ដូចតាមទម្លាប់មួយឆ្នាំម្តង លោកប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវឡើងថ្លែងសុន្ទរកថា អំពី “ស្ថានភាពសហព័ន្ធ” នៅចំពោះមុខអង្គសភាខុនហ្ក្រេស។ នៅក្នុងសុន្ទកថាជិត២ម៉ោង កាលពីថ្ងៃទី២៤កុម្ភៈ លោកដូណាល់ ត្រាំ បានថ្លែងសរសើរខ្លួនឯងដូចសព្វមួយដង និងបានប្រកាសអះអាងថា អ៊ីរ៉ង់កំពុងគំរាមសហរដ្ឋអាមេរិក តាមរយៈអាវុធមីស៊ីលនិងនុយក្លេអ៊ែរ។
យប់ថ្ងៃអង្គារ ឆ្លងចូលថ្ងៃ ពុធ ទី ២៥ កុម្ភៈ មានករណីបំផ្ទុះគ្រាប់បែកមួយ បានកើតឡើងនៅក្បែរស្ថានីយរថភ្លើង Saviolovo ស្ថិតនៅក្នុងទីក្រុងម៉ូស្គូ ។ ការវាយប្រហារថ្មីនេះ បានបង្កឲ្យនគរបាលរុស្ស៊ីម្នាក់បានស្លាប់ និង ២ នាក់ទៀត រងរបួស ។
នៅក្នុងសម័យប្រជុំលើកទី៦១របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកប្រាក់ សុខុន បានផ្តល់បទអន្តរាគមន៍អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការទន្ទា្រនចូលទឹកដីកម្ពុជា ពីសំណាក់យោធាថៃ ក្រោយពីមានការប្រកាសបទឈប់បាញ់លើកទីពីរ កាលពីខែធ្នូ ឆ្នាំ២០២៥។ វត្តមានរបស់ លោក ប្រាក់ សុខុន នៅទីក្រុងហ្សឺណែវ ជាផ្នែកមួយនៃបេសកកម្មការទូតរបស់រដ្ឋាភិបាលកម្ពុជា ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានធ្វើទស្សនកិច្ចរយៈពេលជិត ២សប្តាហ៍នៅសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប ដើម្បីថ្លែងពីការរំលោភបំពានរបស់ថៃមកលើទឹកដីកម្ពុជា។ អ្នកតាមដានស្ថានការណ៍កម្ពុជានានាបានមើលឃើញថា យុទ្ធនាការការទូតរបស់កម្ពុជា នៅពេលនេះ ជាជម្រើសដ៏ត្រឹមត្រូវ ដើម្បីឲ្យពិភពលោកបានដឹងកាន់តែច្បាស់អំពីទង្វើឈ្លានពានរបស់ភាគីថៃ៕
ជនជាតិកេនយ៉ាជាង ៦០០នាក់ ត្រូវបានល្បួងឱ្យធ្វើដំណើរមកកម្ពុជា តាមរយៈការសន្យាផ្តល់ការងារ។ ប៉ុន្តែជាក់ស្តែង ពួកគេត្រូវបានឃុំខ្លួន និងបង្ខំឲ្យធ្វើការនៅមជ្ឈមណ្ឌលឆបោកអនឡាញនៅពេលមកដល់កម្ពុជា។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters កាលពីថ្ងៃអង្គារទី ២៤កុម្ភៈ ជនជាតិកេនយ៉ាដែលតាំងខ្លួនជាជនរងគ្រោះទាំងនោះកំពុងអំពាវនាវសុំឱ្យរដ្ឋាភិបាលកេនយ៉ា ជួយអន្តរាគមន៍ ដើម្បីនាំពួកគេត្រឡប់ទៅប្រទេសកំណើតវិញ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានអំពាវនាវជាថ្មីម្តងទៀតឲ្យភាគីថៃគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ឲ្យបានពេញលេញដោយដកកងទ័ពរបស់ខ្លួនចេញពីទឹកដីកម្ពុជា។ ការអំពាវនាវរបស់ប្រមុខការទូតកម្ពុជាដូចនេះ ធ្វើឡើងអំឡុងពេលដែលលោកថ្លែងបទអន្តរាគមន៍មួយនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ បើតាមប្រមុខការទូតកម្ពុជា មានតែការគោពច្បាប់អន្តរជាតិប៉ុណ្ណោះ ទើបកម្ពុជានិងថៃអាចរស់នៅជាមួយគ្នាដោយសន្តិភាព។
ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញបានបន្តឃុំខ្លួនជនជាតិចិនចំនួន ៤នាក់ ក្រោមបទចោទពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ។ ជនជាតិចិនចំនួន ៤នាក់នេះ បានស្ថិតនៅក្នុងចំណោមជនឆបោកក្នុងសំណុំរឿងឆបោកតាមប្រព័ន្ធអនឡាញជាង៥០០នាក់ ដែលតុលាការកម្ពុជាបានចាត់វិធានការច្បាប់ ក្នុងរយៈពេល ៨ខែកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយរបស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.)នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
ផ្ទៃដីកម្ពុជាសរុបទំហំ ៧៦០ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រចំនួន ៣នៃខេត្តបន្ទាយមានជ័យ កំពុងត្រូវបានកងទ័ពថៃឈរជើងកាន់កាប់ដោយខុសច្បាប់ និងបានបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ ក្រោយបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។ នេះជាការបញ្ជាក់របស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យទៅកាន់មន្ត្រីទូតបរទេស និងអង្គការអន្តរជាតិនានា អំឡុងពេលដែលពួកគេ ចុះពិនិត្យទីតាំងភូមិបឹងត្រកួន ភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យកាលពីពេលថ្មីៗនេះ។
សហភាពអង្គការសង្គមស៊ីវិលចំនួន ៦០ស្ថាប័ន ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល បានដាក់ញត្តិទៅលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើឲ្យចាត់វិធានការដកសញ្ជាតិខ្មែរពីមេដឹកនាំនយោបាយប្រឆាំងនៅក្រៅប្រទេសលោក សម រង្ស៊ី ក្រោមហេតុផល ការបង្កើត «រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា»។ អ្នកនាំពាក្យរដ្ឋាភិបាលរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោក គឹម សុខ បានចាត់ទុកសកម្មភាពនេះ ថាជាសេណារីយ៉ូនយោបាយរបស់គណបក្សកាន់អំណាច និងថា សកម្មភាពរបស់ក្រុមលោកគឺស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។
