លោក Mojtaba Khamenei កូនប្រុសទី២របស់លោក Ali Khamenei ត្រូវបានជ្រើសតាំងជាមេដឹកនាំកំពូលសាសនាថ្មីរបស់ប្រទេសអ៊ីរ៉ង់។ ការបោះឆ្នោតជ្រើសតាំងប្រមុខដឹកនាំថ្មីរបស់អ៊ីរ៉ង់ធ្វើឡើងនៅក្រោមស្នូរគ្រាប់ប្លោង វាយប្រហារពីសំណាក់អាមេរិក និងអ៊ីស្រាអែល ខណៈតម្លៃប្រេងឥន្ធនៈ នៅក្នុងពិភពលោកកំពុងហក់ឡើងខ្ពស់។ តើលោក Mojtaba Khamenei ជានរណា?
ភ្លើងសង្រ្គាមនៅមជ្ឈិមបូព៌ា កាន់តែឡើងកម្តៅខ្លាំងឡើងៗ។ ប្រទេសអឺរ៉ុបមួយចំនួនបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង នាវាចម្បាំង និងយន្តហោះចម្បាំងជាច្រើនគ្រឿង ទៅប្រទេសស៊ីប ដើម្បីត្រៀមខ្លួន ទប់ស្កាត់ការរីករាលដាលនៃសង្គ្រាមនេះ ព្រមទាំងការពារសន្តិសុខអឺរ៉ុប។ ប៉ុន្តែ បណ្តាមេដឹកនាំប្រទេសអឺរ៉ុបធំៗក៏បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ថាមិនលូកដៃចូលពាក់ព័ន្ធនឹងសង្រ្គាមនៅមជ្ឈិមបូព៌ា ឡើយ។
ភាពយន្តឯកសារស្តីពីសកម្មជនបរិស្ថានកម្ពុជា ក្រោមចំណងជើងថា «The Clearing» ដែលផលិតដោយសារព័ត៌មានអន្តរជាតិ ម៉ុងហ្គាបេ បានឈ្នះពានរង្វាន់ ពន្លឺបៃតង (Green Spark Award) នៅមហោស្រពភាពយន្តអភិរក្សធម្មជាតិ នៅសហរដ្ឋអាមេរិក។ នេះបើតាមការអះអាងរបស់ចលនាមាតាធម្មជាតិ នៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាថ្ងៃចន្ទទី៩ ខែមីនា ឆ្នាំ២០២៦។ ការផ្តល់ពានរង្វាន់ដល់ភាពយន្តឯកសារខ្នាតអន្តរជាតិមួយនេះធ្វើឡើង ខណៈដែលតុលាការកម្ពុជា សម្រេចបន្តឃុំខ្លួនសកម្មជនចលនាមាតាធម្មជាតិ ៥រូប ក្រោមបទចោទ រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ។
អំណើះតទៅ តម្លៃប្រេងឥន្ធនៈនៅកម្ពុជានឹងប្រែប្រួលក្នុងចន្លោះ ៣ថ្ងៃម្តង ដោយសារតែមានការប្រែប្រួលឆាប់រហ័សនៃតម្លៃប្រេងនៅលើពិភពលោក។ នេះជាការបញ្ជាក់របស់ លោក គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ដែលបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នាព្រឹកថ្ងៃទី៩មីនានេះ។
នៅថ្ងៃចន្ទទី៩ ខែមីនា ឆ្នាំ២០២៦នេះ តម្លៃប្រេងសាំងធម្មតានៅកម្ពុជា បានហក់ដល់ ៤ ៤០០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតក៏បានហក់ឡើងក្នុងតម្លៃ ៥ ១៥០រៀល ក្នុងមួយលីត្រ។ ជាការឡើងថ្លៃមុន កាលកំណត់ ត្រូវបានក្រសួងពាណិជកម្មពន្យល់ថា មកពីមានការប្រែប្រួលតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ នៅទីក្រុងភ្នំពេញ ពលរដ្ឋបានលើកឡើងពីក្តីបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសង្ឃឹមថាតម្លៃប្រេងឥន្ធនៈនឹងធ្លាក់ចុះវិញក្នុងពេលឆាប់ៗខាងមុខ៕
