តើចិនអាចពង្រីកឥទ្ធិពលដល់ណា? នៅលើកនេះ ចិនបានដាក់សម្ពាធដល់ទើសមេឃតែម្តង។ ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈិនទឿ បានបង្ខំចិត្តលុបចោលទស្សនកិច្ចផ្លូវការនៅអាហ្វ្រិក បន្ទាប់ពីបណ្តាប្រទេសកូនកោះក្បែរទ្វីបអាហ្វ្រិកជាច្រើនមិនឱ្យយន្តហោះប្រធានាធិបតីហោះឆ្លងកាត់។ នេះជាហេតុការណ៍ដ៏កម្រ ដែលបញ្ជាក់អំពីសមត្ថភាពដាក់គំនាបដោយជាក់ស្តែង លើសេចក្តីសម្រេចចិត្តរបស់ប្រទេសមួយផ្សេង។
អង្គការសហប្រជាជាតិបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ពីចំនួនមនុស្សដែលត្រូវបានកាត់ទោសប្រហារជីវិតនៅប្រទេសសិង្ហបុរី។ ការដាក់ទោសដោយប្រហារជីវិត ភាគច្រើនត្រូវបានអនុវត្តលើករណីប្រព្រឹត្តបទល្មើសទាក់ទងនឹងគ្រឿងញៀន។ នៅថ្ងៃពុធទី ២២មេសា ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានអំពាវនាវឲ្យសិង្ហបុរីបញ្ឈប់ការអនុវត្តទោសផ្តាច់ជីវិតនេះ ក្នុងហេតុផលថា វាប្រឆាំងសិទ្ធិរស់រានមានជីវិត និងមិនសមស្របទៅនឹងសេចក្តីថ្លៃថ្នូររបស់មនុស្សឡើយ។
ប្រធានមន្ទីរពេទ្យគន្ធបុប្ផាទីក្រុងភ្នំពេញ លោក គី សង់ទី បានចេញមុខបដិសេធព័ត៌មានតាមបណ្តាញសង្គម ដែលបានលើកឡើងថា មន្ទីរពេទ្យគន្ធបុប្ផាកំពុងខ្វះខាតឈាម សម្រាប់ព្យាបាលកុមារ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃពុធទី២២ ខែមេសា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានអះអាងថា បច្ចុប្បន្ន មន្ទីរពេទ្យមានប្រភពឈាមគ្រប់គ្រាន់សម្រាប់ព្យាបាលកុមារ ជាប្រចាំថ្ងៃ។ ទោះយ៉ាងណា លោក គី សង់ទី ក៏មិនភ្លេចអំពាវនាវឲ្យប្រជាពលរដ្ឋស្ម័គ្រចិត្ត ជួយបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះកុមារកម្ពុជា។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងព័ត៌មាន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃពុធទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានដាក់លិខិតតវ៉ាជាផ្លូវការទៅកាន់សារព័ត៌មានអាមេរិក The Wall Street Journal(WSJ) និងស្នើឱ្យស្ថាប័ននេះពិនិត្យ និងលុបពាក្យក្នុងចំណងជើងអត្ថបទមួយ ដែលនិយាយពីឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ។ ចំពោះ កម្ពុជា ការប្រើប្រាស់ពាក្យ «Scambodia» នៅក្នុងចំណងជើងរបស់អត្ថបទ មានន័យស្មើនឹងការមាក់ងាយ ប៉ះពាល់ដល់កិត្តិយសប្រទេស និងប្រជាជនកម្ពុជា។
កាសែតអាមេរិកដ៏ល្បីល្បាញ The Wall Street Journal កាលពីពេលថ្មីៗនេះ បានចុះផ្សាយពីវត្តមាននៃបណ្តាញឧក្រិដ្ឋជនឆបោកអនឡាញ ដោយប្រើពាក្យ«Scambodia»នៅលើចំណងជើងរបស់ខ្លួន។ អ្នកជំនាញសារព័ត៌មាននៅកម្ពុជានានា បានរិះគន់ចំពោះការចុះផ្សាយរបស់សារព័ត៌មាននេះថា មិនគោរពទៅតាមក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ មិនគោរពក្រមសីលធម៌ដោយសារការប្រើពាក្យ«Scambodia» នេះមានចរិតជាការចំអក និងមាក់ងាយដល់ប្រទេសមួយ។ ទន្ទឹមគ្នានេះ ក៏មានអ្នកវិភាគខ្លះទៀត មានហេតុផលផ្សេងពីនេះ និងមិនបានប្រតិកម្មខ្លាំងក្លានោះទេ។ តើកម្ពុជាគួរមានការឆ្លើយតបបែបណាទៅកាសែត The Wall Street Journal?
