តើក្នុងឆ្នាំ២០២៥ នៅកម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះបានកើតឡើង? អ៊ឹង ប៊ុនថន សូមធ្វើការដកស្រង់អត្ថបទព័ត៌មានមួយចំនួនរបស់វិទ្យុបារាំងអន្តរជាតិRFI ដែលជាអត្ថបទទទួលបានអ្នកចាប់អារម្មណ៍ច្រើនជាងគេបំផុតប្រចាំឆ្នាំ២០២៥។
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពកម្ពុជា១៨រូប ត្រូវបានថៃដោះលែង និងបញ្ជូនមកមាតុប្រទេសវិញ បន្ទាប់ពីយោធាថៃចាប់ឃុំខ្លួនដោយខុសច្បាប់ អស់រយៈពេល ១៥៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥មក។ អ្នកតាមដានសង្គមស្វាគមន៍ចំពោះការដោះលែងទាហានខ្មែរមកវិញ និងថា នេះជាការផ្តល់យុត្តិធម៌ពិតប្រាកដមួយ។ តែអ្នកតាមដានសង្គមក៏បានទាញភ្ជាប់ករណីយោធាថៃដោះលែងទាហានខ្មែរនាពេលនេះ ទៅនឹងស្ថានភាពផ្ទៃក្នុងកម្ពុជា ដោយស្នើឱ្យរដ្ឋាភិបាលកម្ពុជាគិតគូរ ផ្តល់ភាពយុត្តិធម៌ តាមរយៈការដោះលែងអ្នកទោសនយោបាយ សកម្មជនការពារបរិស្ថាន និងសកម្មជនការពារសិទ្ធិមនុស្ស ឱ្យមានសេរីភាពឡើងវិញ ដើម្បីព្រួតដៃគ្នាអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន៕
ក្នុងឱកាសចូលឆ្នាំសកល ឆ្នាំ២០២៦នេះ មេដឹកនាំនយោបាយកំពូលៗ បានបញ្ចេញសារជូនពរពលរដ្ឋខ្មែរ និងប្រទេសកម្ពុជា ខណៈប្រទេសនេះបាន និងកំពុងរងការរំលោភឈ្លានពានពីប្រទេសថៃ។ លោក សម រង្ស៊ី មេដឹកនាំប្រឆាំង ដែលបង្កើតរដ្ឋាភិបាល២៣តុលា នៅឯក្រៅប្រទេស បានជូនពរប្រទេសកម្ពុជា ឲ្យទទួលបាននូវការផ្លាស់ប្តូរជាវិជ្ជមាន ដូចអ្វីដែលប្រជារាស្ត្រខ្មែរ ប្រាថ្នាចង់បាន។ ចំណែក ប្រមុខគណបក្សកាន់អំណាច បញ្ចេញសារជូនពរ ដែលនៅក្នុងនោះ លោកបានអំពាវនាវឱ្យប្រជាជាតិខ្មែរជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពក្នុងការការពារទឹកដី។
ក្រោយបទឈប់បាញ់កាលពីម៉ោង ១២,០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ អ្នកសារព័ត៌មានរបស់ Al Jazeera បានធ្វើដំណើរទៅកាន់តំបន់ព្រំដែនជម្លោះកម្ពុជា-ថៃ នៅចំណុចភូមិជោគជ័យ ក្នុងឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជាភូមិឋានដែលពលរដ្ឋខ្មែរបានរស់នៅជាច្រើនជំនាន់មកហើយ តែពេលនេះត្រូវបានយោធាថៃដាក់របាំងហាមឃាត់ការចូលទៅទីតាំងនោះ ដោយប្រើទូរកុងទ័ន័រ និងព័ទ្ធបន្លាលួស។ តាម Al Jazeera ពួកយោធាថៃបានគំរាមបាញ់ប្រហារ ប្រសិនបើពលរដ្ឋខ្មែរចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគេវិញ។
