រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចព្យួរការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរបស់សហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរចំនួន ៣ឆ្នាំបន្ថែមទៀត។ លិខិតដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះបញ្ជាក់ថា ការសម្រេចដូចនេះធ្វើឡើងក្នុងគោលបំណងចង់ឲ្យមាននិរន្តរភាព ជំរុញការនាំចេញ និងបង្កើតការងារដល់កម្មករ និងការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលទទួលបានប្រយោជន៍ពីវិស័យនេះ។ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) យល់ឃើញថា ការសម្រេចបន្តអនុគ្រោះរបស់រដ្ឋាភិបាលក្នុងការព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល គឺជាការជួយសម្រួលដល់ការលំហូរសាច់ប្រាក់របស់រោងចក្រកាត់ដេរ។
នៅថ្ងៃទី១៣ មករានេះ ឧបការីរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណ:ចិន លោក លីវ ចុងអ៊ី (LIU Zhongyi) ស្ងើចសរសើរកម្ពុជាដែលបានសហការជាមួយចិនក្នុងការទប់ស្កាត់ បង្រ្កាប និងអនុវត្តនីតិវិធីបណ្តេញជនបរទេសដែលពាក់ព័ន្ធក្នុងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា។ ទន្ទឹមគ្នានេះ ឧបការីរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណ:ចិនក៏បានបញ្ជាក់ជំហរសារជាថ្មីអំពីកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដើម្បីបន្តបោសសម្អាតឧក្រិដ្ឋជនឆបោកអនឡាញនៅកម្ពុជា។
លោកប្រធានាធិបតីកូរ៉េខាងត្បូង លី ចែម្ញុង បានធ្វើដំណើរទៅទស្សនកិច្ចនៅជប៉ុន ជាលើកទី១។ ក្នុងឱកាសជួបពិភាក្សាជាមួយលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន សាណាអេ តាកៃឈី ប្រមុខដឹកនាំទាំងពីរ បានប្រកាសពីគោលបំណង ពង្រឹងសហប្រតិបត្តិការនិងសម្ព័ន្ធភាព រវាងជប៉ុននិងកូរ៉េខាងត្បូង ឲ្យបានកាន់តែរឹងមាំ។ ដោយមិនបញ្ជាក់ឲ្យចំៗ តែសម្ព័ន្ធភាពនេះ គឺវាជាការឆ្លើយតបទៅនឹងការដាក់សម្ពាធកាន់តែខ្លាំង ពីសំណាក់ចិន។
សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលជាង ២០ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី១៣ មករាដោយបន្តទាមទារឱ្យរដ្ឋាភិបាលដោះស្រាយវិវាទរបស់កូដករណាហ្គាវើលដ៍ដែលអូសបន្លាយពេល ៤ឆ្នាំ។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែល សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលក៏បានឲ្យស្នើឱ្យរដ្ឋាភិបាលទម្លាក់ចោលបទចោទ សងជំងឺចិត្ត និងទទួលយកកូដករទាំងអស់ឲ្យចូលធ្វើការវិញ។ តែក្រសួងការងារតាមរយៈអ្នកនាំពាក្យ លោក ស៊ុន មេសា បានបញ្ជាក់ជាថ្មីថា ក្រសួងគ្មានដែនសមត្ថកិច្ចដើម្បីដោះស្រាយរឿងនេះទៀតទេ ព្រោះក្រុមកូដករបានទាត់ចោលយន្តការដោះស្រាយច្រើនលើក ច្រើនសារកន្លងមក។
