នាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មីញ ជីញ បានចាកចេញពីទីក្រុងហាណូយ នៅថ្ងៃអាទិត្យ ទី២២ មីនា ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅរស្ស៊ី។ ដំណើរទស្សនកិច្ចរយពេលៈ៤ថ្ងៃនេះ ធ្វើឡើងក្នុងកម្មវត្ថុ ពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ផ្តោតលើវិស័យថាមជាចម្បង។
កម្មវិធីព័ត៌មានប្រចាំថ្ងៃ អាទិត្យ ទី ២២ ខែមីនា ឆ្នាំ ២០២៦ ដោយសាំ ឧត្តម
នៅក្នុងស្ថានការណ៍ពិភពលោកកាន់តែតានតឹង ព្រោះតែសង្គ្រាមនៅមជ្ឈិមបូព៌ា ចិនបានបង្ហាញមហិច្ឆតា ចង់បង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូវិនិយោគបរទេស។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន នៅថ្ងៃអាទិត្យទី ២២មីនានេះ នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង បានប្រកាស ថា ចិនមានឆន្ទៈក្នុងការពង្រីកទំហំពាណិជ្ជកម្មអន្តរជាតិជាមួយប្រទេសដទៃ។ ដៃគូពាណិជ្ជកម្មជាមួយចិនជាច្រើនធ្លាប់បានអំពាវនាវឲ្យរដ្ឋាភិបាលក្រុងប៉េកាំង កាត់បន្ថយអតិរេកពាណិជ្ជកម្មដែលជាដើមហេតុធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងស្រុក។
ទោះរងការវាយប្រហារពីអ៊ីស្រាអែលដែលរួមដៃជាមួយអាមេរិក នៅ៣សប្តាហ៍នេះ អ៊ីរ៉ង់គ្មានបង្ហាញសញ្ញាចុះខ្សោយ។ នៅថ្ងៃអាទិត្យទី២២មីនានេះ កងទ័ពអ៊ីរ៉ង់នៅបន្តបាញ់យ៉ាងប្រសាច គ្រាប់មីស៊ីល និងដ្រូនសំដៅទឹកដីអ៊ីស្រាអែល។ កាលពីល្ងាចថ្ងៃសៅរ៍ គ្រាប់មីស៊ីលរបស់អ៊ីរ៉ង់បានវាយទម្លុះសំណាញ់មេឃ ឬប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល រហូតបង្កឲ្យមានមនុស្សរបួសជាង១០០នាក់។ លោកត្រាំឯណោះវិញបាននិយាយគំរាមទុកពេល៤៨ម៉ោង ឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រអកមូហ្ស បើសិនចង់ឲ្យអាមេរិកវាយបំផ្លាញទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពល។ អ៊ីរ៉ង់មិនចុះញ៉ម និងបានគំរាមបើកមុខសង្រ្គាមមួយទៀតនៅសមុទ្រក្រហម ដែលជាផ្លូវចូលទៅព្រែកជីកស៊ុយអេ។
កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ក្រុមអ្នកស្រាវជ្រាវ រដ្ឋបាលជលផលក្រចេះ ស្ទឹងត្រែង និងអង្គការ WWF នៅខេត្តស្ទឹងត្រែងបានប្រទះឃើញកូនផ្សោតទើបនឹងកើតថ្មីមួយក្បាលទៀត នៅអន្លង់កោះសន្ទក់ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ នៅឆ្នាំ២០២៦ នេះជាកូនផ្សោតទី១ ដែលកើតនៅខេត្តស្ទឹងត្រែង និងជាកូនផ្សោតទី៤ បើរាប់ទាំងកូនផ្សោតកើតថ្មីនៅខេត្តក្រចេះផង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្មនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានឲ្យដឹងពីគម្រោងស្នើសុំជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីជជែកពីស្ថានភាពនយោបាយ និងវិបត្តិសង្គមក្នុងពេលបច្ចុប្បន្ន។ នេះបើតាមលោក សុន ឆ័យ អនុប្រធានគណបក្សឆន្ទៈខ្មែរ មុននឹងបង្ហើបឲ្យដឹងដែរថា នៅក្នុងជំនួបគណបក្សប្រឆាំងគ្រោងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ពីបញ្ហាព្រំដែន ស្ថានភាពបំណុល និងវិបត្តិទំនិញឡើងថ្លៃ ដែលប្រជាពលរដ្ឋខ្មែរកំពុងជួបប្រទះ។
រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ដោយបញ្ជាក់ថារដ្ឋបាលខេត្ត មិនបានទារប្រាក់ពីជនជាតិចិនជាថ្នូរនឹងការដោះលែងឡើយ។ ប្រតិកម្មរបស់សាលាខេត្តកោះកុងដូចនេះ ធ្វើឡើងបន្ទាប់ពីកាសែតអនឡាញឈ្មោះ Koh Kong Hot News បានចុះផ្សាយកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយចោទប្រកាន់ថាអភិបាលរងខេត្តកោះកុង លោក ហាក់ ឡេង និងក្រុមការងាររដ្ឋបាលបានទារប្រាក់ពីជនជាតិចិនចំនួន ៤ម៉ឺនដុល្លារ អំឡុងពេលចុះត្រួតពិនិត្យរដ្ឋបាលនៅតាមទីតាំងប្រមូលផ្តុំមួយចំនួននៅក្នុងខេត្តនេះ។
ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងខណ្ឌឬស្សីកែវ កាលពីយប់ថ្ងៃទី១៨ មីនា ឆ្នាំ២០២៦ ដែលគេសង្ស័យថា បង្កឡើងដោយអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នៅតែជាកម្មវត្ថុនៃការបន្តជជែកវែកញែកគ្នានៅក្នុងចំណោមមហាជន។ អ្នកប្រើប្រាស់បណ្តាញសង្គមនៅតែបន្តជជែកពីករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ បន្ទាប់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃសុក្រទី២០ មីនាថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ គឺជាស្ត្រីដែលជាអ្នកបើកបរ ពោលគឺមិនមែនជាបុរសម្នាក់ ស្រវឹងជោគ ដែលជាកូនប្រុសរបស់អភិបាលស្រុកកងមាស ដូចការផ្សព្វផ្សាយតាមបណ្តាញសង្គមភ្លាមៗ នៅពេលកើតហេតុនោះទេ។ តើសមត្ថកិច្ចជំនាញត្រូវធ្វើដូចម្តេច ដើម្បីជម្រះមន្ទិលមហាជនទៅលើករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ?
រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានចេញសារាចរណែនាំដល់ក្រសួង ស្ថាប័នទាំងអស់ ឲ្យចូលរួមសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈនៅលើសកលលោក និងកម្ពុជា កំពុងឡើងថ្លៃយ៉ាងគំហុក។ នៅទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានចេញបញ្ជាដល់ក្រសួងមហាផ្ទៃ ឲ្យណែនាំមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ចេញសម្រួលការកកស្ទះចរាចរណ៍នៅតាមដងផ្លូវ ដែលជាមូលហេតុនាំឲ្យមានការចំណាយប្រេងឥន្ធនៈបន្ថែម។
គណៈកម្មាធិការពិសេសមួយរបស់ព្រឹទ្ធសភាថៃ នឹងធ្វើការបោះឆ្នោតនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដើម្បីសម្រេចថាគួរទុកអនុស្សរណៈនៃការយោគយល់គ្នា លេខ៤៣(MOU៤៣) ដែលបានធ្វើជាមួយកម្ពុជានៅឆ្នាំ២០០០។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃបាងកកប៉ុស្តិ៍ ចុះផ្សាយនៅថ្ងៃទី២២មីនានេះ។ MOU លេខ៤៣នេះ ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាកំណត់ខណ្ឌសីមាតាមព្រំដែនគោករវាងកម្ពុជា និងថៃ។ មន្ត្រីកម្ពុជាកន្លងមកធ្លាប់បានបកស្រាយថា ថៃមិនអាចលុបចោលអនុស្សរណៈយោគយល់គ្នានេះបានដោយឯកតោភាគីបានឡើយ ដោយសារវាជាកិច្ចព្រមព្រៀងអន្តរជាតិរវាងកម្ពុជា និងថៃ។
