ទីភ្នាក់ងារអវកាសណាសាបានអបអរការធ្វើដំណើរជុំវិញព្រះចន្ទដោយជោគជ័យ បន្ទាប់ពីអវកាសយានិករបស់ខ្លួនបានវិលត្រឡប់មកដល់ផែនដីវិញ កាលពីយប់ថ្ងៃសុក្រ ទី១0 ខែមេសា ឆ្នាំ២០២៦។ បើតាមទីភ្នាក់ងារព័ត៌មាន AFP នៅក្នុងយានអវកាសរបស់ទីភ្នាក់ងារណាសាដែល បានធ្លាក់ចូលក្នុងទឹកសមុទ្រជោគជ័យដូចការគ្រោងទុក នៅឆ្នេរសមុទ្ររដ្ឋកាលីហ្វ័រញ៉ា អវកាសយានិកចំនួន ៤នាក់ បាននាំយកមកជាប់តាមខ្លួននូវរូបភាពព្រះចន្ទដ៏អស្ចារ្យ។
ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់ថ្មី លោក Mojtaba Khamenei កំពុងបន្តសម្រាកព្យាបាលរបួស លើផ្ទៃមុខនិងជើងយ៉ាងធ្ងន់ធ្ងរ ដោយការវាយប្រហារផ្លូវអាកាសរបស់អាមេរិកនិងអ៊ីស្រាអែល។ នេះបើផ្អែកតាមប្រភពពីមនុស្សជំនិតរបស់លោក។ ការបញ្ចេញព័ត៌មាននេះ ធ្វើឡើងចំពេលកិច្ចប្រជុំចរចា អាមេរិកនិងអ៊ីរ៉ង់ នៅទីក្រុងអ៊ីស្លាម៉ាបាដ ថ្ងៃសៅរ៍ ទី១១ មេសា ដើម្បីឈានទៅបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា។ ចំណែក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក និងអ៊ីស្រាអែល បដិសេធមិនផ្តល់ព័ត៌មាន ពាក់ព័ន្ធនឹងបញ្ហានេះ។
នៅថ្ងៃសៅរ៍ ទី១១មេសានេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម៉្យុង (Lee Jae Myung) បានថ្លែងចោទប្រកាន់អ៊ីស្រាអែលចំៗថាបានបរាជ័យក្នុងការបំភ្លឺរាល់ការចោទប្រកាន់នានាអំពីការរំលោភសិទ្ធិមនុស្សដែលបង្កដោយកងកម្លាំងរបស់អ៊ីស្រាអែល។ ការថ្លែងចោទប្រកាន់អ៊ីស្រាអែលដោយប្រធានាធិបតីកូរ៉េខាងត្បូង កើតឡើងក្រោយមានការផ្សព្វផ្សាយឃ្លីបវីដេអូលើបណ្តាញសង្គម ដែលបានបង្ហាញឲ្យឃើញពីទាហានអ៊ីស្រាអែលធ្វើទារុណកម្ម និងរុញច្រានក្មេងដែលជាជនជាតិប៉ាឡេស្ទីនម្នាក់ធ្លាក់ពីដំបូលផ្ទះ។ ឃ្លីបវីដេអូនោះត្រូវបានគេចែករំលែកយ៉ាងទូលំទូលាយលើបណ្តាញសង្គមក្នុងសប្តាហ៍នេះ។
ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅតែមានសង្ឃឹមលើការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ តាមរយៈ «យន្តការកាទូត» បើទោះជាបីជាយន្តការនេះនៅមានសង្ឃឹមតិចតួចក៏ដោយ។ តាមនាយករដ្ឋមន្ត្រីកម្ពុជា បើទោះជាយន្តការកាទូតនៅមានសង្ឃឹមតែ១ភាគរយក៏កម្ពុជាសុខចិត្តជ្រើសរើសយន្តការនេះជំនួសឲ្យការប្រើប្រាស់កម្លាំងយោធា។
