នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កម្ពុជាតាមរយៈក្រសួងការបរទេសបានចាត់ទុកជំហររបស់ភាគីថៃ ដែលចង់ដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១(MOU២០០១) ថាជាការប៉ុនប៉ងមិនដោះស្រាយបញ្ហានៅតំបន់ដែនសមុទ្រត្រួតស៊ីគ្នា និងស្របតាមការព្រមព្រៀងគ្នាកន្លងមកស្តីពីការរៀបចំផ្នែកបច្ចេកទេស។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា។ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយយល់ថា បើភាគីថៃពិតជាលុបចោល MOU ឆ្នាំ២០០១នេះ ជាឯកតោភាគីមែន កម្ពុជាគ្មានជម្រើសអ្វីក្រៅពីងាកទៅរកយន្តការអន្តរជាតិតាមរយៈតុលាការយត្តិធម៌អន្តជាតិ (ICJ)នោះទេ។
ដំណឹងស្តីពីលទ្ធភាពមានកិច្ចចរចារវាងអាមេរិកនិងអ៊ីរ៉ង់ឡើងវិញ បានធ្វើឱ្យទីផ្សារពិភពលោករីករាយបន្តិច ប៉ុន្តែនៅសហរដ្ឋអាមេរិកវិញ ប្រជាប្រិយភាពរបស់លោកដូណាល់ត្រាំ បានធ្លាក់ចុះខ្លាំង ព្រោះប្រជាពលរដ្ឋយល់ថា លោកប្រធានាធិបតីអាមេរិកជាដើមហេតុធ្វើឱ្យប្រេងឡើងថ្លៃ។
លោកប្រធានាធិបតីកូឡុំប៊ី និងលោកស្រីប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា បានប្រកាសពីកិច្ចសហប្រតិបតិ្តការយោធា ដើម្បីបង្រ្កាបពួកម៉ាហ្វីយ៉ា និងក្រុមឧក្រិដ្ឋជន ព្រមទាំងបោសសម្អាតអំពើជួញដូរខុសច្បាប់ នៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ សេចក្តីប្រកាសនេះធ្វើឡើង នៅថ្ងៃសុក្រ ទី២៤ មេសា អំឡុងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកូឡុំប៊ី លោក ហ្គុស្តាវ៉ូ ប៉េត្រូ នៅក្រុងការ៉ាកាស។ ក្រៅពីនេះ ប្រមុខដឹកនាំទាំងពីរក៏បានពិភាក្សាគ្នា អំពីទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម និងថាមពល ដែរ។
តាំងពីផ្ទុះសង្គ្រាមមក ច្រកអកមូហ្សត្រូវបិទខ្ទប់ស្ទើរទាំងស្រុងដោយអ៊ីរ៉ង់។ ក្នុងផែនការសន្តិភាព១០ចំណុចរបស់អ៊ីរ៉ង់ មានមួយជាសំណើគ្រប់គ្រងច្រកសមុទ្ទអកមូហ្ស។ ហើយអ៊ីរ៉ង់មានបំណងបង្កើតច្បាប់បង់ថ្លៃឆ្លងកាត់ច្រកសមុទ្ទអកមូហ្សនេះទៀត។ នាវាដឹកប្រេងណាចង់ឆ្លងកាត់ច្រកសមុទ្ទអកមូហ្ស ត្រូវសុំការអនុញ្ញាត និងត្រូវបង់ប្រាក់ថ្លៃឆ្លងច្រកអកមូហ្សឱ្យអ៊ីរ៉ង់សិន។ គំនិតនេះបានបំផុសឱ្យប្រទេសមានច្រកសមុទ្ទជាយុទ្ធសាស្ត្រផ្សេងទៀត ចង់យកគំរូតាម។ កាលពីថ្ងៃពុធទី ២២មេសា ឥណ្ឌូណេស៊ីបានបង្ហាញឆន្ទៈចង់យកថ្លៃឆ្លងកាត់ច្រកសមុទ្ទម៉ាឡាកាដែរ តែបានប្តូរចិត្តវិញនៅពីរថ្ងៃក្រោយ។
