ចាប់តាំងពីឆ្នាំ ២០២៥ មក នៅក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងមនុស្សធម៌មួយ រវាងរុស្ស៊ី និង អ៊ុយក្រែន សាកសពយុទ្ធជនអ៊ុយក្រែន ច្រើនពាន់នាក់ ដែលបានស្លាប់នៅលើសមរភូមិ ត្រូវភាគីរុស្ស៊ីប្រគល់មកអាជ្ញាធរអ៊ុយក្រែនវិញ ជាបន្តបន្ទាប់ ។ រក្សាទុកនៅក្នុងទូររថភ្លើងត្រជាក់ សពយុទ្ធជនខាងលើនេះ កំពុងឆ្លងកាត់នីតិវិធីកំណត់អត្តសញ្ញាណយ៉ាងវែងឆ្ងាយ និង ហ្មត់ចង់ ជាទីបំផុត។ ចំពោះគ្រូពេទ្យជំនាញកោសល្យវិច័យ ការងារនេះ ប្រៀបបាននឹងទង្វើជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់មួយ ។ ពោល គឺបេសកកម្មនេះ មិនគ្រាន់តែជាកាតព្វកិច្ច វេជ្ជសាស្ត្រតែមួយមុខនោះទេ តែជានិមិត្តរូប នៃការផ្តល់តម្លៃ និង សេចក្តីថ្លៃថ្នូរ ចំពោះមនុស្សជាតិ ដូចគ្នា ។
វត្ថុបុរាណខ្មែរចំនួន ៧៦រូបបន្ថែមទៀត ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ក្រោយពីក្រសួងវប្បធម៌បានទាមទារពីគ្រួសារលោក ឌូគ្លាស ឡាចហ្វដ (Douglas Latchford)។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ វត្ថុបុរាណខ្មែរទាំងនោះសុទ្ធសឹងជាវត្ថុ ដែលបានសាងចេញពីថ្មភក់ និងលោហធាតុ ដែលមានអាយុកាលមុនសម័យអង្គរ និងក្នុងអំឡុងសម័យអង្គរ។
កាលពីឆ្នាំ២០២៥ មានពលរដ្ឋយ៉ាងតិចណាស់ចំនួន ៨២នាក់ត្រូវបានចោទប្រកាន់ និង ចាប់ឃុំខ្លួន បន្ទាប់ពីអ្នកទាំងនោះបានបញ្ចេញមតិ និងបង្ហាញការយល់ឃើញរបស់ពួកគេនៅលើបណ្តាញសង្គម អំពីរឿងជាច្រើន ក្នុងនោះក៏មានជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមរបាយការណ៍របស់អង្គការការសិទ្ធិមនុស្សលីកាដូ។ ចំពោះលីកាដូ ឆ្នាំ២០២៥ ជាឆ្នាំដ៏អាប់អួរចំពោះសេរីភាពបញ្ចេញមតិ។
បន្ទាប់ពីមានការវាយប្រហារនិងផ្ទុះអាវុធដាក់គ្នាជាថ្មីនៅតាមព្រំដែន នៅថ្ងៃសុក្រទី២៧កុម្ភៈ២០២៦ រដ្ឋាភិបាលប៉ាគីស្ថាន បានប្រកាសជាលើកទីមួយ ធ្វើសង្គ្រាមជាមួយអាជ្ញាធរតាលីបង់ តែម្តង។ យោធាប៉ាគីស្ថាន បានបញ្ជូនយន្តហោះចម្បាំងចេញទៅទម្លាក់គ្រាប់លើទីតាំងនិងក្រុងធំៗជាច្រើនរបស់អាហ្វហ្កានីស្ថាន។
ជនសង្ស័យដែលជាជនបរទេសសរុបជាង ១០០នាក់ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ឃាត់ខ្លួន ត្រឹមពេលតែ ២ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី២៥ និង២៦ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងចំណោមជនសង្ស័យជាជនបរទេសទាំងជាង ១០០នាក់នេះ មាន ៨១នាក់ ត្រូវបានចាប់ខ្លួនក្នុងខណ្ឌច្បារអំពៅ និង២១នាក់ផ្សេងទៀត នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងជាកុំព្យូទ័រ និងទូរស័ព្ទដៃជាច្រើនរយគ្រឿងដែរ។ ញឹម សុផលរាយការណ៍ព័ត៌មាននេះ