ស្ថានភាពទូទៅនៅអ៊ីរ៉ង់និងក្នុងតំបន់ឈូងសមុទ្ទពែក្ស ហាក់មានសភាពស្ងប់ស្ងាត់ល្អ ក្នុងព្រឹកថ្ងៃពុធទី២២មេសានេះ។ នៅយប់មិញ លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានប្រកាសបន្តបទឈប់បាញ់នៅអ៊ីរ៉ង់ ដោយគ្មានកំណត់រយៈពេល ដើម្បីទុកពេលឱ្យអ៊ីរ៉ង់ដោះស្រាយបញ្ហាផ្ទៃក្នុងនិងពិចារណារកសំណើចរចាថ្មី។ ប៉ុន្តែអាមេរិកនៅតែបន្តរក្សាការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ដដែល។ ផ្ទុយពីសំឡេងភាគច្រើនដែលអបអរ ចិនបានចាត់ទុកការពន្យារបទឈប់បាញ់នៅអ៊ីរ៉ង់ជាវេលាគួរព្រួយបារម្ភ។
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុងបានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីលីបង់លោក ណាវ៉ាហ្វា សាឡាម នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារទី ២១មេសា។ វត្តមានរបស់ប្រមុខរដ្ឋាភិបាលលីបង់វិមានអេលីហ្សេធ្វើឡើង នៅក្នុងខណៈពេលដែលលីបង់កំពុងអំពាវនាវស្វែងរកជំនួយបន្ទាន់ចំនួន ៥០០ លានអឺរ៉ូ ដើម្បីដោះស្រាយវិបត្តិ បង្កឡើងសង្រ្គាមវាយប្រហាររបស់អ៊ីស្រាអែល។ ជំនួបរវាងមេដឹកនាំបារាំងនិងលីបង់ផ្តោតផងដែរទៅលើការរក្សាបទឈប់បាញ់រវាងលីបង់ជាមួយអ៊ីស្រាអែល និងបើកផ្លូវទៅរកការចរចារសន្តិភាព។
ក្រុមអ្នកជំនាញរបស់កម្ពុជា និងថៃ បានជួបគ្នានៅឯប្រទេសចិន កាលពីថ្ងៃចន្ទទី២០មេសាកន្លងទៅ ដើម្បីពិភាក្សាពីការរក្សាបទឈប់បាញ់រវាងកម្ពុជា-ថៃ ឲ្យបានយូរអង្វែង។ កិច្ចពិភាក្សាដែលធ្វើឡើងនៅឯប្រទេសចិននេះ បានបើកឱកាសឲ្យក្រុមអ្នកជំនាញរបស់កម្ពុជា និងថៃ ជជែកគ្នាអំពីការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត ការបន្តពាណិជ្ជកម្មឆ្លងដែនឡើងវិញ និងកិច្ចសហប្រតិបត្តិការសុខភាពសាធារណៈរវាងប្រទេសទាំងពីរ។
មន្ត្រីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ACU នឹងបញ្ជូនអគ្គនាយករងអន្តោរប្រវេសន៍ម្នាក់ និងស្នងការរងរាជធានីភ្នំពេញម្នាក់ទៅតុលាការនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ពាក់ព័ន្ធនឹងករណីស៊ីសំណូកពីក្រុមឆបោកអនឡាញ និងសម្អាតប្រាក់។ ក្រៅពីនេះ ACU ក៏នឹងបញ្ជូនជនសង្ស័យ ដែលជាប់ពាក់ព័ន្ធ ២នាក់ផ្សេងទៀតទៅតុលាការ ក្នុងករណីសង្ស័យដូចគ្នាដែរ។
ក្រុមប្រឹក្សាសន្តិសុខជាតិថៃ គ្រោងនឹងបើកកិច្ចប្រជុំនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិភាក្សាអំពីលទ្ធភាពលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ឬMOU ២០០១ ស្តីពីការដោះស្រាយតំបន់ដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា។ រដ្ឋាភិបាលកម្ពុជាធ្លាប់បានអះអាងថា MOU ឆ្នាំ២០០១នេះ គឺមានអត្ថន័យពិសេសចំពោះប្រទេសជិតខាងទាំង ២ ព្រោះវាឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយរួមក្នុងការកំណត់តំបន់ដែនសមុទ្រត្រួតស៊ីគ្នា។
