វិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានរំលេចឲ្យឃើញនូវភាពប្រឈមគ្រោះថ្នាក់ របស់បណ្ដាប្រទេសអាស៊ីសឹងទាំងអស់ ដែលរំពឹងយ៉ាងខ្លាំងទៅលើវត្ថុធាតុដើមថាមពល នាំចូលមកពីមជ្ឈិមបូព៌ា។ ឧស្ម័ននិងប្រេងឥន្ធនៈកាន់តែខ្សត់ ក្រុមប្រទេសអាស៊ីមួយចំនួន បានងាកមកប្រើធ្យូងថ្មជាបណ្តោះអាសន្ន។ តែយ៉ាងណា អ្នកជំនាញជឿថា វិបត្តិដែលកំពុងកើតឡើងពេលនេះ គឺនឹងរុញប្រទេសអាស៊ី ឲ្យឆាប់រលាស់ខ្លួនចេញពីថាមពលហ្វូស៊ីល ហើយផ្តល់អាទិភាពដល់គម្រោងវិនយោគថាមពលកកើតឡើងវិញ។
នៅថ្ងៃអង្គារទី ២៤ មីនា ២០២៦នេះ តុលាការក្រុងបាងកកបានសម្រេចកាត់ក្តីឱ្យប្រជាពលរដ្ឋថៃជិត៤០០នាក់ឈ្នះ និងបានទទួលសំណងជំងឺចិត្តពីក្រុមហ៊ុនអង់ការ៉ាដែលធ្វើអាជីវកម្មលើអណ្តូងរ៉ែមាសដ៏ធំបំផុតនៅក្នុងប្រទេសថៃ។ សកម្មភាពធ្វើអាជីវកម្មរ៉ែមាសនេះបានបង្កផលប៉ះពាល់ដល់បរិស្ថានផង និងធ្វើឱ្យខូចសុខភាពប្រជាពលរដ្ឋរស់នៅក្នុងតំបន់ផង។
នៅថ្ងៃទី២៤មីនា សហភាពអឺរ៉ុបនិងអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បន្ទាប់ពីចរចាគ្នាអស់៨ឆ្នាំ។ តាមរយៈកិច្ចព្រមព្រៀងនេះ អឺរ៉ុបនឹងបើកចំហទីផ្សារទទួលផលិតផលកសិកម្មរបស់អូស្ត្រាលី ដែលមានដូចជាផលិតផលសាច់គោជាដើម។ ជាថ្នូរវិញ អឺរ៉ុបសង្ឃឹមអាចនាំចូលរថយន្តកាន់តែច្រើន ចូលទៅទីផ្សារអូស្ត្រាលី។ តែយ៉ាងណា កិច្ចព្រមព្រៀងនេះអាចនឹងទទួលរងការតវ៉ាប្រឆាំង ពីសំណាក់ប្រជាកសិករអឺរ៉ុប។
របាយការណ៍ឃ្លាំមើលសិទ្ធិមនុស្សប្រចាំឆ្នាំ ២០២៥ របស់សមាគមអាដហុកដែលចេញផ្សាយថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញថា ៩២% នៃជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងដើម្បីស្វែងរកយុត្តិធម៌ទេ។ បើតាមអាដហុក ការមិនដាក់ពាក្យបណ្តឹងដោយសារតែពួកគេគ្មានទំនុកចិត្តលើសមត្ថកិច្ច ភ័យខ្លាច និងភាពស្មុគស្មាញនៅក្នុងនីតិវិធីរបស់តុលាការកម្ពុជា។ អ្នកតាមសង្គមយល់ស្របតាមរបាយការណ៍របស់អាដហុក និងថា បញ្ហានេះបានឆ្លុះបញ្ចាំងពីស្ថានភាពមួយជ្រុងនៃសង្គមកម្ពុជាបច្ចុប្បន្ន។ តើរដ្ឋាភិបាលគួរធ្វើអ្វីខ្លះដើម្បីឲ្យពលរដ្ឋរងគ្រោះគ្រប់រូបទទួលបានយុត្តិធម៌?