ក្រសួងការពារជាតិកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានបដិសេធការចោទប្រកាន់របស់ភាគីថៃដែលថា កងទ័ពកម្ពុជាបានប្រើប្រាស់អាវុធ បាញ់គ្រាប់បែកខ្នាត ៤០មីលីម៉ែត្រ ចូលទៅតំបន់ក្បែរចំណុចល្បាតរបស់ថៃ ក្នុងខេត្តព្រះវិហារ។ យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃទី២៤កុម្ភៈនេះ អ្នកនាំពាក្យកងទ័ពភូមិន្ទថៃនិយាយថា កងទ័ពថៃបានប្រើអាវុធប្រភេទM79 ដើម្បីឆ្លើយតបមកនឹងករណីផ្ទុះគ្រាប់ពីភាគីកម្ពុជា។ យើងស្តាប់ ស៊ឹម ចាន់សំណាង៖
លោក Loïc Nervi គឺជាអ្នកធ្វើនំប៉័ងជនជាតិបារាំងម្នាក់ ដែលបានស្ម័គ្រចិត្តធ្វើដំណើរទៅដល់ប្រទេសអ៊ុយក្រែន ដើម្បីដុតនំប៉័ងបរិច្ចាគជូន ប្រជាជនអ៊ុយក្រែន ដោយឥតគិតថ្លៃ ។ មានរហស្សនាមថា « អ្នកដុតនំប៉័ង គ្មានព្រំដែន » បុរសចិត្តទូលាយរូបនេះ សុខចិត្តចាកចោលប្រពន្ធកូនមួយរយៈ និង ពុះពារគ្រប់ឧបសគ្គ ដើម្បីផ្គត់ផ្គង់ចំណីអាហារ ជួយស្រោចស្រង់ជីវិតប្រជាជនអ៊ុយក្រែនច្រើនពាន់នាក់ នៅក្នុងទីក្រុង កៀវ ។
ថ្ងៃទី២៤កុម្ភៈ សង្គ្រាមឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន បានគ្រប់៤ឆ្នាំហើយ។ ជាសង្គ្រាមដែលបានធ្វើឲ្យប្រែប្រួលទាំងស្រុង ដល់កត្តាសន្តិសុខ និងនយោបាយការបរទេសអឺរ៉ុប ក៏ដូចជាក្នុងពិភពលោកទាំងមូល។ ខុសពីការមាក់ងាយរបស់លោកពូទីន ដែលថារុស្ស៊ីនឹងវាយផ្តួលរំលំអ៊ុយក្រែនក្នុងរយៈពេលតែ៣ថ្ងៃ តែ៤ឆ្នាំមកនេះ អ៊ុយក្រែនបានតស៊ូយ៉ាងអង់អាចក្លាហាន ដើម្បីការពារទឹកដីនិងអធិបតេយ្យភាពរបស់ខ្លួន។ តែទន្ទឹមនឹងនេះ នៅក្នុងសង្គ្រាម៤ឆ្នាំមកនេះ ប្រជាជនអ៊ុយក្រែនបានរស់រងទុក្ខវេទនា ស្លាប់ និងរបួសច្រើនម៉ឺននាក់។
ចិនសម្រេចដាក់ទណ្ឌកម្មធ្ងន់ៗលើស្ថាប័ន និងក្រុមហ៊ុនជប៉ុន ចំនួន៤០ ដែលចិនចោទថា បានចូលរួមជួយសហការដើម្បីពង្រឹងអំណាចយោធារបស់រដ្ឋាភិបាលក្រុងតូក្យូ។ ចំណាត់ការរបស់ក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃអង្គារទី ២៤កុម្ភៈ ធ្វើឡើង នៅប៉ុន្មានសប្តាហ៍ក្រោយ រដ្ឋាភិបាលក្រុងប៉េកាំងទើបប្រកាសហាមមិនឲ្យប្រជាជនចិនធ្វើដំណើរកំសាន្តទៅលេងប្រទេសជប៉ុន។ ចិនដាក់សម្ពាធលើជប៉ុន ក៏ព្រោះតែលោកស្រីនាយករដ្ឋមន្រ្តី សាណាអេ តាកាអ៊ីឈិ ប្រកាសលូកដៃអន្តរាគមន៍ក្នុងករណីមានការវាយប្រហារទៅលើកោះតៃវ៉ាន់ ដែលចិនចាត់ទុកជាដែនដីមួយរបស់ចិន។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាស័ក្ត ភួងកេតកែវ បានជួបជាមួយរដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ ណូអែលបារ៉ូ(Jean-Noël Barrot) និងបានថ្លែងកោតសរសើរជំហរមិនលម្អៀងរបស់រដ្ឋាភិបាលបារាំងក្នុងបញ្ហាព្រំដែនកម្ពុជា និងថៃ។ អ្នកវិភាគនយោបាយវាយតម្លៃថា រដ្ឋមន្ត្រីការបរទេសថៃ កំពុងប្រើយុទ្ធសាស្ត្រការទូតយ៉ាងស៊ីជម្រៅ ដើម្បីពង្រឹងឥទ្ធិពលរបស់ថៃនៅលើឆាកអន្តរជាតិ ជាពិសេសក្នុងការដោះស្រាយបញ្ហាតំបន់ ដ៏រសើបដូចជា ជម្លោះព្រំដែនរវាងថៃ និងកម្ពុជា។
កម្ពុជាតាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កាលពីថ្ងៃចន្ទទី២៣ កុម្ភៈ ឆ្នាំ២០២៦ បានបញ្ជូនកំណត់ទូតជាថ្មីម្តងទៀតទៅគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ភាគីថៃ។ សេចក្តីប្រកាសព័ត៌មានចេញផ្សាយថ្ងៃអង្គារ ទី២៤កុម្ភៈ បានលើកឡើងថា នៅក្នុងកំណត់ទូត កម្ពុជាស្នើឲ្យរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ នៅអំឡុងសប្តាហ៍ទីពីរ នៃខែមីនា ឆ្នាំ២០២៦។
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានចេញមុខអន្តរាគមន៍ចំពោះប្រតិកម្មរបស់ពលរដ្ឋខ្មែរឥស្លាមជុំវិញកម្មវិធីបុកល័ក្ត ក្នុងពិធីអាពាហ៍ពិពាហ៍មួយ កាលពីពេលថ្មីៗនេះ។ ក្នុងសំណេរដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុក លោក ហ៊ុន សែនបានបញ្ជាក់ថា លោកមិនចង់ឃើញឡើយជម្លោះរវាងពលរដ្ឋខ្មែរ និងខ្មែរឥស្លាមទាក់ទិននឹងពិធីមួយនេះ។ តែអ្នកសំដែងក៏ត្រូវតែពិនិត្យលើការប្រើប្រាស់ពាក្យសំដី ដែលអាចធ្វើឱ្យប៉ះពាល់ដល់ព្រះក្នុងសាសនាឥស្លាម។
នៅក្រោមសម្ពាធនៃការកើនឡើងប្រតិបត្តិការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា មានជនបរទេសជាង ២១ម៉ឺននាក់ ដែលត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធទៅនឹងអំពើឆបោកតាមអនឡាញបានចាកចេញពីកម្ពុជា ដោយស្ម័គ្រចិត្ត ហើយជនសង្ស័យជាច្រើនរយនាក់ទៀត បាន និងកំពុងប្រឈមចំណាត់ការផ្លូវច្បាប់នៅកម្ពុជា។ នេះបើតាមកាសែត ឌឹ ស្តា(The Star) ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី។ តាមកាសែតដដែលនេះ មេខ្លោងជាច្រើននាក់ ក៏បានស្ថិតក្រោមការស៊ើបអង្កេតយ៉ាងសកម្ម បន្ទាប់ពីពួកគេបានចាកចេញពីមូលដ្ឋាននានា