ជំនួបចរចាដោយមិនផ្ទាល់ជុំទី២ ស្តីពីកម្មវិធីនុយក្លេអ៊ែរ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅទីក្រុងហ្សឺណែវ បានបិទបញ្ចប់នៅថ្ងៃអង្គារ ទី១៧ កុម្ភៈ ដោយទទួលបានលទ្ធផលល្អប្រសើរជាមុន។ នៅអំឡុងជំនួបចរចារវាងភាគីទាំងពីរ ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់លោកអាលី ខេមេណី បានផ្ញើសារគំរាមបាញ់ពន្លិចនាវាដឹកយន្តហោះចម្បាំងអាមេរិក នៅឈូងសមុទ្រពែរ្ស។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានធ្វើដំណើរទស្សនកិច្ចទៅប្រទេសឥណ្ឌា រយៈពេល ៣ថ្ងៃចាប់ផ្តើមពី ថ្ងៃអង្គារ ទី១៧ កុម្ភៈ។ នៅក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី លោកម៉ាក្រុង បានលើកសរសើរពីការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងជាមួយឥណ្ឌា និងថា ដៃគូបារាំង និងឥណ្ឌា មិនចង់ទទួលរងសម្ពាធក្នុងទម្រង់ណាមួយ ឬក៏ជម្លោះដែលបង្កឡើងដោយប្រទេសខ្លះៗទេ។
កាលពីចុងសប្តាហ៍កន្លងទៅ ក្រសួងរ៉ែ និងថាមពល បានរៀបចំពិព័រណ៍ផលិតផលរ៉ែឆ្នាំ២០២៦ ជាលើកដំបូង នៅលើផ្លូវថ្មើជើង ក្នុងសង្កាត់ចតុមុខរាជធានីភ្នំពេញ ដែលពិព័រណ៍នេះ បានបង្ហាញពីសក្តានុពលដ៏សម្បូរបែបនៃធនធានរ៉ែ ជាច្រើនប្រភេទរបស់ប្រទេសកម្ពុជា។ ពលរដ្ឋខ្មែរ ដែលបានចូលទស្សនា មានការភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍ខ្លាំង ក្រោយដឹងថាប្រទេសកម្ពុជា គឺជាប្រភពធនធានរ៉ែ ជាពិសេសរ៉ែមាស ដែលបច្ចុប្បន្ននេះកំពុងដើរតួនាទីជាប្រភពចំណូលជាតិថ្មីដ៏មានសក្តានុពល។
នៅថ្ងៃចន្ទ ទី១៦ កុម្ភៈ អ៊ីរ៉ង់បានធ្វើសមយុទ្ធយោធា នៅច្រកសមុទ្រអកម៉ូស ដែលជាតំបន់យុទ្ធសាស្រ្តដ៏សំខាន់បំផុត នៃចរាចរណ៍ដឹកប្រេងឆៅអន្តរជាតិ។ សមយុទ្ធបានធ្វើឡើង ក្រោយប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបានគំរាមវាយប្រហារអ៊ីរ៉ង់ និងបានបញ្ជូននាវាដឹកយន្តហោះចម្បាំងទៅកាន់ឈូងសមុទ្រពែរ្ស និងនៅមួយថ្ងៃមុនជំនួបចរចាស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
រដ្ឋាភិបាលថៃ តាមរយៈក្រសួងការងារកំពុងពន្លឿនការផ្ទៀងផ្ទាត់ព័ត៌មានរបស់ពលករខ្មែរជាង ១០ម៉ឺននាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ មុននឹងសម្រេចថា តើត្រូវ ឬមិនត្រូវបន្តលិខិតអនុញ្ញាតការងារឲ្យពួកគេ។ នេះបើតាមកាសែតក្នុងស្រុកថៃផ្សាយជាភាសាអង់គ្លេស Thai Enquirer នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ក្រសួងការងារកម្ពុជាបញ្ជាក់ថា ពុំមានពលករខ្មែរស្របច្បាប់ណាម្នាក់ត្រូវផុតសុពលប័ណ្ណការងារនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ឡើយ។ តែអង្គការសង់ត្រាល់បញ្ជាក់ថា មានពលករខ្មែរបានបន្តចាកចេញពីប្រទេសថៃជាហូរហែ ដោយសារបារម្ភពីសុវត្ថិភាព។
