ថ្ងៃអាទិត្យទី៨កុម្ភៈខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភាថៃ និងដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មី។ ការឃោសនានយោបាយ របស់គណបក្សទាំងអស់ កំពុងប្រព្រឹត្តិទៅយ៉ាងសកម្ម នៅក្នុងសប្តាហ៍នេះ។ ផ្អែកតាមស្ទាប់ស្ទង់មតិ គណបក្សប្រាឆាឈុន ដែលជាបក្សមានទំនោរចម្រើននិយម និងគាំទ្រដោយយុវជនថៃភាគច្រើននោះ អាចនឹងឈ្នះនាំមុខ។ តែទន្ទឹមគ្នានេះ មានការលើកឡើងដោយព្រួយបារម្ភថា ក្រុមយោធានិយម ប្រាកដជារកវិធីសាស្ត្រដូចលើកមុនៗ ដើម្បីរារាំង មិនឲ្យបក្សប្រាឆាឈុន ឈានទៅកាន់អំណាច។
មហោស្រពអន្តរជាតិស្តីពីភាពយន្តអាស៊ី លើកទី៣២ នៅទីក្រុង វឺហ្ស៊ូល (Vesoul) បានបិទបញ្ចប់នៅយប់ថ្ងៃទី៣កុម្ភៈ ជាមួយនឹងការប្រកាសពានរង្វាន់ជ័យលាភី ទៅដល់ស្នាដៃភាពយន្តឆ្នើមៗ។ ពានរង្វាន់ធំ ស៊ីក្លូមាស សម្រាប់ឆ្នាំ២០២៦ នេះ បានទៅលើភាពយន្តមកពីស្រីលង្កា។ រង្វាន់មេប្រយោគ ត្រូវប្រគល់ជូនរឿងមកពីប្រទេសកៀហ្ស៊ីស៊ីស្ថាន ។ ភាពយន្តឥណ្ឌា ដែលជាស្នាដៃរបស់អ្នកដឹកនាំរឿងស្រី ទទួលបានរង្វាន់ជាច្រើនផ្សេងៗគ្នា។ ចំណែកភាពយន្តឯកសារបានទៅភាពយន្តរបស់សមិទ្ធករបារាំងដែលថតពីសិល្បការិនីគំរូចិននៅក្រុងប៉េកាំង។ សូមស្តាប់សេចក្តីរាយការណ៍របស់ ហេង ឧត្តម អ្នកកាសែតរបស់យើងដែលកំពុងយកការណ៍ផ្ទាល់នៅមហោស្រពអន្តរជាតិស្តីពីភាពយន្តអាស៊ីទីក្រុង វឺហ្ស៊ូល (Vesoul) ។
ក្រសួងបរិស្ថានបានប្រកាសនៅថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២៦ ពីចំណាត់ការផ្លូវច្បាប់លើក្រុមហ៊ុន រេន ហេង ហ្គាមេន ខូអិលធីឌី ដែលជារោងចក្រកាត់ដេរសម្លៀកបំពាក់ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រសួងបរិស្ថានបានរកឃើញថា រោងចក្រកាត់ដេរនេះបានរំលោភបំពានធ្ងន់ធ្ងរលើបទប្បញ្ញត្តិបរិស្ថានដោយបានបំពុលខ្យល់ ធ្វើឲ្យប៉ះពាល់បរិស្ថានជុំវិញ និងសុខភាពសាធារណៈ។
សហរដ្ឋអាមេរិក តាមរយៈក្រសួងពាណិជ្ជកម្មបានសម្រេចលុបចោលជាផ្លូវការនូវការហាមឃាត់លក់គ្រឿងសព្វាអាវុធឱ្យកម្ពុជា។ ក្រសួងពាណិជ្ជកម្មអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈថា បម្រាមមួយនេះត្រូវចូលជាធរមានចាប់ពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះទៅ។ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាចាត់ទុកការលុបបម្រាមលក់សព្វាវុធអាមេរិកឱ្យកម្ពុជាថាជានិមិត្តរូបដ៏សំខាន់មួយនៃទំនុកចិត្តរបស់អាមេរិកលើកម្ពុជា។
