ក្នុងក្របខ័ណ្ឌនៃការពង្រឹងនិងបង្កើនកម្លាំងយោធា សភាអាល្លឺម៉ង់បានអនុម័តនៅល្ងាចថ្ងៃសុក្រទី៥ធ្នូ ច្បាប់ស្តីពី កាតព្វកិច្ចយោធា ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។ ប៉ុន្តែយុវជនអាល្លឺម៉ង់មិនទុកចិត្ត និងបានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅទូទាំងប្រទេស ប្រឆាំងនឹងគម្រោងច្បាប់នេះ ព្រោះយល់ថាអាល្លឺម៉ង់កំពុងចង់កេណ្ឌពលរដ្ឋពេញអាយុឱ្យចូលធ្វើទាហាន។
គណៈកម្មាការរៀបចំការបោះឆ្នោតរបស់របបសឹកភូមាបានប្រកាសនៅថ្ងៃសៅរ៍ ទី៦ ធ្នូ មិនអនុញ្ញាតិឲ្យភូមិដាច់ស្រយាលចំនួនប្រមាណ ១៦០០ ចូលរួមការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅ នៅចុងខែធ្នូ។ រីឯ ក្រុមប្រដាប់អាវុធ និងក្រុមជនជាតិភាគតិចភូមា ព្រមាទាំងអង្គការការពារសិទ្ធិមនុស្សបានចាត់ទុកការបោះឆ្នោតខាងមុខ ជាការក្លែងបន្លំ និងជាមធ្យោបាយរបស់មេដឹកនាំយោធាភូមា ដើម្បីធ្វើឲ្យរដ្ឋាភិបាលសឹករបស់ខ្លួនស្របច្បាប់តែប៉ុណ្ណោះ។ ក្រុមប្រដាប់អាវុធភូមាក៏ធ្លាប់បានសន្យារារាំងមិនឲ្យមានការរៀបចំការបោះឆ្នោត នៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន ពោលគឺដែនដីជាងពាក់កណ្តាលប្រទេស។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង ត្រូវព្រះមហាក្សត្រត្រាស់បង្គាប់ឲ្យបន្តតួនាទី និងភារកិច្ចជាអភិបាលខេត្តទាំងបីទៅ១អាណត្តិទៀត។ ការបន្តអាណត្តិដល់អភិបាលខេត្តទាំង៣នេះ បានទទួលទាំងការសាទរ និងរិះគន់ពីប្រជាពលរដ្ឋ។ ជាពិសេសសម្រាប់ខេត្តបាត់ដំបង សាធារណជនមួយចំនួនបានបញ្ចេញមតិរិះគន់អភិបាលខេត្តថា មានភាពយឺតយ៉ាវក្នុងការបង្ហើយការដ្ឋាននៃការជួសជុលផ្លូវក្នុងទីប្រជុំជនក្រុង។ តើការបន្តអាណត្តិដល់បណ្តាអភិបាលខេត្តមួយចំនួន អាចនាំប្រសិទ្ធភាពការងារ និងពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋបានកម្រិតណា?
ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា អះអាងថា កាណាដាបានត្រៀមខ្លួនសម្រាប់ការកសាងសមត្ថភាពកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ។ ការអះអាងយ៉ាងដូច្នេះ គឺធ្វើឡើងក្នុងជំនួបរវាងលោក Christian Desroches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា និងលោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងជំនួបដដែលនោះ ទូតកាណាដាក៏ទទួលស្គាល់ថា កម្ពុជាជាប្រទេសរងគ្រោះព្រោះតែអំពើឆបោកអនឡាញ។
បន្ទាប់ពីយាងចូលរួមក្នុងព្រះរាជពិធីថា្វយព្រះរាជកិត្តិយសព្រះអង្គចូលជាសមាជិកសមាគតនៃបណ្ឌិត្យសភាវិទ្យាសាស្រ្តឯនាយសមុទ្រ នៅទីក្រុងប៉ារីស ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃសុក្រទី ៥ធ្នូ បានយាងទៅទតសមុច្ច័យកាសែត និងទស្សនាវដ្តីអំពីខ្មែរដែលស្តុកទុកនៅបណ្ណាល័យ បារាំង Bulac នៅទីក្រុងប៉ារីស។
ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានប្រតិកម្មនឹងការរិះគន់របស់ជនជាតិថៃ ពាក់ព័ន្ធនឹងការចំណាយរបស់កម្ពុជាលើការរៀបចំការប្រកួតកីឡាស៊ីហេ្គមកាលពីឆ្នាំ២០២៣។ លោក ហ៊ុន សែន ថា កម្ពុជាគ្មានបំណងប្រៀបធៀប ឬឌឺដងទៅកាន់ប្រទេសណាមួយនោះទេ តែកម្ពុជាមិនអាចទទួលយកការប្រមាថរបស់ជនជាតិថៃខ្លះ ដែលថាកម្ពុជាយកលុយចិនមករៀបចំព្រឹត្តិការណ៍ស៊ីហ្គេមកាលពីរឆ្នាំមុន។ លោកអះអាងថា កម្ពុជាមិនបានប្រើប្រាក់កាក់ចិនសូម្បីតែមួយសេន។
របាយការណ៍ថ្មីមួយបង្ហាញថា មានការកើនឡើងយ៉ាងខ្លាំងនៃការប្រើប្រាស់ពាក្យពេចន៍ស្អប់ខ្ពើម ឬ Hate speech ក្នុងអំឡុងពេលមានការផ្ទុះសង្គ្រាមនៅតាមព្រំដែនកម្ពុជា-ថៃជាពិសេសលើការទិញលក់យន្តហោះចម្បាំង Gripen របស់ប្រទេសស៊ុយអែត។ របាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥បញ្ជាក់ថា ពាក្យសម្អប់ទាំងនោះភាគច្រើនគឺកើតចេញពីគណនីដែលគ្មានអ្នកគ្រប់គ្រងពិតប្រាកដ ហើយមានគោលដៅវាយប្រហារមកលើប្រទេសកម្ពុជា។
នៅថ្ងៃសុក្រ ទី៥ធ្នូ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានផ្សាយ ឯកសារចក្ខុវិស័យយុទ្ធសាស្ត្រការពារជាតិ ដោយរក្សាជំហរជាតិនិយមអាមេរិកជាចម្បង។ អាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លែងមើលឃើញ អឺរ៉ុប ថាជាដៃគូសម្ព័ន្ធមិត្តដូចពីមុនទៀតហើយ។ វ៉ាស៊ីនតោន នឹងបន្ថយយុទ្ធសាស្ត្រពីមជ្ឈិមបូព៌ា ហើយងាកទៅបង្កើនអានុភាពនៅតំបន់អាមេរិកឡាទីន ព្រមទាំងជំរុញឲ្យ អាស៊ី បើកចំហ។ ដោយមិនតទល់ផ្ទាល់ជាមួយមហាយក្សចិន តែសហរដ្ឋអាមេរិក ជំរុញឲ្យប្រទេសសត្រូវរបស់ចិន បង្កើនកម្លាំងការពារខ្លួន។
ប៉ូលិសជាតិកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ថា ខ្លួនបានបំបែកសំបុកទីតាំងឆបោកអនឡាញចំនួន ២ដែលមានទីតាំងក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ដោយបានចាប់ខ្លួនមេឃ្លោង និងបក្ខពួកសរុបចំនួន ២៨នាក់។ នេះបើតាមយោងតាមការចុះផ្សាយដោយសារព័ត៌មានកូរ៉េខាត្បូង The Chosun Daily។ ក្នុងប្រតិបត្តិការបោសសម្អាតសំបុកឧក្រិដ្ឋកម្មឆបោកអនឡាញទាំងក្នុងប្រទេសកម្ពុជា និងថៃនាពេលនេះ គឺធ្វើក្រោមកិច្ចសហការជាមួយប៉ូលិសនៃសាម៉ីប្រទេសទាំងពីរ។
ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ កម្ពុជាមានភាពសកម្មជាខ្លាំងក្នុងការតស៊ូផ្លូវការទូតនៅលើឆាកអន្តរជាតិ នារយៈពេលចុងក្រោយនេះ។ នេះជាអ្វីដែលក្រុមអ្នកតាមដានកិច្ចការអន្តរជាតិ កត់សម្គាល់ឃើញជុំវិញយុទ្ធសាស្ត្រការទូតរបស់រដ្ឋាភិបាលកម្ពុជា។ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងបណ្តាតំណាងរបស់ខ្លួននៅវេទិកាអន្តរជាតិធំៗ តែងតែឆ្លៀតច្បិចយកបញ្ហាជម្លោះព្រំដែនជាមួយថៃ រួមទាំងការបកស្រាយ ឆ្លើយតបទៅនឹងអ្វី ដែលថៃតែងចោទកម្ពុជា។ ក្រុមអ្នកជំនាញមើលឃើញថា យន្តការការទូតរបស់កម្ពុជា កំពុងហុចផ្លែផ្កាមួយចំនួន តួយ៉ាងការស្តារទំនាក់ទំនងឡើងវិញជាមួយប្រទេសមហាអំណាច ព្រមទាំងអាចបញ្ចុះបញ្ចូលឲ្យសហគមន៍អន្តរជាតិជឿទុកចិត្តនូវអ្វីដែលខ្លួនបានពន្យល់បកស្រាយ។
ប្រតិភូ និងអត្តពលិកម្ពុជា នឹងត្រូវធ្វើដំណើរតាមយន្តហោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីចូលរួមពិធីបើក និងប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ទី២០ ខែធ្នូ ឆ្នាំ២០២៥។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់វិទ្យុបារាំង RFI នៅថ្ងទី៥ ខែធ្នូនេះថា កម្ពុជាពុំទាន់ឃើញមានសញ្ញាណាមួយ ជាឧបសគ្គ ដែលរំខានអត្តពលិករបស់ខ្លួនក្នុងការចូលរួមកីឡាស៊ីហ្គេមនៅឡើយ។ តាមលោក វ៉ាត់ ចំរើន ប្រតិភូ និងកីឡាករកម្ពុជា ក៏ដូចជាកីឡាករប្រទេសអាស៊ានឯទៀត នឹងត្រូវទទួលបដិសណ្ឋារកិច្ចដោយម្ចាស់ផ្ទះ ពិសេសជាងអ្នកដំណើរធម្មតា។ សូមរម្លឹកថា ដោយហេតុផលសុវត្ថិភាព ប្រទេសកម្ពុជាបានសម្រេចកាលពីពេលថ្មីៗនេះ កាត់បន្ថយការចូលរួមប្រកួតកីឡាចំនួន ៨ប្រភេទ ក្នុងចំណោមប្រភេទកីឡាចំនួន ២១ ដែលបានគ្រោងទុក និងកាត់បន្ថយចំនួនប្រតិភូពី ៣៣២នាក់ មកនៅត្រឹម ១៥០នាក់។ កីឡាទាំង ៨ប្រភេទ ដែលត្រូវបានកាត់បន្ថយនោះ រួមមាន កីឡាបាល់ទាត់ យូដូ ការ៉ាតេដូ បញ្ចសីឡា ប៉េតង់ ចំបាប់ វូស៊ូ និងសីដក់។ ដោយឡែក ប្រភេទកីឡាសក្តានុពលចំនួន ១៣ ដែលត្រូវចូលរួមប្រកួតស៊ីហ្គេម លើកទី៣៣នេះវិញ រួមមាន កីឡាហែលទឹក អត្តពលកម្ម គុនដាវ កាយសម្ព័ន្ធ ជឺជីតស៊ូ កីឡាអេឡិចត្រូនិក ឃីកបុកស៊ីង តេក្វាន់ដូ ជិះសេះ ម៉ូតូទឹក ទ្រីយ៉ាត្លុង ទាត់បាល់លើតុ និងបាល់ទះ៕
នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានសម្របសម្រួលគូសត្រូវ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្កោ និង រវ៉ាន់ដា ឲ្យចុះកិច្ចព្រមព្រៀងសន្តិភាព។ កិច្ចព្រមព្រៀងសន្តិភាព ដែលធ្វើឡើងនៅចំពោះមុខបណ្តាមេដឹកនាំប្រទេសអាហ្វ្រិកជាច្រើនផ្សេងទៀត។ តើ អាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងតែបង្កើនយុទ្ធសាស្ត្រងាកទៅអាហ្វ្រិក?
