កាលពីពេលថ្មីៗនេះ អភិបាលស្រុក ថាឡាបរិវ៉ាត់ ក្នុងខេត្តស្ទឹងត្រែង បានស្នើឲ្យបញ្ចប់អាជីវកម្មទូកងនៅក្នុងដែនសមត្ថកិច្ចរបស់លោក ខណៈលោកអះអាងថា អាជីវកម្មទូកង បានរួមចំណែកនាំឲ្យមានវិនាសកម្មព្រៃឈើ។ ការថ្លែងរបស់អភិបាលស្រុកនៃខេត្តភាគឥសានរូបនេះ ធ្វើឡើងនៅចំពោះមុខមន្ត្រីពាក់ព័ន្ធនានាក្នុងកិច្ចប្រជុំមួយកាលពីចុងខែមករាឆ្នាំ២០២៦។ សម្រាប់សកម្មជនការពារព្រៃឈើ ប្រសិនបើការកាប់ឈើត្រឹមតែយកទៅធ្វើទូកង នោះនឹងមិននាំឲ្យមានវិនាសកម្មព្រៃឈើទេ តែពួកគេកត់សំគាល់ថា នៅពេលបានច្បាប់កាប់ឈើធ្វើទូកងហើយ បែរជាមានអ្នកឆក់ឱកាសពង្រីកការកាប់ឈើយកទៅធ្វើអាជីវកម្មផ្សេងៗ៕
សមាគមខ្មែរកម្ពុជាក្រោមស្នើឲ្យវៀតណាមបើកលំហសិទ្ធិសេរីភាពឱ្យពលរដ្ឋខ្មែរក្រោម នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ សមាគមខ្មែរកម្ពុជាក្រោមបានដាក់ញត្តិមួយទៅលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។ ញត្តិនេះត្រូវបានសមាគមខ្មែរកម្ពុជាក្រោមដាក់តាមរយៈស្ថានទូតវៀតណាមប្រចាំកម្ពុជា និងធ្វើឡើង មុនលោកតូ ឡឹមផ្តើមទស្សនកិច្ចនៅកម្ពុជានាចុងសប្តាហ៍នេះ។ នៅក្នុងញត្តិ សមាគមខ្មែរកម្ពុជាក្រោមបានទាមទារឱ្យរដ្ឋាភិបាលវៀតណាមទទួលស្គាល់ពលរដ្ឋខ្មែរក្រោមជាជនជាតិដើមពេញសិទ្ធិ ផ្តល់សិទ្ធិដល់ជនជាប់ចោទជាពលរដ្ឋខ្មែរក្រោមឲ្យមានមេធាវីដើម្បីការពារក្តី និងទទូចឲ្យធ្វើវិសោធនកម្មច្បាប់ដែលគំរាមកំហែងដល់សិទ្ធិរស់នៅរបស់ពលរដ្ឋខ្មែរក្រោម។
ក្រសួងវប្បធម៌កម្ពុជានៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសតវ៉ាយ៉ាងដាច់អហង្ការ និងតម្រូវឲ្យថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដែលកំពុងធ្វើនៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី។ ក្រសួងវប្បធម៌ចាត់ទុកសកម្មភាពទាំងនេះថាជាទង្វើរំលោភដែនអធិបតេយ្យភាព និងប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌ជាតិកម្ពុជា។
មេដឹកនាំគណបក្សនយោបាយ និងជាសមាជិកសភាកូរ៉េខាងត្បូងម្នាក់បានចេញមកអះអាងក្នុងថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ការបង្ហោះសាររបស់ប្រធានាធិបតីកូរ៉េ លោក លី ចែម្យ៉ុងជុំវិញឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា ជារឿងមិនត្រឹមត្រូវតាំងពីដំបូង។ គួររម្លឹកថាកាលពីថ្ងៃទី៣០ ខែមករាកន្លងទៅ លោក លី ចែម្យ៉ុងបានបង្ហោះសារព្រមានឧក្រិដ្ឋជនមិនឲ្យប៉ះពាល់ដល់ជនជាតិកូរ៉េ តែសារនោះក៏ត្រូវបានលុបចេញវិញពីបណ្តាញសង្គម X ក្នុងថ្ងៃទី៣០ ខែមករាដដែល។