ប្រធានាធិបតីកូរ៉េខាងត្បូងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌាដើម្បីបើកទំព័រថ្មីនៃទំនាក់ទំនងជាដៃគូ រវាងប្រទេសទាំងពីរ។ នៅក្នុងអំឡុងទស្សនកិច្ចរយៈពេល៣ថ្ងៃ របស់ប្រមុខដឹកនាំកូរ៉េខាងត្បូងនៅញូវដេលី ដែលបានបិទបញ្ចប់នៅថ្ងៃអង្គារទី ២១មេសា កូរ៉េខាងត្បូង និងឥណ្ឌា សន្យារួមគ្នាថា នឹងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោយពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពល រ៉ែសំខាន់ៗ ការសាងសង់នាវា ឧស្សាហកម្មបន្ទះឈីប (semiconductors)។ ជារួម កូរ៉េខាងត្បូង និងឥណ្ឌាសន្យាបង្កើនការដោះដូរពាណិជ្ជកម្មរវាងគ្នាទ្វេដង ឲ្យដល់ទំហំទឹកប្រាក់ ប្រមាណ ៥០ ពាន់លានដុល្លារ នៅឆ្នាំ២០៣០។
បទឈប់បាញ់អាមេរិក-អ៊ីរ៉ង់ នឹងត្រូវអស់សុពលភាពនៅយប់ថ្ងៃអង្គារឆ្លងចូលថ្ងៃពុធទី ២២មេសា ម៉ោងនៅអ៊ីរ៉ង់។ រហូតមកទល់នឹងព្រឹកថ្ងៃអង្គារទី២១មេសានេះ គ្មានសញ្ញាច្បាស់លាស់ណាមួយបញ្ជាក់អំពីលទ្ធភាពបើកការចរចាជុំទីពីរទេ ឮតែអាមេរិកនិងអ៊ីរ៉ង់បន្តគំរាមគ្នាទៅវិញទៅមកកាន់តែខ្លាំង។ ចំណែកនៅលីបង់វិញ យោធាអ៊ីស្រាអែលបន្តរំលោភបទឈប់បាញ់ ដោយកម្ទេចភូមិឋានប្រជាជន ដើម្បីឆ្លៀតពង្រីកតំបន់កាន់កាប់នៅភាគខាងត្បូងលីបង់។
រដ្ឋាភិបាលជប៉ុនបានផ្លាស់ប្តូរជំហរសន្តិនិយមរបស់ខ្លួន ដោយសម្រេចលុបចោលបម្រាមស្តីពីការលក់នាំចេញអាវុធ ដែលមានអាយុកាល ជាច្រើនទសវត្សរ៍មកហើយ។ ការផ្លាស់ប្តូរជំហររបស់ជប៉ុន នៅថ្ងៃអង្គារទី ២១មេសា មានគោលបំណងពង្រឹងសមត្ថភាពការពារជាតិ ជំរុញកំណើនសេដ្ឋកិច្ច និង ការឈានជើងរបស់ឧស្សាហកម្មយោធារបស់ជប៉ុន ទៅកាន់ទីផ្សាអាវុធអន្តរជាតិ។ ប៉េកាំងនៅថ្ងៃនេះដែរបានប្រតិកម្មព្រមានពីទង្វើធ្វេសប្រហែសរបស់យោធាជប៉ុន។
ការដាំស្ដារព្រៃលិចទឹកឡើងវិញលើផ្ទៃដីព្រៃលិចទឹករេចរឹលដោយភ្លើងឆេះព្រៃ នៅសហគមន៍នេសាទអូរតាប្រុក ខេត្តពោធិ៍សាត់ ជារឿងដ៏សំខាន់ ដើម្បីពង្រឹងប្រព័ន្ធការពារធនធានជីវៈចម្រុះ នៅតំបន់ដីសើមនៃបឹងទន្លេសាប។ តែប្រជានេសាទសហគមន៍អូរតាប្រុកបានមើលឃើញថា ការស្ដារព្រៃលិចទឹកមិនងាយស្រួលទេ ហើយលទ្ធផលក៏មិនដូចការរំពឹងទុកដែរ។ កូនឈើដាំថ្មីៗ ងាយងាប់ច្រើនជាងរស់ ក៏ព្រោះតែបញ្ហាអាកាសធាតុក្ដៅហួតហែង ភ្លើងឆេះព្រៃ និងកង្វះការថែទាំជាដើម៕