ភ្លើងសង្រ្គាមនៅមជ្ឈិមបូព៌ា កាន់តែឡើងកម្តៅខ្លាំងឡើងៗ។ ប្រទេសអឺរ៉ុបមួយចំនួនបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង នាវាចម្បាំង និងយន្តហោះចម្បាំងជ្រាច្រើនគ្រឿង ទៅប្រទេសស៊ីប ដើម្បីត្រៀមខ្លួន ទប់ស្កាត់ការរីកដាលនៃសង្គ្រាមនេះ ព្រមទាំងការពារសន្តិសុខអឺរ៉ុប។ ប៉ុន្តែ បណ្តាមេដឹកនាំប្រទេសអឺរ៉ុបធំៗក៏បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ថាមិនលូកដៃចូលពាក់ព័ន្ធនឹងសង្រ្គាមនៅមជ្ឈិមបូព៌ា ឡើយ។
នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន ២៤ស្ថាប័ន បានប្រារព្ធខួបទី១១៥ នៃទិវានារីអន្តរជាតិ ក្រោមប្រធានបទ៖«អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ សម្រាប់ស្ត្រី និងក្មេងស្រី» នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ ក្នុងឱកាសនោះ អង្គការស៊ីវិលបានលើកឡើងពីបញ្ហាប្រឈមនានា ដែលស្ត្រីនៅបន្តជួបប្រទះក្នុងសង្គមកម្ពុជា។ ក្នុងន័យនេះ ក្រុមអង្គការស៊ីវិលបានលើកឡើងអនុសាសន៍ចំនួន ១៦ចំណុច ដាក់ជូនរដ្ឋាភិបាល ដើម្បីផ្តល់ឱកាសដល់ស្រ្តីក្នុងការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធានាសិទ្ធិសេរីភាពសម្រាប់ស្ត្រីស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល។
គណៈកម្មការជំនាញសាសនាអ៊ីរ៉ង់ បានធ្វើមហាសន្និបាត ដោយសម្រេចបោះឆ្នោតជ្រើសរើសមេដឹកនាំកំពូលសាសនាថ្មី ដើម្បីឲ្យបន្តវេនដឹកនាំសាសនាអ៊ីរ៉ង់ ក្រោយពីមរណភាពរបស់អាយ៉ាតូឡា អាលី ខាមេណី ក្នុងការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែល។ ការបោះឆ្នោតតែងតាំងមគ្គុទេសក៏សាសនាអ៊ីរ៉ង់នេះ បានធ្វើឡើងជាសម្ងាត់បំផុត ហើយ អ៊ីរ៉ង់ ក៏មិនប្រកាសឈ្មោះមេដឹកនាំកំពូលសាសនាថ្មីដែរ ព្រោះខ្លាចក្រែង ក្លាយជាផ្ទាំងស៊ីបរបស់សត្រូវ។ ភ្លាមៗ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសគំរាមថា មេដឹកនាំសាសនាអ៊ីរ៉ង់ថ្មី នឹងមិនអាចកាន់តំណែងបានយូរឡើយ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ក្នុងចំណោម១៨៤គម្រោងនៃអចលនទ្រព្យ ដែលមានវិវាទ ក្រសួងរៀបចំដែនដី បានដោះស្រាយរួចរាល់បានចំនួន១៤៦គម្រោង ដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ៣ម៉ឺនគ្រួសារ។ ការបង្ហើបឲ្យដឹងបែបនេះរបស់លោក សាយ សំអាល់ គឺធ្វើឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។
