ក្រុមអង្គការសង្គមស៊ីវិលចំនួនចំនួនជាង ២០អង្គការ សមាគម បានចេញលិខិតចំហររួមគ្នាមួយ បញ្ជាក់អំពីជំហរបន្តរៀបចំទិវាសិទ្ធិនារីអន្តរជាតិនៅទីលានប្រជាធិបតេយ្យ នាថ្ងៃទី៨មីនាស្អែកនេះ។ អាជ្ញាធររាជធានីភ្នំពេញក៏បានបញ្ជាក់ពីជំហររបស់ខ្លួនដដែល គឺមិនអនុញ្ញាតឲ្យមានការជួបជុំ។ តែក្រុមអង្គការសង្គមស៊ីវិល យល់ថាការលើកឡើងរបស់អាជ្ញាធរ ក្រោមហេតុផលមិនច្បាស់លាស់។
សង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបញ្ឆេះឡើងដោយអាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ បានឈានចូលសប្តាហ៍ទី២ហើយ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់ឲ្យ អ៊ីរ៉ង់ ទម្លាក់អាវុធសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ និងថា បើពុំដូច្នោះទេ គ្មានឡើយការចរចាបញ្ចប់សង្គ្រាម។ តែ អ៊ីរ៉ង់ បានប្រកាសប្តេជ្ញាតស៊ូប្រយុទ្ធដល់តំណក់ឈាមចុងក្រោយ។
អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងក្រសួងពាណិជ្ជកម្ម(ក.ប.ប.) លោក គឹម មាសសុខសីហា បានបញ្ជាក់ថា គិតត្រឹមម៉ោង ២រសៀល ថ្ងៃទី៧ ខែមីនានេះ ស្ថានីយ៍ និងដេប៉ូលក់ប្រេងចំនួនជាង ២០០កន្លែង បានដាក់តម្លៃលក់តាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម ខណៈដេប៉ូចំនួន ៥៤កន្លែង បានបិទទ្វារ ក្រោមហេតុផល គ្មានប្រេងផ្គត់ផ្គង់។ តាម ក.ប.ប. ចំពោះដេប៉ូលក់ប្រេងឥន្ទនៈ ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមពីការលក់ឡើងថ្លៃនោះ បានបិទទ្វារមិនដំណើរការឡើយ។
លោកទេសរដ្ឋមន្ត្រី អៀង មូលី ដែលជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងនៅក្នុងសេចក្តីប្រកាសមួយថា ថៃបានបកស្រាយខុសពីការពិត ជុំវិញភាពជាកម្មសិទ្ធិនៃតំបន់មួយចំនួនតាមព្រំដែនកម្ពុជា និងថៃ ដែលពលរដ្ឋខ្មែរធ្លាប់យកធ្វើជាជំរំ នៅពេលពួកគេភៀសខ្លួនពីការវាយប្រយុទ្ធគ្នារវាងភាគីជម្លោះក្នុងសម័យសង្គ្រាមស៊ីវិលកម្ពុជា។ លោកបានអះអាងថា ជំរំរបស់ជនភៀសខ្លួនខ្មែរនៅតាមព្រំដែនខ្មែរ-ថៃ ទាំងអស់នោះគឺជាទឹកដីរបស់ខ្មែរទាំងអស់ ពោលតំបន់ទាំងនោះមិនមែនជាទឹកដីថៃ ដូចការអះអាងរបស់អ្នកនយោបាយថៃខ្លះនោះឡើយ។
សង្រ្គាមនៅមជ្ឈិមបូព៌ាបានឈានចូលថ្ងៃទី៨។ គិតត្រឹមថ្ងៃសៅរ៍ ទី៧ មីនា ការប្រយុទ្ធគ្នារវាងកងទ័ពអាមេរិក-អ៊ីស្រាអែល និងកងទ័ពឆ្នាំបដិវត្តអ៊ីរ៉ង់ បានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់១៥០០នាក់ និងចំណាយប្រាក់អស់ប្រមាណ ជាង ៦ពាន់លានដុល្លារ។ ក្រៅពីបំផ្លាញទីតាំងយោធា សង្រ្គាមនេះក៏បានធ្វើឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនកន្លែង។
