ក្រុមចម្រៀង K-pop ដ៏ពេញនិយមរបស់កូរ៉េខាងត្បូង កំពុងតែស្ថិតនៅចំកណ្តាលនៃព្យុះរលកបោកបក់ ជម្លោះការទូតរវាងចិននិងជប៉ុន។ ថ្វីបើទីផ្សារចម្រៀងរបស់ចិនដ៏ធំល្វឹងល្វើយ បានចាប់ផ្តើមបើកទ្វារ ស្វាគន៍ក្រុមចម្រៀង K-pop យ៉ាងសន្សឹមៗពិតមែន ក៏ប៉ុន្តែទ្វារនេះបានបិទទៅវិញ ដោយហេតុតែមានសមាជិកខ្លះនៃក្រុមចម្រៀងទាំងនេះ គឺជាជនជាតិជប៉ុន។ បណ្តាអ្នកគាំទ្រនៅចិនបានធ្វើពហិការ ហើយកម្មវិធីប្រគុំតន្ត្រី និងការជួបជុំជាមួយក្រុមអ្នកគាំទ្រនៅចិន ក៏ត្រូវបានលុបចោលជាបន្តបន្ទាប់ដែរ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានប្រកាសនៅថ្ងៃពុធ ទី២៤ ធ្នូ ថាបានទទួលសេចក្តីព្រាងថ្មីនៃផែនការសន្តិភាពស្នើដោយអាមេរិក។ នៅក្នុងសេចក្តីព្រាងថ្មីនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនស្នើឲ្យបង្កើតតំបន់គ្មានកងទ័ព ហើយអ៊ុយក្រែនទទួលបានសម្បទានខ្លះ។ តើរុស្ស៊ីអាចនឹងយល់ព្រមតាមសំណើថ្មីនេះដែរឬទេ?
យន្តហោះឯកជនមួយគ្រឿងធ្វើដំណើរចេញពីទីក្រុងអង់ការ៉ា ប្រទេសតួកគី ទៅទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ី បានធ្លាក់នៅយប់ថ្ងៃអង្គារ ទី២៣ ធ្នូ។ គិតត្រឹមថ្ងៃពុធនេះ មនុស្សយ៉ាងហោចណាស់ ៨នាក់ បានស្លាប់ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅទីក្រុងអង់ការ៉ា ក្នុងនោះមាននាយសេនាធិការកងទ័ពលីប៊ី និងមេបញ្ជាការកងទ័ព ៤នាក់។
ក្រោយការវាយប្រយុទ្ធគ្នាជាង ២សប្តាហ៍នៅតាមព្រំដែន កម្ពុជា និងថៃឈានដល់ការដឹកដៃគ្នាចូលតុចរចាជាថ្មី ដើម្បីរកច្រកចេញក្នុងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ ការងាកមកជជែកគ្នាជាថ្មីនេះកើតមាន បន្ទាប់ពីមានការអំពាវនាវឥតដាច់ពីសហគមន៍អន្តរជាតិ និងបទអន្តរាគមន៍របស់ប្រធានអាស៊ាន។ តែការជួបសន្ទនាគ្នាតាមច្រកនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តចាន់ថាបុរីរបស់ថៃនេះ ត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថា កម្ពុជាកំពុងចាញ់ច្រាបថៃ ព្រោះកម្ពុជាបានប្រកែកមិនចង់ទៅប្រជុំលើដីថៃនោះទេ បន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ប៉ុន្តែនៅនាទីចុងក្រោយ កម្ពុជានៅតែព្រមធ្វើតាមសំណើថៃ។ តើមានអ្វីនៅពីក្រោយនៃការសម្រេចចិត្តរបស់កម្ពុជា ឬនេះជាការបញ្ជាក់ថា កម្ពុជាអស់ជម្រើស ដោយត្រូវតាមថៃមួយគ្រាសិន?