តុលាការក្រុងភ្នំពេញបានសម្រេចដោះលែងកូនប្រុសអភិបាលស្រុកកងមាសឱ្យមានសេរីភាព ខណៈស្ត្រីភាគីរថយន្តបានរងការចោទប្រកាន់ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួសអ្នកដទៃ» ដែលប្រព្រឹត្តិទៅនៅខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី១៨មីនា។ តែបងប្រុសបង្កើតរបស់កុមាររងគ្រោះចាត់ទុកការសម្រេចរបស់តុលាការនេះជារឿងអយុត្តិធម៌ ដោយសម្អាងថា សាក្សី និងមហាជនលើបណ្តាញសង្គម សុទ្ធតែបានឃើញថា ជនបង្កមិនមែនជាស្ត្រីនោះទេ។
គណៈប្រតិភូជាន់ខ្ពស់កម្ពុជាបានអះអាងពីការប្តេជ្ញាចិត្តពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។ នេះបើតាមសំណេរចំនួន ២ដាច់ដោយឡែករបស់លោកស្រី ម៉ែន សំអនប្រធានក្រុមប្រឹក្សារណសិរ្សកម្ពុជា និងលោក ហ៊ុន ម៉ានី គណៈប្រតិភូរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានទៅបំពេញទស្សនកិច្ចនៅវៀតណាមនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
បើតាមរបាយការណ៍របស់វិទ្យាស្ថានClimate and Community អាមេរិក សង្គ្រាមនៅមជ្ឈិមបូព៌ាតែពីរសប្តាហ៍ដំបូង បានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដល់ទៅ៥លានតោនរួចស្រេចទៅហើយ។ ជាការប្រៀបធៀប សង្គ្រាមនៅអ៊ីរ៉ង់មួយនេះ បញ្ចេញផ្សែងពុលស្មើនឹង៨៤ប្រទេសតូចៗសរុបចូលគ្នា។
នៅថ្ងៃទី២០មីនានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីសម្រេចព្យួរការចំណាយប្រេងឥន្ធនៈ និងប្រេងរំអិល ៣០% ពីស្ថាប័នរដ្ឋទាំងអស់ លើកលែងតែក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ។ ការសម្រេចរបស់ក្រសួងសេដ្ឋកិច្ចធ្វើឡើង បន្ទាប់ពីមានសារាចរណែនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតកាលពីថ្ងៃទី១៩ មីនាដែលសម្រេចឲ្យក្រសួងសេដ្ឋកិច្ចមានវិធានការបន្ទាន់ជុំវិញវិបត្តិប្រេងឥន្ធនៈដែលកំពុងឡើងថ្លៃជាសកល។
មនុស្ស ៣នាក់ស្លាប់និង ៥នាក់ទៀតបន្តបាត់ខ្លួនក្នុងហេតុការណ៍លិចទូកស្មាច់កាលរសៀលពីថ្ងៃទី២៣មីនាម្សិលមិញក្នុងភូមិសាស្ត្រទន្លេមេគង្គដែលស្ថិតនៅរវាងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងស្រុកកោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោក ជួន ឧត្តម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះដាច់មកកាន់វិទ្យុបារាំងអន្តរជាតិ Rfi នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៦។ តាមលោក ជួន ឧត្តម អាជ្ញាធរកំពុងបន្តប្រតិបត្តិការរុករកអ្នកបាត់ខ្លួនទាំង ៥នាក់នោះ។
នៅថ្ងៃទី២៤មីនានេះ ក្រសួងសេដ្ឋកិច្ចកម្ពុជាបានប្រកាសវិធានការបន្ធូរបន្ថយអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងម៉ាស៊ូត ក្នុងបរិបទនៃការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ។ ក្រសួងសេដ្ឋកិច្ចកម្ពុជាបានកំណត់ឱ្យសហគ្រាសនាំចូល និងចែកចាយប្រេងឥន្ធនៈត្រូវបន្តគិតអាករលើតម្លៃបន្ថែមក្នុងអត្រា ៤ភាគរយ សម្រាប់ការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយមានសុពលភាពរហូតដល់មានការសម្រេចជាថ្មីរបស់រដ្ឋាភិបាល។
