គិតចាប់តាំងពីសង្រ្គាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង តម្រូវការដ្រូនអ៊ុយក្រែន កើនឡើងខ្លាំង។ ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេឡេនស្គី បានចាប់ផ្តើមពង្រឹងការគ្រប់ក្រុមហ៊ុនក្នុងស្រុក ពាក់ព័ន្ធនឹងការលក់ដ្រូន ចេញទៅក្រៅប្រទេស។ លោក ហ្សេឡេនស្គី ក៏បានសន្យាជួយបណ្តាប្រទេស នៅមជ្ឈិមបូព៌ា ដោយបញ្ជូនអ្នកជំនាញដ្រូន ដើម្បីរៀបចំប្រព័ន្ធការពារនឹងការវាយប្រហារ ពីដ្រូនអ៊ីរ៉ង់។ ចំណែក រដ្ឋាភិបាលអ៊ីរ៉ង់វិញ បានចាត់ទុកទង្វើរបស់រដ្ឋាភិបាលក្រុងកៀវ ជារឿងគួរឲ្យអស់សំណើច។ អ៊ីរ៉ង់ក៏បានព្រមានថា ដែនដីអ៊ុយក្រែនទាំងមូល នឹងក្លាយជាផ្ទាំងស៊ីបស្របច្បាប់ នៃការវាយប្រហាររបស់អ៊ីរ៉ង់។
ការបើកច្រកសមុទ្រអកមូហ្សដើម្បីឲ្យកប៉ាល់ដឹកប្រេងអាចធ្វើចរាចរឡើងវិញប្រកបដោយសុវត្ថិភាពជាអាទិភាពចំបងរបស់រដ្ឋបាលលោកដូណាល់ត្រាំ។ កាលពីថ្ងៃសៅរ៍ ទី១៤មីនាប្រធានាធិបតីអាមេរិករូបនេះបានប្រាប់ប្រទេសធំៗដូចជា ចិន អង់គ្លេសបារាំង ឬជប៉ុនឲ្យជួយបញ្ជូននាវាចម្បាំងទៅធានាសុវត្ថិភាពចរាចរណ៍របស់កប៉ាល់ដឹកប្រេងនៅច្រកសមុទ្រអកមូហ្ស។ បើតាមលោកត្រាំច្រកសមុទ្រដ៏សំខាន់មួយនេះកំពុងត្រូវអ៊ីរ៉ង់យកធ្វើជាចំណាប់ខ្មាំង ដើម្បីវាយប្រហារលើកប៉ាល់ដឹកប្រេងដែលឆ្លងកាត់នៅទីនោះ។ ការទាមទាររបស់លោកត្រាំដើម្បីរកជំនួយពីប្រទេសដទៃបានធ្វើឲ្យអ៊ីរ៉ង់សើចចំអកពីឆ័ត្រការពារដ៏ធ្លុះធ្លាយរបស់អាមេរិកនៅដើមបូព៌ា។ អ៊ីរ៉ង់បានឆ្លៀតបញ្ជាក់ថា អ៊ីរ៉ង់មិនបានបិទច្រកសមុទ្រអកមូហ្សដូចការចោទប្រកាន់របស់អាមេរិក។ ប៉ុន្តែ អ៊ីរ៉ង់វាយប្រហារតែកប៉ាល់ដឹកប្រេងរបស់អាមេរិក អ៊ីស្រាអែល និងប្រទេសដែលមានប្រយោជន៍រកស៊ីជាមួយអាមេរិក។
ប្រឈមនឹងវិបត្តិប្រេង និងទំនិញឡើងថ្លៃ បាតុករគុយបាផ្ទុះកំហឹង និងនាំគ្នាសម្រុកចូលបំផ្លាញការិយាល័យបក្សកុម្មុយនិស្ត ខណៈប្រធានាធិបតីគុយបាអះអាង ថាទើបបាននិយាយទាក់ទងជាមួយអាមេរិក ដែលដាក់ទណ្ឌកម្មបិទដង្ហើមសេដ្ឋកិច្ចគុយបា។ បាតុកម្មហិង្សានេះបានកើតឡើង នៅយប់ថ្ងៃសុក្រ ឆ្លងចូលថ្ងៃសៅរ៍ ទី១៤ មីនា នៅភាគកណ្តាលនៃប្រទេសគុយបា។ ប្រធានាធិបតីគុយបាបានថ្កោលទោស ចំពោះសកម្មភាពហិង្សា ដែលបានបំផ្លិចបំផ្លាញទ្រព្បសម្បតិ្តសាធារណៈ។
អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ បានអះអាងថា ប្រាសាទព្រះវិហាររបស់កម្ពុជាបានរងការខូចខាតប្រមាណ ៨០% ដោយសារយោធាថៃបានបាញ់ផ្លោងគ្រាប់ធុនធ្ងន់ជាច្រើនប្រភេទមកចំប្រាង្គប្រាសាទ។ បើតាម អាជ្ញាធរជាតិព្រះវិហារ មន្ត្រីជំនាញបានរកឃើញស្នាមប្រេះ ខួងសាច់ និងបាក់រលំចំនួន ៥៦២ទីតាំង ខណៈមន្ត្រីស៊ីម៉ាក់ក៏បានរកឃើញគ្រាប់បែកគ្រប់ប្រភេទចំនួនជាង ១ ៣០០គ្រាប់ ដែលបន្សល់ទុកដោយយោធាថៃបាញ់ស្រោចមកលើប្រាសាទព្រះវិហារ។
គិតចាប់តាំងពីអ៊ីស្រាអែលសហការជាមួយអាមេរិកវាយប្រហារអ៊ីរ៉ង់ អំពើស្អប់ខ្ពើមមកលើសហគមន៍ជនជាតិជ្វីហ្វ បានរីករាលដាល នៅលើទឹកដីអឺរ៉ុប។ នៅទីក្រុងអាំស្ទែរដាម ប្រទេសហូឡង់ នាយប់ថ្ងៃសុក្រ ឆ្លងចូលថ្ងៃសៅរ៍ ទី១៤ មីនា មានករណីបំផ្ទុះគ្រាប់បែកមួយ បានកើតឡើង នៅមុខសាលារៀនជនជាតិជ្វីហ្វ។ បើផ្អែកតាមអាជ្ញាធរហូឡង់ ហេតុការណ៍នេះមិនបានបង្កឲ្យមានអ្នករបួស ឬអ្នកស្លាប់ឡើយ។ មិនដល់មួយសប្តាហ៍ផង នេះជាលើកទី៣ ដែលមានករណីបំផ្ទុះគ្រាប់បែក នៅអឺរ៉ុប ប្រឆាំងនឹងជនជាតិជ្វីហ្វ។
អាមេរិកកាន់តែលង់ជាប់ក្នុងសង្រ្គាមវាយប្រហារលើអ៊ីរ៉ង់។ ដើម្បីផលប្រយោជន៍របស់ខ្លួន ដូចជាមូលដ្ឋានទ័ព នៅតំបន់ដើមបូព៌ា អាមេរិកបានរើ ដឹកបញ្ជូនសព្វាវុធ នាវាចម្បាំងនិងប្រព័ន្ធខែលមីស៊ីលចេញពីជប៉ុន និងកូរ៉េខាងត្បូង។ កាលពីពេលថ្មីៗនេះ កាសែតអាមេរិក និងកាសែតក្នុងស្រុកកូរ៉េខាងត្បូងបានចុះផ្សាយពីការដឹកជញ្ជូនប្រព័ន្ធខែលមីស៊ីលអាមេរិកចេញពីកូរ៉េខាងត្បូង ដើម្បីយកទៅពង្រាយនៅតំបន់ដើមបូព៌ា។ នៅថ្ងៃអង្គារទី១០មីនា ដើមសប្តាហ៍ប្រធានាធិបតីកូរ៉េខាងត្បូងបានឆ្លើយបញ្ជាក់ទៅនឹងពាក្យចចាមអារ៉ាម ដោយថា កូរ៉េខាងត្បូងបានប្រឆាំងដែរ ប៉ុន្តែ មិនអាចហាមឲ្យអាមេរិកឈប់ដកយកប្រព័ន្ធខែលមីស៊ីលពីកូរ៉េខាងត្បូង ទៅដាក់នៅតំបន់ដើមបូព៌ាបាននោះទេ។ គ្មានប្រព័ន្ធខែលមីស៊ីលរបស់អាមេរិក តើកូរ៉េខាងត្បូងត្រូវបារម្ភពីសុវត្ថិភាពការពារដែនអាកាសរបស់ខ្លួន នៅចំពោះមុខការគំរាមកំហែងរបស់កូរ៉េខាងជើងដែរឬទេ?
កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកជាង១០គ្រាប់ នៅសមុទ្រជប៉ុន នាថ្ងៃសៅរ៍ ទី១៤ មីនា ដើម្បីព្រមានរដ្ឋាភិបាលក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ដែលហ៊ានធ្វើសមយុទ្ធយោធា នៅកូរ៉េខាងត្បូង។ ការបាញ់សាកល្បងមីស៊ីលរបស់របបក្រុងព្យុងយ៉ាង ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិក។ ចំណែក ជប៉ុនកំពុងដុតដៃដុតជើងប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង និងត្រៀមខ្លួនទប់ទល់រាល់ការគំរាមកំហែងរបស់របបព្យុងយ៉ាង។
លោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានព្រមានថា ក្រោយខែមេសា ឆ្នាំ២០២៦ ប្រសិនបើរកឃើញថា ទីតាំងណាមួយនៅបន្តអនុញ្ញាតឲ្យមានបទល្មើសឆបោកតាមអនឡាញ នោះអាជ្ញាធរដែលជាអ្នកទទួលខុសត្រូវទីតាំងនោះ អាចប្រឈមនឹងការដកតំណែង។ អ្នកតាមដានសង្គម បានគាំទ្រការលើកឡើងនេះ តែពួកគេចង់ឃើញមានការអនុវត្តន៍វិធានការម៉ឺងម៉ាត់ជាក់ស្តែងចំពោះទីតាំងណា ដែលនៅបន្តមានបទល្មើសឆបោកអនឡាញ៕
រដ្ឋាភិបាលកម្ពុជាបានរៀបចំឲ្យមានទារកដ្ឋានជាបណ្តើរៗ នៅតាមសហគមន៍ដែលមានតម្រូវការចាំបាច់ និងឈានដល់ការបង្កើនចំនួនអ្នកមើលថែទាំកុមារឲ្យបានច្រើនថែមទៀត ដើម្បីសម្រាលបន្ទុករបស់ឪពុកម្តាយ និងដើម្បីជំរុញឲ្យកុមារមានភាពលូតលាស់ទាំងកាយសម្បាទា និងបញ្ញាស្មារតី។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ អ្នកពាក់ព័ន្ធក្នុងកម្មវិធីពង្រីកទារកដ្ឋាននេះ បានមើលឃើញពីភាពចំាបាច់នៅក្នុងការបង្កើតមជ្ឈមណ្ឌលថែទាំកុមារ តែក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ដែលពាក់ព័ន្ធនឹងការកសាងទំនុកចិត្ត និងធនធានមនុស្សជាដើម។
មន្ត្រីអង្គការលីកាដូប្រចាំខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត បានអំពាវនាវឱ្យសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ទទួលយកសំណើរបស់អ្នកកាសែតលោក ផន សុភាព និងលោក ភាព ភារ៉ា ដែលទទូចសុំ រួចផុតពីបទចោទប្រកាន់ស្តីពី «ការប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលធ្វើឱ្យអន្តរាយការការពារជាតិ»។ បើតាមមន្ត្រីអង្គការលីកាដូ ដែលបានចូលស្តាប់សវនាការ កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៦ ពិរុទ្ធជនជាអ្នកសារព័ត៌មានទាំងពីរ បានអះអាងថា ខ្លួនពុំមានគំនិតទុច្ចរិតដូចការចោទប្រកាន់របស់តុលាការឡើយ។