ការវាយប្រហារដោយគ្រាប់បែកពីរលើក និងការបាញ់តបតរគ្នារវាងប៉ូលីសនិងក្រុមសកម្មប្រយុទ្ធកើតមានឡើងជាបន្តបន្ទាប់ នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។ ហេតុការណ៍នេះបណ្តាលឲ្យកងកម្លាំងសន្តិសុខយ៉ាងហោចណាស់ ១១នាក់និង ជនស៊ីវិល ៣នាក់ រួមទាំងកុមារម្នាក់បានស្លាប់។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់នៅថ្ងៃទី ១៥ ខែកុម្ភៈនាឱកាសកម្មវិធីពិព័រណ៍ផលិតផលរ៉ែប្រចាំឆ្នាំ២០២៦ ថា រដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យក្រសួងជំនាញពាក់ព័ន្ធធ្វើការបូមខ្សាច់នៅកណ្តាលទន្លេសាបចាប់ពីចំណុចស្ពានជ្រោយចង្វារទៅដល់ខេត្តកំពង់ឆ្នាំង និងនៅទន្លេមេគង្គចាប់ពីតំបន់រកាកោងក្នុងខេត្តកណ្តាលទៅដល់ខេត្តកំពង់ចាម។ កម្មវត្ថុ គឺដើម្បីបើកផ្លូវទឹកសម្រាប់កប៉ាល់ធំៗអាចដឹកទំនិញចេញ-ចូលតាមព្រែកជីកហ្វូណន។ បើតាមលោក កែវ រតនៈ ការបូមខ្សាច់នឹងមិនធ្វើឲ្យបាក់ច្រាំងទន្លេទេ។ តែអ្នកជំនាញបរិស្ថានបារម្ភពីផលប៉ះពាល់ ពិសេសការបាក់ច្រាំងទន្លេ ប្រសិនបើមិនបានសិក្សាផលប៉ះពាល់ឲ្យបានច្បាស់លាស់។ តើគម្រោងបូមខ្សាច់ចេញពីទន្លេមានគុណប្រយោជន៍ និងផលប៉ះពាល់អ្វីខ្លះ?
នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានអះអាងថា រដ្ឋាភិបាលកំពុងពន្លឿនការសង់ជម្រកបណ្តោះអាសន្នសម្រាប់ពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅក្នុងតំបន់សុវត្ថិភាពតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ ការសង់ជម្រកបណ្តោះអាសន្ននានេះ គឺដើម្បីជួយសម្រួលដល់ការរស់នៅបណ្តោះអាសន្នរបស់ជនភៀសសឹក ទម្រាំដល់ពេលពួកគេអាចទៅត្រឡប់កាន់លំនៅដ្ឋានរៀងៗខ្លួនវិញបាន។
រយៈពេល ៣ថ្ងៃចុងក្រោយ ពោលចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចបានបណ្តេញចេញជនបរទេសចំនួន ១ ០៨៩នាក់ ពីប្រទេសកម្ពុជា។ ជនបរទេសទាំងអស់នេះ ពាក់ព័ន្ធនឹងអំពើខុសច្បាប់មួយចំនួន រួមមានការឆបោកតាមប្រព័ន្ធអនឡាញ និងការស្នាក់នៅធ្វើការងារខុសច្បាប់ជាដើម។ នេះបើតាមការចុះផ្សាយតាមបណ្តាញសង្គមរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៧ ខែកម្ភៈ ឆ្នាំ២០២៦។
ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ សមាគមការពារសិទ្ធិមនុស្សអាដហុក បានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់កងរាជអាវុធហត្ថស្រុកអណ្តូងមាស ខេត្តរតនគិរី ដែលបានចុះចាប់ខ្លួនតំណាងពលរដ្ឋក្នុងសំណុំរឿងទំនាស់ដីធ្លីនៅពេលយប់អធ្រាត្រ។ អាដហុកចាត់ទុកសកម្មភាពទាំងនេះ ថាជាការគំរាមកំហែង និងបំបិទសេរីភាពរបស់ពលរដ្ឋ ខណៈដែលជម្លោះដីធ្លីនៅតំបន់នោះនៅតែមិនទាន់មានដំណោះស្រាយច្បាស់លាស់។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់នៅថ្ងៃទី ១៥ ខែកុម្ភៈនាឱកាសកម្មវិធីពិព័រណ៍ផលិតផលរ៉ែប្រចាំឆ្នាំ២០២៦ ថា រដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យក្រសួងជំនាញពាក់ព័ន្ធធ្វើការបូមខ្សាច់នៅកណ្តាលទន្លេសាបចាប់ពីចំណុចស្ពានជ្រោយចង្វារទៅដល់ខេត្តកំពង់ឆ្នាំង និងនៅទន្លេមេគង្គចាប់ពីតំបន់រកាកោងក្នុងខេត្តកណ្តាលទៅដល់ខេត្តកំពង់ចាម។ កម្មវត្ថុ គឺដើម្បីបើកផ្លូវទឹកសម្រាប់កប៉ាល់ធំៗអាចដឹកទំនិញចេញ-ចូលតាមព្រែកជីកហ្វូណន។ បើតាមលោក កែវ រតនៈ ការបូមខ្សាច់នឹងមិនធ្វើឲ្យបាក់ច្រាំងទន្លេទេ។ តែអ្នកជំនាញបរិស្ថានបារម្ភពីផលប៉ះពាល់ ពិសេសការបាក់ច្រាំងទន្លេ ប្រសិនបើមិនបានសិក្សាផលប៉ះពាល់ឲ្យបានច្បាស់លាស់។ តើគម្រោងបូមខ្សាច់ចេញពីទន្លេមានគុណប្រយោជន៍ និងផលប៉ះពាល់អ្វីខ្លះ?
ជំនួបកំពូលស្តីពីផលប៉ះពាល់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតចាប់ផ្តើមបើកទ្វារ នៅថ្ងៃចន្ទ ទី១៦ កុម្ភៈ។ កិច្ចប្រជុំកំពូលអន្តរជាតិនេះប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ នៅទីក្រុងញូដេលី ប្រទេសឥណ្ឌា ដែលរំពឹងថានឹងមានមនុស្សចូលរួមរាប់ពាន់នាក់។ នៅក្នុងនោះ មានវត្តមានប្រមុខដឹកនាំរដ្ឋាភិបាល ឥស្សរជនជាន់ខ្ពស់បរទេសជាង៤០ប្រទេស និងប្រធានក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ព្រមទាំងអ្នកជំនាញក្នុងវិស័យបញ្ញាសិប្បនិម្មិត។ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ក៏នឹងត្រូវចូលរួមក្នុងជំនួបកំពូល AI នៅប៉ុន្មានថ្ងៃខាងមុខ អំឡុងដំណើរទស្សនកិច្ចផ្លូររដ្ឋ នៅឥណ្ឌា។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន រួមជាមួយកូនស្រីរបស់គាត់បានចូលរួមបើកសម្ពោធផ្លូវដែលមានអគារផ្ទះល្វែងសម្រាប់គ្រួសារទាហានដែលបានស្លាប់នៅក្នុងការប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីប្រឆាំងអ៊ុយក្រែន នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ព្យុងកូរ៉េខាងជើងនាថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ។
