Venezuela asks to reopen US embassy in Caracas — Trump
newsare.net
Washington is thinking about it, the US leader saidVenezuela asks to reopen US embassy in Caracas — Trump
Washington is thinking about it, the US leader said Read more
Washington is thinking about it, the US leader said Read more
នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារទី៦មករា មានកិច្ចប្រជុំពិសេសមួយ រវាងក្រុមប្រទេសស្ម័គ្រចិត្តជួយអ៊ុយក្រែន ជាមួយនឹងលោកប្រធានាធិបតីហ្សេឡេនស្គី ព្រមទាំងតំណាងពិសេសរបស់លោកដូណាល់ ត្រាំ ដើម្បីនិយាយអំពីផែនការជួយការពារសន្តិសុខអ៊ុយក្រែន នៅពេលមានបទឈប់បាញ់ជាមួយរុស្ស៊ី។ ភាគីសហរដ្ឋអាមេរិកបានសន្យាថា អាមេរិកនឹងជួយសម្ព័ន្ធភាពស្ម័គ្រចិត្តនេះ ដើម្បីធានាការពារសន្តិសុខអ៊ុយក្រែន ប្រសិនបើបទឈប់បាញ់ចូលជាធរមាន។
ប្រឈមនឹងភាពតានតឹងរវាងរដ្ឋអំណាចក្រុងប៉េកាំងនិងតូក្យូក្នុងសំណុំរឿងតៃវ៉ាន់ មហាយក្សចិន បានចេញបំរាម មិនឲ្យនាំចេញទំនិញ ជាង ១ ១០០ មុខ ដែលមានគោលដៅប្រើប្រាស់ ២ផ្លូវ ទាំងស៊ីវិល និងទាំងយោធា។ ការហាមឃាត់នេះ រួមបញ្ជូលទាំងកម្មវិធីបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិច និង រ៉ែដីកម្រ ដែលគេអាចផលិតចេញជា គ្រឿងបង្គុំសឺមីកុងឌុកទ័រ និងយានដ្រូន ក្នុងវិស័យយោធា។
ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យ លោកស្រី ម៉ាលី សុជាតា បញ្ជាក់ថា ទាហានកម្ពុជា ២នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងការផ្ទុះគ្រាប់ នៅតំបន់មុំបី ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៦ មករានេះ។ ពីខាងថៃ ឯណោះវិញ ក៏មានទាហានថៃម្នាក់រងរបួសផងដែរ។ រដ្ឋាភិបាលថៃអះអាងពីការដាក់ពាក្យបណ្តឹងតវ៉ាជាផ្លូវការ និងស្នើសុំការពន្យល់ពីភាគីកម្ពុជាជុំវិញហេតុការណ៍ផ្ទុះគ្រាប់នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។
ប្រទេសហ្វីលីពីនត្រូវធ្វើជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២៦នេះ បន្តពីប្រទេសម៉ាឡេស៊ី។ មានសំណុំរឿងធំៗជាច្រើន ដែលប្រធានអាស៊ានថ្មីត្រូវដោះស្រាយ និងបន្តដោះស្រាយ ដូចជាជម្លោះព្រំដែនកម្ពុជា-ថៃ វិបត្តិនយោបាយនៅភូមា បញ្ហាសមុទ្រចិនខាងត្បូង រួមនឹងបញ្ហាតំបន់ និងអន្តរជាតិជាច្រើនទៀត។ អ្នកតាមដាននយោបាយកម្ពុជា និងតំបន់ភាគច្រើនមើលឃើញថា ហ្វីលីពីនអាចចាប់អារម្មណ៍រឿងជម្លោះព្រំដែនកម្ពុជា-ថៃ តិចជាងបញ្ហាសមុទ្រចិនខាងត្បូង ដែលហ្វីលីពីនកំពុងមានជម្លោះជាមួយចិន។ អ្វីទៅជាក្តីសង្ឃឹមរបស់កម្ពុជាពីហ្វីលីពីនក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦?
