គ្រោះមហន្តរាយធម្មជាតិបង្កឡើងដោយវិបត្តិអាកាសធាតុ នៅក្នុងឆ្នាំ២០២៥កន្លងមកនេះ មានកម្រិតធ្ងន់ធ្ងរកាចសាហាវខ្លាំងណាស់។ គ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរ ចំនួនយ៉ាងហោច១០ករណីនៅទូទាំងពិភពលោក បានបង្កការបំផ្លិចបំផ្លាញ គិតជាទឹកប្រាក់ប្រមាណ១២០ពាន់លានដុល្លារ។ នេះបើផ្អែកតាមរបាយការណ៍ថ្មីមួយរបស់អង្គការ Christian Aid ចេញផ្សាយថ្ងៃទី២៧ធ្នូម្សិលមិញ។ វាគឺជាទំហំប៉ាន់ស្មាន ដែលបានអាចទាបជាងការពិតជាក់ស្តែងផង។
ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យពង្រីកសមត្ថភាពផលិតកម្មគ្រាប់មីស៊ីល នៅឆ្នាំ២០២៦ ខាងមុខ ដើម្បីបំពេញតម្រូវការការពារជាតិរបស់ខ្លួន។ នៅក្នុងសប្តាហ៍នេះ របបក្រុងព្យុងយ៉ាងក៏បានអួតសម្ញែងការដ្ឋានសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ ដែរ។
អ៊ីស្រាអែលបានប្រកាសជាផ្លូវការ នៅថ្ងៃសៅរ៍ទី២៧ធ្នូ ទទួលស្គាល់ដែនដីសូម៉ាលីលែនដ៍ ជារដ្ឋឯករាជ្យ។ ការប្រកាសដែលបានបង្កឲ្យមានការតវ៉ាប្រឆាំងយ៉ាងខ្លាំង ពីសំណាក់រដ្ឋាភិបាលប្រទេសសូម៉ាលី ដែលបានចាត់ទុកថា នេះជាទង្វើវាយប្រហារមកលើអធិបតេយ្យភាពរបស់សូម៉ាលី។ តើមានហេតុផលអ្វីខ្លះ នៅពីក្រោយការទទួលស្គាល់របស់អ៊ីស្រាអែល ចំពោះដែនដីសូម៉ាលីលែនដ៍នេះ?
កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានបញ្ចប់ទៅនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចាន់ថាបុរី ប្រទេសថៃ។ នេះបើតាមក្រសួងការពារជាតិ ដោយបានបន្ថែមថា ជាលទ្ធផល ភាគីកម្ពុជា និងថៃបានឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៧ធ្នូនេះ។ បទឈប់បាញ់ដែលជាសាកល្បងរយៈពេល ៧២ម៉ោង។
នៅព្រឹកព្រលឹមថ្ងៃទី២៧ ខែធ្នូនេះ យោធាថៃបានប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកចំនួន ១៦គ្រាប់ ចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ។ សកម្មភាពរបស់ពួកយោធាថៃបែបនេះកើតឡើងស្របពេលដែលក្រុមប្រឹក្សាសន្តិសុខជាតិថៃ សម្រេចបញ្ជូនរដ្ឋមន្ត្រីការពារជាតិថៃមកកម្ពុជា នៅថ្ងៃសៅរ៍នេះ ដើម្បីចរចាឲ្យមានបទឈប់បាញ់ ក្រោយការវាយប្រយុទ្ធគ្នាអស់រយៈពេលជាង២សប្តាហ៍។
អាជ្ញាធរមីនកម្ពុជានៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានដាក់ចេញនូវសេចក្តីណែនាំ៨ចំណុច ក្នុងការពង្រឹងវិធានការសុវត្ថិភាពចំពោះប្រតិបត្តិការសកម្មភាពបោសសម្អាតមីន និងការយល់ដឹងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះ អំឡុងពេលមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ វិធានការណែនាំរបស់អាជ្ញាធរមីន ធ្វើឡើងដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុដល់បុគ្គលិកដែលកំពុងបម្រើការក្នុងវិស័យសកម្មភាពបោសសម្អាតមីន ពិសេសប្រជាពលរដ្ឋភៀសសឹក។