ជប៉ុនតាមរយៈឯកអគ្គរាជទូតរបស់ខ្លួនប្រចាំទីក្រុងភ្នំពេញ បានស្នើជាថ្មីឲ្យកម្ពុជា និងថៃ បើកច្រកព្រំដែនឡើងវិញ ដើម្បីសម្រួលដល់ពាណិជ្ជកម្មរបស់វិនិយោគិនជប៉ុន។ តាមឯកអគ្គរាជទូតជប៉ុនលោក Ueno Atsushi ការអូសបន្លាយការបិទច្រកព្រំដែនប្រទេសទាំងពីរ បានជះឥទ្ធិពលដល់វិនិយោគិនជប៉ុនទាំងក្នុងប្រទេសកម្ពុជា និងប្រទេសថៃ។
ថ្ងៃ អាទិត្យ ទី ១ ខែ កុម្ភៈ ការវាយប្រហារដោយដ្រូនថ្មីមួយទៀត ពីសំណាក់រុស្ស៊ី បានផ្តាច់ជីវិតប្រជាជនអ៊ុយក្រែនយ៉ាងតិច ១៥ នាក់ ដែលសុទ្ធសឹងជាបុគ្គលិកបម្រើការ នៅក្នុងអណ្តូងរ៉ែ មួយកន្លែង ស្ថិតនៅក្នុងខេត្តអ៊ុយក្រែន Dniopropetrovsk ។ សោកនាដកម្មនេះ បានកើតឡើងខណៈពេលដែល ជនរងគ្រោះខាងលើ ជិះនៅលើរថយន្តក្រុងមួយគ្រឿង ដែលដឹកជញ្ជូនពួកគេ ពេលកំពុងបំពេញការងារ ។
កាលពីថ្ងៃអាទិត្យ ទី១កុម្ភៈ ប្រជាជនទីបេរស់នៅក្រៅស្រុក បានចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ រដ្ឋាភិបាលភៀសខ្លួនក្រៅស្រុក។ រដ្ឋាភិបាលថ្មីមួយរឹងមាំ កើតចេញពីការបោះឆ្នោតរបស់ប្រជាជនទីបេរស់នៅក្រៅស្រុក គឺមានសារៈសំខាន់បំផុត នៅក្នុងការដឹកនាំ បន្តការតស៊ូទាមទារឯករាជ្យប្រទេសទីប៊ី ពីព្រោះសម្តេចសង្ឃដាឡៃឡាម៉ា បច្ចុប្បន្នមានវ័យ៩០ព្រះវស្សាហើយ។
មហោស្រពអន្តរជាតិស្តីពីភាពយន្តអាស៊ីលើកទី ៣២ ដែលបានបើកទ្វារកាលពីថ្ងៃទី២៧ ខែមករា នឹងបន្តប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៣ ខែកុម្ភៈនៅក្រុងវឺហ្ស៊ូល (Vesoul) ប៉ែកខាងកើតប្រទេសបារាំង ជាប់នឹងព្រំដែលស្វ៊ីស។ សម្រាប់ឆ្នាំ ២០២៦ នេះ មានភាពយន្តចំនួន ៨៧ រឿងមកពី ២៤ ប្រទេស ចូលរួមប្រកួតប្រជែងដើម្បីដណ្តើមពានរង្វាន់។ ក្នុងចំណោមភាពយន្តឯកសារ ដែលចូលរួមប្រកួតប្រជែង គឺមានភាពយន្តឯកសារមួយស្តីពីស្រុកខ្មែរ។ សូមស្តាប់សេចក្តីរាយការណ៍របស់ ហេង ឧត្តម អ្នកកាសែតរបស់វិទ្យុបារាំងអន្តរជាតិ ដែលកំពុងចុះយកការណ៍ផ្ទាល់នៅមហោស្រពអន្តរជាតិស្តីពីភាពយន្តអាស៊ីលើកទី ៣២ ។
អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ ACU នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ បានរកឃើញមានករណីស៊ីឈ្នួលប្រឡងជំនួសក្នុងពេលប្រឡងចូលរៀនសាលាពេទ្យកម្រិតបរិញ្ញាបត្ររង ឆ្នាំសិក្សា ២០២៥-២០២៦ កាលពីថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦។ អ្នកជំនាញផ្នែកសុខាភិបាល និងអ្នកតាមដានសង្គមលើកឡើងថា ករណីស៊ីឈ្នួលប្រឡងជំនួសចូលរៀនសាលាពេទ្យនេះមិនគួរកើតមាន និងថា ករណីនេះក៏ធ្វើឲ្យប៉ះពាល់ដល់អាជីព និងវិជ្ជាជីវៈគ្រូពេទ្យដែរ។ តើក្រសួងសុខាភិបាលគួរមានវិធានការអ្វីខ្លះដើម្បីបញ្ជៀសករណីស៊ីឈ្នួលប្រឡងជំនួស?