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានមួយក្នុងថ្ងៃទី៦ មករាដោយច្រានចោលការចុះផ្សាយរបស់កាសែតថៃ Khaosod English ដែលថា កម្ពុជាបានយកទីតាំងកាស៊ីណូថ្មដាដើម្បីស្តុកអាវុធសម្រាប់ចម្បាំងជាមួយថៃ។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល ទីតាំងដែលកាសែតថៃបានចោទគឺជាប៉ុស្តិ៍នគរបាលការពារព្រំដែនរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យុង បំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន ចំនួន ៣ ថ្ងៃដែលបានចាប់ផ្តើម តាំងពីថ្ងៃអាទិត្យ ទី៤មករា។ រដ្ឋាភិបាលទីក្រុងប៉េកាំងនិងសេអ៊ូល បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ចំនួន ១៥ ពាក់ព័ន្ធនឹងវិស័យបច្ចេកវិជ្ជា បរិស្ថាន និងដឹកជញ្ជូន។ ឆ្លៀតក្នុងឱកាសនេះ សមភាគីកូរ៉េខាងត្បូង បានស្នើប្រមុខរដ្ឋចិន លោក ស៊ី ជីនពីង ឲ្យប្រើឥទ្ធិពលទៅលើកូរ៉េខាងជើង ដើម្បីបន្ថយភាពតានតឹងក្នុងឧបទ្វីបកូរ៉េ ហើយផ្តើមកិច្ចសន្ទនាជាថ្មី រវាងសេអ៊ូលនិងព្យុងយ៉ាង។
លោកនីកូឡាស ម៉ាឌូរ៉ូ និងភរិយា ត្រូវបានសមត្ថកិច្ចអាមេរិកបញ្ជូនខ្លួនចូលទៅកាន់តុលាការក្នុងក្រុងញូវយ៉ក កាលពីរសៀលថ្ងៃចន្ទ ទី៥ មករា ម្សិលមិញ។ រដ្ឋអាជ្ញាបានប្រកាសបទចោទប្រកាន់ចំនួន៤ ក្នុងនោះគឺមានបទ ជួញដូរគ្រឿងញៀន។ នៅចំពោះមុខចៅក្រម លោកនីកូឡាស ម៉ាឌូរ៉ូ បានឆ្លើយថា លោកគឺជាជនស្លូតត្រង់ និងថាលោកគឺជា “អ្នកទោសសង្គ្រាម”។
បន្ទាប់ពីបាតុកម្មទ្រង់ទ្រាយធំ ដែលរៀបចំឡើងដោយ សមាគមខ្មែរ នៅទីក្រុងប៉ារីស កាលពី ខែ ធ្នូ ឆ្នាំ ២០២៥ សមាគមខ្មែរមួយផ្សេងទៀត នៅទីក្រុង Montpellier ភាគខាងត្បូងប្រទេសបារាំង បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅថ្ងៃអាទិត្យ ទី ៤ ខែ មករា ឆ្នាំ ២០២៦ ដើម្បីសម្តែងការប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសង្គ្រាមខ្មែរ-ថៃ ។ ក្រោមផ្ទៃមេឃខៀវស្រងាត់ និង អាកាសធាតុត្រជាក់ នៃរដូវរងា ជនជាតិខ្មែរ និង បារាំង ជាង ២០០ នាក់ មកពីទីក្រុងធំៗ មួយចំនួន នៅប៉ែកខាងត្បូងបារាំង បាននាំគ្នាដើរដង្ហែក្បួន ដៃកាន់បដា ស្រែកទាមទារ សន្តិភាព និង បរិហារ ឥរិយាបទ ឈ្លានពាន ពីសំណាក់ប្រទេសថៃ មកលើកម្ពុជា ។ ថ្លែងក្នុងសុន្ទរកថា អ្នកស្រី នាង ម៉ាលីន អគ្គលេខានៃសមាគមខ្មែរ នៅ Montpellier