នៅថ្ងៃទី៣ កុម្ភៈ ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានប្រកាសពីការបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ ប្រភេទ Boeing 737 MAX រហូតដល់ ២០គ្រឿងក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក។ រដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិលកម្ពុជាចាត់ទុកការវិនិយោគនេះជាជំហានថ្មីមួយដើម្បីកែលម្អ និងពង្រីកវិសាលភាពរបស់ Air Cambodia ក្នុងអំឡុងពេលដែលវិស័យអាកាសចរណ៍កម្ពុជាកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការតភ្ជាប់ជើងហោះហើរនៅទូទាំងតំបន់អាស៊ី។
នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររដ្ឋាភិបាលប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជួបប្រជុំជាមួយក្រុមពាណិជ្ជករ និងក្រុមអាជីវករក្រុងប៉ោយប៉ែត។ កម្មវត្ថុ គឺដើម្បីពិភាក្សាជុំវិញគម្រោងផែនការអភិវឌ្ឍក្រុងប៉ោយប៉ែត។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៤ ខែកុម្ភៈនេះ លោក ប៉ាន់ខែម ប៊ុនថន បានប្រាប់ឲ្យដឹងថា ស្ថានភាពរស់នៅ និងការរកស៊ីនៅក្រុងប៉ោយប៉ែតបានវិលត្រលប់មកភាពប្រក្រតីឡើងវិញហើយ។ តែលោកមិនភ្លេចបន្ថែមថា ពលរដ្ឋ និងអាជីវករនៅតែដក់ក្នុងអារម្មណ៍ចំពោះការបំពានរបស់ភាគីថៃមកលើតំបន់សេដ្ឋកិច្ចចម្រុះជាតិសាសន៍មួយនេះ។
តើពិភពលោកអាចចៀសផុតទេ ពីសង្គ្រាមដោយចំហ រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក? កាលពីរសៀលថ្ងៃអង្គារទី៣មករា មានករណីប៉ះទង្គិចគ្នា២ករណីផ្ទួនៗ រវាងកងទ័ពអាមេរិកនិងកងទ័ពអ៊ីរ៉ង់ នៅច្រកសមុទ្រអកម៉ូហ្ស។ យន្តហោះចម្បាំងអាមេរិក បានបាញ់កម្ទេចដ្រូនមួយគ្រឿងរបស់អ៊ីរ៉ង់ ហើយនាវាល្បាតអ៊ីរ៉ង់វិញ បានប៉ុនប៉ងចូលមកសម្លុតនាវាដឹកប្រេងមួយគ្រឿង ដោតទង់ជាតិអាមេរិក។ តែយ៉ាងណាក៏ដោយ សេតវិមានបានអះអាងថា ការចរចាគ្នារវាងប្រទេសទាំង២ នឹងដំណើរការទៅដូចការគ្រោងទុក។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៥៤ បានអនុម័តជាឯកច្ឆន្ទឱ្យកម្ពុជាចាកចេញជាផ្លូវការពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្នុងអំឡុងពេល ៥ឆ្នាំ មានន័យថានៅចុងឆ្នាំ ២០២៩ កម្ពុជានឹងត្រូវចេញឲ្យផុតពីក្រុមប្រទេស (LDC)។ តែសំណួរដែលកំពុងចោទគឺថា នៅក្នុងបរិបទ នយោបាយ និងសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន ពិសេសជម្លោះព្រំដែនដែលកម្ពុជាកំពុងមានជាមួយថៃសព្វថ្ងៃនេះ តើកម្ពុជាអាចចេញផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចតាមកាលកំណត់នៅចុងឆ្នាំ ២០២៩ បានដែរ ឬទេ?
