នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន លោក Deng Xijun ត្រូវមកធ្វើទសុ្សនកិច្ចនៅប្រទេសកម្ពុជា និងប្រទេសថៃ។ គោលដៅ គឺដើម្បីអន្តរាគមន៍នៅក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ពិសេសជំរុញឱ្យភាគីទាំងពីរត្រឡប់ទៅគោរពបទឈប់បាញ់ និងដោះស្រាយជម្លោះដោយប្រើយន្តការ ការទូត។ អ្នកវិភាគមើលឃើញ ២ចំណុច ដែលធ្វើឲ្យមហាអំណាចចិនចូលខ្លួនអន្តរាគមន៍។ ទី១ ចិនចង់បង្ហាញថា ខ្លួននៅតែដើរតួនាទីសំខាន់ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ និងពិភពលោក ហើយទី២ ចិនចាំអ៊ុតមើលលទ្ធផលនៃអន្តរាគមន៍របស់សហរដ្ឋអាមេរិកជាមុនសិនដែរ។
ក្នុងរយៈពេល ៣ខែ មនុស្សស្លាប់យ៉ាងហោច ៩៩នាក់ ក្នុងប្រតិបត្តិការវាយប្រហារបាញ់ប្លោងរបស់ទាហានអាមេរិកដើម្បីទប់ទល់លំហូរគ្រឿងញៀននៅដែនសមុទ្រការ៉ាអ៊ីបនិងប៉ាស៊ីហ្វិក។ រដ្ឋាភិបាលអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ថែមទាំងបានគំរាមបិទផ្លូវដឹកប្រេងរបស់វ៉េណេស៊ុយអេឡា។ រុស្ស៊ី និង អង្គការសហប្រជាជាតិ បានសម្តែងក្តីបារម្ភចំពោះសភាពការណ៍ ដែលចេះតែតានតឹងខ្លាំងទៅៗ នៅតំបន់អាមេរិកឡាទីន។
កសិករអឺរ៉ុបច្រើនពាន់នាក់ បានធ្វើបាតុកម្មនៅទីក្រុងព្រុចសែល ខាងមុខទីស្នាក់ការស្ថាប័នសហភាពអឺរ៉ុប កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១៨ធ្នូ ដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយកសិកម្មសម្រេចដោយសហភាពអឺរ៉ុប។ គោលបំណងដ៏ធំមួយទៀតនៃបាតុកម្មនេះ គឺប្រឆាំងជាដាច់ខាត ចំពោះកិច្ចព្រមព្រៀងថ្មីមួយ ដែលអឺរ៉ុបបានចុះហត្ថលេខាជាមួយក្រុមប្រទេសអាមេរិកឡាទីន ហើយដែលប្រជាកសិករអឺរ៉ុប ព្រួយបារម្ភខ្លាំងថាពួកគេនឹងរងគ្រោះខាតបង់។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានជូនដំណឹងដល់អ្នកដំណើរ ដែលត្រូវធ្វើដំណើរពីអឺរ៉ុបមកកាន់កម្ពុជា ឲ្យជៀសវាងការឆ្លងកាត់ (transit) នៅទីក្រុងបាងកកប្រទេសថៃ។ ការណែនាំដល់អ្នកដំណើររបស់ស្ថានតំណាងកម្ពុជាប្រចាំប្រទេសបារាំងដូច្នេះ ដោយសារនៅព្រលានយន្តហោះថៃបានបង្ហាញសកម្មភាពអវិជ្ជមាន ក្រោមលេសរឹតបន្តឹងសន្តិសុខ ដែលរំខានដល់អ្នកដំណើរយ៉ាងខ្លាំង។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានប្តូរវេនអាស៊ានបានអះអាងថា ភាគីកម្ពុជា និងភាគីថៃបានយល់ព្រមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹងធ្វើឡើងនៅថ្ងៃចន្ទ ទី២២ខែធ្នូ។ នេះបើតាមការចុះផ្សាយរបស់កាសែតម៉ាឡេស៊ី Bernama នៅថ្ងៃទី១៧ ធ្នូដែលបានស្រង់សម្តីលោក អាន់វ៉ា។ បើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្មវត្ថុនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី២២ ធ្នូ គឺដើម្បីបញ្ចុះបញ្ចូលកម្ពុជា និងថៃឲ្យបញ្ឈប់ជម្លោះ។