ក្រសួងបរិស្ថាន បានជូនដំណឹងតាមទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីពេលថ្មីៗនេះថា សារធាតុគីមីផ្សំក្នុងប្លាស្ទិកអាចបង្កឱ្យប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថានធ្ងន់ធ្ងរ។ អ្នកជំនាញផ្នែកសុខភាពនៅកម្ពុជាសន្និដ្នានថា កំណើនអ្នកកើតជំងឺមហារីកនៅពេលបច្ចុប្បន្នទំនងកើតចេញពីការប្រើប្រាស់ប្លាស្ទិកច្រើន ក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងថាដើម្បីកាត់បន្ថយការប្រឈមនូវជំងឺដ៏កាចសាហាវនេះ លុះត្រាតែពលរដ្ឋនាំគ្នាប្រើប្រាស់ផលិតផលដែលកែច្នៃពីធម្មជាតិ។
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា និងថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ដែលបានធ្វើនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ត្រូវបានដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញដោយសារតែភាគីទាំងពីរមិនទាន់រកឃើញចំណុចកណ្តាលរួមមួយនៅឡើយ។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
ផ្គាក់ដែលជាគ្រឿងសស្រ្តាវុធសម្រាប់ធ្វើសង្គ្រាមកាលពីសម័យមុននៅតែបន្តមានវត្តមាននៅក្នុងសង្គមខ្មែរ។ លោក ឈាន់ ចំរើន សិប្បករធ្វើផ្គាក់ ឬកាំបិតផ្គាក់ កត់សម្គាល់ឃើញថាបច្ចុប្បន្ន កាំបិតផ្គាក់ត្រុវបានគេបន្តប្រើសម្រាប់ត្រួសត្រាយ កាប់ចំការ ឬកាប់វល្លិ៍បន្លាជាដើម។ តែសិប្បករធ្វើកាំបិតផ្គាក់រូបនេះបែរជាបារម្ភថា ជំនាញដំដែកផលិតកាំបិតផ្គាក់អាចនឹងបាត់បង់នៅថ្ងៃខាងមុខ ព្រោះវាជាជំនាញដែលប្រើកម្លាំងបាយ និងបានចំណូលតិច៕
អ្នកឃ្លាំមើលសិទ្ធិមនុស្សទទូចជាថ្មីម្តងទៀតឲ្យតុលាការដោះលែងសកម្មជន២៣ តុលា ដែលរួមមាន លោក ស៊្រុន ស៊្រន កញ្ញា ភឹង សោភា លោក ចក់ បានមុនី និង សាន សិទ្ធី ដែលពួកគេត្រូវបានឃុំខ្លួនប្រមាណ១៩ខែ តែនៅមិនទាន់បានកាត់ទោស។ ការស្នើនេះធ្វើឡើង ខណៈតុលាការកំពូលបើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់សកម្មជន២៣តុលា នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។
ការស្តារព្រៃ និងការងារគ្រប់គ្រងតំបន់ដីសើមនៅកម្ពុជាបានត្រឹមត្រូវកំពុងផ្តល់ផលជាវិជ្ជមានគួរឲ្យកត់សម្គាល់ ក្នុងនោះគឺការវិលត្រឡប់មកវិញនូវប្រភេទសត្វកម្រ ដូចជា សត្វខ្លាត្រី ដែលមានចំនួនតិចតួចបំផុតនៅតំបន់អាស៊ី។ នេះបើតាមសេចក្តីថ្លែងការណ៍រួមមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការអភិររក្សអន្តរជាតិ ហៅកាត់ (អង្គការ CI) ដែលបានចេញផ្សាយនៅចំថ្ងៃប្រារព្ធទិវាតំបន់ដីសើមពិភពលោកនាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។