សហរដ្ឋអាមេរិក និងចិន បានបង្ហាញការគំាទ្រចំពោះការវិវត្តជាវិជ្ជមានរបស់ភាគីកម្ពុជា-ថៃ ក្នុងការអនុវត្ត និងរក្សាបទឈប់បាញ់ ដែលសម្រចបានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៃកិច្ចប្រជុំពិសេស GBC រួមទាំងការដោះលែងទាហានកម្ពុជាចំនួន១៨នាក់ឲ្យមានសេរីភាពវិញ។ ប្រទេសមហាអំណាចទាំងពីរ ចាត់ទុកថា នេះជាជំហានសំខាន់ឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងស្ថិរភាពក្នុងតំបន់ ដោយមានការចូលរួមសម្របសម្រួលពីភាគីអន្តរជាតិ។
អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធទី ៣១ធ្នូបានបរិហារថ្កោលទោសចំណាត់ការរបស់អ៊ីស្រាអែលដែលបានសម្រេចហាមឃាត់មិនឲ្យអង្គការអន្តរជាតិចំនួន៣៧ អាចនាំយកជំនួយមនុស្សធម៌ចូលទៅក្នុងទឹកដីហ្កាហ្សា ចាប់ពីខែមករាឆ្នាំថ្មី។ ក្នុងទឹកដីស៊ីហ្សកដានីឯណោះវិញ នៅជំរំជនភៀសខ្លួនប៉ាឡេស្ទីន អ៊ីស្រាអែលនៅតែមិនអនុគ្រោះដល់ប្រជាជនប៉ាឡេស្ទីន សូម្បីតែនៅថ្ងៃឆ្លងចូលឆ្នាំថ្មី។ នៅថ្ងៃពុធទី៣១ធ្នូ ដែលជាថ្ងៃចុងក្រោយនៃឆ្នាំ២០២៥ កងទ័ពអ៊ីស្រាអែលបានបញ្ជូនម៉ាស៊ីន ឡានឲ្យទៅចូកបំផ្លាញផ្ទះសម្បែងរបស់ប្រជាជនប៉ាឡេស្ទីនចំនួន២៥អគារ ស្ថិតក្នុងជំរំជនភៀសខ្លួន Nur Shams ក្បែរតំបន់អាណានិគមកិច្ចអ៊ីស្រាអែល ក្នុងទឹកដីស៊ីហ្សកដានីរបស់ប៉ាឡេស្ទីន។
ប្រទេសចិននៅថ្ងៃពុធទី៣១ធ្នូនេះបានអះអាងថា ខ្លួនទើបបានបិទបញ្ចប់ដោយជោគជ័យ សមយុទ្ធបាញ់គ្រាប់កំាំភ្លើងពិតនៅជុំវិញកោះតៃវ៉ាន់។ នៅថ្ងៃនេះដែរ ចិនតាមរយៈអ្នកនាំពាក្យជាន់ខ្ពស់របស់ក្រសួងការពារជាតិបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសប្រទេសមួយចំនួន ដូចជា ជប៉ុន អូស្ត្រាលី ជាដើមដែលបានរិះគន់សមយុទ្ធរបស់ចិននៅជុំវិញតៃវ៉ាន់។
យោធិនកម្ពុជាទាំង១៨រូប ត្រូវបានកងយោធាថៃដោះលែង ហើយបញ្ជូនមកប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បន្ទាប់ពីបានស្ថិតក្រោមការឃុំខ្លួនក្នុងទឹកដីថៃ អស់រយៈពេល១៥៥ថ្ងៃ។ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការពារជាតិ ចាត់ទុកការដោះលែងទាហាខ្មែរឲ្យត្រឡប់មកប្រទេសកំណើតនាពេលនេះ គឺជាការស្តារសន្តិភាព និងទំនុកចិត្តគ្នាឡើងវិញរវាងប្រទេសកម្ពុជា និងថៃ។
ប្រមាណ៣ថ្ងៃមកហើយ ដែលប្រជាជនអ៊ីរ៉ង់បាននាំគ្នាធ្វើបាតុកម្ម ដើម្បីតវ៉ា ប្រឆាំងនឹងកត្តាជីវិតភាពដែលកាន់តែក្រីក្រលំបាក។ ចាប់ផ្តើមចេញពីអ្នកលក់ដូរក្នុងផ្សារ ចលនាបាតុកម្មនេះបានរីកកាន់តែធំទៅ ដោយមានមានការចូលរួមពីសិស្សនិស្សិត នៅតាមសកលវិទ្យាល័យធំៗ របស់អ៊ីរ៉ង់ផង។ វិបត្តិសេដ្ឋកិច្ច ដែលរ៉ាំរ៉ៃ ដោយសារតែទណ្ឌកម្មអន្តរជាតិ បានរួមរឹតធ្វើបាបជីវភាពប្រជាជនអ៊ីរ៉ង់ ឲ្យលំបាកទៅៗងើបមិនរួច។