បានអំពាវនាវទៅកាន់រដ្ឋាភិបាលបារាំង និង សហគមន៍អន្តរជាតិ ឲ្យធ្វើអន្តរាគម ជាបន្ទាន់ ដើម្បីជម្រុញឲ្យភាគីថៃ គោរពបទឈប់បាញ់ បញ្ឈប់ទង្វើហិង្សា ឈ្លានពាន មកលើដែនអធិបតេយ្យភាពខ្មែរ និង ជាពិសេស គឺត្រូវអនុវត្តតាមច្បាប់អន្តរជាតិ ដែលបានចែង ។ អ្នកស្រី នាង ម៉ាលីន បន្ថែមទៀតថា ការព្រងើយកន្តើយ មិនអើពើ ពីសំណាក់សហគមន៍អន្តរជាតិ នឹងញ៉ាំងឲ្យប្រទេសមានអំណាចចំនួន តួយ៉ាងប្រទេសថៃ កាន់តែបានចិត្ត និង បន្តបំពានកាន់តែខ្លាំង មកលើប្រទេស ដែលទន់ខ្សោយជាងខ្លួន ។ នៅទីបញ្ចប់ អ្នកស្រី អគ្គលេខានៃសមាគមខ្មែរ Montpellier បានសង្កត់ធ្ងន់ថា កម្មវត្ថុចម្បងបំផុត នៃការជួបជុំគ្នាថ្ងៃនេះ គឺបញ្ជាក់អំពីជំហរ យ៉ាងមុតមាំ នៃប្រជាជនខ្មែរ ទាំងក្នុង និង ក្រៅប្រទេស ដែលចង់បានត្រឹម សន្តិភាព និង ភាពសុខដុមរមនា ប្រកបដោយនិរន្តរភាព រវាងប្រទេសជាតិខាង ៕
បើទោះបីជាអាមេរិកដំឡើងពន្ធគយនាំចូលយ៉ាងណាក៏ដោយ ក៏សេដ្ឋកិច្ចវៀតណាមនៅតែរលូន និងមានកំណើនល្អ ជាងឆ្នាំមុន (២០២៤)ទៀត។ បើតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃទី៥មករា កំណើនសេដ្ឋកិច្ចវៀតណាម មានសន្ទុះដល់ទៅ៨% នៃផលិតផលដុលក្នុងស្រុក នៅឆ្នាំ២០២៥។
កាលពីសប្តាហ៍កន្លងទៅ កងទ័ពអារ៉ាប៊ីសាអូឌីត បានបើកការវាយប្រហារនៅយេម៉ែន ដើម្បីបំបាក់ក្រុមចលនាបំបែកទឹកដីនៅភាគខាងត្បូង ដែលគេអះអាងថាបានទទួលជំនួយអាវុធពីអាមីរ៉ាតអារ៉ាប់រួម។ ដោយហេតុតែការវាយប្រយុទ្ធគ្នានៅភាគខាងត្បូងយេម៉ែននេះ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ បានផ្អាកការហោះហើរទាំងស្រុង ហើយធ្វើឲ្យមានទេសចរបរទេសជាង៤០០នាក់ ត្រូវជាប់នៅលើកោះ សូកូត្រា កោះទេសចរណ៍ដ៏ល្បីមួយភាគខាងត្បូងយេម៉ែន។
ជាមួយនឹងជោគជ័យយ៉ាងអស្ចារ្យរបស់កងទ័ពអាមេរិក ដែលបានបើកប្រតិបត្តិការវាយប្រហារ និងចាប់ខ្លួនលោកប្រធានាធីបតីវ៉េណេស៊ុយអេឡា លោកដូណាល់ ត្រាំ ហាក់កំពុងតែអង្គុយលើអំនួតកាន់តែខ្ពស់។ លោកត្រាំ បានប្រើសំដីគំរាមដោយផ្ទាល់និងដោយប្រយោល ទៅលើបណ្តាប្រទេសមួយចំនួនទៀត ឲ្យប្រុងប្រៀបខ្លួនប្រយ័ត្ន ដូចជា កូឡុំប៊ី គុយបា អ៊ីរ៉ង់ និងជាពិសេសនោះ គឺកោះហ្ក្រូអិនឡង់ដ៍ របស់ដាណឺម៉ាក។ ជាសំដីគំរាម ដែលធ្វើឲ្យថ្នាក់ដឹកនាំប្រទេសទាំងនេះ ទាមទារឲ្យលោកត្រាំ ត្រូវតែឈប់ជាបន្ទាន់។
