សង្គ្រាមស៊ីវិលនៅស៊ូដង់ ប្រមាណ ៣ឆ្នាំ ធ្វើឲ្យពលរដ្ឋធ្លាក់ចុះក្នុង«ឋាននរក»។ នេះជាប្រសាសន៍ក្រើនរំឭករបស់ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក វ៉ុលក័រ តួក ក្នុងឱកាសបំពេញដំណើរទស្សនកិច្ចជាលើក១ នៅស៊ូដង់។ ឧត្តមស្នងការសិទ្ធិមនុស្ស ក៏បានបរិហារអំពីការជ្រើសរើសកូនក្មេង ឲ្យកាន់អាវុធប្រយុទ្ធ។
មេដឹកនាំបក្សប្រឆាំងអស់គ្លេសបានដឹកនាំធ្វើបាតុកម្ម ដើម្បីតវ៉ាប្រឆាំងនឹងគម្រោងសាងសង់ស្ថានទូតចិនដ៏ធំ នៅកណ្តាលទីក្រុងឡុដ៏។ នៅថ្ងៃសៅរ៍ ទី១៧ មករា ឥស្សរជននយោបាយជាន់ខ្ពស់អង់គ្លេស និងសកម្មជនប្រឆាំងចិន រាប់រយនាក់បានប្រមូលផ្តុំគ្នា នៅមុខទីតាំងដែលជាអនាគតស្ថានទូតចិន ប្រសិនជាគម្រោងនេះត្រូវអនុម័តនៅប៉ុន្មានថ្ងៃខាងមុខ ទីតាំងនេះនឹងក្លាយជាស្ថានទូតចិនធំជាងគេបង្អស់ នៅបស្ចិមប្រទេស។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីន បានទទូចឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញពង្រឹងការបង្ក្រាបឧស្សាហកម្មខុសច្បាប់ ដោយសំដៅលើឧក្រិដ្ឋកម្មឆបោកអនឡាញ។ ការទទូចនេះធ្វើឡើង ក្រោយមានព័ត៌មានស្តីពីការបាត់ខ្លួនពលរដ្ឋចិនជាច្រើននៅក្នុងអគារដែលមានប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការណ៍នេះបានបង្កឲ្យមានឧបសគ្គធ្ងន់ធ្ងរដល់ទំនាក់ទំនងកម្ពុជា និងចិន។ នេះបើតាមសេចក្តីការណ៍រាយការណ៍របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ចេញផ្សាយកាលពីថ្ងៃទី១៧ មករា។
កម្ពុជា តាមរយៈក្រសួងការបរទេសបានបង្ហាញក្តីបារម្ភខ្លាំងនឹងការវិវឌ្ឍនៃស្ថានការណ៍នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ក្រោយការចាប់ខ្លួនប្រធានាធិបតីលោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយាពីសំណាក់កម្លាំងទ័ពពិសេសអាមេរិកកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៦។ នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៧ ខែមករា ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ជំហរ ៣ចំណុចសំខាន់ៗរបស់ខ្លួនលើការគោរពច្បាប់អន្តរជាតិ និងចង់ឃើញឲ្យមានការដោះស្រាយដោយសន្តិវិធី។
ក្រសួងការបរទេសកម្ពុជាបានចេញតវ៉ាសាជាថ្មីប្រឆាំងនឹងសកម្មភាពរបស់ក្រុមយោធាថៃ ដែលបន្តកែប្រែបរិយាកាសសន្តិសុខ និងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ដោយបានបញ្ជាក់ទៀតថា សកម្មភាពយ៉ាងដូច្នេះរបស់យោធាថៃជាមូលហេតុដែលធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយភាពតានតឹង និងរាំងស្ទះដល់ការវិលត្រឡប់ទៅផ្ទះសំបែងរបស់ជនស៊ីវិលកម្ពុជា។