ថ្ងៃទី២០មីនា គឺជាទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ដែលក្រុមប្រទេសនិយាយភាសាបារាំង មានប្រជាជនជិត៤០០លាននាក់តែងនាំគ្នាប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ។ កម្ពុជាដែលជាសមាជិក និងជាស្ថាបនិកនៃអង្គការហ្វ្រង់កូហ្វូនី ក៏តែងតែប្រារព្ធទិវាអន្តរជាតិនេះជារៀងរាល់ឆ្នាំដែរ។ ប៉ុន្តែទិវាអន្តរជាតិហ្វ្រង់កូហ្វូនីនៅក្នុងឆ្នាំ២០២៦នេះ ត្រូវបានរៀបចំឡើងប្រកបដោយអត្ថន័យ និងសារៈសំខាន់បន្ថែមទៀត ដោយសារកម្ពុជាកំពុងជំរុញ និងលើកកម្ពស់ភាសាបារាំងទៅដល់សិស្ស-និស្សិត ជាពិសេសយុវជនកម្ពុជា។ ជាការជំរុញ ក្នុងទិសដៅអបអរការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីរដ្ឋាភិបាល និងសមាជិកនៃប្រទេសនិយាយភាសាបារាំងចំនួនជាង៩០៕
ចាប់តាំងពីអាមេរិករបស់លោកដូណាល់ត្រាំ ប្រើកម្លាំងយោធាចូលទៅចាប់ជំរិតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូនៅចុងខែមករា មក រដ្ឋាភិបាលក្រុងការ៉ាកាសដឹកនាំដោយប្រធានាធិបតីស្តីទី យល់ព្រមធ្វើសម្បទានទៅតាមការចង់បានរបស់វ៉ាស៊ីនតោន។ បន្ទាប់ពីបង្ខំចិត្តកែប្រែប្រព័ន្ធច្បាប់ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកចូលទៅបោះទុនវិនិយោគលើវិស័យប្រេងថាមពលរបស់វ៉េណេស៊ុយអេឡា ប្រធានាធិបតីស្តីទីរបស់វ៉េណេស៊ុយអេឡា នៅថ្ងៃទី១៩មីនា បានធ្វើកំណែទម្រង់ ដោយដកមន្រ្តីយោធាជាន់ខ្ពស់ទាំងអស់ដែលស្និទ្ធនឹងលោកម៉ាឌូរ៉ូ និងដាក់ជំនួសវិញ នូវបុគ្គលដែលមានជំហរមិនសូវប្រឆាំងអាមេរិក។ តើវ៉េណេស៊ុយអេឡាកំពុងធ្លាក់ខ្លួនដោយមិនដឹងខ្លួន ទៅនៅក្រោមនឹមអាណានិគមរបស់សហរដ្ឋអាមេរិក?
កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ ទី ២១ ខែមីនា ឆ្នាំ ២០២៦ ដោយ សាំ ឧត្តម
នៅរុស្ស៊ី អ្នកសរសេរBlogម្នាក់ដែលរមែងប្រកាន់ជំហរគាំទ្រនយោបាយរបស់វិមានក្រេមឡាំង ស្រាប់តែត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យវិកលចរិត ក្រោយពីគាត់បានចេញផ្សាយអត្ថបទ ទិតៀនលោក ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន និង ប្រតិបត្តិការវាយលុករបស់រុស្ស៊ីចូលអ៊ុយក្រែន។ នេះបើតាមដំណឹងចុះផ្សាយទីភ្នាក់ងារព័ត៌មានបារាំង AFP កាលពីថ្ងៃសុក្រទី ២០ ខែ មីនា។