ប្រទេសមហាយក្សចិនបានប្រកាសពីការរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចសន្ទនា ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា-ថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ខែធ្នូ ឆ្នាំ ២០២៥ នៅខេត្តយូណាន។ កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ទីក្រុងប៉េកាំង ក្នុងការធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រីភាគីនេះ និងចាត់ទុកថា នេះជាកិច្ចខិតខំប្រឹងប្រែងរបស់ចិន ចំពោះសន្តិភាព និងស្ថិរភាពតំបន់។
ចិនបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន២០ ដែលផលិតសព្វាវុធលក់ឲ្យតៃវ៉ាន់។ ការដាក់ទណ្ឌកម្មនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីតោនបានប្រកាសចុះកិច្ចព្រមព្រៀងលក់អាវុធរវាងក្រុមហ៊ុនអាមេរិក និងរដ្ឋាភិបាលតៃវ៉ាន់ កាលពីសប្តាហ៍មុន ក្នុងទំហំទឹកប្រាក់ជាង ១ម៉ឺន១ពាន់លានដុល្លារ។
តុលាការម៉ាឡេស៊ី បានប្រកាសនៅថ្ងៃសុក្រទី២៦ធ្នូ២០២៥នេះ ថាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពីឆ្នាំ២០០៩-២០១៨ លោក ណាជីប រ៉ាហ្សាក់ ពិតជាបានប្រព្រឹត្តកំហុស មានទោសពីបទរំលោភអំណាចនិងលាងលុយ។ កំពុងជាប់ឃុំក្នុងពន្ធនាគារ ក្នុងសំណុំរឿងពុករលួយ1MDBនេះស្រាប់ លោក ណាជីប រ៉ាហ្សាក់ ទំនងបន្តរស់ក្រោយចម្រឹងដែកជាច្រើនឆ្នាំទៀត។
ក្រុមប្រឹក្សាសន្តិសុខជាតិថៃ សម្រេចបញ្ជូនរដ្ឋមន្ត្រីការពារជាតិ ឲ្យទៅកម្ពុជា នៅថ្ងៃសៅរ៍ ទី២៧ ធ្នូ ដើម្បីចរចាស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់។ នេះតាមសម្តីរបស់នាយករដ្ឋមន្ត្រីថៃលាលែងពីតំណែង លោក អនុធិន ឆានវីរ៉ៈគូន ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រុងបាងកក ក្នុងថ្ងៃសុក្រ ទី២៦ ធ្នូ។
ក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ដ៏ធំមួយ «Trip.com» បានសម្រេចផ្អាកសេវាកម្មរបស់ខ្លួនជាមួយប្រទេសកម្ពុជា ដោយយោងទៅលើហេតុផលនៃការផ្ទុះសង្គ្រាមព្រំដែនជាថ្មីរវាងកម្ពុជា និងថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post នៅថ្ងៃព្រហស្បតិ៍ទី២៥ ខែធ្នូ ឆ្នាំ២០២៥។ អ្នកធ្វើការក្នុងវិស័យទេសចរណ៍បានបង្ហាញក្តីបារម្ភចំពោះការផ្អាកប្រតិបត្តិការរបស់ក្រុមហ៊ុនកក់សេវាកម្មទេសចរណ៍«Trip.com» ដែលអាចប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា។
