លោកពូទីន បានធ្វើសន្និសីទកាសែតប្រចាំឆ្នាំ នៅទីក្រុងម៉ូស្គូ កាលពីរសៀលថ្ងៃសុក្រ ទី១៩ធ្នូ។ បន្ទាប់ពីបាននិយាយទម្លាក់កំហុសទៅលើអ៊ុយក្រែន និងក្រុមប្រទេសលោកខាងលិច ថាជាអ្នកបង្កសង្គ្រាម លោកពូទីនបានអះអាងថា រុស្ស៊ីបានត្រៀមខ្លួនរួចហើយ ដើម្បីចរចា រកបទឈប់បាញ់និងកសាងសន្តិភាព។ លោកពូទីន អះអាងទៀតថា រុស្ស៊ីគ្មានចេតនាណាមួយទៅវាយប្រហារអឺរ៉ុបទេ ប្រសិនបើគេគោរពផលប្រយោជន៍របស់រុស្ស៊ី។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាមេរិកបានប្រកាសនៅថ្ងៃសុក្រទី ១៩ធ្នូ ផ្អាកកម្មវិធីជ្រើសរើសជនបរទេសមករស់នៅក្នុងទឹកដីសហរដ្ឋអាមេរិក តាមរយៈការចាប់ឆ្នោត (Green Card Lottery)។ ក្នុងមួយឆ្នាំៗ កម្មវិធីដ៏មានប្រជាប្រិយភាពនេះ បានអនុញ្ញាតឱ្យជនបរទេសប្រមាណ៥ម៉ឺននាក់ បានសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ នៅសហរដ្ឋអាមេរិក។
ដោយមិនអាចសម្រុះសម្រួលគ្នាបានក្នុងសំណុំរឿងយកលុយបង្កករុស្ស៊ីមកប្រើ សហភាពអឺរ៉ុបបានសម្រេចចិត្ត នៅថ្ងៃសុក្រទី១៩ធ្នូនេះ ផ្តល់ប្រាក់កម្ចីរួម ចំនួន៩០ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែន សម្រាប់ទ្រទ្រង់ប្រទេសក្នុងរយៈពេលយ៉ាងហោចពីរឆ្នាំ។ សមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេសបានឯកភាពគ្នាលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុនេះ តែហុងគ្រី ស្លូវ៉ាគី និងសាធារណរដ្ឋឆែក មិនចូលរួមធ្វើប្រតិបត្តិការដោយជាក់ស្តែងទេ។
នៅរដ្ឋធានីដាកា ប្រទេសបង់ក្លាដែស កុប្បហិង្សាដុតអគារច្រើនកន្លែង បានផ្ទុះឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៨ធ្នូ។ កុប្បកម្មរបស់យុវជនបង់ក្លាដែសនេះ គឺបន្ទាប់ពីមានដំណឹងប្រកាសថា មេចលនាបាតុកម្មនិស្សិតដ៏ល្បីឈ្មោះម្នាក់ ឈ្មោះ Sharif Osman Hadi ដែលត្រូវគេបាញ់ឲ្យរបួសនោះ បានស្លាប់ហើយនៅឯមន្ទីរពេទ្យប្រទេសសិង្ហបុរី។ គិតត្រឹមព្រឹកថ្ងៃសុក្រទី១៩ធ្នូ ស្ថានការណ៍នៅតែមិនទាន់ស្ងប់ស្ងាត់ទេនៅដាកា ដោយអាជ្ញាធរបានដាក់ពង្រាយកម្លាំងកាន់តែច្រើន ដើម្បីត្រៀមទប់កុប្បករហិង្សា។
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានសម្តែងការព្រួយបារម្ភ ចំពោះការប្រយុទ្ធគ្នាឡើងវិញរវាងប្រទេសថៃ និងកម្ពុជា ដែលបានបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk បានជំរុញឲ្យប្រទេសជាគូរជម្លោះទាំងពីរបញ្ចប់អរិភាពជាបន្ទាន់ និងបន្តការចរចាដោយសន្តិភាព។
ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបានឱ្យដឹងថា កងទ័ពកម្ពុជាម្នាក់ដែលរងរបួសដោយសារសត្វសុនខរបស់ភាគីថៃខាំ ត្រូវបានបញ្ចូនមកព្យាបាលនៅវិទ្យាស្ថានប៉ាស្ថ័រកម្ពុជា បន្ទាប់ពីពិនិត្យព្យាបាលបឋមនៅមន្ទីរពេទ្យខេត្តព្រះវិហារ។ លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបានបញ្ជាក់ប្រាប់តាមរយៈវិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃទី១៩ ខែធ្នូ នេះថា កងទ័ពកម្ពុជាដែលរងរបួសនោះ បច្ចុប្បន្នមានសុខភាពធម្មតា និងកំពុងទទួលបានព្យាបាលយ៉ាងយកចិត្តទុកដាក់។ ចំណែកហ្វូងសុខនដែលចេញខាំកងទ័ពកម្ពុជា គឺបានរត់ត្រឡប់ចូលទឹកដីថៃវិញ ក្រោយកងទ័ពកម្ពុជាបាញ់សម្លាប់បានមួយក្បាល។ តាមលោក គួង ឡូ គិតត្រឹមពេលនេះ អាជ្ញាធរពុំទាន់អាចចូលទៅយកសុនខដែលស្លាប់នោះមកធ្វើកោសល្យវិច្ឆ័យនៅឡើយទេ។
សម្ព័ន្ធប្រជាជនកម្ពុជា-ថៃ ដើម្បីសន្តិភាព បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយទទូចឲ្យរដ្ឋាភិបាលថៃ និងកម្ពុជា ត្រូវបញ្ឈប់ការប្រយុទ្ធគ្នានៅតាមព្រំដែនជាបន្ទាន់ ហើយស្ដារសន្តិភាព និងប្រក្រតីភាពឡើងវិញជូនប្រជាពលរដ្ឋឲ្យបានឆាប់។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលចេញដោយអង្គការ និងសមាគមកម្ពុជា-ថៃសរុបចំនួន ៣៩ស្ថាប័ន។
រដ្ឋាភិបាលថៃចង់សម្រេចឲ្យបានបទឈប់បាញ់ នៅមុនពិធីបុណ្យណូអែលនៅថ្ងៃទី២៥ ខែធ្នូខាងមុខ។ នេះបើតាមមជ្ឈមណ្ឌលព័ត៌មានរួមសម្រាប់ស្ថានការណ៍ព្រំដែនថៃ-កម្ពុជា នៅថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២៥។ ដើម្បីសម្រេចបានបទឈប់បាញ់នេះ ថៃបានដាក់លក្ខខណ្ឌចំនួន៣ ដដែលមកកម្ពុជាដូចជា ការទាមទារឲ្យកម្ពុជាប្រកាសបទឈប់បាញ់មុន និងការដោះមីនមនុស្សធម៌ជាដើម។
គិតមកត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសកម្ពុជាបានឃាត់ខ្លួនជនបរទេសជិត ៥ ០០០នាក់ដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានជាង១៦០នាក់ ដែលកំពុងស្ថិតក្នុងសំណុំរឿងធំៗចំនួន ៣៥គឺជាមុខសញ្ញាមេខ្លោង និងបក្ខពួកសមគំនិត និងដែលត្រូវបានបញ្ជូនទៅតុលាការ។
ប្រមុខការទូតចិន លោក វ៉ាង យី នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា និងថៃ។ ក្នុងជំនួបនោះ លោក វ៉ាង យី បានបញ្ជាក់ថា ក្នុងនាមជាមិត្តជិតស្និទ្ធនៃប្រទេសទាំងពីរ ទីក្រុងប៉េកាំងមិនចង់ឃើញការប្រឈមអាវុធដាក់គ្នានោះឡើយ។ អ្វីជាលទ្ធផលនៃជំនួបនេះគឺ ភាគីជម្លោះកម្ពុជា-ថៃ បានបញ្ជាក់ទៅមហាយក្សចិនថា ពួកគេមានឆន្ទៈក្នុងការបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់។
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន លោក Deng Xijun ត្រូវមកធ្វើទសុ្សនកិច្ចនៅប្រទេសកម្ពុជា និងប្រទេសថៃ។ គោលដៅ គឺដើម្បីអន្តរាគមន៍នៅក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ពិសេសជំរុញឱ្យភាគីទាំងពីរត្រឡប់ទៅគោរពបទឈប់បាញ់ និងដោះស្រាយជម្លោះដោយប្រើយន្តការ ការទូត។ អ្នកវិភាគមើលឃើញ ២ចំណុច ដែលធ្វើឲ្យមហាអំណាចចិនចូលខ្លួនអន្តរាគមន៍។ ទី១ ចិនចង់បង្ហាញថា ខ្លួននៅតែដើរតួនាទីសំខាន់ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ និងពិភពលោក ហើយទី២ ចិនចាំអ៊ុតមើលលទ្ធផលនៃអន្តរាគមន៍របស់សហរដ្ឋអាមេរិកជាមុនសិនដែរ។