ថ្ងៃទី៨ មីនា ឆ្នាំ២០២៦នេះ ជាទិវាអន្តរជាតិនារីលើកទី១១៥ ដែលពិភពលោកបានផ្តោតសំខាន់លើសិទ្ធិ និងតួនាទីរបស់ស្ត្រីក្នុងសង្គម។ ស្ថិតនៅក្នុងបរិបទជម្លោះព្រំដែនកម្ពុជា-ថៃ ក្រុមអង្គការអភិវឌ្ឍន៍មួយចំនួនដែលធ្វើការងារជាមួយជនភៀសសឹក បានលើកឡើងថា ស្ត្រី និងកុមារកម្ពុជាជាច្រើនកំពុងប្រឈមនឹងបញ្ហានៅក្នុងជំរុំស្នាក់នៅបណ្តោះអាសន្ន។ បញ្ហាទាំងនោះរួមមានស្ថានភាពរស់នៅ ការមើលថែទាំកូន ការអប់រំ កង្វះបង្គន់អនាម័យ និងបញ្ហាសុខភាពផ្លូវចិត្ត។ លើសពីនេះ អង្គការទាំងនោះក៏បានបង្ហាញការព្រួយបារម្ភអំពីសុវត្ថិភាព និងភាពឯកជនរបស់ស្ត្រី ដែលរស់នៅក្នុងជំរំជនភៀសសឹកមានលក្ខខណ្ឌមិនសូវសមស្រប។ ដោយឡែកស្រ្តីទីមួយកម្ពុជាលោកស្រី ពេជ ចន្ទមុនី បានអះអាងថា រដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុក និងគាំទ្រដល់ជនភៀសសឹកគ្រប់រូបជាពិសេសសម្រាប់ស្រី្ត និងកុមារ។
នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចសម្រុះ បានផាកពិន័យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ PEACE មួយកន្លែងចំនួន ៤លានរៀល នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយស្ថានីយ៍នេះ បានលក់ប្រេងក្នុងតម្លៃ ៦ពាន់រៀលក្នុង ១លីត្រ។ ជាការផាកពិន័យដំបូងបន្ទាប់ពី ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីណែនាំមួយកាលពីថ្ងៃទី៦មីនា កន្លងទៅស្តីពីការគ្រប់គ្រងហានិភ័យនៃការទិញ លក់ ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់។ លោក ហាក់ សុខរិន ប្រធានសាខានៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង(ក.ប.ប.)ប្រចាំរាជធានីភ្នំពេញបានថ្លែងថា សមត្ថកិច្ចចម្រុះបានសម្រេចផាកពិន័យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈខាងលើ ក្រោយរកឃើញថាស្ថានីយ៍មួយនេះ បានលក់ប្រេងក្នុងតម្លៃខ្ពស់លើសពីការកំណត់របស់ក្រសួងពាណិជ្ជកម្ម។ ភ្លាមៗ លោក ទៀ ស្យាម ម្ចាស់ក្រុមហ៊ុនប្រេងឥន្ទនៈ Peace Petroleum បានជូនដំណឹងតាមរយៈបណ្តាញសង្គមរបស់លោកថា គ្រប់បណ្តាស្ថានីយ៍ Peace បានបន្តរក្សាតម្លៃប្រេង ដែលបានកំណត់ដោយរាជរដ្ឋាភិបាល ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋទទួលបាននូវសេវាកម្មប្រកបដោយតម្លាភាព និងយុត្តិធម៌។ ជាមួយគ្នានេះ លោកក៏បានព្រមានថា នឹងចាត់វិធានការលើស្ថានីយ៍ប្រេងឥន្ធនៈ Peace ណា ដែលលក់ប្រេងលើសតម្លៃកំណត់ ដោយសហការយ៉ាងជិតស្និតជាមួយក្រសួងពាក់ព័ន្ធ ដើម្បីអនុវត្តតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង៕
សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលបញ្ឆេះឡើងដោយអាមេរិកនិងអ៊ីស្រាអែល បានឈានចូលថ្ងៃទី ៩ ហើយ។ ទោះបីជារងគ្រាប់ប្លោងយ៉ាងច្រើនសន្ធឹកទៅហើយក្តី ក៏ក្រុមកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់ថា ខ្លួននៅមានសមត្ថភាពនិងលទ្ធភាព តស៊ូប្រយុទ្ធ យ៉ាងតិច ៦ ខែទៀត។ ចំណែក អ៊ីស្រាអែល ប្រកាសជីករំលើងឫសគល់របបដឹកនាំអ៊ីរ៉ង។
ប្រឈមនឹងស្ថានការណ៍សង្គ្រាមកំពុងរីករាលដាល នៅតំបន់មជ្ឈិមបូព៌ា ប្រមុខការទូតចិនលោក វ៉ាង យី បានរិះគន់ចំៗ ថាសង្គ្រាមនេះមិនគួរកើតឡើងឡើយ ហើយចិនប្រឆាំងដាច់ខាត ចំពោះការប្រើច្បាប់ព្រៃ ដើម្បីដោះស្រាយជម្លោះ។ រដ្ឋមន្រ្តីការបរទេសចិនដ៏ចាស់វស្សារូបនេះ ក៏បានអំពាវនាវឲ្យភាគីទាំងអស់ បញ្ឈប់ចម្បាំង និងគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។
ថ្ងៃអាទិត្យ៨មីនា ឆ្នាំ២០២៦នេះ គឺជាខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ។ នៅកម្ពុជា ភាគីពាក់ព័ន្ធបានវាយតម្លៃខុសៗគ្នាពីស្ថានភាពសិទ្ធិនារី នារយៈពេលចុងក្រោយនេះ។ ពីខាងរដ្ឋាភិបាល បានអះអាងពីភាពរីកចម្រើននៃការផ្តល់តម្លៃ និងគោរពសិទ្ធិស្ត្រីទាំងនៅកន្លែងការងារ និងនៅក្នុងសហគមន៍។ ចំណែកភាគីនៅក្រៅរដ្ឋាភិបាល បានកត់សំគាល់ថា ស្ត្រីនៅកម្ពុជានៅពុំទាន់ទទួលបានការលើកស្ទួយនិងការគោរពសិទ្ធិបានពេញលេញដូចនៅបណ្តាប្រទេសប្រជាធិបតេយ្យនៅឡើយ។
ប្រធានាធិបតីអ៊ីរ៉ង់ បានថ្លែងសារសូមអភ័យទោសចំពោះបណ្តាប្រទេសជិតខាងជាច្រើន ដែលត្រូវរងគ្រោះព្រោះតែការវាយប្រហារមីស៊ីលនិងយានដ្រូនរបស់អ៊ីរ៉ង់។ មេដឹកនាំអ៊ីរ៉ង់ ក៏សន្យាថា នឹងមិនបាញ់ប្លោងទៅលើប្រទេសទាំងនោះទៀតឡើយ ប្រសិនណាគ្មានការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែល ចេញពីទីតាំងនៃប្រទេសទាំងនោះ។
ទាហានមួកខៀវជនជាតិហ្កាណា ៣នាក់បានរងរបួសធ្ងន់ ដោយសារការវាយប្រហារ នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃសុក្រ ទី៦ មីនា។ រដ្ឋាភិបាលហ្កាណាបានដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ ព្រមទាំងបានថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការវាយប្រហារនេះ ដោយបានចាត់ទុកថាជាការរំលោភច្បាប់អន្តរជាតិ និងជាឧក្រិដ្ឋកម្មសង្រ្គាម។ ចំណែក ប្រធានាធិបតីលីបង់បានចោទអ៊ីស្រាអែល ថាអ្នកដឹកនាំការវាយប្រហារនេះ។ ឆ្លើយតបនឹងការចោទប្រកាន់នេះ អ៊ីស្រាអែលបានបញ្ជាក់ថា ការវាយប្រហាររបស់ខ្លួន គឺដើម្បីតាមស្វែងរកអដ្ឋិធាតុរបស់អ្នកបើកយន្តហោះអ៊ីស្រាអែលម្នាក់ ដែលបានត្រូវចាប់ខ្លួន នៅលីបង់ កាលពីឆ្នាំ១៩៨៦។