ជាថ្មីម្តងទៀត ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១០ ខែមេសា បានណែនាំឱ្យពលរដ្ឋដែលអះអាងថា ជាម្ចាស់បំណុលរបស់ក្រុមហ៊ុន ហួយ វ័នផេ ហើយមិនទាន់ត្រូវបានទូទាត់ប្រាក់ ត្រូវបន្តដោះស្រាយតាមផ្លូវតុលាការវិញ។ ការណែនាំរបស់ធនាគារជាតិយ៉ាងដូចនេះ ធ្វើឡើងក្រោយពលរដ្ឋប្រមាណ ២០០នាក់ដែលជាអតិថិជន(ម្ចាស់បំណុល) របស់ក្រុមហ៊ុន ហួយ វ័នផេ កាលពីថ្ងៃទី៧ ខែមេសា បានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការធនាគារជាតិ ដើម្បីទាមទារឱ្យក្រុមហ៊ុនសងប្រាក់ត្រឡប់មកវិញ។
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ កម្ពុជាបានតវ៉ាយ៉ាងដាច់អហិង្ការចំពោះសកម្មភាពខុសច្បាប់របស់យោធាថៃនៅតំបន់ព្រំដែនដែលថៃបានដណ្តើមកាន់កាប់នៅក្រោយបទឈប់បាញ់ កាលពីចុងឆ្នាំ២០២៥។ ការតវ៉ាជាថ្មីរបស់កម្ពុជា ក៏ដោយសារតែភាគីថៃ បានលើកដងទង់ជាតិថៃ នៅលើខ្នងទំនប់ខាងកើត នៃអូរទីពីរក្នុងស្រុកអូរស្មាច់ ការសាងសង់របងព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៤ និងការចុះពិនិត្យទីតាំងដោយគ្មានការអនុញ្ញាត ក្នុងសណ្ឋាគារពីរកន្លែង ក្នុងខេត្តឧត្តរមានជ័យ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។
បើសិនគ្មានអ្វីប្រែប្រួល ប៉ាគីស្ថាននឹងធ្វើជាម្ចាស់ផ្ទះ សម្របសម្រួលនៅក្នុងការចរចារវាងអាមេរិក និងអ៊ីរ៉ង់ ដើម្បីស្វែងកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅដើមបូព៌ា។ វត្តមានរបស់គណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ នៅថ្ងៃសៅរ៍ទី ១១មេសា ជាលទ្ធផលនៃការប្រឹងប្រែងរបស់ប៉ាគីស្ថាន ដែលបានសម្រុកយុទ្ធនាការការទូតបញ្ចុះបញ្ចូលឲ្យភាគីជម្លោះអ៊ីរ៉ង់ និងអាមេរិក យល់ព្រមធ្វើបទឈប់បាញ់រយៈពេល១៥ថ្ងៃ។ ប៉ាគីស្ថានបានចូលខ្លួនមកធ្វើជាអន្តរការីសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពដើម្បីស្តារសេដ្ឋកិច្ចពិភពលោក ដែលរងគ្រោះ ព្រោះតែវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ។ ប៉ាគីស្ថានបានចូលខ្លួនមកធ្វើជាអន្តរការីនៅក្នុងសំណុំរឿងមួយដ៏ស្មុគស្មាញ ដែលអ្នកការទូតខ្លះវាយតម្លៃថា ជាបេសកកម្មដែលមិនអាចទៅរួច ដោយមើលទៅជំហររបស់អាមេរិក និងអ៊ីរ៉ង់ដែលជាសត្រូវសួពូជនឹងគ្នា។ តើប៉ាគីស្ថានធ្វើយ៉ាងដូចម្តេចដើម្បីអាចដើរតួនាទីជាអ្នកសម្របសម្រួលរវាងអាមេរិក និងអ៊ីរ៉ង់?