ឥណ្ឌាមានមហិច្ឆតាចង់ក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទី៣។ នៅថ្ងៃអាទិត្យ ទី១ កុម្ភៈ រដ្ឋមន្រ្តីហិរញ្ញវត្ថុឥណ្ឌា បានបង្ហាញផែនការថវិកាជាតិឆ្នាំថ្មី ដែលមានទំហំទឹកប្រាក់ចំនួនប្រមាណ ១៣៣ពាន់លានដុល្លារ។ ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវចំណាយលើគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន និងលើវិស័យបច្ចេកវិទ្យា។
យ៉ាងហោចណាស់មនុស្សប្រមាណ ២០០នាក់ បានស្លាប់ក្នុងការប៉ះទង្គិចប្រដាប់អាវុធរវាងទាហានប៉ាគីស្ថាន និងក្រុមឧទ្ទាមផ្តាច់ខ្លួន នៅភាគនិរតីប៉ាគីស្ថាន។ ក្នុងនោះ មានស្លាប់ប្រជាជនស៊ីវិលជាច្រើននាក់ផង។ ហេតុការណ៍នេះបានកើតឡើង នាថ្ងៃសៅរ៍ ទី៣១ មករា ពោលគឺមួយថ្ងៃក្រោយកងទ័ពប៉ាគីស្ថានបានបាញ់សម្លាប់ក្រុមឧទ្ទាមចំនួនជាង៤០នាក់ នៅខេត្តបាលូជីស្ថាន។
កម្ពុជាបានស្នើជាថ្មីទៅកាន់ភាគីថៃឲ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះ បន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចំនួន ២កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអះអាងថា កម្ពុជាបានដាក់លិខិតទៅភាគីថៃតាំងពីពាក់កណ្តាលខែមករា ក៏ប៉ុន្តែគ្មានឡើយការឆ្លើយតបពីភាគីថៃ។
អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នាដើមខែកុម្ភៈ ឆ្នាំ២០២៦នេះ។ បើតាមក្រសួងការបរទេសវៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជាលើកនេះ លោក តូ ឡឹម នឹងមានជំនួបជាមួយឥស្សរជននយោបាយជាន់ខ្ពស់របស់កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា។
គិតចាប់តាំងពីការប្រកាសបទឈប់បាញ់លើកទី២ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ភាគីកម្ពុជា និងថៃ ខកខានជួបពិភាក្សាគ្នាអំពីការវាស់វែង និងកំណត់ខណ្ឌសីមា ក្នុងតំបន់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ ការបន្តអូសបន្លាយការកំណត់ខណ្ឌសីមាព្រំដែនដែលមានជម្លោះរហូតមកដល់ពេលនេះ នាំឱ្យអ្នកឃ្លាំមើលស្ថានការណ៍ព្រំដែនមួយចំនួនបារម្ភថា ទឹកដីខ្មែរដែលថៃវាយដណ្តើមយកបានក្នុងការវាយប្រយុទ្ធគ្នាចុងក្រោយនេះអាចនឹងបាត់បង់។ ចំណែកអ្នកឃ្លាំមើលខ្លះទៀតនៅតែមានទំនុកចិត្តថា រដ្ឋាភិបាលកម្ពុជាអាចទាមទារទឹកដីនោះមកវិញបាន ទោះបីការចរចាស្វែងរកដំណោះស្រាយរវាងភាគីកម្ពុជា-ថៃគ្មានលទ្ធផលក៏ដោយចុះ។ តើកម្ពុជាខាតបង់អ្វីពីការអនុវត្តបទឈប់បាញ់ តែគ្មានសកម្មភាពដោះស្រាយជាក់ស្តែង?