ក្រុមអង្គការសង្គមស៊ីវិលចំនួនចំនួនជាង ២០អង្គការ សមាគម បានចេញលិខិតចំហររួមគ្នាមួយ បញ្ជាក់អំពីជំហរបន្តរៀបចំទិវាសិទ្ធិនារីអន្តរជាតិនៅទីលានប្រជាធិបតេយ្យ នាថ្ងៃទី៨មីនាស្អែកនេះ។ អាជ្ញាធររាជធានីភ្នំពេញក៏បានបញ្ជាក់ពីជំហររបស់ខ្លួនដដែល គឺមិនអនុញ្ញាតឲ្យមានការជួបជុំ។ តែក្រុមអង្គការសង្គមស៊ីវិល យល់ថាការលើកឡើងរបស់អាជ្ញាធរ ក្រោមហេតុផលមិនច្បាស់លាស់។
សង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបញ្ឆេះឡើងដោយអាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ បានឈានចូលសប្តាហ៍ទី២ហើយ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់ឲ្យ អ៊ីរ៉ង់ ទម្លាក់អាវុធសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ និងថា បើពុំដូច្នោះទេ គ្មានឡើយការចរចាបញ្ចប់សង្គ្រាម។ តែ អ៊ីរ៉ង់ បានប្រកាសប្តេជ្ញាតស៊ូប្រយុទ្ធដល់តំណក់ឈាមចុងក្រោយ។
អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងក្រសួងពាណិជ្ជកម្ម(ក.ប.ប.) លោក គឹម មាសសុខសីហា បានបញ្ជាក់ថា គិតត្រឹមម៉ោង ២រសៀល ថ្ងៃទី៧ ខែមីនានេះ ស្ថានីយ៍ និងដេប៉ូលក់ប្រេងចំនួនជាង ២០០កន្លែង បានដាក់តម្លៃលក់តាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម ខណៈដេប៉ូចំនួន ៥៤កន្លែង បានបិទទ្វារ ក្រោមហេតុផល គ្មានប្រេងផ្គត់ផ្គង់។ តាម ក.ប.ប. ចំពោះដេប៉ូលក់ប្រេងឥន្ទនៈ ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមពីការលក់ឡើងថ្លៃនោះ បានបិទទ្វារមិនដំណើរការឡើយ។
លោកទេសរដ្ឋមន្ត្រី អៀង មូលី ដែលជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងនៅក្នុងសេចក្តីប្រកាសមួយថា ថៃបានបកស្រាយខុសពីការពិត ជុំវិញភាពជាកម្មសិទ្ធិនៃតំបន់មួយចំនួនតាមព្រំដែនកម្ពុជា និងថៃ ដែលពលរដ្ឋខ្មែរធ្លាប់យកធ្វើជាជំរំ នៅពេលពួកគេភៀសខ្លួនពីការវាយប្រយុទ្ធគ្នារវាងភាគីជម្លោះក្នុងសម័យសង្គ្រាមស៊ីវិលកម្ពុជា។ លោកបានអះអាងថា ជំរំរបស់ជនភៀសខ្លួនខ្មែរនៅតាមព្រំដែនខ្មែរ-ថៃ ទាំងអស់នោះគឺជាទឹកដីរបស់ខ្មែរទាំងអស់ ពោលតំបន់ទាំងនោះមិនមែនជាទឹកដីថៃ ដូចការអះអាងរបស់អ្នកនយោបាយថៃខ្លះនោះឡើយ។