តាំងពីដើមសប្តាហ៍នេះមក ក្រុមហ៊ុនបណ្តាញសង្គម ដែលធ្វើប្រតិបត្តិការរកស៊ីនៅប្រទេសអូស្ត្រាលី បានចាប់ផ្តើមនាំគ្នាលុប គណនីបណ្តាញសង្គមរបស់កុមារអាយុក្រោម ១៦ ឆ្នាំ។ ការលុបនេះ អនុលោមតាមច្បាប់ថ្មីស្តីពីការហាមឃាត់ក្មេងៗកុំឲ្យប្រើប្រាស់បណ្តាញសង្គម ដែលត្រូវចូលជាធរមាន នៅថ្ងៃទី ១០ ធ្នូ។
ប្រឈមនឹងការគំរាមកំហែង និងវត្តមានរំខានរបស់រុស្ស៊ីនៅ សមុទ្រខាងជើង អង់គ្លេស និងន័រវែសសម្រេចចាប់ដៃដើម្បីពង្រឹងវិស័យកងទ័ពឲ្យគ្នាទៅវិញទៅមក។ នៅក្នុងអំឡុងទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីន័រវែស នៅទីក្រុងឡុងដ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី ៤ធ្នូ រដ្ឋាភិបាលក្រុងអូស្លូ និងក្រុងឡុងដ៍បានចុះកិច្ចព្រមព្រៀងដើម្បីបើកប្រតិបត្តិរួមគ្នា តាមចាប់សញ្ញានាវាមុជទឹករុស្ស៊ី នៅអាត្លង់ទិចខាងជើង។
គណបក្សកម្លាំងជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៤ធ្នូនេះ បានទទូចជាថ្មីម្តងទៀត ឲ្យក្រសួងមហាផ្ទៃទទួលស្គាល់សមាជរបស់ខ្លួនដែលបានធ្វើឡើង កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥។ ការទទូចជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីគណបក្សកម្លាំងជាតិ ទើបតែទទួលលិខិត ពីក្រសួងមហាផ្ទៃ ដែលបដិសេធ មិនព្រមទទួលស្គាល់សមាជរបស់គណបក្សជំទាស់ ក្នុងហេតុផលថា សមាជិកគណៈកម្មាធិការនាយកមួយចំនួន បានប្រព្រឹត្តប្រាស់ចាក មាត្រា១៨ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ចាប់ផ្តើមដំណើរទស្សនកិច្ច ២ ថ្ងៃ នៅឥណ្ឌា ដែលជាប្រទេសទិញប្រេងយ៉ាងច្រើនសន្ធឹកពីរុស្ស៊ី តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។ ក្រៅពីពង្រឹងចំណងការទូតទ្វេភាគី ជំនួបរវាង ចៅហ្វាយវិមានក្រេមឡាំង និង នាយករដ្ឋមន្ត្រីឥណ្ឌា ក៏ដើម្បីចុះកិច្ចព្រមព្រៀងសហការយុទ្ធសាស្ត្រ ផ្នែកពាណិជ្ជកម្ម និងយោធា។
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការចំពោះភ្ញៀវទេសចរចិន ពោលគឺគ្រាន់តែបំពេញ E-arrival Card ប៉ុណ្ណោះ។ គម្រោងសាកល្បងលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិននឹងត្រូវធ្វើឡើងរយៈពេល៤ ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការនេះនឹងអនុញ្ញាតឱ្យជនជាតិចិនអាចស្នាក់នៅ ក្នុងប្រទេសកម្ពុជា រយៈពេល ១៤ថ្ងៃ ដោយគ្មានការកំណត់ចំនួនដង នៃដំណើរមកកម្ពុជា។ អ្នកវិភាគសង្គមមួយចំនួនចាត់ទុកការលើកលែងទិដ្ឋាការដល់ពលរដ្ឋចិន ហាក់មិនសមស្របនឹងស្ថានការណ៍បច្ចុប្បន្នដែលកម្ពុជាកំពុងដុតដៃដុតជើងបង្ក្រាបបទល្មើសឆបោកអនឡាញ។ តើកម្ពុជាគួរមានវិធានការប្រុងប្រយ័ត្នបែបណា ដើម្បីជៀសវាងការកើនឡើងនៃឧក្រិដ្ឋកម្មអនឡាញ តាមរយៈការលើកលែងទិដ្ឋាការដល់ពលរដ្ឋចិន?
គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសថា បក្សកាន់អំណាចនៅប្រទេសកម្ពុជាបច្ចុប្បន្ននេះ បានសម្រេចកោះប្រជុំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៦ អាណត្តិទី៥ នៅថ្ងៃទី២៤ និង២៥ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល វិមាន៧មករា។ សេចក្តីជូនដំណឹង ដែលសម្រេចដោយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន ទៅកាន់សមាជិករបស់ខ្លួន មិនបានបញ្ជាក់ពីរបៀបវារៈនៃអង្គសន្និបាតនេះទេ។ តែលោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី៤ធ្នូនេះថា សន្និបាតគណៈកម្មាធិការកណ្តាលនៅខែមករាខាងមុខនេះ នឹងផ្តោតទៅលើការពិនិត្យមើលចំណុចខ្វះមួយចំនួនរបស់ខ្លួន និងដាក់ជារបៀបវារៈនៃកិច្ចពិភាក្សា កែតម្រូវឡើងវិញ ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន។ សូមរម្លឹកថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា គិតមកត្រឹមឆ្នាំ២០២៥ បានកើនដល់ជាង ១៣០០នាក់ ដោយគណបក្សបានបញ្ចូលសមាជិកថ្មីៗ ដែលជាអ្នកបន្តវេនជាបន្តបន្ទាប់ តាមរយៈសន្និបាតប្រចាំឆ្នាំរបស់ខ្លួន។ ដោយឡែក គណបក្សកាន់អំណាចដ៏រឹងមាំនេះ មានក្បាលម៉ាស៊ីនដឹកនាំសំខាន់ៗ ដូចជា លោក ហ៊ុន សែន ជាប្រធានគណបក្ស លោក ហេង សំរិន ប្រធានកិត្តិយស និងមានអនុប្រធានចំនួន៥រូប គឺលោក ស ខេង លោក សាយ ឈុំ លោក ទៀ បាញ់ លោកស្រី ម៉ែន សំអន និងលោក ហ៊ុន ម៉ាណែត៕
ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) គ្រោងបើកដំណើរការការិយាល័យកណ្តាលរបស់ខ្លួនលើកដំបូង នៅក្នុងប្រទេសកម្ពុជា។ នេះជាការបញ្ជាក់របស់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានអំឡុងពេលទស្សនកិច្ច ២ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។ ការសម្រេចបើកការិយាល័យកណ្តាលរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាននាពេលនេះ គឺដើម្បីពង្រឹងបន្ថែមលើទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក-កម្ពុជាកាលពីខែតុលាកន្លងទៅ។ អ្នកជំនាញសេដ្ឋកិច្ចចាត់ទុកថា នេះជាឱកាសសម្រាប់កម្ពុជាក្នុងការប្រកួតប្រជែង និងកៀរគរវិនិយោគិនបន្ថែមមកបណ្តាក់ទុនក្នុងស្រុក។
តាំងពីពាក់កណ្តាលខែតុលាមក ឥណ្ឌារងខ្យល់ពុលយ៉ាងធ្ងន់ធ្ងរ។ ខ្យល់ពុលក្នុងបរិយាកាស នៅញូវដេលីរដ្ឋធានីរបស់ប្រទេសឥណ្ឌា ជាដើមហេតុបង្កឱ្យមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ជាង២០ម៉ឺនករណី នៅរវាងពីឆ្នាំ២០២២ដល់ឆ្នាំ២០២៤។ នេះបើតាមប្រភពជាន់ខ្ពស់នៃក្រសួងសុខាភិបាលឥណ្ឌា។