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងវប្បធម៌កម្ពុជាអះអាងថា កម្ពុជាមិនបានយកទីតាំងប្រាសាទព្រះវិហារធ្វើជាមូលដ្ឋានយោធា ដើម្បីតតាំងក្នុងសមរភូមិជាមួយថៃនៃជម្លោះព្រំដែនទេ។ ការចេញមុខអះអាងរបស់ក្រសួងវប្បធម៌កម្ពុជានាពេលនេះ គឺបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក ភួងកេតកែវ បានប្រាប់ទៅតំណាងអង្គការយូណេស្កូកាលពីពេលថ្មីៗនេះថា កម្ពុជាបានប្រើប្រាស់ប្រាសាទបុរាណមួយនេះ ដើម្បីឈរជើង និងស្តុកអាវុធសង្គ្រាម។
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការរាយការណ៍ណាមួយពាក់ព័ន្ធនឹងការរកឃើញមីនប្រឆាំងមនុស្សនៅតាមបណ្តោយព្រំដែន ត្រូវធ្វើឡើងដោយភាពប្រុងប្រយ័ត្ន មានភាពច្បាស់លាស់ និងប្រកបដោយទំនួលខុសត្រូវ។ នេះជាប្រតិកម្មរបស់អាជ្ញាធរមីនទៅនឹងសេចក្តីរាយការណ៍ព័ត៌មានរបស់ភាគីថៃ ដែលថាកងទ័ពជើងទឹកថៃបានរកឃើញគ្រាប់មីនប្រឆាំងមនុស្សថ្មីៗបន្ថែមទៀតនៅតាមព្រំដែន។
នៅថ្ងៃព្រហស្បតិ៍ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញ មានភ្លៀងកក់ខែមួយមេធំបានធ្លាក់លើតំបន់មួយចំនួននៃប្រទេសកម្ពុជា។ ភ្លៀងកក់ខែនេះ បានបង្កផលលំបាកដល់ពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅជំរំជនភៀសសឹកបណ្តោះអាសន្ន ក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃសុក្រ ទី២៧កុម្ភៈនេះ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យលោក លី សុវណ្ណារិទ្ធ បានឲ្យដឹងថា ភ្លៀងកក់ខែមួយមេធំកាលពីម្សិលមិញបានធ្វើឲ្យកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់ពលរដ្ឋមួយចំនួនត្រូវលិច និងមានភក់ជ្រាំ។ តាមលោក លី សុវណ្ណារិទ្ធ អាជ្ញាធរខេត្តបាន និងកំពុងរៀបចំកន្លែងសុវត្ថិភាពថ្មី ដែលស្ថិតនៅក្បែរនោះ ដើម្បីសម្រួលស្ថានភាពរស់នៅដល់ពលរដ្ឋភៀសសឹក។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ បានប្រាប់ទៅអភិបាលខេត្តព្រះវិហារ ឲ្យបន្តផ្សព្វផ្សាយ និងអនុវត្តប្រកបដោយតម្លាភាព បញ្ឈប់ និងមោឃភាពរាល់លិខិតបញ្ជាក់ការកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ។ សំណើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដូច្នេះ ធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងការកាន់កាប់ដីនៅក្នុងខេត្តព្រះវិហារ ដែលប៉ះពាល់ដល់តំបន់ការពារធម្មជាតិ។ មន្ត្រីអង្គការសង្គមស៊ីវិលសម្តែងនូវការសាទរ និងស្នើឲ្យមានចំណាត់ការដូចនេះ នៅតាមខេត្តផ្សេងៗទៀត ដែលមានតំបន់ការពារធម្មជាតិ និងព្រៃឡង់។
