ប្រឈមនឹងវិបត្តិប្រេងឥន្ធនៈដែលបន្តឡើងថ្លៃជាលំដាប់ រដ្ឋាភិបាលនៃប្រទេសនីមួយៗ ព្យាយាមរកមធ្យោបាយសម្រាលបន្ទុកអ្នកប្រើប្រាស់។ ប្រទេសខ្លះបានសម្រេចបញ្ចុះពន្ធប្រេង ប្រទេសខ្លះទៀតដូចយ៉ាងប៉ាគីស្ថាន សម្រេចមិនយកថ្លៃសេវាដឹកជញ្ជូនសាធារណៈក្នុងក្រុង។ ចំណែកនៅប្រទេសថៃ នាយករដ្ឋមន្ត្រីបានចោទថាមានក្រុមលួចស្តុកប្រេង និងលួចនាំទៅលក់ឱ្យប្រទេសក្រៅ ទើបធ្វើឱ្យប្រេងក្នុងស្រុកឡើងថ្លៃ។
ក្រសួងបរិស្ថានបានឲ្យដឹងនៅថ្ងៃសៅរ៍ទី៤មេសានេះថា នៅក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំ ២០២៦នេះ គុណភាពខ្យល់នៅទូទាំងប្រទេសកម្ពុជាស្ថិតក្នុងកម្រិតល្អ តាមស្តង់ដារគុណភាពខ្យល់សាធារណៈ។ ពោលគឺ កម្រិតភាគល្អិតនិចល PM2.5 មានការកើនឡើងតិចតួចនៅក្នុងត្រីមាសទី១នេះ។
សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានព្រឹទ្ធសភាកម្ពុជាបោះឆ្នោតអនុម័ត កាលពីថ្ងៃសុក្រទី០៣ ខែមេសា ឆ្នាំ២០២៦។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា ការបង្រ្កាបបទល្មើសឆបោកអនឡាញនៅកម្ពុជា មិនមែនជារូបភាពនយោបាយឡើយ តែជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពការបង្ក្រាបបទល្មើសដ៏ក្តៅគកុកមួយនេះ។ អ្នកតាមដានសង្គមយល់ថា កម្ពុជាត្រូវតែអនុវត្តច្បាប់ប្រឆាំងអំពើឆបោកអនឡាញនេះឲ្យតឹងរ៉ឹងជាទីបំផុត ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាព ក្នុងការស្តារមុខមាត់របស់ប្រទេសជាតិឡើងវិញ។
ព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃចន្ទទី ៣០មីនា ដើមសប្តាហ៍នេះ បានបោះឆ្នោតអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការធ្វើវិសោធនកម្មច្បាប់ដែលនិយាយពីការបោះឆ្នោតសមាជិកព្រឹទ្ធសភា។ សមាជិកព្រឹទ្ធសភា ៣រូបមកពីគណបក្សឆន្ទៈខ្មែរគឺលោក សេង ម៉ារឌី លោក សុខ ហាច និងលោក គង់ មុនីកា បានអះអាងថា ពួកលោកពុំគាំទ្រលើការកែប្រែច្បាប់នេះទេ។ លោក គង់ មុនីកា សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាអគ្គលេខាធិការបក្សឆន្ទៈខ្មែរបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសៅរ៍ ទី៤មេសាថា លោកមិនយល់ស្របជាមួយសេចក្តីស្នើឲ្យមានការកែប្រែច្បាប់ស្តីពីការបោះឆ្នោតព្រឹទ្ធសភា ពីព្រោះលោកបារម្ភថា ច្បាប់បោះឆ្នោតព្រឹទ្ធសភាថ្មីនឹងអាចធ្វើឲ្យគណបក្សក្រៅរដ្ឋាភិបាល តួយ៉ាងគណបក្សឆន្ទៈខ្មែរខនខាន មិនទទួលបានអាសនៈ នៅក្នុងការបោះឆ្នោតនៅអាណត្តិក្រោយ។