នៅថ្ងៃទី១៧ដល់ថ្ងៃទី១៩ធ្នូ អង្គការសុខភាពពិភពលោកបានបើកជំនួបកំពូលលើកទីពីរ ស្តីពីវេជ្ជសាស្ត្របុរាណ នៅប្រទេសឥណ្ឌា។ អង្គការសុខភាពពិភពលោកបានទទួលស្គាល់ថា វេជ្ជសាស្ត្របុរាណជាចង្កោមចំណេះដឹង សមត្ថភាព និងជាការព្យាបាលដែលឈរលើក្បួន លើជំនឿ និងបទពិសោធន៍ផ្ទាល់។ វេជ្ជសាស្ត្របុរាណត្រូវបានគេចាត់ទុកជាវេជ្ជសាស្ត្រស្រទន់ ជាជម្រើសបន្ថែមមួយទៀតនៃការព្យាបាលថែទាំសុខភាព។ នៅក្នុងចំណោមវេជ្ជសាស្ត្របុរាណជាច្រើននៅលើពិភពលោក វេជ្ជសាស្ត្របូរាណចិន មានអាយុចាស់ជាងគេបំផុតមួយ តើវេជ្ជសាស្ត្របុរាណចិន មានគុណសម្បត្តិនិងលក្ខណៈពិសេសយ៉ាងដូចម្តេចខ្លះ?
យប់ថ្ងៃអង្គារ ឆ្លងចូលថ្ងៃពុធ ទី ២៤ ខែ ធ្នូ មានហេតុការណ៍បំផ្ទុះគ្រាប់បែក នៅក្នុងទីក្រុងម៉ូស្គូ ដែលបានបណ្តាលឲ្យនគរបាលរុស្ស៊ី ២ នាក់ បានស្លាប់ ។ បើយោងតាមការប្រកាសដោយគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី គ្រាប់បែកបង្កប់មួយ ទំនងជាត្រូវគេបញ្ជាឲ្យផ្ទុះ ខណៈពេលដែល នគរបាលទំាង ២ រូបខាងលើ កំពុងធ្វើសកម្មភាពឃាត់ខ្លួន ជនសង្ស័យម្នាក់ ។ គួរបញ្ជាក់ថា ករណីឃាតកម្មនេះ បានកើតឡើងនៅលើដងផ្លូវមួយ ស្ថិតនៅមិនឆ្ងាយពី ទីកន្លែង ដែលមេបញ្ជាការកងទ័ពរុស្ស៊ីម្នាក់ទៀត ត្រូវគេធ្វើឃាត កាលពីថ្ងៃទី ២២ ខែ ធ្នូ កន្លងទៅថ្មីៗនេះ ។
ទីភ្នាក់ងារអវកាសឥណ្ឌា បានសម្រេចបានជោគជ័យដ៏ធំមួយទៀត នៅថ្ងៃទី២៤ធ្នូ ដោយបានបាញ់បង្ហោះផ្កាយរណបដ៏មានទម្ងន់ធ្ងន់មួយ ទៅកាន់គន្លងតារាវិថីកម្រិតទាប។ លោកណារិន្ទ្រ ម៉ូឌី បានអបអរសាទរ និងបានអះអាងថា ឥណ្ឌាបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការសាកល្បងបង្ហោះយានដឹកមនុស្សទៅកាន់អវកាស នៅឆ្នាំ២០២៧។
ជម្លោះខ្មែរ-ថៃ ក្នុងរយៈពេលជាង ២សប្តាហ៍មកនេះ បានបន្សល់ទុកជនភៀសសឹកជាងកន្លះលាននាក់ និងដែលបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីតម្រូវការស្បៀងអាហារ និងសម្ភារៈផ្សេងៗ ការគិតគូរពីជម្រកសម្រាប់ជនភៀសសឹកដែលមានសុវត្ថិភាព និងផាសុខភាព ក៏ជារឿងសំខាន់ចាំបាច់ផងដែរ។ ថ្មីៗនេះ គម្រោងជម្រកសម្រាប់ជនភៀសសឹកត្រូវបានសិក្សា និងបង្កើតឡើងដោយក្រុមនិស្សិតស្ម័គ្រចិត្ត និងស្ថាបត្យករខ្មែរ-បារាំង ក្រោមក្តីរំពឹងផ្តល់ជម្រកបន្ទាន់ដែលមានចិរភាព និងភាពធន់ល្មម សម្រាប់អ្នកភៀសសឹក។
ការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានទទួលយកពាក្យបណ្តឹងលើករណីដែលថៃប្រើប្រាស់កម្លាំងយោធាវាយប្រហារមិនរើសមុខមកលើកម្ពុជា។ នេះបើតាមការឱ្យដឹងរបស់ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេសនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។ ក្រុមបញ្ញវន្តខ្មែរដែលតំណាងដោយ លោក ម៉ូន ពេជ្រ ក៏បានបញ្ជាក់ពីការរាយការណ៍បន្ថែមទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ពាក់ព័ន្ធនឹងសកម្មភាពអរិភាពដែលយោធាថៃបន្តធ្វើដាក់មកលើដែនអធិបតេយ្យ និងជនស៊ីវិលកម្ពុជា។
ដូចការព្យាករទុកកាលពីអំឡុង៣ខែមុនរបស់ក្រុមអ្នកសេដ្ឋកិច្ចដែលថា តម្លៃមាសនឹងហក់ឡើងថ្លៃមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ គិតត្រឹមថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២៥ តម្លៃមាសបានហក់ឡើងដល់ជាង ៥៤១០ដុល្លារ ក្នុងមួយតម្លឹងសម្រាប់ទីផ្សារនៅកម្ពុជា។ ការហក់ឡើងតម្លៃមាសដ៍ខ្ពស់មិនធ្លាប់មាននេះ គឺចំពេលដែលកម្ពុជាកំពុងមានសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ។ តើនៅគ្រានេះពលរដ្ឋខ្មែរគួរតែលក់មាសចេញ ដើម្បីបានចំណេញ ឬគួរតែរក្សាមាសទុក?
ក្រសួងការពារជាតិកម្ពុជានៅយប់ថ្ងៃទី២៣ ខែធ្នូ បានឱ្យដឹងថា យោធាថៃនៅបន្តបាញ់កាំភ្លើងធំ រថក្រោះ និងប្រើប្រាស់ដ្រូនអត្តឃាតបាញ់ចូលតំបន់ប្រាសាទព្រះវិហារ។ ចំណែក អាជ្ញាធរជាតិព្រះវិហារបានអះអាងថា ទំហំនៃផលខូចខាតមកលើតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជា គឺកាន់តែធ្ងន់ធ្ងរជាងការផ្ទុះអាវុធកាលពីចុងខែកក្កដា ឆ្នាំ២០២៥ទៅទៀត។
បន្ទាប់ពីជម្លោះព្រំដែនកម្ពុជា-ថៃបានបង្កឲ្យគ្រោះថ្នាក់ និងជម្លៀសប្រជាជនស៊ីវិលរាប់សែននាក់ រដ្ឋមន្រ្តីអឺរ៉ុប និងការបរទេសបារាំង លោក ហ្សង់ ណូអែលបារ៉ូ នៅថ្ងៃទី២៤ធ្នូនេះ បានចេញសេចក្តីថ្លែងការណ៍ជាថ្មីម្តងទៀត ដោយជំរុញឲ្យកម្ពុជា និងថៃទម្លាក់សព្វាវុធ ឈប់បាញ់ជាបន្ទាន់។ ដោយឡែក ក្រសួងការបរទេសកូរ៉េខាងត្បូង ក៏បានជំរុញឲ្យភាគីជម្លោះកម្ពុជា-ថៃ ត្រូវតែចូលទុកចរចាគ្នា ដើម្បីបញ្ចប់ការប្រយុទ្ធផងដែរ។
