កាលពីថ្ងៃសុក្រទី៣០មករា អាជ្ញាធរអ៊ីស្រាអែល បានប្រកាសថាគេសុខចិត្តព្រមបើកច្រកព្រំដែនរ៉ាហ្វា ដែលជាច្រកតែមួយគត់ រវាងតំបន់ហ្កាហ្សានិងប្រទេសអេស្ស៊ីប ចាប់ពីអាទិត្យទី១កុម្ភៈទៅ។ ក៏ប៉ុន្តែ អ៊ីស្រាអែល បានដាក់កំហឹតនូវលក្ខខណ្ឌដ៏តឹងតែបំផុត នៅក្នុងនីតិវិធីឆ្លងច្រកព្រំដែននេះ ដោយអនុញ្ញាតឲ្យតែមនុស្សឆ្លងកាត់ប៉ុណ្ណោះ ហើយត្រូវមានលិខិតអនុញ្ញាតជាមុន។
ជនជាតិខ្មែរ៥រូបដែលជាអ្នកនិពន្ធ អ្នកធ្វើការដើម្បីថែរក្សា ការពារវប្បធម៌ និងការចងចាំប្រវត្តិសាស្រ្តខ្មែរ នៅប្រទេសបារាំង ឬដើម្បីជួយប្រជាជនខ្មែរ នៅប្រទេសកម្ពុជា ប្រធានសមាគមអភិរក្សវប្បធម៌ខ្មែរនៅបារាំង បានទទួលមេដាយរដ្ឋសភាបារាំង។ ពិធីប្រគល់មេដាយកាលពីថ្ងៃចន្ទទី ២៦មករានៅរដ្ឋសភាបារាំង ក្នុងទីក្រុងប៉ារីស កើតចេញមកពីគំនិតផ្តួចផ្តើមរបស់អ្នកតំណាងរាស្រ្ត កូនកាត់កាត់ខ្មែរបារាំង លោកThomas Lam។
នៅមិនដល់១០ថ្ងៃទៀតទេ ថៃនឹងរៀបចំការបោះឆ្នោតជាតិដើម្បីជ្រើសរើសសមាជិកសភាអាណត្តិថ្មី។ ការបោះឆ្នោតថៃ ដែលមានការចូលរួមពីបេក្ខជនជាង៥០០០ មកពីគណបក្សជាង៥០ គ្របដណ្តប់បញ្ហាសេដ្ឋកិច្ច និងសន្តិសុខ នៅក្នុងកាលៈទេសៈដែលថៃកំពុងជាប់ជម្លោះព្រំដែនជាមួយកម្ពុជា។ នៅជាង១សប្តាហ៍មុនការបោះឆ្នោត ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ៨កុម្ភៈ ការស្ទង់មតិ កាលពីថ្ងៃសុក្រទី ៣០ បានបង្ហាញថា គណបក្សប្រាឆាឈុនរបស់ចលនាយុវជនបានទទួលសំឡេងគាំទ្រច្រើនជាងគេ ច្រើនជាងគណបក្សភូមិចៃថៃរបស់នាយករដ្ឋមន្រ្តីចាំផ្ទះ លោកអនុធីន ឆានវីរៈគូន។
នៅថ្ងៃសុក្រទី៣០ខែមករានេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យ៉ុង បានចេញមុខព្រមានឧក្រិដ្ឋជនអនឡាញ ដែលហ៊ានប៉ះពាល់ពលរដ្ឋកូរ៉េខាងត្បូង។ ដោយភ្ជាប់ជាមួយនឹងអត្ថបទមួយដែលនិយាយពីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា ប្រធានាធិបតីកូរ៉េត្បូងបានបញ្ជាក់ថា ការលើកឡើងរបស់លោកបែបនេះមិនមែនជាការគំរាមកំហែងលេងៗទេ ព្រោះថា កូរ៉េខាងត្បូង បើថាធ្វើហើយ គឺធ្វើដល់ទីបញ្ចប់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វីលីពីនបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី២៩ខែមករាថា ហ្វីលីពីនបានបញ្ជូនមន្ត្រីជំនាញរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ដើម្បីតាមប្រមាញ់ឧកញ៉ាល្បែងមួយរូបឈ្មោះ Atong Ang។ Atong Ang ត្រូវរដ្ឋាភិបាលហ្វីលីពីនចោទប្រកាន់ពីបទចាប់ជំរិត និងសង្ស័យថាកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