នាយករងសាលាបឋមសិក្សាមួយក្នុងខេត្តសៀមរាប និងកម្មកររោងចក្រម្នាក់នៅខេត្តស្វាយរៀង ត្រូវបានចាប់ខ្លួន នៅទីកន្លែងផ្សេងគ្នា បន្ទាប់ពីពួកគេបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករិះគន់រដ្ឋាភិបាលកម្ពុជាទាក់ទងនឹងជម្លោះព្រំដែនជាមួយថៃ។ នេះជាការគូសបញ្ជាក់របស់អង្គការសិទ្ធិមនុស្សលីកាដូនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ អ្នកការពារសិទ្ធិមនុស្ស ចាត់ទុកចំណាត់ការនេះថា ជាការប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ ដើម្បីស្វែងរកដំណោះស្រាយបញ្ហាសង្គម។
ដោយបិទខ្ទប់ច្រកសមុទ្រអកមូហ្ស ដើម្បីអូសទម្លាក់សេដ្ឋកិច្ចពិភពលោកជាចំណាប់ខ្មាំង អ៊ីរ៉ង់មិនបានប្រើធនធាន មធ្យោបាយទំនើបច្រើន។ ទូកល្បឿនតូចៗ គ្រប់គ្រាន់ឲ្យកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ អាចធ្វើព្យុះធ្វើភ្លៀង នៅច្រកសមុទ្រអកមូហ្ស ព្រោះវាមានសមត្ថភាពទៅឃាត់ស្ទាក់ រារាំងមិនឲ្យកប៉ាល់ដឹកទំនិញ កប៉ាល់ដឹកប្រេងរបស់ប្រទេសដទៃអាចចាកចេញពីច្រកសមុទ្រ ដោយគ្មានការអនុញ្ញាតពីអ៊ីរ៉ង់។ តើអ៊ីរ៉ង់ប្រើទូកល្បឿនលឿនតូចៗ “ទូកមូស” ដើម្បីចូលទៅអាងយ៉ាងនៅ ច្រកសមុទ្រអកមូហ្សបានយ៉ាងដូចម្តេច?
ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងមួយ ក្រោយជំនួបពិភាក្សាជាមួយតំណាងបុគ្គល ដែលអះអាងថា ជាជនរងគ្រោះដោយសារក្រុមហ៊ុន ហួយវ័ន ផេ និងក្រុមហ៊ុន អេច ផេ។ ក្នុងសេចក្តីជូនដំណឹងតែមួយនោះ ធនាគារជាតិថា ករណីក្រុមហ៊ុន ហួយវ័ន ផេ ពុំស្ថិតក្រោមសមត្ថកិច្ចរបស់ធនាគារជាតិទៀតឡើយ តែសម្រាប់បុគ្គល ដែលរងគ្រោះក្នុងក្រុមហ៊ុន អេច ផេ ត្រូវទៅចុះឈ្មោះផ្តល់ព័ត៌មានជូនក្រុមហ៊ុនកំពុងជម្រះបញ្ជី។ ទោះយ៉ាងណា អតិថិជន ហួយ វ័នផេ បន្តចោទសួរហេតុអ្វីធនាគារជាតិដកអាជ្ញាបណ្ណក្រុមហ៊ុននេះរួចរាល់ តែប្រតិបត្តិការសាច់ប្រាក់នៅតែដំណើរការ រហូតមានពលរដ្ឋរាប់ពាន់នាក់រងគ្រោះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានសម្រេចបង្កើតក្រុមការងារចម្រុះថ្មីមួយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដើម្បីដាក់ឲ្យទទួលខុសត្រូវលើករណីឆបោកតាមអនឡាញ នៅបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។ ក្រុមការងារចម្រុះថ្មីនេះ គឺចំណុះឲ្យលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬការឆបោកតាមអនឡាញ។
«កម្ពុជាប្តេជ្ញាចិត្តបញ្ឈប់ឧក្រិដ្ឋកម្មតាមអ៊ិនធ័រនែត» ជាចំណងជើងធំៗនៃអត្ថបទបញ្ចេញមតិរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា ដែលត្រូវបានចុះផ្សាយដោយកាសែតអាមេរិកដ៏ល្បីល្បាញ The Wall Street Journal(WSJ)កាលពីថ្ងៃទី២៤មេសា ឆ្នាំ២០២៦។ អត្ថបទនេះ ជាការឆ្លើយតបនឹងការចុះផ្សាយដ៏ចម្រូងចម្រាសរបស់កាសែត WSJ កាលពីពេលថ្មីៗនេះ ដោយមានការប្រើពាក្យ «Scambodia» នៅលើចំណងជើងរបស់ខ្លួន។ ក្រសួងព័ត៌មាន បានអះអាងថា ទោះបីជាមានការចុះផ្សាយអត្ថបទទស្សនៈខាងលើក៏ដោយ ក៏ក្រសួងនៅតែរក្សាជំហរដាច់ខាត ក្នុងការទាមទារឱ្យកាសែត WSJ ដកពាក្យ«Scambodia» ដែលមានចរិតបង្អាប់ និងបង្ខូចកិត្តិយសឈ្មោះកម្ពុជាចេញពីអត្ថបទរបស់ខ្លួន។