នៅពេលការបង្ក្រាបកើនឡើងកាន់តែខ្លាំងចាប់តាំងពីខែមិថុនាឆ្នាំមុន។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតទូរទស្សន៍បារាំង France24 អំពីការកាន់កាប់ទឹកដីកម្ពុជាពីសំណាក់យោធាថៃ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក ភួងកេតកែវ បានថ្លែងថា តំបន់ដែលថៃកាន់កាប់បន្ទាប់ពីបទឈប់បាញ់គឺ «ស្ថិតនៅក្នុងទឹកដីថៃ» ដែលកម្ពុជាបានចូលគ្រប់គ្រងអស់រយៈពេលជាយូរមកហើយ ជាពិសេសពេលដែលជនភៀសខ្លួនខ្មែរបានចូលទៅប្រទេសថៃអំឡុងពេលកម្ពុជាមានជម្លោះផ្ទៃក្នុង។ ការអះអាងរបស់ប្រមុខការទូតថៃដូចនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា ទាហានថៃកំពុងឈរជើងចូលជ្រៅក្នុងទឹកដីកម្ពុជា
នៅក្រោមហេតុផលកាត់បន្ថយការចំណាយ ប្រមុខការពារជាតិថៃ លោក Nattaphon Nakpanich បានអះអាងកាលពីថ្ងៃចន្ទទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថាក្រសួងការពារជាតិបានស្នើទៅកាន់ក្រុមប្រឹក្សាការពារជាតិឲ្យដកកងទ័ពថៃបន្តិចម្តងៗ ដែលឈរជើង នៅតាមព្រំដែន កម្ពុជា-ថៃ។ តែទន្ទឹមគ្នានេះ លោក Nattaphon ក៏បានបញ្ជាក់ថា សម្រាប់ពេលបច្ចុប្បន្ន និងអនាគតដ៏ខ្លីខាងមុខ វានៅតែជារឿងចាំបាច់ក្នុងការរក្សាវត្តមានយោធានៅតាមព្រំដែន ព្រោះថាព្រំដែនរវាងប្រទេសទាំងពីរនៅមិនទាន់មាន ការកំណត់ច្បាស់លាស់ ជាពិសេសនៅតំបន់ ដែលយោធាថៃដណ្តើមបានអំឡុងពេលមានការប្រយុទ្ធគ្នាជាមួយកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០២៥។ តើអ្វីទៅជាចេតនាពិតរបស់ថៃ ដែលស្នើកាត់កងទ័ពរបស់ខ្លួននៅតាមព្រំដែនជាមួយកម្ពុជា?
តុលាការព្រហ្មទណ្ឌអន្តរជាតិហៅកាត់ជាភាសាបារាំងថា CPI កាលពីថ្ងៃចន្ទទី២៣កុម្ភៈ បានបើកសវនាការសាជាថ្មី ដើម្បីបញ្ជាក់ថា តើអតីតប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយទែរតេគួរតែត្រូវបញ្ជូនទៅដំណាក់កាលជំនុំជម្រះដែរឬទេ។ នៅក្នុងសវនាការរបស់តុលាការឡាអេ ដែលគ្មានវត្តមានរបស់ជនជាប់ចោទ រដ្ឋអាជ្ញារងបានលើកឡើងថា នៅក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀននៅហ្វីលីពីន លោកឌុយទែរតេជាអ្នកអនុញ្ញាតឲ្យគេបាញ់សម្លាប់មនុស្ស ហើយក៏ជាអ្នករើសចុចឈ្មោះជនរងគ្រោះដោយផ្ទាល់ដៃ។