យោងតាមកិច្ចព្រមព្រៀងកាលពីចុងឆ្នាំ២០២៥ ក្រុមហ៊ុននាំអង្ករចេញរបស់កម្ពុជា អេមរុរ៉ាយស៍(Amru Rice) និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានធ្វើពិធីជានិម្មិតរូបមួយ ដើម្បីនាំចេញអង្ករក្រអូបប្រណីតផ្កាម្លិះចំនួន ៤០០តោន ទៅកាន់ក្រុមហ៊ុនអូស្រ្តាលី Green Group ។ កិច្ចព្រមព្រៀងនាំអង្ករកម្ពុជាចេញទៅអូស្ត្រាលីពេលនេះ ត្រូវគេមើលឃើញថាជាផ្នែកមួយជួយជំរុញដល់កំណើនទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអូស្ត្រាលី។
ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ត្រូវគេដឹងថាគឺជាទីកន្លែងទាក់ទាញ ស្រូបយកប្រាក់មូលធនសកម្ម ឬភាគហ៊ុនវិនិយោគយ៉ាងច្រើនសន្ធឹក ពីបណ្តាមហាសេដ្ឋីនានាទូទាំងពិភពលោក ជាពិសេសក្រុមមហាសេដ្ឋកិច្ចជនជាតិអាស៊ី។ ក៏ប៉ុន្តែប្រឈមនឹងវិបត្តិសង្គ្រាមនៅតំបន់ដើមបូព៌ាក្នុងពេលនេះ គេសង្កេតឃើញថា មានមហាសេដ្ឋីអាស៊ីជាច្រើននាក់ ដែលភ័យបារម្ភ ហើយចង់ដកប្រាក់ចេញ យកទៅទុកនៅទីកន្លែងផ្សេងដែលមានសុវត្ថិភាព ដូចជានៅសិង្ហបុរី ឬនៅហុងកុងជាដើម។
ក្នុងដំណើរទស្សនកិច្ចរបស់លោក ម៉ាក ខានី នាយករដ្ឋមន្ត្រីកាណាដា នៅប្រទេសជប៉ុន រដ្ឋាភិបាលទីក្រុងតូក្យូនិងអូតាវ៉ា បានសម្រេចចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ច សន្តិសុខ និងយោធា។ លោកស្រី តាកាអ៊ីជី សាណាអេ នាយករដ្ឋមន្ត្រីជប៉ុន និងសមភាគីកាណាដា ក៏បានលើកឡើងអំពីជំហរប្រទេសរៀងៗខ្លួន ចំពោះសង្គ្រាមដ៏ក្តៅគគុកនៅអ៊ីរ៉ង់។
វត្ថុបុរាណខ្មែរចំនួន ៧៤រូប ដែលមានអាយុកាលចាប់ពីសម័យមុនអង្គរ និងសម័យអង្គរត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ វត្ថុបុរាណទាំងនេះត្រូវបានក្រសួងវប្បធម៌កម្ពុជាទាមទារពីគ្រួសារអ្នកជួញដូរសិល្បៈបុរាណ លោក ឌូគ្លាស ឡាចហ្វដ Douglas Latchford។ លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរបញ្ជាក់ថា បច្ចុប្បន្ន វត្ថុបុរាណទាំងនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់អ្នកជំនាញនៅសារមន្ទីរជាតិកម្ពុជា មុននឹងដាក់តាំងបង្ហាញជាសាធារណៈដើម្បីឲ្យប្រជាពលរដ្ឋ និងអ្នកស្រាវជ្រាវបានសិក្សាអំពីតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌របស់ខ្មែរ។
គិតត្រឹមព្រឹកថ្ងៃសុក្រទី៦មីនា សង្គ្រាមនៅអ៊ីរ៉ង់បន្តក្តៅគគុក ហើយបានឈានចូលដំណាក់កាលថ្មី។ កងទ័ពអាមេរិកនិងអ៊ីស្រាអែល បញ្ជាក់ថាកំពុងសំរុកបាញ់ប្លោងគ្រាប់ វាយប្រហារកាន់តែខ្លាំងឡើង និងជាពិសេសទៅលើទីតាំងនយោបាយអំណាច នៃរបបអ៊ីស្លាមផ្តាច់ការអ៊ីរ៉ង់។