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ប្រកាសថា លោកនឹងដើរចេញពីឆាកនយោបាយ បន្ទាប់ពីចប់អាណត្តិ នៅឆ្នាំ ២០២៧។ លោកម៉ាក្រុងបានអះអាងយ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយក្រុមសិស្សសាលាបារាំង ស៊ីប កាលពី ថ្ងៃព្រហស្បតិ ទី ២៣ មេសា។
ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសជាសាធារណៈអំពីការដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាកម្ពុជា លោក កុក អាន និងបណ្តាញពាក់ព័ន្ធផ្សេងទៀត ជុំវិញឧក្រិដ្ឋកម្មឆបោកអនឡាញសំដៅប្រជាពលរដ្ឋអាមេរិក។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក ចេញផ្សាយនៅព្រហស្បតិ៍ទី២៣ ខែមេសា ការិយាល័យគ្រប់គ្រងទ្រព្យបរទេសរបស់ក្រសួងបានសម្រេចថា អ្នកឧកញ៉ាលោក កុក អាន អ្នកជំនួញដ៏មានឥទ្ធិពលនៅកម្ពុជា គឺជាសេ្តចឧក្រិដ្ឋកម្មឆបោកអនឡាញ។ វិទ្យុបារាំងអន្តរជាតិ បានព្យាយាមទាក់ទងសុំការបំភ្លឺពីអ្នកឧកញ៉ា កុក អាន នៅព្រឹកថ្ងៃសុក្រនេះ តែទូរស័ព្ទចូល គ្មានការឆ្លើយតប។
អតីតប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោឌុយទែរតេ នឹងត្រូវតុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ជា ភាសាបារាំង ថា CPI បើកសវនាការជំនុំជម្រះ។ ការសម្រេចរបស់តុលាការព្រហទណ្ឌអន្តរជាតិធ្វើឡើង បន្ទាប់ពី អង្គចៅក្រម កាលពីថ្ងៃព្រហស្បតិ៍ទី ២៣មេសា បានបញ្ជាក់ជាផ្លូវការ បទចោទប្រកាន់ទៅលើ អតីតប្រធានាធិបតីហ្វីលីពីន ពាក់ព័ន្ធនឹង ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងយុទ្ធនាការ “សង្គ្រាមប្រឆាំងគ្រឿងញៀន”ដែលបណ្ដាលឲ្យមានមនុស្សស្លាប់រាប់ពាន់នាក់នៅហ្វីលីពីន។
នៅថ្ងៃសុក្រ ទី២៤ ខែមេសានេះ រុស្ស៊ីបាន អះអាងថា ខ្លួនបានរារាំងផែនការវាយប្រហារភេរវកម្មមួយ ដែលសំដៅលើក្រុមមន្ត្រីត្រួតពិនិត្យទូរគមនាគមន៍ នៅក្នុងប្រទេសរុស្ស៊ី ។ អាជ្ញាធរក្រេមឡាំង បានចោទប្រកាន់ អ៊ុយក្រែន ថាជាអ្នកបញ្ជាឱ្យមានការវាយប្រហារនេះ ស្របពេលដែល រុស្ស៊ីកំពុងរឹតបន្តឹងកាន់តែខ្លាំង វិធានការប្រឆាំងនឹងកម្មវិធីផ្ញើសាររបស់បស្ចិមលោក ។
បន្ទាប់ពីពន្យារបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ដោយគ្មានកំណត់រយៈពេល ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ទី ២៣មេសាបានប្រកាសពន្យារបទឈប់បាញ់មួយទៀត គឺបទឈប់បាញ់ រវាងអ៊ីស្រាអែល និងលីបង់។ និយាយប្រាប់អ្នកកាសែតនៅសេតវិមាន លោកត្រាំអះអាងថា លោកមិនប្រញាប់ប្រញាល់ខ្លាំងនោះទេ នៅពេលនិយាយពីរឿងចរចាដើម្បីបញ្ចប់សង្រ្គាមអ៊ីរ៉ង់។