ក្នុងឱកាសបុណ្យឯករាជ្យជាតិ នៅថ្ងៃអាទិត្យ ទី៤ មករា របបសឹកភូមាបានប្រកាសដោះលែងអ្នកទោសជាង ៦០០០នាក់ ក្នុងនោះមានទណ្ឌិតបរទេសចំនួន៥២នាក់។ ទណ្ឌិតទាំងអស់នោះ មិនរាប់បញ្ចូលអ្នកទោសនយោបាយ ដែលរបបសឹកបានចាប់ខ្លួន នៅក្រោយរដ្ឋប្រហារ កាលពីដើមឆ្នាំ២០២១។ ការដោះលែងអ្នកទោស ធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីការបោះឆ្នោតដំណាក់កាលទី១ ដែលរងការរិះគន់ពីសំណាក់អ្នកសង្កេតការណ៍អន្តរជាតិ ថាគ្មានភាពសេរីនិងយុត្តិធម៌។
សារព័ត៌មានអង់គ្លេស BBC តាមរយៈការចុះផ្សាយកាលពីខែធ្នូ ឆ្នាំ២០២៥ បានចាត់ថ្នាក់ទីក្រុងភ្នំពេញរបស់កម្ពុជាថាជាគោលដៅទេសចរណ៍ល្អបំផុតមួយសម្រាប់ឆ្នាំ ២០២៦ ក្នុងចំណោមគោលដៅទេសចរណ៍ចំនួន ២០លើពិភពលោក។ ការចាត់ថ្នាក់នេះធ្វើឡើយក្រោយបណ្តាញព័ត៌មានជាតិរបស់អង់គ្លេសមួយនេះបានបញ្ជូនអ្នកកាសែតរបស់ខ្លួនមករាយការណ៍អំពីបទពិសោធន៍នៃការធ្វើដំណើរទៅកាន់ទីតាំងទេសចរណ៍ដ៏កក់ក្តៅទាំងនោះ។
ថ្ងៃសៅរ៍ ទី៣មករា កងទ័ពអាមេរិកក្រោមបទបញ្ជារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើប្រតិបត្តិការពិសេស ដោយប្រើយន្តហោះ ១៥០ គ្រឿង វាយប្រហារផ្លូវអាកាស និងបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ រួមទាំងភរិយា បញ្ជូនទៅដាក់ក្នុងពន្ធនាគាររដ្ឋសហព័ន្ធ នៅទីក្រុងញូវយ៉ក។
អង់គ្លេសនិងបារាំងបានបើកប្រតិបតិ្តការរួមគ្នា វាយប្រហារផ្លូវអាកាស នៅយប់ថ្ងៃសៅរ៍ ទី៣ ធ្នូ ប្រឆាំងពួកភេរវកម្មជីហាតអង្គរដ្ឋឥស្លាម នៅស៊ីរី។ បើផ្អែកតាមក្រសួងការពារជាតិអង់គ្លេសនិងបារាំង ការវាយប្រហារលើកនេះ គឺសំដៅកម្ទេចហេដ្ឋារចនាសម្ព័ន្ធក្រោមដីរបស់អង្គការរដ្ឋឥស្លាម ដែលគេសង្ស័យថាជាឃ្លាំងស្តុកអាវុធ និងគ្រឿងផ្ទុះ។
ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍តវ៉ាមួយទៅកាន់ភាគីថៃ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ចំពោះសកម្មភាពរបស់យោធាថៃ ដែលបានឈ្លានពានកាន់កាប់ទឹកដីកម្ពុជាចំនួន១៤ទីតាំង និងតំបន់ ក្រោយការអនុវត្តបទឈប់បាញ់ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។ តាមក្រសួងការបរទេសកម្ពុជា ទីតាំងចំនួន១៤ ដែលយោធាថៃកំពុងឈរជើងនេះ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តពោធិ៍សាត់ និងព្រះវិហារ។ តើកម្ពុជាត្រូវប្រើយន្តការអ្វីខ្លះដើម្បីទាមទារមកវិញនូវទីតាំងដែលថៃឈ្លានពានយកទៅកាន់កាប់?