ប្រទេសកម្ពុជាបានបន្តបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុងហ្សឺណែវប្រទេសស្វ៊ីសដើម្បីចូលរួមសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងបំពេញបេសកកម្មសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី២ ដល់ទី៥ ខែមីនា ឆ្នាំ២០២៦។ បេសកកកម្មរបស់គណៈប្រតិភូ ដែលដឹកនាំដោយលោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ធ្វើឡើងក្នុងគោលបំណងបង្ហាញពីស្ថានភាពពិតជាក់ស្តែងនៃព្រំដេនកម្ពុជា-ថៃ ដែលបានប៉ះពាល់ដល់សិទ្ធិមនុស្ស។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ គណៈប្រតិភូអន្តរស្ថាប័ន បានជួបជាមួយភាគីពាក់ព័ន្ធចំនួន២៩ ក្នុងនោះមានប្រទេសជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងអ្នករាយការណ៍ពិសេសទទួលបន្ទុកវិស័យសិទ្ធិមនុស្សជាដើម។ លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានថ្លែងពីទីក្រុងហ្សឺណែវមកថា តាមរយៈជំនួបជាមួយគណៈប្រតិភូកម្ពុជា ភាគីពាក់ព័ន្ធនានាបានសម្តែងនូវការស្វាគមន៍ និងផ្តល់នូវទស្សនៈល្អៗ នៅក្នុងដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្ម និងអំពើពុករលួយ (OCCRP) បានចេញផ្សាយរបាយការណ៍មួយដោយរកឃើញថា លោក យ៉ាង ចៀន (Yang Jian) បក្ខពួកក្នុងសម្ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញមានអចលនទ្រព្យយ៉ាងហោច ១៧លានដុល្លារនៅក្នុងប្រទេសអង់គ្លេស។ លោក យ៉ាង ចៀន ជាមនុស្សម្នាក់ស្និទ្ធនឹងអតីតអ្នកឧកញ៉ាខ្មែរ ដើមកំណើតចិន លោក ចេន ហ្ស៊ី ដែលត្រូវបានអាជ្ញាធរខ្មែរបញ្ជូនទៅឱ្យរដ្ឋាភិបាលចិនកាលពីដើមខែមករា ឆ្នាំ២០២៦។
ការបោសសម្អាតមជ្ឈមណ្ឌលឆបោកអនឡាញនៅកម្ពុជាគឺជារឿងពិបាកទៅរួច។ ពិបាកទៅរួច ព្រោះបណ្តាញឆបោកអនឡាញមានភាពបត់បែនខ្ពស់ និងអាចផ្លាស់ទីកន្លែងបានយ៉ាងឆាប់រហ័ស។ នេះជាខ្លឹមសារដែលចុះផ្សាយដោយកាសែត Bloomberg នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។ ម្យ៉ាងទៀត និងបើតាម Bloomberg ដដែល កម្ពុជាក៏កំពុងស្ថិតនៅក្រោមសម្ពាធនៃការអនុវត្តយុទ្ធនាការបោសសម្អាតមជ្ឈមណ្ឌលអនឡាញឱ្យអស់នៅត្រឹមខែមេសា ឆ្នាំ២០២៦ ខាងមុខដែរ។
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនាថ្ងៃ ព្រហស្បតិ៍ ទី ៥ មីនា អំពីការចាប់ផ្តើមប្រតិបត្តិការ ដោះដូរឈ្លើយសឹកជាមួយអ៊ុយក្រែន ក្នុងចំនួន ២០០ នាក់ ទល់នឹង ២០០ នាក់ ។ ផ្អែកតាមវិមានក្រេមឡាំង ចំណាប់ខ្មាំងចំនួន ៣០០ នាក់បន្ថែមទៀត នឹងត្រូវភាគីទាំងពីរ ដោះដូរគ្នា នៅក្នុងថ្ងៃ សុក្រ ទី ៦ មីនា នេះ ។
នៅថ្ងៃព្រហស្បតិ៍ ទី៥ មីនានេះ អ៊ីរ៉ង់បានប្រកាសប្រើដ្រូនវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅកូវ៉ែត។ ប្រទេសអាហ្សែបៃហ្សង់ថាមានពលរដ្ឋខ្លួន ២នាក់រងរបួសពីការវាយប្រហារដោយដ្រូនអ៊ីរ៉ង់។ ទីប្រឹក្សាដ៏ស្និទ្ធម្នាក់របស់អាយ៉ាតូឡា អាលីខាមេណីបានប្រកាសតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃពុធទី ៤មីនា ថា អ៊ីរ៉ង់អាចកំដរបន្តសង្គ្រាមទល់នឹងអាមេរិក និងអ៊ីស្រាអែលបានយូរតាមតែពួកគេចង់បាន។ តើអ៊ីរ៉ង់មានសមត្ថភាពយោធា និងមានអាវុធគ្រប់គ្រាន់ដើម្បីបន្តសង្គ្រាមយូរអង្វែងបានមែន ឬយ៉ាងណា?