អស់រយៈពេលជិតពីរខែមកហើយ ដែលពលរដ្ឋខ្មែររស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បង្ខំចិត្តជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ។ អ្នកស្រី យ៉ាន់ វឿន អាយុ ៦៤ឆ្នាំ ក៏ដូចជាក្រុមគ្រួសារ និងពលរដ្ឋភៀសសឹកជាង ១០ម៉ឺននាក់ផ្សេងទៀត នៅតែបន្តស្នាក់នៅក្នុងជំរំបណ្តោះអាសន្ននៅឡើយ ដោយសារតែផ្ទះសម្បែងរបស់គាត់ ត្រូវបានបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោងរបស់យោធាថៃ កាលពីអំឡុងសង្គ្រាមព្រំដែនខ្មែរ-ថៃ លើកទីពីរ ដែលមានរយៈពេល២១ថ្ងៃ។ បច្ចុប្បន្ននេះ ទោះបីជាស្ថានភាពព្រំដែនហាក់មានភាពស្ងប់ស្ងាត់បន្តិច ប៉ុន្តែនៅពេលរំលឹកដល់ព្រឹត្តិការណ៍នៃការវាយប្រហាររបស់យោធាថៃ អ្នកស្រី យ៉ាន់ វឿន និងពលរដ្ឋភៀសសឹកឯទៀត ដែលកំពុងរស់នៅក្នុងជំរំសុវត្ថិភាព នៅតែមានអារម្មណ៍ភ័យខ្លាច និង តក់ស្លុតខ្លាំងនៅឡើយ។
ក្រសួងការបរទេសកម្ពុជា នៅថ្ងៃពុធ ទី៤កុម្ភៈនេះ បានប្រកាសតវ៉ាជាផ្លូវការ ប្រឆាំងនឹងការធ្វើទស្សនកិច្ចត្រួតពិនិត្យទីតាំងសណ្ឋាគារចំនួន ២កន្លែង ក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យរបស់ប្រធានចារកម្មកងទ័ពថៃ។ ក្រសួងការបរទេសកម្ពុជាចាត់ទុកទស្សនកិច្ចដែលប្រព្រឹត្តិទៅគ្មានការយល់ព្រមពីភាគីកម្ពុជានេះ ជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន។ ប៉ុន្តែយោធាថៃអះអាងថា ទស្សនកិច្ចនេះជាការបង្ហាញភស្តុតាងនៃទីតាំងប្រព្រឹត្តឧក្រិដ្ឋកម្មឆបោកអនឡាញ។
ប្រធានាធិបតីអ៊ុយរូហ្កាយ លោក យ៉ាម៉ានឌូ អរស៊ីបានបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិននាថ្ងៃអង្គារ ទី៣ កុម្ភៈ។ ថ្លែងនៅក្នុងជំនួបជាមួយលោកអរស៊ីនៅក្នុងទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជីនពីងបានអំពាវនាវឲ្យមានពិភពលោកពហុនិយម សមភាព យុត្តិធម៌ និងមានសណ្តាប់ធ្នាប់។ ទោះបីជាលោកស៊ីមិនបាននិយាយចំឈ្មោះប្រទេសណាក៏ដោយក៏គេថា លោកស៊ីចង់រិះគន់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ។
ថ្ងៃទី៣កុម្ភៈ សមត្ថកិច្ចបារាំងបានចុះរឹបអូសឯកសារ នៅឯទីស្នាក់ការប្រចាំនៅបារាំង របស់ក្រុមហ៊ុនបណ្តាញសង្គម X ពាក់ព័ន្ធនឹងសំណុំរឿងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញ។ លោកអ៊ីឡុន មឺស្ក៍ កំពូលមហាសេដ្ឋីម្ចាស់ក្រុមហ៊ុននេះ ក៏ត្រូវបានតុលាការបារាំង កោះហៅឲ្យចូលខ្លួនមកបំភ្លឺ នៅក្នុងសំណុំរឿងនេះដែរ។