អាជ្ញាធរខេត្ត ចន្ថាបុរី (Chanthaburi)ក្នុងប្រទេសថៃបានចាប់ខ្លួនពលរដ្ឋខ្មែរជាស្រី្ត និងបុរសជាង ៦០នាក់ ក្រោយពួកគេបានព្យាយាមឆ្លងដែនចូលធ្វើការក្នុងប្រទេសថៃដោយខុសច្បាប់។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី៣មករានេះ។ តែកម្ពុជាតាមរយៈអ្នកនាំពាក្យក្រសួងការងារបានអះអាងថា កម្ពុជាមិនទាន់ទទួលបានដំណឹងផ្លូវការណាមួយពីភាគីថៃនៅឡើយចំពោះករណីនេះ។ យ៉ាងណាមិញអ្នកនាំពាក្យដដែលរូបនេះ បានអំពាវនាវឱ្យពលរដ្ឋខ្មែរស្វែងរកឱកាសការងារក្នុងស្រុកជាជាងប្រថុយរកការងារធ្វើដោយខុសច្បាប់នៅក្រៅប្រទេស។
អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ នៅថ្ងៃអាទិត្យទី៤ខែមករាឆ្នាំ២០២៦ បានលើកឡើងថា លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំងរស់នៅក្រៅប្រទេស តែងតែឆ្លៀតកេងចំណេញនយោបាយផ្ទាល់ខ្លួន នៅរាល់ពេលដែលមានព្រឹត្តិការណ៍អន្តរជាតិធំៗបានកើតឡើង តួយ៉ាងដូចជាការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ។ ប្រតិកម្មរបស់អ្នកនាំពាក្យបក្សកាន់អំណាចដូច្នេះ គឺបន្ទាប់ពីលោក សម រង្ស៊ី បានសរសេរសារខ្លីថា អាមេរិកនឹងចាត់វិធានការលើ មេបណ្តាញឆបោកអនឡាញ និងលាងលុយកខ្វក់ ដោយភ្ជាប់រូបថតរបស់លោក ហ៊ុន សែន ទៅនឹងលោក នីកូឡា ម៉ាឌូរ៉ូ ដែលអាមេរិកទើបចាប់ខ្លួន។
ថ្ងៃសៅរ៍ ទី៣ មករា ក្រសួងការពារជាតិអាមេរិក បានធ្វើប្រតិបត្តិការពិសេស វាយប្រហារផ្លូវអាកាស និងបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា រួមទាំងភរិយា បញ្ជូនទៅទីក្រុងញូវយ៉ក។ ប្រតិបត្តិការកងទ័ពអាមេរិក លើកនេះ នាំឲ្យគេរម្លឹកដល់ អន្តរាគមន៍យោធាអាមេរិក ជាច្រើនផ្សេងទៀត កាលពីក្នុងអតីតកាល ដែលឈានទៅផ្តួលរំលំរដ្ឋអំណាច នៅតំបន់អាមេរិកកណ្តាល និង អាមេរិកឡាទីន ។
សហគមន៍អន្តរជាតិ និងមេដឹកនាំពិភពលោកបានថ្កោលទោស និងចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ថាបានឈ្លានពានយ៉ាងកំរោលលើអធិបតេយ្យភាព និងបូរណភាពទឹកដីវ៉េណេស៊ុយអេឡា ព្រមទាំងបានរំលោភច្បាប់អន្តរជាតិ។ ការបញ្ចេញប្រតិកម្មនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីកងទ័ពអាមេរិកបានបើកប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំទៅលើវ៉េណេស៊ុយអេឡា និងបានចាប់ខ្លួនលោកនីកូឡា ម៉ាឌូរ៉ូ និងភរិយា។