ក្រោយពីមេបញ្ជាការកងទ័ពរុស្ស៊ីម្នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងនៃទីក្រុងម៉ូស្គូ រុស្ស៊ីបានសម្រុកបាញ់ប្លោងមីស៊ីលនិងដ្រូន ចូលដល់តំបន់ប៉ែកខាងលិចអ៊ុយក្រែន ជាប់ព្រំដែនប៉ូឡូញ។ ការវាយប្រហាររបស់កងទ័ពរុស្ស៊ី បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដែលបានធ្វើឲ្យប្រជាជននៅតំបន់ជាច្រើន គ្មានអគ្គិសនីប្រើប្រាស់ ចំពេលដែលរដូវរងារចូលមកដល់។ នេះបើតាមការអះអាងរបស់អាជ្ញាធរអ៊ុយក្រែននៅថ្ងៃអង្គារទី២៣ ធ្នូ។ ចំណែក រដ្ឋាភិបាលប៉ូឡូញបានបញ្ជាឲ្យដាក់ពង្រាយយន្តហោះចម្បាំង ដើម្បីការពារដែនអាកាសរបស់ខ្លួន ដោយសារការប្រហាររបស់រុស្ស៊ី ចូលដល់តំបន់ក្បែរព្រំដែនរបស់ប៉ូឡូញ។
លោកដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទ ទី២២ធ្នូ ថាកងទ័ពអាមេរិកនឹងចាប់ផ្តើមសាងសង់ទៅតាមការបញ្ជារបស់លោក នូវនាវាចម្បាំងដ៏ទំនើបប្រភេទថ្មី ដែលធំជាងគេបង្អស់។ អ្វីដែលពិសេសជាងនេះទៀត គឺនាវាចម្បាំងនេះ នឹងត្រូវគេប្រសិទ្ធិនាមដាក់ឈ្មោះលោកត្រាំផ្ទាល់តែម្តង។ វាគឺជារឿងមួយមិនធ្លាប់មានទេ ដែលប្រធានាធិបតីមួយរូបមិនទាន់ស្លាប់ ហើយកំពុងកាន់អំណាចទៀត បញ្ជាឲ្យគេយកឈ្មោះខ្លួនឯង ទៅដាក់នៅលើនាវាចម្បាំងបែបនេះ។ ទាំងនេះហាក់បង្ហាញកាន់តែច្បាស់ អំពីទំនោរសួនតួ និងអញនិយម របស់លោកដូណាល់ ត្រាំ។
ក្រោយពីជំនួបចរចាជាច្រើនថ្ងៃនៅប្រទេសអូម៉ង់ រដ្ឋាភិបាលយេម៉ែននិងក្រុមឧទ្ទាមប្រដាប់អាវុធហ៊ូទីបានព្រមព្រៀងគ្នា នៅថ្ងៃអង្គារ ទី២៣ ធ្នូ ដោះលែងអ្នកទោសនិងឈ្លើយសឹកជិត ៣០០០នាក់ ក្នុងចំណាមនោះមានបុគ្គលិករបស់អង្គសហប្រជាជាតិ។ បុ៉ន្តែ ថ្ងៃកំណត់នៃការដោះលែងឈ្លើយសឹក មិនទាន់បានបង្ហើបឲ្យដឹងនៅឡើយទេ។ ចំណែក ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្សបានអំពាវនាវឲ្យក្រុមឧទ្ទាមហ៊ូទី ដោះលែងបុគ្គលិករបស់អង្គការសហប្រជាជាតិទាំងអស់ ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។
របបសឹកភូមាគ្រោងរៀបចំការបោះឆ្នោត ចាប់ពីថ្ងៃអាទិត្យចុងសប្តាហ៍នេះទៅ។ តែផ្អែកតាមឧត្តមស្នងការដ្ឋានសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ គឺវាមិនមានលក្ខខណ្ឌអំណោយផលគ្រប់គ្រាន់ទេ ក្នុងការរៀបចំការបោះឆ្នោតមួយ ដែលសេរីនិងយុត្តិធម៌ ខណៈសង្គ្រាមស៊ីវីលនៅតែបន្ត ហើយគ្មានគណបក្សប្រឆាំងចូលរួម។ លោកឧត្តមស្នងការសិទ្ធិមនុស្ស បានអំពាវនាវកាលពីថ្ងៃអង្គារទី២៣ធ្នូ ប្រាប់ទៅកាន់របបសឹកភូមា ឲ្យឈប់ចាប់បង្ខំឲ្យប្រជាជនភូមាចូលរួមបោះឆ្នោត តាមរយៈការធ្វើទុក្ខបុកម្នេញ និងការគំរាមសម្លុតនានា។