បន្ទាប់ពីបញ្ឆេះសង្រ្គាមវាយប្រហារទៅលើអ៊ីរ៉ង់បាន៣សប្តាហ៍ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃសុក្រទី ២០មីនា បានព្រលយពាក្យជាលើកទី១ថា អាមេរិកកំពុងពិចារណា កាត់បន្ថយបន្តិចម្តងៗ សកម្មភាពយោធាប្រឆាំងនឹងរបបដឹកនាំអ៊ីរ៉ង់។ ប៉ុន្តែ នៅស្ថានភាពជាក់ស្តែង កងទ័ពអាមេរិក និងអ៊ីស្រាអែលនៅថ្ងៃសៅរ៍នេះ បានបើកការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរនៅភាគកណ្តាលប្រទេសអ៊ីរ៉ង់។ ទោះប្រទេសរងការវាយប្រហារពីអ៊ីស្រាអែល និងអាមេរិក ប្រជាជនអ៊ីរ៉ង់នៅពុះពារធ្វើបុណ្យសាសនា បិទបញ្ចប់ថ្ងៃបុណ្យតមអាហាររ៉ាម៉ាដង់នៅក្នុងសាសនាឥស្លាម។
ចាប់តាំងពីសង្រ្គាមអ៊ីរ៉ង់បានផ្ទុះឡើង នៅចុងខែកុម្ភៈ កន្លងទៅ ហេដ្ឋារចនាសម្ព័ន្ធទីតាំងចម្រាញ់ប្រេង និងឧស្ម័ន ជាច្រើនកន្លែង នៅតំបន់មជ្ឈិមបូព៌ា រងការខូចខាត់យ៉ាងធ្ងន់ធ្ងរ ដោយសារការប្រហារគ្នាទៅវិញទៅមក។ ដោយមើលឃើញពីតម្រូវការប្រេងឆៅ និងឧស្ម័នធម្មជាតិ ជាបន្ទាន់ អាល់ហ្សេរី និងលីប៊ី បានបង្កើនផលិតកម្មក្នុងស្រុក និងការនាំប្រេងឥន្ធនៈ ចេញទៅអឺរ៉ុប។ រដ្ឋាភិបាលនៃប្រទេសទាំងពីរបាន បោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ រាប់សិបពាន់លានដុល្លារ ដើម្បីបង្កើនផលិតកម្មទ្វេដង និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទីតាំងចម្រាញ់ប្រេងឥន្ធនៈ។
ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកកាសែតកាលពីពេលថ្មីៗនេះ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រាបានទទួលស្គាល់ថា ទំនិញរបស់ថៃមួយចំនួននៅតែបន្ត ហូរចូលមកកម្ពុជា តាមច្រកព្រំដែនឡាវ ព្រោះកម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)។ សេដ្ឋកិច្ចវិទូមួយចំនួនយល់ថា ការលើកឡើងរបស់អភិបាលខេត្តស្ទឹងត្រែង អាចប៉ះពាល់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ ដែលធ្វើពហិការទំនិញរបស់ថៃ និងខ្លះទៀតថា ការបកស្រាយរបស់អភិបាលខេត្តធ្វើឡើង ដោយមិនត្រូវតាមកាលៈទេសៈ។ តើការបន្តនាំចូលទំនិញថៃមកកម្ពុជា តាមគោលការណ៍ WTO ពិតជាធ្វើឲ្យប៉ះពាល់ដល់ស្មារតីពហិការរបស់ពលរដ្ឋខ្មែរ?
ក្នុងសម័យប្រជុំលើកទី១៤៥ របស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលធ្វើឡើងក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស គណៈកម្មាធិការ UNនេះ បានអះអាងថា កម្ពុជានៅមានចំណុចខ្វះខាតច្រើនពាក់ព័ន្ធនឹងការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលទាមទារឱ្យមានការដោះស្រាយជាបន្ទាន់។ យ៉ាងណាក៏ដោយ គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអះអាងថា នឹងបញ្ឈប់នីតិវិធីតាមដានលើរបាយការណ៍នៃការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់កម្ពុជា បន្ទាប់ពីមានការត្រួតពិនិត្យអស់រយៈពេលជាង ៣ឆ្នាំ។