ហេតុការណ៍វាយប្រហារភេរវកម្មនៅទីក្រុងស៊ីដនី ដែលបានផ្តាច់ជីវិតអ្នកកាន់សាសនាជ្វីហ្វ ចំនួន១៥នាក់ កាលពីចុងសប្តាហ៍កន្លងទៅ បាននាំឲ្យគេក្រឡេកទៅមើល ដល់កោះមួយនៅភាគខាងត្បូងហ្វីលីពីន។ គឺកោះមីនដាណាវ ដែលស្ថិតក្រោមការគ្រប់គ្រង មួយផ្នែករបស់ពួកអន្ធពាលនិងក្រុមឧទ្ទាមប្រដាប់អាវុធ។ សមត្ថកិច្ចអូស្ត្រាលីបានសង្ស័យថា ជនដៃដល់២នាក់ឪពុកកូន ទំនងជាបានទៅហ្វឹកហាត់នៅក្នុងជំរំជីហាតភេរវកម្មនៅលើកោះនោះ មុននឹងចេញធ្វើសកម្មភាពសម្លាប់មនុស្ស។ តែយ៉ាងណា អាជ្ញាធរហ្វីលីពីនបានអះអាងថា គ្មានមណ្ឌលហ្វឹកហាត់ក្រុមជីហាតនៅលើទឹកដីខ្លួនឡើយ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានអនុម័តជាថ្មីទៀត បន្តលក់គ្រឿងសព្វាវុធឲ្យ តៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ចំនួន ១១,១ ពាន់លានដុល្លារ។ នេះគឺ ជាការលក់អាវុធអាមេរិកឲ្យតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ដ៏ច្រើន ហើយជាលើកទី២ ក្នុងអាណត្តិដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
ជំនួបកំពូលអង្គការសុខភាពពិភពលោកស្តីពីវេជ្ជសាស្ត្របូរាណ បានបើកធ្វើនៅថ្ងៃពុធទី១៧ធ្នូ២០២៥ នៅក្រុងញូវដេលីប្រទេសឥណ្ឌាដែលមានមជ្ឈមណ្ឌលឱសថបូរាណពិភពលោក តាំងនៅ។ ជំនួបកំពូលមានមហិច្ឆតាជំរុញការស្រាវជ្រាវ ដើម្បីបញ្ជាក់អំពីប្រសិទ្ធភាពតាមបែបវិទ្យាសាស្ត្រ នៃវិធីព្យាបាលបែបបូរាណខ្លះ តាមរយៈបច្ចេកវិទ្យាទំនើបថ្មី មានជាអាទិ៍បញ្ញាសិប្បនិម្មិត។
វេលាទាបភ្លឺព្រឹកថ្ងៃពុធ ទី១៧ធ្នូ យានអវកាសអារីយ៉ានទី៦របស់អឺរ៉ុប បានហោះនាំផ្កាយរណបចំនួន២គ្រឿង ទៅកាន់អវកាស ចេញពីមណ្ឌលអវកាសគូរូ តំបន់ហ្គូយ៉ាន របស់បារាំង។ ផ្កាយរណបទំនើបទាំង២គ្រឿងនេះ ស្ថិតនៅក្នុងកម្មវិធី Galileo ហើយដែលវាគឺជាផ្នែកមួយ នៃបេសកកម្មកសាងប្រព័ន្ធផ្កាយរណបឯករាជ្យ របស់ទីភ្នាក់ងារអវកាសអឺរ៉ុប។
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសហាមឃាត់ការបង្ហោះដ្រូន ក្រោមហេតុផលសន្តិសុខក្នុងពេលកម្ពុជា និងថៃកំពុងមានភាពតានតឹងនៅតាមព្រំដែន។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៧ ធ្នូនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលណាដែលបង្ហោះដ្រូនក្នុងក្រុងភ្នំពេញចាប់ពីថ្ងៃចេញសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ។