នៅអ៊ីរ៉ង់ ការបង្រ្កាបដ៏ហិង្សារបស់អាជ្ញាធរទៅលើក្រុមបាតុករ ជាច្រើនថ្ងៃមកនេះ បានបណ្តាលឲ្យមានមនុស្សច្រើនជាង៦០០នាក់ស្លាប់ និងមនុស្សជាង១ពាន់នាក់ត្រូវចាប់ឃុំខ្លួន។ នេះបើតាមការវាយតម្លៃរបស់ទីភ្នាក់ងារព័ត៌មានសកម្មជនសិទ្ធិមនុស្សដែលមានទីស្នាក់ការនៅទីក្រុងវ៉ាស៊ីនតោន។ ធ្លាប់គំរាមវាយប្រហារ ប្រសិនបើអ៊ីរ៉ង់ហ៊ានតែបង្រ្កាបសម្លាប់បាតុករ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំកាលពីថ្ងៃចន្ទបានអះអាងថា អ៊ីរ៉ង់ចង់ចរចាជាមួយអាមេរិក។ លោកត្រាំនៅបានប្រកាសដំឡើងពន្ធលើប្រទេសទាំងឡាយណាដែលធ្វើជំនួញជាមួយអ៊ីរ៉ង់។
ក្រសួងបរិស្ថានបានប្រកាសឲ្យដឹងថា បង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិចំនួន ១ ០០០បង្គោល ត្រូវបានបោះក្នុងឆ្នាំ២០២៥។ ការដាំបង្គោលក្នុងឆ្នាំ២០២៥នេះ ធ្វើឲ្យបង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិ ដែលបានបោះរួចមកទល់ពេលនេះ មានចំនួន ៣ ៦០០បង្គោល ក្នុងគម្រោងសរុបជាង ១៥ ០០០បង្គោល។ តាមក្រសួងបរិស្ថាន ការបោះបង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិនេះ គឺដើម្បីធានាការគ្រប់គ្រងតំបន់ការពារធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាព។
ថៃមានឆន្ទៈដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា តាមរយៈយន្តការទ្វេភាគី និងបានត្រៀមរួចជាស្រេចដើម្បីរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនគោក JBC ក្រោយការបោះឆ្នោត និងបង្កើតបានរដ្ឋាភិបាលថ្មី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។ បើតាមសេចក្តីថ្លែងការណ៍ដដែល ថៃបានផ្ញើកំណត់ទូតមកកម្ពុជារួចហើយដើម្បីពន្យល់ហេតុផលស្តីពីការពន្យារពេលរៀបចំកិច្ចប្រជុំ JBC នេះ។
នៅក្នុងកិច្ចប្រជុំអន្តរគណៈកម្មការជំនាញនៃរដ្ឋសភា និងតំណាងរដ្ឋាភិបាលនាព្រឹកថ្ងៃទី១២ មករានេះ រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន បានលើកឡើងអំពីសារៈសំខាន់របស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ ១៩៨២ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ នៅទីក្រុងម៉ុងតេហ្គាបៃ ប្រទេសហ្សាម៉ាអ៊ីក។ បើតាមសេចកី្តប្រកាសព័ត៌មានរបស់រដ្ឋសភាជាតិ លោក ប្រាក់ សុខុនក៏បានគូសបញ្ជាក់ថា នៅក្រោមអនុសញ្ញានេះ កម្ពុជានឹងទទួលបានក្របខ័ណ្ឌច្បាប់សមុទ្រមួយពេញលេញសម្រាប់កិច្ចការសមុទ្រ និងអត្ថប្រយោជន៍ផ្សេងៗទៀត។
តើភូមាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទៅលើប្រជាជនភាគតិចរ៉ូហ៊ីងយ៉ា ឬក៏យ៉ាងណា? ចៅក្រមរបស់តុលាការយុត្តិធម៌ងអន្តរជាតិនៅទីក្រុងឡាអេនឹងផ្តោតទៅលើសំណុំរឿងនេះ នៅក្នុងសវនាការដែលចាប់ផ្តើមបើកជាផ្លូវការ នៅថ្ងៃចន្ទទី ១២មករានេះ។ នៅក្នុងពាក្យបណ្តឹងរបស់ប្រទេសចំនួន១១ នាំមុខដោយហ្កំប៊ី ដែលជាប្រទេសកាន់សាសនាអ៊ីស្លាម រដ្ឋាភិបាលភូមារងការចោទប្រកាន់ពីបទរំលោភសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីប្រល័យពូជសាសន៍។ ឈាង បុប្ផាលម្អិតព័ត៌មាននេះ
នៅប្រទេសហ្សកហ្ស៊ី តុលាការផ្តន្ទាទោស អតីតនាយករដ្ឋមន្ត្រី លោក អ៊ីរ៉ាគ្លី ហ្គារីបាចវីលី ឲ្យជាប់ពន្ធនាគារ ចំនួន ៥ ឆ្នាំ ពីបទល្មើសលាងលុយកខ្វក់ និង ក្លែងបន្លំក្នុងការប្រកាសទ្រព្យសម្បត្តិ។ បើតាមអ្នកសង្កេតការណ៍ ការផ្តន្ទាទោសនេះ ជាការបោសសម្អាតផ្ទៃក្នុង ក្នុងជួរថ្នាក់ដឹកនាំ។
នៅថ្ងៃបើកឆាកដំបូងនៃដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌា នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ លោកហ្វ្រីដ្រិក មែក្ស កាលពីថ្ងៃចន្ទទី ១២មករាបានអំពាវនាវឲ្យរដ្ឋាភិបាលឥណ្ឌាប្រញាប់ចុះកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប។ នៅក្នុងកាលៈទេសៈដែលប្រទេសទាំងពីរកំពុងប្រឈមនឹងការដាក់សម្ពាធទាំងផ្នែកនយោបាយ និងពាណិជ្ជកម្មពីសំណាក់ មហាអំណាចចិន និងអាមេរិក នាយករដ្ឋមន្រ្តីឥណ្ឌា លោកណារិនដ្រា ម៉ូឌី ជំរុញឲ្យប្រទេសទាំងពីរ អាល្លឺម៉ង់ និងឥណ្ឌាពង្រឹងសហប្រតិបត្តិការរវាងគ្នា ក្នុងវិស័យការពារជាតិ។
ក្រសួងការបរទេសថៃបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា យោធាថៃនឹងបន្តឈរជើងនៅលើទឹកដីកម្ពុជាតាមតំបន់ព្រំដែនដែលខ្លួនកាន់កាប់បាន ទោះមានបទឈប់បាញ់។ បើតាមក្រសួងការបរទេសថៃ ការរក្សាកម្លាំងទាហាននៅតាមតំបន់ទាំងនោះ គឺអនុលោមតាមសេចក្តីថ្លែងការណ៍រួមដើម្បីកាត់បន្ថយភាពតានតឹង។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រកាសជួសជុលស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈការបញ្ចេញនូវថវិកាជាតិ និងកញ្ចប់ថវិការបស់ដៃគូអភិវឌ្ឍន៍នានា។ ក្នុងសារជាវីដេអូមួយនៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ាណែត ប្តេជ្ញាថា នឹងដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីជម្លោះព្រំដែននេះ ឱ្យបានឆាប់រហ័សបំផុត ខណៈក្រុមការងារចំពោះកិច្ចបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា កំពុងចុះវាយតម្លៃពីទំហំនៃផលខូចខាត។