តាំងពីថ្ងៃសុក្រទី ៣មេសា ឈានចូលដល់ថ្ងៃសៅរ៍ទី ៤មេសា កងទ័ពអាមេរិកបានបើកប្រតិបត្តិការតាមរកអ្នកបើកយន្តហោះចម្បាំង១នាក់ ដែលបានបាត់ខ្លួន បន្ទាប់ពី កងទ័ពអ៊ីរ៉ង់អះអាងបាញ់ទម្លាក់ក្នុងទឹកដីអ៊ីរ៉ង់។ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសផ្តល់រង្វាន់ដល់ប្រជាជនរបស់ខ្លួន ដែលតាមរក និងនាំខ្លួនអ្នកបើកយន្តហោះចម្បាំងអាមេរិកមកឲ្យអាជ្ញាធរ។ នៅក្នុងសង្រ្គាមអ៊ីរ៉ង់៥សប្តាហ៍ ដែលអាមេរិក និងអ៊ីស្រាអែលបានបញ្ឆេះឡើង នេះជាលើកទី១ ដែលយន្តហោះចម្បាំងរបស់អាមេរិកត្រូវអ៊ីរ៉ង់បាញ់ទម្លាក់បានយ៉ាងដូច្នេះ។ តើវាអាចទៅផ្លាស់ប្តូរល្បឿន យុទ្ធសាស្រ្តសង្រ្គាមរបស់ប្រធានាធិបតីអាមេរិកដែរឬទេ។ សង្រ្គាមអ៊ីរ៉ង់ដែលបង្កឲ្យវិបត្តិថាមពលយ៉ាងធ្ងន់ធ្ងរ ក្នុងពិភពលោក គ្មានប្រជាប្រិយភាពទេនៅទឹកដីអាមេរិក។
បន្ទាប់ពីបើកកិច្ចប្រជុំមួយជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានឲ្យដឹងអំពីចំណាត់ការរបស់រដ្ឋាភិបាលមួយចំនួនដើម្បីឆ្លើយតបនឹងវិបត្តិនៃការកើនឡើងតម្លៃប្រេងឥន្ធនៈ។ ក្នុងនោះមានគម្រោងដាក់ឲ្យដំណើរការឡើងវិញនូវរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្ម ការកែច្នៃសំរាមធ្វើជា ថាមពល និងការពិនិត្យលទ្ធភាពឲ្យអ្នករត់ម៉ូតូកង់បី ងាកមកប្រើថាមពលអគ្គិសនីជំនួសឲ្យប្រេងឥន្ធនៈ ក៏ដូចជាផ្តល់ការគាំទ្រដល់ក្រុមគ្រួសាររបស់ពួកគេដែរ។ បន្ថែមពីនេះ និងបើតាមលោក កែវ រតនៈ រដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី បានពិភាក្សាគ្នាផងដែរអំពីការកៀរគរហិរញ្ញប្បទានតាមធនាគារក្នុងស្រុក ដើម្បីវិនិយោគលើការបង្កើតថាមពលបៃតងនៅកម្ពុជា៕
ក្រសួងមហាផ្ទៃនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានប្រកាសទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញរបស់គណបក្សកម្លាំងជាតិដែលបានជ្រើសរើសលោក ជា មុនី និងលោក សុខគឹមសេង ជាក្បាលម៉ាស៊ីនរបស់គណបក្សកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។ លោក សុខ គឹមសេង ដែលមានតួនាទីជាអនុប្រធានបក្សបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៤មេសានេះថា ការសម្រេចរបស់ក្រសួងមហាផ្ទៃនឹងបើកផ្លូវឱ្យគណបក្សរបស់លោកចូលរួមការបោះឆ្នោតសកលនាពេលខាងមុខ។
ក្នុងបរិបទភ្លើងសង្គ្រាមកំពុងតែឆេះក្តៅគគុកនៅតំបន់មជ្ឈិមបូព៌ា រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានសម្រេចដកតំណែងអគ្គមេបញ្ជាការទ័ពជើងគោក។ ដំណឹងស្តីពីការដកតំណែងមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិអាមេរិកនេះ ត្រូវបណ្តាញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបស្ចិមលោក