្តបាត់ដំបង។
នៅអាមេរិក បុរសម្នាក់ ជនជាតិអាហ្វហ្កានីស្ថាន បានប្រើកាំភ្លើងបាញ់យោធា ២ នាក់ នៃ កងឆ្មាំការពារជាតិ និងបណ្តាលឲ្យរបួសធ្ងន់ ហើយកំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ប្រធានាធិបតីអាមេរិក ចាត់ទុកសកម្មភាពហិង្សានេះ ថាជាអំពើឃោរឃៅព្រៃផ្សៃ បង្កពីសត្វតិរច្ឆាន។ ជាវិធានការវាយបកចំពោះមុខ លោក ដូណាល់ ត្រាំ បញ្ជាឲ្យរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ និងព្យួររាល់ការស្នើសុំលិខិតស្នាមស្របច្បាប់ទាំងអស់របស់សហគមន៍អាហ្វហ្កានីស្ថាន។
អង្គការAmnesty International ទើបបានចេញរបាយការណ៍មួយ នៅថ្ងៃព្រហស្បតិ៍ ទី២៧វិច្ឆិកានេះ ស្តីពីការរំលោភបំពានសិទ្ធិរបស់កម្មករ នៅក្នុងវិស័យរោងចក្រកាត់ដេរ និងវាយនភណ្ឌ នៅតាមប្រទេសចំនួន៤ មាន ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស និងស្រីលង្កា។ អង្គការក្រៅរដ្ឋាភិបាលនេះ បានអំពាវនាវថា ក្រុមហ៊ុនម៉ាកសំលៀកបំពាក់ល្បីៗដែលកើបប្រាក់ចំណេញ ព្រមទាំងរដ្ឋាភិបាល ត្រូវតែគិតគូររៀបចំផែនការ ដើម្បីធានាការគោរពសិទ្ធិរបស់ពលករ-កម្មករ និងត្រូវផ្តល់ប្រាក់ខែឲ្យបានសមរម្យ។
អគ្គីភ័យដ៏ធំសម្បើមគួរឲ្យតក់ស្លុតមួយ បានលេបត្របាក់អគារខ្ពស់ៗ ចំនួនយ៉ាងហោច៧អគារ នៅទីក្រុងហុងកុង កាលពីរសៀលថ្ងៃពុធទី២៦វិច្ឆិកា។ រហូតមកទល់ពេលនេះ ក្រុមពន្លត់អគ្គីភ័យនៅមិនទាន់អាចពន្លត់ភ្លើងបានទាំងស្រុងនៅឡើយទេ។ យោងតាមអាជ្ញាធរហុងកុង គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ គឺមានមនុស្សស្លាប់យ៉ាងហោច ៥៥នាក់ ខណៈមនុស្សជិត៣០០នាក់ទៀតបាត់ខ្លួន រកមិនទាន់ឃើញនៅឡើយ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានមួយអំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្នរបស់ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង៥២-៥៩។ ជាថ្មីម្តងទៀត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបញ្ជាក់ពីការធ្វើកិច្ចការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ថាធ្វើឡើងយ៉ាងហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់បំផុត ដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្ត ដែលបន្សល់ទុក តាំងពីសម័យអាណាព្យាបាលបារាំង។
នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នករាយការណ៍ពិសេសទទួលបន្ទុកអ្នកការពារសិទ្ធិមនុស្ស ជំរុញឲ្យរដ្ឋាភិបាលវៀតណាមទទួលស្គាល់សិទ្ធិជនជាតិដើមភាគតិចរបស់ពលរដ្ឋខ្មែរក្រោម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម និងទាមទារឲ្យរដ្ឋាភិបាលទីក្រុងហាណូយ បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិខ្មែរក្រោម។ ប្រតិកម្មនេះកើតឡើងបន្ទាប់ពីតុលាការវៀតណាម បានកាត់ទោសព្រះសង្ឃ និងសកម្មជនខ្មែរកម្ពុជាក្រោមសរុប ៣រូបឲ្យជាប់ពន្ធនាគារម្នាក់ៗ ៣ឆ្នាំកន្លះ ក្រោយពីអ្នកទាំងនោះប្រើប្រាស់សិទ្ធិបញ្ចេញមតិ។