ល្ខោនពោលស្រី គឺជាល្ខោនសម្ដែងពាក់មុខខ្មុកស្រដៀងល្ខោនខោនដែរ តែខុសគ្នាត្រង់ថា ល្ខោនពោលស្រីមានអ្នកសម្តែងសុទ្ធតែជាមនុស្សស្រី សូម្បីតែតួអង្គប្រុស យក្ស និងស្វាក៏ដោយ។ឯសិល្បករប្រុសៗ អាចដើរតួជាឥសី ត្លុកកំប្លែង និងតួអង្គសត្វផ្សេងៗដូចជាសេះជាដើម ។នៅថ្ងៃទី១៣កុម្ភៈ កម្មវិធីសម្តែងល្ខោនពោលស្រី នៅវិទ្យាស្ថានភាសាបារាំង ក្នុងរាជធានីភ្នំពេញ បានទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាដោយការសម្តែងរឿង «ផាត់សីម្ម៉ា»។ អ្នកទស្សនា និងតួសម្ដែងបានលើកឡើងស្រដៀងគ្នាថា ពួកគេចង់អោយមានការសម្ដែងល្ខោនបុរាណប្រភេទនេះតាមទីសាធារណៈឱ្យបានច្រើន ដើម្បីបំផុសស្មារតីឲ្យក្មេងជំនាន់ក្រោយចងចាំពីវប្បធម៌ខ្មែរផ្នែកសិល្បៈល្ខោន៕
ក្រសួងការទូតរុស្ស៊ី បានបរិហារយ៉ាងខ្លាំងក្លា ទល់នឹងការចោទប្រកាន់ពីសណាក់ប្រទេសអឺរ៉ុបចំនួន ៥ ដែលអះអាងថា ម៉ូស្គូ គឺជាអ្នកនៅពីក្រោយ មរណភាពរបស់ លោក អាឡិកសី ណាវ៉ាល់នី កាលពីខែ កុម្ភៈ ឆ្នាំ ២០២៤ នៅក្នុងពន្ធនាគារ ។ ដោយយោងលើលទ្ធផល នៃការធ្វើកោសលវិច័យ ប្រទេសអឺរ៉ុបទាំង ៥ បានបញ្ជាក់ថា អតីតមេដឹកនាំបក្សប្រឆាំងក្នុងប្រទេសរុស្ស៊ីរូបនេះ ទំនងជាបានស្លាប់ ដោយការបំពុល ។
រដ្ឋាភិបាលនៃប្រទេសអេហ្ស៊ីប កាតា និងអាជ្ញាធរប៉ាឡេស្ទីនបាននាំគ្នាថ្កោលទោសយ៉ាងខ្លាំង លើអ៊ីស្រាអែល ក្រោយពីរដ្ឋាភិបាលទីក្រុងតេឡាវីបានប្រកាសអនុម័តនូវវិធានការថ្មីស្តីពីការចុះបញ្ជីកម្មសិទ្ធិដីធ្លីឲ្យក្រុមអាណានិគមជនអ៊ីស្រាអែល នៅតំបន់ស៊ីហ្សកដានី។ វិធានការថ្មីមួយនេះហាក់បានបង្ហាញពីមហិច្ឆតារបស់អ៊ីស្រាអែល ដែលចង់បន្តផ្តាច់ដែនដីស៊ីហ្សកដានីរបស់ប៉ាឡេស្ទីនបន្តិចម្តងៗ មកដាក់ក្នុងឧបសម្ព័ន្ធទឹកដីរបស់ខ្លួន។
ថ្មីៗនេះ មានការជជែកដេញដោលនៅលើបណ្តាញសង្គមស្តីពីគុណភាពអប់រំនៅកម្ពុជា បន្ទាប់ពីកម្ពុជាទទួលបានចំណាត់ថ្នាក់ទាបបំផុតក្នុងការវាយតម្លៃការសិក្សារបស់សិស្ស តាមរយៈកម្មវិធី PISA (Programme for International Student Assessment) ដែលរៀបចំដោយអង្គការ OECD។ ក្រុមអ្នកជំនាញខ្លះយល់ថា លទ្ធផលនៃការវាយតម្លៃនេះមានលក្ខណៈល្អប្រសើរបន្តិច បើធៀបនឹងលទ្ធផលនៃការវាយតម្លៃកាលពីឆ្នាំ២០១៧។ ទោះជាយ៉ាងនេះក្តី ក្រុមអ្នកជំនាញទាំងនេះចង់ឃើញរដ្ឋាភិបាលបន្តធ្វើកំណែទម្រង់ប្រព័ន្ធអប់រំកម្ពុជាឲ្យកាន់តែប្រសើរជាងនេះ តាមរយៈការរិះរកបច្ចេកទេសបង្រៀនថ្មីៗ និងជំរុញឲ្យសិស្សចេះធ្វើស័្វយសិក្សាដោយខ្លួនឯង។ តើរដ្ឋាភិបាលកម្ពុជាគួរធ្វើកំណែទម្រង់អ្វីខ្លះដើម្បីបង្កើនគុណភាពនៅក្នុងវិស័យអប់រំ?