រដ្ឋបាលលោកដូណាល់ត្រាំ បានមួលរឹតបន្តឹងខ្ចៅនយោបាយប្រឆាំងជនអន្តោប្រវេសន៍ក្នុងទឹកដីអាមេរិក។ ក្រោយពីម្ចាស់សេតវិមានប្រកាសចង់ឈប់ទទួលជនអន្តោប្រវេសន៍មកពីប្រទេសតតិយលោក ក៏ព្រោះតែឃាតកម្មសម្លាប់ឆ្មាំជាតិបង្កឡើងដោយជនជាតិអាហ្វហ្កានីស្ថាន រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃអង្គារទី២ធ្នូ បានចេញកំណត់អនុស្សារណៈ ដែលមានចែងពីការផ្អាករាល់ការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងសញ្ជាតិដល់ប្រជាជនមកពីប្រទេសចំនួន១៩។ ប្រទេសទាំង១៩ធ្លាប់ត្រូវបានអាមេរិកដាក់ក្នុងបញ្ជីខ្មៅ ហាមឃាត់មិនធ្វើដំណើរចូលទឹកដីអាមេរិក ឬ រឹតបន្តឹងក្នុងរឿងទទួលបានទិដ្ឋាកាអាមេរិក កាលពីខែមិថុនាកន្លងទៅ។
នាពេលថ្មីៗនេះ មានការជជែកគ្នាតាមបណ្តាញសង្គម អំពីយុវជនមិនទាន់គ្រប់អាយុ និងអ្នកបង្កើតមាតិកាក្នុងបណ្តាញសង្គមដែលផ្អើលតាមគ្នា ទៅរាំរែកសប្បាយក្នុងក្លឹបកម្សាន្តរាត្រី។ អ្នកប្រើប្រាស់បណ្តាញមួយចំនួនបានចេញមករិះគន់ និងបារម្ភពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម និងធនធានមនុស្ស។ ចំណែក អ្នកតាមដានសង្គមចាត់ទុកឥរិយាបថបែបនេះរបស់យុវជនខ្មែរជាក្តីបារម្ភធំចំពោះការអភិវឌ្ឍជាតិ។ ចំពោះអ្នកតាមដានសង្គម កម្ពុជាចាំបាច់ត្រូវមានវិធានការអប់រំត្រឹមត្រូវ និងម៉ឺងម៉ាត់។ តើអាជ្ញាធរគួរពិនិត្យលើករណីយុវជនចូលក្នុងក្លឹបកម្សាន្តបែបណា ដើម្បីកុំឲ្យប៉ះពាល់ដល់ធនធានមនុស្សរបស់ប្រទេស?
ត្រឹមរយៈពេល ១០ខែ នៃឆ្នាំ២០២៥ ជនមានពិការភាពប្រមាណជាង ១៤០០០នាក់បានចូលបម្រើការក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឯកជនចំនួនជាង ៥០០កន្លែង។ នេះបើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងសារលិខិតមួយ ក្នុងឱកាសទិវាជនពិការភាពជាតិ នៅថ្ងៃទី៣ ធ្នូ ឆ្នាំ២០២៥។ ប្រមុខរដ្ឋាភិបាលកម្ពុជាបានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន អង្គការ និងគ្រឹះស្ថានទាំងរដ្ឋ និងឯកជនត្រូវដាក់បញ្ចូលគោលនយោបាយគាំពារជនមានពិការភាព និងផ្តល់ភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃ។
ថ្ងៃនេះជាគម្រប់ខួបមួយឆ្នាំគត់ នៃការប្រកាសប្រើច្បាប់អាជ្ញាសឹកមិនសម្រេច ពីសំណាក់អតីតប្រធានាធិបតីកូរ៉េខាងត្បូងមុន។ នាឱកាសនេះ ប្រធានាធិបតីកំពុងកាន់អំណាចលោក លី ចែម្យុង យល់ថាប្រទេសយកឈ្នះលើវិបត្តិបាន តាមគន្លងលទ្ធិប្រជាធិបតេយ្យ។ មិនតែប៉ុណ្ណោះ លោក លីចែម្យុង គិតចង់សុំទោសកូរ៉េខាងជើងទៀតផង។