អតីតពលករខ្មែរម្នាក់ដែលធ្លាប់ធ្វើការនៅប្រទេសជប៉ុន ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ក្រោយរូបគេបានបង្ហោះសាររិះគន់រដ្ឋាភិបាលលើបណ្តាញសង្គម។ នេះបើតាមការចុះផ្សាយលើគេហទំព័ររបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ តាមលីកាដូ អតីតពលកររូបនោះត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ និងផ្តន្ទាទោសកំបាំងមុខ ដោយដាក់ឱ្យជាប់ក្នុងពន្ធនាគាររយៈពេល ២ឆ្នាំ។
នៅក្នុងជំនួបទ្វេភាគីរវាងប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន និងរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន ថានៅតែបន្តរឹងមាំ និងកាន់តែស៊ីជម្រៅថែមទៀត ទោះស្ថានការណ៍ភូមិសាស្ត្រនយោបាយក្នុងពិភពលោកកំពុងមានការប្រែប្រួលខ្លាំងយ៉ាងណាក្តី។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិយល់ថា ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា-ចិន នៅតែមានភាពល្អប្រសើរ ទោះបីជាទំនោររបស់ពលរដ្ឋខ្មែរមួយចំនួនងាកទៅរកអាមេរិកក្តី។
នៅក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ២+២ កម្ពុជា និងចិន បានឯកភាពគ្នាពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ បង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នាឆ្លើយតបចំពោះបញ្ហាប្រឈម ដែលកំពុងកើតមានទាំងក្នុងប្រទេសរៀងៗខ្លួន ក៏ដូចជាទាំងក្នុងតំបន់ និងសកលលោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍ទី២៣មេសា។ អំឡុងពេលមានវត្តមាននៅទីក្រុងភ្នំពេញ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងលោក តុង ជុន រដ្ឋមន្ត្រីការពារជាតិចិន បានជួបពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត។ ភាគីទាំងពីរបានជជែកគ្នាពីបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃផងដែរ។ តើកិច្ចប្រជុំ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ របស់កម្ពុជានិងចិន ជាឱកាសជួយរកដំណោះស្រាយសម្រាប់ជម្លោះព្រំដែនខ្មែរ-ថៃ ដែរឬទេ?
ក្រសួងការពារជាតិអាមេរិក បានសម្រេចរុះរើមន្រ្តីយោធាជាន់ខ្ពស់ម្នាក់ទៀតរបស់កងទ័ពជើងទឹក។ បើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក នៅថ្ងៃពុធទី ២២មេសា ប្រធាននាយកដ្ឋានកងទ័ពជើងទឹក លោក John Phelan នឹងចាកចេញពីមុខតំណែងភ្លាមៗ។ មន្ទីរបញ្ចកោណមិនបានបញ្ជាក់ពីមូលហេតុនៃការផ្លាស់ប្តូរមន្រ្តីយោធា ប៉ុន្តែ យ៉ាងណាក៏ដោយ វាធ្វើឡើងនៅ ខណៈពេលដែលសង្គ្រាមរបស់អាមេរិក នៅអ៊ីរ៉ង់កាន់តែអូសបន្លាយ និងក្តៅគគុក ព្រោះតែអ៊ីរ៉ង់បិទច្រកសមុទ្រអកមូហ្ស។