ក្រសួងការងារ ដោយមានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានបង្កើតវគ្គបណ្តុះបណ្តាលជំនាញ ដេរតាមរោងចក្រដល់ពលរដ្ឋខ្មែរដែលទើបត្រលប់មកពីប្រទេសថៃ។ ពលរដ្ឋខ្មែរដែលកំពុងទទួលបានការបណ្តុះបណ្តាលនេះបានលើកឡើងដូចៗគ្នាពីការមិនត្រលប់ទៅធ្វើការនៅប្រទេសថៃវិញ។ ដោយឡែក តំណាងរោងចក្រ និងប្រធានសហជីពកម្ពុជាបានអះអាងថា ពលរដ្ឋខ្មែរទាំងនោះនឹងអាចទទួលបានការងារស្វ័យប្រវត្តិ ក្រោយឆ្លងកាត់ការបណ្តុះបណ្តាល។ ពីរោងចក្រ TS Sport ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សូមលោកអ្នកនាងទស្សនាបទយកការណ៍របស់ សើ ដាវី៖
តុលាការខេត្តសៀមរាបបានបង្គាប់ឱ្យឃុំខ្លួនជនបរទេស ៣នាក់ ក្រោយរកឃើញថាពួកគេមានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ។ ក្នុងដីកាបង្គាប់ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ តុលាការខេត្តសៀមរាបបានចោទប្រកាន់អ្នកទាំង ៣ពីបទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០នៃក្រមព្រហ្មទណ្ឌកម្ពុជា។
ក្រៅពីបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចគុយបាដោយចាប់នាវាដឹកនាំប្រេងពីវ៉េណេស៊ុយអេឡា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ខំឲ្យ មេដឹកនាំគុយបា ទទួលយកកិច្ចព្រមព្រៀង មុននឹងអ្វីៗត្រូវហួសពេល។ មិនតែប៉ុណ្ណោះ ចៅហ្វាយសេតវិមាន បានបង្ហាញការយល់ស្រប ចង់ឲ្យ ប្រមុខការបរទេសអាមេរិក លោក ម៉ារកូ រូប៊ីយ៉ូ ធ្វើជា ប្រធានាធិបតីគុយបា។ តែ មេដឹកនាំគុយបា បានប្រកាសការពារប្រទេសជាតិ រហូតដល់តំណក់ឈាមចុងក្រោយ។
មហាបាតុកម្មនៅអ៊ីរ៉ង់រយៈពេល២សប្តាហ៍កន្លងមកនេះ បានផ្តាច់ជីវិតមនុស្សប្រមាណ ២០០នាក់។ នៅថ្ងៃអាទិត្យ ទី១១ មករា រដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាសជាចំហ គាំទ្រប្រជាជនអ៊ីរ៉ង់ ឲ្យបះបោរប្រឆាំងនឹងរបបផ្តាច់ការអ៊ីស្លាមអ៊ីរ៉ង់ ដើម្បីសេរីភាព។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមិន នេតាន់យ៉ាហ៊ូ បានថ្កោលទោស ចំពោះការសម្លាប់យ៉ាងឃោឃៅ និងអំពើហិង្សារបស់របបផ្តាច់ការអ៊ីរ៉ង់ មកលើប្រជាជនស៊ីវិល។ ចំណែក អ៊ីរ៉ង់បានចោទអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ថាអ្នកនៅពីក្រោយបាតុកម្ម ប្រឆាំងរដ្ឋាភិបាល ដែលបង្កអស្ថិរភាព នៅអ៊ីរ៉ង់។
អាមរិកបានបើកការវាយប្រហារផ្លូវអាកាសសាជាថ្មី លើពួកជីហាតអង្គការរដ្ឋអ៊ីស្លាម នៅស៊ីរី។ គិតចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០២៥ នេះជាលើកទី២ ដែលអាមេរិកបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ នៅលើទឹកដីស៊ីរី។ រីឯ កងទ័ពហ្ស័កដានីបានអះអាង ថាបានចូលរួមក្នុងប្រតិបត្តិការនេះ ដែរ។