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាកចេញពីប្រទេសកម្ពុជាហើយ កាលពីរាត្រីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព(Board of Peace) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២៦។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយមើលឃើញថា ការចូលរួមរបស់មេដឹកនាំកម្ពុជាក្នុងកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព បានឆ្លុះបញ្ចាំងពីការស្រលាញ់សន្តិភាព និងការធ្វើពិពិធកម្មការទូតរបស់កម្ពុជា។
ប្តីប្រពន្ធជនជាតិកូរ៉េខាងត្បូងមួយគូដែលជាបណ្តាញក្រុមឧក្រិដ្ឋជនឆបោកនៅកម្ពុជា បានរងការចោទពីរដ្ឋអាជ្ញាក្រុងអូលសាន ពីបទក្លែងបន្លំការវិនិយោគចំពោះជនជាតិកូរ៉េ ដោយគិតជាទឹកប្រាក់ជាង ៧លានដុល្លារអាមេរិក។ ផ្អែកតាមការចុះផ្សាយដោយបណ្តាញសារព័ត៌មានជាច្រើនរបស់កូរ៉េខាងត្បូង គូស្នេហ៍មួយគូនេះត្រូវបានអាជ្ញាធរកម្ពុជាធ្វើបត្យាប័នប្រគល់ឱ្យសមត្ថកិច្ចកូរ៉េកាលពីចុងខែមករា ឆ្នាំ២០២៦ ដើម្បីយកទៅអនុវត្តទោសនៅកូរ៉េខាងត្បូង។
អ៊ីស្រាអែល បាញ់ប្លោងគ្រាប់ ត្រូវចំច្រើនកន្លែង នៅតំបន់ហ្កាហ្សា និងបណ្តាលឲ្យស្លាប់ពលរដ្ឋប៉ាឡេស្ទីន ចំនួនយ៉ាងតិច ១២ នាក់។ នេះបើតាម ក្រុមប្រដាប់អាវុធហាម៉ាសហ្កាហ្សា ដោយចោទប្រកាន់ថា អ៊ីស្រាអែលចេះតែបន្តរំលោភបទឈប់បាញ់។ ដោយច្រានចោលពាក្យចោទប្រកាន់ កងទ័ពអ៊ីស្រាអែលលើកឡើងថា ហាម៉ាស ទៅវិញទេ ដែលបំពានបទឈប់បាញ់ និងអះអាងថា ការបាញ់ប្រហាររបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ។
ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ជនជាតិឥណ្ឌូនេស៊ីចំនួនជាង ៧០០នាក់ដែលភាគច្រើនគ្មានលិខិតឆ្លងដែនកំពុងត្រៀមចាកចេញពីប្រទេសកម្ពុជានៅចន្លោះថ្ងៃទី១៥កុម្ភៈ ដល់ថ្ងៃទី៤ មីនា។ តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា ជនជាតិឥណ្ឌូណេស៊ីទាំងនោះភាគច្រើនសុទ្ធតែពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញនៅកម្ពុជា។