ចំនួនប្រជាជនរ៉ូហ៊ីងយ៉ារត់ភៀសខ្លួនតាមផ្លូវសមុទ្រ ចេញពីបង់ក្លាដែស និងភូមា បានកើនឡើងខ្លាំង ប្រមាណ៩០% បើប្រៀបធៀបនឹងឆ្នាំមុន។ យោងតាមរបាយការណ៍របស់អង្គការSave the Children ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី ២៣មេសា កុមារ និងគ្រួសាររបស់ពួកគេត្រូវបង្ខំចិត្តប្រថុយជីវិតផ្សងគ្រោះថ្នាក់នៅលើសមុទ្រ ព្រោះតែមិនអាចទ្រាំទ្រស្ថានភាពរស់នៅកាន់តែអត្តខាត់នៅក្នុងជំរំជនភៀសខ្លួន។ ជាលទ្ធផល អ្នកបាត់ខ្លួន និង អ្នកស្លាប់បានកើនឡើងចំនួន គួរឲ្យព្រួយបារម្ភ។
រងគ្រោះជិត២ខែ ព្រោះតែសង្រ្គាមបាចសាចរបស់អ៊ីរ៉ង់ ប្រទេសមហាសេដ្ឋីប្រេងនៅឈូងសមុទ្រពែក្សហេលហាល គ្មានសំឡេង គ្មានសិទ្ធិបញ្ចេញមតិ និងព្រួយបារម្ភកាន់តែខ្លាំងថា សន្តិសុខរបស់ពួកគេនឹងត្រូវផាត់ចេញ គ្មានមុខ នៅក្នុងកិច្ចព្រមព្រៀង ណាមួយរវាងអាមេរិក និងអ៊ីរ៉ង់។ ទោះមិនបានប្រលូកដោយផ្ទាល់ ឬប្រកាន់ជំហរឈរនៅខាងភាគីជម្លោះណាមួយក្តី ប៉ុន្តែ ប្រទេសនៅឈូងសមុទ្រពែក្ស មិនថា កូវ៉ែត អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អូម៉ង់ កាតា បានរងការខូចខាតធ្ងន់ធ្ងរ ព្រោះតែការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិក ដែលមាននៅក្នុងទឹកដីរបស់ពួកគេ។ បន្ថែមពីការលើការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ប្រទេសនៅឈូងសមុទ្រពែក្ស កំពុងប្រឈមនឹងការខាតបង់សេដ្ឋកិច្ច ព្រោះថា កប៉ាល់ដឹកប្រេង និងទំនិញជាច្រើនគ្រឿងត្រូវជាប់គាំងព្រោះតែអ៊ីរ៉ង់ និងអាមេរិកបិទខ្ទប់ច្រកសមុទ្រអកមូហ្ស។
ទីក្រុងប៉េកាំងបានអះអាងពីការជួយធ្វើទំនើបកម្មវិស័យការពារជាតិកម្ពុជា ទាំងដែនទឹក ដែនគោក និងដែនអាកាស។ នេះជាការបញ្ជាក់របស់ប្រមុខការពារជាតិកម្ពុជា ក្រោយពេលបញ្ចប់កិច្ចប្រជុំលើកដំបូងនៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។
ក្រសួងវប្បធម៌ និងក្រសួងធម្មការកម្ពុជានៅថ្ងៃពុធទី២២ ខែមេសា ឆ្នាំ២០២៦ បានចេញមុខតវ៉ាយ៉ាងខ្លាំងក្លាចំពោះវត្តមាន និងការបន្តធ្វើសកម្មភាពខុសច្បាប់របស់ភាគីថៃ នៅប្រាសាទតាក្របី។ ភាគីកម្ពុជាបានទាមទាឱ្យថៃបញ្ឈប់ជាបន្ទាន់សកម្មភាពរំលោភបំពានរបស់ខ្លួនក្នុងទីតាំងកម្ពុជា។ ប្រតិកម្មរបស់កម្ពុជាកើតមានឡើង បន្ទាប់ពីមន្រ្តីជាន់ខ្ពស់ និងពលរដ្ឋថៃបានធ្វើពិធីបុណ្យសាសនា នៅប្រាសាទតាក្របី និងតំបន់ជុំវិញនោះ។ កម្ពុជាចាត់ទុកសកម្មភាពរបស់ថៃថា ជាការបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធី រវាងប្រទេសកម្ពុជា និងថៃ។