ដូចការប៉ាន់ស្មានទុក ចិនបានសម្រេចបង្កើនការចំណាយលើវិស័យការពារជាតិ ចំនួន៧% សម្រាប់ឆ្នាំ២០២៦។ ជាការចំណាយដែលចិនបានបង្កើនជាប្រចាំ ១០ឆ្នាំជាប់គ្នាមកនេះ ដើម្បីធ្វើទំនើបកម្មសព្វាវុធ និងពិសេសនេះ គឺដើម្បីត្រៀមលក្ខណៈតទល់ជាមួយ តៃវ៉ាន់។ ក្នុងបរិបទផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់ បង្ករឡើងសហរដ្ឋអាមេរិកនាពេលនេះទៀត រឹតតែធ្វើឲ្យចិន ត្រូវតែប្រឹងប្រែងពង្រឹងសមត្ថភាពកងទ័ព។
សង្គ្រាមនៅដើមបូព៌ា កំពុងតែរាលដាលកាន់តែឆ្ងាយហើយ។ កាលពីថ្ងៃពុធទី៤មីនា នាវាមុជទឹកអាមេរិកបានបាញ់គ្រាប់ “ត័រពី” កម្ទេចនាវាចម្បាំងមួយគ្រឿងរបស់អ៊ីរ៉ង់ ដែលកំពុងធ្វើដំណើរក្បែរឆ្នេរស្រីលង្កា។ យ៉ាងហោចណាស់ មានទាហានជើងទឹកអ៊ីរ៉ង់ស្លាប់ចំនួន៨៧នាក់ និងបាត់ខ្លួនច្រើនសិបនាក់ទៀត។ អាជ្ញាធរស្រីលង្កា បានឲ្យដឹងទៀតថា មាននាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងទៀត កំពុងតែធ្វើដំណើរមកតាមផ្លូវនេះ ហើយធ្វើឲ្យគេបារម្ភថាអាចត្រូវកងទ័ពអាមេរិកវាយកម្ទេចមួយទៀត។
នៅថ្ងៃព្រហស្បតិ៍ទី៥មីនានេះ អ៊ីរ៉ង់មិនត្រឹមតែបន្តវាយបកតតាំងប្រឆាំងនឹងផលប្រយោជន៍អ៊ីស្រាអែលនិងអាមេរិកទេ តែថែមទាំងដៅវាយប្រហារលើទីបញ្ជាការដ្ឋានរបស់កងកម្លាំងទ័ពគួដឌីស្ថាននៅអ៊ីរ៉ាក់ទៀតផង។ ថ្វីបើអ៊ីរ៉ាក់ជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់មែន ប៉ុន្តែក្រុមប្រដាប់អាវុធគួដឌីស្ថាននៅអ៊ីរ៉ាក់ ជាចលនាប្រឆាំងនឹងរដ្ឋអំណាចតេហេរ៉ង់ ហើយអាចជាកម្លាំងយុទ្ធសាស្ត្ររបស់អាមេរិកក្នុងករណីត្រូវប្រើទ័ពជើងគោក។
នៅប្រទេសបារាំង មួយភាគបីនៃមនុស្សធំ មានរោគឈឺចាប់រ៉ាំរ៉ៃ។ មិនថាជាការឈឺចាប់សន្លាក់ សាច់ដុំ ឬសរសៃទេ រោគសញ្ញានេះរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃខ្លាំងណាស់។ មិនតែប៉ុណ្ណោះ ការឈឺចាប់រ៉ាំរ៉ៃអាចបង្កើនហានិភ័យកើតជំងឺឡើងឈាមទៀត។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ អះអាងថា កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកាតយ៉ាងយូរ ៣ឆ្នាំខាងមុខ ប្រសិនបើដំណើរការចរចារវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនវិនិយោគមួយចំនួនពុំរាំងស្ទះដោយកត្តាអ្វីមួយ។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦លោក កែវ រតនៈ ក៏បានឱ្យដឹងទៀតថា រដ្ឋាភិបាលកម្ពុជាបានចរចាជាមួយក្រុមវិនិយោគបើករោងចក្រចម្រាញ់ប្រេងកាតរយៈពេលជាង ៥ខែមកហើយ តែបញ្ហានៅត្រង់ថា កម្ពុជាមានកម្រិតសេដ្ឋកិច្ចតូច។