សង្រ្គាមនៅដើមបូព៌ានៅតែក្តៅគគុក ព្រោះថា អ៊ីរ៉ង់នៅតែមិនព្រមចុះចាញ់នៅចំពោះមុខការវាយប្រហារយ៉ាងសន្ធប់របស់អាមេរិក និងអ៊ីស្រាអែល នៅ២សប្តាហ៍មកនេះ។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃសុក្រទី ១៣មីនាបានគំរាមថា នឹងវាយប្រហារលើទីតាំងប្រេងរបស់អ៊ីរ៉ង់នៅលើកោះ Kharg បើសិនអ៊ីរ៉ង់នៅតែបន្តខ្ទប់ច្រកសមុទ្រ អកមូហ្ស។ ដោយមិនចាញ់ពាក្យគំរាមរបស់លោកត្រាំ របបអ៊ីស្លាមអ៊ីរ៉ង់បានតបវិញថា នឹងអ៊ីរ៉ង់នឹងដៅកម្ទេចទីតាំងប្រេងរបស់ប្រទេសនៅក្នុងតំបន់ដែលជាដៃគូរបស់អាមេរិក បើសិនលោកត្រាំធ្វើពិតដូចពាក្យគំរាម។ ឈាង បុប្ផារាយការណ៍ព័ត៌មាននេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឲ្យដឹងថា យុទ្ធនាការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬអនឡាញ មិនមែនជាសកម្មភាព ដែលធ្វើឲ្យល្អមើល ឬធ្វើត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរ ដូចមតិមួយចំនួនបានលើកឡើងនោះឡើយ។ ការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងអំឡុងពេលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ តាមរយៈកិច្ចប្រជុំដ៏សំខាន់នេះ គណៈរដ្ឋមន្ត្រីក៏បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។
នៅថ្ងៃសុក្រទី ១៣ ខែមីនា ម៉ូស្គូបានថ្លែងទាមទារឲ្យក្រុងវ៉ាស៊ីនតោនដកចេញបន្ថែមទៀត នូវ ទណ្ឌកម្មលើការនាំចេញប្រេងឆៅរុស្ស៊ី ដើម្បីធានាផ្តល់ស្ថិរភាពដល់ទីផ្សារប្រេងពិភពលោក ដែលច្របូកច្របល់ ក៏ព្រោះតែសង្គ្រាមនៅមជ្ឈិមបូព៌ា។ អឺរ៉ុបឯណោះវិញនាំមុខដោយអាល្លឺម៉ង់បានរិះគន់ និងស្វះស្វែងរារាំងដល់ការបន្ធូរបន្ថយទណ្ឌកម្មលើរុស្ស៊ី។
លោកហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរមកជួបលោកម៉ាក្រុងនៅទីក្រុងប៉ារីស កាលពីថ្ងៃទី១៣មីនា នៅក្នុងបរិបទដែលពិភពលោក កំពុងតែងាកទៅតាមដាននិងព្រួយបារម្ភខ្លាំង តែពីបញ្ហាសង្គ្រាមនៅដើមបូព៌ា។ នៅក្នុងពេលជួបគ្នា លោកម៉ាក្រុងបានធានាអះអាងប្រាប់លោកហ្សេឡេនស្គីថា ការជួយទំនុកបម្រុងអ៊ុយក្រែន គឺជាអាទិភាពធំបំផុតរបស់បារាំង ក៏ដូចជារបស់អឺរ៉ុប ហើយគ្មានអ្វីអាចមកបង្វែរការតាំងចិត្តនេះបានឡើយ។
នៅនេប៉ាល់ គណបក្សជាតិឯករាជ្យរបស់អ្នកចម្រៀងរែប(Rap) លោក បាឡែនដ្រា ស្ហា បានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា។ អតីតអ្នកចម្រៀងញាក់កន្ត្រាក់អារម្មណ៍ និងជាអភិបាលរដ្ឋធានីរូបនេះ នឹងក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេង នៅអំលុងពេល១សប្តាហ៍ខាងមុខ។ បញ្ហាធំដែល មេដឹកនាំវ័យក្មេងនេប៉ាល់ ត្រូវដោះស្រាយចំពោះមុខ គឺកង្វះការងារធ្វើសម្រាប់យុវជន និងកំណែទម្រង់សង្គម ដែលពោរពេញដោយអំពើពុករលួយ។
ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងមន្ត្រី ៣នាក់ផ្សេងទៀត ដែលមានតួនាទីជាប្រធាន និងអនុប្រធានការិយាល័យប្រតិបត្តិ និងប្រធានផ្នែកគ្រប់គ្រងជនជាប់ឃុំ ត្រូវបានក្រសួងមហាផ្ទៃព្យួរតួនាទីជាបណ្តោះអាសន្ន និងបង្គាប់ឲ្យពួកគេទៅបម្រើការងារនៅនាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារវិញ។ ប៉ុន្តែ លិខិតដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ មិនបានបញ្ជាក់ពីមូលហេតុនៃការព្យួរតួនាទីរបស់មន្ត្រីពន្ធនាគារខេត្តស្ទឹងត្រែងទាំង ៤រូបនេះទេ។ តែលោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី១៣ មីនានេះថា ការព្យួរតួនាទីជាបណ្តោះអាសន្នរបស់មន្ត្រីពន្ធនាគារខេត្តស្ទឹងត្រែងទាំង ៤នាក់ គឺដោយសារក្រុមប្រឹក្សាវិន័យក្រសួងមហាផ្ទៃកំពុងបន្តស៊ើបអង្កេតពាក់ព័ន្ធនឹងជនជាប់ឃុំ ដែលបានបង់ប្រាក់ជាថ្នូរនឹងការប្រើទូរស័ព្ទដៃដោយខុសច្បាប់នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។
តុលាការរុស្ស៊ី សម្រេចកាត់ទោសបុរស ១៥ នាក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទភេរវកម្មយ៉ាងសាហាវព្រៃផ្សៃ នៅក្នុងសាលប្រគំតន្រ្តីមួយកន្លែង ស្ថិតនៅជាយទីក្រុងម៉ូស្គូ កាលពីឆ្នាំ ២០២៤ ។ សាលក្រមដកហូតសេរីភាពមួយជីវិតនេះ ធ្លាក់មកនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា។ គួររំឭកថា ការវាយប្រហារភេរវកម្មជីហាតទ្រង់ទ្រាយធំខាងលើនេះ បានផ្តាច់ជីវិតមនុស្សសរុបចំនួន ១៥០ នាក់ ។
នៅក្នុងវេទិកាតុមូលស្តីពី «សណ្តាប់ធ្នាប់ពិភពលោកក្នុងបរិបទថ្មី» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា វាគ្មិនចូលរួមបានកត់សម្គាល់ថា បញ្ហាក្នុងប្រព័ន្ធអភិបាលកិច្ចនៅកម្ពុជាដែលកើតចេញពីបុគ្គលផង និងពីការអនុវត្តគោលនយោបាយផងនោះត្រូវការ ការវះកាត់ជាបន្ទាន់ ពិសេសនៅក្នុងស្ថានភាពដែលកម្ពុជាកំពុងមានវិបត្តិ។ សម្រាប់អ្នកវិភាគសង្គម ហេតុផលដែលនាំឱ្យប្រព័ន្ធអភិបាលកិច្ចកម្ពុជាបន្តមានបញ្ហា ក៏ព្រោះតែលទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធនីតិរដ្ឋស្ទើរ រលត់បាត់ពីកម្ពុជា។ ក្នុងន័យនេះ អ្នកវិភាគបានស្នើឲ្យរដ្ឋាភិបាលវះកាត់មន្ត្រីដែលប្រៀបបាននឹងត្រីស្អុយក្នុងកន្ត្រក បើមិនដូច្នោះទេ កម្ពុជានឹងរងវិបត្តិនិទណ្ឌភាពក្នុងសង្គមកាន់តែខ្លាំង។ សូមស្តាប់សេចក្តីរាយការណ៍លម្អិតរបស់ សាំ ឧត្តម
ប្រឈមនឹងការឡើងថ្លៃប្រេងសាំងដោយសារតែសង្គ្រាមអ៊ីរ៉ង់ សហរដ្ឋអាមេរិកបានសម្រេចបើកភ្លើងខៀវឲ្យរុស្ស៊ីអាចលក់ប្រេងឡើងវិញ។ ការអនុញ្ញាតនេះ ធ្វើឡើងចំពោះតែប្រេងរុស្ស៊ី ដែលមានរក្សាស្តុកនៅលើនាវាតែប៉ុណ្ណោះ និងសម្រាប់រយៈពេលខ្លី ចាប់ពីពេលនេះ រហូតដល់ត្រឹមថ្ងៃទី១១មេសា។ ការបន្ធូរបន្ថយទណ្ឌកម្មរុស្ស៊ីបែបនេះ ធ្វើឲ្យ បារាំង មិនពេញចិត្តទេ។