កម្ពុជាបានចេញកំណត់ទូតតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងសកម្មភាពពង្រីកការកាន់កាប់ដោយខុសច្បាប់របស់កម្លាំងយោធាថៃមកលើទឹកដីកម្ពុជា ពោលគឺតាំងពីមានបទឈប់បាញ់រវាងប្រទេសទាំងពីរ កាលពីចុងឆ្នាំ២០២៥។ តែភាគីថៃនៅតែបន្តសកម្មភាពឈ្លានពានទឹកដីកម្ពុជាមិនឈប់ឈរ។ ការឈ្លានពានរបស់ថៃបានកើនឡើងដល់ជាង២០ទីតាំង រាប់ទាំង៦ទីតាំងថ្មី ចុងក្រោយ ដែលកងទ័ពថៃបានពង្រីកការកាន់កាប់ កាលពីថ្ងៃទី១៨ខែមេសាឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។ ក្រៅពីការតវ៉ាតាមកំណត់ទូតផ្លូវការ តើកម្ពុជាគួរធ្វើអ្វីទៀតដើម្បីទប់ស្កាត់សកម្មភាពបន្តឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យកម្ពុជា?
ប្រជាពលរដ្ឋរាប់សិបនាក់នៅឃុំ រួសរាន់ និងឃុំរីករាយ ក្នុងស្រុករវៀង ខេត្តព្រះវិហារបានលើកគ្នាទៅដាក់ញតិ្តនៅសាលាខេត្តព្រះវិហារដើម្បីសើ្នសុំឲ្យអភិបាលខេត្តអន្តរាគម ជួយដោះស្រាយជម្លោះដីធ្លីជាមួយក្រុមហ៊ុន គ្លូប៊ល ហ្រ្គីន ខេមបូឌា។ នេះបើតាមការបញ្ជាក់របស់តំណាងប្រជាពលរដ្ឋ និងអង្គការការពារសិទ្ធិមនុស្សក្នុងស្រុក។ ចាប់ផ្តើមគម្រោងវិនិយោគរុករករ៉ែដែក តាំងពីខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុន គ្លូប៊ល ហ្រ្គីន (ខេមបូឌា) ត្រូវតំណាងប្រជាពលរដ្ឋអះអាងថា ជាក្រុមហ៊ុនដែលមានទំនាក់ទំនងនឹងកូនប្រុសរបស់អ្នកឧកញ៉ា ទ្រី ភាព គឺឧកញ៉ា ទ្រី ដាលុច។
មន្រ្តីយោធាជាន់ខ្ពស់កម្ពុជាដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអង្គារទី ២១មេសានេះថា ហេតុការណ៍បាត់ដងទង់ជាតិថៃ នៅតំបន់រាងអក្សរ U ក្បែរព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តចន្ទបុរី កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ គឺបណ្តាលមកពីភ្លៀងធ្លាក់ និងខ្យល់កន្រ្ទាក់ខ្លាំង នៅក្នុងរយៈពេលនោះ។ ភាគីកម្ពុជាបានបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីយោធាថៃបានព្រមានចាត់វិធានការប្រឆាំងកម្ពុជា ប្រសិនបើរកឃើញថា មានកងកម្លាំងកម្ពុជាចូលទៅដកទង់ជាតិ នៅទឹកដីថៃ។ បើតាមមន្រ្តីកម្ពុជា ហេតុការណ៍កើតឡើងទាំងស្រុងនៅក្នុងទឹកដីថៃ ពោលគឺមិនជាប់ពាក់ព័ន្ធនឹងភាគីកម្ពុជាឡើយ។ យ៉ាងណាក៏ដោយ ក្រុមការងារកម្ពុជាកំពុងបន្តប្រមូលព័ត៌មានជាក់ស្តែង ដើម្បីឆ្លើយតបនឹងការចោទប្រកាន់ពីភាគីថៃ។