យោធាថៃប្រកាសមិនទទួលស្គាល់ការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសដែលថា ថៃរំលោភបំពានអធិបតេយ្យភាពកម្ពុជា ដោយបានរាយបន្លាលួស និងដាក់ទូកុងទឺន័របិទផ្លូវមិនឱ្យពលរដ្ឋខ្មែរអាចត្រឡប់ចូលភូមិឋានរបស់ខ្លួនវិញបាន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ Bangkok Post នៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៦។ ជាការឆ្លើយតបចំពោះប្រព័ន្ធផ្សព្វផ្សាយបរទេស យោធាថៃបកស្រាយថា រាល់ប្រតិបត្តិការរបស់យោធាថៃ គឺធ្វើឡើងក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន ដែលខុសពីការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។
កងទ័ពអាមេរិកបានបើកប្រតិបត្តិការវាយប្រហារផ្លូវអាកាស ទៅលើរដ្ឋធានីការ៉ាកាស សំដៅកម្ទេចមូលដ្ឋានទ័ពវ៉េណេស៊ុយអេឡា នៅព្រឹកថ្ងៃសៅរ៍ ទី៣ មករា។ ក្រោយពីការវាយប្រហារ កងទ័ពអាមេរិកប្រកាសអំពីការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា និងភរិយា ហើយនាំចេញក្រៅប្រទេស។ ភ្លាមៗ វ៉េណេស៊ុយអេឡា បានដាក់ប្រទេសក្នុងភាពអាសន្ន និងបានដាក់ពង្រាយកងទ័ពគ្រប់ផ្នែក។ ចំណែក សហគមន៍អន្តរជាតិបានថ្កោលទោស និងចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ថាបានឈ្លានពានយ៉ាងកំរោលលើអធិបតេយ្យភាព និងបូរណភាពទឹកដីវ៉េណេស៊ុយអេឡា។
គិតត្រឹមល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ពលរដ្ឋជាជនភៀសសឹកជាង ៦៧០០០នាក់បានបន្តចាកចេញពីជំរំភៀសសឹកទៅកាន់លំនៅឋានវិញ ខណៈមានជនភៀសសឹកជាង ៣២ម៉ឺននាក់ផ្សេងទៀតនៅបន្តរស់នៅក្នុងជំរំសុវត្ថិភាពដដែល។ សូមជម្រាបថាការបន្តចាកចេញពីជំរំសុវត្ថិភាពរបស់ជនភៀសសឹកធ្វើឡើងបន្ទាប់ពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃហាក់មានភាពស្ងប់ស្ងាត់ និងបន្ទាប់ពីភាគីជម្លោះបានឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់មួយកាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥។
ស្ថិតនៅក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ ព្រះសង្ឃនៅក្នុងខេត្តសៀមរាបមួយចំនួនបានផ្តួចផ្តើមគំនិតឲ្យមានកិច្ចសហការរវាងអាជ្ញាធរ និងមន្ត្រីកសិកម្មក្នុងភូមិ ដើម្បីចង្អុលបង្ហាញនូវវិធីសាស្ត្រនៃការដាំដុះបន្លែដល់ជនភៀសសឹក ដែលពុំទាន់បានចាកចេញពីជំរំសុវត្ថិភាពនៅឡើយ។ ចលនានៃការរួបរួមគ្នាធ្វើកសិកម្ម ដោយការដាំដុះដំណាំសម្រាប់ជនភៀសសឹក នៅតាមវត្តអារាមនិងជំរំសុវត្ថិភាពនានានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួន គឺទី១ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃជាបណ្តោះអាសន្ន និងទី២ ដើម្បីបើកផ្លូវឲ្យពលរដ្ឋរៀនរស់ដោយខ្លួនឯងក្នុងអំឡុងពេលមានសង្គ្រាម ជាពិសេសនៅពេលដែលពួកគេវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ៕