នៅតែមួយថ្ងៃទៀតប៉ុណ្ណោះ ភាគីជម្លោះអាមេរិក និងអ៊ីរ៉ង់ត្រូវជួបចរចា នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ដើម្បីចុះកិច្ចព្រមព្រៀងសន្តិភាព។ ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ ប៉ាគីស្ថានបានរឹតបន្តឹងសន្តិសុខ បិទផ្លូវ និងសម្រេចឲ្យមន្រ្តីរដ្ឋការឈប់សម្រាកពីរថ្ងៃ តាំងពីថ្ងៃព្រហស្បតិ៍ទី៩មេសា។ លោកដូណាល់ ត្រាំបាននិយាយប្រាប់ទូរទស្សន៍អាមេរិកពីក្តីសុទិដ្ឋិនិយមរបស់លោកថា នឹងអាចឈានទៅចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ ប៉ុន្តែ តេហេរ៉ង់វិញមិនបានបង្ហាញសញ្ញាវិជ្ជមានច្រើននោះទេ បន្ទាប់ពីអ៊ីស្រាអែលបើកការវាយប្រហារដ៏ចាស់ដៃ ទៅលើលីបង់ ដោយសម្លាប់មនុស្សយ៉ាងតិច ៣០០នាក់។ ទាំងប៉ាគីស្ថាន និងអ៊ីរ៉ង់សុទ្ធតែអះអាងថា អ៊ីស្រាអែលបានរំលោភបទឈប់បាញ់ ព្រោះថា លីបង់មានឈ្មោះនៅក្នុងបទឈប់បាញ់បណ្តោះអាសន្ន រវាងអាមេរិក និងអ៊ីរ៉ង់។
អង្គការសហប្រជាជាតិ បានប្រកាសអាសន្នអំពីបញ្ហាអសន្តិសុខស្បៀង ក្នុងប្រទេសលីបង់ ព្រោះតែផលវិបាកបណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់។ សង្គ្រាមអ៊ីរ៉ង់ ដែលឆេះរាលដាលក្នុងតំបន់មជ្ឈិមបូព៌ា និងផ្ទុះចម្បាំងកាន់តែធ្ងន់ធ្ងរនៅភាគខាងត្បូងលីបង់ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងទល់នឹងក្រុមប្រដាប់អាវុធហេសបូឡាលីបង់។
បើសិនគ្មានអ្វីប្រែប្រួល ប៉ាគីស្ថាននឹងធ្វើជាម្ចាស់ផ្ទះ សម្របសម្រួលនៅក្នុងការចរចារវាងអាមេរិក និងអ៊ីរ៉ង់ ដើម្បីស្វែងកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅដើមបូព៌ា។ វត្តមានរបស់គណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ នៅថ្ងៃសៅរ៍ទី ១១មេសា ជាលទ្ធផលនៃការប្រឹងប្រែងរបស់ប៉ាគីស្ថាន ដែលបានសម្រុកយុទ្ធនាការការទូតបញ្ចុះបញ្ចូលឲ្យភាគីជម្លោះអ៊ីរ៉ង់ និងអាមេរិក យល់ព្រមធ្វើបទឈប់បាញ់រយៈពេល១៥ថ្ងៃ។ ប៉ាគីស្ថានបានចូលខ្លួនមកធ្វើជាអន្តរការីសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពដើម្បីស្តារសេដ្ឋកិច្ចពិភពលោក ដែលរងគ្រោះ ព្រោះតែវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ។ ប៉ាគីស្ថានបានចូលខ្លួនមកធ្វើជាអន្តរការីនៅក្នុងសំណុំរឿងមួយដ៏ស្មុគស្មាញ ដែលអ្នកការទូតខ្លះវាយតម្លៃថា ជាបេសកកម្មដែលមិនអាចទៅរួច ដោយមើលទៅជំហររបស់អាមេរិក និងអ៊ីរ៉ង់ដែលជាសត្រូវសួពូជនឹងគ្នា។ តើប៉ាគីស្ថានធ្វើយ៉ាងដូចម្តេចដើម្បីអាចដើរតួនាទីជាអ្នកសម្របសម្រួលរវាងអាមេរិក និងអ៊ីរ៉ង់?