កាសែតជប៉ុន Nikkei Asia បានឲ្យដឹងនៅថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២៥ ថា កម្ពុជាកំពុងដាក់ពាក្យសុំចូលជាសមាជិកក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកហៅកាត់ CPTPP។ សំណើសុំនេះធ្វើឡើង បន្ទាប់ពីកម្ពុជាបានចុះកិច្ចព្រមព្រៀងពន្ធបដិការក្នុងអត្រា១៩% ជាមួយអាមេរិក។ អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា កម្ពុជានឹងទទួលបានឱកាសថ្មីៗក្នុងការពង្រឹងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួននៅពេលក្លាយជាសមាជិក CPTPP។
ក្រេមឡាំងបានព្រមានជាស្រេចថា គ្មានទេការផ្អាក ឬបន្ធូរបន្ថយសកម្មភាពបាញ់ប្រហារក្នុងអំឡុងពេលបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំ។ នេះជាដំណឹងដ៏អាក្រក់មួយទៀត ព្រោះបើតាមអង្គការសហប្រជាជាតិ ជនស៊ីវិលបានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារដោយដ្រូនរុស្ស៊ីកាន់តែខ្លាំងឡើងៗ។ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបង្ហាញក្តៅព្រួយបារម្ភខ្លាំងចំពោះសេរីភាពរបស់ពលរដ្ឋក្នុងដែនដីអ៊ុយក្រែនក្រោមការត្រួតត្រារបស់រុស្ស៊ី។
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសហាមឃាត់ការបង្ហោះដ្រូន ក្រោមហេតុផលសន្តិសុខក្នុងពេលកម្ពុជា និងថៃកំពុងមានភាពតានតឹងនៅតាមព្រំដែន។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៧ ធ្នូនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលណាដែលបង្ហោះដ្រូនក្នុងក្រុងភ្នំពេញចាប់ពីថ្ងៃចេញសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ជាលើកទីមួយ សារមន្ទីរសិល្បៈអាស៊ីនៃវិទ្យាស្ថាន Smithsonian ក្នុងសហរដ្ឋអាមេរិក បានសម្រេចជាផ្លូវការក្នុងការប្រគល់វត្ថុបុរាណខ្មែរចំនួន ៣រូបជូនមកកម្ពុជាវិញ បន្ទាប់ពីមានកិច្ចចរចាអស់រយៈពេលជាច្រើនឆ្នាំ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។ តាមក្រសួងវប្បធម៌ រតនវត្ថុសិល្បៈបុរាណខ្មែរទាំង ៣នេះ ជាវត្ថុបុរាណដែលត្រូវបានលួចនាំចេញ អំឡុងពេលមានសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា។