បន្ទាប់ពីបានស្ងប់មួយរយៈ ស្ថានការណ៍សន្តិសុខនៅយេម៉ែនបានរំជើបរំជួលសាជាថ្មី។ ប៉ុន្មានថ្ងៃមកនេះ ក្រុមចលនាបំបែកទឹកដី នៅភាគខាងត្បូងយេម៉ែន បានវាយប្រយុទ្ធបានតំបន់មួយចំនួនធំ និងប៉ុនប៉ងប្រកាសឯករាជ្យ។ កងទ័ពអារ៉ាប៊ីសាអូឌីតដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលយេម៉ែន បានបើកការវាយប្រហារនៅថ្ងៃអង្គារទី៣០ធ្នូ ហើយបានចោទថាគឺអេមីរ៉ាតអារ៉ាប់រួម ដែលបានលួចលាក់ ផ្តល់អាវុធឲ្យក្រុមចលនាបំបែកទឹកដីនៅខាងត្បូងយេម៉ែន។ ព្រឹកថ្ងៃអង្គារនេះដែរ រដ្ឋាភិបាលក្រុងសាណាបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំខេត្តកោះកុង បានប្រកាសឲ្យបើកដំណើរការសាលារៀនក្នុងខេត្តកោះកុងទាំងអស់ឡើងវិញ ក្រោយស្ថានភាពនៅតាមព្រំដែនមានសភាពស្ងប់ស្ងាត់។ កោះកុងគឺជាខេត្តទីពីរ ដែលបានប្រកាសបើកសាលារៀនឡើងវិញ បន្ទាប់ពីខេត្តបាត់ដំបង។ សេចក្តីប្រកាសរបស់មន្ទីរអប់រំខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ធ្នូដែរ ក៏បានអនុញ្ញាតឲ្យបើកសាលារៀននៅក្នុងស្រុកចំនួន៥ របស់ខេត្ត ដែលត្រូវចាប់ផ្តើមពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ទៅ។
កាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ កម្ពុជា និងថៃ សម្រចបាននូវបទឈប់បាញ់មួយថ្មីទៀត ដែលបានពន្លត់ភ្លើងសង្គ្រាមនៅតាមព្រំដែនប្រទេសទាំងពីរ។ បទឈប់បាញ់នេះកើតឡើងក្រោយការវាយប្រយុទ្ធគ្នាជាលើកទីពីរអស់រយៈពេល ២០ថ្ងៃ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ សង្គ្រាមព្រំដែនលើកទីពីរនេះ ត្រូវគេសង្កេតឃើញថាមានសភាពគ្រោះថ្នាក់ និងធ្ងន់ធ្ងរជាងកាលពីលើកទី១ កាលពីខែកក្កដាកន្លងទៅ ដោយសារទាហានថៃប្រើយុទ្ធសាស្ត្រពង្រីកការវាយប្រហារសន្ធាប់នៅច្រើនទីតាំងមកលើកងទ័ពកម្ពុជា។ អ្នកវិភាគខ្លះស្នើឲ្យកម្ពុជាមើលចំណុចខ្វះខាតរបស់ខ្លួន និងរម្លឹកខ្លួនឯងក្នុងការត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឆាំងនឹងសង្គ្រាមឈ្លានពាន។ ខ្លះទៀតថា កម្ពុជាក៏ត្រូវមានការកែទម្រង់ជាបន្ទាន់នៃរបៀបឡើងកាន់អំណាច ឲ្យស្របទៅតាមលំអាននៃលទ្ធិប្រជាធិបតេយ្យ។ តើក្រោយការច្បាំងពីរលើកជាមួយថៃ កម្ពុជាគួរប្រញាប់ប្រញាល់រៀបចំខ្លួនបែបណា ដើម្បីធានាបាននូវសន្តិភាព និងទប់ស្កាត់ការផ្ទុះអាវុធជាថ្មីជាមួយថៃ?