នៅអ៊ូហ្គង់ដា ប្រជាពលរដ្ឋដែលមានអាយុក្រោម ៤០ឆ្នាំ បានស្គាល់ប្រធានាធិបតីដឹកនាំប្រទេស តែម្នាក់គត់ គឺលោក យូវេរី មូសេវេនី ។ ក្នុងវ័យ៨១ឆ្នាំ ប្រធានាធិបតីរូបនេះ បានឈ្នះឆ្នោតជាថ្មីម្តងទៀត សម្រាប់ដឹកនាំប្រទេសអាណត្តិទី ៧។ ចំណែក គណបក្សប្រឆាំង បានរិះគន់អំពីការលួចបន្លំសន្លឹកឆ្នោត ដែលអាចធ្វើឲ្យគណបក្សកាន់អំណាច ឈ្នះសំឡេង ដល់ទៅជាង ៧០%។
ក្រោយរដ្ឋសមាជិកអូតង់ ៨ប្រទេសបញ្ជូនយោធាទៅកោះហ្ក្រូអិនឡង់ដ៏ លោកដូណាល់ ត្រាំបានគំរាមដំឡើងពន្ធលើប្រទេសអឺរ៉ុបចំនួន៨ ក្នុងនោះមានបារាំង អាល្លឺម៉ង់ និងអង់គ្លេស ជាដើម។ ប្រតិកម្មនឹងពាក្យគំរាមនេះ មេដឹកនាំសហភាពអឺរ៉ុបបានចាត់ទុកទង្វើដ៏គឃ្លើនរបស់ចៅហ្វាយសេតវិមាន គឺជ្រុលហួសហេតុ និងមិនអាចទទួលយកបាន។ នៅដាណឺម៉ាក និងកោះហ្រ្កូអិនឡង់ដ៏ឯណោះវិញ ប្រជាជនរាប់ពាន់អ្នកបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងមហិច្ឆតារបស់អាមេរិក ដែលចង់គ្រប់គ្រងកោះហ្រ្កូអិនឡង់ដ៏។
កាលពីរសៀលថ្ងៃសុក្រទី១៦ ខែមករា ឆ្នាំ២០២៦ កម្ពុជាបានបើកសម្ពោធជាផ្លូវការនូវការទទួលស្វាគមន៍គ្រូបង្រៀនស្ម័គ្រចិត្តបារាំងអន្តរជាតិរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីជាលើកដំបូងចំនួន១៣នាក់មកពីប្រទេសនិយាយភាសាបារាំងចំនួន៩ ដែលជាសមាជិករបស់អង្គការហ្វ្រង់កូហ្វូនី។ កម្មវិធីនៃការបម្លាស់ទីគ្រូបង្រៀនភាសាបារាំងស្ម័គ្រចិត្តរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនៅកម្ពុជានាដើមឆ្នាំ២០២៦ នេះ គឺជាកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡាដើម្បីលើកកម្ពស់ភាសាបារាំងក្នុងវិស័យអប់រំនៅកម្ពុជា។ កម្ពុជាដែលត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦។
ក្រុមអង្គការសង្គមស៊ីវិល តាមរយៈសេចក្តីថ្លែងការណ៍រួមមួយចុះថ្ងៃទី១៨ មករានេះបានអះអាងថា តំណាងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ (IDEA) ប្រចាំក្រុងបាវិត លោក ជា ចាន់ថា នៅមិនទាន់ត្រូវបានដោះលែងឱ្យមានសេរីភាពវិញនៅឡើយទេ ក្រោយលោកបានអនុវត្តទោសចប់រួចរាល់រយៈពេល១៨ខែ។ បើតាមសេចក្តីថ្លែងការណ៍ដដែល ក្រុមអង្គការសង្គមស៊ីវិលចាត់ទុកការពន្យារពេលឃុំខ្លួនលោក ជា ចាន់ ថា ជា «ការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ»។ សូមរម្លឹកជូនថា លោក ជា ចាន់ថាត្រូវបានសាលាដំបូងខេត្តស្វាយរៀងឃុំខ្លួនជាបណ្តោះអាសន្នកាលពីពាក់កណ្តាលខែ កក្កដា ឆ្នាំ ២០២៤។