មន្ត្រីជាន់ខ្ពស់របស់ថៃមួយរូប បានចេញមកបញ្ជាក់ថា ការចុះបញ្ជី «មហាសង្ក្រាន្ត» របស់កម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីអង្គការយូណេស្កូ មិនធ្វើឲ្យប៉ះពាល់វប្បធម៌ថៃឡើយ។ ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីថៃបានដឹងថា កម្ពុជាកំពុងពន្លឿនការចុះបញ្ជី «មហាសង្រ្កាន្ត» ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិអង្គការយូណេស្កូ។
ជាការពិត រឿងបក្ខពួកគ្រួសារនិយមមិនមែនជាបញ្ហាថ្មីទេនៅក្នុងសង្គមខ្មែរ។ ជាក់ស្តែងថ្មីៗនេះ រឿងបក្ខពួកគ្រួសារនិយមនេះត្រូវបានគេយកមកជជែកវែកញែកយ៉ាងផុសផុលតាមបណ្តាញសង្គម បន្ទាប់ពីមានការតែងតាំងមន្ត្រីតាមក្រសួងស្ថាប័នមួយចំនួន។ ជាមន្ត្រីក្មេងខ្ចីដែលជាប់សាច់ឈាមជាមួយថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នទាំងនោះ។ ហេតុអ្វីបញ្ហាបក្ខពួកគ្រួសារនិយមក្នុងសង្គមខ្មែរត្រូវបានជជែកវែកម្តងហើយម្តងទៀត?
រដ្ឋាភិបាលទីក្រុងកង់បេរ៉ា បានប្រកាសបញ្ចេញកញ្ចប់ថវិកាវិនិយោគ ៣,៩ ពាន់លានដុល្លារអូស្ត្រាលី ក្នុងដំណាក់កាលដំបូង ដើម្បីចាប់ផ្តើមការដ្ឋានសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ គម្រោងនេះ ឋិតក្នុងកិច្ចព្រមព្រៀងត្រីភាគី រវាង អូស្ត្រាលី ជាមួយ អាមេរិក និងអង់គ្លេស កាលពីឆ្នាំ២០២១។ កម្មវត្ថុរបស់សម្ព័ន្ធត្រីភាគីនេះ ដើម្បីទប់ទល់ឥទ្ធិពលមហាយក្សចិន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅវៀតណាម ក៏ដូចជានៅតាមប្រទេសអាស៊ីមួយចំនួន វិស័យលុយឌីជីថល បានឡើងប៉ោងមួយរយៈធំ ធ្វើឲ្យមនុស្សជ្រួលជ្រើមចង់កើបប្រាក់ចំណេញដ៏ច្រើនសន្ធឹក។ ក៏ប៉ុន្តែ សុបិននេះបានរលាយទៅវិញ បន្ទាប់ពីតម្លៃលុយឌីជីថល បានធ្លាក់ចុះយ៉ាងគំហុក ធ្វើឲ្យអ្នកវិនិយោគត្រូវខាងបង់ប្រាក់សន្សំរបស់ខ្លួន។ ទីផ្សារលុយឌីជីថលនៅវៀតណាម កំពុងតែជួបវិបត្តិយ៉ាងខ្លាំង ស្របពេលដែលរដ្ឋវៀតណាម ចាប់ផ្តើមរៀបចំច្បាប់ ដើម្បីគ្រប់គ្រងវិស័យដ៏គ្រោះថ្នាក់នេះ។
កម្ពុជា និងកាណាដាប្រកាសរឹតបន្តឹងចំណងការទូតរវាងគ្នា ដោយសន្យាពង្រឹងទំនាក់ទំនងទ្វេភាគី និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដែលមានស្រាប់ឱ្យរីកចម្រើនទៅមុខបន្ថែមទៀត។ នេះបើយោងតាមខ្លឹមសារនៃលទ្ធផលកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២រវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសកាណាដាកាលពីថ្ងៃទី១២ ខែកុម្ភៈ។