ជាច្រើនឆ្នាំមកហើយ ដែលប្រទេសម៉ិកស៊ិក ត្រូវគេដឹងថាត្រូវស៊ីរូងដោយអំពើហិង្សាឧក្រិដ្ឋកម្ម បង្កឡើងដោយបណ្តាញជួញដូរគ្រឿងញៀន។ កាលពីថ្ងៃអាទិត្យទី២២កុម្ភៈ សមត្ថកិច្ចម៉ិកស៊ិក បានបើកប្រតិបត្តិការបង្ក្រាប ដោយបានបាញ់សម្លាប់មេក្លោងជួញដូរគ្រឿងញៀនដ៏ធំបំផុតមួយ។ បក្សពួកជួញដូរគ្រឿងញៀនបានប្រតិកម្មភ្លាមៗ ដោយបានបង្កអំពើហិង្សាសឹងពេញប្រទេស។
តុលាការព្រហ្មទណ្ឌអន្តរជាតិហៅកាត់ជាភាសាបារាំងថា CPI កាលពីថ្ងៃចន្ទទី២៣កុម្ភៈ បានបើកសវនាការសាជាថ្មី ដើម្បីបញ្ជាក់ថា តើអតីតប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយទែរតេគួរតែត្រូវបញ្ជូនទៅដំណាក់កាលជំនុំជម្រះដែរឬទេ។ នៅក្នុងសវនាការរបស់តុលាការឡាអេ ដែលគ្មានវត្តមានរបស់ជនជាប់ចោទ រដ្ឋអាជ្ញារងបានលើកឡើងថា នៅក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀននៅហ្វីលីពីន លោកឌុយទែរតេជាអ្នកអនុញ្ញាតឲ្យគេបាញ់សម្លាប់មនុស្ស ហើយក៏ជាអ្នករើសចុចឈ្មោះជនរងគ្រោះដោយផ្ទាល់ដៃ។
ក្រសួងវប្បធម៌បានអំពាវនាវ ទទូចសុំឱ្យអ្នកសិល្បៈនិងអ្នករៀបចំពិធី «បុកល័ក្ត» ក្នុងកម្មវិធីមង្គលការ ត្រូវតែគោរព និងអនុវត្តតាមពិធីដើម ដោយចៀសវាងការកែច្នៃ ធ្វើឱ្យប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់ និងជំនឿ សាសនា។ ការទទូចរបស់ក្រសួងវប្បធម៌នាពេលនេះ ធ្វើឡើងបន្ទាប់ពីសាធារណជន ពិសេសជនជាតិចាម្ប៍នៅកម្ពុជា រិះគន់សិល្បករមួយក្រុម ដែលបានរៀបចំការសម្តែងពិធីបុកល័ក្ត ក្នុងពិធីមង្គលការ ក្នុងរូបភាពជាការលេងសើច បង្កប់ន័យរើសអើង និងបន្ទាបតម្លៃសាសនាឥស្លាម។
កម្ពុជា និងសហរដ្ឋអាមេរិករំពឹងថា នឹងផ្តើមធ្វើ«សមយុទ្ធឆ្មាំអង្គរ»ឡើងវិញ នៅចុងឆ្នាំ២០២៦នេះ ឬអាចនៅដើមឆ្នាំ២០២៧ខាងមុខ។ ភាគីទាំងពីរសម្រេច និងកំណត់ពេលវេលាធ្វើសមយុទ្ធរួមគ្នាឡើងវិញ នៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក នៅក្នុងអំឡុងទស្សនកិច្ចរបស់លោកនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។
ធនាគារកណ្តាលកម្ពុជា បានសម្រេចដកហូតអាជ្ញាបណ្ណធនាគារផេនដា ខមមើសល នៅក្នុងហេតុផលថា ធនាគារមានភាពទន់ខ្សោយផ្នែកហិរញ្ញវត្ថុ មិនអាចបម្រើសេវាធនាគារតទៅទៀតបាន។ ក្នុងអំឡុងពេលនេះ ធនាគារពាណិជ្ជមួយនេះ មិនអាចផ្តល់សេវាធនាគារថ្មី ប៉ុន្តែ អ្នកខ្ចីប្រាក់នៅតែត្រូវអនុវត្តកាតព្វកិច្ចសងប្រាក់របស់ខ្លួនដដែល។