កម្ពុជា និងអង់គ្លេសប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការកសាងសមត្ថភាពរបស់មន្ត្រីជំនាញ។ ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរធ្វើឡើងនៅក្នុងជំនួបរវាងប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឯកអគ្គរាជទូតអង់គ្លេស នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។
ជាសម្ព័ន្ធមិត្តអាមេរិកនៅតំបន់អាមេរិកឡាទីន ប្រទេសអេក្វាទ័រកំពុងតែយកគំរូតាមនយោបាយយុទ្ធសាស្ត្ររបស់លោក ដូណាល់ ត្រាំ ក្នុងយុទ្ធនាការពង្រឹងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងសប្តាហ៍នេះ រដ្ឋាភិបាលអេក្វាទ័រ បានបញ្ចេញកម្លាំងទាហាន ចំនួន ១០ ០០០ នាក់ ដើម្បីចុះបង្ក្រាបក្រុមជនអន្ធពាលជួញដូរគ្រឿងញៀន ដែលបានបង្កសកម្មភាពហិង្សាជាច្រើននៅក្នុងស្រុក។
ផែនការសន្តិភាពហ្កាហ្សា ឈានចូលដំណាក់កាលទី២។ ដើម្បីអនុវត្តផែនការនេះ ប្រធានាធិបតិអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញសមាសភាពក្រុមប្រឹក្សាសន្តិភាពនៅហ្កាហ្សា ដោយសម្រេចតែងតាំងមនុស្សជំនិតៗ ដូចជា កូនប្រសាលោកត្រាំ, ប្រសិតពិសេសប្រចាំតំបន់មជ្ឈិមបូព៌ា, ប្រមុខការទូតអាមេរិក, មហាសេដ្ឋីអចលនទ្រព្យជាមិត្តលោក ត្រាំ រួមនិងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក តូនី ប្លែរ (Tony Blair)។ លោក ត្រាំ ក៏អញ្ជើញប្រធានាធិបតីតួកគី ឲ្យចូលរួមក្នុងក្រុមប្រឹក្សានេះដែរ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍តាមរយៈសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៤ខែមករា ឆ្នាំ២០២៦ បានហាមឃាត់មិនឱ្យមានការនាំចូល ចែកចាយ ដំឡើង និងប្រើប្រាស់ឧបករណ៍បង្កើនសេវាទូរស័ព្ទ និងឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ (Booster/Repeater) ឧបករណ៍បញ្ជូនទទួលសេវាទូរសព្ទក្លែងក្លាយ (Fake BTS) យន្តហោះគ្មានមនុស្សបើក (Drone) ព្រមទាំងឧបករណ៍កាត់ផ្តាច់សេវា (Jammer)ក្នុងទីផ្សារប្រទេសកម្ពុជា។ តាមក្រសួងប្រៃសណីយ៍ ការនាំចូល និងចែកចាយឧបករណ៍ខាងលើត្រូវមានការអនុញ្ញាតពីនិយ័តករទូរគមនាគមន៍កម្ពុជា។ តែក្រសួងក៏មិនភ្លេចព្រមានចាត់ការតាមនីតិវិធីច្បាប់ចំពោះជនណាដែលធ្វើសកម្មភាពផ្ទុយពីអ្វីដែលបានហាមឃាត់ខាងលើ។ លោក ជី សុផាត អ្នកជំនាញផ្នែកសន្តិសុខឌីជីថលយល់ឃើញថា វិធានការរបស់ក្រសួងប្រៃសណីយ៍ជារឿងល្អមួយដើម្បីទប់ស្កាត់សកម្មភាពរបស់ជនខិលខូច៕