ក្នុងថ្ងៃណូអែល ទី២៥ ធ្នូ ដែលជាពិធីបុណ្យដ៏សំខាន់ក្នុងគ្រិស្តសាសនា សហរដ្ឋអាមេរិកបានបើកប្រតិបត្តិការវាយប្រហារផ្លូវអាកាសប្រឆាំងពួកភេរវជនជីហាតអង្គការរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសនីហ្សេរីយ៉ា។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា មូលហេតុនៃការវាយប្រហារដោយសារតែពួកប្រដាប់អាវុធជីហាតទាំងនោះបានសម្លាប់ប្រជាជនអ្នកកាន់សាសនាគ្រិស្តអស់ច្រើននាក់ និងយ៉ាងសាហាវព្រៃផ្សៃ។
រដ្ឋាភិបាលកម្ពុជានឹងចំណាយប្រាក់ចំនួន ៣៨ ៤៥៣ប៊ីលានរៀល ឬស្មើនឹងជាង ៩ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៦ខាងមុខ។ នេះបើតាមសារាចរស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុនៅថ្ងៃពុធទី ២៤ខែធ្នូ ឆ្នាំ២០២៥ និងដែលទើបប្រកាសឲ្យមានការផ្សព្វផ្សាយនៅថ្ងៃសុក្រ ទី២៦ ធ្នូនេះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Robio ស្តីអំពីស្ថានការណ៍វិវត្តន៍នៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងជំនួបតាមទូរស័ព្ទនោះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីជំហររបស់កម្ពុជាប្រាប់ប្រមុខការទូតអាមេរិកថា កម្ពុជានៅតែចង់ដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ដោយគោរពតាមកិច្ចព្រមព្រៀង និងសេចក្តីថ្លែងការណ៍ ដែលមានស្រាប់កន្លងមក។
នៅថ្ងៃសុក្រ ទី២៦ ធ្នូនេះ រដ្ឋាភិបាលជប៉ុនបានអនុម័តគម្រោងថវិកាប្រចាំឆ្នាំថ្មី ២០២៦ ដែលមានទំហំដល់ទៅ ៦៦៥ពាន់លានអឺរ៉ូ។ គឺជាផែនការហិរញ្ញវត្ថុដ៏ធំជាអតិបរិមាដែលមានទិសដៅបង្កើនការចំណាយខ្លាំងលើវិស័យការពារជាតិ និងសន្តិសុខសង្គម។
កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)នៅថ្ងៃទី៣ បានបន្តចាប់ផ្តើមនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ នៅច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងផាកកាត ខេត្តចន្ថាបុរី ប្រទេសថៃ។ កាសែតថៃ The Nation បានរាយការណ៍ថា កម្ពុជានៅតែបន្តបដិសេធលក្ខខណ្ឌចំនួន ៣ចំណុចរបស់ភាគីថៃ។ យ៉ាងណាមិញ និងបើតាមក្រសួងការពារជាតិកម្ពុជា កិច្ចប្រជុំថ្ងៃទី៣ គឺកំពុងបន្តកិច្ចពិភាក្សាគ្នា ដើម្បីស្វែងរកនូវដំណោះស្រាយ ក្នុងការស្តារស្ថិរភាព និងប្រក្រតីភាពឡើងវិញរវាងប្រទេសទាំងពីរ។
សហគមន៍អន្តរជាតិ ១៤ប្រទេស អំពាវនាវ អ៊ីស្រាអែល ឲ្យបញ្ឈប់ការពង្រីកដែនអាណានិគមកិច្ចខុសច្បាប់ នៅតំបន់ស៊ីហ្សកដានី និងថាសកម្មភាពអ៊ីស្រាអែល បំពានដំណើរការសន្តិភាព។ ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែល អនុម័តឲ្យសាងសង់និងពង្រីកដែនដី ១៩ កន្លែងនៅស៊ីហ្សកដានី។ ក្រៅពីបដិសេធច្រានចោល អ៊ីស្រាអែល ចាត់ទុកថា ការអំពាវនាវផ្ទុយពីសីលធម៌។