ចៅហ្វាយសេតវិមានអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២២ធ្នូថា ថៃជាតួអង្គចាប់ផ្តើមសង្គ្រាមជាថ្មីជាមួយកម្ពុជា។ ជាការថ្លែងបន្ទាប់ប្រមុខការទូតថៃ លោក ស៊ីហាស័ក ភួងកេតកែវ បានចាត់ទុកសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ ដែលមានអាមេរិក និងម៉ាឡេស៊ីជាសាក្សីនោះ គឺធ្វើឡើងប្រញាប់ប្រញាល់ជ្រុល។
ចាប់តាំងពីចូលកាន់អំណាចអាណត្តិថ្មីមក លោកដូណាល់ ត្រាំ បានប្រកាសម្តងហើយម្តងទៀត ថាលោកចង់បានកោះហ្ក្រូអិនឡង់ដ៍ ដែលជាដែនដីរបស់ដាណឺម៉ាក យកមកធ្វើជារបស់សហរដ្ឋអាមេរិក។ ហើយកាលពីថ្ងៃអាទិត្យទី២១ធ្នូ លោកដូណាល់ ត្រាំ បានតែងតាំងមនុស្សម្នាក់ ឲ្យធ្វើជាប្រេសិតពិសេសទទួលបន្ទុកកោះហ្គ្រូអិនឡង់ដ៍ នេះតែម្តង។ ដំណឹងនេះ បានធ្វើឲ្យរដ្ឋាភិបាលដាណឺម៉ាក ចេញប្រតិកម្មយ៉ាងក្រេវក្រោឌ ដោយបានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកឲ្យចូលជួប និងថារដ្ឋបាលលោកដូណាល់ កំពុងតែមានចេតនារំលោភអធិបតេយ្យភាព និងបូរណៈភាពទឹកដីរបស់ដាណឺម៉ាក។
ចិន និងសហភាពអឺរ៉ុបបន្តដាក់សម្ពាធលើគ្នាទៅវិញទៅមក។ រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសដំឡើងពន្ធចំនួន ៤២,៧% លើផលិតផលមួយចំនួនធ្វើពីទឹកដោះសត្វរបស់អឺរ៉ុប នាំចូលទឹកដីចិន។ ការដំឡើងពន្ធថ្មីរបស់ចិននឹងចូលជាធរមាន នៅថ្ងៃអង្គារ ទី២៣ ធ្នូ។ ចំណែក សហភាពអឺរ៉ុបបានចាត់ទុកការដំឡើងពន្ធទ្វេដងនេះ ថាជារឿងមិនសមហេតុសមផល និងគ្មានមូលដ្ឋាន។
នៅក្នុងជំនួបជាមួយលោក ស៊ី ជុនតាវ (Xie Chuntao) អនុប្រធានប្រតិបត្តិសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ នារសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ថាទំនាក់ទំនងរវាងកម្ពុជាចិន នៅតែជាទំនាក់ទំនងដែកថែប។ នេះបើតាមការឲ្យដឹងរបស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ សូមរម្លឹកថា ជំនួបរវាងលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់ចិននៅពេលនេះ ធ្វើឡើងជាលើកដំបូង បន្ទាប់ពីលោកបានប្រកាសកាលពីសប្តាហ៍កន្លងទៅ ផ្អាកទទួលជួបភ្ញៀវបរទេសដើម្បីចូលរួមបញ្ជាទ័ពជាមួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងកងទ័ពថៃ នៅតាមព្រំដែនប្រទេសទាំងពីរ៕