ចុះផ្សាយព្រោងព្រាត និងដោយនៅតែបន្តចោទសួរអំពីមូលហេតុ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះថា ការចាប់ខ្លួនអតីតសង្ឃ ជា វុទ្ធី មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬសេរីភាពបញ្ចេញមតិទេ។ សូមជម្រាបជូនថា អតីតសង្ឃ ជា វុទ្ធីត្រូវបានចាប់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ក្រៅពីបទចោទប្រកាន់មួយនេះ សមត្ថកិច្ចក៏បានបញ្ចេញភស្តុតាងមួយចំនួនទៀតទាក់ទងនឹងការប្រព្រឹត្តអំពើមិនគប្បីរបស់លោក ជា វុទ្ធី ជាមួយមនុស្សស្រី ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃសាសនា។
សវនាការលើសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នឹងត្រូវបន្តឡើងវិញនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ខាងមុខ ដើម្បីធ្វើសេចក្តីដ្ឋានដោយផ្ទាល់មាត់។ នេះបើតាមលិខិតជូនដំណឹងរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃសភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ភ្នំពេញដែលវិទ្យុបារាំងអន្តរជាតិ RFI ទទួលបាននៅល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។ គួរបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០២៤មក សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការលើបណ្តឹងប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញលើសំណុំរឿងលោក កឹម សុខា ចំនួនជាង១០លើករួចមកហើយ។ តែដំណាក់កាលនៃការចេញសេចក្តីសន្និដ្ឋាន សវនាការក៏ត្រូវបានលើកពេល ១លើកជា២លើក ដោយមិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់នោះឡើយ។ សូមរម្លឹកថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ លោក កឹម សុខា ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដោយត្រូវឃុំខ្លួននៅក្នុងផ្ទះ ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរទៀតផង៕
នៅថ្ងៃសុក្រ ទី៣ ខែមេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងបោះឆ្នោតអនុម័តលើសេចក្តីសម្រេចស្តីពីការប្រើប្រាស់កម្លាំងយោធាដើម្បីបើកផ្លូវច្រកសមុទ្រអកមូហ្ស និងធានាសុវត្ថិភាពនាវាចរណ៍។ សេចក្តីសម្រេចនេះជាសំណើរបស់អង្គការក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ និងប្រទេសបារ៉ែន ដែលសុំយ៉ាងទទូចឲ្យក្រុមប្រឹក្សាសន្តិសុខផ្តល់ភ្លើងខៀវជាបន្ទាន់នៅក្នុងសំណុំរឿងនេះ។ តែ អ៊ីរ៉ង់បានព្រមានទុកជាមុនណិងជាថ្មីថា រាល់សកម្មភាពញុះញង់របស់ក្រុមប្រឹក្សាសន្តិសុខ និងប្រទេសផ្សេងៗទៀតនឹងធ្វើឲ្យសភាពការណ៍កាន់តែធ្លាក់ដុនដាបខ្លាំង។