កម្ពុជា និងចិន បានឯកភាពគ្នាដំឡើងកិច្ចសន្ទនាយុទ្ធសាស្ត្រ២+២ ទៅជាកិច្ចសន្ទនាយុទ្ធសាស្ត្រ ៣+៣ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់ រួមនឹងអន្តរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា របស់ក្រសួងការបរទេសកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ២+២លើកទី១ រវាងរដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ កិច្ចសន្ទនាយុទ្ធសាស្ត្រ ៣+៣ដែលភាគីកម្ពុជា ចិនបានឯកភាពគ្នាដំឡើងនាពេលខាងមុខ គឺនឹងមានការចូលរួមបន្ថែមពីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃបានធ្លាក់ចុះជិត៤០% នៅត្រីមាសទី១ ឆ្នាំ២០២៦ ដោយសារតែការបន្តបិទព្រំដែននៃប្រទេសទាំងពីរ។ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំនិញកម្ពុជានាំចេញទៅថៃធ្លាក់ចុះ២៩% ខណៈទំនិញថៃនាំចូលកម្ពុជាធ្លាក់ចុះជាង៤២%។ ប៉ុន្តែទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់ បានកើនឡើងដល់ជិត ២០០%។ តើកម្ពុជាកំពុងមានលទ្ធភាពផលិតទំនិញដោយខ្លួនឯង ឬត្រូវពឹងផ្អែកលើការនាំចូលទំនិញពីប្រភពផ្សេង ដើម្បីជំនួសទំនិញថៃ?
ក្រសួងការបរទេសកម្ពុជានៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះការសម្រេចរបស់មេដឹកនាំភូមាលោក មីន អ៊ុងឡាំង ក្នុងការដោះលែងអ្នកជាប់ឃុំក្នុងប្រទេសជាង ៤ពាន់នាក់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីភូមា។ ចំពោះកម្ពុជា ការដោះលែងអ្នកជាប់ឃុំនៅភូមាជាច្រើនពាន់នាក់ នាពេលថ្មីៗនេះ គឺជាការវិវិត្តដ៏វិជ្ជមាន និងស្របតាមការរំពឹងរបស់អាស៊ាន។
តើចិនអាចពង្រីកឥទ្ធិពលដល់ណា? នៅលើកនេះ ចិនបានដាក់សម្ពាធដល់ទើសមេឃតែម្តង។ ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈិនទឿ បានបង្ខំចិត្តលុបចោលទស្សនកិច្ចផ្លូវការនៅអាហ្វ្រិក បន្ទាប់ពីបណ្តាប្រទេសកូនកោះក្បែរទ្វីបអាហ្វ្រិកជាច្រើនមិនឱ្យយន្តហោះប្រធានាធិបតីហោះឆ្លងកាត់។ នេះជាហេតុការណ៍ដ៏កម្រ ដែលបញ្ជាក់អំពីសមត្ថភាពដាក់គំនាបដោយជាក់ស្តែង លើសេចក្តីសម្រេចចិត្តរបស់ប្រទេសមួយផ្សេង។
អង្គការសហប្រជាជាតិបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ពីចំនួនមនុស្សដែលត្រូវបានកាត់ទោសប្រហារជីវិតនៅប្រទេសសិង្ហបុរី។ ការដាក់ទោសដោយប្រហារជីវិត ភាគច្រើនត្រូវបានអនុវត្តលើករណីប្រព្រឹត្តបទល្មើសទាក់ទងនឹងគ្រឿងញៀន។ នៅថ្ងៃពុធទី ២២មេសា ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានអំពាវនាវឲ្យសិង្ហបុរីបញ្ឈប់ការអនុវត្តទោសផ្តាច់ជីវិតនេះ ក្នុងហេតុផលថា វាប្រឆាំងសិទ្ធិរស់រានមានជីវិត និងមិនសមស្របទៅនឹងសេចក្តីថ្លៃថ្នូររបស់មនុស្សឡើយ។