នៅក្នុងសន្និសីទកាសែតនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានប្រកាសពីផែនការលុបបំណុលសរុប ៣០លានដុល្លារ សម្រាប់យោធិនពិកា និងយោធិនពលីនៅសមភូមិជួរមុខ។ ទន្ទឹមគ្នានោះ អេស៊ីលីដាក៏ប្រកាសពីការពន្យារពេលសងបំណុលរបស់អតិថិជនដែលជាយោធិននៅជួរមុខសរុបប្រមាណ ៧០លានដុល្លារដែរ។ ចំណែកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានប្រកាសពីការអនុវត្តវិធានការដែលដាក់ចេញដោយធនាគារជាតិ។ ធនាគារជាតិដែលប្រាប់ឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញាវត្ថុលុបចោលឥណទាន ១០លានរៀលសម្រាប់យោធិនរបួស និងលុបចោលឥណទានដល់ទៅ ៨០លានរៀលក្នុងករណីយោធិនពលី រួមទាំងផ្តល់ការអនុគ្រោះពិសេសដល់ពលរដ្ឋដែលជាជនភៀសសឹក៕
ប្រទេសអឺរ៉ុបចំនួន៣៥ប្រទេស បានមូលមតិគ្នា នៅថ្ងៃទី១៦ធ្នូ សម្រេចបង្កើតគណៈកម្មការពិសេសមួយ ដើម្បីទទួលបន្ទុកចាត់ចែងកិច្ចការ ទាមទារសំណងខូចខាតជូនអ៊ុយក្រែន ដែលបានរងគ្រោះដោយសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ជិត៤ឆ្នាំមកនេះ។ ជាសំណងជួលជុល ទាំងទៅលើបញ្ហាជំងឺផ្លូវចិត្តជនរងគ្រោះ និងការខូចខាតសម្ភារៈទ្រព្យសម្បត្តិឯកជន និងបេតិកភណ្ឌជាតិអ៊ុយក្រែនជាដើម។ តែទន្ទឹមនឹងនេះ ការប្រឹងប្រែងរបស់អឺរ៉ុបនេះ អាចនឹងជួបឧបសគ្គ ប្រសិនបើអាមេរិកចង់កំណត់ការមិនយកទោសពៃទាំងស្រុង ដើម្បីបិទបញ្ចប់សង្គ្រាមនឹងកសាងសន្តិភាព។
នៅសិង្ហបុរី តុលាការបានសម្រេចច្រានចោលបណ្តឹងរបស់ក្រុមសង្គមស៊ីវិល ដែលស្នើសុំឲ្យលុបចោលទោសប្រហារជីវិត ចំពោះជនជាប់ចោទពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ ដោយបន្តរក្សាការផ្តន្ទាទោសប្រហារជីវិត អាជ្ញាធរសិង្ហបុរី យល់ឃើញថា ការអនុវត្តទោសប្រហារជីវិត ធ្វើឲ្យប្រទេសអាស៊ីមួយនេះ មានសន្តិសុខសុវត្ថិភាពជាងគេលើពិភពលោក។
អង្គការទស្សនៈពិភពលោក (World Vision) ដែលធ្វើការលើកិច្ចគាំពារកុមារបានអំពាវនាវឱ្យមានជំនួយមូលនិធិបន្ទាន់ដល់កុមារក្នុងជំរំភៀសសឹក ក្រោយមានពលរដ្ឋខ្មែររាប់ពាន់គ្រួសារបានផ្លាស់ទីក្នុងពេលនៃការប៉ះទង្គិចគ្នាតាមព្រំដែនជាថ្មីរវាងយោធាកម្ពុជា និងថៃ។ តាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ អង្គការទស្សនៈពិភពលោកក៏បានទទូចឱ្យម្ចាស់ជំនួយបង្កើនជំនួយដូចជា ស្បៀង និងជម្រក ព្រមទាំងផ្តល់ជំនួយផ្នែកអប់រំដល់កុមារក្នុងរយៈពេលវែង។
លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ CHRAC ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ក្រុមការងារជំនាញរបស់អង្គការ CHRAC នឹងបន្តចុះទៅអង្កេតពីផលប៉ះពាល់ដែលបង្កចេញពីការបាញ់ផ្សែងពុលដោយយោធាថៃក្នុងពេលប៉ះទង្គិចគ្នាលើកទី២ ជាមួយកម្ពុជា។ តាមលោក រស់ សុដ្ឋា ពលរដ្ឋត្រូវចេះការពារខ្លួនដោយពាក់ម៉ាស និងកុំទទួលទានទឹកអូរ ឬស្រះក្នុងតំបន់ដែលរងការបាញ់ផ្សែងពុលរបស់យោធាថៃ។