សង្រ្គាមនៅមជ្ឈិមបូព៌ាបានឈានចូលថ្ងៃទី៨។ គិតត្រឹមថ្ងៃសៅរ៍ ទី៧ មីនា ការប្រយុទ្ធគ្នារវាងកងទ័ពអាមេរិក-អ៊ីស្រាអែល និងកងទ័ពឆ្នាំបដិវត្តអ៊ីរ៉ង់ បានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់១៥០០នាក់ និងចំណាយប្រាក់អស់ប្រមាណ ជាង ៦ពាន់លានដុល្លារ។ ក្រៅពីបំផ្លាញទីតាំងយោធា សង្រ្គាមនេះក៏បានធ្វើឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនកន្លែង។
យោងតាមកិច្ចព្រមព្រៀងកាលពីចុងឆ្នាំ២០២៥ ក្រុមហ៊ុននាំអង្ករចេញរបស់កម្ពុជា អេមរុរ៉ាយស៍(Amru Rice) និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានធ្វើពិធីជានិម្មិតរូបមួយ ដើម្បីនាំចេញអង្ករក្រអូបប្រណីតផ្កាម្លិះចំនួន ៤០០តោន ទៅកាន់ក្រុមហ៊ុនអូស្រ្តាលី Green Group ។ កិច្ចព្រមព្រៀងនាំអង្ករកម្ពុជាចេញទៅអូស្ត្រាលីពេលនេះ ត្រូវគេមើលឃើញថាជាផ្នែកមួយជួយជំរុញដល់កំណើនទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអូស្ត្រាលី។
ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ត្រូវគេដឹងថាគឺជាទីកន្លែងទាក់ទាញ ស្រូបយកប្រាក់មូលធនសកម្ម ឬភាគហ៊ុនវិនិយោគយ៉ាងច្រើនសន្ធឹក ពីបណ្តាមហាសេដ្ឋីនានាទូទាំងពិភពលោក ជាពិសេសក្រុមមហាសេដ្ឋកិច្ចជនជាតិអាស៊ី។ ក៏ប៉ុន្តែប្រឈមនឹងវិបត្តិសង្គ្រាមនៅតំបន់ដើមបូព៌ាក្នុងពេលនេះ គេសង្កេតឃើញថា មានមហាសេដ្ឋីអាស៊ីជាច្រើននាក់ ដែលភ័យបារម្ភ ហើយចង់ដកប្រាក់ចេញ យកទៅទុកនៅទីកន្លែងផ្សេងដែលមានសុវត្ថិភាព ដូចជានៅសិង្ហបុរី ឬនៅហុងកុងជាដើម។
ក្នុងដំណើរទស្សនកិច្ចរបស់លោក ម៉ាក ខានី នាយករដ្ឋមន្ត្រីកាណាដា នៅប្រទេសជប៉ុន រដ្ឋាភិបាលទីក្រុងតូក្យូនិងអូតាវ៉ា បានសម្រេចចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ច សន្តិសុខ និងយោធា។ លោកស្រី តាកាអ៊ីជី សាណាអេ នាយករដ្ឋមន្ត្រីជប៉ុន និងសមភាគីកាណាដា ក៏បានលើកឡើងអំពីជំហរប្រទេសរៀងៗខ្លួន ចំពោះសង្គ្រាមដ៏ក្តៅគគុកនៅអ៊ីរ៉ង់។
វត្ថុបុរាណខ្មែរចំនួន ៧៤រូប ដែលមានអាយុកាលចាប់ពីសម័យមុនអង្គរ និងសម័យអង្គរត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ វត្ថុបុរាណទាំងនេះត្រូវបានក្រសួងវប្បធម៌កម្ពុជាទាមទារពីគ្រួសារអ្នកជួញដូរសិល្បៈបុរាណ លោក ឌូគ្លាស ឡាចហ្វដ Douglas Latchford។ លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរបញ្ជាក់ថា បច្ចុប្បន្ន វត្ថុបុរាណទាំងនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់អ្នកជំនាញនៅសារមន្ទីរជាតិកម្ពុជា មុននឹងដាក់តាំងបង្ហាញជាសាធារណៈដើម្បីឲ្យប្រជាពលរដ្ឋ និងអ្នកស្រាវជ្រាវបានសិក្សាអំពីតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌របស់ខ្មែរ។