នៅថ្ងៃសុក្រ ទី១៦ ខែមករា រដ្ឋសភាកម្ពុជាបានអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ឆ្នាំ១៩៨២ ឬ UNCLOS។ បើតាមរដ្ឋសភា សេចក្តីព្រាងច្បាប់នេះនឹងហុចប្រយោជន៍ដល់កម្ពុជាក្នុងការការពារដែនសមុទ្ររបស់ខ្លួននៅលើឆាកអន្តរជាតិ។ ភាគីក្រៅរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរគាំទ្រទាំងស្រុងលើការអនុម័តសេចក្តីព្រាងច្បាប់មួយនេះដោយពួកគេយល់ឃើញថា ច្បាប់មួយនេះនឹងជួយដោះស្រាយវិវាទព្រំដែនសមុទ្ររបស់កម្ពុជាជាមួយប្រទេសជិតខាង។
មានការអះអាងពីពលរដ្ឋខ្មែរមួយចំនួននៅខេត្តព្រះសីហនុមកថា ជនបរទេសនៅខេត្តព្រះសីហនុកំពុងជ្រួលច្របល់ខ្លាំង និងនាំគ្នារត់ចេញយ៉ាងប្រសេចប្រសាចពីកន្លែងស្នាក់នៅ បន្ទាប់ពីមានការចាប់ខ្លួន បុគ្គលសំខាន់បំផុតក្នុងបណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញគឺលោក ចេន ហ្ស៊ី និងការចាប់ខ្លួនអតីតអ្នកឧកញ៉ា លី គួង កាលពីពេលថ្មីៗនេះ។ តុលាការកម្ពុជា បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន លោក លី គួង ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញនេះដែរ។
ប្រទេសបារាំង Sarany Shop ជាក្រុមហ៊ុនតែមួយគត់ដែលនាំយកសិប្បកម្មត្បាញខ្មែរទៅតាំងលក់នៅពិព័រណ៌គ្រឿងសង្ហារឹមអន្តរជាតិ។ នៅក្នុងពិព័រណ៌ឈ្មោះ Maison &Objet ប្រែជាភាសាខ្មែរថា ផ្ទះ និងវត្ថុតាំងលំអ ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃចន្ទទី១៩មករា លោកស្រីលី សារ៉ានីដែលជាម្ចាស់ក្រុមក្រុមហ៊ុនបាននាំយកផលិតផលសិប្បកម្មតម្បាញ ជាង២០មុខ ដូចជា កន្ទេល ក្រមាចម្រុះ និងវត្ថុសិប្បកម្មត្បាញចម្រុះពណ៌ឆើតល្អទៅតាំងលក់ជូនភ្ញៀវអន្តរជាតិ នៅទីក្រុងប៉ារីស។ យើងស្តាប់បទយកការណ៍របស់ ឈាង បុប្ផា។
អាមេរិក ជប៉ុននឹងរួមគ្នាដើម្បីពង្រឹងសហប្រតិបត្តិការយោធា ជាពិសេសនៅក្នុងផ្នែកផលិតសព្វាវុធ។ នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីការពារជាតិជប៉ុន នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រទី១៦មករា ប្រមុខការពារជាតិអាមេរិកបានប្រាប់សមភាគីជប៉ុនថា នឹងជួយជំរុញការពង្រាយទ័ពនៅភាគនិរតីរបស់ជប៉ុន ដូចជានៅខេត្តអូគីណាវ៉ា ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានតំបន់តានតឹងជាមួយចិន នៅក្នុងសំណុំរឿងកោះតៃវ៉ាន់។ ឈាង បុប្ផារាយការណ៍ព័ត៌មាននេះ៖
រដ្ឋបាលខេត្តព្រះសីហនុ បានបំពាក់កាមេរ៉ាសុវត្ថិភាពជាង ៥០០គ្រឿងនៅទីតាំងប្រមាណជាង ៤០០កន្លែងនៅតាមដងផ្លូវខេត្តព្រះសីហនុ។ នេះជាការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៦នេះ។ បើតាមលោក ឡុង ឌីម៉ង់ រដ្ឋបាលខេត្តនឹងបន្តបំពាក់កាមេរ៉ាដែលមានបច្ចេកវិទ្យាខ្ពស់បន្ថែមទៀតដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅតាមដងផ្លូវក្នុងខេត្តព្រះសីហនុ។ សូមជម្រាបថា រដ្ឋបាលខេត្តព្រះសីហនុបានចាប់ផ្តើមបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវតាំងពីឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវទំាង ៣៤ខ្សែ ក្នុងខេត្តជាប់សមុទ្រមួយនេះ។