កាលពីយប់រំលងអាធ្រាត្រថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ ទី២២កុម្ភៈ មានជនអនាមិកម្នាក់ បានលបចូលទៅក្នុងភូមិគ្រឹះ ម៉ារអាឡាហ្គោ របស់លោកដូណាល់ ត្រាំ នៅរដ្ឋផ្លរីដា។ ប្រដាប់ដោយកាំភ្លើង និងមានប៊ីដុងសាំងមួយផង ជននេះត្រូវបានសមត្ថកិច្ចបាញ់សម្លាប់នៅនឹងកន្លែង។ ចំណែកលោកដូណាល់ ត្រាំ ស្ថិតនៅឯទីក្រុងវ៉ាស៊ីនតោន មិននៅក្នុងភូមិគ្រឹះនេះទេ។
កម្ពុជាតាមរយៈក្រសួងការបរទេសនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញលិខិតតវ៉ាទៅកាន់កងទ័ពជើងទឹកថៃ ដែលបានបើកនាវារំលោភចូលដែនសមុទ្រកម្ពុជា ហើយបានរឹបអូសទូកនេសាទ និងចាប់ខ្លួនពលរដ្ឋខ្មែរ៣នាក់ក្បែរកោះយ៉រ ក្នុងខេត្តកោះកុង។ បន្ថែមពីលើការតវ៉ា ក្រសួងការបរទេសកម្ពុជា ក៏ទាមទារឱ្យកងទ័ពជើងទឹកថៃ ត្រូវដោះលែងអ្នកនេសាទខ្មែរត្រឡប់មកវិញ ហើយបញ្ឈប់សកម្មភាពវាតទីចូលដែនសមុទ្រកម្ពុជាដោយគ្មានការអនុញ្ញាត។
មន្ត្រីនាំពាក្យកងទ័ពថៃ បានចេញមកបដិសេធរបាយការណ៍ស៊ើបអង្កេតមួយរបស់សារព័ត៌មានអាមេរិក The New York Editorial ដែលនៅក្នុងនោះ គេបានរកឃើញការរំលោភបំពានជាច្រើនរបស់យោធាថៃមកលើកម្ពុជា ក្នុងនោះ ក៏មានដែរការរំលោភច្បាប់អន្តរជាតិ តាមរយៈការធ្វើសង្គ្រាមខុសច្បាប់មកលើកម្ពុជា។ ចំពោះអ្នកជំនាញវិទ្យាសាស្ត្រនយោបាយកម្ពុជា ភាគីថៃមិនដែលទទួលស្គាល់ការពិត ជាពិសេសសកម្មភាពឈ្លានពានរបស់យោធាខ្លួនមកលើកម្ពុជា។
ក្រសួងការបរទេសកម្ពុជា បានផ្សព្វផ្សាយអំពីដំណើរទស្សនកិច្ចដ៏ជោគជ័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅលើទឹកដីអាមេរិក និងការចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពលើកទី១ ដែលរៀបចំធ្វើនៅទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃអាទិត្យទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្រសួងការបរទេសកម្ពុជា បានរៀបរាប់ រាល់ជំនួបរបស់នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយបណ្តាថ្នាក់ដឹកនាំមួយចំនួន និងមន្ត្រីជាន់ខ្ពស់អាមេរិក។ នៅរាល់ជំនួប ប្រមុខរដ្ឋាភិបាលកម្ពុជាបានលើកឡើងពីកិច្ចសហប្រតិបត្តិផ្នែកសេដ្ឋកិច្ច សន្តិសុខ និងបញ្ហាឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា។ ទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅលើសហរដ្ឋអាមេរិកនឹងជួយឲ្យពិភពលោកដឹងច្បាស់ពីការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជាដែរឬទេ?