ការផ្សាយប្រចាំថ្ងៃសុក្រ ទី ៣០ មករា ២០២៦ ដោយស៊ឹម ចាន់សំណាង
ក្រសួងអប់រំនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ សំដៅលើកកម្ពស់គុណភាពអប់រំ និងក្រមសីលធម៌ វិជ្ជាជីវៈគ្រូបង្រៀន នៅតាមគ្រឹះស្ថានអប់រំ ក្នុងប្រទេសកម្ពុជា។ អ្នកតាមដានសង្គមសាទរចំពោះការពង្រឹងវិន័យគ្រូបង្រៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ តាមរយៈនិយាមថ្មីនេះ។ ក៏ប៉ុន្តែ ចំពោះទំនោររបស់គ្រូក្របខណ្ឌរដ្ឋ ដែលឆ្លៀតទៅបង្រៀនថែមម៉ោង នៅតាមសាលាឯកជន ក្នុងពេលបច្ចុប្បន្ននេះ អ្នកស្រាវជ្រាវសង្គមស្នើឱ្យក្រសួងអប់រំយកចិត្តទុកដាក់បន្ថែម តាមរយៈការដាក់ចេញចំណាត់ការបន្ទាន់មួយ ដើម្បីបង្ការផលប៉ះពាល់ដល់វិស័យអប់រំនៅកម្ពុជា។ តើវប្បធម៌ឆ្លៀតបង្រៀនបន្ថែមម៉ោងនៅតាមសាលាឯកជន គួរតែត្រូវបញ្ឈប់ជាបន្ទាន់ ឬយ៉ាងណា?
លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានធ្វើដំណើរទៅជួបរដ្ឋមន្ត្រីតួកគី នៅក្រុងអ៊ីស្តង់ប៊ូល នៅថ្ងៃសុក្រទី៣០មករា ដើម្បីជជែកគ្នារកដំណោះស្រាយ ទាក់ទិនការគំរាមកាន់តែខ្លាំងឡើង ពីសំណាក់លោកដូណាល់ ត្រាំ។ លោកដូណាល់ ត្រាំ បានសម្រេចបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងច្រើនគ្រឿងទៅក្បែរអ៊ីរ៉ង់ និងបានគំរាមថាអាចវាយប្រហារគ្រប់ពេលវេលា ប្រសិនបើអ៊ីរ៉ង់មិនចរចា។ ដើម្បីបន្ធូរបន្ថយស្ថានការណ៍នេះ តួកគីបានស្នើខ្លួនធ្វើជាអ្នកសម្របសម្រួល បើកការចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
ភាគីកម្ពុជា-ថៃ សម្រេចពន្យារពេលការអនុវត្តបទឈប់បាញ់ រយៈពេល ៣ខែថែមទៀត រហូតដល់ខែឧសភា ឆ្នាំ២០២៦។ នេះជាការបញ្ជាក់របស់ប្រមុខការទូតថៃលោក ស៊ីហាស័ក ភួងកេតកែវ ក្នុងបទសម្ភាសន៍ជាមួយកាសែតជប៉ុន Nikkie Asia ដែលចេញផ្សាយនាថ្ងៃទី២៩ មករា ឆ្នាំ២០២៦ ក្រៅកិច្ចចង្អៀតប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅទីក្រុង Cebu ប្រទេសហ្វីលីពីន។ ការសម្រេចបន្តនេះ និងបើតាមលោក ស៊ីហាស័ក គឺដោយសារភាគីទាំង២មើលឃើញថា បទឈប់បាញ់ដែលសម្រេចបានកាលពីខែធ្នូ ឆ្នាំ២០២៥កន្លងទៅ នៅមានភាពផុយស្រួយ ខណៈភាពតានតឹងតាមបណ្តោយព្រំដែនក៏បន្តកើតមានឡើង។
ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា នៅភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅខេត្តសៀមរាប បានពិនិត្យព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ បានជាង ១,៤លានករណី កើន២៥% បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៤។ នេះបើតាមការចេញផ្សាយរបស់មន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦កន្លងទៅ និងថា ក្នុងឆ្នាំ២០២៥ មន្ទីរពេទ្យបានចំណាយថវិកាសរុបជាង ៤៦លានដុល្លារ។
ខុសប្លែកពីខែមុនៗ ស្បៀងអាហារ និងជំនួយដែលជារបស់របរចាំបាច់សម្រាប់ជនភៀសសឹកតាមតំបន់ព្រំដែនហាក់ធ្លាក់ ថមថយខ្លាំង។ ធ្លាប់តែស្តុកទុកជំនួយហូរហៀ នៅក្នុងអំឡុងសង្រ្គាមប្រយុទ្ធគ្នានៅតាមព្រំដែនខ្មែរ-ថៃ ទីតាំងទទួលជំនួយ Eat More បានប្រែជាស្រក លែងសូវសម្បូរជំនួយដូចមុន។ អ្នករៀបចំកម្មវិធីទទួលជំនួយប្រាប់វិទ្យុបារាំងអន្តរជាតិថា ការផ្តល់ជំនួយបានធ្លាក់ថយចុះ បន្ទាប់ពីកម្ពុជា-ថៃសម្រេចអនុវត្តបទឈប់បាញ់ និងបន្ទាប់ពីពលរដ្ឋភៀសសឹកខ្មែរមួយចំនួនធំ បានវិលត្រឡប់ទៅលំនៅឋានវិញ។
ប្រធានាធិបតីស៊ីរី លោក អាម៉េដ អាល់ ឆារ៉េ បានទៅធ្វើទស្សនកិច្ច នៅវិមានក្រេមឡាំង នៅថ្ងៃ ពុធ ទី ២៨ ខែ មករា ។ នេះ ជាលើកទី ២ ហើយ ដែលមេដឹកនាំស៊ីរីរូបនេះ បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន គិតតាំងពីលោក បានឡើងកាន់អំណាចនៅស៊ីរី កាលពីដើមឆ្នាំ ២០២៥ កន្លងទៅ ។ នៅក្នុងជំនួបថ្មីនេះ លោក ពូទីន និង លោក អាម៉េដ អាល់ ឆារ៉េ បានពិភាក្សាគ្នា អំពីការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសអំពីវត្តមាន នៃកងទ័ពរុស្ស៊ី នៅប្រទេសស៊ីរី ។
អ្នកទោស១១នាក់ដែលជាសមាជិករបស់ក្រុមគ្រួសារត្រកូលMing ដែលធ្លាប់មានអំណាច ឥទ្ធិពលនៅភូមា ត្រូវតុលាការចិនកាត់ទោសពីបទឃាតកម្ម ដោយចេតនា បន្លំបោកប្រាស់ និងបង្កើតកាស៊ីណូខុសច្បាប់ កាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងសំណុំរឿងឧក្រិដ្ឋកម្មអនឡាញ ដែលបានប៉ះពាល់ធ្វើឲ្យប្រជាជនចិនរងគ្រោះ ទាំងខាតបង់លុយ និងអាយុជីវិត រដ្ឋអំណាចប៉េកាំងបានបើកប្រតិបត្តិការតាមចាប់មេខ្លោងឧក្រិដ្ឋកម្មអនឡាញជាច្រើននាក់ ពីប្រទេសភូមា ថៃ និងកម្ពុជា តួយ៉ាងអតីតឧកញ៉ា ចេនហ្ស៊ីដែលទើបត្រូវចាប់បញ្ជូនទៅចិន កាលពីពាក់កណ្តាលខែធ្នូឆ្នាំមុន។
កម្ពុជា គ្មានការលក់កោះណាមួយនៅលើដែនសមុទ្រខ្លួនទៅឱ្យក្រុមហ៊ុនឯកជនឡើយ។ នេះជាការអះអាងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២៨មករាម្សិលមិញបន្ទាប់ពីមានការលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានលក់កោះចំនួន២ នៅក្នុងខេត្តព្រះសីហនុ និងខេត្តកំពត ទៅឱ្យក្រុមហ៊ុនឯកជនរបស់ឧកញ៉ាខ្មែរម្នាក់។