នៅថ្ងៃព្រហស្បតិ៍ទី៥មីនានេះ អ៊ីរ៉ង់មិនត្រឹមតែបន្តវាយបកតតាំងប្រឆាំងនឹងផលប្រយោជន៍អ៊ីស្រាអែលនិងអាមេរិកទេ តែថែមទាំងដៅវាយប្រហារលើទីបញ្ជាការដ្ឋានរបស់កងកម្លាំងទ័ពគួដឌីស្ថាននៅអ៊ីរ៉ាក់ទៀតផង។ ថ្វីបើអ៊ីរ៉ាក់ជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់មែន ប៉ុន្តែក្រុមប្រដាប់អាវុធគួដឌីស្ថាននៅអ៊ីរ៉ាក់ ជាចលនាប្រឆាំងនឹងរដ្ឋអំណាចតេហេរ៉ង់ ហើយអាចជាកម្លាំងយុទ្ធសាស្ត្ររបស់អាមេរិកក្នុងករណីត្រូវប្រើទ័ពជើងគោក។
ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីពេលថ្មីៗនេះដោយទទួលស្គាល់ថា ឧក្រិដ្ឋកម្មអនឡាញបានបំផ្លាញសេដ្ឋកិច្ចជាតិ និងបន្សល់ទុកកេរ្តិ៍ឈ្មោះអាក្រក់សម្រាប់កម្ពុជា។ ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត ដូចនេះធ្វើឡើង ស្របពេលដែលអាជ្ញាធរខ្មែរបាន និងកំពុងបើកយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញឲ្យអស់ពីទូទាំងប្រទេសនៅអំឡុងខែមេសា ឆ្នាំ២០២៦ នេះ។ អ្នកជំនាញសេដ្ឋកិច្ច និងសង្គមនានាមើលឃើញថា កម្ពុជាត្រូវមានយន្តការសមស្របក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនដោយមិនជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។ តែខ្លះទៀតនៅបន្តបារម្ភពីប្រសិទ្ធភាពនៃការលុបបំបាត់ឧក្រិដ្ឋកម្មមួយនេះ៕
រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចនៅថ្ងៃទីពុធ ទី៤មីនានេះមិនអនុញ្ញាតឲ្យក្រុមអង្គការសង្គមស៊ីវិល និងសហជីពរៀបចំកម្មវិធីប្រារព្ធទិវាអន្តរជាតិនារី ៨មីនា នៅទីលានប្រជាធិបតេយ្យ ក្រោមហេតុផលបញ្ហាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ តែក្រុមសហជីព និងអង្គការសង្គមស៊ីវិលចាត់ទុកការសម្រេចនេះថាមិនស្របតាមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។
ក្រសួងមហាផ្ទៃបានបង្ហាញរបាយការណ៍ខ្លីមួយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ក្នុងអំឡុងខែកុម្ភៈកន្លងទៅ មានគ្រោះអគ្គិភ័យយ៉ាងហោចណាស់ ៩០ករណីបានកើតឡើងនៅទូទាំងប្រទេសកម្ពុជា។ ទីតាំងតូច ធំ រួមមានផ្ទះសម្បែងពលរដ្ឋ កន្លែងប្រកបរបររកស៊ី ព្រមទាំងទ្រព្យសម្បត្តិចាំបាច់ជាច្រើនបានរងការឆាបឆេះខ្ទេចខ្ទីរ។ បើតាមរបាយការណ៍ដដែល អគ្គិភ័យបានកើតមានមិនលោះថ្ងៃសោះក្នុងរយៈពេលពេញ ១ខែកុម្ភៈ។ ក្នុងចំណោមនោះ មានករណីអគ្គិភ័យមួយក្នុងរាជធានីភ្នំពេញបានឆក់យកជីវិតពលរដ្ឋ ៤នាក់។