កម្ពុជាបានដាក់ញត្តិតវ៉ាជាបន្ទាន់ទៅភាគីថៃ នៅចំពោះមុខនៃសកម្មភាពរបស់កងទ័ពថៃដែលដាក់ទូកុងទឺន័រ និងរាយបន្លាលួសព័ទ្ធហួសចូលមកបន្ទាត់ព្រំដែនរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។ នៅចំពោះមុខបញ្ហានេះ អ្នកតាមដាននយោបាយស្រុកខ្មែរ មើលឃើញថា កម្ពុជាត្រូវប្រើប្រាស់យន្តការការទូតឲ្យក្លៀវក្លាជាងមុន ដើម្បីឲ្យអន្តរជាតិជួយដឹងឮថា ភាគីថៃកំពុងបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងបានរំលោភលើដែនអធិបតេយ្យកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយតវ៉ាចំពោះសកម្មភាព របស់យោធាថៃ ដែលក្រសួងចោទថា បានរំលោភចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជា ក្រោយការអនុវត្តបទឈប់បាញ់ចាប់ពីថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៥ ។ តាមក្រសួងការបរទេស កងកម្លាំងថៃបានបន្តឈរជើងនៅទីតាំងមួយចំនួនតាមព្រំដែន ពិសេសទីតាំងរបស់ជនស៊ីវិលកម្ពុជា។ ជាងនេះទៅទៀតនោះ យោធាថៃបានបន្តបិទសិទ្ធិ និងរារាំងមិនឱ្យជនភៀសសឹកកម្ពុជាត្រឡប់ចូលទៅលំនៅឋានរបស់ខ្លួនវិញឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងបញ្ជាក់ជាថ្មីថា ការយកបន្លាលួស និងដំឡើងទូកុងទឺន័រ ក៏ដូចជាការឈូសឆាយផ្ទះសំបែងមួយចំនួនរបស់ជនស៊ីវិលក្នុងដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់ភាគីថៃ ជាការមិនអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងភាគីកម្ពុជា និងភាគីថៃ។ ភាគីកម្ពុជា និងថៃ ដែលបាននិងកំពុងអនុវត្តបទឈប់បាញ់ដែលបានឯកភាពគ្នាកន្លងមក។ លោកប៉ែន បូណា តាមរយៈសន្និសីទព័ត៌មានប្រចាំថ្ងៃរបស់រដ្ឋាភិបាលនៅថ្ងៃសៅរ៍ទី៣មករានេះ បានឲ្យដឹងទៀតថា ទង្វើរបស់ភាគីថៃក៏បានរំលោភលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិផងដែរ។ ក្នុងន័យនេះ កម្ពុជាបានផ្ញើកំណត់ទូតទៅភាគីថៃ ដើម្បីជំទាស់នឹងសកម្មភាពទាំងនេះ៕
កូនស្រីរបស់ប្រមុខដឹកនាំកូរ៉េខាងជើង កញ្ញា គីម ជូអេ បានអមដំណើរឪពុកម្តាយ ធ្វើទស្សនកិច្ចលើកដំបូងនៅវិមានតម្កល់សពដូនតា នៅទីក្រុងព្យុងយ៉ាង នាថ្ងៃសុក្រ ទី២ មករា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានបង្ហាញរូបថតផ្លូវការជាច្រើនសន្លឹក ដែលមានវត្តមានរបស់កញ្ញា ជូអេ ឈរនៅជួរមុខជាមួយឪពុកម្តាយ អមដោយមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង។ តើមេដឹករបបផ្តាច់ការក្រុងព្យុងយ៉ាង បានត្រៀមរៀបចំកូនស្រីស្នងតំណែងបន្តពីខ្លួនឬយ៉ាងណា?