ភេរវកម្មនៅមាត់ឆ្នេរក្រុងស៊ីដនី នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អង់តូនី អាល់បានីស៊ី បញ្ជាក់ថា ខ្មាន់កាំភ្លើង ២នាក់ ឪពុកនិងកូន ប្រាកដជាមានការជំរុញចិត្ត ពីទំនោរមនោគមវិជ្ជាជ្រុលនិយម នៃ អង្គការរដ្ឋអ៊ីស្លាមជីហាត ជាក់ជាពុំខាន។ ភេរវកម្មបាញ់ប្រហារដ៏សោកនាដកម្ម បានកើតឡើងកាលពីថ្ងៃអាទិត្យ ទី ១៤ធ្នូ និងបណ្តាលធ្វើឲ្យមនុស្ស ស្លាប់ ១៥ នាក់ និង របួសធ្ងន់ ៤២ នាក់។
ថ្ងៃអាទិត្យនិងថ្ងៃចន្ទកន្លងមកនេះ លោកប្រធានាធិបតីអ៊ុយក្រែន បានចរចានៅទីក្រុងប៊ែរឡាំង ជាមួយថ្នាក់ដឹកនាំប្រទេសអឺរ៉ុប និងតំណាងសហរដ្ឋអាមេរិក ដើម្បីនិយាយអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។ ឆ្លងកាត់ការពិភាក្សាគ្នា ភាគីសហរដ្ឋអាមេរិក បានសុខចិត្តទៅតាមការទាមទាររបស់អ៊ុយក្រែននិងអឺរ៉ុប ដោយបានសន្យាធានាចងលក្ខខណ្ឌការពារសន្តិសុខឲ្យអ៊ុយក្រែន ឲ្យបានរឹងមាំបំផុត ដើម្បីកុំឲ្យរុស្ស៊ីអាចត្រឡប់មកធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែនជាថ្មីទៀត។
នៅរសៀលថ្ងៃអង្គារ ទី១៦ ធ្នូនេះ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែនបានប្រតិកម្មតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនដែលថា មានទាហានរុស្ស៊ីចូលរួមប្រយុទ្ធក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ លោក ហ៊ុន សែន បានបញ្ជាក់ចំៗថា កម្ពុជាពុំដែលមានយោធាបរទេសណាម្នាក់នៅក្នុងប្រទេសឡើយ ចាប់តាំងពីអ៊ុនតាក់ត្រូវបានដកចេញពីកម្ពុជានៅឆ្នាំ ១៩៩៣។
បន្ទាប់ពីការផ្ទុះសង្គ្រាមតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃជាលើកទី២ យោធាថៃបានប្រើប្រាស់អាវុធធន់ធ្ងន់ ដូចជាការទម្លាក់គ្រាប់ផ្លោងតាមយន្តហោះ F-16 ជាដើមចូលមូលដ្ឋានស៊ីវិលរបស់កម្ពុជា។ ការណ៍នេះបានបង្ខំឱ្យជនភៀសសឹកកម្ពុជាប្រមាណជាង ៤២ម៉ឺននាក់ត្រូវចាកចេញពីលំនៅឋានរបស់ពួកគេ ទៅរកតំបន់មានសុវត្ថិភាព។ ក្នុងកាលៈទេសៈនេះដែរ ជនភៀសសឹកកម្ពុជាមួយចំនួនកំពុងជួបប្រទះនឹងកង្វះខាតតម្រូវការប្រចាំថ្ងៃរួមមាន កន្លែងស្នាក់នៅ អាហារ ទឹកស្អាតប្រើប្រាស់ ព្រមទាំងការខកខានការសិក្សារបស់ក្មេងៗជាដើម។ ប្រឈមនឹងផលវិបាកទាំងនេះ ជនភៀសសឹកកម្ពុជាអំពាវនាវដល់សហគមន៍អន្តរជាតិ ក៏ដូចជាប្រទេសមហាអំណាចជួយបញ្ចប់សង្គ្រាមឈ្លានពានថៃមកលើកម្ពុជា ដើម្បីឱ្យពួកគេបានវិលត្រលប់ទៅលំនៅឋាន ជួបជុំគ្រួសារ និងប្រកបមុខរបរស្រែចម្ការឡើងវិញ។