ក្នុងពិធីជូនពរថ្ងៃណូអែល ២៥ធ្នូ ជាប្រពៃណី ទៅកាន់ក្រុង និងពិភពលោកទាំងមូល សម្តេចប៉ាបឡេអុងទី១៤ បានអំពាវនាវឱ្យអ៊ុយក្រែន និងរុស្ស៊ីមានសេចក្តីក្លាហានចូលជជែកចរចាគ្នាដោយផ្ទាល់។ សង្គ្រាមវាយប្រហារគ្នាដោយពាក្យសំដី ដោយអាវុធ បានបន្សល់ទុកតែស្នាមរបួសសម្រាប់ក្មេងជំនាន់ក្រោយ គឺជាទង្វើដ៏ល្ងីល្ងើបំផុត។ នេះជាសង្ឃដីការបស់សម្តេចប៉ាបក្នុងថ្ងៃបុណ្យគ្រីស្មាក់ដដែល។
កាសែតអាមេរិក The Wall Street Journal នៅថ្ងៃអង្គារទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានចុះផ្សាយអត្ថបទទាក់ទងនឹងអ្នកធ្វើការក្នុងប្រតិបត្តិការឆបោកអនឡាញនៅតាមព្រំដែនកម្ពុជា ដែលកំពុងប្រឈមបញ្ហាគ្រោះថ្នាក់ដោយសារការទម្លាក់គ្រាប់បែករបស់ទាហានថៃ។ The Wall Street Journal បានឲ្យដឹងថា យ៉ាងហោចណាស់មានអ្នកធ្វើការផ្នែកសន្តិសុខម្នាក់បានបាត់បង់ជីវិត និងពីរនាក់រងរបួស អំឡុងពេលដែលទាហានថៃទម្លាក់គ្រាប់បែកលើទីតាំងរីសតមួយកន្លែងនៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ។
នៅថ្ងៃព្រហស្បតិ៍ទី២៥ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងថាលោកបានទទួលដំណឹងថាមានជនឆ្លៀតឱកាសមួយចំនួនបានទារប្រាក់ពីប្រជាពលរដ្ឋខ្មែរ និងជនបរទេស ជាថ្នូរនឹងការជូន ឬនាំផ្លូវចេញពីតំបន់ប៉ោយប៉ែត។ ជាមួយគ្នានេះ លោក ប៉ាន់ខែម ប៊ុនថន ក៏បានលើកឡើងតាមរយៈខ្សែអាត់សំឡេងដែរ ដោយស្នើឲ្យពលរដ្ឋក្នុងក្រុងប៉ោយប៉ែតរាយការណ៍ជាបន្ទាន់ទៅកាន់លោកដោយផ្ទាល់ ដើម្បីចាត់វិធានការដោយមិនលើកលែង ប្រសិនបើមានករណីនេះ។
ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ជាពិធីបុណ្យណូអែល ដែលជាពិធីបុណ្យដ៏ធំមួយរបស់គ្រិស្តសាសនិក។ ខុសប្លែកពីឆ្នាំកន្លងទៅ ការប្រារព្ធបុណ្យណូអែលនៅទីក្រុងភ្នំពេញនៅឆ្នាំនេះ មិនមានសកម្មភាពគួរឲ្យកត់សម្គាល់ទេ ពោលគឺការតុបតែងលម្អ ឬការលក់ដូរវត្ថុអនុស្សាវរីយ៍មានសភាពសោះកក្រោះ។ នេះក៏ដោយសារតែបរិបទនៃសង្រ្គាមព្រំដែនរវាងកម្ពុជា-ថៃ បានរុញច្រានឲ្យពិធីបុណ្យណូអែលត្រូវប្រារព្ធឡើងដោយភាពស្ងប់ស្ងាត់។
អ្នកនយោបាយអភិរក្សស្តាំនិយម និងជាអ្នក ត្រាំ និយម កាន់តែរីកដុះដាលច្រើនឡើងៗ នៅតំបន់អាមេរិកឡាទីន។ ជាក់ស្តែង ថ្ងៃទី២៥ ធ្នូ ប្រទេសហុងឌូរ៉ាស ទើបតែប្រកាសឈ្មោះប្រធានាធិបតីថ្មី លោក ណាស្រ៊ី អាសហ្វុរ៉ា (Nasry Asfura) អ្នកនយោបាយអភិរក្សស្តាំនិយម ដែលមាននិន្នាការស្និទ្ធនឹងសហរដ្ឋអាមេរិក។ ក្នុងពេល ហុងឌូរ៉ាសធ្វើយុទ្ធនាការឃោសនាបោះឆ្នោត និង១ថ្ងៃមុនបោះឆ្នោត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់សម្ពាធផង និងជំរុញផង ឲ្យអ្នកបោះឆ្នោត ផ្តល់សន្លឹកឆ្នោតគាំទ្របេក្ខជនស្តាំនិយម ហើយជាអ្នក ត្រាំ និយម។