ភ្ញៀវទេសចរប្រមាណជាង ២ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសជាង ២ ៦០០នាក់ បានប្រមូលផ្តុំគ្នាទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យ «ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត» ឬសមរាត្រី(Equinox) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ។ លោក ជុំ សុភមករា អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី២១មីនានេះថា នៅក្នុងរយៈពេល ៣ថ្ងៃនៃព្រឹត្តិការណ៍សមរាត្រីនេះ នឹងអាចមានភ្ញៀវទេសចរប្រមាណជាង ៩ម៉ឺននាក់ ពោលប្រហាក់ប្រហែលនឹងសមរាត្រីឆ្នាំកន្លងទៅដែរ។ មន្ត្រីអ្នកនាំពាក្យរូបនេះដដែលបានបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រីគឺជាព្រឹត្តិការណ៍តារាសាស្ត្រដ៏អស្ចារ្យ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានច្រើនបំផុត នៅមុខប្រាសាទអង្គរវត្ត។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត» ឬសមរាត្រី(Equinox) គឺជាព្រឹត្តិការណ៍ដ៏ទាក់ទាញមួយ ដែលបានកើតឡើងពីរលើកក្នុងមួយឆ្នាំ។ លើកទី១ ក្នុងអំឡុងខែមីនា និងលើកទី២ មានរយៈពេល៣ថ្ងៃដែរ នៅអំឡុងខែកញ្ញា៕
មន្ត្រីគយឥណ្ឌូណេស៊ីបានអះអាងពីការចូលរឹបអូសកុងតឺន័រប្រវែងជាង ៦ម៉ែត្រ ដែលមានផ្ទុកកេសដាក់ស្រកាសត្វពង្រូល ប្រមាណជាង ៣តោន មានតម្លៃជាទឹកប្រាក់ជាង ១០លានដុល្លារ។ នៅក្នុងការចុះផ្សាយនៅថ្ងៃសុក្រទី ២០មីនា សារព័ត៌មាន Mongabay ដែលមានជំនាញរាយការណ៍អំពីបញ្ហាបរិស្ថាន បានស្រង់សំដីរបស់មន្ត្រីគយឥណ្ឌូណេស៊ី ដែលថា កុងតឺន័រដែលគេឃាត់បាន នៅកំពង់ផែក្រុងហ្សាកាតា មានគោលដៅដឹកទៅកាន់ប្រទេសកម្ពុជា។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មកម្ពុជាបញ្ជាក់ថា កម្ពុជាមិនទាន់ទទួលបានរបាយការណ៍ផ្លូវការណ៍ណាមួយពីអាជ្ញាធរឥណ្ឌូណេស៊ីទាក់ទងនឹងករណីនេះនៅឡើយទេ។
បន្ទាប់ពីបញ្ឆេះសង្រ្គាមវាយប្រហារទៅលើអ៊ីរ៉ង់បាន៣សប្តាហ៍ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃសុក្រទី ២០មីនា បានព្រលយជាលើកទី១ថា អាមេរិកកំពុងពិចារណា កាត់បន្ថយបន្តិចម្តងៗ សកម្មភាពយោធាប្រឆាំងនឹងរបបដឹកនាំអ៊ីរ៉ង់។ ប៉ុន្តែ នៅស្ថានភាពជាក់ស្តែង កងទ័ពអាមេរិក និងអ៊ីស្រាអែលនៅថ្ងៃសៅរ៍នេះ បានបើកការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរនៅភាគកណ្តាលប្រទេសអ៊ីរ៉ង់។ ទោះប្រទេសរងការវាយប្រហារពីអ៊ីស្រាអែល និងអាមេរិក ប្រជាជនអ៊ីរ៉ង់នៅពុះពារធ្វើបុណ្យសាសនា បិទបញ្ចប់ថ្ងៃបុណ្យតមអាហាររ៉ាម៉ាដង់នៅក្នុងសាសនាឥស្លាម។
សង្គ្រាមនៅអ៊ីរ៉ង់ដែលបញ្ឆេះឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានឈានចូលសប្តាហ៍ទី៤។ បន្ទាប់បានបំពេញទស្សនកិច្ចរយៈពេលខ្លីនៅក្នុងប្រទេសលីបង់នាថ្ងៃព្រហស្បតិ៍ ទី១៩ មីនា ប្រមុខការទូតបារាំងបានបំពេញទស្សនកិច្ចក្នុងថ្ងៃសុក្រ ទី២០ មីនានៅក្នុងប្រទេសអ៊ីស្រាអែល។ ពីទីក្រុងតេឡាវី ប្រមុខការទូតបារាំងបានថ្លែងអំពាវនាវឲ្យអ៊ីរ៉ង់ធ្វើសម្បទាន និងរកច្រកផ្លូវចរចានយោបាយដើម្បីបញ្ចប់ភ្លើងសង្គ្រាម។ បើតាមប្រមុខទូតបារាំង ដើម្បីអាចបញ្ចប់ជម្លោះប្រដាប់អាវុធនេះយូរអង្វែងបាន គឺមានតែដំណោះស្រាយនយោបាយមួយប៉ុណ្ណោះ។