ក្រោមសម្ពាធពីរដ្ឋអំណាចក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា បានលើកសំណើកែប្រែច្បាប់គ្រប់គ្រងប្រេង និងដាក់ទៅឲ្យរដ្ឋសភាអនុម័ត។ គម្រោងវិសោធនកម្មច្បាប់ប្រេងនេះ បានធ្វើឡើង ២សប្តាហ៍ ក្រោយពីទ័ពអាមេរិកចាប់ខ្លួនប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ។
នៅថ្ងៃទី១៦ ខែមករានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ខាងកម្ពុជាបានបន្តចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ផលប៉ះពាល់ដែលបន្សល់ទុកពីសង្គ្រាមព្រំដែនខ្មែរ ថៃចំនួន ៣ទីតាំង ក្នុងភូមិសាស្ត្រឃុំ ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិដោយបានបញ្ជាក់បន្ថែមថា ទីតាំងដែលក្រុមអ្នកសង្កេតការណ៍អាស៊ានចុះទៅនោះ គឺសុទ្ធសឹងតែជាតំបន់ស៊ីវិលដែលរងការខូចខាតធ្ងន់ធ្ងរ ដោយសារការវាយប្រហារពីសំណាក់យោធាថៃ។
នៅថ្ងៃសុក្រ ទី១៦ ខែមករានេះ អ្នកអត្ថាធិប្បាយបញ្ហាសង្គមដ៏មានឥទ្ធិពលមួយរូបដែលគេស្គាល់ថា The Kannitha Show បានសរសេរតាមបណ្តាញសង្គមរបស់ខ្លួនដោយស្នើសុំឲ្យធនាគារជាតិកម្ពុជាបញ្ចេញរបាយការណ៍ប្រចាំឆ្នាំ២០២៥របស់ធនាគារព្រីនស៍។ សំណើនេះធ្វើឡើង បន្ទាប់ពី The Kannitha Show បានរកឃើញពីភាពមិនប្រក្រតីនៃប្រព័ន្ធធនាគារព្រីនស៍ មុនពេលដែលធនាគារមួយនេះត្រូវបានធនាគារជាតិកម្ពុជាជម្រះបញ្ជី។
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន អតីតអ្នកឧកញ៉ា លោក លី គួង នៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ក្រោមបទប្រព្រឹត្តអំពើឆបោកអនឡាញ។ នៅក្នុងដីការបស់តុលាការ លោក លី គួង ដែលគេស្គាល់ជាអ្នកជំនួញដីធ្លី និងកាស៊ីណូ ត្រូវស្ថិតក្រោមការពិនិត្យរបស់តុលាការ ក្នុងបទចោទ «ការជ្រើសរើសដោយមិនស្របច្បាប់ សម្រាប់កេងប្រវ័ញ្ច បទឆបោកមានស្ថានទម្ងន់ទោស និងបទសម្អាតប្រាក់ដែលបានប្រព្រឹត្តសកម្មភាពខុសច្បាប់ក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៩។
តុលាការក្រុងភ្នំពេញបានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចឃុំខ្លួនលោក លី គួង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ។ ការអនុវត្តច្បាប់របស់អាជ្ញាធរខ្មែរលើម្ចាស់កាស៊ីណូ ដែលធ្លាប់មានងារជាអ្នកឧកញ៉ាត្រូវបានគេមើលឃើញថា អាចជាចំណាត់ការមួយ ដែលបង្ហាញមុខមេខ្លោងនៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់ បន្ទាប់ពីមានការរិះគន់ថា ការបោសសម្អាតអំពើឆបោកអនឡាញនៅកម្ពុជា ត្រូវបានធ្វើឡើងចំពោះតែក្រុមមនុស្សកំប៉ិកកំប៉ុក។