នៅក្នុងវេទិកាកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែតបានថ្លែងដោយបង្ហាញក្តីសុទិដ្ឋិនិយមថា កិច្ចប្រជុំកំពូលធុរកិច្ចឆ្នាំនេះនឹងជួយពង្រីកឱកាសវិនិយោគនៅកម្ពុជា និងពង្រឹងភាពជាដៃគូក្នុងតំបន់ឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ធុរជន និងរដ្ឋាភិបាល។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចក៏សម្លឹងឃើញពីផលវិជ្ជមានដែលកម្ពុជាអាចទទួលបានពីកិច្ចប្រជុំមួយនេះដែរ។ តែទន្ទឹមគ្នានេះ ពួកគេក៏បានស្នើឱ្យកម្ពុជាបន្តអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស និងកែលម្អបរិយាកាសធុរកិច្ចដែរ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ស្នើឱ្យពលរដ្ឋសន្សំសំចៃការប្រើភ្លើងអគ្គិសនីនារដូវក្តៅឆ្នាំ ២០២៦។ តែលោក កែវ រតនៈ មិនភ្លេចពន្យល់ថា សំណើនេះមិនមែនមកពីកម្ពុជាខ្វះភ្លើងអគ្គិសនីប្រើទេ និងថា កម្ពុជានៅតែមានលទ្ធភាពផ្គត់ផ្គង់ភ្លើងអគ្គិសនីឱ្យពលរដ្ឋបានពេញលេញ ព្រោះអាជ្ញាធរអគ្គិសនីកម្ពុជាបានត្រៀមទុកប្រភពអគ្គិសនីសម្រាប់ផ្គត់ផ្គង់ដោយមិនចាំបាច់ព្រួយបារម្ភ។ បើតាមការបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិអន្តរជាតិ RFI នៅរសៀលថ្ងៃទី៥ ខែមីនា រដ្ឋមន្ត្រីក្រសួងរ៉ែរូបនេះដដែលបញ្ជាក់ថា ទីតាំងដែលមានខ្សែបណ្តាញអគ្គិសនីទៅដល់ ការផ្គត់ផ្គង់នឹងមានគ្រប់គ្រាន់។ តែសម្រាប់ទីតាំងដែលគ្មានខ្សែបណ្តាញអគ្គិសនីទៅដល់វិញត្រូវបានលោក កែវ រតនៈបញ្ជាក់ថា រដ្ឋាភិបាលកំពុងបំពាក់ប្រព័ន្ធសូឡាតាមផ្ទះជូនប្រជាពលរដ្ឋ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ អះអាងថា កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកាតយ៉ាងយូរ ៣ឆ្នាំខាងមុខ ប្រសិនបើដំណើរការចរចារវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនវិនិយោគមួយចំនួនពុំរាំងស្ទះដោយកត្តាអ្វីមួយ។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦លោក កែវ រតនៈ ក៏បានឱ្យដឹងទៀតថា រដ្ឋាភិបាលកម្ពុជាបានចរចាជាមួយក្រុមវិនិយោគបើករោងចក្រចម្រាញ់ប្រេងកាតរយៈពេលជាង ៥ខែមកហើយ តែបញ្ហានៅត្រង់ថា កម្ពុជាមានកម្រិតសេដ្ឋកិច្ចតូច។
ថ្ងៃពុធទី៤មីនា សភាប្រជាមានិតចិនបានចាប់ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំ ដ៏សំខាន់បំផុត ដើម្បីគូសវាសផែនការនយោបាយ ទិសដៅសេដ្ឋកិច្ច និងការការពារជាតិ។ កិច្ចប្រជុំនេះ ត្រូវស្ថិតនៅក្នុងបរិបទអស្ថិរភាព ភូមិសាស្ត្រនយោបាយអន្តរជាតិ ជុំវិញសង្គ្រាមនៅតំបន់ដើមបូព៌ា។ តែទោះយ៉ាងណា រដ្ឋអំណាចចិនមិនបានបញ្ចេញចំណាប់អារម្មណ៍អ្វីទាំងអស់ ថាតើវិបត្តិនេះ អាចជះផលប៉ះពាល់អ្វីខ្លះ មកលើសេដ្ឋកិច្ចចិន។