ភាពយន្តឯកសារ Khmerica ដែលថតនៅខេត្តបាត់ដំបង ត្រូវចាក់បញ្ចាំង នាថ្ងៃចន្ទ ទី២ កុម្ភៈ ក្នុងមហោស្រពអន្តរជាតិភាពយន្តអាស៊ី នៅទីក្រុងវឺហ្ស៊ូល ប្រទេសបារាំង។ កុននេះបានបង្ហាញពីការចាប់ផ្តើមជីវិតថ្មីនៅកម្ពុជារបស់យុវជន១ក្រុមដែលធ្លាប់រស់នៅ និងធំដឹងក្តីនៅលើទឹកដីសហរដ្ឋអាមេរិក។ តែពួកគេត្រូវប៉ូលិសអន្តោប្រវេសន៍អាមេរិក ចាប់ខ្លួនបញ្ចូនឲ្យទៅរស់នៅស្រុកខ្មែរ។ ជនជាតិបារាំង លោក Thibaut Amri ដែលជាសមិទ្ធករភាពយន្តនេះ បានអះអាងថា រឿង Khmerica ត្រូវនឹងបច្ចុប្បន្នភាពសព្វថ្ងៃខ្លាំងណាស់ ព្រោះរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន កំពុងតែអនុវត្តនយោបាយអន្តោប្រវេសន៍ យ៉ាងតឹងតែងជាទីបំផុត។ សូមស្តាប់សេចក្តីរាយការណ៍របស់ ហេង ឧត្តម អ្នកកាសែតរបស់យើងដែលកំពុងយកការណ៍ផ្ទាល់នៅមហោស្រពអន្តរជាតិភាពយន្តអាស៊ីក្នុងទីក្រុងវឺហ្ស៊ូល ។
ថ្ងៃ អង្គារ ទី ៣ កុម្ភៈ នេះ រដ្ឋសភាហ្សកហ្ស៊ី កំពុងរៀបចំអនុម័តច្បាប់ថ្មីមួយ ដែលនឹងចូលទៅហាមឃាត់ ការប្រើប្រាស់ថវិកាពីបរទេស ចំពោះគ្រប់គម្រោងនានា នៅក្នុងប្រទេស ។ ផ្អែកតាមអត្ថបទច្បាប់ថ្មីខាងលើ ជនល្មើសនឹងអាចទទួលទោសជាប់ ពន្ធនាគារ រហូតដល់ ៦ ឆ្នាំ ។ ដំណឹងនេះ បានបង្កនូវក្តីព្រួយបារម្ភ កាន់តែខ្លាំង នៅក្នុងស្រទាប់ប្រជាជនហ្សកហ្ស៊ី ខណៈពេលដែលរដ្ឋាភិបាល នៃប្រទេសជាអតីតសមាជិកសហភាពសូវៀតមួយនេះ កំពុងធ្លាក់ក្នុងគន្លងនៃរបបផ្តាច់ការ ។
លោកដូណាល់ ត្រាំ បានប្រកាសកាលពីរសៀលថ្ងៃចន្ទទី២កុម្ភៈ ថាឥណ្ឌានិងសហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា។ សហរដ្ឋអាមេរិកសន្យាបន្ធូរបន្ថយពន្ធលើទំនិញឥណ្ឌា ខណៈឥណ្ឌាវិញសន្យាមិនយកពន្ធទាំងស្រុង ហើយសន្យាទិញទំនិញអាមេរិកសរុបដល់ទៅ៥០០ពាន់លានដុល្លារ។ សហគ្រាសឥណ្ឌាបានបង្ហាញការត្រេកអរនឹងដំណឹងនេះ តែក៏មានលាយឡំដោយមន្ទិលខ្លះដែរ ព្រោះគេមិនទាន់ដឹងច្បាស់ អំពីខ្លឹមសារទាំងស្រុងនៃកិច្ចព្រមព្រៀងនេះឡើយ។
កាលពីពេលថ្មីៗនេះ អភិបាលស្រុក ថាឡាបរិវ៉ាត់ ក្នុងខេត្តស្ទឹងត្រែង បានស្នើឲ្យបញ្ចប់អាជីវកម្មទូកងនៅក្នុងដែនសមត្ថកិច្ចរបស់លោក ខណៈលោកអះអាងថា អាជីវកម្មទូកង បានរួមចំណែកនាំឲ្យមានវិនាសកម្មព្រៃឈើ។ ការថ្លែងរបស់អភិបាលស្រុកនៃខេត្តភាគឥសានរូបនេះ ធ្វើឡើងនៅចំពោះមុខមន្ត្រីពាក់ព័ន្ធនានាក្នុងកិច្ចប្រជុំមួយកាលពីចុងខែមករាឆ្នាំ២០២៦។ សម្រាប់សកម្មជនការពារព្រៃឈើ ប្រសិនបើការកាប់ឈើត្រឹមតែយកទៅធ្វើទូកង នោះនឹងមិននាំឲ្យមានវិនាសកម្មព្រៃឈើទេ តែពួកគេកត់សំគាល់ថា នៅពេលបានច្បាប់កាប់ឈើធ្វើទូកងហើយ បែរជាមានអ្នកឆក់ឱកាសពង្រីកការកាប់ឈើយកទៅធ្វើអាជីវកម្មផ្សេងៗ៕