ប្រទេសស្វ៊ីសបានជួបនឹងហេតុការណ៍អកុសលដ៏ធ្ងន់ធ្ងរមួយ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងគ្រោះថ្នាក់អគ្គីភ័យ ឆេះរង្គសាលមួយ នៅយប់ថ្ងៃឆ្លងឆ្នាំ នៅទីក្រុងជិះស្គី Crans-Montana។ គិតត្រឹមថ្ងៃទី២មករា អាជ្ញាធរស្វ៊ីសបានឲ្យដឹងថាមានមនុស្សស្លាប់ យ៉ាងហោច៤៧នាក់ និងអ្នករបួស១១២នាក់។ ការលំបាកដ៏ធំមួយរបស់សមត្ថកិច្ច គឺការកំណត់អត្តសញ្ញាណអ្នកស្លាប់និងអ្នករបួស ដោយមួយចំនួនធំ គឺជាជនបរទេស និងសាកសពខ្លះត្រូវឆេះខ្លោចទាំងស្រុង។
រុស្ស៊ី ចោទអ៊ុយក្រែន ថាបានវាយប្រហារដោយយានដ្រូន នៅក្នុងតំបន់ Kherson ជាទឹកដីអ៊ុយក្រែន ដែលកាន់កាប់ដោយរុស្ស៊ី និង បានសម្លាប់មនុស្ស ២៤ នាក់ នៅយប់ឆ្លងឆ្នាំសកល ។ ពីចំណែកខ្លួន អ៊ុយក្រែនក៏បានថ្កោលទោសរុស្ស៊ីវិញ ដែលបានបញ្ជូនដ្រូនជាង ២០០ គ្រឿង ទៅវាយកម្ទេច ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ថាមពល នៅក្នុងទឹកដីអ៊ុយក្រែន នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៦ ដូចគ្នាដែរ ។
រដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញចក្ខុវិស័យថ្មី ដើម្បីពង្រឹងឥទ្ធិពលកាន់តែខ្លាំងនៅតំបន់អាមេរិកឡាទីន ពោលគឺ ចាប់ពីប៉ាណាម៉ា ដល់វ៉េណេស៊ុយអេឡា។ ការប្រកាសរបស់ចិនធ្វើឡើង បន្ទាប់ពីរដ្ឋបាលលោកដូណាល់ ត្រាំ បង្ហាញពីមហិច្ឆតាចង់គ្រប់គ្រងនៅអឌ្ឍគោលខាងលិចទាំងមូល។
កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួនជាង ១លានតោន ទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ២០២៥ ដោយគិតជាទឹកប្រាក់ប្រមាណ ១ ៥០០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីសមាគមស្វាយចន្ទីកម្ពុជា និងបញ្ជាក់បន្ថែមថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមពេញមួយឆ្នាំ២០២៥ បានកើនឡើងរហូតដល់២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
សង្គ្រាមដែលថៃឈ្លានពានមកលើប្រទេសកម្ពុជាជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឲ្យជនស៊ីវិលជាង៣០នាក់ស្លាប់ និងរបួសជិត១០០នាក់។ នេះមិនទាន់គិតដល់ការខូចខាតព្រទ្យសម្បត្តិ ប្រាសាទបុរាណ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផងទេ។ ការដែលយោធាថៃប្រើយន្តហោះចម្បាំង និងទម្លាក់គ្រាប់បែកមកលើទីតាំងជនស៊ីវិលរបស់កម្ពុជាក្នុងសង្គ្រាម២១ថ្ងៃ ក្នុងខែធ្នូឆ្នាំ២០២៥ ត្រូវបានគេមើលឃើញថា មានទម្រង់ប្រហាក់ប្រហែលគ្នានឹងសង្គ្រាម ដែលរុស្ស៊ីបើកការឈ្លានពានទៅលើអ៊ុយក្រែន និងមានទម្រង់ប្រហាក់ប្រហែលគ្នានឹងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលនៅឆ្នាំ១៩៩០ ប្រទេសអ៊ីរ៉ាក់បើកការឈ្លានពានប្រទេសគុយវ៉េត។ ក្រោយសង្គ្រាមចប់ គុយវ៉េតទទួលបានសំណងជាង ៥២ពាន់លានដុល្លារពីអ៊ីរ៉ាក់។ តើកម្ពុជាអាចមានលទ្ធភាពឈ្នះក្តីដែរទេ ប្រសិនបើកម្ពុជាប្តឹងថៃឲ្យសងការខូចខាត?