មានប្រជាប្រិយភាពខ្លាំង និងអាចជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីបង់ក្លាដែស លោក Tarique Rahmanបានត្រលប់ចូលមាតុប្រទេសវិញ នៅថ្ងៃព្រហស្បតិ៍ទី ២៥ធ្នូ២០២៥នេះ បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេល១៧ឆ្នាំ។ ជាការនិរទេស ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញ ពីសំណាក់រដ្ឋាភិបាលផ្តាច់ការរបស់លោកស្រី ហាស៊ីណា ដែលទើបដួលរលំទៅ។
ប្រមុខការពារជាតិកម្ពុជា នៅយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានប្រតិកម្មទៅនឹងសារព័ត៌មានថៃមួយចំនួន បន្ទាប់ពីសារព័ត៌មានទាំងនោះ យកលិខិតផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា ដែលផ្ញើជូនរដ្ឋមន្ត្រីការពារជាតិថៃកាលពីថ្ងៃទី២២ខែធ្នូ ទៅផ្សព្វផ្សាយថាជាលិខិតបែកធ្លាយ។ សារព័ត៌មានថៃ បានចាត់ទុកខ្លឹមសារក្នុងលិខិតរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជាថា ជាការសុំចរចាជាមួយយោធាថៃ ទាក់ទងទៅនឹងបទឈប់បាញ់។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក ស្រ៊ី រ៉ាន់ឌៀរ ចៃស្វាល់ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍មួយជុំវិញការវាយកម្ទេចរូបសំណាកអាទិទេពក្នុងសាសនាព្រាហ្មណ៍ដោយយោធាថៃ ដែលកម្ពុជាជាអ្នកសាងសង់នៅក្នុងទឹកដីរបស់ខ្លួន ស្ថិតនៅក្បែរព្រំដែនថៃ។ ក្នុងសេចក្តីថ្លែងការណ៍នោះ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាចាត់ទុកការបំផ្លាញទីសក្ការៈបូជាមួយនេះថា បានធ្វើឲ្យប៉ះពាល់អារម្មណ៍ដល់អ្នកគោរពព្រហ្មញ្ញសាសនានៅទូទាំងពិភពលោក។ ទន្ទឹមគ្នានេះ ឥណ្ឌាក៏អំពាវឲ្យភាគីកម្ពុជា-ថៃ ចរចាគ្នាដើម្បីស្តារសន្តិភាពឡើងវិញ និងការពារសម្បត្តិបេតិកភណ្ឌវប្បធម៌រួម។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជាបានផ្ញើលិខិតផ្លូវការមួយជូនទៅក្រសួងការពារជាតិថៃ ដើម្បីបញ្ជាក់អំពីសំណើរបស់កម្ពុជា ក្នុងការជជែកក្រោមយន្តការគណៈកម្មាធិការព្រំដែនទូទៅ(GBC)។ លិខិតផ្លូវការរបស់កម្ពុជានេះ ពុំត្រូវបានផ្សព្វផ្សាយជាសាធារណៈឡើយ ដោយទើបបង្ហោះចែកចាយជាសាធារណៈកាលពីថ្ងៃទី២៤ ខែធ្នូ តាមរយៈប្រព័ន្ធផ្សព្វផ្សាយប្រទេសថៃ។ សារព័ត៌មានថៃបានរាយការណ៍ដោយយោងលើលិខិតរបស់ក្រសួងការពារជាតិកម្ពុជាថា កម្ពុជាបានស្នើសុំជាផ្លូវការឱ្យមានការចរចាបទឈប់បាញ់។ ភ្លាមៗប្រមុខការពារជាតិកម្ពុជាបានបង្ហាញការខកចិត្ត និងចាត់ទុកការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ គឺមានចេតនាបង្កការភាន់ច្រឡំអំពីជំហររបស់កម្ពុជា។ តើលិខិតផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជាដែលផ្ញើទៅកាន់ភាគីថៃបានឆ្លុះបញ្ចាំងពីជំហរពិតរបស់កម្ពុជាបែបណា?