ក្នុងបរិបទនៃភាពតានតឹងកាន់តែខ្លាំងឡើងៗជាមួយសហរដ្ឋអាមេរិក គុយបាប្រកាសស្ទាក់ចាប់បាននាវាពាក់ស្លាកលេខរដ្ឋផ្លរីដា និងកម្ចាត់ក្រុមប្រដាប់អាវុធអាមេរិកបាន៤នាក់ នៅក្នុងដែនទឹកគុយបា។ បើតាមឡាហាវ៉ាន ក្រុមប្រដាប់អាវុធមកពីសហរដ្ឋអាមេរិកនេះ ប៉ុនប៉ងជ្រៀតចូលប្រទេសគុយបា ដើម្បីធ្វើភេរវកម្ម។
នៅក្នុងខណៈពេលដែលការចរចារជាមួយអាមេរិក ហាក់មិនលឿនទៅមុខ ហើយលោកដូណាល់ ត្រាំកាន់តែដាក់សម្ពាធ ដោយបញ្ជូននាវាផ្ទុកយន្តហោះធំទី២ ទៅតំបន់ដើមបូព៌ា អ៊ីរ៉ង់កំពុងពន្លឿនការចរចាទិញសព្វាវុធពីប្រទេសចិន។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters នៅដើមសប្តាហ៍នេះ អ៊ីរ៉ង់ចរចាជិតបានសម្រេចដើម្បីទិញមីស៊ីលអ៊ីពែរសូនិករបស់ចិន ដែលមានសមត្ថភាពបាញ់បំផ្លាញនាវាចម្បាំង។
ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត នៅថ្ងៃពុធទី២៥ ខែកម្ភៈ ឆ្នាំ២០២៦ បានបញ្ជាឱ្យគ្រប់ក្រសួងស្ថាប័នរដ្ឋាភិបាល រួមគ្នារៀបចំផែនការជាក់លាក់ ដើម្បីទប់ស្កាត់គ្រឿងញៀននៅទូទាំងប្រទេស។ បទបញ្ជារបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូច្នេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលប្រកាសបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ ក្នុងឆ្នាំ២០២៦នេះ។
រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ អះអាងថា ក្នុងឆ្នាំ២០២៥កន្លងទៅ ពលរដ្ឋខ្មែរជាង ១០,៧លាននាក់ មានការងារធ្វើ ពោលគឺកើនឡើងប្រមាណ ៨០ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២៤។ អតីតពលករចំណាកស្រុកខ្មែរ ដែលធ្វើការនៅឯប្រទេសថៃចំនួនជាង ៦២ម៉ឺននាក់ ក្នុងចំណោមពលករខ្មែរវិលមកកម្ពុជាវិញជាង ៩៩ម៉ឺននាក់ ក៏ទទួលបានការងារផងដែរ។ បើតាម រដ្ឋមន្រ្តីក្រសួងការងារ ការទទួលបានការងាររបស់ពលករខ្មែរ គឺជាកត្តាជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ពលរដ្ឋខ្មែរ ជាង ៧៣ម៉ឺននាក់ បានចុះ ឈ្មោះចូលជាសមាជិកប្រើប្រាស់បណ្ណបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) នៅឆ្នាំ២០២៥ ដែលធ្វើឲ្យអ្នកទទួលប្រយោជន៍ពីបណ្ណនេះមានរហូតដល់ជាង ៣លាននាក់ គិតមកត្រឹមឆ្នាំ២០២៦នេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ប.ស.ស ចេញផ្សាយនៅថ្ងៃពុធទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកបង់វិភាគទានបានកើនជាង ២២% ស្របពេលដែលការទូទាត់ថ្លៃព្យាបាលដល់សមាជិក ប.ស.