នាយករដ្ឋមន្ត្រីកាណាដា បំពេញទស្សនកិច្ចក្នុងសប្តាហ៍នេះ នៅប្រទេសចិន ដើម្បីបើកទំព័រទំនាក់ទំនងមេត្រីភាពជាថ្មី បន្ទាប់ពីមើលមុខគ្នាមិនចំ អស់ពេលដ៏យូរ។ ក្នុងជំនួបនៅរដ្ឋធានីប៉េកាំង នាថ្ងៃសុក្រទី១៦មករា មេដឹកនាំប្រទេសទាំង២ បានសន្យាពួតដៃពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យពាណិជ្ជកម្ម។ គួររម្លឹកថា រដ្ឋអំណាចទីក្រុងប៉េកាំងនិងរដ្ឋាភិបាលទីក្រុងអូតាវ៉ា បានឈ្លោះទាស់ទែងគ្នា អស់ជាច្រើនឆ្នាំ ហើយនាយករដ្ឋមន្ត្រីកាណាដា មិនបានដាក់ជើងជាន់ទឹកដីចិន រយៈពេល ៨ ឆ្នាំ មកហើយ។
នៅថ្ងៃទី១៥ មករា ឆ្នាំ២០២៦ មានការចែកចាយរូបភាពវីដេអូនៅតាមបណ្តេញសង្គមដែលបង្ហាញពីសកម្មភាពរើបន្លាលួសថៃពីសំណាក់ជនជាតិចិននៅតំបន់ថ្មដា ខេត្តពោធិ៍សាត់។ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី១៦ មករានេះថា ពិតជាមានហេតុការណ៍រើបន្លាលួសថៃពីសំណាក់ជនជាតិចិនមែន និងថានៅព្រឹកថ្ងៃសុក្រ ទី១៦ មករានេះ ក្រុមយោធាថៃបានបិទផ្លូវ និងរាយបន្លាលួសនៅទីនោះឡើងវិញ។ បើតាមអភិបាលខេត្តពោធិ៍សាត់ដដែលរូបនេះ គិតត្រឹមពេលនេះ អាជ្ញាធរខ្មែរមិនហ៊ានទៅក្បែរនោះទេ។ សូមស្តាប់ការបញ្ជាក់របស់អភិបាលខេត្តពោធិ៍សាត់លោក ខូយ រីដា៖
ចំនួនជនអន្តោប្រវេសន៍ ដែលឆ្លងចូលមកដោយខុសច្បាប់ ក្នុងទឹកដីសហភាពអឺរ៉ុប បានធ្លាក់ចុះប្រមាណ២៦% ក្នុងឆ្នាំ២០២៥ បើប្រៀបធៀបទៅឆ្នាំ២០២៤។ នេះបើផ្អែកតាមតួលេខរបស់ទីភ្នាក់ងារគ្រប់គ្រងព្រំដែនអឺរ៉ុប កាលពីថ្ងៃទី១៥មករា។ ការធ្លាក់ចុះគួរឲ្យកត់សំគាល់នេះ បានបង្ហាញឲ្យឃើញអំពីប្រសិទ្ធភាព នៃយន្តការបង្ការនិងទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់ របស់សហភាពអឺរ៉ុប។ តែយ៉ាងណា អង្គការសមាគម បានបន្តបរិហារអំពីគោលនយោបាយរុញច្រានអន្តោប្រវេសន៍ ដ៏អមនុស្សធម៌។
នៅថ្ងៃទី៥ ខែមករា រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ ក្នុងអនុក្រឹត្យដដែលនោះក៏បានបញ្ជាក់ថា ប្រសិនបើម្ចាស់ទីតាំងស្នាក់នៅមូលផ្តុំលាក់បាំងជនបរទេសដោយខុសច្បាប់ ពួកគេត្រូវមានទោស ហើយរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើរបាយការណ៍កត់ត្រាអ្នកស្នាក់នៅទាំងអស់ជូនអាជ្ញាធរមានសមត្ថកិច្ច។ អ្នកវិភាគសង្គមយល់ថា អនុក្រឹត្យនេះទំនងជារដ្ឋាភិបាលចង់បោសសម្អាតបណ្តាញឧក្រិដ្ឋជនអនឡាញ ដែលកំពុងបំបែកខ្លួនតូចៗ តាមរយៈការជួលទីតាំងផ្ទះល្វែង ឬបន្ទប់ជួលជាដើម។ ប៉ុន្តែ អ្នកវិភាគព្រួយបារម្ភទៅវិញថា ការរឹតបន្តឹងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ គ្មានប្រសិទ្ធភាព ប្រសិនបើអាជ្ញាធរពុករលួយ ហើយប្រែក្លាយជាការគំរាមកំហែងដល់សិទ្ធិរស់នៅរបស់ពលរដ្ឋ។