គិតត្រឹមព្រឹកថ្ងៃសុក្រទី៦មីនា សង្គ្រាមនៅអ៊ីរ៉ង់បន្តក្តៅគគុក ហើយបានឈានចូលដំណាក់កាលថ្មី។ កងទ័ពអាមេរិកនិងអ៊ីស្រាអែល បញ្ជាក់ថាកំពុងសំរុកបាញ់ប្លោងគ្រាប់ វាយប្រហារកាន់តែខ្លាំងឡើង និងជាពិសេសទៅលើទីតាំងនយោបាយអំណាច នៃរបបអ៊ីស្លាមផ្តាច់ការអ៊ីរ៉ង់។
ប្រទេសកម្ពុជាបានបន្តបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុងហ្សឺណែវប្រទេសស្វ៊ីសដើម្បីចូលរួមសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងបំពេញបេសកកម្មសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី២ ដល់ទី៥ ខែមីនា ឆ្នាំ២០២៦។ បេសកកកម្មរបស់គណៈប្រតិភូ ដែលដឹកនាំដោយលោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ធ្វើឡើងក្នុងគោលបំណងបង្ហាញពីស្ថានភាពពិតជាក់ស្តែងនៃព្រំដេនកម្ពុជា-ថៃ ដែលបានប៉ះពាល់ដល់សិទ្ធិមនុស្ស។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ គណៈប្រតិភូអន្តរស្ថាប័ន បានជួបជាមួយភាគីពាក់ព័ន្ធចំនួន២៩ ក្នុងនោះមានប្រទេសជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងអ្នករាយការណ៍ពិសេសទទួលបន្ទុកវិស័យសិទ្ធិមនុស្សជាដើម។ លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានថ្លែងពីទីក្រុងហ្សឺណែវមកថា តាមរយៈជំនួបជាមួយគណៈប្រតិភូកម្ពុជា ភាគីពាក់ព័ន្ធនានាបានសម្តែងនូវការស្វាគមន៍ និងផ្តល់នូវទស្សនៈល្អៗ នៅក្នុងដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្ម និងអំពើពុករលួយ (OCCRP) បានចេញផ្សាយរបាយការណ៍មួយដោយរកឃើញថា លោក យ៉ាង ចៀន (Yang Jian) បក្ខពួកក្នុងសម្ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញមានអចលនទ្រព្យយ៉ាងហោច ១៧លានដុល្លារនៅក្នុងប្រទេសអង់គ្លេស។ លោក យ៉ាង ចៀន ជាមនុស្សម្នាក់ស្និទ្ធនឹងអតីតអ្នកឧកញ៉ាខ្មែរ ដើមកំណើតចិន លោក ចេន ហ្ស៊ី ដែលត្រូវបានអាជ្ញាធរខ្មែរបញ្ជូនទៅឱ្យរដ្ឋាភិបាលចិនកាលពីដើមខែមករា ឆ្នាំ២០២៦។