ថ្ងៃ ចន្ទ ទី ២០ ខែមេសា ទីភ្នាក់ងារសន្តិសុខរុស្ស៊ី FSB ប្រកាសចាប់បានស្ត្រីជនជាតិអាល្លឺម៉ង់ម្នាក់ ក្រោយពីពួកគេបានរកឃើញគ្រាប់បែកច្នៃ លាក់ទុកក្នុងកាបូបស្ពាយពីក្រោយខ្នង របស់នារីម្នាក់នោះ ។ ទីភ្នាក់ងារសន្តិសុខ FSB រុស្ស៊ី បញ្ជក់ថា គម្រោងប្រព្រឹត្តអំពើភេរវកម្មនេះ គឺជាការរៀបចំឡើង ដោយអ៊ុយក្រែន ។
ប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីថ្ងៃចន្ទទី ២០មេសា បានចេញមុខដោយកម្រមកនិយាយពីច្រកសមុទ្រអកមូហ្ស ដែលអ៊ីរ៉ង់បិទចាប់តាំងពីរងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល។ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយរាជបុត្រស្នងរាជ្យ អារ៉ាប៊ី សាអូឌីត កាលពីថ្ងៃចន្ទទី ២០មេសា ប្រមុខដឹកនាំចិនបាននិយាយថា ច្រកសមុទ្រអកមូហ្សត្រូវតែបើកឲ្យដំណើរការ ចរាចរធម្មតា ដើម្បីប្រយោជន៍របស់ប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ។ បន្ទាប់ពីប្រកាសបើកឲ្យដំណើរការបានប៉ុន្មានម៉ោងប៉ុណ្ណោះ កាលពីថ្ងៃសុក្រទី ១៧មេសា អ៊ីរ៉ង់បានសម្រេចបិទច្រកសមុទ្រអកមូហ្សវិញ នៅព្រឹកថ្ងៃសៅរ៍ទី ១៨មេសា ក្នុងហេតុផលថា អាមេរិករំលោភបទឈប់បាញ់ ដោយនៅតែបន្តបិទខ្ទប់កំពង់ផែអ៊ីរ៉ង់។
ម-១៣ គឺជាមន្ទីរឃុំឃាំងអ្នកទោសក្នុងចលនាតស៊ូខ្មែរក្រហមពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៥។ កាលពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២៥ អង្គការយូណេស្កូបានសម្រេចបញ្ចូលអតីតមន្ទីរឃុំឃាំង ម-១៣ ជា «បូជនីយដ្ឋានចងចាំនៃកម្ពុជា»។ ក្រោយមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏បានរៀបចំអភិរក្ស និងអភិវឌ្ឍអតីតមន្ទីរឃុំឃាំងម១៣ ជាទីតាំងទេសចរប្រវត្តិសាស្ត្រ និងជាកន្លែងចងចាំពីអំពើប្រល័យពូជសាសន៍របស់ប៉ុលពតនៅកម្ពុជា។
នៅថ្ងៃសុក្រទី១៧ខែមេសាឆ្នាំ២០២៦ តុលាការខេត្តព្រះវិហារបានសម្រេចចោទប្រកាន់នារីម្នាក់ពីបទ«បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់អ្នកដទៃ»ទៅតាមមាត្រា៨៥នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីនារីរូបនោះបានបើកម៉ូតូឌុបមនុស្សប្រុសម្នាក់ក្នុងល្បឿនលឿន ហើយធ្លាក់គ្រលុកតាមផ្លូវ បណ្តាលឲ្យដួលម៉ូតូ ស្លាប់បុរសដែលជិះនៅពីខាងក្រោយ។ ការចោទប្រកាន់របស់តុលាការខេត្តព្រះវិហាបានបណ្តាលឲ្យមានការរិះគន់ពីអ្នកប្រើប្រាស់បណ្តាញសង្គម។
អតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង នឹងក្លាយទៅជាសួនលំហែសាធារណ:នាពេលខាងមុខ។ នេះជាការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ លោកហ៊ុន ម៉ាណែត បានអះអាងពីការមិនលក់ព្រលានយន្តហោះចំណាស់នេះទៅឱ្យក្រុមហ៊ុនឯកជន ហើយនឹងយកទីតាំងនេះជាព្រលានយន្តហោះបម្រុង និងទុកឱ្យពលរដ្ឋចូលកម្សាន្ត ឬហាត់កីឡាដោយសេរី។ ចំពោះអ្នកតាមដានសង្គម រដ្ឋាភិបាលគួរពិចារណាកែប្រែទីតាំងខាងលើនេះជាមជ្ឈមណ្ឌលទេសចរណ៍ធំមួយនៅទីក្រុងភ្នំពេញ។