ក្នុងរយៈពេល ៣ខែ មនុស្សស្លាប់យ៉ាងហោច ៩៩នាក់ ក្នុងប្រតិបត្តិការវាយប្រហារបាញ់ប្លោងរបស់ទាហានអាមេរិកដើម្បីទប់ទល់លំហូរគ្រឿងញៀននៅដែនសមុទ្រការ៉ាអ៊ីបនិងប៉ាស៊ីហ្វិក។ រដ្ឋាភិបាលអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ថែមទាំងបានគំរាមបិទផ្លូវដឹកប្រេងរបស់វ៉េណេស៊ុយអេឡា។ រុស្ស៊ី និង អង្គការសហប្រជាជាតិ បានសម្តែងក្តីបារម្ភចំពោះសភាពការណ៍ ដែលចេះតែតានតឹងខ្លាំងទៅៗ នៅតំបន់អាមេរិកឡាទីន។
កសិករអឺរ៉ុបច្រើនពាន់នាក់ បានធ្វើបាតុកម្មនៅទីក្រុងព្រុចសែល ខាងមុខទីស្នាក់ការស្ថាប័នសហភាពអឺរ៉ុប កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១៨ធ្នូ ដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយកសិកម្មសម្រេចដោយសហភាពអឺរ៉ុប។ គោលបំណងដ៏ធំមួយទៀតនៃបាតុកម្មនេះ គឺប្រឆាំងជាដាច់ខាត ចំពោះកិច្ចព្រមព្រៀងថ្មីមួយ ដែលអឺរ៉ុបបានចុះហត្ថលេខាជាមួយក្រុមប្រទេសអាមេរិកឡាទីន ហើយដែលប្រជាកសិករអឺរ៉ុប ព្រួយបារម្ភខ្លាំងថាពួកគេនឹងរងគ្រោះខាតបង់។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានជូនដំណឹងដល់អ្នកដំណើរ ដែលត្រូវធ្វើដំណើរពីអឺរ៉ុបមកកាន់កម្ពុជា ឲ្យជៀសវាងការឆ្លងកាត់ (transit) នៅទីក្រុងបាងកកប្រទេសថៃ។ ការណែនាំដល់អ្នកដំណើររបស់ស្ថានតំណាងកម្ពុជាប្រចាំប្រទេសបារាំងដូច្នេះ ដោយសារនៅព្រលានយន្តហោះថៃបានបង្ហាញសកម្មភាពអវិជ្ជមាន ក្រោមលេសរឹតបន្តឹងសន្តិសុខ ដែលរំខានដល់អ្នកដំណើរយ៉ាងខ្លាំង។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានប្តូរវេនអាស៊ានបានអះអាងថា ភាគីកម្ពុជា និងភាគីថៃបានយល់ព្រមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹងធ្វើឡើងនៅថ្ងៃចន្ទ ទី២២ខែធ្នូ។ នេះបើតាមការចុះផ្សាយរបស់កាសែតម៉ាឡេស៊ី Bernama នៅថ្ងៃទី១៧ ធ្នូដែលបានស្រង់សម្តីលោក អាន់វ៉ា។ បើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្មវត្ថុនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី២២ ធ្នូ គឺដើម្បីបញ្ចុះបញ្ចូលកម្ពុជា និងថៃឲ្យបញ្ឈប់ជម្លោះ។
ហេតុការណ៍វាយប្រហារភេរវកម្មនៅទីក្រុងស៊ីដនី ដែលបានផ្តាច់ជីវិតអ្នកកាន់សាសនាជ្វីហ្វ ចំនួន១៥នាក់ កាលពីចុងសប្តាហ៍កន្លងទៅ បាននាំឲ្យគេក្រឡេកទៅមើល ដល់កោះមួយនៅភាគខាងត្បូងហ្វីលីពីន។ គឺកោះមីនដាណាវ ដែលស្ថិតក្រោមការគ្រប់គ្រង មួយផ្នែករបស់ពួកអន្ធពាលនិងក្រុមឧទ្ទាមប្រដាប់អាវុធ។ សមត្ថកិច្ចអូស្ត្រាលីបានសង្ស័យថា ជនដៃដល់២នាក់ឪពុកកូន ទំនងជាបានទៅហ្វឹកហាត់នៅក្នុងជំរំជីហាតភេរវកម្មនៅលើកោះនោះ មុននឹងចេញធ្វើសកម្មភាពសម្លាប់មនុស្ស។ តែយ៉ាងណា