ទើបតែចេញពីមន្ទីរឃុំឃាំងបានប៉ុន្មានសប្តាហ៍សោះ តើ អតីតប្រមុខរដ្ឋបារាំង លោក នីកូឡា សាកូហ្ស៊ី អាចត្រូវវិលត្រឡប់ចូលពន្ធនាគារវិញ ឬយ៉ាងណា? អតីតប្រធានាធិបតីបារាំងរូបនេះ ប្រឡាក់រឿងអាស្រូវនយោបាយ និងកំពុងជាប់ក្តីក្តាំតាមផ្លូវតុលាការជាច្រើនសំណុំរឿង។ រឿងក្តីខ្លះ កំពុងបន្តនៅតុលាការឧទ្ធរណ៍ ខ្លះទៀតនៅតុលាការកំពូល។ តុលាការកំពូល នាថ្ងៃទី២៦វិច្ឆិកា បានចេញសេចក្តីសម្រេចតម្កល់សាលដីការបស់តុលាការឧទ្ធណ៍ ដែលបានផ្តន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំ ចំពោះរូបលោក នីកូឡា សាកូហ្ស៊ី ក្នុងសំណុំរឿងឃោសនាបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១២។
អគ្គីភ័យដ៏ធំសម្បើម គួរឲ្យតក់ស្លុតមួយ បានលេបត្របាក់អគារខ្ពស់ៗ ចំនួនយ៉ាងហោច៥អគារ នៅទីក្រុងហុងកុងកាលពីល្ងាចថ្ងៃពុធទី២៦វិច្ឆិកា។ យោងតាមអាជ្ញាធរហុងកុង គិតត្រឹមយប់ថ្ងៃពុធ គឺមានមនុស្សស្លាប់យ៉ាងហោច ១៣នាក់ ខណៈមនុស្សច្រើននាក់ទៀតកំពុងជាប់គាំងក្នុងអគារ។
របាយការណ៍ថ្មីរបស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី២៦វិច្ឆិកា កត់សម្គាល់ឃើញថា ទោះប្រាក់ខែគ្រូនៅកម្ពុជាត្រូវបានដំឡើងជាបន្តបន្ទាប់តាំងពីឆ្នាំ ២០១៣មក ក៏ការបង្រៀននៅក្នុងសាលារដ្ឋកម្រិតបឋមនៅតែប្រឈមនឹងគុណវិបត្តិមួយចំនួនដូចជា គ្រូនៅឆ្លៀតទៅធ្វើការខាងក្រៅ ហើយសិស្សនៅតែរៀនខ្សោយក្នុងមុខវិជ្ជាខ្លះ រួមមាន អក្ខរកម្ម និងលេខនព្វន្ត។ អ្នកតាមដានសង្គមកម្ពុជា យល់ឃើញថា រដ្ឋាភិបាលគួរពិនិត្យមើលកត្តាផ្សេងទៀត ដើម្បីពង្រឹងគុណភាពបង្រៀនដូចជា កំណែទម្រង់ផ្នែករដ្ឋបាល ការផ្តល់ទំនុកបម្រុងបន្ថែមដល់គ្រូបង្រៀន និងមានយន្តការបង្កើតសាលាឯកជនក្នុងរូបភាពអង្គការក្រៅរដ្ឋាភិបាល៕
របបសឹកភូមា បញ្ជាក់អំពីការចាប់ខ្លួនមនុស្ស ជិត ១ ៦០០ នាក់ នៅមជ្ឈមណ្ឌលឆបោកអនឡាញ មួយកន្លែង ក្បែរព្រំដែនថៃ។ ពួកគេទាំងនោះ សុទ្ធតែជាជនបរទេស។ រដ្ឋអំណាចភូមា បានបង្កើនយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ កាន់តែសកម្ម ស្របពេលដែលការរៀបចំបោះឆ្នោតជាតិ កាន់តែខិតចូលមកដល់។
បណ្តាខេត្តចំនួន៧ នៅភាគខាងត្បូងប្រទេសថៃ បានរងគ្រោះដោយទឹកជំនន់ បណ្តាលមកពីទឹកភ្លៀងធ្លាក់យ៉ាងគំហុកជាប់ៗគ្នាជាច្រើនថ្ងៃ។ គិតត្រឹមថ្ងៃពុធទី២៦វិច្ឆិកា អាជ្ញាធរថៃបានឲ្យដឹងថាមានមនុស្សស្លាប់យ៉ាងហោច៣៣នាក់ និងមនុស្សច្រើនម៉ឺននាក់ទៀត ត្រូវភៀសខ្លួន។ ទឹកភ្លៀងកំពុងតែបន្តបោកសង្គ្រុបនៅម៉ាឡេស៊ី ហើយធ្វើឲ្យអាជ្ញាធរប្រទេសនេះចាប់ផ្តើមជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់ដែរ។