បន្ទាប់ពីអាក់ខានអស់ប៉ុន្មានឆ្នាំ ជប៉ុនបានបញ្ជូនកងទ័ពមួយកងពលទៅចូលរួមក្នុងសមយុទ្ធអាមេរិក និងហ្វីលីពីន ដែលត្រូវប្រព្រឹត្តទៅ ពីថ្ងៃចន្ទ ទី ២០មេសា។ នៅក្នុងសមយុទ្ធយោធាដែលមានឈ្មោះជាភាសាហ្វីលីពីនថា Balikatan ដែលមានន័យថា ស្មាកៀកស្មា កងទ័ពរបស់ប្រទេសទាំងបី ហ្វីលីពីន អាមេរិក និងជប៉ុនសរុបចំនួន១៧០០០នាក់ នឹងហាត់សមរួមគ្នាតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ សមយុទ្ធនេះរៀបចំឡើងនៅភាគខាងជើងប្រទេសហ្វីលីពីន នៅចំពីមុខកោះតៃវ៉ាន់។
នៅថ្ងៃចន្ទទី២០មេសានេះ កូរ៉េខាងជើងបានប្រកាសបញ្ជាក់អំពីការសាកល្បងមីស៊ីលបាលីស្ទិកតាកទិក ដែលមានបំពាក់ក្បាលគ្រាប់ ជាគ្រាប់បែកចង្កោម។ ការបាញ់សាកល្បងបានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី១៩មេសាម្សិលមិញ។ បើតាមអ្នកវិភាគ ព្យុងយ៉ាងសម្ញែងអាវុធប្រភេទនេះ ក្នុងទិសដៅ ជាចម្បងដំបូងគេ គឺគំរាមកូរ៉េខាងត្បូងនិងទាហានអាមេរិកឈរជើងនៅក្នុងទឹកដីកូរ៉េខាងត្បូង។
នៅថ្ងៃទី១៩ខែមេសាឆ្នាំ២០២៦ កម្ពុជាបានតវ៉ាជាថ្មីទៀត ប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងយោធាថៃ ដែលនៅតែបន្តពង្រីកការកាន់កាប់ដោយខុសច្បាប់ រំលោភលើអធិបតេយ្យភាពកម្ពុជា។ តាមក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៨ខែមេសា កងកម្លាំងប្រដាប់អាវុធថៃ បានពង្រីកការកាន់កាប់ទឹកដីកម្ពុជាបន្ថែមទៀត នៅតំបន់មួយចំនួន ក្នុងខេត្តចំនួន៣របស់កម្ពុជា គឺក្នុងឃុំស្រអែម ខេត្តព្រះវិហារ នៅស្រុកអន្លង់វែង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងនៅឃុំថ្មដា ក្នុងខេត្តពោធិ៍សាត់។
នៅថ្ងៃទី២០មេសានេះ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ដែលបានទៅដល់ទីក្រុងប៉េកាំង ប្រទេសចិនតាំងពីថ្ងៃទី១៧មេសា ឆ្នាំ ២០២៦ បានប្រកាសតាមបណ្តាញសង្គមថា ការវះកាត់របស់គ្រូពេទ្យចិនថ្វាយចំពោះព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានទទួលជោគជ័យ។ នៅពេលនេះ និងបើតាមលោកហ៊ុន សែន គ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវឌ្ឍប្រែប្រួល ក្រោយការវះកាត់នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង។