អាជ្ញាធរហ្វីលីពីនបានអះអាងថា គ្មានមណ្ឌលហ្វឹកហាត់ក្រុមជីហាតនៅលើទឹកដីខ្លួនឡើយ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានអនុម័តជាថ្មីទៀត បន្តលក់គ្រឿងសព្វាវុធឲ្យ តៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ចំនួន ១១,១ ពាន់លានដុល្លារ។ នេះគឺ ជាការលក់អាវុធអាមេរិកឲ្យតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ដ៏ច្រើន ហើយជាលើកទី២ ក្នុងអាណត្តិដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
ជំនួបកំពូលអង្គការសុខភាពពិភពលោកស្តីពីវេជ្ជសាស្ត្របូរាណ បានបើកធ្វើនៅថ្ងៃពុធទី១៧ធ្នូ២០២៥ នៅក្រុងញូវដេលីប្រទេសឥណ្ឌាដែលមានមជ្ឈមណ្ឌលឱសថបូរាណពិភពលោក តាំងនៅ។ ជំនួបកំពូលមានមហិច្ឆតាជំរុញការស្រាវជ្រាវ ដើម្បីបញ្ជាក់អំពីប្រសិទ្ធភាពតាមបែបវិទ្យាសាស្ត្រ នៃវិធីព្យាបាលបែបបូរាណខ្លះ តាមរយៈបច្ចេកវិទ្យាទំនើបថ្មី មានជាអាទិ៍បញ្ញាសិប្បនិម្មិត។
វេលាទាបភ្លឺព្រឹកថ្ងៃពុធ ទី១៧ធ្នូ យានអវកាសអារីយ៉ានទី៦របស់អឺរ៉ុប បានហោះនាំផ្កាយរណបចំនួន២គ្រឿង ទៅកាន់អវកាស ចេញពីមណ្ឌលអវកាសគូរូ តំបន់ហ្គូយ៉ាន របស់បារាំង។ ផ្កាយរណបទំនើបទាំង២គ្រឿងនេះ ស្ថិតនៅក្នុងកម្មវិធី Galileo ហើយដែលវាគឺជាផ្នែកមួយ នៃបេសកកម្មកសាងប្រព័ន្ធផ្កាយរណបឯករាជ្យ របស់ទីភ្នាក់ងារអវកាសអឺរ៉ុប។
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសហាមឃាត់ការបង្ហោះដ្រូន ក្រោមហេតុផលសន្តិសុខក្នុងពេលកម្ពុជា និងថៃកំពុងមានភាពតានតឹងនៅតាមព្រំដែន។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៧ ធ្នូនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលណាដែលបង្ហោះដ្រូនក្នុងក្រុងភ្នំពេញចាប់ពីថ្ងៃចេញសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ។
កាសែតជប៉ុន Nikkei Asia បានឲ្យដឹងនៅថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២៥ ថា កម្ពុជាកំពុងដាក់ពាក្យសុំចូលជាសមាជិកក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកហៅកាត់ CPTPP។ សំណើសុំនេះធ្វើឡើង បន្ទាប់ពីកម្ពុជាបានចុះកិច្ចព្រមព្រៀងពន្ធបដិការក្នុងអត្រា១៩% ជាមួយអាមេរិក។ អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា កម្ពុជានឹងទទួលបានឱកាសថ្មីៗក្នុងការពង្រឹងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួននៅពេលក្លាយជាសមាជិក CPTPP។
ក្រេមឡាំងបានព្រមានជាស្រេចថា គ្មានទេការផ្អាក ឬបន្ធូរបន្ថយសកម្មភាពបាញ់ប្រហារក្នុងអំឡុងពេលបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំ។ នេះជាដំណឹងដ៏អាក្រក់មួយទៀត ព្រោះបើតាមអង្គការសហប្រជាជាតិ ជនស៊ីវិលបានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារដោយដ្រូនរុស្ស៊ីកាន់តែខ្លាំងឡើងៗ។ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបង្ហាញក្តៅព្រួយបារម្ភខ្លាំងចំពោះសេរីភាពរបស់ពលរដ្ឋក្នុងដែនដីអ៊ុយក្រែនក្រោមការត្រួតត្រារបស់រុស្ស៊ី។