រដ្ឋាភិបាលថៃ តាមរយៈការិយាល័យអន្តោប្រវេសន៍បានប្រកាសក្នុងថ្ងៃទី១៥ ធ្នូ ឆ្នាំ២០២៥ ពីការរឹតបន្តឹងការចេញ-ចូលតាមផ្លូវអាកាស។ វិធានការនេះធ្វើឡើងក្រោមហេតុផលបារម្ភពីបញ្ហាសន្តិសុខជាតិក្នុងពេលដែលស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃកំពុងបន្តកើនកម្តៅ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃដោយបញ្ជាក់ថា វិធានការរឹតបន្តឹងនេះសំដៅលើជនបរទេស ពិសេសគឺពលរដ្ឋខ្មែរ។ ដោយឡែក កម្ពុជា តាមរយៈអ្នកនាំពាក្យអាកាសចរស៊ីវិលលោក ស៊ិន ចាន់សេរីវុត្ថា ហាក់មិនបានភ្ញាក់ផ្អើលនឹងវិធានការរបស់ថៃនេះទេ។
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសថៃបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនដោយបង្ហាញលក្ខខណ្ឌចំនួន ៣ចំណុចសម្រាប់បទឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ លក្ខខណ្ឌទី១ កម្ពុជាត្រូវប្រកាសបទឈប់បាញ់មុន ទី២ បទឈប់បាញ់ត្រូវធ្វើឡើងដោយអនុវត្តជាក់ស្ដែង និងទី៣ កម្ពុជាត្រូវធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពិតប្រាកដ និងដោយស្មោះត្រង់លើការបោសសម្អាតគ្រាប់មីន។ អ្នកវិភាគនានានៅកម្ពុជាយល់ឃើញថា លក្ខខណ្ឌទាំង ៣ របស់ថៃគឺជាចំណុចងាយៗ និងថា កម្ពុជាធ្លាប់បានគោរពយ៉ាងខ្ជាប់ខ្ជួនលើចំណុចទាំងនោះរួចហើយនាពេលកន្លងមក។ តើកម្ពុជាគួរគិតយ៉ាងណាចំពោះលក្ខខណ្ឌទាំង ៣ចំណុចរបស់ថៃពេលនេះ?
នៅថ្ងៃទី១៥ធ្នូម្សិលមិញនេះ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បានស្នើឲ្យបញ្ឈប់ការវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និងថៃជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ ក្រៅពីនេះ APHR ក៏សុំឲ្យមានការការពារប្រជាជនស៊ីវិលឲ្យបានពេញលេញ និងលទ្ធភាពចូលទៅជួយខាងផ្នែកមនុស្សធម៌សម្រាប់សហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននេះ។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងបាងកកបានច្រានចោលការចុះផ្សាយប្រព័ន្ធផ្សព្វផ្សាយថៃដែលចុះផ្សាយថា ពលរដ្ឋរុស្ស៊ីអាចធ្វើជាទាហានស៊ីឈ្នួលនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ចំពោះរុស្ស៊ី ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះបានរំលោភបំពានដល់ពលរដ្ឋខ្លួន និងប៉ះពាល់ទំនាក់ទំនងជាប្រពៃណីជាមួយកម្ពុជា និងថៃ។
ថ្លែងពីការិយាល័យធ្វើការរបស់លោកនៅឯសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃទី១៥ធ្នូម្សិលមិញថា លោកបានបញ្ចប់សង្គ្រាមចំនួន៨ តែសង្គ្រាមមួយក្នុងចំណោមនោះ គឺសង្គ្រាម ខ្មែរ និងថៃ នៅមិនទាន់បញ្ចប់នៅឡើយ ដោយសារការវាយប្រយុទ្ធតាមព្រំដែនប្រទេសទាំងពីរនៅបន្ត ហើយការសា្លប់ក៏បានកើតឡើង។ លោកកត់សម្គាល់ឃើញថា មានបញ្ហាតិចតួចនៅក្នុងការបញ្ចប់សង្គ្រាមនេះ។ យ៉ាងណាក្តី ចៅហ្វាយសេតវិមានរូបនេះ បង្ហាញការតាំងចិត្តនឹងដោះស្រាយសង្គ្រាមមួយនេះឲ្យខាងតែបាន។