សារហ្វេសប៊ុករបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានក្លាយជាកម្មវត្ថុនៃការលើកយកមកពិភាក្សាគ្នា លើបណ្តាញសង្គម។ ការចាប់អារម្មណ៍ពីសំណាក់មហាជនចំពោះសាររបស់មេទ័ពខ្មែរដូច្នេះ ធ្វើឡើងបន្ទាប់ពីមានការចែកចាយតៗគ្នា នៅលើបណ្តាញសង្គម នូវសៀវភៅមួយក្បាល ដែលមានឈ្មោះថា «កម្ពុជាឈ្នះថៃ សម័យតេជោធិបតី» និពន្ធដោយមន្ត្រីជាន់ខ្ពស់១រូប នៃក្រសួងមហាផ្ទៃ។
ជនរងគ្រោះពីគម្រោងបុរី ឡេង ណាវ៉ាត្រា ដាក់ក្តីរំពឹងថា ក្រសួងដែនដីនឹងអាចដោះស្រាយបញ្ចប់វិវាទ ឱ្យបានឆាប់រហ័ស ក្នុងឆ្នាំ២០២៦ បន្ទាប់ពី រដ្ឋមន្ត្រីក្រសួងដែនដី លោក សាយ សំអាល់ ចេញមុខ ប្រកាស លក់ទ្រព្យសម្បត្តិរបស់ ឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីបញ្ចប់គម្រោងដែលមានបញ្ហា។ លោក ឡាយ ហេងតុង ជនរងគ្រោះម្នាក់ ក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិ 6A បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលថ្ងៃទី២៩ ខែមករាថា ជនរងគ្រោះទាំងអស់កំពុងរង់ចាំមើលដំណោះស្រាយពីក្រសួងដែនដី ជាមួយក្តីសង្ឃឹមថា ពួកគេអាចមានផ្ទះរស់នៅបានសមរម្យដូចពលរដ្ឋដទៃ។ តាមលោក ឡាយ ហេងតុង ការសន្យារបស់លោករដ្ឋមន្ត្រី សាយ សំអាល់ ធ្វើឱ្យពលរដ្ឋរងគ្រោះមានសង្ឃឹមច្រើន ដ្បិត កន្លងមក ពួកគេជួបរឿងកុហក បោកប្រាស់ច្រើនដងពីសំណាក់ក្រុមហ៊ុន។
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានអះអាងថា ដើម្បីឱ្យភូមាមានស្ថិរភាពនយោបាយយូរអង្វែង គឺមានតែការបោះឆ្នោតដែលអាចជឿទុកចិត្តបាន តម្លាភាព និងការគាំទ្រពីពលរដ្ឋភូមា។ ការលើកឡើងយ៉ាងដូច្នេះរបស់ប្រមុខការទូតកម្ពុជា ធ្វើឡើងក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៨ ខែមករា។ បើតាមភាគីកម្ពុជា កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច នៅតែជាឯកសារគោលរបស់អាស៊ានក្នុងការជួយឲ្យភូមាអាចវិលទៅរកប្រក្រតីភាពឡើងវិញ តាមរយៈដំណើរការនយោបាយដែលដឹកនាំ និងគ្រប់គ្រងដោយភូមាខ្លួនឯង។
អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី កាលពីពេលថ្មីៗនេះ បានបង្ហាញក្តីបារម្ភរបស់ខ្លួន ចំពោះការរំកិលធ្លាក់ចំណាត់ថ្នាក់របស់កម្ពុជាទៅក្នុងបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេសថា FATF។ អគ្គទេសាភិបាលធនាគារជាតិកម្ពុជាកំពុងកើតក្តីបារម្ភ ក្នុងកាលៈទេសៈមួយដែលរូបភាពនៃឧក្រិដ្ឋកម្មអនឡាញក្នុងប្រទេសកម្ពុជាកំពុងធ្វើឲ្យសហគមន៍អន្តរជាតិចាប់អារម្មណ៍។ ចំពោះលោកស្រី ជា សិរី កម្ពុជាត្រូវជៀសវាងការធ្លាក់ទៅក្នុងបញ្ជីប្រផេះសាជាថ្មីនៅក្នុងរបាយការណ៍របស់ក្រុមការងារហិរញ្ញវត្ថុ FATF ដើម្បីការពារ ការផ្តល់ទំនុកចិត្តរបស់សាធារណជន និងទំនុកចិត្តរបស់វិនិយោគិនក្នុងស្រុក និងបរទេស។ តើកម្ពុជាត្រូវធ្វើបែបណា ដើម្បីបញ្ចៀសកុំឲ្យធ្លាក់ទៅក្នុងបញ្ជីប្រផេះរបស់ក្រុមការងារហិញ្ញវត្ថុ FATF?
សំណុំរឿងព្រំដែនកម្ពុជា-ថៃ កំពុងក្លាយជាប្រធានបទក្តៅគគុកម្តងទៀតនៅលើឆាកការទូតក្នុងតំបន់។ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានអំពាវនាវឲ្យមានការពិភាក្សាគ្នាបន្ថែមលើបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃ នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាននាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ។ ក្រៅតែពីសំណុំរឿងជម្លោះខ្មែរ-ថៃ ប្លុកអាស៊ានក៏កំពុងប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើនទៀត រួមមាន ជម្លោះសមុទ្រចិនខាងត្បូង និងវិបត្តិនយោបាយនៅភូមាជាដើម។
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ មិនអាចប្រព្រឹត្តទៅតាមការគ្រោងទុកបានទេ។ ការខកខានមិនអាចបើកកិច្ចប្រជុំ RBC នៅថ្ងៃនេះ ត្រូវបានក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា បណ្តាលមកពីក្រុមលេខា RBC នៃភាគីទាំងពីរ ដែលបានជជែកគ្នាអស់រយៈពេល ៣ថ្ងៃកន្លងទៅនេះ មិនទាន់អាចរកចំណុចរួមបាន។
ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ កាលពីថ្ងៃពុធទី២៨មករាបានដំឡើងសំឡេងគំរាមអ៊ីរ៉ង់ តាមរយៈការអះអាងថា នាវាចម្បាំងដ៏ធំមួយគ្រឿងទៀតរបស់អាមេរិកកំពុងធ្វើដំណើរទៅកាន់ឈូងសមុទ្រពែរ្ស។ លោកត្រាំបានប្រាប់អ៊ីរ៉ង់ឲ្យប្រញាប់ចុះកិច្ចព្រមព្រៀង គ្មានអាវុធនុយក្លេអ៊ែរ បើសិនអ៊ីរ៉ង់មិនចង់ធ្លាក់ក្នុងការវាយប្រហារដ៏ដំណំរបស់អាមេរិក។
ក្រសួងការពារជាតិចិន បានប្រកាសកាលពីថ្ងៃសៅរ៍ទី២៤មករា បើកការស៊ើបអង្កេត លើអគ្គមេបញ្ជាការកំពូល២រូបនៃកងទ័ពចិន គឺលោក ចាង យូសៀ អនុប្រធានគណៈកម្មការកងទ័ពមជ្ឈឹម និងលោក លីវ ចេនលី នាយសេនាធិការអន្តរកងទ័ពចិន។ អ្នកទាំង២ត្រូវបានដកហូតពីមុខតំណែងភ្លាមៗ បន្ទាប់ពីជាប់ចោទថា បានបំពានច្បាប់វិន័យកងទ័ព។ ផ្អែកតាមការវិភាគ ការដកហូតតំណែងអគ្គមេបញ្ជាការកងទ័ពទាំងពីរនេះ គឺជាការបោសសំអាតក្នុងជួរថ្នាក់ដឹកនាំធំៗនៃកងទ័ពចិន ដែលលោកស៊ី ជីនពីង ចង់ទុកតែមនុស្ស ដែលមានភក្តីភាពនឹងលោក ហើយធ្វើតាមលោកគ្រប់រឿងដោយគ្មានការជំទាស់។