ក្រោយបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ ត្រូវបានអនុវត្តជាថ្មីកាលពីថ្ងៃទី២៧ធ្នូ ពលរដ្ឋភៀសសឹកកម្ពុជាបានបន្តចាកចេញពីជំរុំសុវត្ថិភាពត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។ ខេត្តជាប់ព្រំដែនដូចជាខេត្តឧត្តរមានជ័យ បានចេញវិធានការបម្រុងមួយ ដើម្បីធានាថាការវិលត្រឡប់របស់ជនភៀសសឹកនឹងមានសុវត្ថិភាព បន្ទាប់ពីមានភាពស្ងប់ស្ងាត់នៅតាមព្រំដែននៃប្រទេសទាំងពីរ។ ប៉ុន្តែក៏នៅមានជនភៀសសឹកក្នុងខេត្តជាប់ព្រំដែនដទៃទៀត នៅមិនទាន់បានវិលត្រឡប់ទៅកាន់ភូមិឋានរបស់ពួកគេវិញនៅឡើយ ដោយអ្នកទាំងនោះកំពុងរង់ចាំតាមដានការវិវត្តនៃស្ថានការណ៍ចុងក្រោយ។
យោងតាមកិច្ចព្រមព្រៀងកម្ពុជា-ថៃ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាហានកម្ពុជាទាំង ១៨រូប ត្រូវគេរំពឹងថា នឹងត្រូវបានដោះលែងក្រោយការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នេះរយៈពេល ៧២ម៉ោង។ ប៉ុន្តែមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ ភាគីកម្ពុជា នៅមិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយពីខាងភាគីថៃនៅឡើយទាក់ទងទៅនឹងពេលវេលាពិតប្រាកដនៃការដោះលែងទាហានកម្ពុជាទាំងនោះ ខណៈអាជ្ញាធរមូលដ្ឋាន អំពាវនាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ញៀមស្ងាត់ និងជៀសវាងការជួបជុំតាមព្រំដែន។
ក្រសួងការពារជាតិកម្ពុជាបានចេញមកបដិសេធចំពោះការចោទប្រកាន់របស់យោធាថៃ ដែលអះអាងថា កម្ពុជាបានបង្ហោះយន្តហោះគ្មានមនុស្សបើក ឬដ្រូន ចូលទៅក្នុងទឹកដីថៃជាង ២៥០ គ្រឿង។ អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា បញ្ជាក់ថា មិនមានសកម្មភាពបែបនេះកើតឡើងឡើយ និងថាកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដើម្បីស្តារ និងកសាងសន្តិភាព និងស្ថិរភាពនៅតំបន់ព្រំដែនប្រទេសទាំងពីរឲ្យត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
ថ្ងៃចន្ទទី២៩ធ្នូ កងទ័ពចិនបានបើកសមយុទ្ធយោធា ដ៏ធំសម្បើមមួយ ដើម្បីហាត់សមឡោមព័ទ្ធកោះតៃវ៉ាន់។ តៃវ៉ាន់បានឲ្យដឹងថា យ៉ាងហោចណាស់ មានយន្តហោះចម្បាំង៨៩គ្រឿង និងនាវាចម្បាំង២៨គ្រឿង ដែលបានកងទ័ពចិនបានបញ្ជាឲ្យចូលមកកៀក ដើម្បីសម្លុតតៃវ៉ាន់។ សមយុទ្ធរបស់កងទ័ពចិន ដែលអាចដំណើរការទៅច្រើនថ្ងៃនេះ បានរំខានផងដែរដល់ចរាចរណ៍ផ្លូវអាកាស របស់តៃវ៉ាន់។