ស និងមន្ទីរពេទ្យក៏បានកើនក្នុងរង្វង់ ២៥%។ មេដឹកនាំសហជីពខ្លះយល់ថា រដ្ឋាភិបាលគួរតែបង្ហាញរបាយការណ៍វិភាគទានរបស់ពលរដ្ឋប្រកបដោយតម្លាភាពផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ស៊ីហាស័ក ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានចោទសួរថា តើកម្ពុជាចង់បានសន្តិភាព ឬចង់បានជម្លោះ ដែលធ្វើឲ្យមានការបាត់បង់ និងការឈឺចាប់? សាររបស់ប្រមុខការទូតថៃ នៅលើវេទិការបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ត្រូវអ្នកឃ្លាំមើលយកមកវែកញែក ថា ជាការគំរាមកំហែងដោយត្រង់ៗ គ្មានលាក់លៀម មកលើកម្ពុជា។ ប៉ុន្តែ ជាមួយគ្នានេះ បើតាមអ្នកវិភាគ ថៃក៏ឆ្លៀតប្រើវេទិការបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ដើម្បីបង្ហាញប្រាប់ពិភពលោកថា ខ្លួនគឺជាជនរងគ្រោះ និងចង់បានសន្តិភាពជាមួយកម្ពុជា។
គណៈកម្មការរៀបចំការបោះឆ្នោតថៃបានប្រកាសបញ្ជាក់លទ្ធផលផ្លូវការនៃការបោះឆ្នោត នៅថ្ងៃពុធទី២៥កុម្ភៈ២០២៦ម្សិលមិញ។ នៅថ្ងៃព្រហស្បតិ៍ទី២៦កុម្ភៈនេះ គណបក្សប្រាឆាឈុន ដែលគាំទ្រដោយយុវជនថៃភាគច្រើន និងដែលបានឈ្នះឆ្នោតលំដាប់ទីពីរ បានដាក់ពាក្យបណ្តឹង ទៅតុលាការព្រហ្មទណ្ឌ ប្រឆាំងនឹងអ្នកទទួលខុសត្រូវនៃគណៈកម្មការរៀបចំការបោះឆ្នោតចំនួន៩រូប ពីបទរំលោភច្បាប់បោះឆ្នោត។
លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានធ្វើដំណើរទៅទស្សនកិច្ចនៅអ៊ីស្រាអែល កាលពីថ្ងៃពុធទី២៥កុម្ភៈ។ ជាទស្សនកិច្ចលើកទី២ ដែលលោកម៉ូឌី អះអាងថា ដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម និងការពារជាតិ រវាងឥណ្ឌានិងអ៊ីស្រាអែល។
លោកប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បានអញ្ជើញទៅដល់ក្រុងប៉េកាំងនៅថ្ងៃពុធទី២៥កុម្ភៈ ក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចផ្លូវការ ពីរថ្ងៃ ជាលើកទីមួយ គិតចាប់តាំងពីលោកបានក្លាយនាយករដ្ឋមន្ត្រីអាល្លឺម៉ង់។ អមដំណើរដោយប្រតិភូឧស្សាហកម្មសំខាន់ៗដ៏ច្រើនសន្ធឹកសន្ធាប់ដូចសម័យលោកស្រីអង់ហ្គឺឡាមែរកិល លោកប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់បានបន្តឹងសំឡេងដាក់ចិន ដើម្បីតម្រែតម្រង់ទំនាក់ទំនងសេដ្ឋកិច្ចឱ្យបានត្រឹមត្រង់នឹងគ្នាល្អ។
ដូចតាមទម្លាប់មួយឆ្នាំម្តង លោកប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវឡើងថ្លែងសុន្ទរកថា អំពី “ស្ថានភាពសហព័ន្ធ” នៅចំពោះមុខអង្គសភាខុនហ្ក្រេស។ នៅក្នុងសុន្ទកថាជិត២ម៉ោង កាលពីថ្ងៃទី២៤កុម្ភៈ លោកដូណាល់ ត្រាំ បានថ្លែងសរសើរខ្លួនឯងដូចសព្វមួយដង និងបានប្រកាសអះអាងថា អ៊ីរ៉ង់កំពុងគំរាមសហរដ្ឋអាមេរិក តាមរយៈអាវុធមីស៊ីលនិងនុយក្លេអ៊ែរ។
យប់ថ្ងៃអង្គារ ឆ្លងចូលថ្ងៃ ពុធ ទី ២៥ កុម្ភៈ មានករណីបំផ្ទុះគ្រាប់បែកមួយ បានកើតឡើងនៅក្បែរស្ថានីយរថភ្លើង Saviolovo ស្ថិតនៅក្នុងទីក្រុងម៉ូស្គូ ។ ការវាយប្រហារថ្មីនេះ បានបង្កឲ្យនគរបាលរុស្ស៊ីម្នាក់បានស្លាប់ និង ២ នាក់ទៀត រងរបួស ។