ការផ្តល់កាដូនាវាចម្បាំងឲ្យកម្ពុជា ជាកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។ នេះជាការថ្លែងបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang នៅថ្ងៃព្រហស្បតិ៍ទី៩ខែមេសា។ ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីចិនបានប្រគល់កាដូនាវាចម្បាំងមួយគ្រឿងប្រភេទ 056C ឱ្យរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៨ខែមេសា។ តែព័ត៌មាននេះមិនត្រូវបានបញ្ជាក់ ឬផ្សព្វផ្សាយដោយរដ្ឋាភិបាលកម្ពុជាជាសាធារណៈនោះឡើយ។
ការិយាល័យប្រឆាំងការលាងលុយកខ្វក់របស់ថៃបានប្រកាសនៅថ្ងៃទី៩ ខែមេសាពីការរឹបអូស និងបង្កកទ្រព្យសម្បត្តិដែលតម្លៃជាង ២០០លានដុល្លារអាមេរិករបស់បណ្តាញឧក្រិដ្ឋជនឆបោកអនឡាញ។ នៅក្នុងប្រតិបត្តិការនេះ ការិយាល័យប្រឆាំងការលាងលុយកខ្វក់របស់ថៃក៏បានរកឃើញថា កូនប្រុសមន្ត្រីជាន់ខ្ពស់កម្ពុជាមួយរូបមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកមួយនេះ។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បញ្ជាក់ថា បារាំងបានត្រៀមខ្លួនរួចរាល់ក្នុងការសម្របសម្រួលផ្តល់ឯកសារបច្ចេកទេស និងប្រវត្ដិសាស្ត្រពាក់ព័ន្ធនឹងព្រំដែនខ្មែរ-ថៃឱ្យមកកម្ពុជា ដើម្បីឱ្យប្រទេសជិតខាងទាំង ២ ឈានទៅដល់ការដោះស្រាយជម្លោះដោយសន្តិវិធី។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាស្តីពីលទ្ធផលនៃទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្រ្ដីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅប្រទេសបារាំង។ គួរដឹងថា ក្រសួងការបរទេសកម្ពុជាបានស្នើឱ្យបារាំងពិចារណាផ្តល់ឯកសារប្រវត្តិសាស្ត្រទាក់ទងនឹងព្រំដែនខ្មែរ-ថៃ កាលពីអំឡុងខែកុម្ភៈ ដើម្បីយកធ្វើជាតឹកតាងក្នុងការដោះស្រាយជម្លោះព្រំដែនដ៏តានតឹងជាមួយថៃ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីន បានថ្លែងក្តីសង្ឃឹម យ៉ាងជឿជាក់ថា តៃវ៉ាន់ និងចិន នឹងរួបរួមគ្នា ជាគ្រួសារតែមួយ នៅពេលអនាគត។ នេះបើតាមប្រសាសន៍ប្រមុខរដ្ឋចិន ដែលថ្លែងប្រាប់ លោកស្រី ចឹង លីវ័ន ប្រមុខដឹកនាំបក្សប្រឆាំងដ៏ធំជាងគេរបស់តៃវ៉ាន់ ក្នុងជំនួបទ្វេភាគី នៅរដ្ឋធានីប៉េកាំង។ ជាង១០ឆ្នាំចុងក្រោយនេះ គ្មានមេដឹកនាំបក្សប្រឆាំងតៃវ៉ាន់ណាម្នាក់ ធ្វើដំណើរទៅជាន់ទឹកដីចិនទេ។ ដំណើរទស្សនកិច្ចរបស់លោកស្រី ចឹង លីវ័ន នៅប៉េកាំងលើកនេះ មានគោលបំណងធំ ដើម្បី «បញ្ជៀសសង្គ្រាម»។
នៅរសៀលថ្ងៃទី១០ មេសានេះ ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រទានព្រះរាជសារថា ព្រះអង្គទ្រង់មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត។ ព្រះរោគរបស់ព្រះមហាក្សត្រកម្ពុជាទើបត្រូវបានបញ្ជាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង ប្រទេសចិន។
គ្មានសប្តាហ៍ណាដែលលោកដូណាល់ត្រាំមិនរករឿងសម្ព័ន្ធមិត្តអូតង់ទេ។ ប្រធានធិបតីអាមេរិក បានជះកំហឹងជាថ្មីដាក់អូតង់ និងព្រលយអំពីលទ្ធភាពអាមេរិកចង់ដើរចេញពីអង្គការសម្ព័ន្ធអាត្លង់ទិកនេះទៀតផង។ បន្ទាប់ពីបានបន្ទោស និងរិះគន់សមាជិកអង្គការអូតង់ ថាបានបែរខ្នងដាក់អាមេរិក ដោយមិនគាំទ្រសង្គ្រាមនៅអ៊ីរ៉ង់ លោកប្រធានាធិបតីអាមេរិកបានទទួលជួបប្រមុខអង្គការអូតង់នៅសេតវិមាន។ តើជាជំនួបដើម្បីនិយាយអំពីការលែងលះគ្នាឬ?