នៅថ្ងៃទី១កុម្ភៈនេះ ស្នងការដ្ឋាននគរបាលខេត្តកោះកុងបានបញ្ជាក់ថា គ្មានការទារលុយចិន ដែលគ្មានលិខិតឆ្លងដែន អំឡុងចុះប្រតិបត្តិការត្រួតពិនិត្យជនបរទេសនោះទេ។ ការបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង គឺបន្ទាប់ពីលោក ខៀវ កញ្ញារិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះសារក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា មានករណីទារប្រាក់ពីជនជាតិចិនម្នាក់ ដែលមិនបានដាក់លិខិតឆ្លងដែនច្បាប់ដើមជាប់ខ្លួន ចំនួន ១៥ដុល្លារ នៅតំបន់ត្រួតពិនិត្យរបស់សមត្ថកិច្ច ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុងនោះទេ។
នៅតៃវ៉ាន់ ប្រមុខដឹកនាំបក្សប្រឆាំងគួមីងតាំង បានប្រកាសសហការជាមួយរដ្ឋអំណាចកុម្មុយនិស្តចិន ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប៉េកាំងនិងតៃប៉ិ និងដើម្បីរក្សា«សន្តិភាព» ។ គណបក្សប្រឆាំង គួមីងតាំង ដែលមានសំឡេងភាគច្រើននៅរដ្ឋសភាតៃវ៉ាន់ ក៏បញ្ជាក់ថានឹងបញ្ចូនគណៈប្រតិភូ ទៅជួបពិភាក្សាជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅពេលខាងមុខ ឆាប់ៗទៀតផង។
នៅពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើងជាលើកទី២ នៅអំឡុងខែធ្នូ ឆ្នាំ២០២៥ ប្រជាជនភៀសសឹកកម្ពុជាប្រមាណជាង ៦៤ម៉ឺននាក់ត្រូវបង្ខំចិត្តជាថ្មីម្តងទៀត ចេញពីលំនៅឋានដ៏កក់ក្តៅរបស់គេទៅរកទីទួលសុវត្ថិភាពទាំងការភ័យខ្លាច និងគ្មានអ្វីសោះ។ ជាអ្នកថតរូបកាសែតអាជីព ដែលមានបទពិសោធន៍ ៤០ឆ្នាំ នៅក្នុងការថតរូបជនភៀសសឹកសង្គ្រាមនៅលើពិភពលោក លោក John Vink បានតាមស្វែងរកជនភៀសសឹកកម្ពុជាដើម្បីបន្តចងក្រងឯកសារ និងបង្កើតគម្រោងរូបថតភៀសសឹកមួយដែលមានចំណងជើងថា « Their Name is PIEHSAK» ឬជាភាសាខ្មែរ «ឈ្មោះរបស់ពួកគេ គឺភៀសសឹក» ។ គម្រោងរូបថតអំពីជនភៀសសឹករបស់លោក John Vink ដែលរួមមានការបោះពុម្ពផ្សាយសៀវភៅ ការតាំងពិព័ណ៍ ការចាក់បញ្ចាំងរូបថត ព្រមទាំងការជជែកពិភាក្សាគ្នា ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ និងបន្តរហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ នៅតាមទីកន្លែងផ្សេងៗ។ លោក John Vink បង្កើតគម្រោងរូបថតមួយនេះឡើងដើម្បីផ្សព្វផ្សាយអំពីជីវិតតស៊ូ និងការលំបាករបស់ជនភៀសសឹកកម្ពុជា ដោយសារតែវិបត្តិព្រំដែន និងដើម្បីរៃអង្គាសប្រាក់ជួយពួកគេនៅតាមជំរំនានា។ សូមទស្សនាបទយកការណ៍របស់ ចាន់ លីដា
ជនបរទេសជាង ២ពាន់នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលជាតិកម្ពុជាចាប់ឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកអនឡាញទ្រង់ទ្រាយធំ ក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ៣១មករាម្សិលមិញ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ ក្នុងប្រតិបត្តិការនេះ អគ្គស្នងការនគរបាលជាតិបានប្រើកម្លាំងសមត្ថកិច្ចសរុប ៧០០នាក់ ក្រោមកិច្ចសហការជាមួយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងផ្ទាល់។