ចាប់ពីដើមឆ្នាំ មកទល់នឹងពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៥ នេះ អារ៉ាប៊ីសាអូឌីត បានប្រហារជីវិតមនុស្ស យ៉ាងហោច ៣៤០ នាក់។ ចំនួននេះ បំបែកកំណត់ត្រា ឆ្នាំចាស់ ២០២៤។ អារ៉ាប៊ីសាអូឌីត ជាព្រះរាជាណាចក្រ ដែលឃុំឃាំងមនុស្សច្រើនជាងគេ ក្នុងពិភពលោក បន្ទាប់ពី ចិន និង អ៊ីរ៉ង់។
នៅថ្ងៃចន្ទទី ១៥ធ្នូនេះ តុលាការហុងកុងបានប្រកាសរកឃើញថាលោក ជីមី ឡៃ មហាសេដ្ឋីផ្នែកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គាំទ្រលទ្ធិប្រជាធិបតេយ្យនិង ជាអតីតចាងហ្វាងកាសែតប្រឆាំង ពិតជាបានប្រព្រឹត្តកំហុស ចង់បះបោរ និងផ្សំគំនិតជាមួយបរទេស ប៉ះពាល់ដោយសន្តិសុខជាតិ។ បើយោងទៅតាមច្បាប់សន្តិសុខជាតិដែលតាក់តែងឡើងដោយប៉េកាំង លោក ជីមី ឡៃ ត្រូវមានទោសជាប់ពន្ធនាគារអស់មួយជីវិត។ តុលាការនឹងប្រកាសសាលក្រមនៅពេលក្រោយ
នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានពង្រីកសមរភូមិ ដោយបើកការបាញ់ប្រហារកំរោល ជាមួយយន្តហោះចម្បាំង F -16 ទម្លាក់គ្រាប់ទៅលើស្រុកស្រីស្នំ ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រពីតំបន់អង្គរវត្ត។ លោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលនេះថា តំបន់អង្គរវត្តមិនមែនជាទីតាំងគោលដៅវាយប្រហាររបស់យោធាថៃនោះទេ ហើយលោកក៏មិនជឿថា យោធាថៃប្រហើនទៅបើកការប្រហារដល់តំបន់ប្រាសាទអង្គរវត្តដែរ។
គម្រោងនៃការបង្ហាញលទ្ធផលពិនិត្យផ្ទៀងផ្ទាត់ដើមហេតុ នៅពីក្រោយការវាយប្រយុទ្ធគ្នាជាលើកទី២រវាងកងទ័ពកម្ពុជា និងថៃត្រូវបានពន្យារពេលទៅតាមការស្នើសុំរបស់ប្រទេសជិតខាងទាំងពីរនេះ។ នេះបើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលត្រូវបានដកស្រង់សម្តីដោយកាសែត Bernama។ ថ្មីៗនេះ ប្រមុខរដ្ឋាភិបាលទីក្រុងគូឡាឡាំពួរបានស្នើឲ្យមានការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅទីតាំងមានជម្លោះតាមព្រំដែនខ្មែរ ដើម្បីបានដឹងពីដំណើរដើមទងនៃការផ្ទុះអាវុធ។
នៅស៊ីលី ជាលើកទី១ក្នុងប្រវត្តិសាស្ត្រ រយៈពេល៣៥ឆ្នាំចុងក្រោយនេះ ដែលប្រជាពលរដ្ឋសម្រេចបោះឆ្នោតគាំទ្រ អ្នកនយោបាយស្តាំនិយមជ្រុល និងអភិរក្សនិយមជ្រុល ឲ្យឡើងកាន់អំណាចប្រធានាធិបតី ។ តែ ជ័យជម្នះរបស់អ្នកនយោបាយស្តាំអភរិក្សនិយមជ្រុល នាពេលនេះ ជាទំព័រដ៏ខ្មៅងងឹតចំពោះស្ត្រី និងអ្នកស្រឡាញ់ភេទដូចគ្នា នៅស៊ីលី។