ក្រសួងអប់រំបានឱ្យដឹងថា ប្រតិភូកីឡាស៊ីហ្គេមកម្ពុជាបានរៀបចំក្រុមអន្តរាគមន៍ពិសេសមួយសម្រាប់តាមដាន និងធានាដល់សុវត្ថិភាពអត្តពលិក ពិសេសនៅពេលមានវិបត្តិកើតឡើងអំឡុងពេលអត្តពលិកកម្ពុជាចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ។ ការបង្កើតក្រុមអន្តរាគមន៍ពិសេសនាពេលនេះ គឺដើម្បីឆ្លើយចំពោះក្តីបារម្ភរបស់សាធារណជនចំពោះសុវត្ថិភាពរបស់ប្រតិភូកីឡាកម្ពុជា រួមនឹងអត្តពលិកផង ចំពេលកម្ពុជា និងថៃកំពុងមានជម្លោះព្រំដែននឹងគ្នា។
ស៊ុន រដ្ឋា សមាជិកសកម្មរបស់ចលនាមាតាធម្មជាតិតែម្នាក់គត់ដែលបានរត់គេចខ្លួនចេញពីប្រទេសកម្ពុជា ខណៈពេលសកម្មជន៥រូបរបស់ចលនាមួយនេះត្រូវចាប់ដាក់ឃុំក្នុងពន្ធនាគារ ក្នុងទោសរួមគំនិតក្បត់ជាតិ។ តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះ អង្គការការពារសិទ្ធិមនុស្សAmnesty International France បានអញ្ជើញស៊ុន រដ្ឋាឲ្យមកចូលរួមនៅក្នុងយុទ្ធនាការសិទ្ធិសរសេរ និងបំពេញទស្សនកិច្ចនៅប្រទេសអឺរ៉ុបមួយចំនួន ដូចជាបារាំង ប៊ែលហ្សិក និងស៊ុយអែត។ នៅទីក្រុងប៉ារីស ប្រទេសបារាំងស៊ុន រដ្ឋា កាលពីថ្ងៃអង្គារទី ២៥វិច្ឆិកា បានជួប និងរៀបរាប់ប្រាប់អ្នកតំណាងកិច្ចការអាស៊ានរបស់ក្រសួងការបរទេស ពីស្ថានភាពរបស់សកម្មជន របស់ចលនាមាតាធម្មជាតិដែលកំពុងជាប់ក្នុងពន្ធនាគារ ក៏ព្រោះតែបុព្វហេតុការពារបរិស្ថាន និងសិទ្ធិរបស់ប្រជាជនភាគតិច។ #ចលនាមាតាធម្មជាតិ #បរិស្ថាន #ការពារព្រៃឈើ #បូមខ្សាច់ #ទូកនេសាទវៀតណាម #ស៊ុនរដ្ឋា
រដ្ឋាភិបាលបារាំង បានប្រគល់ខ្លាឃ្មុំ ប៉ងដា (Panda) ១គូ មានអាយុ១៧ឆ្នាំ ទៅឲ្យ រដ្ឋអំណាចចិន វិញ។ ពលរដ្ឋបារាំង ពិសេសបុគ្គលិកសួនសត្វដែលបានចិញ្ចឹមសត្វទាំង២ ចំនួន១៣ឆ្នាំហើយ បានបង្ហូរទឹកភ្នែកទាំងអាឡោះអាល័យ ក្នុងថ្ងៃលាគ្នាជាចុងក្រោយ។ តែយ៉ាងណាក្តី អាជ្ញាធរចិន សន្យាថានឹងឲ្យបារាំងខ្ចី ខ្លាឃ្មុំប៉ងដា ផ្សេងទៀត នាពេលឆាប់ៗខាងមុខ។ គួរជ្រាបថា ខ្លាឃ្មុំ ប៉ងដា ជានិម្មិតរូបដ៏សំខាន់ នៃយុទ្ធសាស្ត្រការទូតចិននៅបរទេស ដើម្បីស្តែងអំពីចំណងមេត្រីភាព ការដឹងគុណ និងការពង្រឹងមិត្តភាពជាមួយចិន។
ដំណើរការវាស់វែង និងបោះបង្គោលព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ ក្នុងខេត្តបន្ទាយមានជ័យ និងលេខ ៥២-៥៩ ក្នុងខេត្តបាត់ដំបងមិនមែនជាការងារដែលធ្វើឡើងទាំងតក់ក្រហល់ ដូចការរិះគន់ក្នុងបណ្តាញសង្គមនោះទេ។ នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២៥ វិច្ឆិកានេះ។ ចំពោះលោក ហ៊ុន ម៉ាណែត ដំណើរការវាស់វែង និងបោះបង្គោលព្រំដែននេះជាដំណើរវែងឆ្ងាយមួយដែលក្រុមការងារបច្ចេកទេសព្រំដែនកម្ពុជា និងថៃ បានធ្វើរួមគ្នាជិត ២០ឆ្នាំមកហើយក្នុងគោលដៅសន្តិភាពតាមបណ្តោយព្រំដែន។