ចិនបិទដែនអាកាសរបស់ខ្លួន រយៈពេល៤០ថ្ងៃ មិនឲ្យយន្តហោះស៊ីវិលហោះចូលក្នុងដែនអាកាសរបស់ខ្លួនរហូតដល់ ថ្ងៃទី៦ឧសភា។ ប៉េកាំងមិនបានប្រកាសដំណឹងនេះ ជាសាធារណៈទេ។ គឺរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកដែលជាអ្នកបង្ហោះផ្សាយសាររបស់ភាគីចិនដែល ផ្ញើទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល មុននឹងត្រូវកាសែតអន្តរជាតិដកស្រង់យកមកចុះផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ទី ៩មេសា។ ដែនអាកាសដែលចិនបិទ តាំងពីចុងខែមីនា រហូតដល់ដើមខែឧសភា លាតសន្ធឹងពីលើឆ្នេរសមុទ្រសៀងហៃ ចម្ងាយប៉ុន្មានរយគីឡូម៉ែត្រប៉ុណ្ណោះ ពីកោះតៃវ៉ាន់។ អ្នកជំនាញខាងអាកាសចរណ៍ស៊ីវិលបានចោទសួរពីចេតនារបស់ចិន ដែលសម្រេចបិទដែនអាកាសរបស់ខ្លួន ភ្លាមៗ និងក្នុងរយៈពេលយូរមិនធ្លាប់មានយ៉ាងដូច្នេះ?
ចិញ្ចឹមឆ្កែ ឆ្មា ធ្វើជាមិត្ត រស់នៅក្នុងផ្ទះជាមួយ ឬមានកូនអាងចិញ្ចឹមត្រី អាចប្តូរផ្លាស់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងបាន។ តើសត្វអាចមានទំនាក់ទំនងយ៉ាងណាជាមួយមនុស្ស? តើការសត្វចិញ្ចឹមជាមិត្តផ្តល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព?
ប៉ុន្មានថ្ងៃចុងក្រោយនេះ ធាតុអាកាសនៅកម្ពុជាបានឡើងដល់ ៣៨អង្សារ ឬក្បែរ ៤០អង្សារនៅតាមតំបន់ខ្លះដែលនាំឱ្យមានផលវិបាកសម្រាប់ការរស់នៅ និងប្រកបរបររកស៊ីប្រចាំថ្ងៃរបស់ពលរដ្ឋ។ នៅរាជធានីភ្នំពេញ អ្នកលក់ដូរនៅតាមដងផ្លូវនៅតែបន្តប្រកបរបររបស់ខ្លួន។ ទោះបីជាមានការលំបាកមែន អ្នកលក់ដូរទាំងនោះថាខ្លួនអាចបន្ស៊ាំជីវិតរកស៊ីក្រោមកណ្តាលថ្ងៃក្តៅបាន។
នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំងក្នុងទីក្រុងប៉ារីសនារសៀលថ្ងៃទី៨ មេសា លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត មិនបានសុំឱ្យបារាំងជួយដោះស្រាយជម្លោះព្រំដែនជាមួយថៃទេ តែបានស្នើឱ្យបារាំងពង្រឹងការគាំទ្រការគោរពច្បាប់អន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលដំណើរទស្សនកិច្ចការងារនៅបារាំងនារសៀលថ្ងៃទី៩ ខែមេសានេះ។ តាមមន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះដដែល ការដែលកម្ពុជាមិនសុំការគាំទ្រពីបារាំងដោយសារកន្លងមក អាស៊ាន អាមេរិក និងចិនបានចូលអន្តរាគមន៍ ដោយសម្រេចបាននូវបទឈប់បាញ់ចំនួន ២លើកជាមួយថៃ។
ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ កូរ៉េខាងជើងបានសាកល្បងប្រព័ន្ធសព្វាវុធជាច្រើនប្រភេទ មានជាអាទិ៍មីស៊ីលបាលីស្ទិករយៈខ្លី មីស៊ីលបាលីស្ទិកពាំគ្រាប់បែកចង្កោម ឬ មីស៊ីលបាញ់ដោយប្រព័ន្ធអេឡិចត្រូម៉ាញេទិក (អ៊ីពែរសូនិក)។ នេះបើតាមសេចក្តីជូនដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី៩ មេសា២០២៦។