កាលពីយប់ថ្ងៃព្រហស្បតិ៍ទី១២មីនា មានទាហានបារាំងម្នាក់បានស្លាប់ និងរបួសច្រើននាក់ នៅក្នុងការវាយប្រហារដោយដ្រូនមួយ នៅឯមូលដ្ឋានទ័ពបារាំង ក្នុងតំបន់អ៊ែរប៊ីល ភាគខាងជើងអ៊ីរ៉ាក់។ តាមការសង្ស័យ ការវាយប្រហារនេះ អាចជាស្នាដៃរបស់កងកម្លាំងប្រដាប់អាវុធកូនចៅអ៊ីរ៉ង់ ដែលមានច្រើនក្រុមនៅក្នុងទឹកដីអ៊ីរ៉ាក់ បន្ទាប់ពីមេដឹកនាំថ្មីរបស់អ៊ីរ៉ង់ បានប្រកាសហៅឲ្យរួមគ្នាសងសឹង។ តើស្ថានការណ៍ថ្មីនេះ នឹងធ្វើឲ្យប្រែប្រួលបែបណាចំពោះគោលជំហរបារាំង ព្រោះថាបារាំង បានប្រកាសមិនចូលរួមពាក់ព័ន្ធ ក្នុងសង្គ្រាមនៅអ៊ីរ៉ង់ឡើយ។
តុលាការរុស្ស៊ី សម្រេចកាត់ទោសបុរស ១៥ នាក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទភេរវកម្មយ៉ាងសាហាវព្រៃផ្សៃ នៅក្នុងសាលប្រគំតន្រ្តីមួយកន្លែង ស្ថិតនៅជាយទីក្រុងម៉ូស្គូ កាលពីឆ្នាំ ២០២៤ ។ សាលក្រមដកហូតសេរីភាពមួយជីវិតនេះ ធ្លាក់មកនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា។ គួររំឭកថា ការវាយប្រហារភេរវកម្មជីហាតទ្រង់ទ្រាយធំខាងលើនេះ បានផ្តាច់ជីវិតមនុស្សសរុបចំនួន ១៥០ នាក់ ។
សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំងជារមណីយដ្ឋាននៅបឹងទន្លេសាបដ៏ស្រស់ស្អាត។ តែបែរជាមិនសូវមានភ្ញៀវទេសចរទៅទស្សនាកម្សាន្តប៉ុន្មានទេ។ មគ្គុទេសក៍ទេសចរណ៍ និងសហគមន៍បានមើលឃើញដូចគ្នាថា សហគមន៍ទេសចរណ៍ធម្មជាតិមួយនេះមានភូមិសាស្ដ្រនៅឆ្ងាយដាច់តែឯងពីក្រុងសៀមរាប និងខ្វះការផ្សព្វផ្សាយ៕
ក្រសួងព័ត៌មាននឹងអនុវត្តយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ រយៈពេល ១ឆ្នាំពេញជាមួយបណ្តាប្រទេសទាំងអស់នៅតាមបណ្តោយទន្លេមេគង្គ លើកលែងប្រទេសថៃ។ ការអនុវត្តគម្រោងនេះ ជាការប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ ពិសេសព័ត៌មានដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI) ក្នុងតំបន់ទន្លេមេគង្គ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានប្រកាសបើកការស៊ើបអង្កេតលើកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាផលិតកម្មលើសសមត្ថភាព និងការដោះស្រាយបញ្ហាពលកម្មដោយបង្ខំ។ ការស៊ើបអង្កេតនេះអាចនាំឲ្យមានការបន្ថែមពន្ធលើទំនិញមួយចំនួនរបស់កម្ពុជា។