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងតែចរចាគ្នាយ៉ាងតានតឹង ក្នុងសំណុំរឿងនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិក។ ដើម្បីបន្ថែមសម្ពាធលើរដ្ឋាភិបាលតេហេរ៉ង់ សហរដ្ឋអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជូននាវាដឹកយន្តហោះចម្បាំង ទី២ ទៅតំបន់មជ្ឈិមបូព៌ា។ ដោយគំរាមបែបប្រយោល ចៅហ្វាយសេតវិមានលើកឡើងជាថ្មី អំពីលទ្ធភាពផ្លាស់ប្តូររបបដឹកនាំអ៊ីរ៉ង់។
សន្និសីទទីក្រុងមុយនីឆ ស្តីពីសន្តិសុខ បានចាប់ផ្តើមបើកទ្វារកាលពីថ្ងៃសុក្រ ទី១៣កុម្ភៈ នៅក្នុងបរិបទមួយ ដែលសម្ព័ន្ធភាពរវាងអឺរ៉ុប និងសហរដ្ឋអាមេរិក កាន់តែបែកខ្ញែកគ្នា ជាមួយនឹងភាពវឹកវរនៃសណ្ដាប់ធ្នាប់អន្តរជាតិ ដោយសារតែមហាអំណាចធំៗ ចង់តែប្រើកម្លាំង ជាជាងការគោរពច្បាប់។ នៅព្រឹកថ្ងៃសៅរ៍ លោកប្រមុខការទូតអាមេរិក ម៉ាកូ រូប៊ីយ៉ូ បានឡើងថ្លែងសុន្ទកថា ដោយបានអះអាងថា សហរដ្ឋអាមេរិក មិនមានចេតនាបំបែកបំបាក់ទេ តែចង់ឲ្យអឺរ៉ុបរាំមាំឡើង ដើម្បីសហការជាមួយគ្នា ក្នុងការស្តារសណ្តាប់ធ្នាប់ពិភពលោក។
នៅសន្និសីទសន្តិសុខក្រុងម៉ុយនិច ប្រមុខការទូតចិន លោក វ៉ាង យី ដាស់តឿន អាមេរិក កុំឲ្យឃុបឃិតគ្នាជាមួយ តៃវ៉ាន់ ដែលអាចបង្កឲ្យប្រឈមមុខដាក់គ្នា ឬប៉ះទង្គិចផ្ទាល់ជាមួយចិន។ រដ្ឋមន្ត្រីការបរទេសចិន ថែមទាំងជំរុញឲ្យ អាមេរិក ជ្រើសរើសផ្លូវសហការ ក្នុងភាពប្រាកដនិយម ដើម្បីចំណេញផលប្រយោជន៍រួម។
កាលពីថ្ងៃទី១២កុម្ភៈ ក្រសួងការពារជាតិឥណ្ឌាបានប្រកាសដំណឹងថា គេគ្រោងទិញគ្រឿងសព្វាវុធ គិតជាទឹកប្រាក់សរុប ប្រមាណ៣៣ពាន់អឺរ៉ូ។ ក្នុងចំណោមនេះ ឥណ្ឌាអាចនឹងទិញយន្តហោះចម្បាំង Rafale របស់បារាំង ចំនួន១១៤គ្រឿងបន្ថែមទៀត តែត្រូវជាមួយលក្ខខណ្ឌ លើកគ្រឿងផ្សំខ្លះ ទៅផលិតនៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុន Safran ដែលផលិតម៉ូទ័រយន្តហោះ Rafale បានអះអាងថាគេត្រៀមខ្លួន បើករោងចក្រនៅឥណ្ឌា។
រុស្ស៊ី និងអ៊ុយក្រែន បានប្រកាសនៅថ្ងៃសុក្រទី ១៣ កុម្ភៈថា ពួកគេនឹងចូលរួមកិច្ចពិភាក្សា ដោយមានការសម្របសម្រួលពីសហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧-១៨ កុម្ភៈនៅទីក្រុងហ្សឺណែវ។ កិច្ចពិភាក្សាផ្តោតបន្តលើកិច្ចចរចារដែលស្មុគស្មាញ ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្រ្គាមដែលបានបន្តអស់រយៈពេលជិត៤ឆ្នាំ។