លោកហ្សេឡេនស្គី បានទៅជួបប្រជុំជាមួយលោកដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី២៨ធ្នូ ដើម្បីនិយាយលម្អិតអំពីផែនការសន្តិភាព។ នៅចំពោះមុខអ្នកកាសែតក្រោយជំនួបនេះ ប្រធានាធិបតីទាំង២បានអះអាងថា បានជជែកគ្នា បានលទ្ធផលទៅមុខច្រើន គួរជាទីត្រេកអរ។ តែយ៉ាងណា នៅមានចំណុចមួយចំនួនមិនទាន់ត្រូវរ៉ូវគ្នា ទាក់ទិននឹងអនាគតទឹកដី “តំបន់ដុនបាស” របស់អ៊ុយក្រែន។ លោកហ្សេឡេនស្គី បានឲ្យដឹងដែរថាសហរដ្ឋអាមេរិក បានសន្យាការពារសន្តិសុខអ៊ុយក្រែន រយៈពេល១៥ឆ្នាំ តែលោកបានស្នើសុំឲ្យបានយូរជាងនេះ។
ប្រទេសកម្ពុជាតាមរយៈគណៈម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)របស់ខ្លួន បានស្នើឲ្យភាគីថៃរៀបចំប្រជុំពិសេសបន្ទាន់មួយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ថៃ-កម្ពុជានៅសប្តាហ៍ដំបូង ខែមករា ឆ្នាំ២០២៦នៅខេត្តសៀមរាប។ សំណើររបស់កម្ពុជាធ្វើឡើងដោយយោងទៅលើកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC ប្រទេសទាំងពីរកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ថ្មីៗនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសាទរនឹងការប្រកាសបទឈប់បាញ់រវាងកម្ពុជា និងថៃសាជាថ្មីកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងថាភាគីទាំងពីរនឹងវិលត្រលប់ទៅរកការរស់នៅក្នុងសន្តិភាព ដូចអ្វីដែលបានព្រមព្រៀងក្នុងឯកសារនានាកាលពីពេលមុន។ ការសាទររបស់លោកប្រធានាធិបតី ត្រាំ ធ្វើឡើងបន្ទាប់ពីលោកធ្លាប់ជាសាក្សី និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាអ្នកជួយសម្រួលឲ្យមានការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ នាទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ។
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានចេញមកបញ្ជាក់ថា ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់របស់កម្ពុជា មិនមែនមានន័យថាជាការសុំចុះចាញ់ ឬសុខចិត្តដោះដូរដីជាមួយថៃ ដើម្បីប្តូរយកសន្តិភាពនោះទេ។ ជាងនេះទៅទៀត ការអនុវត្តបទឈប់បាញ់នេះក៏មិនមែនមានន័យថាកម្ពុជាអស់សមត្ថភាព ឬបោះបង់សិទ្ធិការពារខ្លួននោះដែរ។ តែការធ្វើបែបនេះជាអាទិភាពចម្បង និងខ្ពស់បំផុតមួយរបស់រដ្ឋាភិបាល ដើម្បីការពារអាយុជីវិតរបស់ពលរដ្ឋ និងសន្តិភាពរបស់ប្រជាជាតិទាំងមូល។
សហគមន៍ជនជាតិភាគតិច Alaouite រាប់ពាន់នាក់ បាននាំគ្នាចេញធ្វើបាតុកម្ម នៅថ្ងៃអាទិត្យ ទី២៨ ធ្នូ នៅតាមបណ្តាទីក្រុងធំៗ ក្នុងប្រទេសស៊ីរី។ ការប្រមូលផ្តុំគ្នាតវ៉ា គឺដើម្បីទាមទារឲ្យបញ្ឈប់ការកាប់សម្លាប់ និងបញ្ឈប់អំពើហិង្សាមកលើសហគមន៍របស់ខ្លួន។ មេដឹកនាំសហគមន៍ Alaouite នៅស៊ីរី និងនៅក្រៅប្រទេសក៏បានទាមទារបំបែកទឹកដី។