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានធ្វើដំណើរទៅដល់ទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃអាទិត្យ ទី២១ ធ្នូ។ ដំណើរទស្សនកិច្ចលើកនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខក្នុងតំបន់ ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។ លោកម៉ាក្រុងក៏ត្រូវទៅជួបជុំ ប្រារព្ធបុណ្យណូអែលជាមួយទាហានបារាំង ដែលកំពុងឈរជើង នៅតំបន់ឈូងសមុទ្រពែក្ស។
មេបញ្ជាការម្នាក់នៃអគ្គសេនាធិការកងទ័ពរុស្ស៊ី បានស្លាប់នៅក្នុងហេតុការផ្ទុះគ្រាប់បែកមួយ នៅព្រឹកថ្ងៃចន្ទទី២២ធ្នូ នៅខាងត្បូងក្រុងម៉ូស្គូ។ ក្រុមស៊ើបអង្កើតរុស្ស៊ី បានដាក់ការសង្ស័យថា នេះអាចជាស្នាដៃរបស់ក្រុមចារកិច្ចអ៊ុយក្រែន ព្រោះថានេះមិនមែនជាលើកទីមួយទេ ដែលមន្ត្រីជាន់ខ្ពស់នៃកងទ័ពរុស្ស៊ី ត្រូវអ៊ុយក្រែនរៀបផែនការសម្លាប់។
អាមេរិកបានស្នើជាថ្មីឲ្យប្រទេសកម្ពុជា និងថៃបញ្ឈប់ការវាយប្រហារគ្នា ហើយដកអាវុធធុនធ្ងន់ ចេញពីព្រំដែនប្រទេសជិតខាងទាំងពីរ។ អាមេរិកក៏បានស្នើឲ្យភាគីជម្លោះអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ដែលជាស្នាដៃរបស់ចៅហ្វាយសេតវិមានអាមេរិក លោក ដូណាល់ ត្រាំ។ ការអំពាវនាវយ៉ាងដូចនេះ ធ្វើឡើងខណៈម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃនៅថ្ងៃចន្ទនេះ។
បន្ទាប់ពីខកខានមិនបានធ្វើបាតុកម្មប្រឆាំងសង្រ្គាមឈ្លានពានរបស់ថៃ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ប្រជាជនខ្មែរនៅប្រទេសបារាំងបានទៅជួបជុំគ្នាយ៉ាងច្រើនកកកុញនៅទីលានសិទ្ធិមនុស្ស ត្រូកាដេរ៉ូ ក្នុងទីក្រុងប៉ារីស។ ក្រោមតំណក់ទឹកភ្លៀងរលឹមមិនឈប់ ប្រជាជនខ្មែរ មកពីគ្រប់និន្នាការគណបក្សបានរួមគ្នាធ្វើបាតុកម្ម ស្រែកថ្កោលទោស និងទាមទារឲ្យថៃឈប់ធ្វើសង្រ្គាមវាយប្រហារទៅលើកម្ពុជាដែលជាប្រទេសកំណើតរបស់ពួកគេ។ បើតាមប៉ូលិសបារាំង មនុស្សប្រមាណ១៨០០នាក់បានចូលរួមធ្វើបាតុកម្មនៅទីលានត្រូកាដេរ៉ូ កាលពីថ្ងៃអាទិត្យទី២១ធ្នូម្សិលមិញ។
ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក Casey Barnett បានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា គិតត្រឹមម៉ោង ១២៖០០អធ្រាត្រ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ថៃបានវាយប្រហារតាមអាកាសប្រហែល ២៣លើក មកលើប្រទេសកម្ពុជា ដោយបានបំផ្លាញទាំងគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ទាំងអស់នេះត្រូវបានលោក Casey Barnett បញ្ជាក់ថាការលុបចោលកិច្ចព្រមព្រៀងសន្តិភាពរបស់ថៃដោយសារតែទាហាន ៤នាក់របស់ខ្លួនរងរបួសដោយជាន់មីន