ក្រសួងមហាផ្ទៃបានប្រកាសនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះពីការដាក់ពង្រាយមន្ត្រីនគរបាលនៅតាមគោលដៅនានា ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ បន្ទាប់ពីផ្អាកកាលពីខែសីហា ឆ្នាំ២០២៥កន្លងទៅ។ ការសម្រេចដូចនេះដោយសារក្រសួងមើលឃើញពីកំណើនគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ និងភាពគ្មានសណ្តាប់ធ្នាប់នៅលើដងផ្លូវ។ តែការត្រួតពិនិត្យនេះធ្វើឡើងត្រឹមកំរិតអប់រំណែនាំប៉ុណ្ណោះ ពោលគ្មានការផាកពិន័យអ្វីទេ។ អ្នកជំនាញបញ្ហាសុវត្ថិភាពចរាចរណ៍នានាបានសម្តែងការគាំទ្រចំពោះវិធានការនេះ តែពួកគេបានស្នើឲ្យមានការអនុវត្តជាប់ជាប្រចាំ ពោលមិនគួរធ្វើឡើងដូចអំពិលអំពែកនោះទេ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈលោក កែវ រ៉េមី បានប្រាប់រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សឥណ្ឌូណេស៊ីថា ថៃបានបង្កការបែកបាក់ក្នុងអាស៊ាន និងបានបំផ្លាញស្នូលចម្បងរបស់អាស៊ាន ក្រោយផ្ទុះជម្លោះព្រំដែនជាមួយកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោក កែវ រ៉េមី បានស្នើឱ្យឥណ្ឌូណេស៊ីជួយជំរុញឱ្យថៃដោះស្រាយបញ្ហានានាជាមួយកម្ពុជាដោយសន្តិវិធី។
កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការបញ្ជូនកុមារឲ្យចូលរៀននៅថ្នាក់បឋមសិក្សា តែចាំបាច់កែលម្អជាបន្ទាន់នូវសកម្មភាពបង្រៀននៅក្នុងថ្នាក់រៀន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក World Bank ចេញផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។ ចំពោះធនាគារពិភពលោក ក្រសួងអប់រំកម្ពុជាត្រូវពិនិត្យមើលគុណភាព និងបរិមាណម៉ោងនៃការបង្រៀននៅតាមសាលារៀនថ្នាក់បឋមសិក្សា ពិសេសមុខវិជ្ជាអក្ខរកម្ម និងលេខនព្វន្តជាមូលដ្ឋាន។
ប្រឈមនឹងការគំរាមកំហែងពីជប៉ុនដែលចង់ការពារតៃវ៉ាន់ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឆ្កឹះយកសំណុំរឿងតៃវ៉ាន់ទៅជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ប្រមុខរដ្ឋចិនចង់យកបញ្ហាតៃវ៉ាន់ធ្វើជាប្រធាបទស្នូលមួយក្នុងការចរចាពាណិជ្ជកម្មជាមួយប្រធានាធិបតីអាមេរិក។ បុរសខ្លាំងចិនថែមទាំងធានាហ៊ានជួយសម្រុះសម្រួលវិបត្តិអ៊ុយក្រែន ប្រសិនបើអាមេរិកមិនលូកដៃក្នុងសំណុំរឿងតៃវ៉ាន់។
សហគមន៍មួយចំនួននៅតាមបណ្តោយអូរតាបូក ក្នុងខេត្តរតនគិរី ប្រទេសកម្ពុជា កំពុងជួបប្រទះនឹងវិបត្តិបំពុលទឹក និងសុខភាពសាធារណៈធ្ងន់ធ្ងរ ដោយសារតែការបំពុលទឹកចេញពីការជីកយករ៉ែមាស។ នេះបើតាមអត្ថបទចុះផ្សាយដោយកាសែត Mongabay នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាម Mongabay អ្នកភូមិអូរតាបូក ក្នុងខេត្តរតនគិរី បានប្រើប្រាស់ទឹកអូរនេះសម្រាប់តម្រូវការប្រចាំថ្ងៃ និងជាអាងស្តុកត្រីធំមួយ។ តែក្រសួងរ៉ែ និងថាមពលអះអាងថា ការចុះផ្សាយរបស់ Mongabay គឺជារឿងមិនពិត។