បារាំង បញ្ជាក់ជាថ្មីអំពីសាមគ្គីភាពជាមួយអឺរ៉ុប ដើម្បីការពារដែនអធិបតេយ្យភាពរបស់ប្រទេសដាណឺម៉ាកនិងហ្រ្កូអិនឡង់ដ៍។ ក្រៅពីសម្តែងសាមគ្គីភាពក្នុងរង្វង់អឺរ៉ុបនេះ បារាំងក៏ជំរុញឲ្យប្រទេសអឺរ៉ុប ត្រូវតែបំពាក់អាវុធ និងត្រូវធ្វើឲ្យលឿនបំផុត ព្រោះស្ថានភាពគំរាមកំហែងជាក់ស្តែង កាន់តែស្ទុះរហ័សខ្លាំង។
គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ការអនុវត្តបទឈប់បាញ់រវាងភាគីកម្ពុជា និងភាគីថៃ គឺមានរយៈពេល១ខែហើយ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចេញផ្សាយថ្ងៃពុធ ទី២៨មករានេះ បញ្ជាក់ថា ទោះបីមិនមានការប៉ះទង្គិចដោយអាវុធក្នុងរយៈពេល ១ខែនេះក៏ដោយ ក៏ប៉ុន្តែផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជានៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរ ដែលត្រូវការការដោះស្រាយជាបន្ទាន់។
លោកស្រី គីម កុនហ៊ី ភរិយាលោកយូន ស៊ុកយោល អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានតុលាការប្រកាសសាលក្រម ឲ្យជាប់ពន្ធនាគាររយៈពេល២០ខែ ពីបទពុករលួយ។ ដោយឡែក នៅក្នុងសំណុំរឿងក្លែងបន្លំហិរញ្ញវត្ថុ ដែលរដ្ឋអាជ្ញាបានទាមទារទោសជាប់ពន្ធនាគារ១៥ឆ្នាំ លើលោកស្រីនោះ គឺតុលាការកូរ៉េខាងត្បូងបានច្រានចោល។
ក្រោយទិញក្រុមហ៊ុនរ៉ែមាសកាណាដា និងជ្រៀតចូលទីផ្សារភាគហ៊ុនហុងកុង ក្រុមហ៊ុនចិន ស្សឺជីង ម៉ាញនីង កាន់តែបង្កើនសកម្មភាពរុករក និងជីកចម្រាញ់រ៉ែមាស នៅតំបន់អាហ្វ្រិក។ ក្នុងបរិបទមាសកំពុងឡើងថ្លៃខ្ពស់ខ្លាំង ក្រុមហ៊ុនជីករ៉ែមាសចិនមួយនេះ ក៏ប្រមូលទិញទីតាំងរ៉ែមាសច្រើនថែមទៀត នៅប្រទេសម៉ាលី កូតឌីវ័រ និងអេត្យូពី ។
ករណីសម្លាប់ រំលោភបំពាន និងធ្វើទារុណកម្មបានកើតឡើងនៅក្នុងអគារប្រតិបតិ្តការឆបោកអនឡាញក្នុងប្រទេសកម្ពុជា។ នេះបើតាមការរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International)។ ជារបាយការណ៍ថ្មីដែល Amnesty International ចងក្រងឡើង តាមរយៈការជួបសម្ភាសជាមួយអ្នករស់រានមានជីវិត ពីបទល្មើសឆបោកអនឡាញ ៣៥នាក់ ដែលទើបត្រូវបានដោះលែង ឬបានរត់គេចខ្លួនពីអគារប្រតិបត្តិការអនឡាញនៅកម្ពុជា ក្នុងរយៈពេល ៦សប្តាហ៍ចុងក្រោយនេះ។
លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាព្រមានថា កម្ពុជាអាចធ្លាក់ទៅក្នុងបញ្ជីប្រផេះ ឬធ្ងន់ធ្ងរជាងនេះ នៅក្នុងរបាយការណ៍របស់ក្រុមការងារហិរញ្ញវត្ថុ FATF។ ការព្រមានរបស់អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា គឺបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាផ្តើមមានវិធានការក្តៅ កំចាត់បទល្មើសឆបោកអនឡាញ ដើម្បីលាងមុខមាត់នៅលើឆាកអន្តរជាតិ។
ប្រទេសកម្ពុជាបានសម្រេចចូលជាសមាជិក «ក្រុមប្រឹក្សាសន្តិភាព» ដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ ដំណាលគ្នានេះ កម្ពុជាក៏ទទួលរ៉ាក់ទាក់នូវដំណើរទស្សនកិច្ចរបស់កងនាវាអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិក ឲ្យចូលចតនៅកំពង់ផែរាម ដែលជាមូលដ្ឋានកងទ័ពជើងទឹកដ៏ចម្រូងចម្រាសរវាងចិន និងអាមេរិក។ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃនៅកម្ពុជា មេទ័ពជើងទឹកអាមេរិក ក៏បានជួបជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា និងបានរម្លឹកពីសមយុទ្ធ «ឆ្មាំអង្គរ» រួមគ្នាឡើងវិញនៅពេលខាងមុខ។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រ និងភូមិសាស្ត្រនយោបាយ បានមើលឃើញថាទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកនាដំណាក់កាលចុងក្រោយនេះ គឺជាការព្យាយាមរបស់កម្ពុជាក្នុងការរក្សានូវតុល្យភាពឥទ្ធិពលរវាងមហាអំណាចទាំងពីរ គឺសហរដ្ឋអាមេរិក និងចិន នៅក្នុងប្រទេសកម្ពុជា ច្រើនជាងហេតុផលផ្សេង៕
នៅថ្ងៃទី២៧ មករា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប) បានប្រកាសហាមឃាត់ការលក់ និងចែកចាយម្សៅទឹកដោះគោទារកម៉ាក Babybio Optima 1 ផលិតនៅប្រទេសបារាំង ចំនួនបីប្រភេទ ក្រោយសង្ស័យមានសារធាតុពុលប៉ះពាល់សុខភាពទារក។ ចំណែកក្រុមហ៊ុនដែលនាំចូលផលិតផលម្សៅទឹកដោះគោនេះ ក៏បានប្រាប់ឲ្យអតិថិជនបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ និងយកផលិតផលត្រឡប់មកជូនហាងវិញ។