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានគំរាមលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងអស់ជាមួយអេស្ប៉ាញ ពីព្រោះតែ ប្រទេសអឺរ៉ុប១នេះ មិនចូលរួមសហការជាមួយអាមេរិក និងមិនអនុញ្ញាតឲ្យយន្តហោះចម្បាំងអាមេរិក ប្រើប្រាស់មូលដ្ឋានយោធា ដើម្បីវាយប្រហារអ៊ីរ៉ង់។ ទោះបីជាត្រូវរងសម្ពាធខ្លាំងពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន យ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលទីក្រុងម៉ាឌ្រីត បានបញ្ជាក់ជំហរបន្តប្រឆាំងសង្គ្រាម។
ប្រឈមមុខនឹងស្ថានការណ៍សង្គ្រាមដែលកំពុងតែឆេះរាលដាលនៅតំបន់ដើមបូព៌ា កាលពីថ្ងៃអង្គារទី៣មីនា លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានថ្លែងសារទៅកាន់ប្រជាជនបារាំង ប្រកាសអំពីវិធានការមួយចំនួន ដើម្បីការពារផលប្រយោជន៍បារាំង ក៏ដូចជាការពារសម្ព័ន្ធមិត្តបារាំង នៅតំបន់ដើមបូព៌ា។ ក្រៅពីបានចាប់ផ្តើមប្រតិបត្តិការ ដឹកប្រជាជនបារាំងត្រលប់មកស្រុកវិញ លោកម៉ាក្រុងបានប្រកាសបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង ទៅកាន់តំបន់ដើមបូព៌ា ដើម្បីការពារចរាចរណ៍សមុទ្រដឹកប្រេង ឧស្ម័ននិងទំនិញទូទៅ។
ថ្ងៃ អង្គារ ទី ៣ មីនា នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទ ប្រធានា ធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និង នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានពិភាក្សាគ្នាអំពី បញ្ហាជនជាតិ ហុងគ្រីមួយចំនួន ដែលបានក្លាយខ្លួនជាទាហាន ប្រយុទ្ធនៅក្នុងជួរកងទ័ពអ៊ុយក្រែន ទល់នឹងរុស្ស៊ី ។ មិនតែប៉ុណ្ណោះ យុទ្ធជនដើមកំណើតហុងគ្រីទាំងនេះ ខ្លះថែមទាំងត្រូវរុស្ស៊ីចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង ដែលបានក្លាយជាក្តីកង្វល់មួយ ចំពោះមេដឹកនាំហុងគ្រី ។
នៅក្នុងជំនួបនាថ្ងៃទី៣ មីនា លោក វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់លោកស្រី Bridgette Walker ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាអំពីការប្រឹងប្រែងលាងខ្លួនរបស់កម្ពុជាចេញពីកេរ្តិ៍ឈ្មោះអាក្រក់ដោយសារឧក្រិដ្ឋកម្មអនឡាញ។ បើតាមលោក វង្សី វិស្សុត បញ្ហាឆបោកអនឡាញគឺជាអាទិភាពចម្បងរបស់កម្ពុជា។
នៅថ្ងៃទី២ និងទី៣ ខែមីនា ឆ្នាំ២០២៦ បណ្តាញសហគមន៍ព្រៃព្រះរកា រួមជាមួយអង្គការសង្គមស៊ីវិល និងដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធប្រមាណ ២០០នាក់បាននាំគ្នាប្រារព្ធពិធីបុណ្យដំរី និងបំបួសព្រៃឈើនៅក្នុងស្រុកឆែប ស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត និងស្រុករវៀង ក្នុងខេត្តព្រះវិហារ។ លោក ប៉ឹក សោភ័ណ នាយកប្រតិបត្តិអង្គការពន្លកខ្មែរបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៤ មីនានេះថា បណ្តាញសហគមន៍ព្រៃព្រះរការតែងប្រារព្ធធ្វើពិធីបុណ្យបំបួសព្រៃឈើជារៀងរាល់ឆ្នាំ។ តែពិធីបុណ្យឆ្នាំនេះមានលក្ខណៈប្លែកបន្តិចនៅត្រង់ថា បណ្តាញសហគមន៍ និងអាជ្ញាធរខេត្តបានភ្ជាប់ពិធីបុណ្យដំរីមួយទៀតជាមួយគ្នា ដ្បិតពួកគេមានអនុស្សាវរីយ៍ជាមួយដំរីមេ ១ក្បាល និងកូន១ ដែលបានស្លាប់ដោយគ្រាប់ប្លោងរបស់ថៃអំឡុងសង្គ្រាមព្រំដែនខ្មែរ-ថៃកន្លងទៅ។ សូមបញ្ជាក់ថា នៅក្នុងថ្ងៃបុណ្យទី១ ប្រជាពលរដ្ឋនៃសហគមន៍ព្រៃព្រះរកាបានប្រមូលផ្តុំគ្នានៅកន្លែងដែលមេដំរី និងកូនដំរីបានស្លាប់ដោយបានរៀបចំពិធីតាមបែបសាសនា រួមមានការបង្សុកូល និងគោរពវិញ្ញាណក្ខន្ធដល់ដំរី និងកូនដំរីដែលស្លាប់។ ចំណែកនៅក្នុងថ្ងៃទី២ អ្នកចូលរួមបានរៀបចំពិធីសាសនា ដើម្បីបំបួសព្រៃឈើក្នុងគោលបំណងរំឭកគុណអ្នកដែលបានលះបង់កម្លាំងកាយចិត្តការពារព្រៃឈើ ធនធានធម្មជាតិ។ ទន្ទឹមគ្នានេះ វាក៏បង្ហាញពីក្តីស្រឡាញ់ចំពោះព្រៃឈើ សត្វព្រៃ ព្រមទាំងបំផុសស្មារតីពលរដ្ឋ និងអាជ្ញាធរឱ្យបង្កើនកិច្ចសហការគ្នាដើម្បីថែរក្សាព្រៃឈើដែលនៅសេសសល់ឱ្យបានគង់វង្សដែរ៕
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកំពុងពិចារណាយកក្មេងទំនើងធ្វើជាប្រជាការពារភូមិ នៅតាមភូមិ-ឃុំរបស់ពួកគេ ក្រោមហេតុផលថា ការធ្វើបែបនេះនឹងចូលរួមកាត់បន្ថយសកម្មភាពទំនើង ឬការប្រទូសរ៉ាយនានា។ នេះបើតាមការលើកឡើងរបស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃដោយបន្ថែមថា ក្មេងទំនើងដែលចូលរួមការងារសន្តិសុខនៅតាមភូមិ-ឃុំក៏នឹងអាចប្រឡងចូលជានគរបាលបានទៀតផង។ តែការពិចារណាយកក្មេងទំនើងធ្វើជាប្រជាការពារភូមិនេះបានរងការរិះគន់យ៉ាងចាស់ដៃលើបណ្តាញសង្គម។ ចំណែកអ្នកឃ្លាំមើលសង្គមនានាយល់ថា ក្មេងទំនើងអាចមានឱកាសកា្លយជាអ្នកធានាសុវត្ថិភាពសណ្តាប់ធ្នាប់ភូមិ-ឃុំ ដរាបណាពួកគេទទួលបាន ការអប់រំត្រឹមត្រូវ ទាំងចំណេះដឹង និងសីលធម៌៕
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ នៅក្នុងជំនួបជាមួយអធិការបតីអាល្លឺម៉ង់ក្នុងសេតវិមាន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ការដែលអាមេរិកសម្រេចវាយប្រហារលើអ៊ីរ៉ង់មិនមែនដោយសារតែមានការជំរុញ និងញុះញង់ពីប្រទេសអ៊ីស្រាអែលទេ។ លោក ដូណាល់ ត្រាំបានអះអាងដោយអំណួតថា គឺរូបលោកទៅវិញទេដែលជាអ្នកដឹកដៃអ៊ីស្រាអែលឲ្យទៅវាយប្រហារអ៊ីរ៉ង់។ ទោះយ៉ាងណាក្តី អធិការបតីអាល្លឺម៉ង់ បានក្រើនរំឭកប្រាប់មេដឹកនាំអាមេរិកថា សង្គ្រាមនៅអ៊ីរ៉ង់ដែលកំពុងបន្តឆេះរីករាលដាលនៅតំបន់មជ្ឈិមបូព៌ា ជះផលប៉ះពាល់អវិជ្ជមានខ្លាំងដល់សេដ្ឋកិច្ចសកល។