នៅសហរដ្ឋអាមេរិក មនុស្សច្រើនពាន់នាក់ ជួបជុំគ្នានៅថ្ងៃសៅរ៍និងបន្តប្រផ្តុំគ្នាទៀតនៅថ្ងៃអាទិត្យទី១១មករា ដើម្បីសម្តែងមតិប្រឆាំងនឹងនយោបាយអន្តោប្រវេសន៍របស់លោក ដូណាល់ ត្រាំ ហើយរិះគន់ចំណាត់ការរបស់ប៉ូលិសអន្តោប្រវេសន៍ (ICE)។ ក្រុមបាតុករអំពាវនាវឲ្យបន្តធ្វើបាតុកម្មទូទាំងផ្ទៃប្រទេស។ កំហឹងបាតុករអាមេរិក ផ្ទុះឡើង កាន់តែច្រើនទៅៗ ចាប់ពីថ្ងៃពុធ ទី៧មករា មក ព្រោះតែ ប៉ូលិសអន្តោប្រវេសន៍ បានបាញ់សម្លាប់នារីម្នាក់ ក្នុងពេលប្រតិបត្តិការតាមដងផ្លូវ នៅក្រុង Minneapolis។
អាមរិកបានបើកការវាយប្រហារផ្លូវអាកាសសាជាថ្មី លើពួកជីហាតអង្គការរដ្ឋឥស្លាម នៅស៊ីរី។ គិតចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០២៥ នេះជាលើកទី២ ដែលអាមេរិកបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ នៅលើទឹកដីស៊ីរី។ រីឯ កងទ័ពហ្ស័កដានីបានអះអាង ថាបានចូលរួមក្នុងប្រតិបត្តិការនេះ ដែរ។
គណបក្សទាំង៥នៃកោះហ្រ្កូអិនឡង់ដ៏ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះអាណានិគមអាមេរិក ព្រមទាំងទាមទារផ្តាច់ខ្លួនចេញពីតំបន់ស្វយ័តរបស់ដាណឺម៉ាក។ សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីលោកដូណាល់ ត្រាំ បានគំរាមប្រើកម្លាំងយោធា ដើម្បីចូលទៅគ្រប់គ្រង់កោះហ្រ្កូអិនឡង់ដ៏។
ក្នុងឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគដោយផ្ទាល់ពីបរទេសសរុបចំនួន ៦៣០គម្រោង គិតជាទឹកប្រាក់សរុបប្រមាណ១០ពាន់លានដុល្លារអាមេរិក។ យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ការបោះទុនវិនិយោគពីក្រៅប្រទេសបានកើនឡើងប្រមាណ៥២% បើធៀបនឹងឆ្នាំ២០២៤ ខណៈទំហំទឹកប្រាក់កើនលើសប្រមាណ៣ពាន់លានដុល្លារអាមេរិក។ អ្នកជំនាញមើលឃើញថា លំហូរវិនិយោគពីក្រៅប្រទេសនៅតែបន្តរក្សាភាពវិជ្ជមានដដែល បើទោះបីកម្ពុជាបច្ចុប្បន្នកំពុងបន្តហ៊ុមព័ទ្ធដោយព័ត៌មានស្តីពីការឆបោកតាមអនឡាញក៏ដោយ។ សម្រាប់អ្នកជំនាញ រដ្ឋាភិបាលត្រូវតែបោសសម្អាតបណ្តាញក្រុមឧក្រិដ្ឋជនអនឡាញបន្តទៀត ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគកាន់តែប្រសើរ និងបង្កើនជំនឿទុកចិត្តដល់វិនិយោគិនបរទេសដែលស្ទាក់ស្ទើរមិនទាន់ហ៊ានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា។