បារាំង និងកូរ៉េខាងត្បូងបានអនុម័តភាពជាដៃគូយុទ្ធសាស្រ្តនៃទំនាក់ទំនងរវាងគ្នាដើម្បីឈានទៅបង្កើត “សម្ព័ន្ធឯករាជ្យ”។ នៅក្នុងជំនួបជាមួយសមភាគីកូរ៉េខាងត្បូងលោក លី ចែម្យុង នាថ្ងៃសុក្រ ទី៣មេសានេះ លោកម៉ាក្រុងក៏បានអញ្ជើញលោក លី ចែម្យុងមកបំពេញទស្សនកិច្ចនៅប្រទេសបារាំងវិញ និងចូលរួមនៅក្នុងជំនួបកំពូលហ្សេ៧ នាខែមិថុនាខាងមុខ។
ចាកឆ្ងាយពីប្រទេសកំណើត ឃ្លាតឆ្ងាយពីឆាកសម្តែង អតីតនាដកាដែលសព្វថ្ងៃជាគ្រូបង្រៀនរបាំបុរាណខ្មែរនៅប្រទេសបារាំង បានត្រលប់មកឡើងឆាកសាជាថ្មី។ នៅក្នុងអំឡុងកម្មវិធីប្រកួតបវរកញ្ញាខ្មែរនៅប្រទេសបារាំង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន សាស្រ្តាចារ្យ៤រូប រួមទាំងអតីតនាដការបាំបុរាណខ្មែរ២រូបទៀត នៅក្រោមការគ្រប់គ្រងចាត់ចែងរបស់អ្នកគ្រូ វ័ន សាវ៉ៃបានរួមគ្នាសម្តែងជាលើកទី១ រឿង រាមកេរ្តិ៍ ដើម្បីបង្ហាញដល់ទស្សនិកជនបារាំងខ្មែរ។ រួមគ្នារាំដើម្បី ការពារ ថែរក្សាវប្បធម៌ ក្បាច់របាំបុរាណខ្មែរកុំឲ្យភ្លេចនៅក្នុងចំណោមសហគមន៍ខ្មែរនៅប្រទេសបារាំង។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រ ទី៣មេសានេះ បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធស្រាវជ្រាវរកមុខអ្នកលួចនាំប្រេងឥន្ធនៈខុសច្បាប់ពីប្រទេសថៃ បន្ទាប់ពីមានការចុះផ្សាយពីសារព័ត៌មានថៃថា នៅតែមានការជួញដូរប្រេងឥន្ធនៈពីប្រទេសថៃចូលមកកម្ពុជា។ បន្ថែមពីនេះលោកនាយករដ្ឋក៏បានព្រមានពីការចាត់វិធានការចាប់តឹងរ៉ឹងជាទីបំផុត ប្រសិនបើការស្រាវជ្រាវបង្ហាញថា មានករណីលួចនាំប្រេងខុសច្បាប់ប្រទេសថៃនេះពិតប្រាកដមែន។
ក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា ការពង្រាយរថពាសដែក និងការពង្រឹងរបងបន្លាលួសរបស់ថៃ ដោយសារមានការញុះញង់ពីភាគីកម្ពុជាមិនមែនជាការពិត និងគ្មានមូលដ្ឋាន។ ការបដិសេធរបស់ក្រសួងការពារជាតិកម្ពុជា ដោយសំអាងទៅលើហេតុផលថា កងកម្លាំងកម្ពុជាត្រូវបានណែនាំឲ្យគោរពវិន័យ និងគោរពបទបញ្ជាថ្នាក់ដឹកនាំយ៉ាងតឹងរឹងបំផុត។
សង្គ្រាមនៅអ៊ីរ៉ង់ ដែលបញ្ឆេះឡើងដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចរន្តសេដ្ឋកិច្ច-ពាណិជ្ជកម្មពិភពលោក។ ប្រេងឡើងថ្លៃដល់ក្បែរ ១០៧ដុល្លារ ក្នុង១ធុងបារីល នៅថ្ងៃទី២ ខែមេសា។ ដ្បិតតែ អ៊ីរ៉ង់បិទខ្ទប់ច្រកសមុទ្ទអកមូស្ស ដែលជាផ្លូវនាវាចរណ៍អន្តរជាតិដ៏ចាំបាច់ សម្រាប់ដឹកទំនិញ ប្រេង និងឧស្ម័ន។ ប្រឈមនឹងតម្លៃថាមពលឥន្ធនៈឡើងខ្ពស់យ៉ាងដូច្នេះ តើថាមពលកកើតឡើងវិញ រឹតតែក្លាយជាជម្រើសប្រសើរ?
សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា កំពុងតែអនុញ្ញាតឲ្យក្រុមប្រទេសមួយចំនួនក្នុងតំបន់នេះ ឆក់ឱកាសពង្រឹងការកៀបសង្កត់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ នេះគឺជាការលើកឡើង ដោយក្តីបារម្ភ របស់លោក វ៉ុលគែរ តួក ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី១មេសា។ អ្នកជំនាញសិទ្ធិមនុស្ស បានសង្កេតឃើញថា សិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិសេរីភាពជួបជុំ ត្រូវបានរឹតត្បឹតយ៉ាងខ្លាំង បូកបន្ថែមនឹងការចាប់ដាក់ឃុំ ដោយមិនឆ្លងកាត់តុលាការជាដើម។
នៅពេលនិយាយដល់ការអនុវត្តទោសទណ្ឌលើជនបង្កហេតុដែលជាអ្នកមានអំណាច និងមានទ្រព្យសម្បត្តិ មហាជនតែងតែមានចម្ងល់ថា តើអ្នកទាំងនោះពិតជាបានអនុវត្តទោសត្រឹមត្រូវតាមការសម្រេចរបស់តុលាការដែរ ឬយ៉ាងណា។ នេះជាសំណួរដែលអ្នកឃ្លាំមើលសង្គមមួយចំនួនបានចោទសួរដូចគ្នា ពិសេសក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ និងហេតុការណ៍ផ្សេងទៀតនាពេលកន្លងមក។ បើតាមអ្នកឃ្លាំមើលសង្គមខ្លះ ជនបង្កបានអនុវត្តទោសក្នុងពន្ធនាគារតិចតួចបំផុត ហើយទោសទណ្ឌដែលនៅសេសស់ត្រូវបានព្យួរ។ ក្នុងន័យនេះត្រូវបានអ្នកឃ្លាំមើលសង្គមមួយចំនួនយល់ថា ប្រព័ន្ធច្បាប់នៅកម្ពុជាខ្វះយន្តការតាមដានការអនុវត្តទោសឲ្យបានត្រឹមត្រូវ ពិសេសលើជនបង្កដែលមានយសស័ក្តិ អំណាច និងទ្រព្យសម្បត្តិស្តុកស្តម្ភ។
ថ្ងៃ ពុធ ទី ១ ខែ មេសា ដ្រូនរុស្ស៊ីជាង ៣៦០ គ្រឿង បានសម្រុកវាយប្រហារទៅលើ តំបន់មួយចំនួននៅក្នុងប្រទេសអ៊ុយក្រែន បណ្តាលឲ្យមនុស្សយ៉ាងតិច ៥ នាក់ បានបាត់បង់ជីវិត ។ ស្របពេលដែលដំណើរចរចាស្វែងរកសន្តិភាពរវាងប្រទេសទាំង ២ បន្តជាប់គាំង រុស្ស៊ីកំពុងបង្កើនសន្ទុះ វាយប្រហារទៅលើអ៊ុយក្រែន កាន់ខ្លាំងឡើង ។
ដោយអ៊ីរ៉ង់មានះមិនលុតជង្គង់សុំចុះចាញ់និងមិនព្រមចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមវាយប្រហារអ៊ីរ៉ង់ ឲ្យកាន់តែទ្រុឌទ្រោមខ្លាំងថែមទៀត ក្នុងពេល ២-៣ សប្តាហ៍ខាងមុខ។ នេះបើតាមសេចក្តីថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិអាមេរិក នៅថ្ងៃទី១ ខែមេសា។ ចំណែក ប្រធានាធិបតីអ៊ីរ៉ង់ បានប្រកាសអំពីឆន្ទៈបញ្ចប់សង្គ្រាម អាចប្រព្រឹត្តទៅបាន ទាល់តែមានការធានាអំពីសន្តិសុខនិងសំណងការខូចខាត។ តែ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តអាមេរិក អះអាងយ៉ាងដាច់ខាត ថា យុទ្ធនាការកម្ទេចអ៊ីរ៉ង់ មិនទាន់បញ្ចប់នៅឡើយទេ។
កាលពីល្ងាចថ្ងៃពុធទី១មេសា ទីភ្នាក់ងារអវកាសអាមេរិក NASA បានបាញ់បង្ហោះដោយជោគជ័យ នូវយានអវកាសនៃបេសកកម្ម អារតេមីសទី២ (Artémis 2) ដើម្បីនាំយកអវកាសយានិកចំនួន៤នាក់ ឆ្ពោះទៅកាន់ព្រះចន្ទ។ មិនចុះចតលើព្រះចន្ទទេ តែយាននេះនឹងហោះក្រឡឹងជុំវិញព្រះចន្ទ មុននឹងត្រឡប់មកផែនដីវិញ។ មានរយៈពេល១០ថ្ងៃ បេសកកម្មនេះ គឺជាការសាកល្បងបច្ចេកទេស មុននឹងឈានទៅនាំយកមនុស្ស ទៅចុះលើព្រះចន្ទនៅឆ្នាំ២០២៨។