ហាក់ដូចជាការឆ្លើយតបហួសហេតុ និងមិនសមហេតុផល។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារបានអំពាវនាវឱ្យពលករខ្មែរបន្តស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃដដែលរហូតដល់ពេលដែលស្ថានការណ៍នៅតាមព្រំដែនប្រទេសកម្ពុជា និងថៃត្រឡប់មកដូចដើមវិញ។ នេះបើតាមលិខិតក្រសួងការងារ ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI បន្ថែមថា ក្រសួងនឹងបន្តតាមដានស្ថានភាពពលករខ្មែរដែលកំពុងរស់នៅក្នុងប្រទេស ព្រមទាំងសហការផងដែរជាមួយភាគីថៃ និងអង្គការអន្តរជាតិក្នុងការពារពលរដ្ឋខ្មែរ។
៤៥ឆ្នាំមុន ប្រជាជនខ្មែររាប់ម៉ឺននាក់បានភៀសខ្លួនទៅជាយដែនថៃ គេចពីសង្គ្រាមស៊ីវិលក្នុងស្រុក ប៉ុន្តែជាអកុសលឆ្នាំ២០២៥នេះ ពលរដ្ឋខ្មែរជាង៥០ម៉ឺននាក់ បានរងទុក្ខនិងភៀសខ្លួនចេញពីផ្ទះសំបែងដោយពុំបានត្រៀមខ្លួនជាមុន ដោយសារការវាយប្រហាររបស់ថៃ។ អ្នកទស្សនាភាពយន្តឯកសារ«រង់ចាំកម្ពុជា»ចង់ឃើញសហគមន៍អន្តរជាតិលូកដៃជួយធ្វើអន្តរាគមន៍បញ្ចប់សង្គ្រាមតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។ ជាការបញ្ចប់សង្គ្រាមដែលអាចបើកផ្លូវឱ្យជនភៀសសឹកខ្មែរបានវិលត្រលប់ទៅលំនៅឋាន និងជួបជុំគ្រួសារដូចកាលពី៤៥ឆ្នាំមុន៕
ក្រោយពីឮដំណឹងថា ជប៉ុនចង់មានអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើងអះអាងថានឹងប្រើគ្រប់មធ្យោបាយ ដើម្បីរារាំងមហិច្ឆតារបស់រដ្ឋាភិបាលទីក្រុងតូក្យូ ដែលចង់ផលិតអាវុធប្រល័យលោក។ ចំណែក នាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន បានចេញមុខបញ្ជាក់ថា រដ្ឋាភិបាលជប៉ុននៅបន្តជំហរមិនសាយភាយអាវុធនុយក្លេអ៊ែរ។
គិតត្រឹមថ្ងៃទី២១ខែធ្នូឆ្នាំ២០២៥ ជនភៀសសឹករបស់កម្ពុជា បានកើនឡើងដល់ជាងកន្លះលាននាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ធ្នូ។ យ៉ាងណាមិញ របាយការណ៍បានបញ្ជាក់ថា គ្មានប្រជាពលរដ្ឋស្លាប់និងរបួសឡើយ គិតត្រឹមព្រឹកថ្ងៃទី២១ធ្នូ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅព្រឹកថ្ងៃអាទិត្យទី២១ធ្នូនេះ បានលើកឡើងថា កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបទេសអាស៊ាន នៅថ្ងៃចន្ទស្អែកនេះ នឹងជាវេទិកាសម្រាប់ដោះស្រាយជម្លោះដ៏តានតឹងរវាងកម្ពុជា-ថៃ។ ការបញ្ជាក់យ៉ាងដូចនេះ ធ្វើឡើងបន្ទាប់ពីលោក អាន់វ៉ា បានជួបជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគូន។