សាលាដំបូងខេត្តព្រះសីហនុបានប្រកាសកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ថា ជនជាតិចិនចំនួន ៣នាក់ និងជនជាតិវៀតណាម ១នាក់ ត្រូវបានផ្តន្ទាទោស ដោយជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ម្នាក់ៗចំនួន ២០០លានរៀល។ ការផ្តន្ទាទោសធ្ងន់ធ្ងររបស់តុលាការខេត្តព្រះសីហនុទៅលើជនបរទេសទាំងនេះ ធ្វើឡើងក្រោយរកឃើញថា ពួកគេជាប់ពាក់ព័ន្ធនឹងបទល្មើសផលិត ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន សម្អាតប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់។
ល្ងាចថ្ងៃព្រហស្បតិ៍ទី១២មីនា បណ្តាញទូរទស្សន៍ជាតិអ៊ីរ៉ង់ បានផ្សាយខ្លឹមសារនៃសារលើកទី១របស់ លោក មុត្ឆតាបា ខាមេណី បន្ទាប់ពីត្រូវបានតែងតាំងជាអគ្គមគុទេសក៍កំពូលអ៊ីរ៉ង់។ ក្នុងសារនេះ អគ្គមគុទេសក៍កំពូលអ៊ីរ៉ង់ បានប្រកាសថាអ៊ីរ៉ង់នឹងសងសឹក។ លោក មុត្ឆតាបា ខាមេណី ដែលរហូតពេលនេះមិនទាន់បង្ហាញមុខជាសាធារណៈនេះ បានប្រកាសទៀតថា អ៊ីរ៉ង់នឹងបន្តបិទខ្ទប់ច្រកសមុទ្រអកមូហ្ស ដើម្បីដាក់សម្ពាធលើអាមេរិកនិងអ៊ីស្រាអែល។
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គណនីបណ្តាញសង្គម ចំនួន ១៥០ ០០០ ត្រូវក្រុមហ៊ុន Meta សម្រេចលុបចោល ព្រោះតែមានជាប់ពាក់ព័ន្ធបណ្តាញក្រុមឧក្រិដ្ឋកម្មឆបោកអនឡាញ។ ការលុបចោលនេះ ឋិតក្រោមកិច្ចសហការស៊ើបអង្គេតរបស់ក្រុមហ៊ុនបណ្តាញសង្គម Meta ជាមួយនិង អាជ្ញាធរប្រទេសជាច្រើន ក្នុងនោះមាន ប៉ូលិសថៃ អាមេរិក និងអង់គ្លេស ចូលរួមផង។
កាលពីថ្ងៃពុធ ទី១១មីនា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្តរួមមួយ ដោយបានហៅឲ្យអ៊ីរ៉ង់ ត្រូវតែឈប់វាយប្រហារមកលើបណ្តាប្រទេសនៅក្នុងតំបន់ឈូងសមុទ្រពែក្ស។ ក៏ប៉ុន្តែ នៅយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ គេសង្កេតឃើញថា អ៊ីរ៉ង់បានសំរុកវាយប្រហារកាន់តែខ្លាំង មកលើនាវាដឹកប្រេង ទីតាំងស្តុកប្រេងឆៅ ព្រមទាំងទីក្រុងធំៗ នៅតាមបណ្តាប្រទេសក្នុងតំបន់នេះ។
ថ្ងៃ ពុធ ទី ១១ ខែ មីនា វិមានក្រេមឡាំងបានថ្លែងអះអាងថា ការកាត់ផ្តាច់ និង ដំណើររអាក់រអួល នៃ ប្រព័ន្ធអ៊ីនធឺនែតនៅក្នុងប្រទេស នឹងអាចពន្យារពេលយូរថ្ងៃបន្តទៅមុខទៀត ដើម្បីធានាសន្តិសុខ សុវត្ថិភាព ដល់ប្រជាជនរុស្ស៊ី ។ អាជ្ញាធររុស្ស៊ី អះអាងដូច្នេះ បន្ទាប់ពីបានសង្កេតឃើញគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយ ការវាយប្រហារវិស័យបច្ចេកទេសវិទ្យា ពីសំណាក់អ៊ុយក្រែន ។
សភាប្រជាជនចិន អនុម័តច្បាប់ថ្មី ស្តីពីការបង្រួបបង្រួមជាតិពន្ធុ ដែលមានវត្ថុបំណងពង្រឹងសុខដុមនីយកម្មក្នុងសង្គម និងទប់ស្កាត់វិច្ឆេទកម្មជាតិសាសន៍ ដែលទាមទារផ្តាច់ខ្លួនបំបែកទឹកដី។ វិធានការច្បាប់ថ្មីនេះ បានកំណត់យកភាសាគោលផ្លូវការតែមួយ សម្រាប់ប្រើប្រាស់ក្នុងវិស័យសិក្សាធិការ ធុរកិច្ច និងទីសាធារណៈ។ អង្គការសង្គមស៊ីវិលបានរិះគន់ ច្បាប់ថ្មីនេះ ថា ផ្តាច់ឫសគល់ក្មេងៗ ចេញពីអត្តសញ្ញាណជាតិសាសន៍ដូនតារបស់ខ្លួន។