ស្ថិតនៅព័ទ្ធជុំវិញដោយដីសម្បទានសេដ្ឋកិច្ចដំណាំចំការអំពៅ សហគមន៍ព្រៃឈើប្រាំបីមុំ ខេត្តកំពង់ស្ពឺ គឺជាកន្លែងការពារព្រៃឈើ និងអភិរក្សសត្វព្រៃច្រើនប្រភេទដូចជា ជ្រូកព្រៃ ឆ្កែចចក ឈ្លូស ល្មូនកម្រៗ សត្វស្លាប និងហ្វូងសត្វទន្សោងជាដើម។ ប្រជាសហគមន៍ព្រៃឈើប្រាំបីមុំប្រាប់ឱ្យដឹងថា ហ្វូងសត្វទន្សោងដែលជាសត្វកម្រជិតផុតពូជកំពុងរងការគំរាមកំហែងពីការបរបាញ់ក្រៅដែនសហគមន៍៕
លោកត្រាំកំពុងរកផ្លូវ ដើម្បីដកខ្លួនចេញពីសង្រ្គាមអ៊ីរ៉ង់ ឬយ៉ាងណា? នៅថ្ងៃចន្ទទី ២៣មីនា ថ្ងៃដែលអាមេរិកត្រូវវាយប្រហារលើទីតាំងថាមពលរបស់អ៊ីរ៉ង់ ក្នុងករណីមិនព្រម បើកច្រកសមុទ្រអកមូហ្ស ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានបង្ហោះសារនៅលើបណ្តាញសង្គមTruth Social របស់លោកថា ការចរចាស្តីពីការបិទបញ្ចប់សង្រ្គាមនៅអ៊ីរ៉ង់ កំពុងប្រព្រឹត្តទៅដោយរលូន។ លោកត្រាំនៅបានប្រកាសដែរថា លោកបន្តទុកពេលឲ្យអ៊ីរ៉ង់៦ថ្ងៃទៀត ដើម្បីបកច្រកសមុទ្រអកមូហ្ស។ ដោយស្រង់ប្រភពពីក្រសួងការបរទេសអ៊ីរ៉ង់ កាសែតអ៊ីរ៉ង់បានចុះផ្សាយថា គ្មានការចរចា ដូចការលើកឡើងរបស់លោកត្រាំ។ បើតាមភាគីអ៊ីរ៉ង់ លោកត្រាំចេះតែនិយាយដើម្បីធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះ។
ក្រុមអ្នកគាំទ្រអ៊ីរ៉ង់មួយក្រុមដែលគ្មានអត្តសញ្ញាណច្បាស់លាស់បានចេញមុខអះអាងថា ការដុតបំផ្លាញរថយន្តសង្គ្រោះបន្ទាន់នៅទីក្រុងឡុងដ៍នាយប់ថ្ងៃអាទិត្យឆ្លងចូលថ្ងៃចន្ទ ទី២៣ មីនាជាស្នាដៃរបស់ពួកគេ។ ប៉ុន្តែរហូតមកទល់រសៀលថ្ងៃចន្ទទី២៣ មីនានេះ ក្រុមអ្នកស៊ើបអអង្កេតអង់គ្លេសមិនទាន់ចេញសេចក្តីសន្និដ្ឋានអ្វីទាំងអស់ និងកំពុងបង្វែរសំណុំរឿងអង្កេតឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៉ូលិសប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។
ជាង១០ឆ្នាំចុងក្រោយនេះ ជារយៈពេលដែលផែនដីមានសីតុណ្ហភាពឡើងក្តៅខ្លាំងបំផុតមិនធ្លាប់មានពីមុនមកទេ។ បើតាមរបាយការណ៍អង្គការសហប្រជាជាតិចេញផ្សាយនៅថ្ងៃទី ២៣មីនា២០២៦ ផែនដីឡើងកម្តៅកាន់តែលឿនខ្លាំង នៅឆ្នាំ២០២៥ និងផ្ទុកកម្តៅក្នុងបរិមាណជាអតិបរមា ដែលអាចបង្កផលវិបាកច្រើនដល់រាប់រយ ឬអាចដល់ពាន់ឆ្នាំផង។
អ៊ីស្រាអែល អាមេរិកនិងអ៊ីរ៉ង់ នៅបន្តវាយប្រហារមីស៊ីលដាក់គ្នាទៅវិញ ទៅមក នៅថ្ងៃចន្ទទី២៣មីនា។ អ៊ីរ៉ង់បានគំរាមថា នឹងវាយប្រហារទៅលើទីតាំងថាមពលរបស់អ៊ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់ដែលផ្គត់ផ្គង់ថាមពលឲ្យមូលដ្ឋានទ័ពអាមេរិក បើសិនអាមេរិកហ៊ានតែបាញ់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ដូចការគំរាមរបស់លោកដូណាល់ ត្រាំ។ ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិបានព្រមានថា សង្រ្គាមនៅមជ្ឈិមបូព៌ានឹងធ្វើឲ្យពិភពលោកជួបវិបត្តិថាមពលដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន និងគំរាមកំហែងខ្លាំង ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ សមាគមសិទ្ធិមនុស្សអាដហុកបានផ្សព្វផ្សាយរបាយការណ៍របស់ខ្លួនស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាប្រចាំឆ្នាំ២០២៥។ បើតាមរបាយការណ៍ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមិនមានភាពល្អប្រសើរទេ បើធៀបនឹងឆ្នាំ២០២៤ ពិសេសមានការបន្តរឹតត្បិតលំហសេរីភាពមូលដ្ឋាន សិទ្ធិនយោបាយ និងប្រព័ន្ធយុត្តិធម៌។ តែគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាចាត់ទុករបាយការណ៍នេះថាមិនឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមកម្ពុជាទាំងមូលឡើយ។
ជាង១០ឆ្នាំចុងក្រោយនេះ ជារយៈពេលដែលផែនដីមានសីតុណ្ហភាពឡើងក្តៅខ្លាំងបំផុតមិនធ្លាប់មានពីមុនមកទេ។ បើតាមរបាយការណ៍អង្គការសហប្រជាជាតិចេញផ្សាយនៅថ្ងៃទី ២៣មីនា២០២៦ ផែនដីឡើងកម្តៅកាន់តែលឿនខ្លាំង នៅឆ្នាំ២០២៥ និងផ្ទុកកម្តៅក្នុងបរិមាណជាអតិបរមា ដែលអាចបង្កផលវិបាកច្រើនដល់រាប់រយ ឬអាចដល់ពាន់ឆ្នាំផង។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានចេញមុខអំពាវនាវទៅកាន់ពលរដ្ឋកុំឲ្យភ័យស្លន់ស្លោពីការខ្វះប្រេងឥន្ធនៈ និងឧស្ម័ន LPG ឬហ្គាសសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ខណៈក្រុមហ៊ុនសូគីម៉ិច ប្រកាសផ្អាកនាំចូលឧស្ម័ន LPG ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ តាមលោក កែវ រតនៈ ក្រុមហ៊ុនសូគីម៉ិច ផ្គត់ផ្គង់ឧស្ម័ន LPG តែ ៣ភាគរយប៉ុណ្ណោះ ក្នុងចំណោមក្រុមហ៊ុននាំចូលឧស្ម័នចំនួន ៧ក្រុមហ៊ុននៅកម្ពុជា។
នាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មីញ ជីញ បានចាកចេញពីទីក្រុងហាណូយ នៅថ្ងៃអាទិត្យ ទី២២ មីនា ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅរស្ស៊ី។ ដំណើរទស្សនកិច្ចរយពេលៈ៤ថ្ងៃនេះ ធ្វើឡើងក្នុងកម្មវត្ថុ ពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ផ្តោតលើវិស័យថាមជាចម្បង។
កម្មវិធីព័ត៌មានប្រចាំថ្ងៃ អាទិត្យ ទី ២២ ខែមីនា ឆ្នាំ ២០២៦ ដោយសាំ ឧត្តម
នៅក្នុងស្ថានការណ៍ពិភពលោកកាន់តែតានតឹង ព្រោះតែសង្គ្រាមនៅមជ្ឈិមបូព៌ា ចិនបានបង្ហាញមហិច្ឆតា ចង់បង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូវិនិយោគបរទេស។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន នៅថ្ងៃអាទិត្យទី ២២មីនានេះ នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង បានប្រកាស ថា ចិនមានឆន្ទៈក្នុងការពង្រីកទំហំពាណិជ្ជកម្មអន្តរជាតិជាមួយប្រទេសដទៃ។ ដៃគូពាណិជ្ជកម្មជាមួយចិនជាច្រើនធ្លាប់បានអំពាវនាវឲ្យរដ្ឋាភិបាលក្រុងប៉េកាំង កាត់បន្ថយអតិរេកពាណិជ្ជកម្មដែលជាដើមហេតុធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងស្រុក។