ទើបចាប់អនុវត្តបានតែ២ថ្ងៃ បទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ ចាប់ផ្តើមផុយស្រួយខ្លាំង បន្ទាប់ពី អ៊ីរ៉ង់ដំឡើងសំឡេងគំរាមវាយប្រហារសងសឹកវិញ បើសិនអ៊ីស្រាអែលនៅតែបន្តបាញ់ជញ្រ្ជំលើទឹកដីលីបង់ដែលជាមិត្តរបស់អ៊ីរ៉ង់។ អះអាងថា លីបង់មិនត្រូវបានរាប់បញ្ចូលក្នុងបទឈប់បាញ់ អ៊ីរ៉ង់ និងអាមេរិក អ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាសទ្រង់ទ្រាយធំ កាលពីថ្ងៃពុធទី ៨មេសា ទៅលើទឹកដីលីបង់។ ការវាយប្រហារគ្រាប់ប្លោងរបស់អ៊ីស្រាអែល ក្នុងរយៈពេលតែមួយថ្ងៃពុធទី៨ មេសា បានសម្លាប់មនុស្សជិត២០០នាក់ និងរបួសជាង៨០០នាក់។ លើកលែងតែសហរដ្ឋអាមេរិក បណ្តាប្រទេសធំៗនៅអឺរ៉ុប និងនៅអាស៊ី ដូចជាចិនបានថ្កោលទោសការវាយប្រហារដែលបានសម្លាប់ជីវិតប្រជាជនស៊ីវិល និងរំលោភដែនអធិបតេយ្យភាពរបស់លីបង់។
នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ សាលាឧទ្ធរណ៍ភ្នំពេញបន្តសវនាការលើសំណុំរឿងលោក កឹម សុខាដែលអនុញ្ញាតឲ្យមេធាវីការពារចុងចោទធ្វើសេចក្តីសន្និដ្ឋាន។ លោក ផែង ហេង សហមេធាវីការពារក្តីលោក កឹម សុខា បញ្ជាក់ប្រាប់អ្នកកាសែតនៅក្រៅសវនាការថា មេធាវីបានបដិសេធទាំងស្រុងទៅលើអង្គហេតុនៃសាលក្រមរបស់សាលាដំបូងដោយលើកហេតុផលថា លោក កឹម សុខា គ្មានជាប់ពាក់ព័ន្ធនឹងសកម្មភាព ឬចេតនាប្រព្រឹត្តិបទល្មើស «សន្ទិដ្ឋិភាពជាមួយបរទេស» នោះឡើយ។ ទោះជាយ៉ាងណា សវនាការដែលបានបន្តនៅម៉ោង ២រសៀលថ្ងៃដដែលនេះ ភាគីខាងព្រះរាជអាជ្ញា និងមេធាវីដើមចោទធ្វើនីតិវិធីតប ក្នុងនោះលោក កឹម សុខា ក៏ត្រូវថ្លែងសារចុងក្រោយទៅកាន់អង្គសវនាការ។ ស៊ឹម ចាន់សំណាង រាយការណ៍ផ្ទាល់ពីមុខសាលាឧទ្ធរណ៍ភ្នំពេញ
សហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរុ បានរាយការណ៍ពីការកើនឡើងខ្លាំងនៃបទល្មើសកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកការពារសត្វព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ។ តាមសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ តំបន់អូរស្កាច និងតំបន់ស្រុកជាំក្សាន្តបានក្លាយជាទីតាំងកាប់ឈើយ៉ាងអនាធិបតេយ្យពីសំណាក់ក្រុមទុច្ចរិត។ ជុំវិញការរកឃើញបទល្មើសកាប់ឈើខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃព្រះរការនេះ ក្រសួងបរិស្ថាននៅមិនទាន់បានឆ្លើយតបយ៉ាងណានៅឡើយទេ។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅអេលីហ្សេ វិមានប្រធានាធិបតី