យុវតី១៦នាក់ ដែលមួយចំនួនធំជាកូនកាត់ខ្មែរបានជាប់ក្នុងបញ្ជីឈ្មោះបេក្ខនារីដែលត្រូវប្រកួតប្រជែងដណ្តើមម្កុដបវរកញ្ញាខ្មែរនៅប្រទេសបារាំង។ ចំពោះអ្នករៀបចំកម្មវិធី បវរកញ្ញាខ្មែរនៅប្រទេសបារាំងមានអត្ថន័យលើសពីសម្រស់ រូបរាងល្អផូផង់ពីខាងក្រៅ។ ក្រៅតែពីចង់អភិរក្ស ជំរុញវប្បធម៌ខ្មែរនៅទឹកដីបរទេស ការរៀបចំកម្មវិធីបវរកញ្ញាខ្មែរនៅបារាំង ជាឱកាសមួយដើម្បីជំរុញលើកទឹកចិត្តឲ្យយុវជនកូនចៅខ្មែរកើតទៅនៅទឹកដីបរទេសអាចចងភ្ជាប់ខ្លួនជាមួយអត្តសញ្ញាណ ប្រទេសកំណើតរបស់ឪពុកម្តាយ និងជីដូនជីតា។ ឈាង បុប្ផាបានទៅធ្វើបទយកការណ៍នៅផ្ទះលំហែក្នុងទីក្រុង ឡា លូប ជាទីដែលបេក្ខនារីបវរកញ្ញាខ្មែរនៅប្រទេសបារាំងហាត់សម ត្រៀមឡើងឆាកផ្លូវការដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៨ មីនា។
យុវតី១៦នាក់ ដែលមួយចំនួនធំជាកូនកាត់ខ្មែរបានជាប់ក្នុងបញ្ជីឈ្មោះបេក្ខនារីដែលត្រូវប្រកួតប្រជែងដណ្តើមម្កុដបវរកញ្ញាខ្មែរនៅប្រទេសបារាំង។ ចំពោះអ្នករៀបចំកម្មវិធី បវរកញ្ញាខ្មែរនៅប្រទេសបារាំងមានអត្ថន័យលើសពីសម្រស់ រូបរាងល្អផូផង់ពីខាងក្រៅ។ ក្រៅតែពីចង់អភិរក្ស ជំរុញវប្បធម៌ខ្មែរនៅទឹកដីបរទេស ការរៀបចំកម្មវិធីបវរកញ្ញាខ្មែរនៅបារាំង ជាឱកាសមួយដើម្បីជំរុញលើកទឹកចិត្តឲ្យយុវជនកូនចៅខ្មែរកើតទៅនៅទឹកដីបរទេសអាចចងភ្ជាប់ខ្លួនជាមួយអត្តសញ្ញាណ ប្រទេសកំណើតរបស់ឪពុកម្តាយ និងជីដូនជីតា។ ឈាង បុប្ផាបានទៅធ្វើបទយកការណ៍នៅផ្ទះលំហែក្នុងទីក្រុង ឡា លូប ជាទីដែលបេក្ខនារីបវរកញ្ញាខ្មែរនៅប្រទេសបារាំងហាត់សម ត្រៀមឡើងឆាកផ្លូវការដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៨ មីនា។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់នៅរសៀលថ្ងៃទី២០ មីនានេះថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឬស្សីកែវកាលពីយប់ថ្ងៃទី១៨ មីនានឹងត្រូវស៊ើបអង្កេតស្រាវជ្រាវដោយតម្លាភាពតាមជំនាញបច្ចេកទេស និងច្បាប់ត្រឹមត្រូវ។ ការបញ្ជាក់ដូចនេះធ្វើឡើង បន្ទាប់ពីមហាជនផ្ទុះកំហឹងលើមន្ត្រីរាជការម្នាក់ដែលសង្ស័យជាជនបង្កបើកបរបង្កគ្រោះថ្នាក់ ក្រោមឥទ្ធិពលគ្រឿងស្រវឹង។
ក្រសួងសុខាភិបាលបាន និងកំពុងចាប់អារម្មណ៍លើឃ្លីបវីដេអូខ្លីមួយ ដែលត្រូវបានមហាជនចែករំលែកតៗគ្នាលើបណ្តាញសង្គម និងមានការរិះគន់អស់រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។ ឃ្លីបវីដេអូនោះបានបង្ហាញពីរថយន្តសង្គ្រោះបន្ទាន់(Ambulance) មួយគ្រឿងដឹកជនបរទេសមួយក្រុម ដែលឈរជក់បារីនៅលើចិញ្ចើមផ្លូវ។ លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នេះថា