លទ្ធផលបោះឆ្នោតផ្លូវការនៅបង់ក្លាដែសនៅថ្ងៃសុក្រ ទី១៣ កុម្ភៈ បង្ហាញថា គណបក្សជាតិនិយមរបស់ លោក តារិក រាម៉ាន់ បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសភា ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១២ កុម្ភៈ។ បក្សជាតិនិយមទទួលបាន២១២អាសនៈ ក្នុងចំណោម ៣០០អាសនៈ។ ចំណែក សម្ព័ន្ធបក្សអ៊ីស្លាមទទួលបានត្រឹមតែ ៧៧អាសនៈ ប៉ុណ្ណោះ។ ដូច្នេះ បក្សរបស់លោក តារិក រាម៉ាន់ ទទួលបានសម្លេងភាគច្រើន នៅក្នុងរដ្ឋសភាបង់ក្លាដែស។ តើអនាគតនាយករដ្ឋមន្រ្តីបង់ក្លាដែស លោក តារិក រាម៉ាន់ ជានរណា និងមានប្រវត្តិយ៉ាងដូចម្តេចខ្លះ?
ឃ្លីបវីដេអូខ្លីមួយដែលមានរយៈពេលជិត១នាទី ស្តីពីអំពើពុករលួយនៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែងត្រូវបានគេផ្សព្វផ្សាយតាមសារព័ត៌មានអនឡាញមួយចំនួន និងចែកចាយតាមបណ្តាញសង្គម។ ឃ្លីបវីដេអូនេះបានបង្ហាញពីក្រុមអ្នកទោសភេទប្រុសស្ថិតនៅក្នុងបន្ទប់មួយយ៉ាងចង្អៀតណែន និងដែលម្នាក់ៗមានកាន់ទូរស័ព្ទស្មាតហ្វូននៅនឹងដៃ។ ឃ្លីបវីដេអូនេះត្រូវបានគេបញ្ចូលសំឡេងមនុស្សប្រុសនិយាយរៀបរាប់ពីការអនុញ្ញាតឲ្យអ្នកជាប់ឃុំប្រើប្រាស់ទូរស័ព្ទនៅក្នុងគុកដោយត្រូវបង់លុយប្រចាំខែទៅឲ្យអ្នកគ្រប់គ្រងពន្ធនាគារ។ ការផ្សព្វផ្សាយ និងការចែកចាយឃ្លីបវីដេអូមួយនេះតាមបណ្តាញសង្គមត្រូវបានពន្ធនាគារខេត្តស្ទឹងត្រែងចេញលិខិតបំភ្លឺ និងបដិសេធកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ពិសេសការចុះផ្សាយនៅលើគណនីទិកតុកមួយឈ្មោះ VOK TV។ VOK TV ដែលបានចុះផ្សាយថា«ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងបក្សពួករងការចោទប្រកាន់ថាបានជំរិតទារប្រាក់ពីជនជាប់ឃុំ ចាប់ពី ៤ ០០០ដុល្លារ ទៅ ៧ ០០០ដុល្លារក្នុងមួយបន្ទប់ជាថ្នូរនឹងការអនុញ្ញាតឲ្យប្រើទូរស័ព្ទដៃ»។ លោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី១៣ កុម្ភៈនេះថា ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានកំពុងធ្វើការស្រាវជ្រាវលើព័ត៌មានផ្សព្វផ្សាយមួយនេះ។