ការបោសសម្អាតមជ្ឈមណ្ឌលឆបោកអនឡាញនៅកម្ពុជាគឺជារឿងពិបាកទៅរួច។ ពិបាកទៅរួច ព្រោះបណ្តាញឆបោកអនឡាញមានភាពបត់បែនខ្ពស់ និងអាចផ្លាស់ទីកន្លែងបានយ៉ាងឆាប់រហ័ស។ នេះជាខ្លឹមសារដែលចុះផ្សាយដោយកាសែត Bloomberg នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។ ម្យ៉ាងទៀត និងបើតាម Bloomberg ដដែល កម្ពុជាក៏កំពុងស្ថិតនៅក្រោមសម្ពាធនៃការអនុវត្តយុទ្ធនាការបោសសម្អាតមជ្ឈមណ្ឌលអនឡាញឱ្យអស់នៅត្រឹមខែមេសា ឆ្នាំ២០២៦ ខាងមុខដែរ។
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនាថ្ងៃ ព្រហស្បតិ៍ ទី ៥ មីនា អំពីការចាប់ផ្តើមប្រតិបត្តិការ ដោះដូរឈ្លើយសឹកជាមួយអ៊ុយក្រែន ក្នុងចំនួន ២០០ នាក់ ទល់នឹង ២០០ នាក់ ។ ផ្អែកតាមវិមានក្រេមឡាំង ចំណាប់ខ្មាំងចំនួន ៣០០ នាក់បន្ថែមទៀត នឹងត្រូវភាគីទាំងពីរ ដោះដូរគ្នា នៅក្នុងថ្ងៃ សុក្រ ទី ៦ មីនា នេះ ។
នៅថ្ងៃព្រហស្បតិ៍ ទី៥ មីនានេះ អ៊ីរ៉ង់បានប្រកាសប្រើដ្រូនវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅកូវ៉ែត។ ប្រទេសអាហ្សែបៃហ្សង់ថាមានពលរដ្ឋខ្លួន ២នាក់រងរបួសពីការវាយប្រហារដោយដ្រូនអ៊ីរ៉ង់។ ទីប្រឹក្សាដ៏ស្និទ្ធម្នាក់របស់អាយ៉ាតូឡា អាលីខាមេណីបានប្រកាសតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃពុធទី ៤មីនា ថា អ៊ីរ៉ង់អាចកំដរបន្តសង្គ្រាមទល់នឹងអាមេរិក និងអ៊ីស្រាអែលបានយូរតាមតែពួកគេចង់បាន។ តើអ៊ីរ៉ង់មានសមត្ថភាពយោធា និងមានអាវុធគ្រប់គ្រាន់ដើម្បីបន្តសង្គ្រាមយូរអង្វែងបានមែន ឬយ៉ាងណា?
ដូចការប៉ាន់ស្មានទុក ចិនបានសម្រេចបង្កើនការចំណាយលើវិស័យការពារជាតិ ចំនួន៧% សម្រាប់ឆ្នាំ២០២៦។ ជាការចំណាយដែលចិនបានបង្កើនជាប្រចាំ ១០ឆ្នាំជាប់គ្នាមកនេះ ដើម្បីធ្វើទំនើបកម្មសព្វាវុធ និងពិសេសនេះ គឺដើម្បីត្រៀមលក្ខណៈតទល់ជាមួយ តៃវ៉ាន់។ ក្នុងបរិបទផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់ បង្ករឡើងសហរដ្ឋអាមេរិកនាពេលនេះទៀត រឹតតែធ្វើឲ្យចិន ត្រូវតែប្រឹងប្រែងពង្រឹងសមត្ថភាពកងទ័ព។
សង្គ្រាមនៅដើមបូព៌ា កំពុងតែរាលដាលកាន់តែឆ្ងាយហើយ។ កាលពីថ្ងៃពុធទី៤មីនា នាវាមុជទឹកអាមេរិកបានបាញ់គ្រាប់ “ត័រពី” កម្ទេចនាវាចម្បាំងមួយគ្រឿងរបស់អ៊ីរ៉ង់ ដែលកំពុងធ្វើដំណើរក្បែរឆ្នេរស្រីលង្កា។ យ៉ាងហោចណាស់ មានទាហានជើងទឹកអ៊ីរ៉ង់ស្លាប់ចំនួន៨៧នាក់ និងបាត់ខ្លួនច្រើនសិបនាក់ទៀត។ អាជ្ញាធរស្រីលង្កា បានឲ្យដឹងទៀតថា មាននាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងទៀត កំពុងតែធ្វើដំណើរមកតាមផ្លូវនេះ ហើយធ្វើឲ្យគេបារម្ភថាអាចត្រូវកងទ័ពអាមេរិកវាយកម្ទេចមួយទៀត។