យ៉ាងហោចណាស់ មានកុមារភៀសសឹកជាង ៥០០នាក់ បានខកខានការសិក្សាពេញលេញ ដោយសារសាលារៀន និងផ្ទះសម្បែងរបស់ពួកគេ រួមទាំងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទត្រូវបានបំផ្លិចបំផ្លាញពីសំណាក់យោធាថៃ អំឡុងពេលសង្គ្រាមតាមព្រំដែនខ្មែរ-ថៃ កន្លងទៅនេះ។ តែកុមារភៀសសឹក ជាពិសេសនៅក្នុងតំបន់ដែលមានការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងកងទ័ពកម្ពុជា និងកងទ័ពថៃកន្លងទៅ ស្ថិតក្នុងស្រុកបន្ទាយអំពិល ពេលនេះកំពុងបន្តការសិក្សាយ៉ាងយកចិត្តទុកដាក់នៅក្នុងសាលារៀនបណ្តោះអាសន្ន ក្នុងជំរំសុវត្ថិភាពចុងកាល់ នៃស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ទោះដិតដាមដោយការឈឺចាប់ និងការភ័យខ្លាចនៃស្រមោលភ្លើងសង្គ្រាមក៏ដោយ តែកុមារភៀសសឹកទាំងនោះ នៅតែចង់បន្តការសិក្សាដើម្បីអនាគតរបស់ពួកគេ។
រដ្ឋាភិបាលសង្គមនិយមអេស្ប៉ាញ នឹងសម្រុះសម្រួលបទដ្ឋានច្បាប់ ដើម្បីបើកផ្លូវផ្តល់លិខិតស្នាមស្នាក់នៅនិងធ្វើការស្របច្បាប់ ចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន ៥០០ ០០០ នាក់។ ក្រៅពីហេតុផលមនុស្សធម៌និងសិទ្ធិមនុស្ស វិធានការដូច្នេះ ក៏ជួយលើកស្ទួយសន្ទុះសេដ្ឋកិច្ចអេស្ប៉ាញ។
នៅទីក្រុងរ៉ង់ហ្គូន ប្រទេសភូមា កាលពីថ្ងៃអង្គារទី២៧មករា មានប្រជាជនភូមាអ្នកជាតិនិយមច្រើនរយនាក់ បានធ្វើបាតុកម្មដើម្បីប្រឆាំងនឹងដំណើរនីតិវិធីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលចោទប្រកាន់ថាភូមា បានធ្វើអំពើប្រល័យពូជសាសន៍ ទៅលើប្រជាជនរ៉ូហ៊ីងយ៉ា។ សូមបញ្ជាក់ថា ក្នុងកំឡុងពេលនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ កំពុងបើកសវនាការ ដើម្បីពិនិត្យសំណុំរឿង ទាក់ទិននឹងការកាប់សម្លាប់ ធ្វើទុក្ខបុកម្នេញ ទៅលើប្រជាជនរ៉ូហ៊ីងយ៉ាង ពីសំណាក់កងទ័ពភូមា។
នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) បានចាប់ផ្តើមបើកកិច្ចប្រជុំរយៈពេល២ថ្ងៃ (ថ្ងៃទី ២៧ និងទី២៨ ខែមករា ឆ្នាំ២០២៦) នៅក្នុងខេត្តបន្ទាយមានជ័យរបស់កម្ពុជា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។ ក្រុមលេខាធិការដ្ឋាន កម្ពុជា-ថៃ ជួបប្រជុំគ្នា នៅក្នុងទឹកដីកម្ពុជា ដើម្បីត្រៀមកិច្ចប្រជុំធំ RBC នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។
ក្រោយពីចរចាគ្នាអស់ពេល២០ឆ្នាំ ទីបំផុតទៅ សហភាពអឺរ៉ុប និងឥណ្ឌា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំសម្បើម។ មហាកិច្ចព្រមព្រៀងនេះ ជំរុញឲ្យ ឥណ្ឌានិងសហភាពអឺរ៉ុប ក្លាយជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង បន្ទាប់ពីភាគីនីមួយៗ សុទ្ធតែរកផ្លូវគេចចេញពីផលវិបាកនៃរនាំងពន្ធគយរបស់អាមេរិក និងនយោបាយរឹតត្បិតការនាំចេញវត្ថុធាតុដើមរបស់ចិន។