សង្រ្គាមនៅអ៊ីរ៉ង់បានធ្វើឲ្យទំនាក់ រវាងអង់គ្លេសនិងអាមេរិកប្រេះឆា ហើយអង់គ្លេសចង់ងាកទៅរកអឺរ៉ុបវិញ។ រដ្ឋាភិបាលក្រុងឡុងដ៏នឹងប្រកាសគម្រោងច្បាប់ ស្តីពីការផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែស្អិតល្មួតជាមួយសភាពអឺរ៉ុប នៅខែក្រោយ។ នាយករដ្ឋមន្រ្តីអង់គ្លេស លោក គៀរ ស្តារមឺ ថាសំណើគម្រោងច្បាប់នេះ ត្រូវបញ្ជូនទៅសុំការអនុម័តពីរដ្ឋសភាជាមុនសិន។ ចំណែក ប្រធានគណបក្សកំណែទម្រង់អង់គ្លេសបានរិះគន់លោក គៀរ ស្តារមឺ ថាចង់ចូលកៀកកិតអឺរ៉ុប អំឡុងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ។ គម្រោងច្បាប់នេះបានដើរផ្ទុះពីឆន្ទះរបស់ប្រជាជនអង់គ្លេស ដែលបានបោះឆ្នោតប្រជាមតិ ចាកចេញពីអឺរ៉ុប កាលពីខែមិថុនា ឆ្នាំ២០១៦។
នៅថ្ងៃសុក្រទី ១៧មេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានអះអាងថាកិច្ចព្រមព្រៀងសន្តិភាពអាមេរិក-អ៊ីរង់ ដែលមានបូកកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ផង ជិតកើតចេញជារូបរាងហើយ។ បើតាមលោកត្រាំ អ៊ីរ៉ង់ បានយល់ព្រមផ្ទេរស្តុកសារធាតុអ៊ុយរ៉ានីញ៉ូម ឱ្យអាមេរិកទៀតផង។ តែព័ត៌មាននេះត្រូវបានអ៊ីរ៉ង់បានច្រានចោលទាំងស្រុង។ ការចម្រើនធាតុអ៊ុយរ៉ានីញ៉ូម ពោលគឺការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ មានតម្លៃដូចជាបូរណភាពដែនដីមួយដែរសម្រាប់អ៊ីរ៉ង់ និងជាប្រធានបទដែលធ្លាប់ខ្ទាស់កិច្ចចរចាអស់ជាច្រើនឆ្នាំមកហើយ។ តើគេអាចមានជម្រើសអ្វីខ្លះ ក្នុងដោះស្រាយបញ្ហាអ៊ុយរ៉ានីញ៉ូម ដើម្បីឱ្យអ៊ីរ៉ង់អាចទទួលយកបាន?
នៅបីថ្ងៃមុនបទឈប់បាញ់ផុតឱសានវាទ ភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់ បានស្ទុះឡើងប៉ោងខ្លាំង។ ច្រកអកមូហ្សនៅតែបិទជិត ក្រោមការត្រួតពិនិត្យដ៏តឹងតែងរបស់អ៊ីរ៉ង់ ដែលប្រកាសថា រាល់ការប៉ុនប៉ងបើកឆ្លងកាត់ច្រកអកមូហ្ស នឹងត្រូវចាត់ទុកជាប្រតិបត្តិការរបស់សត្រូវ។ ដូច្នេះ នាវានោះនឹងក្លាយជាផ្ទាំងស៊ីបនៃការបាញ់ប្រហារភ្លាម។ ដោយព្រមានកុំឱ្យអ៊ីរ៉ង់ប្រើល្បិចខូច លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ នៅតែអះអាងថា ការចរចាសន្តិភាពកំពុងមានដំណើរការល្អទៅមុខ។
នៅអ៊ុយក្រែន មនុស្សយ៉ាងហោច ៦នាក់ ស្លាប់ និង ជាង១០នាក់ រងរបួស ក្នុងហេតុការណ៍បាញ់រះ នាថ្ងៃសៅរ៍ ទី១៨ មេសា។ បើផ្អែកតាមអាជ្ញាធរអ៊ុយក្រែន ខ្មាន់កាំភ្លើងម្នាក់បានបាញ់រះ នៅតាមដងផ្លូវ មុនចូលចាប់មនុស្សធ្វើជាចំណាប់ខ្មាំង ក្នុងផ្សារទំនើបមួយកន្លែង ដែលស្ថិតនៅភាគខាងត្បូងទីក្រុងកៀវ។ ប៉ូលិសបានបាញ់សម្លាប់ជនដៃដល់ នៅនឹងកន្លែងកើតហេតុ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេឡេនស្គី បានចេញបញ្ជាឲ្យបើកការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ដែលនៅពីក្រោយការបាញ់ប្រហារនេះ។