សមាគមខ្មែរកម្ពុជាក្រោមស្នើឲ្យវៀតណាមបើកលំហសិទ្ធិសេរីភាពឱ្យពលរដ្ឋខ្មែរក្រោម នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ សមាគមខ្មែរកម្ពុជាក្រោមបានដាក់ញត្តិមួយទៅលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។ ញត្តិនេះត្រូវបានសមាគមខ្មែរកម្ពុជាក្រោមដាក់តាមរយៈស្ថានទូតវៀតណាមប្រចាំកម្ពុជា និងធ្វើឡើង មុនលោកតូ ឡឹមផ្តើមទស្សនកិច្ចនៅកម្ពុជានាចុងសប្តាហ៍នេះ។ នៅក្នុងញត្តិ សមាគមខ្មែរកម្ពុជាក្រោមបានទាមទារឱ្យរដ្ឋាភិបាលវៀតណាមទទួលស្គាល់ពលរដ្ឋខ្មែរក្រោមជាជនជាតិដើមពេញសិទ្ធិ ផ្តល់សិទ្ធិដល់ជនជាប់ចោទជាពលរដ្ឋខ្មែរក្រោមឲ្យមានមេធាវីដើម្បីការពារក្តី និងទទូចឲ្យធ្វើវិសោធនកម្មច្បាប់ដែលគំរាមកំហែងដល់សិទ្ធិរស់នៅរបស់ពលរដ្ឋខ្មែរក្រោម។
ក្រសួងវប្បធម៌កម្ពុជានៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសតវ៉ាយ៉ាងដាច់អហង្ការ និងតម្រូវឲ្យថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដែលកំពុងធ្វើនៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី។ ក្រសួងវប្បធម៌ចាត់ទុកសកម្មភាពទាំងនេះថាជាទង្វើរំលោភដែនអធិបតេយ្យភាព និងប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌ជាតិកម្ពុជា។
មេដឹកនាំគណបក្សនយោបាយ និងជាសមាជិកសភាកូរ៉េខាងត្បូងម្នាក់បានចេញមកអះអាងក្នុងថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ការបង្ហោះសាររបស់ប្រធានាធិបតីកូរ៉េ លោក លី ចែម្យ៉ុងជុំវិញឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា ជារឿងមិនត្រឹមត្រូវតាំងពីដំបូង។ គួររម្លឹកថាកាលពីថ្ងៃទី៣០ ខែមករាកន្លងទៅ លោក លី ចែម្យ៉ុងបានបង្ហោះសារព្រមានឧក្រិដ្ឋជនមិនឲ្យប៉ះពាល់ដល់ជនជាតិកូរ៉េ តែសារនោះក៏ត្រូវបានលុបចេញវិញពីបណ្តាញសង្គម X ក្នុងថ្ងៃទី៣០ ខែមករាដដែល។
ជប៉ុនតាមរយៈឯកអគ្គរាជទូតរបស់ខ្លួនប្រចាំទីក្រុងភ្នំពេញ បានស្នើជាថ្មីឲ្យកម្ពុជា និងថៃ បើកច្រកព្រំដែនឡើងវិញ ដើម្បីសម្រួលដល់ពាណិជ្ជកម្មរបស់វិនិយោគិនជប៉ុន។ តាមឯកអគ្គរាជទូតជប៉ុនលោក Ueno Atsushi ការអូសបន្លាយការបិទច្រកព្រំដែនប្រទេសទាំងពីរ បានជះឥទ្ធិពលដល់វិនិយោគិនជប៉ុនទាំងក្នុងប្រទេសកម្ពុជា និងប្រទេសថៃ។