កម្ពុជានឹងមិនបោះបង់សិទ្ធិក្នុងការទាមទារទឹកដីពីថៃ ពិសេសមិនយកការចុះហត្ថលេខាលើបទឈប់បាញ់ជាថ្នូរនឹងការដោះដូរដីជាមួយថៃទេ។ នេះជាការអះអាងជាថ្មីរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋភៀសសឹកនៅឯស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។ ការអះអាងជាថ្មីនៅចំពោះមុខពលរដ្ឋបែបនេះ គឺបន្ទាប់ពីពលរដ្ឋខ្មែរមានមន្ទិលពាក់ព័ន្ធនឹងការទទួលបានទឹកដីខ្មែរដែលយោធាថៃបានកាន់កាប់ និងទន្ទ្រានយក ក្រោយផ្ទុះអាវុធតាមព្រំដែនប្រទេសទាំងពីកាលពីដើមខែធ្នូ ឆ្នាំ២០២៥។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរស៍ បានប្រកាសអាសន្ន អំពីកង្វះថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ប្រសិនបើរដ្ឋសមាជិកមិនព្រមបង់ប្រាក់វិភាគទានឲ្យបានទៀងទាត់នោះទេ ស្ថាប័នអន្តរជាតិកំពូលមួយនេះនឹងប្រឈមហានិភ័យដួលរលំ។
ព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់ថវិកា នៅថ្ងៃសុក្រ ទី៣០ មករា ដែលធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនឱសានវាទវិបត្តិគ្មានថវិកាចំណាយរបស់រដ្ឋាភិបាល។ តែបញ្ហាដោះស្រាយមិនទាន់ចប់ទេ ដ្បិតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីននឹងគ្មានថវិកាចំណាយ នៅចុងសប្តាហ៍នេះទេ ដោយត្រូវរង់ចាំការបោះឆ្នោតសម្រេច នៅសភាខុនហ្ក្រេស នាថ្ងៃចន្ទ ទី២ កុម្ភៈ បន្ថែមទៀត។
ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានអះអាងថា គ្មានការស្ទាក់យកលុយតាមផ្លូវអំឡុងពេលចុះបង្ក្រាបបទល្មើសអនឡាញឡើយ។ ការអះអាងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បែបនេះគឺជាការបំភ្លឺចំពោះការចុះផ្សាយរបស់គណនីហ្វេសប៊ុកចំនួន ២ដែលបានបង្ហោះវីដេអូ ភ្ជាប់ជាមួយខ្លឹមសារថា មន្ត្រីខេត្តពោធិ៍សាត់ប្រដេញចាប់ជនជាតិចិនយកលុយរាប់ម៉ឺនដុល្លារ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ជនភៀសសឹក។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣១មករានេះ។ សម្រាប់លោក ហ៊ុន ម៉ាណែត វិធានការ ៣នេះ គឺមានភាពជាក់លាក់ ដើម្បីជួយពលរដ្ឋភៀសសឹក។
នៅទីក្រុងតូក្យូ ថ្ងៃសៅរ៍ ទី៣១មករា នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀ ស្តារមឺ បានជួបពិភាក្សាផ្ទាល់ជាមួយលោកស្រី តាកាអ៊ីជី សាណាអេ ប្រមុខរដ្ឋាភិបាលជប៉ុន។ ភាគីទាំង២បានចុះកិច្ចព្រមព្រៀងពង្រឹងកិច្ចសហការវិស័យយោធា និងការទូត។ ការចុះកិច្ចព្រមព្រៀងនៅតូក្យូនេះ ធ្វើឡើងក្រោយពីលោក គៀ ស្តារមឺ បានបញ្ចប់ទស្សនកិច្ចចំនួន ៤ថ្ងៃនៅប្រទេសចិន និងបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនជាមួយមេដឹកនាំចិន។
នៅថ្ងៃសៅរ៍ ទី៣១មករា នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀ ស្តារមឺ បន្តដំណើរទៅជប៉ុន និងត្រូវជួបពិភាក្សាផ្ទាល់ជាមួយលោកស្រី តាកាអ៊ីជី សាណាអេ នាយករដ្ឋមន្ត្រីជប៉ុន។ ការដំណើរបន្តបេសកកម្មទៅទីក្រុងតូក្យូនេះ ធ្វើឡើងក្រោយពីលោក គៀ ស្តារមឺ បានបញ្ចប់ទស្សនកិច្ចផ្លូវការ ចំនួន ៤ ថ្ងៃ នៅប្រទេសចិន។ នៅរដ្ឋធានីប៉េកាំង ប្រមុខដឹកនាំអង់គ្លេសនិងចិន បានចុះហត្ថលេខាលើសំណុំរឿងជាច្រើនទាក់ទងនឹងសេដ្ឋកិច្ចពាណិជ្ជកម្ម ព្រមទាំងសន្យាបង្កើនទំនាក់ទំនងល្អនឹងគ្នាឡើងវិញ ក្រោយពីរអាក់រអួល ៨ ឆ្នាំរួចមក។