ថ្មីៗនេះ មានការជជែកវែកញែកនៅលើបណ្តាញសង្គមទាក់ទិននឹងសេវាផ្ញើអីវ៉ាន់នៅប្រៃសណីយ៍កម្ពុជា។ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានលើកឡើងពីការមិនពេញចិត្តចំពោះការយកសេវាបញ្ញើខ្ពស់ហួសហេតុ និងថែមទាំងបានរិះគន់ចំពោះអាកប្បកិរិយាមិនសមរម្យរបស់បុគ្គលិកមួយចំនួនផងដែរ។ បន្ទាប់ពីរងប្រតិកម្មបែបនេះ លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជាបានចេញមុខពន្យល់ថា ការកំណត់ និងវាយតម្លៃពន្ធបញ្ញើគឺជាតួនាទីរបស់ស្ថាប័នគយ និងថា ប្រៃសណីយ៍កម្ពុជាមានតួនាទីជាអ្នកដឹកជញ្ជូនបញ្ញើចេញចូលក្រៅប្រទេស និងក្នុងប្រទេសប៉ុណ្ណោះ។ អ្នកឃ្លាំមើលសង្គមមួយចំនួនយល់ឃើញថា ដើម្បីបញ្ចៀសប្រតិកម្មរិះគន់របស់ពលរដ្ឋ អង្គភាពរដ្ឋដែលផ្តល់សេវាកម្មផ្សេងៗជូនពលរដ្ឋគួរពិនិត្យឡើងវិញនូវចំណុចចន្លោះប្រហោងដែលកើតឡើងនៅស្ថាប័នរបស់ខ្លួន ឬក៏មានចំណាត់ការលើមន្ត្រីដែលបានធ្វើទង្វើឆ្គាំឆ្គងចំពោះពលរដ្ឋ៕
ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅកម្ពុជាមានអគ្គិភ័យបានកើតឡើងចំនួន ១៤លើក។ ចំនួនអគ្គិភ័យនេះមានការកើនឡើងជាងឆ្នាំ២០២៥ ចំនួន៣លើក។ នេះបើតាមនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងបានចេញសេចក្តីបំភ្លឺចំពោះការមិនអនុញ្ញាតឲ្យ លោក សម រង្ស៊ី ចូលរួមក្នុងកម្មវិធីមួយនៅរដ្ឋសភាបារាំង កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។ តាមស្ថានឯកអគ្គរាជទូតកម្ពុជា ការមិនអនុញ្ញាតឲ្យប្រមុខបក្សប្រឆាំងរូបនេះចូលរួមកម្មវិធីដែលមានវត្តមានរបស់ លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង គឺជាឆន្ទានុសិទ្ធិរបស់តំណាងរាស្ត្របារាំងដែលជាម្ចាស់កម្មវិធី។
ពលរដ្ឋខ្មែរចំនួន ១០៦នាក់ត្រូវបានអាជ្ញាធរថៃចាប់បញ្ចូនមកប្រទេសកម្ពុជា ពីបទរត់ឆ្លងដែន និងស្នាក់នៅលើទឹកដីប្រទេសថៃដោយខុសច្បាប់ និងគ្មានលិខិតបញ្ជាក់ត្រឹមត្រូវ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khoasod English នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ និងថា ពលរដ្ឋខ្មែរដែលខុសច្បាប់ទាំងនោះត្រូវអាជ្ញាធរថៃបានបញ្ចូនមកកម្ពុជាវិញតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មន្ត្រីនាំពាក្យក្រសួងការងារអំពាវនាវឱ្យពលរដ្ឋខ្មែរសម្លឹងមើលឱកាសការងារក្នុងស្រុក ជាជាងប្រថុយទៅចំណាកស្រុក។