ក្រុមការងាររបស់ក្រសួងកំពុងពិនិត្យមើលកិច្ចការមួយនេះ តែនៅមិនទាន់ទទួលបានលទ្ធផលយ៉ាងណានៅឡើយទេ។ សូមបញ្ជាក់ថា នៅអំឡុងពេលបង្ក្រាបបទល្មើសឆបោកតាមអនឡាញដែលធ្វើឲ្យបែកសម្បុកឧក្រិដ្ឋជន សមត្ថកិច្ចកម្ពុជាក៏បានចាត់វិធានការរដ្ឋបាលតាមដងផ្លូវមួយចំនួនដែរ។ ថ្មីៗកន្លងទៅនេះ សមត្ថកិច្ចបានដាក់គោលដៅត្រួតពិនិត្យយានយន្តដឹកជនបរទេសសង្ស័យជម្លៀសខ្លួនចំនួន ១៥លើកនៅក្នុងខេត្តចំនួន៣ គឺខេត្តបន្ទាយមានជ័យ កោះកុង និងខេត្តកំពង់ឆ្នាំង។ ក្នុងចំណោមជនបរទេសប្រមាណ ៧០០នាក់ដែលត្រូវបានត្រួតពិនិត្យនៅតាមដងផ្លូវ មានមួយចំនួនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ តែនៅមិនទាន់មានការបញ្ជាក់ទេថា រូបភាពខាងលើមានជាប់ពាក់ព័ន្ធទៅនឹងការជម្លៀសជនបរទេស ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ឬយ៉ាងណា៕
ក្រសួងពាណិជ្ជកម្មបានចេញផ្សាយតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ចាប់ពីថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦។ ប្រេងសាំងធម្មតាតម្លៃ ៥៤០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ ៦ ៧០០រៀលក្នុងមួយលីត្រ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានពន្យល់ថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការទម្លាក់ពន្ធគយ និងអាករបន្ថែមមក សូន្យដុល្លារ រួមទាំងទទួលបន្ទុកបង់ជំនួសពន្ធអាករលើតម្លៃបន្ថែមចំនួន ៦%។ បើតាមលោក ប៉ែន សុវិជាតិ អន្តរាគមន៍របស់រដ្ឋាភិបាលពេលនេះបានជួយទប់តម្លៃប្រេងនៅលើទីផ្សារក្នុងគោលដៅជួយសម្រាលជីវភាពរបសើពលរដ្ឋ។
ក្រុមប្រទេសនៅអឺរ៉ុប មានជាអាទិ៍បារាំង អង់គ្លេស បានព្រលយអំពីលទ្ធភាពត្រៀមចូលរួមការពារសន្តិសុខច្រកសមុទ្ទអកមូហ្ស ដើម្បីសម្រួលចរាចរណ៍ដឹកជញ្ជូនប្រេង។ ប៉ុន្តែបេសកកម្មការពារច្រកសមុទ្ទអកមូហ្ស អាចប្រព្រឹត្តទៅពេលណាលែងមានស្នូរអាវុធ។
ថ្ងៃព្រហស្បតិ៍ ទី១៩មីនា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានទទួលស្វាគមន៍លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន នៅសេតវិមាន។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការ លើកទី១ នៅបរទេស របស់លោកស្រី តាកាអ៊ីជី សាណាអេ ក្នុងនាមជាប្រមុខរដ្ឋាភិបាលជប៉ុន។ ជំនួបនៅទីក្រុងវ៉ាស៊ីនតោននេះ បានគ្រោងទុកជាយូរមកហើយ តែវាត្រូវធ្លាក់មកចំបរិបទសង្គ្រាមក្តៅគគុកនៅតំបន់មជ្ឈិមបូព៌ា។ ម្លោះហើយ ទើបសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ បានជំរុញផងនិងដាក់សម្ពាធផង ឲ្យប្រទេសជប៉ុន ចូលរួមការពារច្រកសមុទ្ទអកមូស្ស និងបញ្ជូនយោធាទៅជួយច្បាំងពួតដៃជាមួយអាមេរិកនិងអ៊ីស្រាអែល។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់ និងបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទសរុបចំនួន ៦៥នាក់ ក្នុងនោះមានជនជាតិចិន៨នាក់ និងជនជាតិខ្មែរ ៥៧នាក់ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ។ ជនសង្ស័យទាំង ៦៥នាក់នេះ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅអគារខុនដូរ ហ្គោលឌិន វ័ន ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។