លោកស្រី មូរ សុខហួរ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យនៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៥ បានទាមទារឲ្យសហរដ្ឋអាមេរិក ស៊ុយអែត អ៊ីស្រាអែល និងកូរ៉េខាងត្បូង បញ្ឈប់ការលក់អាវុធទំនើបៗរបស់ពួកគេពិសេសយន្តហោះចម្បាំងទៅឲ្យប្រទេសថៃ និងទាមទារឲ្យប្រទេសទាំង៤នេះ ប្រាប់ថៃឲ្យបញ្ឈប់ការប្រើយន្តច្បាំងទម្លាក់គ្រាប់បែកមកលើកម្ពុជា។ ការទាមទារនេះ ធ្វើឡើងតាមរយៈការគាំទ្ររបស់ពលរដ្ឋខ្មែរនៅលើញត្តិអនឡាញ ខណៈដែលយោធាថៃនៅតែប្រើប្រាស់យន្តហោះចម្បាំងបន្តទម្លាក់គ្រប់បែកសម្លាប់ជនស៊ីវិលកម្ពុជា។ ជនស៊ីវិលកម្ពុជា ដែលត្រូវបានសម្លាប់យ៉ាងហោចណាស់៣០នាក់ និងរបួសជាង៨០នាក់ ក្នុងសង្គ្រាមលើកទី២ដែលថៃបើកការវាយប្រហារមកលើកម្ពុជាមុន។ យោធាថៃបានប្រើយន្តហោះចម្បាំងអាមេរិក F-16 យន្តហោះ Gripen របស់ស៊ុយអែត យន្តហោះ T-50 របស់កូរ៉េខាងត្បូងដើម្បីទម្លាក់គ្រាប់បែកលើទីតាំងជនស៊ីវិលកម្ពុជាជាច្រើនកន្លែង៕
ក្រុមចម្រៀង K-pop ដ៏ពេញនិយមរបស់កូរ៉េខាងត្បូង កំពុងតែស្ថិតនៅចំកណ្តាលនៃព្យុះរលកបោកបក់ ជម្លោះការទូតរវាងចិននិងជប៉ុន។ ថ្វីបើទីផ្សារចម្រៀងរបស់ចិនដ៏ធំល្វឹងល្វើយ បានចាប់ផ្តើមបើកទ្វារ ស្វាគន៍ក្រុមចម្រៀង K-pop យ៉ាងសន្សឹមៗពិតមែន ក៏ប៉ុន្តែទ្វារនេះបានបិទទៅវិញ ដោយហេតុតែមានសមាជិកខ្លះនៃក្រុមចម្រៀងទាំងនេះ គឺជាជនជាតិជប៉ុន។ បណ្តាអ្នកគាំទ្រនៅចិនបានធ្វើពហិការ ហើយកម្មវិធីប្រគុំតន្ត្រី និងការជួបជុំជាមួយក្រុមអ្នកគាំទ្រនៅចិន ក៏ត្រូវបានលុបចោលជាបន្តបន្ទាប់ដែរ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានប្រកាសនៅថ្ងៃពុធ ទី២៤ ធ្នូ ថាបានទទួលសេចក្តីព្រាងថ្មីនៃផែនការសន្តិភាពស្នើដោយអាមេរិក។ នៅក្នុងសេចក្តីព្រាងថ្មីនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនស្នើឲ្យបង្កើតតំបន់គ្មានកងទ័ព ហើយអ៊ុយក្រែនទទួលបានសម្បទានខ្លះ។ តើរុស្ស៊ីអាចនឹងយល់ព្រមតាមសំណើថ្មីនេះដែរឬទេ?