នៅក្នុងសម័យប្រជុំលើកទី៦១របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកប្រាក់ សុខុន បានផ្តល់បទអន្តរាគមន៍អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការទន្ទា្រនចូលទឹកដីកម្ពុជា ពីសំណាក់យោធាថៃ ក្រោយពីមានការប្រកាសបទឈប់បាញ់លើកទីពីរ កាលពីខែធ្នូ ឆ្នាំ២០២៥។ វត្តមានរបស់ លោក ប្រាក់ សុខុន នៅទីក្រុងហ្សឺណែវ ជាផ្នែកមួយនៃបេសកកម្មការទូតរបស់រដ្ឋាភិបាលកម្ពុជា ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានធ្វើទស្សនកិច្ចរយៈពេលជិត ២សប្តាហ៍នៅសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប ដើម្បីថ្លែងពីការរំលោភបំពានរបស់ថៃមកលើទឹកដីកម្ពុជា។ អ្នកតាមដានស្ថានការណ៍កម្ពុជានានាបានមើលឃើញថា យុទ្ធនាការការទូតរបស់កម្ពុជា នៅពេលនេះ ជាជម្រើសដ៏ត្រឹមត្រូវ ដើម្បីឲ្យពិភពលោកបានដឹងកាន់តែច្បាស់អំពីទង្វើឈ្លានពានរបស់ភាគីថៃ៕
ជនជាតិកេនយ៉ាជាង ៦០០នាក់ ត្រូវបានល្បួងឱ្យធ្វើដំណើរមកកម្ពុជា តាមរយៈការសន្យាផ្តល់ការងារ។ ប៉ុន្តែជាក់ស្តែង ពួកគេត្រូវបានឃុំខ្លួន និងបង្ខំឲ្យធ្វើការនៅមជ្ឈមណ្ឌលឆបោកអនឡាញនៅពេលមកដល់កម្ពុជា។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters កាលពីថ្ងៃអង្គារទី ២៤កុម្ភៈ ជនជាតិកេនយ៉ាដែលតាំងខ្លួនជាជនរងគ្រោះទាំងនោះកំពុងអំពាវនាវសុំឱ្យរដ្ឋាភិបាលកេនយ៉ា ជួយអន្តរាគមន៍ ដើម្បីនាំពួកគេត្រឡប់ទៅប្រទេសកំណើតវិញ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានអំពាវនាវជាថ្មីម្តងទៀតឲ្យភាគីថៃគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ឲ្យបានពេញលេញដោយដកកងទ័ពរបស់ខ្លួនចេញពីទឹកដីកម្ពុជា។ ការអំពាវនាវរបស់ប្រមុខការទូតកម្ពុជាដូចនេះ ធ្វើឡើងអំឡុងពេលដែលលោកថ្លែងបទអន្តរាគមន៍មួយនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ បើតាមប្រមុខការទូតកម្ពុជា មានតែការគោពច្បាប់អន្តរជាតិប៉ុណ្ណោះ ទើបកម្ពុជានិងថៃអាចរស់នៅជាមួយគ្នាដោយសន្តិភាព។
ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញបានបន្តឃុំខ្លួនជនជាតិចិនចំនួន ៤នាក់ ក្រោមបទចោទពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ។ ជនជាតិចិនចំនួន ៤នាក់នេះ បានស្ថិតនៅក្នុងចំណោមជនឆបោកក្នុងសំណុំរឿងឆបោកតាមប្រព័ន្ធអនឡាញជាង៥០០នាក់ ដែលតុលាការកម្ពុជាបានចាត់វិធានការច្បាប់ ក្នុងរយៈពេល ៨ខែកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយរបស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.)នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