ថ្ងៃ អាទិត្យ ទី ១ ខែ កុម្ភៈ ការវាយប្រហារដោយដ្រូនថ្មីមួយទៀត ពីសំណាក់រុស្ស៊ី បានផ្តាច់ជីវិតប្រជាជនអ៊ុយក្រែនយ៉ាងតិច ១៥ នាក់ ដែលសុទ្ធសឹងជាបុគ្គលិកបម្រើការ នៅក្នុងអណ្តូងរ៉ែ មួយកន្លែង ស្ថិតនៅក្នុងខេត្តអ៊ុយក្រែន Dniopropetrovsk ។ សោកនាដកម្មនេះ បានកើតឡើងខណៈពេលដែល ជនរងគ្រោះខាងលើ ជិះនៅលើរថយន្តក្រុងមួយគ្រឿង ដែលដឹកជញ្ជូនពួកគេ ពេលកំពុងបំពេញការងារ ។
កាលពីថ្ងៃអាទិត្យ ទី១កុម្ភៈ ប្រជាជនទីបេរស់នៅក្រៅស្រុក បានចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ រដ្ឋាភិបាលភៀសខ្លួនក្រៅស្រុក។ រដ្ឋាភិបាលថ្មីមួយរឹងមាំ កើតចេញពីការបោះឆ្នោតរបស់ប្រជាជនទីបេរស់នៅក្រៅស្រុក គឺមានសារៈសំខាន់បំផុត នៅក្នុងការដឹកនាំ បន្តការតស៊ូទាមទារឯករាជ្យប្រទេសទីប៊ី ពីព្រោះសម្តេចសង្ឃដាឡៃឡាម៉ា បច្ចុប្បន្នមានវ័យ៩០ព្រះវស្សាហើយ។
មហោស្រពអន្តរជាតិស្តីពីភាពយន្តអាស៊ីលើកទី ៣២ ដែលបានបើកទ្វារកាលពីថ្ងៃទី២៧ ខែមករា នឹងបន្តប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៣ ខែកុម្ភៈនៅក្រុងវឺហ្ស៊ូល (Vesoul) ប៉ែកខាងកើតប្រទេសបារាំង ជាប់នឹងព្រំដែលស្វ៊ីស។ សម្រាប់ឆ្នាំ ២០២៦ នេះ មានភាពយន្តចំនួន ៨៧ រឿងមកពី ២៤ ប្រទេស ចូលរួមប្រកួតប្រជែងដើម្បីដណ្តើមពានរង្វាន់។ ក្នុងចំណោមភាពយន្តឯកសារ ដែលចូលរួមប្រកួតប្រជែង គឺមានភាពយន្តឯកសារមួយស្តីពីស្រុកខ្មែរ។ សូមស្តាប់សេចក្តីរាយការណ៍របស់ ហេង ឧត្តម អ្នកកាសែតរបស់វិទ្យុបារាំងអន្តរជាតិ ដែលកំពុងចុះយកការណ៍ផ្ទាល់នៅមហោស្រពអន្តរជាតិស្តីពីភាពយន្តអាស៊ីលើកទី ៣២ ។
អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ ACU នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ បានរកឃើញមានករណីស៊ីឈ្នួលប្រឡងជំនួសក្នុងពេលប្រឡងចូលរៀនសាលាពេទ្យកម្រិតបរិញ្ញាបត្ររង ឆ្នាំសិក្សា ២០២៥-២០២៦ កាលពីថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦។ អ្នកជំនាញផ្នែកសុខាភិបាល និងអ្នកតាមដានសង្គមលើកឡើងថា ករណីស៊ីឈ្នួលប្រឡងជំនួសចូលរៀនសាលាពេទ្យនេះមិនគួរកើតមាន និងថា ករណីនេះក៏ធ្វើឲ្យប៉ះពាល់ដល់អាជីព និងវិជ្ជាជីវៈគ្រូពេទ្យដែរ។ តើក្រសួងសុខាភិបាលគួរមានវិធានការអ្វីខ្លះដើម្បីបញ្ជៀសករណីស៊ីឈ្នួលប្រឡងជំនួស?