នៅថ្ងៃទី១១មីនា ក្រសួងសុខាភិបាលបានសម្រេចបិទមន្ទីរពហុព្យាបាលឥន្ទ្រទេវី១ ក្រោមមូលហេតុថា ទីកន្លែងព្យាបាលឯកជនមួយនេះបានប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ។ អ្នកពាក់ព័ន្ធក្នុងវិស័យសុខាភិបាលបានសាទរនឹងការសម្រេចរបស់ក្រសួងសុខាភិបាល និងបានស្នើឲ្យមានការពង្រឹងក្រមសីលធម៌របស់បុគ្គលិកដែលបម្រើការក្នុងវិស័យសុខាភិបាលបន្ថែមទៀត។
ក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលចេញផ្សាយនៅថ្ងៃទី១១មីនាម្សិលមិញ លោក ឆៃ ស៊ីណារិទ្ធ ប្រធានគណៈកម្មការ គ.ប.ឆ.ប បានបញ្ជាក់ថា អាជ្ញាធរកម្ពុជាបានបង្កកទ្រព្យសម្បត្តិរបស់មេឧក្រិដ្ឋជនអនឡាញ ចេន ហ្ស៊ី ដែលរួមមានអចលនទ្រព្យ និងអាជីវកម្មជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។ តាមលោក ឆៃ ស៊ីណារិទ្ធ ទោះបីជាកម្ពុជាបានធ្វើបត្យាប័នឧក្រិដ្ឋជនរូបនេះទៅឱ្យចិន តែរូបគេនៅតែត្រូវប្រឈមនឹងការផ្តន្ទាទោសនៅកម្ពុជា នាពេលខាងមុនផងដែរ។
ថ្ងៃ ពុធ ទី ១១ ខែ មីនា វិមានក្រេមឡាំងបានថ្លែងអះអាងថា ការកាត់ផ្តាច់ និង ដំណើររអាក់រអួល នៃ ប្រព័ន្ធអ៊ិនធឺនែតនៅក្នុងប្រទេស នឹងអាចពន្យារពេលយូរថ្ងៃបន្តទៅមុខទៀត ដើម្បីធានាសន្តិសុខ សុវត្ថិភាព ដល់ប្រជាជនរុស្ស៊ី ។ អាជ្ញាធររុស្ស៊ី អះអាងដូច្នេះ បន្ទាប់ពីបានសង្កេតឃើញគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយ ការវាយប្រហារវិស័យបច្ចេកទេសវិទ្យា ពីសំណាក់អ៊ុយក្រែន ។
ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ជាទិវាខួប១៥ឆ្នាំគត់ នៃគ្រោះថ្នាក់មហន្តរាយនុយក្លេអ៊ែរនៅហ្វ៊ូគូស្ហ៊ីម៉ា ដែលបង្កឡើងដោយរលកយក្សស៊ូណាមិ និងគ្រោះរញ្ជួយដី។ គ្រោះថ្នាក់មហន្តរាយនុយក្លេអ៊ែរនៅហ្វ៊ូគូស្ហ៊ីម៉ា បានសម្លាប់ និងធ្វើឲ្យមនុស្សរងគ្រោះ រាប់ម៉ឺននាក់ ព្រមទាំងបង្កផលវិបាកខ្លាំង ដោះស្រាយមិនទាន់ចប់ មកទល់សព្វថ្ងៃ។ ទោះម្តេចក្តី នុយក្លេអ៊ែរស៊ីវិល នៅតែបន្តជាស្នូលយុទ្ធសាស្ត្រ ដើម្បីឯករាជ្យភាពថាមពល របស់រដ្ឋាភិបាលជប៉ុនបច្ចុប្បន្ន។
ប្រឈមនឹងវិបត្តិតម្លៃប្រេងឡើងថ្លៃ នៅទូទាំងពិភពលោក ក្រោយផ្ទុះសង្គ្រាមនៅដើមបូព៌ា ក្រុមប្រទេសទាំង៣២ សមាជិកនៃទីភ្នាក់ងារថាមពលអន្តរជាតិ បានមូលមតិគ្នាសុខចិត្តបញ្ចេញស្តុកប្រេងបម្រុង សរុបចំនួន៤០០លានធុងបារីល។ ទោះជាយ៉ាងណា អ្នកជំនាញអះអាងថា សម្រាប់ពេលនេះ ពិភពលោកមិនទាន់ខ្វះប្រេងឥទ្ធនៈប្រើនោះទេ តែការបញ្ចេញស្តុកប្រេងបម្រុង យកមកចាក់បញ្ជូលមកក្នុងទីផ្សារ គឺជាវិធានការដើម្បីជួយទាញតម្លៃប្រេងឲ្យធ្លាក់ចុះប៉ុណ្ណោះ។