ដោយអ៊ីរ៉ង់មានះមិនលុតជង្គង់សុំចុះចាញ់និងមិនព្រមចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមវាយប្រហារអ៊ីរ៉ង់ ឲ្យកាន់តែទ្រោឌទ្រោមខ្លាំងថែមទៀត ក្នុងពេល ២-៣ សប្តាហ៍ខាងមុខ។ នេះបើតាមសេចក្តីថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិអាមេរិក នៅថ្ងៃទី១ ខែមេសា។ ចំណែក ប្រធានាធិបតីអ៊ីរ៉ង់ បានប្រកាសអំពីឆន្ទៈបញ្ចប់សង្គ្រាម អាចប្រព្រឹត្តទៅបាន ទាល់តែមានការធានាអំពីសន្តិសុខនិងសំណងការខូចខាត។ តែ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តអាមេរិក អះអាងយ៉ាងដាច់ខាត ថា យុទ្ធនាការកម្ទេចអ៊ីរ៉ង់ មិនទាន់បញ្ចប់នៅឡើយទេ។
សង្គ្រាមនៅអ៊ីរ៉ង់មានរយៈពេល១ខែហើយ។ របបអ៊ីស្លាមផ្តាច់ការនេះ មិនទាន់រលំ ឬផ្លាស់ប្តូរថ្មីដូចអ្វីដែលលោកដូណាល់ ត្រាំបានអះអាងនោះឡើយ។ តែអ្វីដែលគេសង្កេតឃើញ គឺមានក្មេងជំទង់យ៉ាងច្រើន អាយុខ្ទង់ ១៣-១៤ឆ្នាំ កាន់កាំភ្លើងដើរល្បាតតាមផ្លូវនៅអ៊ីរ៉ង់។ នេះសបញ្ជាក់អំពីទំនោរកាន់តែផ្តាច់ការ និងអមនុស្សធម៌ នៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលប្រើក្មេងអនីតិជន ឲ្យកាន់កាំភ្លើង ដើម្បីគំរាមសម្លុតការបះបោរប្រឆាំងណាមួយ ពីសំណាក់ប្រជាជន។
នៅថ្ងៃទី២មេសានេះ សមត្ថកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជូន ស៊ីវ ជ័យសិដ្ឋ ជនបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បណ្តាលឱ្យមនុស្ស ៦នាក់ស្លាប់ នៅស្រុកមោងប្ញស្សី ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២មេសានេះ លោកស្រី លឹម ច័ន្ទលីដា មេធាវីការពារក្តីឱ្យគ្រួសារជនរងគ្រោះបានអះអាងពីការបន្តតតាំងក្តីតាមនីតិវិធីច្បាប់ ខណៈការចរចាសំណងរវាងគ្រួសារជនបង្ក និងជនរងគ្រោះមិនទាន់ត្រូវរ៉ូវគ្នានៅឡើយ។ លោកស្រី លឹម ច័ន្ទលីដា រំពឹងថា តុលាការនឹងផ្តល់យុត្តិធម៌ជូនគ្រួសារជនរងគ្រោះឲ្យស្របតាមច្បាប់ស្តីពីចរាចរណ៍។
រដ្ឋាភិបាលឥណ្ឌាចាប់ផ្តើមធ្វើជំរឿនប្រជាជនថ្នាក់ជាតិ នៅថ្ងៃពុធ ទី១ មេសា។ កិច្ចការងារនេះត្រូវចំណាយពេល ជាង១ឆ្នាំ និងត្រូវការមន្រ្តីជំរឿន ជាង ៣លាននាក់ ដើម្បីចុះប្រមូលព័ត៌មានប្រជាជន ជាង១៤០០លាននាក់។ ការធ្វើជំរឿន គឺចាំបាច់សម្រាប់អាជ្ញាធរឥណ្ឌា ដើម្បីស្វែងយល់ពីតថភាពសង្គមនិងសេដ្ឋកិច្ច ព្រមទាំងអាចជួយកែសម្រួលនយោបាយអភិវឌ្ឈន៍ជាតិ។