នៅព្រឹកថ្ងៃសៅរ៍ ទី១០ មករានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះទៅដល់ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់ដែលបន្សល់ទុកពីការវាយប្រហាររបស់ថៃមកលើដែនអធិបតេយ្យប្រទេសកម្ពុជា។ ផលប៉ះពាល់ទាំងនោះកើតមានក្រោយការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទាហានថៃតាមព្រំដែនរយៈពេល ២០ថ្ងៃកាលពីខែធ្នូ ឆ្នាំ២០២៥។ ដោយឡែក នៅព្រឹកថ្ងៃទី១០ មករាដដែល រដ្ឋាភិបាលកម្ពុជាតាមរយៈអ្នកនាំពាក្យ លោក ប៉ែន បូណា បានថ្លែងក្នុងសន្និសីទកាសែត ប្រចាំថ្ងៃថា ក្រៅពីក្រុម AOT ក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ក៏កំពុងចុះវាយតម្លៃស្ថានការណ៍នៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃដែរ។ បើតាមលោក ប៉ែន បូណា ជនភៀសសឹកមួយចំនួនធំបានត្រឡប់ទៅលំនៅឋានវិញ។ តែទោះជាយ៉ាងណា នៅមានជនភៀសសឹកជាច្រើននាក់ផ្សេងទៀតដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាននៅឡើយ ដោយសារតំបន់ខ្លះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃ ហើយតំបន់ខ្លះទៀតជាកន្លែងដែលរងគ្រោះខ្លាំងដោយសារសំណល់គ្រាប់របស់ទាហានថៃ។
ចាប់តាំងពីថ្ងៃអង្គារទី៦មករាមក ការវាយប្រយុទ្ធគ្នាបានផ្ទុះឡើង នៅទីក្រុងអាឡិបភាគខាងជើងស៊ីរី ដែលមួយផ្នែកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមកួក។ ជនស៊ីវីលជាង២០បានស្លាប់ និងប្រមាណជាង១៥ម៉ឺននាក់ ត្រូវភៀសខ្លួនគេចចេញពីតំបន់មានការប្រយុទ្ធ រវាងកងទ័ពរដ្ឋាភិបាលស៊ីរី និងកងកម្លាំងកួក។ កាលពីថ្ងៃសៅរ៍ទី១០មករា កងទ័ពរដ្ឋាភិបាល បានអះអាងថាគេបានវាយដណ្តើមគ្រប់គ្រង ទីក្រុងអាឡិបបានទាំងស្រុងហើយ និងបានបណ្តេញក្រុមកួកឲ្យដកថយ។ តែដោយឡែក ក្រុមកួកបានអះអាងថា មិនពិតទេ ការប្រយុទ្ធនៅតែបន្តនៅឡើយ។
រយៈពេល១៣ថ្ងៃហើយ ដែលប្រជាជនអ៊ីរ៉ង់បានធ្វើបាតុកម្មទូទាំងប្រទេស ប្រឆាំងនឹងរបបផ្តាច់ការអ៊ីស្លាមអ៊ីរ៉ង់។ អាជ្ញាធរ បានបិទបណ្តាញទូរស័ព្ទនិងអ៊ីនធ័រនែត ដើម្បីកុំឲ្យប្រជាជនទាក់ទងគ្នា និងផ្សព្វផ្សាយដំណឹងបាតុកម្មនេះចេញមកក្រៅប្រទេស។ គិតត្រឹមថ្ងៃសៅរ៍ទី១០មករានេះ ការបង្ក្រាបរបស់សមត្ថកិច្ចអ៊ីរ៉ង់ បានបណ្តាលឲ្យស្លាប់មនុស្សជាង៥០នាក់។ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក កំពុងតែតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់បំផុត។
ក្រុងតូចមួយនៅប្រទេសបារាំង គឺ Fère-en-Tardenois បានសម្ពោធជាផ្លូវការ សួនច្បារដែលមានដាក់ព្រះនាមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ នៅក្នុងពិធីសម្ពោធក្រោមទឹកភ្លៀងរលឹមជោគជាំ កាលពីថ្ងៃព្រហស្បតិ៍ទី៨មករា ក៏មានការចូលរួមពីសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និងចៅហ្វាយក្រុង Fère-en-Tardenoisផ្ទាល់ ដែលជាអ្នកស្នើគំនិតឲ្យបង្កើតសួនច្បារ នរោត្តមសីហនុ។