យន្តហោះឯកជនមួយគ្រឿងធ្វើដំណើរចេញពីទីក្រុងអង់ការ៉ា ប្រទេសតួកគី ទៅទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ី បានធ្លាក់នៅយប់ថ្ងៃអង្គារ ទី២៣ ធ្នូ។ គិតត្រឹមថ្ងៃពុធនេះ មនុស្សយ៉ាងហោចណាស់ ៨នាក់ បានស្លាប់ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅទីក្រុងអង់ការ៉ា ក្នុងនោះមាននាយសេនាធិការកងទ័ពលីប៊ី និងមេបញ្ជាការកងទ័ព ៤នាក់។
ក្រោយការវាយប្រយុទ្ធគ្នាជាង ២សប្តាហ៍នៅតាមព្រំដែន កម្ពុជា និងថៃឈានដល់ការដឹកដៃគ្នាចូលតុចរចាជាថ្មី ដើម្បីរកច្រកចេញក្នុងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ ការងាកមកជជែកគ្នាជាថ្មីនេះកើតមាន បន្ទាប់ពីមានការអំពាវនាវឥតដាច់ពីសហគមន៍អន្តរជាតិ និងបទអន្តរាគមន៍របស់ប្រធានអាស៊ាន។ តែការជួបសន្ទនាគ្នាតាមច្រកនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តចាន់ថាបុរីរបស់ថៃនេះ ត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថា កម្ពុជាកំពុងចាញ់ច្រាបថៃ ព្រោះកម្ពុជាបានប្រកែកមិនចង់ទៅប្រជុំលើដីថៃនោះទេ បន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ប៉ុន្តែនៅនាទីចុងក្រោយ កម្ពុជានៅតែព្រមធ្វើតាមសំណើថៃ។ តើមានអ្វីនៅពីក្រោយនៃការសម្រេចចិត្តរបស់កម្ពុជា ឬនេះជាការបញ្ជាក់ថា កម្ពុជាអស់ជម្រើស ដោយត្រូវតាមថៃមួយគ្រាសិន?
នៅថ្ងៃទី១៧ដល់ថ្ងៃទី១៩ធ្នូ អង្គការសុខភាពពិភពលោកបានបើកជំនួបកំពូលលើកទីពីរ ស្តីពីវេជ្ជសាស្ត្របុរាណ នៅប្រទេសឥណ្ឌា។ អង្គការសុខភាពពិភពលោកបានទទួលស្គាល់ថា វេជ្ជសាស្ត្របុរាណជាចង្កោមចំណេះដឹង សមត្ថភាព និងជាការព្យាបាលដែលឈរលើក្បួន លើជំនឿ និងបទពិសោធន៍ផ្ទាល់។ វេជ្ជសាស្ត្របុរាណត្រូវបានគេចាត់ទុកជាវេជ្ជសាស្ត្រស្រទន់ ជាជម្រើសបន្ថែមមួយទៀតនៃការព្យាបាលថែទាំសុខភាព។ នៅក្នុងចំណោមវេជ្ជសាស្ត្របុរាណជាច្រើននៅលើពិភពលោក វេជ្ជសាស្ត្របូរាណចិន មានអាយុចាស់ជាងគេបំផុតមួយ តើវេជ្ជសាស្ត្របុរាណចិន មានគុណសម្បត្តិនិងលក្ខណៈពិសេសយ៉ាងដូចម្តេចខ្លះ?
យប់ថ្ងៃអង្គារ ឆ្លងចូលថ្ងៃពុធ ទី ២៤ ខែ ធ្នូ មានហេតុការណ៍បំផ្ទុះគ្រាប់បែក នៅក្នុងទីក្រុងម៉ូស្គូ ដែលបានបណ្តាលឲ្យនគរបាលរុស្ស៊ី ២ នាក់ បានស្លាប់ ។ បើយោងតាមការប្រកាសដោយគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី គ្រាប់បែកបង្កប់មួយ ទំនងជាត្រូវគេបញ្ជាឲ្យផ្ទុះ ខណៈពេលដែល នគរបាលទំាង ២ រូបខាងលើ កំពុងធ្វើសកម្មភាពឃាត់ខ្លួន ជនសង្ស័យម្នាក់ ។ គួរបញ្ជាក់ថា ករណីឃាតកម្មនេះ បានកើតឡើងនៅលើដងផ្លូវមួយ ស្ថិតនៅមិនឆ្ងាយពី ទីកន្លែង ដែលមេបញ្ជាការកងទ័ពរុស្ស៊ីម្នាក់ទៀត ត្រូវគេធ្វើឃាត កាលពីថ្ងៃទី ២២ ខែ ធ្នូ កន្លងទៅថ្មីៗនេះ ។