មហាយក្សចិន នឹងមិនប្រើកម្លាំងទ័ព ដើម្បីវាយសង្គ្រុបឈ្លានពានតៃវ៉ាន់ នៅឆ្នាំ២០២៧ ទេ។ ក៏ប៉ុន្តែ រដ្ឋអំណាចចិន នឹងរកមធ្យោបាយផ្សេង ដើម្បីត្រួតត្រាតៃវ៉ាន់ ។ នេះបើតាមសេចក្តីសន្និដ្ឋាន របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ដែលចេញផ្សាយនៅថ្ងៃពុធ ទី១៨ មីនា។ តែទោះយ៉ាងណាក្តី រដ្ឋអំណាចចិន ស្នើឲ្យអាមេរិក លះបង់ផ្នត់គំនិត ដែលតែងតែចោទថា ចិនជាប្រភពនៃការគំរាមកំហែង។
សង្គ្រាមនៅមជ្ឈឹមបូព៌ា កំពុងរីករាលដាលកាន់តែធំ និងបង្កផលវិបាកកាន់តែធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចពិភពលោកទាំងមូល។ តំបន់នេះគឺជាជង្រុកប្រភពថាមពលដ៏ធំបំផុតមួយ ដែលមានប្រេងកាតនិងឧស្ម័នធម្មជាតិ។ ពេលនេះ ការវាយប្រហារទៅវិញទៅមក មិនត្រឹមតែបានសំដៅទៅលើទីតាំងស្តុកប្រេងនិងឧស្ម័នប៉ុណ្ណោះទេ តែវាបានវាយសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មតែម្តង។ បញ្ហានេះ និងជះផលប៉ះពាល់យូរអង្វែង ទៅលើបណ្តាញផលិតនិងផ្គត់ផ្គង់ នៃវត្ថុធាតុដើមថាមពល។
នៅថ្ងៃទី១៩ ខែមីនានេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំពិធីសែនប្រុងពលីដើម្បីត្រៀមបើកដំណើរការតុបតែងលំអតាមដងផ្លូវ និងតំបន់សម្រាប់ត្រៀមព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញដែលនឹងឈានចូលមកដល់នៅជាង ២០ថ្ងៃទៀត។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នារសៀលថ្ងៃទី១៩ ខែមីនានេះ លោក សោម រតនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាបានអះអាងថា ក្រុមការងាររៀបចំព្រឹត្តិការណ៍បានបែងចែកក្រុមការងារតាមផ្នែកនីមួយៗរួចហើយ តែដំណើរការរៀបចំតុបតែងលម្អនៅតាមតំបន់ដែលត្រូវរៀបចំព្រឹត្តិការណ៍នៅពុំទាន់មានលទ្ធផលធំដុំអ្វីនៅឡើយទេ។
ក្នុងបរិបទនៃសង្រ្គាមនៅមជ្ឈិមបូព៌ា កម្ពុជាកំពុងប្រឈមនឹងវិបត្តិតម្លៃប្រេងឥន្ធនៈឡើងថ្លៃ និងការផ្គត់ផ្គង់ពីទីផ្សារដែលខ្លួនធ្លាប់នាំចូលកន្លងមក។ បច្ចុប្បន្ន និងដើម្បីអាចបន្តបំពេញតម្រូវការរបស់ខ្លួន កម្ពុជាកំពុងស្វែងរកការនាំចូលប្រេងឥន្ធនៈបន្ថែមពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។ គួរជម្រាបជូនថា កម្ពុជានៅមិន ទាន់មានរោងចក្រចម្រាញ់ប្រេងដោយខ្លួនឯងបាននៅឡើយទេ។ តែក្រុមអ្នកវិភាគយល់ថា កម្ពុជាគួរចាប់ផ្តើមពិចារណាសិក្សាពីលទ្ធភាពបង្កើតរោងចក្រចម្រាញ់ប្រេងឱ្យបានឆាប់ដើម្បីបញ្ជៀសវិបត្តិប្រេងឥន្ធនៈដូចដែលកំពុងកើតមាននៅលើពិភពលោកពេលនេះ។