ប្រឈមមុខនឹងការទាមទារចង់បានកោះ ហ្ក្រូអិនឡង់ដ៍ ពីសំណាក់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ, ប្រទេសអឺរ៉ុប ៤ ដែលសុទ្ធតែជារដ្ឋសមាជិកសម្ព័ន្ធយោធាអូតង់ បានសម្រេចបញ្ជូនកងទ័ព ឲ្យទៅកោះ ហ្ក្រូអិនឡង់ដ៍ ដើម្បីបំពេញបេសកកម្ម«ឃ្លាំមើល» ផ្លូវសមុទ្រ។ តែការបន្ថែមវត្តមានយោធាអូតង់នៅ ហ្ក្រូអិនឡង់ដ៍ បានធ្វើឲ្យរុស្ស៊ីមិនសប្បាយចិត្ត ហើយរដ្ឋអំណាចម៉ូស្គូ ក៏បានសម្តែងក្តីបារម្ភជាខ្លាំង។
ជាង២សប្តាហ៍មកហើយ ដែលប្រជាជនអ៊ីរ៉ង់បានធ្វើបាតុកម្មនៅទូទាំងប្រទេស ដើម្បីទាមទារផ្តួលរំលំរបបផ្តាច់ការអ៊ីស្លាមអ៊ីរ៉ង់។ ផ្អែកតាមតួលេខរបស់អង្គការក្រៅរដ្ឋាភិបាល គិតត្រឹមថ្ងៃទី១៥មករានេះ មានបាតុករអ៊ីរ៉ង់ប្រមាណជាង៣៤០០នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ច នៃរបបផ្តាច់ការអ៊ីស្លាមអ៊ីរ៉ង់ បាញ់សម្លាប់យ៉ាងសាហាវជាទីបំផុត។ សហគមន៍អន្តរជាតិកំពុងតាមដានដោយក្តីព្រួយបារម្ភ អំពីជោគវាសនារបស់បាតុករអ៊ីរ៉ង់ម្នាក់ឈ្មោះ អ៊ែរហ្វន់ សុលតានី ដែលអាចប្រឈមនឹងការប្រហារជីវិត តែនៅទីបំផុតអាជ្ញាធរអ៊ីរ៉ង់បានបញ្ជាក់នៅថ្ងៃនេះថា នឹងគ្មានការប្រហារជីវិតបាតុកររូបនេះឡើយ
រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ គេសង្កេតឃើញមានការព្រួយបារម្ភពីមហាជនមួយចំនួន តាមរយៈបណ្តាញសង្គមនានា ចំពោះការសរសេរ ចារ ឬគូសវាសផ្សេងៗនៅលើជញ្ជាំង ឬសរសរប្រាសាទអង្គរវត្ត។ ជុំវិញក្តីកង្វល់នេះ លោក ជុំ សុភមករា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះថា មានជនបរទេសចម្រុះជាតិសាសន៍បានសរសេរ ឬចារជាអក្សរផ្សេងៗ នៅលើជញ្ជាំងប្រាសាទអង្គរវត្ត ដែលបានធ្វើឡើងតាំងពីទសវត្ស៦០ ឬ៧០មកម្លេះ។ តែចាប់តាំងពីប្រាសាទអង្គរវត្តត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២មក ការសរសេរ និងចារអក្សរផ្សេងៗមិនត្រូវបានអនុញ្ញាតឡើយ។ សូមស្តាប់លោក ជុំ សុភមករា រៀបចំដោយ ញឹម សុផល៖
ថ្លែងនៅចំពោះមុខកងទ័ពជើងអាកាសបារាំង លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ប្រកាសសន្យាបង្កើនចំនួនកងទ័ព និងគ្រឿងសព្វាវុធ ដើម្បីអាចឲ្យ បារាំង ក្លាយជាប្រទេសដ៏ខ្លាំងក្លា នៅក្នុងស្ថានភាព«ពិភពលោកដ៏សាហាវឃោរឃៅ» ដូចសព្វថ្ងៃ។ លើសទីនេះទៀត ប្រមុខរដ្ឋបារាំង ក៏ជំរុញអំពាវនាវរោងចក្រឧស្សាហកម្មយោធា ឲ្យផលិតគ្រឿងសព្វាវុធ ក្នុងចំនួនច្រើននិងកាន់តែឆាប់ ដើម្បីឲ្យទាន់សភាពការណ៍។