លោកម៉ាក្រុងនិងភរិយា កំពុងស្ថិតនៅប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ អមដំណើរដោយរដ្ឋមន្ត្រីនិងអ្នកជំនួញច្រើននាក់។ ទស្សនកិច្ចនេះ ធ្វើឡើងនៅក្នុងបរិបទ ដែលពិភពលោកកំពុងតែរំជើបរំជួល ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ នៅតូក្យូ លោកម៉ាក្រុង បានថ្លែងថា អឺរ៉ុបដើរយឺតបន្តិចមែន តែអឺរ៉ុបច្បាស់លាស់ គួរជាទីទុកចិត្ត គោរពដៃគូសម្ព័ន្ធមិត្ត និងគោរពច្បាប់អន្តរជាតិ មិនដូចអ្នកខ្លះទេ!
ក្រសួងមហាផ្ទៃបានបដិសេធជាថ្មីចំពោះសំណើរបស់តំណាងគណបក្សភ្លើងទៀនដែលសុំឲ្យក្រសួងមហាផ្ទៃផ្តល់សេចក្តីចម្លងឯកសារចុះបញ្ជីច្បាប់ដើមរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ នេះជាការបញ្ជាក់របស់លោក ហុង សុខហួរ ប្រធានស្តីទីគណបក្សភ្លើងទៀនប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃពុធ ទី១ មេសានេះ ក្រោយជំនួបរវាងក្រុមតំណាងគណបក្ស និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។ បើតាមលោក ហុង សុខហួរ ក្រសួងមហាផ្ទៃបានប្រាប់តំណាងគណបក្សភ្លើងទៀនថា ខ្លួនគ្មានគោលការណ៍អាចផ្តល់សេចក្តីចម្លងណាមួយ ក្រៅតែពីលិខិតដែលក្រសួងមហាផ្ទៃធ្លាប់បានចេញឲ្យគណបក្សភ្លើងទៀនកន្លងមកដែលបញ្ជាក់ថា គណបក្សភ្លើងទៀនជាបក្សនយោបាយដែលមានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
មានពលករខ្មែរយ៉ាងតិចជាង ៨ម៉ឺនបានអស់សុពលភាពបណ្ណការងារនៅក្នុងប្រទេសថៃគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដែលជាថ្ងៃកំណត់របស់ក្រសួងការងារថៃ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការងារកម្ពុជា។ បើតាមសង្គមស៊ីវិល ពលករខ្មែរដែលមានបណ្ណការងារអស់សុពលភាពអាចប្រឈមនឹងការបណ្តេញចេញដោយបង្ខំ ឬអាចរងការផាកពិន័យពីអាជ្ញាធរថៃ។ តែក្រសួងការងារកម្ពុជាបានអះអាងថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយពលករខ្មែរទាំងជាង ៨ម៉ឺននាក់នោះ។
សហរដ្ឋអាមេរិកចង់ដកខ្លួនចេញពីអ៊ីរ៉ង់ បើទោះបីជាមាន ឬក៏ គ្មានកិច្ចព្រមព្រៀងដើម្បីបិទបញ្ចប់សង្រ្គាម។ ប៉ុន្តែ នៅថ្ងៃពុធ ទី១ មេសានេះ អ៊ីរ៉ង់ និងអ៊ីស្រាអែលបន្តបាញ់ប្លោងដាក់គ្នាទៅវិញទៅមក។ ចំណែក ចិន និងប៉ាគីស្ថានវិញបានអំពាវនាវ ឲ្យបញ្ឈប់សង្រ្គាមនៅមជ្ឈិមបូព៌ាជាបន្ទាន់ ដោយបានស្នើផែនការ ៥ចំណុច មានជាអាទិ៍ បទឈប់បាញ់ និងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅ នៅអ៊ីរ៉ង់។
អ្នកស្រាវជ្រាវជប៉ុនបានសិក្សាឃើញថា មនុស្សចាស់ចូលចង្ក្រានធ្វើម្ហូបបរិភោគដោយខ្លួនឯង មានហានិភ័យកើតជំងឺវង្វេងទាប។ អ្នកដែលមិនធ្លាប់ធ្វើម្ហូបអាហារពីក្មេង ហើយងាកមកផ្តើមធ្វើម្ហូបនៅវ័យចំណាស់ កាន់តែទទួលបានផលល្អ ដោយអាចកាត់បន្ថយគ្រោះភ្លេចវង្វេងបានច្រើនខ្លាំងណាស់ ដល់ទៅ៦៧%ឯណោះ។ តើអ្នកស្រាវជ្រាវ អាចពន្យល់អំពីទំនាក់ទំនងនៃការធ្វើម្ហូបនិងការកាត់បន្ថយគ្រោះកើតជំងឺវង្វេងវង្វាន់យ៉ាងដូចម្តេច?