ទោះរងការវាយប្រហារពីអ៊ីស្រាអែលដែលរួមដៃជាមួយអាមេរិក នៅ៣សប្តាហ៍នេះ អ៊ីរ៉ង់គ្មានបង្ហាញសញ្ញាចុះខ្សោយ។ នៅថ្ងៃអាទិត្យទី២២មីនានេះ កងទ័ពអ៊ីរ៉ង់នៅបន្តបាញ់យ៉ាងប្រសាច គ្រាប់មីស៊ីល និងដ្រូនសំដៅទឹកដីអ៊ីស្រាអែល។ កាលពីល្ងាចថ្ងៃសៅរ៍ គ្រាប់មីស៊ីលរបស់អ៊ីរ៉ង់បានវាយទម្លុះសំណាញ់មេឃ ឬប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល រហូតបង្កឲ្យមានមនុស្សរបួសជាង១០០នាក់។ លោកត្រាំឯណោះវិញបាននិយាយគំរាមទុកពេល៤៨ម៉ោង ឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រអកមូហ្ស បើសិនចង់ឲ្យអាមេរិកវាយបំផ្លាញទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពល។ អ៊ីរ៉ង់មិនចុះញ៉ម និងបានគំរាមបើកមុខសង្រ្គាមមួយទៀតនៅសមុទ្រក្រហម ដែលជាផ្លូវចូលទៅព្រែកជីកស៊ុយអេ។
កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ក្រុមអ្នកស្រាវជ្រាវ រដ្ឋបាលជលផលក្រចេះ ស្ទឹងត្រែង និងអង្គការ WWF នៅខេត្តស្ទឹងត្រែងបានប្រទះឃើញកូនផ្សោតទើបនឹងកើតថ្មីមួយក្បាលទៀត នៅអន្លង់កោះសន្ទក់ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ នៅឆ្នាំ២០២៦ នេះជាកូនផ្សោតទី១ ដែលកើតនៅខេត្តស្ទឹងត្រែង និងជាកូនផ្សោតទី៤ បើរាប់ទាំងកូនផ្សោតកើតថ្មីនៅខេត្តក្រចេះផង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្មនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានឲ្យដឹងពីគម្រោងស្នើសុំជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីជជែកពីស្ថានភាពនយោបាយ និងវិបត្តិសង្គមក្នុងពេលបច្ចុប្បន្ន។ នេះបើតាមលោក សុន ឆ័យ អនុប្រធានគណបក្សឆន្ទៈខ្មែរ មុននឹងបង្ហើបឲ្យដឹងដែរថា នៅក្នុងជំនួបគណបក្សប្រឆាំងគ្រោងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ពីបញ្ហាព្រំដែន ស្ថានភាពបំណុល និងវិបត្តិទំនិញឡើងថ្លៃ ដែលប្រជាពលរដ្ឋខ្មែរកំពុងជួបប្រទះ។
រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ដោយបញ្ជាក់ថារដ្ឋបាលខេត្ត មិនបានទារប្រាក់ពីជនជាតិចិនជាថ្នូរនឹងការដោះលែងឡើយ។ ប្រតិកម្មរបស់សាលាខេត្តកោះកុងដូចនេះ ធ្វើឡើងបន្ទាប់ពីកាសែតអនឡាញឈ្មោះ Koh Kong Hot News បានចុះផ្សាយកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយចោទប្រកាន់ថាអភិបាលរងខេត្តកោះកុង លោក ហាក់ ឡេង និងក្រុមការងាររដ្ឋបាលបានទារប្រាក់ពីជនជាតិចិនចំនួន ៤ម៉ឺនដុល្លារ អំឡុងពេលចុះត្រួតពិនិត្យរដ្ឋបាលនៅតាមទីតាំងប្រមូលផ្តុំមួយចំនួននៅក្នុងខេត្តនេះ។
ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងខណ្ឌឬស្សីកែវ កាលពីយប់ថ្ងៃទី១៨ មីនា ឆ្នាំ២០២៦ ដែលគេសង្ស័យថា បង្កឡើងដោយអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នៅតែជាកម្មវត្ថុនៃការបន្តជជែកវែកញែកគ្នានៅក្នុងចំណោមមហាជន។ អ្នកប្រើប្រាស់បណ្តាញសង្គមនៅតែបន្តជជែកពីករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ បន្ទាប់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃសុក្រទី២០ មីនាថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ គឺជាស្ត្រីដែលជាអ្នកបើកបរ ពោលគឺមិនមែនជាបុរសម្នាក់ ស្រវឹងជោគ ដែលជាកូនប្រុសរបស់អភិបាលស្រុកកងមាស ដូចការផ្សព្វផ្សាយតាមបណ្តាញសង្គមភ្លាមៗ នៅពេលកើតហេតុនោះទេ។ តើសមត្ថកិច្ចជំនាញត្រូវធ្វើដូចម្តេច ដើម្បីជម្រះមន្ទិលមហាជនទៅលើករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ?
រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានចេញសារាចរណែនាំដល់ក្រសួង ស្ថាប័នទាំងអស់ ឲ្យចូលរួមសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈនៅលើសកលលោក និងកម្ពុជា កំពុងឡើងថ្លៃយ៉ាងគំហុក។ នៅទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានចេញបញ្ជាដល់ក្រសួងមហាផ្ទៃ ឲ្យណែនាំមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ចេញសម្រួលការកកស្ទះចរាចរណ៍នៅតាមដងផ្លូវ ដែលជាមូលហេតុនាំឲ្យមានការចំណាយប្រេងឥន្ធនៈបន្ថែម។
គណៈកម្មាធិការពិសេសមួយរបស់ព្រឹទ្ធសភាថៃ នឹងធ្វើការបោះឆ្នោតនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដើម្បីសម្រេចថាគួរទុកអនុស្សរណៈនៃការយោគយល់គ្នា លេខ៤៣(MOU៤៣) ដែលបានធ្វើជាមួយកម្ពុជានៅឆ្នាំ២០០០។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃបាងកកប៉ុស្តិ៍ ចុះផ្សាយនៅថ្ងៃទី២២មីនានេះ។ MOU លេខ៤៣នេះ ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាកំណត់ខណ្ឌសីមាតាមព្រំដែនគោករវាងកម្ពុជា និងថៃ។ មន្ត្រីកម្ពុជាកន្លងមកធ្លាប់បានបកស្រាយថា ថៃមិនអាចលុបចោលអនុស្សរណៈយោគយល់គ្នានេះបានដោយឯកតោភាគីបានឡើយ ដោយសារវាជាកិច្ចព្រមព្រៀងអន្តរជាតិរវាងកម្ពុជា និងថៃ។
ថ្ងៃទី២០មីនា គឺជាទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ដែលក្រុមប្រទេសនិយាយភាសាបារាំង មានប្រជាជនជិត៤០០លាននាក់តែងនាំគ្នាប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ។ កម្ពុជាដែលជាសមាជិក និងជាស្ថាបនិកនៃអង្គការហ្វ្រង់កូហ្វូនី ក៏តែងតែប្រារព្ធទិវាអន្តរជាតិនេះជារៀងរាល់ឆ្នាំដែរ។ ប៉ុន្តែទិវាអន្តរជាតិហ្វ្រង់កូហ្វូនីនៅក្នុងឆ្នាំ២០២៦នេះ ត្រូវបានរៀបចំឡើងប្រកបដោយអត្ថន័យ និងសារៈសំខាន់បន្ថែមទៀត ដោយសារកម្ពុជាកំពុងជំរុញ និងលើកកម្ពស់ភាសាបារាំងទៅដល់សិស្ស-និស្សិត ជាពិសេសយុវជនកម្ពុជា។ ជាការជំរុញ ក្នុងទិសដៅអបអរការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីរដ្ឋាភិបាល និងសមាជិកនៃប្រទេសនិយាយភាសាបារាំងចំនួនជាង៩០៕
ចាប់តាំងពីអាមេរិករបស់លោកដូណាល់ត្រាំ ប្រើកម្លាំងយោធាចូលទៅចាប់ជំរិតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូនៅចុងខែមករា មក រដ្ឋាភិបាលក្រុងការ៉ាកាសដឹកនាំដោយប្រធានាធិបតីស្តីទី យល់ព្រមធ្វើសម្បទានទៅតាមការចង់បានរបស់វ៉ាស៊ីនតោន។ បន្ទាប់ពីបង្ខំចិត្តកែប្រែប្រព័ន្ធច្បាប់ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកចូលទៅបោះទុនវិនិយោគលើវិស័យប្រេងថាមពលរបស់វ៉េណេស៊ុយអេឡា ប្រធានាធិបតីស្តីទីរបស់វ៉េណេស៊ុយអេឡា នៅថ្ងៃទី១៩មីនា បានធ្វើកំណែទម្រង់ ដោយដកមន្រ្តីយោធាជាន់ខ្ពស់ទាំងអស់ដែលស្និទ្ធនឹងលោកម៉ាឌូរ៉ូ និងដាក់ជំនួសវិញ នូវបុគ្គលដែលមានជំហរមិនសូវប្រឆាំងអាមេរិក។ តើវ៉េណេស៊ុយអេឡាកំពុងធ្លាក់ខ្លួនដោយមិនដឹងខ្លួន ទៅនៅក្រោមនឹមអាណានិគមរបស់សហរដ្ឋអាមេរិក?
កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ ទី ២១ ខែមីនា ឆ្នាំ ២០២៦ ដោយ សាំ ឧត្តម
នៅរុស្ស៊ី អ្នកសរសេរBlogម្នាក់ដែលរមែងប្រកាន់ជំហរគាំទ្រនយោបាយរបស់វិមានក្រេមឡាំង ស្រាប់តែត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យវិកលចរិត ក្រោយពីគាត់បានចេញផ្សាយអត្ថបទ ទិតៀនលោក ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន និង ប្រតិបត្តិការវាយលុករបស់រុស្ស៊ីចូលអ៊ុយក្រែន។ នេះបើតាមដំណឹងចុះផ្សាយទីភ្នាក់ងារព័ត៌មានបារាំង AFP កាលពីថ្ងៃសុក្រទី ២០ ខែ មីនា។
បន្ទាប់ពីបញ្ឆេះសង្រ្គាមវាយប្រហារទៅលើអ៊ីរ៉ង់បាន៣សប្តាហ៍ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃសុក្រទី ២០មីនា បានព្រលយពាក្យជាលើកទី១ថា អាមេរិកកំពុងពិចារណា កាត់បន្ថយបន្តិចម្តងៗ សកម្មភាពយោធាប្រឆាំងនឹងរបបដឹកនាំអ៊ីរ៉ង់។ ប៉ុន្តែ នៅស្ថានភាពជាក់ស្តែង កងទ័ពអាមេរិក និងអ៊ីស្រាអែលនៅថ្ងៃសៅរ៍នេះ បានបើកការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរនៅភាគកណ្តាលប្រទេសអ៊ីរ៉ង់។ ទោះប្រទេសរងការវាយប្រហារពីអ៊ីស្រាអែល និងអាមេរិក ប្រជាជនអ៊ីរ៉ង់នៅពុះពារធ្វើបុណ្យសាសនា បិទបញ្ចប់ថ្ងៃបុណ្យតមអាហាររ៉ាម៉ាដង់នៅក្នុងសាសនាឥស្លាម។
ចាប់តាំងពីសង្រ្គាមអ៊ីរ៉ង់បានផ្ទុះឡើង នៅចុងខែកុម្ភៈ កន្លងទៅ ហេដ្ឋារចនាសម្ព័ន្ធទីតាំងចម្រាញ់ប្រេង និងឧស្ម័ន ជាច្រើនកន្លែង នៅតំបន់មជ្ឈិមបូព៌ា រងការខូចខាត់យ៉ាងធ្ងន់ធ្ងរ ដោយសារការប្រហារគ្នាទៅវិញទៅមក។ ដោយមើលឃើញពីតម្រូវការប្រេងឆៅ និងឧស្ម័នធម្មជាតិ ជាបន្ទាន់ អាល់ហ្សេរី និងលីប៊ី បានបង្កើនផលិតកម្មក្នុងស្រុក និងការនាំប្រេងឥន្ធនៈ ចេញទៅអឺរ៉ុប។ រដ្ឋាភិបាលនៃប្រទេសទាំងពីរបាន បោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ រាប់សិបពាន់លានដុល្លារ ដើម្បីបង្កើនផលិតកម្មទ្វេដង និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទីតាំងចម្រាញ់ប្រេងឥន្ធនៈ។