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសហាមឃាត់ការបង្ហោះដ្រូន ក្រោមហេតុផលសន្តិសុខក្នុងពេលកម្ពុជា និងថៃកំពុងមានភាពតានតឹងនៅតាមព្រំដែន។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៧ ធ្នូនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលណាដែលបង្ហោះដ្រូនក្នុងក្រុងភ្នំពេញចាប់ពីថ្ងៃចេញសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ជាលើកទីមួយ សារមន្ទីរសិល្បៈអាស៊ីនៃវិទ្យាស្ថាន Smithsonian ក្នុងសហរដ្ឋអាមេរិក បានសម្រេចជាផ្លូវការក្នុងការប្រគល់វត្ថុបុរាណខ្មែរចំនួន ៣រូបជូនមកកម្ពុជាវិញ បន្ទាប់ពីមានកិច្ចចរចាអស់រយៈពេលជាច្រើនឆ្នាំ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។ តាមក្រសួងវប្បធម៌ រតនវត្ថុសិល្បៈបុរាណខ្មែរទាំង ៣នេះ ជាវត្ថុបុរាណដែលត្រូវបានលួចនាំចេញ អំឡុងពេលមានសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា។
នៅក្នុងសន្និសីទកាសែតនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានប្រកាសពីផែនការលុបបំណុលសរុប ៣០លានដុល្លារ សម្រាប់យោធិនពិកា និងយោធិនពលីនៅសមភូមិជួរមុខ។ ទន្ទឹមគ្នានោះ អេស៊ីលីដាក៏ប្រកាសពីការពន្យារពេលសងបំណុលរបស់អតិថិជនដែលជាយោធិននៅជួរមុខសរុបប្រមាណ ៧០លានដុល្លារដែរ។ ចំណែកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានប្រកាសពីការអនុវត្តវិធានការដែលដាក់ចេញដោយធនាគារជាតិ។ ធនាគារជាតិដែលប្រាប់ឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញាវត្ថុលុបចោលឥណទាន ១០លានរៀលសម្រាប់យោធិនរបួស និងលុបចោលឥណទានដល់ទៅ ៨០លានរៀលក្នុងករណីយោធិនពលី រួមទាំងផ្តល់ការអនុគ្រោះពិសេសដល់ពលរដ្ឋដែលជាជនភៀសសឹក៕
ប្រទេសអឺរ៉ុបចំនួន៣៥ប្រទេស បានមូលមតិគ្នា នៅថ្ងៃទី១៦ធ្នូ សម្រេចបង្កើតគណៈកម្មការពិសេសមួយ ដើម្បីទទួលបន្ទុកចាត់ចែងកិច្ចការ ទាមទារសំណងខូចខាតជូនអ៊ុយក្រែន ដែលបានរងគ្រោះដោយសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ជិត៤ឆ្នាំមកនេះ។ ជាសំណងជួលជុល ទាំងទៅលើបញ្ហាជំងឺផ្លូវចិត្តជនរងគ្រោះ និងការខូចខាតសម្ភារៈទ្រព្យសម្បត្តិឯកជន និងបេតិកភណ្ឌជាតិអ៊ុយក្រែនជាដើម។ តែទន្ទឹមនឹងនេះ ការប្រឹងប្រែងរបស់អឺរ៉ុបនេះ អាចនឹងជួបឧបសគ្គ ប្រសិនបើអាមេរិកចង់កំណត់ការមិនយកទោសពៃទាំងស្រុង ដើម្បីបិទបញ្ចប់សង្គ្រាមនឹងកសាងសន្តិភាព។