ក្រសួងមហាផ្ទៃបានធ្វើបត្យាប័នជនជាតិចិនម្នាក់ឈ្មោះ លី ស្យុង (LI XIONG ) ទៅកាន់ប្រទេសចិនវិញនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ បើតាមក្រសួងមហាផ្ទៃ ការបញ្ជូនជនជាតិរូបនេះធ្វើឡើងតាមសំណើរបស់រដ្ឋាភិបាលចិនក្នុងក្របខណ្ឌនៃកិច្ចសហការប្រយុទ្ធប្រឆាំង និងបោសសម្អាតបទល្មើសឆបោកតាមអនឡាញ។ ទូរទស្សន៍រដ្ឋចិន CCTV បានឲ្យដឹងនៅថ្ងៃទី១ មេសានេះថា ជន លី ស្យុងដែលជាបក្សពួករបស់ចេន ហ្ស៊ី នៅក្នុងប្រតិបត្តិការឆបោកអនឡាញ និងលាងលុយកខ្វក់បានទៅដល់ទឹកដីចិនហើយ។
ពីទីក្រុងគែរ ថ្ងៃចន្ទទី៣០មីនា លោកប្រធានាធិបតីអេហ្ស៊ីប អាប់ឌែល ហ្វាតាហ៍ អាល់ស៊ីស៊ី បានអំពាវនាវជាលើកទី១ ទៅកាន់លោកដូណាល់ ត្រាំ សូមឲ្យលោកជួយធ្វើយ៉ាងណា បញ្ឈប់ការធ្វើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ សុន្ទរកថាថ្លែងអង្វរនេះ ត្រូវបានធ្វើឡើងប៉ុន្មានម៉ោង មុនពេលដែលលោកដូណាល់ ត្រាំ បានប្រកាសគំរាមវាយកម្ទេច កំពង់ផែស្តុកប្រេង ដ៏ធំបំផុតរបស់អ៊ីរ៉ង់។
ឈាងម៉ៃ ដែលស្ថិតនៅភាគខាងជើងប្រទេសថៃ ជាប់ចំណាត់ទី២ ជាទីក្រុងដែលមានកម្រិតខ្យល់ពុលខ្ពស់ជាងគេបំផុតលើលោក នៅថ្ងៃអង្គារ ទី៣១ មីនា។ តំបន់ភាគខាងជើងប្រទេសថៃ សឹងតែទាំងអស់ គ្របដណ្តប់ដោយផ្សែងពុលអួរអាប់ និងពោរពេញដោយល្អងជាតិពុលតូចល្អិត ដែលអាចបង្កហានិភ័យខ្ពស់ដល់សុខភាពរបស់ប្រជាជន។ បើផ្អែកតាមអាជ្ញាធរថៃ បញ្ហាខ្យល់ពុលកើនឡើងខ្លាំងបែបនេះ បណ្តាលមកពីការដុតរានដីព្រៃ និងដីចំការ។