ក្រសួងបរិស្ថាន បានជូនដំណឹងតាមទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីពេលថ្មីៗនេះថា សារធាតុគីមីផ្សំក្នុងប្លាស្ទិកអាចបង្កឱ្យប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថានធ្ងន់ធ្ងរ។ អ្នកជំនាញផ្នែកសុខភាពនៅកម្ពុជាសន្និដ្នានថា កំណើនអ្នកកើតជំងឺមហារីកនៅពេលបច្ចុប្បន្នទំនងកើតចេញពីការប្រើប្រាស់ប្លាស្ទិកច្រើន ក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងថាដើម្បីកាត់បន្ថយការប្រឈមនូវជំងឺដ៏កាចសាហាវនេះ លុះត្រាតែពលរដ្ឋនាំគ្នាប្រើប្រាស់ផលិតផលដែលកែច្នៃពីធម្មជាតិ។
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា និងថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ដែលបានធ្វើនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ត្រូវបានដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញដោយសារតែភាគីទាំងពីរមិនទាន់រកឃើញចំណុចកណ្តាលរួមមួយនៅឡើយ។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
ផ្គាក់ដែលជាគ្រឿងសស្រ្តាវុធសម្រាប់ធ្វើសង្គ្រាមកាលពីសម័យមុននៅតែបន្តមានវត្តមាននៅក្នុងសង្គមខ្មែរ។ លោក ឈាន់ ចំរើន សិប្បករធ្វើផ្គាក់ ឬកាំបិតផ្គាក់ កត់សម្គាល់ឃើញថាបច្ចុប្បន្ន កាំបិតផ្គាក់ត្រុវបានគេបន្តប្រើសម្រាប់ត្រួសត្រាយ កាប់ចំការ ឬកាប់វល្លិ៍បន្លាជាដើម។ តែសិប្បករធ្វើកាំបិតផ្គាក់រូបនេះបែរជាបារម្ភថា ជំនាញដំដែកផលិតកាំបិតផ្គាក់អាចនឹងបាត់បង់នៅថ្ងៃខាងមុខ ព្រោះវាជាជំនាញដែលប្រើកម្លាំងបាយ និងបានចំណូលតិច៕
អ្នកឃ្លាំមើលសិទ្ធិមនុស្សទទូចជាថ្មីម្តងទៀតឲ្យតុលាការដោះលែងសកម្មជន២៣ តុលា ដែលរួមមាន លោក ស៊្រុន ស៊្រន កញ្ញា ភឹង សោភា លោក ចក់ បានមុនី និង សាន សិទ្ធី ដែលពួកគេត្រូវបានឃុំខ្លួនប្រមាណ១៩ខែ តែនៅមិនទាន់បានកាត់ទោស។ ការស្នើនេះធ្វើឡើង ខណៈតុលាការកំពូលបើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់សកម្មជន២៣តុលា នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។
ការស្តារព្រៃ និងការងារគ្រប់គ្រងតំបន់ដីសើមនៅកម្ពុជាបានត្រឹមត្រូវកំពុងផ្តល់ផលជាវិជ្ជមានគួរឲ្យកត់សម្គាល់ ក្នុងនោះគឺការវិលត្រឡប់មកវិញនូវប្រភេទសត្វកម្រ ដូចជា សត្វខ្លាត្រី ដែលមានចំនួនតិចតួចបំផុតនៅតំបន់អាស៊ី។ នេះបើតាមសេចក្តីថ្លែងការណ៍រួមមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការអភិររក្សអន្តរជាតិ ហៅកាត់ (អង្គការ CI) ដែលបានចេញផ្សាយនៅចំថ្ងៃប្រារព្ធទិវាតំបន់ដីសើមពិភពលោកនាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។