លោកស្រី ប្រ៊ីហ្ស៊ីត បារដូត៍ (Brigitte Bardot) កំពូលតារាភាពយន្តបារាំង កាលពីសម័យទសវត្សរ៍ឆ្នាំ ៥០-៦០ បានស្លាប់កាលពីថ្ងៃទី២៨ធ្នូ ក្នុងជន្មាយុ៩១ឆ្នាំ។ លោកស្រីប្រ៊ីហ្ស៊ីត បារដូត៍ មានកេរ្តិ៍ឈ្មោះរន្ទឺពេញពិភពលោក គឺជានិម្មិតរូបនៃនារីសម័យទំនើប មានសម្រស់ស្រស់សោភា និងជាស្ត្រី ពោរពេញដោយសេរីភាព។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីក៏បានបូជាកម្លាំងកាយចិត្ត និងថវិកា ដើម្បីលើកកំពស់ការគោរពជីវិតសត្វថែមទៀតផង។
បណ្តាប្រទេសធំៗ តួយ៉ាង សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស អូស្ត្រាលី ចិន ជប៉ុន និងអង្គការសហប្រជាជាតិជាដើម បានចេញមុខមកគាំទ្រចំពោះការអនុវត្តបទឈប់បាញ់ឡើងវិញរវាងកម្ពុជា-ថៃ។ សេចក្តីថ្លែងការណ៍របស់សហគមន៍អន្តរជាតិ បានធ្លាក់មកជាហូរហែ នៅក្រោយពេលដែលកម្ពុជានិងថៃ បានយល់ព្រមអនុវត្តបទឈប់បាញ់ឡើងវិញចាប់ពីម៉ោង១២រសៀលថ្ងៃសៅរ៍ទី២៧ខែធ្នូឆ្នាំ២០២៥។
ក្នុងជំនួបដែលធ្វើឡើងនៅប្រទេសចិន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ដែលជាមិត្តដែកថែបនឹងគ្នា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចុះនៅថ្ងៃទី២៨ធ្នូនេះ។ តាមក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ចាត់ទុកថាការជួយសម្របសម្រួលរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងក្នុងជម្លោះព្រំដែនខ្មែរ-ថៃ អាចនឹងជួយរក្សាសន្តិភាពឱ្យបានស្ថិតនៅយូរអង្វែង។ សន្តិភាពដែលបានកើតឡើងតាមព្រំដែនខ្មែរ-ថៃ បន្ទាប់ពីការប្រកាសបទឈប់បាញ់បន្ទាន់មួយកាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានឲ្យដឹងក្នុងសន្និសីទព័ត៌មានរបស់រដ្ឋាភិបាលនៅព្រឹកថ្ងៃអាទិត្យទី២៨ធ្នូនេះថា ស្ថានការណ៍នៅតាមព្រំដែនកម្ពុជា និងថៃ មានភាពស្ងប់ស្ងាត់ ក្រោយភាគីកម្ពុជា និងថៃបានប្រកាសបទឈប់បាញ់សាជាថី្ម។ បទឈប់បាញ់ដែលបានចូលជាធរមាននៅវេលាម៉ោង១២ថ្ងៃត្រង់កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ តែទោះជាយ៉ាងណា លោកស្រី ម៉ាលី សុជាតា បានលើកឡើងថា កងទ័ពកម្ពុជានៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា៕
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ត្រូវជួបលោកដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី២៨ ធ្នូ នៅរដ្ឋផ្លរីដា សហរដ្ឋអាមរិក។ នៅក្នុងជំនួបលើកនេះ លោកហេ្សឡេនស្គីនឹងព្យាយាមបញ្ចុះបញ្ចូលលោកត្រាំ ឲ្យយល់ព្រមលើសេចក្តីព្រាងថ្មីនៃផែនការសន្តិភាព ដើម្បីឈានទៅបិទបញ្ចប់សង្រ្គាមជាមួយរស្ស៊ី មុនជំនួបជាមួយចៅហ្វាយសេតវិមានអាមេរិក ប្រមុខដឹកនាំអ៊ុយក្រែនបានជជែកពិភាក្សាជាមួយនឹងសម្ព័ន្ធមិត្តអឺរ៉ុប និងបានជួបនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី នៅកាណាដា។