នាវាចម្បាំងរុស្ស៊ី ចិន និងអ៊ីរ៉ង់ បានមកជួបជុំគ្នានៅដែនសមុទ្រអាហ្វ្រិកខាងត្បូង ដើម្បីចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា នៅថ្ងៃសុក្រទី៩មករា។ នេះបើផ្អែកតាមអ្នករាយការណ៍ព័ត៌មានបារាំង AFP ។ សូមបញ្ជាក់ថា នសមយុទ្ធយោធានេះ ធ្វើឡើងក្នុងក្របខណ្ឌសម្ព័ន្ធភាព Brics របស់ចិន ហើយដែលប្រទេសអាហ្វិ្រកខាងត្បូង បានចូលរួមធ្វើជាម្ចាស់ផ្ទះ។ ទំនោរខិតទៅខាងចិនរបស់អាហ្វ្រិកខាងត្បូង បានធ្វើសហរដ្ឋអាមេរិកនិយាយរិះគន់ជាញឹកញាប់។
គិតចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ជាថ្ងៃដែលមានការផ្ទុះអាវុធនៅតាមព្រំដែនកម្ពុជា-ថៃ លើកទី២មកទល់បច្ចុប្បន្ន ប្រទេសកម្ពុជាបានរងនូវការខូចខាតទ្រព្យសម្បត្តិឯកជនយ៉ាងដំណំ ក្នុងនោះមានផ្ទះចំនួន ៣៣៦ខ្នង និងទ្រព្យសម្បត្តិសាធារណៈដូចជា សាលារៀន មន្ទីរពេទ្យ និងវត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសំណង់ជាច្រើនទៀត។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលចេញផ្សាយគិតមកត្រឹមព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ។
នៅទីបំផុត កម្ពុជាបានប្រកាសឲ្យដឹងក្នុងថ្ងៃទី៧ មករា ឆ្នាំ ២០២៦ ពីចាប់ខ្លួន លោក ចេន ហ្ស៊ី បញ្ជូនទៅឲ្យចិនតាមសំណើរបស់ចិន។ តែអ្វីជាការកត់សម្គាល់ ការចាប់ខ្លួន លោក ចេន ហ្ស៊ី នេះបានធ្វើឡើង ក្រោយពីអាមេរិក និងអង់គ្លេស ដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិរបស់ លោក ចេន ហ្ស៊ី កាលពីខែតុលាឆ្នាំ២០២៥។ ទោះជាយ៉ាងណា មានសំណួរមួយចំនួនត្រូវបានចោទឡើង ហេតុអ្វីកម្ពុជាមិនបញ្ជូន លោក ចេន ហ្ស៊ី ទៅឲ្យអាមេរិក ឬអង់គ្លេស ហើយថា តើប្រទេសបស្ចិមលោកខ្លះយល់ឃើញយ៉ាងម៉េចពីការបញ្ជូនមេឧក្រិដ្ឋជនអនឡាញរូបនេះទៅឲ្យចិន?
ក្រុមហ៊ុនរដ្ឋជប៉ុន ខាងស្រាវជ្រាវវិទ្យាសាស្ត្រក្រោមបាតសមុទ្រ បានចាប់ផ្តើមប្រតិបត្តិការចុះទៅរុករករ៉ែដីកម្រ នៅក្រោមបាតមហាសមុទ្រ ដើម្បីខួងយកបំណែករ៉ែដីកម្រ ក្រោមជម្រៅជាង ៦ ពាន់ម៉ែត្រ យកទៅពិសោធន៍។ ជប៉ុនសង្ឃឹមថានឹងអាចជីកចម្រាញ់រ៉ែដីកម្រ ដើម្បីបម្រើឲ្យតម្រូវការឧស្សាហកម្មបច្ចេកវិទ្យា ហើយជាពិសេស ដើម្បីកាត់បន្ថយការពឹងផ្អែកលើរ៉ែដីកម្ររបស់ ចិន។
យប់ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រទី៩មករា រុស្ស៊ីបានសំរុកវាយប្រហារយ៉ាងខ្លាំងទៅលើអ៊ុយក្រែន ដោយបានបញ្ជាដ្រូនជាង២០០គ្រឿង និងមីស៊ីលជាង៣០គ្រាប់។ ក្នុងចំណោមមីស៊ីល គឺមានមីស៊ីលអ៊ីពែរសូនិក Orechnik។ ភាគច្រើននៃការវាយប្រហាររបស់រុស្ស៊ីនេះ គឺបានសំដៅមកលើផ្ទះប្រជាជន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធថាមពលចរន្តអគ្គីសនីអ៊ុយក្រែន។ ការវាយប្រហារ ដែលបានធ្វើឲ្យខូចខាតដល់អគាររបស់ស្ថានទូតប្រទេសកាតានៅទីក្រុងកៀវដែរ។