ក្នុងទីក្រុងប៉ារីស នៅរសៀលថ្ងៃពុធ ទី ៨ មេសា។ បើតាមប្រភពពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាដែលអមដំណើរគណៈប្រតិភូ ជំនួបទ្វេភាគីរយៈពេលប្រមាណ ១ ម៉ោងនេះ ផ្តោតទៅលើសំណុំរឿងសំខាន់ពីរ។ ទី១ បញ្ហាព្រំដែនកម្ពុជា-ថៃ ហើយទី២ ការរៀបចំកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង ឡា ហ្វ្រង់កូហ្វូននី នៅភ្នំពេញ ចុងឆ្នាំនេះ។
នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦នេះ សាលាឧទ្ធរណ៍ភ្នំពេញបានបន្តសវនាការលើសេចក្តីសន្និដ្ឋានផ្ទាល់មាត់ក្នុងសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ សហមេធាវីការពារក្តីឲ្យលោក កឹម សុខា បញ្ជាក់ថា សាលាឧទ្ធរណ៍នឹងបន្តធ្វើជំនុំជម្រះរយៈពេល ១ថ្ងៃពេញ។ នៅក្នុងសវនាការនាព្រឹកថ្ងៃពុធ ទី៨ មេសានេះ ព្រះរាជអាជ្ញាបានស្នើឲ្យអង្គជំនុំជម្រះដាក់ទោសទណ្ឌធ្ងន់ ដកហូតសិទ្ធិនយោបាយ និងបញ្ចូនលោក កឹម សុខាទៅឃុំខ្លួននៅពន្ធនាគារ។ ចំណែកសវនាការដែលកំពុងបន្តនៅម៉ោង ២រសៀលនេះអនុញ្ញាតឲ្យមេធាវីដើមចោទ និងចុងចោទធ្វើសន្និដ្ឋានលើសំណុំរឿង។ ស៊ឹម ចាន់សំណាង រាយការណ៍ផ្ទាល់ពីមុខសាលាឧទ្ធរណ៍ភ្នំពេញ៕
ក្រុមគ្រួសារជនរងគ្រោះក្នុងសំណុំរឿង ស្រី ស៊ីណា បានអះអាងថា ពួកគេនៅមិនទាន់ទទួលបានសំណងអ្វីឡើយ ថ្វីបើតុលាការកំពូលបានប្រកាសតម្កល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាបានការដដែលកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។ តាមរយៈបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ Rfi នៅរសៀលថ្ងៃទី៨ មេសានេះ ម្តាយស្ត្រីរងគ្រោះបានឱ្យដឹងថា មេធាវីការពារក្តីឱ្យភាគីជនរងគ្រោះបានអូសបន្លាយពេលវេលាស្នើសុំការអនុវត្តសាលក្រមជាង ៧ខែដែលជាហេតុធ្វើឱ្យនីតិវិធីទាមទារសំណងមានភាពយឺតយ៉ាវ។ បើតាមម្តាយជនរងគ្រោះ ភាពយឺតយ៉ាវនេះហើយ ទើបធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះព្យាយាមស្វះស្វែងរកអ្នកច្បាប់ដើម្បីជួយរៀបចំនីតិវិធីស្នើសុំការអនុវត្តសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ នៅថ្ងៃអង្គារទី៧មេសាយល់ថា កម្ពុជានៅតែរក្សាជំហរទប់ស្កាត់ មិនឲ្យមានការប៉ះទង្គិចព្រំដែនរវាងកម្ពុជា និងថៃជាលើកទី៣។ ការលើកឡើងបែបនេះរបស់លោក ឆាំង យុ គឺបន្ទាប់ពីមានការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិថៃថ្មីអំពីលទ្ធភាពនៃការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃជាលើកទី៣ ដែលអាចជាការប៉ះទង្គិចទ្រង់ទ្រាយធំ។