មន្ត្រីនាំពាក្យក្រសួងវប្បធម៌បានឱ្យដឹងថា ក្រុមការងារជំនាញរបស់អង្គការយូណេស្កូនឹងធ្វើដំណើរមកប្រទេសកម្ពុជានាពេលដ៏ឆាប់ខាងមុខនេះ ដើម្បីវាយតម្លៃផលប៉ះពាល់ប្រាសាទព្រះវិហាររបស់កម្ពុជាបណ្តាលមកពីការវាយប្រហាររបស់យោធាថៃ។លោក ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលថ្ងៃទី១៤ខែមករានេះថា ក្រុមការងារកម្ពុជាបានត្រៀមខ្លួនសហការជាមួយក្រុមជំនាញការផ្នែកបេតិកភណ្ឌពិភពលោកដើម្បីពិនិត្យការខូចខាតសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិនិងថា កម្ពុជានឹងយកករណីការខូចខាតប្រាសាទព្រះវិហារនេះទៅទាមទាររកដំណោះស្រាយ និងយុត្តិធម៌ នៅគ្រប់យន្តការទាំងអស់។
រដ្ឋអាជ្ញានៃតុលាការកូរ៉េខាងត្បូង បានប្រកាសទាមទារទោសប្រហារជីវិត ទៅលើលោក យូន ស៊ុកយោល អតីតប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងសំណុំរឿងប្រើច្បាប់អាជ្ញាសិកដោយបំពានអំណាច កាលពីខែធ្នូឆ្នាំ២០២៤។ រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានអះអាងថា គ្មានស្ថានសម្រាលទោសឡើយ ហើយលោកយូន ស៊ុកយោលទៀតសោត ក៏មិនបានបង្ហាញនូវការស្តាយក្រោយ ចំពោះទង្វើរបស់ខ្លួនដែរ។
នៅប្រទេសថៃ មនុស្សយ៉ាងហោច២៨នាក់ ស្លាប់នៅក្នុងគ្រោះថ្នាក់បាក់រលំដងស្ទូចលើរថភ្លើងមួយខ្សែ នៅព្រឹកថ្ងៃពុធទី ១៤មករា។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្តណាខន រាតឆាស៊ីម៉ា ភាគខាងជើងទីក្រុងបាងកក នៅពេលដងស្ទូចក្នុងការដ្ឋានសាងសង់ផ្លូវរថភ្លើងល្បឿនលឿនមួយកន្លែង រលំដួលទៅលើទូរថភ្លើងដែលកំពុងបរធ្វើដំណើរពីទីក្រុងបាងកកសំដៅ ខេត្តឧប៊ុន រាតឆាថានី។ បើតាមប៉ូលិសថៃ មនុស្សជាង៦០នាក់រងរបួស ក្នុងនោះ ៧នាក់របួសធ្ងន់។ នាយករដ្ឋមន្រ្តីថៃចាំផ្ទះ លោកអនុធិន ឆានវីរៈគូនបានបញ្ជាឲ្យស៊ើបអង្កេតបន្ទាន់ និងថា ត្រូវតែមានអ្នកណាម្នាក់ដែលត្រូវរងការពិន័យនៅក្នុងគ្រោះថ្នាក់លើកនេះ។ ឈាង បុប្ផា ជូនព័ត៌មាននេះ
ក្នុងឆ្នាំ២០២៥ ចំនួនប្រជាជនបារាំងសរុបទាំងអស់ មាន៦៩លាន១សែននាក់។ តែផ្អែកតាមតួលេខស្ថិតិ ចំនួនមនុស្សដែលស្លាប់ មានច្រើនជាងទារកកើតថ្មី ដែលនេះគឺជាលើកទី១ហើយ សម្រាប់ស្ថិតិអត្រាប្រជាជនបារាំង បើគិតចាប់ពីឆ្នាំ១៩៤៤មក។ ចាប់ពីពេលនេះទៅ បារាំងក៏មិនខុសពីប្រទេសអឺរ៉ុបផ្សេងទៀត ដែលមានទារកកើតថ្មី សរុបតិចជាងមនុស្សស្លាប់។ នេះសបញ្ជាក់ អំពីទំនោរធ្លាក់ចុះនៃចំនួនប្រជាជននៅបារាំង និងនៅអឺរ៉ុបជាទូទៅ។