ថ្ងៃអង្គារ ទី ២ ធ្នូ ជាលើកទី៦ គិតចាប់តាំងពីដើមឆ្នាំ ២០២៥ មក លោក Steve Witkoff ប្រេសិតពិសេស របស់ប្រធានាធិបតីអាមេរិក បានមកធ្វើទស្សនកិច្ច នៅប្រទេសរុស្ស៊ី ។ រួមដំណើរជាមួយ កូនប្រសាប្រុស របស់លោក ដូណាល់ ត្រាំ ប្រសិតពិសេសអាមេរិក បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដើម្បីព្យាយាមស្វែងរកកិច្ចព្រមព្រៀងសន្តិភាព ដែលអាចឈានទៅ បិទបញ្ចប់ សង្គ្រាមនៅ អ៊ុយក្រែន។ ប៉ុន្តែ ផ្ទុយពីការរំពឹងទុក កិច្ចពិភាក្សាទ្វេភាគីថ្មីនេះ ពុំបានហុចផ្លែផ្កា ដូចអ្វីដែល អាមេរិក ទន្ទឹងចង់បាននោះឡើយ ។ យ៉ាងណាមិញ ក្រោយពីជំនួបបានបិទបញ្ចប់ភ្លាម លោក Ouchakov ទីប្រឹក្សាការទូតរបស់លោក វ៉្លាឌីមៀរ ពូទីន បានថ្លែងនៅចំពោះមុខអ្នកកាសែតថា គិតមកទល់ពេលនេះ អាមេរិក និង រុស្ស៊ី នៅពុំទាន់រកឃើញ កិច្ចព្រមព្រៀងណាមួយ ជាផ្លូវការនៅឡើយនោះទេ ។ បើផ្អែកតាមបណ្តាញព័ត៌មានអាមេរិក NBC កត្តាចម្បងមួយ ដែលបង្អាក់កិច្ចចរចា មិនឲ្យបោះជំហានទៅមុខបាន នោះគឺ ការទាមទារ ពីសំណាក់រុស្ស៊ី ដែលបដិសេធ មិនប្រគល់ទឹកដី អ៊ុយក្រែន ដែលកងទ័ពរុស្ស៊ី កំពុងត្រួតត្រា ជាដាច់ខាត ។ ពីចំណែកខ្លួន នៅមុនជំនួបខាងលើនេះ មេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយដោយគំរាមថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសង្គ្រាមជាមួយអឺរ៉ុប ប្រសិនបើអឺរ៉ុប ពិតជាចង់ប្រកាសសង្គ្រាមជាមួយរុស្ស៊ី ប្រាកដមែន ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ កាលពីថ្ងៃអង្គារទី២ធ្នូ ការិយាល័យថៃប្រឆាំងនឹងការលាងលុយកខ្វក់ ហៅកាត់ AMLO បានបញ្ជាឲ្យរឹបអូស និងបង្កកទ្រព្យសម្បត្តិដែលមានតម្លៃរាប់សិបពាន់លានបាត ពីបណ្តាញប្រតិបត្តិការឆបោកអនឡាញ ក្នុងនោះក៏មានទ្រព្យសម្បតិ្តយ៉ាងក្រាស់ក្រែលរបស់មហាសេដ្ឋីខ្មែរ លោក កុក អាន ដែលមានទំហំទឹកប្រាក់ជិតប្រមាណ៤៦៧លានបាត។ ចំណែកឯ ទ្រព្យសម្បត្តិរបស់លោក ចេន ហ្ស៊ី ឧកញ៉ាខ្មែរ ដើមកំណើតចិនក៏ស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាជ្ញាធរថៃនេះដែរ។
អតិថិជនរបស់ក្រុមហ៊ុនហួយវ័ន ផេ ត្រូវប្រឈមនឹងការពន្យារដកប្រាក់ជាដំណាក់កាល ក្រោយអតិថិជនជាច្រើនបានសម្រុកដកប្រាក់ចេញពីគណនីហួយវ័នរបស់ពួកគេ។ នេះបើតាមសេចក្តីប្រកាសបិទនៅអគារក្រុមហ៊ុន ហួយវ័ន ផេនៅដើមសប្តាហ៍នេះ។ គួរដឹងថា ក្រុមហ៊ុន ហួយវ័ន ផេ ជួបបញ្ហាប្រតិបត្តិការ បន្ទាប់ពីរងការចោទប្រកាន់ពីបណ្តាសហគមន៍អន្តរជាតិ ពីបទពាក់ព័ន្ធឧក្រិដ្ឋកម្មអនឡាញ ជួញដូរមនុស្ស និងលាងលុយកខ្វក់ជាដើម។
ថ្នាំបង្ការប្រឆាំងនឹងជំងឺគ្រុនឈាម ចាក់តែមួយដូស ទើបត្រូវបានប្រេស៊ីល អនុម័តឱ្យប្រើប្រាស់ នៅថ្ងៃពុធទី ២៦វិច្ឆិកា ២០២៥។ អាជ្ញាធរប្រេស៊ីលបានចាត់ទុករបកគំហើញនេះថា ជាជោគជ័យ ជាប្រវត្តិសាស្ត្រ ព្រោះកាលពីឆ្នាំទៅ ជំងឺគ្រុនឈាមបានផ្តាច់ជីវិតពលរដ្ឋប្រេស៊ីលអស់ ជាង ៦ពាន់នាក់។ តើថ្នាំវ៉ាក់សាំងប្រឆាំងគ្រុនឈាមរបស់ប្រេស៊ីល មានប្រសិទ្ធភាពយ៉ាងណា?