ជនជាតិបារាំង២នាក់ ដែលត្រូវរដ្ឋអំណាចអ៊ីរ៉ង់ចាប់ឃុំខ្លួនជាង៣ឆ្នាំ បានចាកចេញពីទឹកដីអ៊ីរ៉ង និងវិញត្រឡប់មកប្រទេសបារាំង។ ប្រជាជាតិបារាំងត្រេកអរ ហើយ ក្រុមអ្នកនយោបាយ មិនថាមកពីគណបក្សប្រឆាំងនិងបក្សក្នុងជួររដ្ឋាភិបាលនោះទេ សុទ្ធតែថ្លែងសារអបអរសាទរ និងកោតសរសើរចំពោះក្រុមមន្ត្រីទូត ដែលបានជួយសម្របសម្រួល ក្នុងកិច្ចការនេះ។
សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ប្រកាសសម្រេចបាន “បទឈប់បាញ់” រយៈពេលពីរសប្តាហ៍ ជាថ្នូរនឹងការបើកច្រកសមុទ្ទអកមូហ្សឡើងវិញនៅថ្ងៃពុធទី៨មេសា មុនផុតឱសានវាទរបស់លោកត្រាំដែលគំរាមកម្ទេចអ៊ីរ៉ង់និងអរិយធម៌ពែក្សឱ្យខ្ទេចបន្តិច។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ក៏បានបញ្ជាក់អំពីការព្រមព្រៀងឈប់បាញ់ និងការធានាសុវត្ថិភាពចរាចរណ៍នៅច្រកអកមូហ្ស ដែលជាប្រភពឆ្លងកាត់ប្រេងឆៅ២០%នៃសេចក្តីត្រូវការពិភពលោក កាលពីពេលមុនសង្គ្រាម។ តើបទឈប់បាញ់នេះជាជោគជ័យរបស់នរណា?
កម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី៧ ខែមេសាម្សិលមិញ បានធ្វើកំណត់ទូតជាថ្មីម្តងទៀតផ្ញើទៅកាន់ភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក និងស្នើឱ្យចាត់បញ្ចូនក្រុមវាស់វែងចម្រុះចុះវាស់វែងលើដីជាក់ស្តែង។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចព្រំដែន និងបើតាមសំណើរបស់កម្ពុជា ភាគីកម្ពុជាស្នើឱ្យរៀបចំកិច្ចប្រជុំពិសេសJBC និងការចុះវាស់វែងដីជាក់ស្តែងក្នុងកាលបរិច្ឆេទស្របស្របណាមួយចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។
សាលាឧទ្ធរណ៍ភ្នំពេញនៅថ្ងៃពុធ ទី៨មេសានេះ បានបន្តសវនាការលើសេចក្តីសន្និដ្ឋានផ្ទាល់មាត់ ក្នុងសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ សវនាការនាពេលនេះត្រូវបានគេរំពឹងថាអាចជាសវនាការលើកចុងក្រោយ។ នៅពីមុខសាលាឧទ្ធរណ៍ព្រឹកថ្ងៃពុធនេះ គេក៏សង្កេតឃើញមានបណ្តាអង្គទូតបរទេសរួមមាន អាមេរិក បារាំង អូស្ត្រាលី និងចក្រភពអង់គ្លេស ព្រមទាំងអង្គការសង្គមស៊ីវិលចូលរួមតាមដានសង្កេតការណ៍ផងដែរ។
ថ្ងៃអង្គារ ទី៧ ខែមេសា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានអញ្ជើញទៅដល់រដ្ឋធានីប៊ុយដាប៉ែស ដែល ហុងគ្រី ត្រូវរៀបចំការបោះឆ្នោតសភា នៅថ្ងៃអាទិត្យ ទី១២មេសា។ វត្តមានរបស់អនុប្រធានាធិបតីអាមេរិកនេះ បង្ហាញអំពីស្មារតីគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចំពោះអ្នកនយោបាយជាតិនិយមជ្រុល លោក វិកទ័រ អកបាន។ ក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក JD Vance ឆ្លៀតព្រមានសហភាពអឺរ៉ុប កុំឲ្យលូកដៃក្នុងការបោះឆ្នោតហុងគ្រី។