សហគមន៍មួយចំនួននៅតាមបណ្តោយអូរតាបូក ក្នុងខេត្តរតនគិរី ប្រទេសកម្ពុជា កំពុងជួបប្រទះនឹងវិបត្តិបំពុលទឹក និងសុខភាពសាធារណៈធ្ងន់ធ្ងរ ដោយសារតែការបំពុលទឹកចេញពីការជីកយករ៉ែមាស។ នេះបើតាមអត្ថបទចុះផ្សាយដោយកាសែត Mongabay នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាម Mongabay អ្នកភូមិអូរតាបូក ក្នុងខេត្តរតនគិរី បានប្រើប្រាស់ទឹកអូរនេះសម្រាប់តម្រូវការប្រចាំថ្ងៃ និងជាអាងស្តុកត្រីធំមួយ។ តែក្រសួងរ៉ែ និងថាមពលអះអាងថា ការចុះផ្សាយរបស់ Mongabay គឺជារឿងមិនពិត។
ប្រធានាធិបតីវ៉េណេស៊ុយអេឡា បានបរិហារ សហរដ្ឋអាមេរិក ថាកំពុងតែលាបពណ៌ កុហកបោកប្រាស់។ ប្រតិកម្មយ៉ាងដូច្នេះ ធ្លាក់មក បន្ទាប់ពី រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានដាក់បញ្ជូលអង្គការមួយរបស់វ៉េណេស៊ុយអេឡា ទៅក្នុងបញ្ជីភេរវជន បន្ថែមលើការគំរាមកំហែងវាយប្រហារយោធា។
ក្រុមប្រទេសអាហ្វ្រិក និងសហភាពអឺរ៉ុប បានជួបប្រជុំគ្នាក្នុងជំនួបកំពូលលើកទី៧ កាលពីថ្ងៃចន្ទទី២៤វិច្ឆិកា នៅឯប្រទេសអង់ហ្គោឡា។ សំណុំរឿងពាណិជ្ជកម្ម ការវិនិយោគធនធានរ៉ែ និងបញ្ហាអន្តោប្រវេសន៍សុទ្ធតែជាសំណុំរឿងធំៗ ដែលគេលើកមកនិយាយក្នុងជំនួបកំពូលនេះ។ តែទន្ទឹមគ្នានេះ បញ្ហាបន្ទាន់ស្តីពីផែនការសន្តិភាពនៅអ៊ុយក្រែន ក៏បានតម្រូវឲ្យថ្នាក់ដឹកនាំក្រុមប្រទេសអឺរ៉ុប ចំណាយពេលវេលាប្រជុំពិភាក្សាគ្នាដាច់ដោយឡែកដែរ។
ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំប្រទេសថៃបានរកឃើញថា មីនដែលទាហានថៃបានជាន់កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់មានជម្លោះ ត្រង់ភូមិសាស្ត្រភ្នំត្រប់ ដែលស្ថិតក្នុងខេត្តស៊ីសាកេតរបស់ថៃ គឺជាមីនបង្កប់ថ្មីប្រភេទ PMN-2។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីបញ្ជាការដ្ឋានកងទ័ពថៃចុះថ្ងៃទី២៤ វិច្ឆិកានេះដោយអះអាងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំប្រទេសថៃមានភស្តុតាងរឹងមាំដើម្បីបញ្ជាក់ការពិតនៅក្នុងរឿងនេះ។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មដុតសម្លាប់មួយគ្រួសារនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ រូបភាពនៃករណីដ៏សាហាវព្រៃផ្សៃមួយនេះត្រូវបានគេយកទៅចែកចាយជាបន្តបន្ទាប់លើបណ្តេញសង្គម និងបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ និងផ្លូវចិត្តរបស់សាធារណជនទូទៅ។ អ្នកតាមសង្គមយល់ឃើញថា រូបភាពនៃអំពើហិង្សា ឬឃាតកម្មបែបនេះបានជះឥទ្ធិពលអវិជ្ជមាន និងបង្កការភ័យខ្លាចដល់ពលរដ្ឋនៅតាមមូលដ្ឋាន។ ហេតុអ្វីមិនត្រូវផ្សព្វផ្សាយរូបភាពឃាតកម្មសាហាវព្រៃផ្សៃនៅតាមបណ្តាញសង្គម?