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ អគ្គនាយកអង្គភាពស៊ីម៉ាក បានរាយការណ៍ពីការរកឃើញគ្រាប់បែកចង្កោមចំនួន ២៥គ្រាប់ ដែលសុទ្ធសឹងជាប្រភេទM46 បាញ់ចេញពីគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ ស្ថិតក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ប្រភេទគ្រាប់បែកចង្កោមនេះ គឺបន្សល់ទុកដោយស្នាដៃទាហានថៃក្នុងសង្គ្រាម ៥ថ្ងៃរវាងកម្ពុជា និងថៃ កាលពីអំឡុងចុងខែកក្កដា ឆ្នាំ២០២៥ ។
មហន្តរាយទឹកជំនន់នៅថៃ ឥណ្ឌូណេស៊ី និងស្រីលង្កា កាលពីសប្តាហ៍កន្លងទៅ បានផ្តាច់ជីវិតមនុស្ស ប្រមាណជាង១២០០នាក់។ នេះបើតាមការបូកសរុបតួលេខចុងក្រោយ ពីអាជ្ញាធរប្រទេសទាំងនេះ។ ក្តីបារម្ភនៅពេលនេះ គឺការស្វែងរកអ្នកបាត់ខ្លួនឲ្យបានទាន់ពេលវេលា និងការបញ្ជូនស្បៀងជំនួយមនុស្សធម៌ជាបន្ទាន់បំផុត ឲ្យដល់ប្រជាពលរដ្ឋច្រើនលាននាក់ នៅតំបន់រងគ្រោះ។
ព្រឹត្តិការណ៍ប្រគំតន្រ្តីរបស់វណ្ណដា និងសិល្បកររបស់ក្រុមហ៊ុនបារមីបានប្រព្រឹត្តទៅកាលពីយប់ថ្ងៃចន្ទទី ១ធ្នូនៅសាលប្រគំតន្រ្តីPleyel នៅទីក្រុងប៉ារីស ក្រោមសំឡេងហ៊ោកញ្ច្រៀវរបស់ទស្សនិកជនបារាំងខ្មែរ។ ការប្រគំតន្រ្តីដើម្បីឯកភាពជាតិ និងជួយប្រជាជនភៀសសឹកដោយសារសង្រ្គាមនៅព្រំដែនកម្ពុជាថៃក៏មានការសំដែងរបាំបុរាណរៀបចំឡើងដោយសមាគមខ្មែរនៅបារាំង “ទេពមនោរម្យ”។ ឈាង បុប្ផាបានទៅមើលការប្រគំតន្រ្តីរបស់សិល្បករខ្មែរនៅសាលPleyel។
លោកស្រីអតីតប្រមុខការទូតអឺរ៉ុប ហ្វេដេរីកា ម៉ូហ្កេរីនី ត្រូវបាននគរបាលចាប់ដាក់ឃុំបណ្តោះអាសន្ន នៅទីក្រុងព្រុចសែល កាលពីរសៀលថ្ងៃអង្គារ ទី២ធ្នូ នៅក្នុងសំណុំរឿងពុករលួយ។ ការស៊ើបអង្កេតនេះ គឺពាក់ព័ន្ធនឹងមុខងារបច្ចុប្បន្នរបស់លោកស្រី ជាប្រធានស្ថាប័នបណ្តុះបណ្តាលអ្នកការទូតអឺរ៉ុប ហើយដែលគេសង្ស័យថាលោកស្រី បានប្រើប្រាស់ថវិការបស់សហភាពអឺរ៉ុបដោយខុសច្បាប់។
សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៥ មានភាពស៊ាំធន់ ទោះបីជាត្រូវប្រឈមនឹងវិបត្តិពាណិជ្ជកម្ម រនាំងពន្ធគយ និងអស្ថិរភាពនយោបាយសាធារណៈខ្លះៗក្តី។ នេះបើតាម អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OCDE)។ ក្នុងរបាយការណ៍ព្យាករសេដ្ឋកិច្ចសកល នាដើមខែធ្នូ អង្គការអន្តរជាតិ១នេះ បានបង្ហាញសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចអាមេរិក ចិន និងប្រទេសក្នុងតំបន់ចាយប្រាក់អឺរ៉ូ ហើយក៏សង្កត់ធ្ងន់អំពីភាពផុយស្រួយចំនួនដែលត្រូវបារម្ភ។