ព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់ថវិកា នៅថ្ងៃសុក្រ ទី៣០ មករា ដែលធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនឱសានុវាទវិបត្តិគ្មានថវិកាចំណាយរបស់រដ្ឋាភិបាល។ តែបញ្ហាដោះស្រាយមិនទាន់ចប់ទេ ដ្បិតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីននឹងគ្មានថវិកាចំណាយ នៅចុងសប្តាហ៍នេះទេ ដោយត្រូវរង់ចាំការបោះឆ្នោតសម្រេច នៅសភាខុនហ្ក្រេស នាថ្ងៃចន្ទ ទី២ កុម្ភៈ បន្ថែមទៀត។
នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ច្រាំងទន្លេកោះពេជ្រ ក្រុងកំពង់ចាម រងការបាក់ស្រុតចូលក្នុងទន្លេទាំងស្រុង ក្នុងជម្រៅ៧០ម៉ែត្រ។ នេះជាការបញ្ជាក់របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី៣១មករានេះ។ តាមលោក អ៊ុន ចាន់ដា ហេតុការណ៍បាក់ស្រុតច្រាំងទន្លេកាលពីយប់មិញនេះបានបណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធជាប់ច្រាំងមួយចំនួនរងការខូចខាត ប៉ុន្តែមិនបានបង្កឱ្យពលរដ្ឋរងរបួសនោះទេ។ យ៉ាងណាមិញ អភិបាលខេត្តកំពង់ចាមរូបនេះបានស្នើឱ្យពលរដ្ឋកុំទៅក្បែរកន្លែងកើតហេតុ ដើម្បីរក្សាសុវត្ថិភាព ខណៈអ្នកជំនាញកំពុងស្តារច្រាំងទន្លេដែលបាក់ស្រុតនេះឡើងវិញ។
ប្រទេសបារាំងនៅបន្តតាមដានស្ថានការណ៍ព្រំដែនខ្មែរ និងថៃ ក្រោយសម្រេចបានបទឈប់បាញ់ចុងក្រោយមួយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ រដ្ឋាភិបាលបារាំងបានស្នើជាថ្មីឲ្យពលរដ្ឋបារាំងដែលកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា រក្សាការធ្វើដំណើរឱ្យឆ្ងាយប្រមាណ ៣០គីឡូម៉ែត្រពីតំបន់ព្រំដែន។ នេះបើតាមសារអំពាវនាវនៅក្នុងគេហទំព័រក្រសួងការបរទេសបារាំង។
ករណីស្នូរផ្ទុះគ្រាប់ពីភូមិសាស្ត្រ ភូមិព្រៃគប់ និងភូមិអូរនាងដែលជាតំបន់ស គឺបណ្តាលមកពីភ្លើងឆេះព្រៃ។ នេះជាការអះអាងរបស់លោក ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែត នៅថ្ងៃទី៣១ ខែមករានេះ។ ក្នុងវីដេអូជាង ២នាទី លោក ប៉ាន់ ខែមប៊ុនថន បានទទូចកុំឱ្យពលរដ្ឋព្រួយបារម្ភពីព្រោះថា គ្រាប់ដែលផ្ទុះទាំងនោះជាគ្រាប់បន្សល់ទុកតាំងពីសង្គ្រាមកន្លងៗមក។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យ៉ុង នៅថ្ងៃសុក្រទី៣០ខែមករា បានបង្ហោះសារព្រមានធ្ងន់ៗចំពោះឧក្រិដ្ឋជនឆបោកអនឡាញ ដែលហ៊ានប៉ះពាល់ជនជាតិកូរ៉េ។ ក៏ប៉ុន្តែសាររបស់លោក លី ចែម្យ៉ុង នេះបានលុបចេញពីបណ្តាញសង្គម X វិញនៅល្ងាចនៅថ្ងៃសុក្រដដែល។ ទោះយ៉ាងណា អ្នកតាមដាននយោបាយ យល់ថា សារព្រមានរបស់លោក លី ចែម្យ៉ុង បានជះឥទ្ធិពលដល់មុខមាត់ប្រទេសកម្ពុជា ព្រោះថា សារនោះបានសរសេរជាភាសាខ្មែរ និងមានភ្ជាប់រូបវិមានឯករាជ្យដែលស្ថិតក្នុងទីក្រុងភ្នំពេញ។ តើសំណេរលោក លី ចែម្យ៉ុង ទាក់ទងនឹងឧក្រិដ្ឋកម្មឆបោកអនឡាញជះឥទ្ធិពលអ្វីខ្លះដល់កម្ពុជា?