នៅសិង្ហបុរី តុលាការបានសម្រេចច្រានចោលបណ្តឹងរបស់ក្រុមសង្គមស៊ីវិល ដែលស្នើសុំឲ្យលុបចោលទោសប្រហារជីវិត ចំពោះជនជាប់ចោទពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ ដោយបន្តរក្សាការផ្តន្ទាទោសប្រហារជីវិត អាជ្ញាធរសិង្ហបុរី យល់ឃើញថា ការអនុវត្តទោសប្រហារជីវិត ធ្វើឲ្យប្រទេសអាស៊ីមួយនេះ មានសន្តិសុខសុវត្ថិភាពជាងគេលើពិភពលោក។
អង្គការទស្សនៈពិភពលោក (World Vision) ដែលធ្វើការលើកិច្ចគាំពារកុមារបានអំពាវនាវឱ្យមានជំនួយមូលនិធិបន្ទាន់ដល់កុមារក្នុងជំរំភៀសសឹក ក្រោយមានពលរដ្ឋខ្មែររាប់ពាន់គ្រួសារបានផ្លាស់ទីក្នុងពេលនៃការប៉ះទង្គិចគ្នាតាមព្រំដែនជាថ្មីរវាងយោធាកម្ពុជា និងថៃ។ តាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ អង្គការទស្សនៈពិភពលោកក៏បានទទូចឱ្យម្ចាស់ជំនួយបង្កើនជំនួយដូចជា ស្បៀង និងជម្រក ព្រមទាំងផ្តល់ជំនួយផ្នែកអប់រំដល់កុមារក្នុងរយៈពេលវែង។
លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ CHRAC ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ក្រុមការងារជំនាញរបស់អង្គការ CHRAC នឹងបន្តចុះទៅអង្កេតពីផលប៉ះពាល់ដែលបង្កចេញពីការបាញ់ផ្សែងពុលដោយយោធាថៃក្នុងពេលប៉ះទង្គិចគ្នាលើកទី២ ជាមួយកម្ពុជា។ តាមលោក រស់ សុដ្ឋា ពលរដ្ឋត្រូវចេះការពារខ្លួនដោយពាក់ម៉ាស និងកុំទទួលទានទឹកអូរ ឬស្រះក្នុងតំបន់ដែលរងការបាញ់ផ្សែងពុលរបស់យោធាថៃ។
ភេរវកម្មនៅមាត់ឆ្នេរក្រុងស៊ីដនី នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អង់តូនី អាល់បានីស៊ី បញ្ជាក់ថា ខ្មាន់កាំភ្លើង ២នាក់ ឪពុកនិងកូន ប្រាកដជាមានការជំរុញចិត្ត ពីទំនោរមនោគមវិជ្ជាជ្រុលនិយម នៃ អង្គការរដ្ឋអ៊ីស្លាមជីហាត ជាក់ជាពុំខាន។ ភេរវកម្មបាញ់ប្រហារដ៏សោកនាដកម្ម បានកើតឡើងកាលពីថ្ងៃអាទិត្យ ទី ១៤ធ្នូ និងបណ្តាលធ្វើឲ្យមនុស្ស ស្លាប់ ១៥ នាក់ និង របួសធ្ងន់ ៤២ នាក់។
ថ្ងៃអាទិត្យនិងថ្ងៃចន្ទកន្លងមកនេះ លោកប្រធានាធិបតីអ៊ុយក្រែន បានចរចានៅទីក្រុងប៊ែរឡាំង ជាមួយថ្នាក់ដឹកនាំប្រទេសអឺរ៉ុប និងតំណាងសហរដ្ឋអាមេរិក ដើម្បីនិយាយអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។ ឆ្លងកាត់ការពិភាក្សាគ្នា ភាគីសហរដ្ឋអាមេរិក បានសុខចិត្តទៅតាមការទាមទាររបស់អ៊ុយក្រែននិងអឺរ៉ុប ដោយបានសន្យាធានាចងលក្ខខណ្ឌការពារសន្តិសុខឲ្យអ៊ុយក្រែន ឲ្យបានរឹងមាំបំផុត ដើម្បីកុំឲ្យរុស្ស៊ីអាចត្រឡប់មកធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែនជាថ្មីទៀត។
នៅរសៀលថ្ងៃអង្គារ ទី១៦ ធ្នូនេះ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែនបានប្រតិកម្មតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនដែលថា មានទាហានរុស្ស៊ីចូលរួមប្រយុទ្ធក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ លោក ហ៊ុន សែន បានបញ្ជាក់ចំៗថា កម្ពុជាពុំដែលមានយោធាបរទេសណាម្នាក់នៅក្នុងប្រទេសឡើយ ចាប់តាំងពីអ៊ុនតាក់ត្រូវបានដកចេញពីកម្ពុជានៅឆ្នាំ ១៩៩៣។