ផ្ទៃដីកម្ពុជាសរុបទំហំ ៧៦០ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រចំនួន ៣នៃខេត្តបន្ទាយមានជ័យ កំពុងត្រូវបានកងទ័ពថៃឈរជើងកាន់កាប់ដោយខុសច្បាប់ និងបានបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ ក្រោយបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។ នេះជាការបញ្ជាក់របស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យទៅកាន់មន្ត្រីទូតបរទេស និងអង្គការអន្តរជាតិនានា អំឡុងពេលដែលពួកគេ ចុះពិនិត្យទីតាំងភូមិបឹងត្រកួន ភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យកាលពីពេលថ្មីៗនេះ។
សហភាពអង្គការសង្គមស៊ីវិលចំនួន ៦០ស្ថាប័ន ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល បានដាក់ញត្តិទៅលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើឲ្យចាត់វិធានការដកសញ្ជាតិខ្មែរពីមេដឹកនាំនយោបាយប្រឆាំងនៅក្រៅប្រទេសលោក សម រង្ស៊ី ក្រោមហេតុផល ការបង្កើត «រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា»។ អ្នកនាំពាក្យរដ្ឋាភិបាលរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោក គឹម សុខ បានចាត់ទុកសកម្មភាពនេះ ថាជាសេណារីយ៉ូនយោបាយរបស់គណបក្សកាន់អំណាច និងថា សកម្មភាពរបស់ក្រុមលោកគឺស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។
ក្រសួងការពារជាតិកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានបដិសេធការចោទប្រកាន់របស់ភាគីថៃដែលថា កងទ័ពកម្ពុជាបានប្រើប្រាស់អាវុធ បាញ់គ្រាប់បែកខ្នាត ៤០មីលីម៉ែត្រ ចូលទៅតំបន់ក្បែរចំណុចល្បាតរបស់ថៃ ក្នុងខេត្តព្រះវិហារ។ យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃទី២៤កុម្ភៈនេះ អ្នកនាំពាក្យកងទ័ពភូមិន្ទថៃនិយាយថា កងទ័ពថៃបានប្រើអាវុធប្រភេទM79 ដើម្បីឆ្លើយតបមកនឹងករណីផ្ទុះគ្រាប់ពីភាគីកម្ពុជា។ យើងស្តាប់ ស៊ឹម ចាន់សំណាង៖
លោក Loïc Nervi គឺជាអ្នកធ្វើនំប៉័ងជនជាតិបារាំងម្នាក់ ដែលបានស្ម័គ្រចិត្តធ្វើដំណើរទៅដល់ប្រទេសអ៊ុយក្រែន ដើម្បីដុតនំប៉័ងបរិច្ចាគជូន ប្រជាជនអ៊ុយក្រែន ដោយឥតគិតថ្លៃ ។ មានរហស្សនាមថា « អ្នកដុតនំប៉័ង គ្មានព្រំដែន » បុរសចិត្តទូលាយរូបនេះ សុខចិត្តចាកចោលប្រពន្ធកូនមួយរយៈ និង ពុះពារគ្រប់ឧបសគ្គ ដើម្បីផ្គត់ផ្គង់ចំណីអាហារ ជួយស្រោចស្រង់ជីវិតប្រជាជនអ៊ុយក្រែនច្រើនពាន់នាក់ នៅក្នុងទីក្រុង កៀវ ។