នៅភូមា ដំណើរការបោះឆ្នោតរយៈពេល៣០ថ្ងៃ បានចាប់ផ្តើមហើយនៅថ្ងៃអាទិត្យ ទី២៨ធ្នូ។ មេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង បានអះអាងថា ការបោះឆ្នោតនេះ គឺជាការអនុវត្តលទ្ធិប្រជាធិបតេយ្យ។ តែយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍អន្តរជាតិនានា បានរិះគន់ថា ការបោះឆ្នោតរៀបចំដោយរបបសឹកនេះ មិនមានភាពសេរីនិងយុត្តិធម៌ទេ ព្រោះពោរពេញទៅដោយការគំរាមកំហែង សង្រ្គាមស៊ីវីលនៅតែបន្ត ហើយគណបក្សប្រឆាំងធំៗ ក៏ត្រូវគេរំលាយចោល មិនឲ្យចូលរួមក្នុងការបោះឆ្នោត។
គ្រោះមហន្តរាយធម្មជាតិបង្កឡើងដោយវិបត្តិអាកាសធាតុ នៅក្នុងឆ្នាំ២០២៥កន្លងមកនេះ មានកម្រិតធ្ងន់ធ្ងរកាចសាហាវខ្លាំងណាស់។ គ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរ ចំនួនយ៉ាងហោច១០ករណីនៅទូទាំងពិភពលោក បានបង្កការបំផ្លិចបំផ្លាញ គិតជាទឹកប្រាក់ប្រមាណ១២០ពាន់លានដុល្លារ។ នេះបើផ្អែកតាមរបាយការណ៍ថ្មីមួយរបស់អង្គការ Christian Aid ចេញផ្សាយថ្ងៃទី២៧ធ្នូម្សិលមិញ។ វាគឺជាទំហំប៉ាន់ស្មាន ដែលបានអាចទាបជាងការពិតជាក់ស្តែងផង។
ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យពង្រីកសមត្ថភាពផលិតកម្មគ្រាប់មីស៊ីល នៅឆ្នាំ២០២៦ ខាងមុខ ដើម្បីបំពេញតម្រូវការការពារជាតិរបស់ខ្លួន។ នៅក្នុងសប្តាហ៍នេះ របបក្រុងព្យុងយ៉ាងក៏បានអួតសម្ញែងការដ្ឋានសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ ដែរ។
អ៊ីស្រាអែលបានប្រកាសជាផ្លូវការ នៅថ្ងៃសៅរ៍ទី២៧ធ្នូ ទទួលស្គាល់ដែនដីសូម៉ាលីលែនដ៍ ជារដ្ឋឯករាជ្យ។ ការប្រកាសដែលបានបង្កឲ្យមានការតវ៉ាប្រឆាំងយ៉ាងខ្លាំង ពីសំណាក់រដ្ឋាភិបាលប្រទេសសូម៉ាលី ដែលបានចាត់ទុកថា នេះជាទង្វើវាយប្រហារមកលើអធិបតេយ្យភាពរបស់សូម៉ាលី។ តើមានហេតុផលអ្វីខ្លះ នៅពីក្រោយការទទួលស្គាល់របស់អ៊ីស្រាអែល ចំពោះដែនដីសូម៉ាលីលែនដ៍នេះ?
កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានបញ្ចប់ទៅនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចាន់ថាបុរី ប្រទេសថៃ។ នេះបើតាមក្រសួងការពារជាតិ ដោយបានបន្ថែមថា ជាលទ្ធផល ភាគីកម្ពុជា និងថៃបានឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៧ធ្នូនេះ។ បទឈប់បាញ់ដែលជាសាកល្បងរយៈពេល ៧២ម៉ោង។
នៅព្រឹកព្រលឹមថ្ងៃទី២៧ ខែធ្នូនេះ យោធាថៃបានប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកចំនួន ១៦គ្រាប់ ចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ។ សកម្មភាពរបស់ពួកយោធាថៃបែបនេះកើតឡើងស្របពេលដែលក្រុមប្រឹក្សាសន្តិសុខជាតិថៃ សម្រេចបញ្ជូនរដ្ឋមន្ត្រីការពារជាតិថៃមកកម្ពុជា នៅថ្ងៃសៅរ៍នេះ ដើម្បីចរចាឲ្យមានបទឈប់បាញ់ ក្រោយការវាយប្រយុទ្ធគ្នាអស់រយៈពេលជាង២សប្តាហ៍។