ឥណ្ឌាមានមហិច្ឆតាចង់ក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទី៣។ នៅថ្ងៃអាទិត្យ ទី១ កុម្ភៈ រដ្ឋមន្រ្តីហិរញ្ញវត្ថុឥណ្ឌា បានបង្ហាញផែនការថវិកាជាតិឆ្នាំថ្មី ដែលមានទំហំទឹកប្រាក់ចំនួនប្រមាណ ១៣៣ពាន់លានដុល្លារ។ ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវចំណាយលើគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន និងលើវិស័យបច្ចេកវិទ្យា។
យ៉ាងហោចណាស់មនុស្សប្រមាណ ២០០នាក់ បានស្លាប់ក្នុងការប៉ះទង្គិចប្រដាប់អាវុធរវាងទាហានប៉ាគីស្ថាន និងក្រុមឧទ្ទាមផ្តាច់ខ្លួន នៅភាគនិរតីប៉ាគីស្ថាន។ ក្នុងនោះ មានស្លាប់ប្រជាជនស៊ីវិលជាច្រើននាក់ផង។ ហេតុការណ៍នេះបានកើតឡើង នាថ្ងៃសៅរ៍ ទី៣១ មករា ពោលគឺមួយថ្ងៃក្រោយកងទ័ពប៉ាគីស្ថានបានបាញ់សម្លាប់ក្រុមឧទ្ទាមចំនួនជាង៤០នាក់ នៅខេត្តបាលូជីស្ថាន។
កម្ពុជាបានស្នើជាថ្មីទៅកាន់ភាគីថៃឲ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះ បន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចំនួន ២កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអះអាងថា កម្ពុជាបានដាក់លិខិតទៅភាគីថៃតាំងពីពាក់កណ្តាលខែមករា ក៏ប៉ុន្តែគ្មានឡើយការឆ្លើយតបពីភាគីថៃ។
អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នាដើមខែកុម្ភៈ ឆ្នាំ២០២៦នេះ។ បើតាមក្រសួងការបរទេសវៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជាលើកនេះ លោក តូ ឡឹម នឹងមានជំនួបជាមួយឥស្សរជននយោបាយជាន់ខ្ពស់របស់កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា។
គិតចាប់តាំងពីការប្រកាសបទឈប់បាញ់លើកទី២ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ភាគីកម្ពុជា និងថៃ ខកខានជួបពិភាក្សាគ្នាអំពីការវាស់វែង និងកំណត់ខណ្ឌសីមា ក្នុងតំបន់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ ការបន្តអូសបន្លាយការកំណត់ខណ្ឌសីមាព្រំដែនដែលមានជម្លោះរហូតមកដល់ពេលនេះ នាំឱ្យអ្នកឃ្លាំមើលស្ថានការណ៍ព្រំដែនមួយចំនួនបារម្ភថា ទឹកដីខ្មែរដែលថៃវាយដណ្តើមយកបានក្នុងការវាយប្រយុទ្ធគ្នាចុងក្រោយនេះអាចនឹងបាត់បង់។ ចំណែកអ្នកឃ្លាំមើលខ្លះទៀតនៅតែមានទំនុកចិត្តថា រដ្ឋាភិបាលកម្ពុជាអាចទាមទារទឹកដីនោះមកវិញបាន ទោះបីការចរចាស្វែងរកដំណោះស្រាយរវាងភាគីកម្ពុជា-ថៃគ្មានលទ្ធផលក៏ដោយចុះ។ តើកម្ពុជាខាតបង់អ្វីពីការអនុវត្តបទឈប់បាញ់ តែគ្មានសកម្មភាពដោះស្រាយជាក់ស្តែង?