ថ្ងៃទី២៤កុម្ភៈ សង្គ្រាមឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន បានគ្រប់៤ឆ្នាំហើយ។ ជាសង្គ្រាមដែលបានធ្វើឲ្យប្រែប្រួលទាំងស្រុង ដល់កត្តាសន្តិសុខ និងនយោបាយការបរទេសអឺរ៉ុប ក៏ដូចជាក្នុងពិភពលោកទាំងមូល។ ខុសពីការមាក់ងាយរបស់លោកពូទីន ដែលថារុស្ស៊ីនឹងវាយផ្តួលរំលំអ៊ុយក្រែនក្នុងរយៈពេលតែ៣ថ្ងៃ តែ៤ឆ្នាំមកនេះ អ៊ុយក្រែនបានតស៊ូយ៉ាងអង់អាចក្លាហាន ដើម្បីការពារទឹកដីនិងអធិបតេយ្យភាពរបស់ខ្លួន។ តែទន្ទឹមនឹងនេះ នៅក្នុងសង្គ្រាម៤ឆ្នាំមកនេះ ប្រជាជនអ៊ុយក្រែនបានរស់រងទុក្ខវេទនា ស្លាប់ និងរបួសច្រើនម៉ឺននាក់។
ចិនសម្រេចដាក់ទណ្ឌកម្មធ្ងន់ៗលើស្ថាប័ន និងក្រុមហ៊ុនជប៉ុន ចំនួន៤០ ដែលចិនចោទថា បានចូលរួមជួយសហការដើម្បីពង្រឹងអំណាចយោធារបស់រដ្ឋាភិបាលក្រុងតូក្យូ។ ចំណាត់ការរបស់ក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃអង្គារទី ២៤កុម្ភៈ ធ្វើឡើង នៅប៉ុន្មានសប្តាហ៍ក្រោយ រដ្ឋាភិបាលក្រុងប៉េកាំងទើបប្រកាសហាមមិនឲ្យប្រជាជនចិនធ្វើដំណើរកំសាន្តទៅលេងប្រទេសជប៉ុន។ ចិនដាក់សម្ពាធលើជប៉ុន ក៏ព្រោះតែលោកស្រីនាយករដ្ឋមន្រ្តី សាណាអេ តាកាអ៊ីឈិ ប្រកាសលូកដៃអន្តរាគមន៍ក្នុងករណីមានការវាយប្រហារទៅលើកោះតៃវ៉ាន់ ដែលចិនចាត់ទុកជាដែនដីមួយរបស់ចិន។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាស័ក្ត ភួងកេតកែវ បានជួបជាមួយរដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ ណូអែលបារ៉ូ(Jean-Noël Barrot) និងបានថ្លែងកោតសរសើរជំហរមិនលម្អៀងរបស់រដ្ឋាភិបាលបារាំងក្នុងបញ្ហាព្រំដែនកម្ពុជា និងថៃ។ អ្នកវិភាគនយោបាយវាយតម្លៃថា រដ្ឋមន្ត្រីការបរទេសថៃ កំពុងប្រើយុទ្ធសាស្ត្រការទូតយ៉ាងស៊ីជម្រៅ ដើម្បីពង្រឹងឥទ្ធិពលរបស់ថៃនៅលើឆាកអន្តរជាតិ ជាពិសេសក្នុងការដោះស្រាយបញ្ហាតំបន់ ដ៏រសើបដូចជា ជម្លោះព្រំដែនរវាងថៃ និងកម្ពុជា។
កម្ពុជាតាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កាលពីថ្ងៃចន្ទទី២៣ កុម្ភៈ ឆ្នាំ២០២៦ បានបញ្ជូនកំណត់ទូតជាថ្មីម្តងទៀតទៅគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ភាគីថៃ។ សេចក្តីប្រកាសព័ត៌មានចេញផ្សាយថ្ងៃអង្គារ ទី២៤កុម្ភៈ បានលើកឡើងថា នៅក្នុងកំណត់ទូត កម្ពុជាស្នើឲ្យរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ នៅអំឡុងសប្តាហ៍ទីពីរ នៃខែមីនា ឆ្នាំ២០២៦។
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានចេញមុខអន្តរាគមន៍ចំពោះប្រតិកម្មរបស់ពលរដ្ឋខ្មែរឥស្លាមជុំវិញកម្មវិធីបុកល័ក្ត ក្នុងពិធីអាពាហ៍ពិពាហ៍មួយ កាលពីពេលថ្មីៗនេះ។ ក្នុងសំណេរដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុក លោក ហ៊ុន សែនបានបញ្ជាក់ថា លោកមិនចង់ឃើញឡើយជម្លោះរវាងពលរដ្ឋខ្មែរ និងខ្មែរឥស្លាមទាក់ទិននឹងពិធីមួយនេះ។ តែអ្នកសំដែងក៏ត្រូវតែពិនិត្យលើការប្រើប្រាស់ពាក្យសំដី ដែលអាចធ្វើឱ្យប៉ះពាល់ដល់ព្រះក្នុងសាសនាឥស្លាម។