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលរស់នៅតាមតំបន់ជាប់ព្រំដែនប្រទេសថៃ ឲ្យប្រុងប្រយ័ត្នចំពោះហានិភ័យនៃគ្រាប់មីន និងសំណល់សង្គ្រាម ដែលបន្សល់ទុកពីជម្លោះព្រំដែនខ្មែរ-ថៃ។ នេះបើតាមសារលិខិតរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ តាមខ្លឹមសារនៃសារលិខិត រដ្ឋាភិបាលកម្ពុជានឹងបង្កើនសកម្មភាពបន្ថែមទៀត ដើម្បីឱ្យកម្ពុជាសម្រេចគោលដៅជាប្រទេស ដែលគ្មានផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
គណៈកម្មាធិការការពារអ្នកសារព័ត៌មាន បានទទូចឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងជាបន្ទាន់អ្នកកាសែតអនឡាញខ្មែរ២នាក់ដែលរងការចោទប្រកាន់ពីបទក្បត់ជាតិ បន្ទាប់ពីអ្នកកាសែតទាំងពីរនេះបានផ្សាយព័ត៌មានទាក់ទិនរឿងជម្លោះព្រំដែនខ្មែរ-ថៃ។ ក្នុងសេចក្តីប្រកាសចុះថ្ងៃទី១២ ខែកញ្ញា គណៈកម្មាធិការការពារអ្នកសារព័ត៌មាន ហៅកាត់ថា CPJ ក៏ថែមទាំងបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់នានាមកលើអ្នកសារព័ត៌មានអនឡាញទាំងពីរនាក់នោះ ហើយត្រូវបញ្ឈប់ការយកច្បាប់ជាធ្នាក់ចាប់ចង និងយាយីអ្នកសារព័ត៌មានជាបន្តទៀត។
រស់នៅក្នុងតំបន់អង្គរ ខេត្ដសៀមរាប លោក រុន នពាន់ បានស្នងជំនាញផលិតគ្រឿងសាស្ដ្រាវុធបុរាណពីជីតា ក្នុងកាលមួយដែលការគាំទ្រមរតកវប្បធម៌មួយនេះមានកាន់តិចទៅៗ។ លោក រុន នព័ន្ធ អះអាងថា ការបន្តអាជីពធ្វើគ្រឿងសាស្ត្រាវុធបុរាណបានក្លាយជាកាព្វកិច្ចមួយ។ យុវជនរូបនេះសង្ឃឹមថា នឹងអាចប្រើប្រាស់ឡដែក កេរមរតកពីជីតា ដើម្បីថែរក្សា អភិរក្សជំនាញដ៏ចំណាស់មួយនេះឱ្យនៅមានជីវិតបន្តទៅទៀត។
សូម៉ាលីលែនដ៍មានចេតនាចង់ឲ្យអាមេរិកចូលទៅធ្វើអាជីវកម្មរ៉ែសំខាន់ៗ និងបង្កើតមូលដ្ឋានទ័ពក្នុងទឹកដីរបស់ខ្លួន។ នេះជាប្រសាសន៍របស់រដ្ឋមន្រ្តីនៃវិមានប្រធានាធិបតីសូម៉ាលីលែនដ៍ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានបារាំង AFP កាលពីថ្ងៃសៅរ៍ ទី២១កុម្ភៈ។ សូម៉ាលីលែនដ៍ជាទឹកដីស្វយ័តមួយនៃប្រទេសសូម៉ាលី ដែលបានប្រកាសឯករាជ្យតែម្នាក់ឯង កាលពីឆ្នាំ ១៩៩១។ នៅចុងខែធ្នូ ឆ្នាំមុន អ៊ីស្រាអែលបានក្លាយជាប្រទេសដំបូងគេបង្អស់ដែលប្រកាសទទួលស្គាល់សូម៉ាលីលែនដ៍ជារដ្ឋឯករាជ្យ ខណៈលោកដូណាល់ ត្រាំនៅរារែក មិនចង់ដើរតាមអ៊ីស្រាអែល។ តើលោកត្រាំនឹងអាចប្តូរចិត្តនៅចំពោះមុខ សំណើគួរឲ្យចាប់អារម្មណ៍របស់សូម៉ាលែនដ៍ដែរឬទេ?
នៅក្នុងខែមករា ឆ្នាំ២០២៦ កម្ពុជាបានចំណាយលុយប្រមាណ ២១៩.៥លានដុល្លារអាមេរិក ដើម្បីទិញនាំចូលទំនិញយុទ្ធសាស្ត្រដូចជា ប្រេងម៉ាស៊ូត ប្រេងសាំង និងហ្គាសពីក្រៅប្រទេស។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅថ្ងៃសុក្រទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។ របាយការណ៍ដដែលបង្ហាញថា ទំហំនៃការនាំចូលទំនិញយុទ្ធសាស្ត្រខាងលើនេះបានកើនឡើងចំនួន ១.៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។