ដោយគាំទ្រអ៊ីស្រាអែលឥតងាករេ សមាជិកព្រឹទ្ធសភាអាមេរិក មកពីបក្សកាន់អំណាចនៅវ៉ាស៊ីនតោន លោក លិនដ៍ស៊ី ហ្ក្រាំ បានចោទប្រកាន់ ក្រុមប្រដាប់អាវុធហាម៉ាសនៅហ្កាហ្សា និងពួកបេសបូឡានៅលីបង់ ថា មិនត្រឹមតែពុំបានទម្លាក់អាវុធចុះទេ ផ្ទុយទៅវិញ ពួកគេកាន់តែបង្កើនសព្វាវុធថែមទៀត។ ការចោទប្រកាន់បែបនេះ បានធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោកព្រឹទ្ធសមាជិករូបនេះ ដែលបានស្កាត់ទៅជួបនាយករដ្ឋមន្ត្រី បេនចាមិន នេតាន់យ៉ាហ៊ូ ដោយផ្ទាល់ នៅអ៊ីស្រាអែល។
រោងចក្រផលិតសូកូឡានៅក្នុងខេត្តសៀមរាបឈ្មោះ WAT Chocolate Cambodia កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេស។ គាំទ្រដោយសារតែ សូកូឡាដែលផលិតចេញពីរោងចក្រសូកូឡា WAT Chocolate Cambodia មានគុណភាពល្អ អនាម័យ និងមានរសជាតិឆ្ងាញ់ ហើយមានតម្លៃសមរម្យ។ ប្រធានផ្នែកផលិតសូកូឡារបស់រោងចក្រផលិតសូកូឡា WAT Chocolate Cambodia បានបង្ហាញក្តីរំភើបដែលរោងចក្ររបស់លោកទទួលបានការគាំទ្រច្រើនពីអតិថិជន។ លោកស្រីអះអាងថា រោងចក្រសូកូឡាដែលមានភាគហ៊ុនជាមួយក្រុមហ៊ុនបារាំងមួយនេះនឹងបង្កើនការផលិតបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ពិសេសចំពេលដែលពលរដ្ឋខ្មែរពហិការមិនប្រើប្រាស់ទំនិញរបស់ប្រទេសថៃ។
ក្រសួងព័ត៌មានរកឃើញថា ក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃលើកទី២នេះ មានព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់រូបភាពបង្កើតឡើងដោយAIសរុបចំនួន២១៨ករណី។ ក្នុងចំណោមព័ត៌មាន និងរូបភាពក្លែងក្លាយទាំងនោះភាគច្រើនមានប្រភពចេញមកពីប្រទេសថៃ ហើយបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងប្រជាពលរដ្ឋខ្មែរជាជនភៀសសឹក។
បើគ្មានការប្រែប្រួលទេ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នឹងមានកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន សម្រាប់ជម្លោះព្រំដែនខ្មែរ-ថៃ ដែលម៉ាឡេស៊ីជាម្ចាស់ផ្ទះ។ គម្រោងនៃការរៀបចំកិច្ចប្រជុំពិសេសនេះជាផ្នែកមួយ នៃសំណើរបស់ភាគីថៃ។ ភាគីថៃបានស្នើពន្យារពេលកិច្ចប្រជុំនេះម្តងហើយ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។ អ្នកវិភាគ រំពឹងថា កិច្ចប្រជុំនេះអាចធ្វើទៅតាមការគ្រោងទុក តែមិនរំពឹងថាថៃនឹងបញ្ឈប់ការឈ្លានពានរបស់ខ្លួនមកលើកម្ពុជា៕