យុវជន តុង លេន ជនជាតិដើមភាគតិចពូនង និងជាអ្នកថតរូបឯករាជ្យបានប្រើប្រាស់ជំនាញចាប់យករូបភាពតាមរយៈកញ្ចក់កាមេរ៉ា ដើម្បីរក្សាអត្តសញ្ញាណវប្បធម៍ និងប្រពៃណីរបស់ជនជាតិដើមភាគតិច។ ចំពោះយុវជន តុង លេន រូបថតនីមួយៗមានអត្ថន័យជ្រាលជ្រៅ ដែលបង្ហាញពីសកម្មភាពផ្សេងៗរបស់ជនជាតិដើមភាគតិច ពិសេសការចូលរួមអភិរក្សធនធានធម្មជាតិ។ ក្នុងន័យនេះ តុង លេន ចង់ឃើញរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ និងសង្គមស៊ីវិលគោរពសិទ្ធិ និងគាំទ្រសកម្មភាពការពារធនធានធម្មជាតិរបស់ជនជាតិដើមភាគតិច៕
រដ្ឋាភិបាលម៉ាឡេស៊ី គ្រោងចាត់វិធានការផ្លូវច្បាប់ បិទខ្ទប់ការប្រើប្រាស់បណ្តាញសង្គម សម្រាប់កុមារ មានអាយុក្រោម ១៦ ឆ្នាំ។ តាមរដ្ឋមន្ត្រីទូរគមនាគមន៍ ច្បាប់ហាមឃាត់នេះ នឹងត្រូវអនុម័តនៅឆ្នាំ២០២៦ ដែលមានគោលបំណងធំ ដើម្បីការពារសុវត្ថិភាពក្មេងៗម៉ាឡេស៊ី ឲ្យជៀសផុតពីរូបភាពឬសកម្មភាពអវិជ្ជមានផ្សេងៗ។
ផែនការសន្តិភាពទាំង២៨ចំណុច ដែលលោកដូណាល់ ត្រាំ បានស្នើទៅកាន់អ៊ុយក្រែន ត្រូវបានភាគីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអ៊ុយក្រែន យកទៅជជែកពិនិត្យឡើងវិញ នៅឯទីក្រុងហ្សឺណែវ កាលពីថ្ងៃអាទិត្យទី២៣វិច្ឆិកា។ អត្ថបទដើមរបស់លោកដូណាល់ ត្រាំ ត្រូវបានភាគីអ៊ុយក្រែនក៏ដូចជាអឺរ៉ុប បដិសេធមិនទទួលយក ព្រោះវាបានផ្តល់អត្ថប្រយោជន៍ទាំងស្រុងទៅខាងរុស្ស៊ី ដែលជាប្រទេសឈ្លានពានគេ។ ក្រោយកិច្ចប្រជុំបន្ទាន់នៅហ្សឺណែវ ភាគីទាំង៣ អាមេរិក អឺរ៉ុប និងអ៊ុយក្រែន បានស្រុះស្រួលគ្នាថានឹងបន្តជជែកគ្នា ដើម្បីឈានទៅតាក់តែងអត្ថបទផែនការសន្តិភាព ថ្មីមួយច្បាប់ទៀត ហើយផែនការនេះ ត្រូវចែងកំណត់ គោរពនិងការពារអធិបតេយ្យភាពទឹកដីរបស់អ៊ុយក្រែន ឲ្យបានទាំងស្រុង។