ប្រធានមន្ទីរពេទ្យគន្ធបុប្ផាទីក្រុងភ្នំពេញ លោក គី សង់ទី បានចេញមុខបដិសេធព័ត៌មានតាមបណ្តាញសង្គម ដែលបានលើកឡើងថា មន្ទីរពេទ្យគន្ធបុប្ផាកំពុងខ្វះខាតឈាម សម្រាប់ព្យាបាលកុមារ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃពុធទី២២ ខែមេសា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានអះអាងថា បច្ចុប្បន្ន មន្ទីរពេទ្យមានប្រភពឈាមគ្រប់គ្រាន់សម្រាប់ព្យាបាលកុមារ ជាប្រចាំថ្ងៃ។ ទោះយ៉ាងណា លោក គី សង់ទី ក៏មិនភ្លេចអំពាវនាវឲ្យប្រជាពលរដ្ឋស្ម័គ្រចិត្ត ជួយបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះកុមារកម្ពុជា។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងព័ត៌មាន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃពុធទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានដាក់លិខិតតវ៉ាជាផ្លូវការទៅកាន់សារព័ត៌មានអាមេរិក The Wall Street Journal(WSJ) និងស្នើឱ្យស្ថាប័ននេះពិនិត្យ និងលុបពាក្យក្នុងចំណងជើងអត្ថបទមួយ ដែលនិយាយពីឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ។ ចំពោះ កម្ពុជា ការប្រើប្រាស់ពាក្យ «Scambodia» នៅក្នុងចំណងជើងរបស់អត្ថបទ មានន័យស្មើនឹងការមាក់ងាយ ប៉ះពាល់ដល់កិត្តិយសប្រទេស និងប្រជាជនកម្ពុជា។
កាសែតអាមេរិកដ៏ល្បីល្បាញ The Wall Street Journal កាលពីពេលថ្មីៗនេះ បានចុះផ្សាយពីវត្តមាននៃបណ្តាញឧក្រិដ្ឋជនឆបោកអនឡាញ ដោយប្រើពាក្យ«Scambodia»នៅលើចំណងជើងរបស់ខ្លួន។ អ្នកជំនាញសារព័ត៌មាននៅកម្ពុជានានា បានរិះគន់ចំពោះការចុះផ្សាយរបស់សារព័ត៌មាននេះថា មិនគោរពទៅតាមក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ មិនគោរពក្រមសីលធម៌ដោយសារការប្រើពាក្យ«Scambodia» នេះមានចរិតជាការចំអក និងមាក់ងាយដល់ប្រទេសមួយ។ ទន្ទឹមគ្នានេះ ក៏មានអ្នកវិភាគខ្លះទៀត មានហេតុផលផ្សេងពីនេះ និងមិនបានប្រតិកម្មខ្លាំងក្លានោះទេ។ តើកម្ពុជាគួរមានការឆ្លើយតបបែបណាទៅកាសែត The Wall Street Journal?
ស្ថានភាពទូទៅនៅអ៊ីរ៉ង់និងក្នុងតំបន់ឈូងសមុទ្ទពែក្ស ហាក់មានសភាពស្ងប់ស្ងាត់ល្អ ក្នុងព្រឹកថ្ងៃពុធទី២២មេសានេះ។ នៅយប់មិញ លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានប្រកាសបន្តបទឈប់បាញ់នៅអ៊ីរ៉ង់ ដោយគ្មានកំណត់រយៈពេល ដើម្បីទុកពេលឱ្យអ៊ីរ៉ង់ដោះស្រាយបញ្ហាផ្ទៃក្នុងនិងពិចារណារកសំណើចរចាថ្មី។ ប៉ុន្តែអាមេរិកនៅតែបន្តរក្សាការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ដដែល។ ផ្ទុយពីសំឡេងភាគច្រើនដែលអបអរ ចិនបានចាត់ទុកការពន្យារបទឈប់បាញ់នៅអ៊ីរ៉ង់ជាវេលាគួរព្រួយបារម្ភ។
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុងបានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីលីបង់លោក ណាវ៉ាហ្វា សាឡាម នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារទី ២១មេសា។ វត្តមានរបស់ប្រមុខរដ្ឋាភិបាលលីបង់វិមានអេលីហ្សេធ្វើឡើង នៅក្នុងខណៈពេលដែលលីបង់កំពុងអំពាវនាវស្វែងរកជំនួយបន្ទាន់ចំនួន ៥០០ លានអឺរ៉ូ ដើម្បីដោះស្រាយវិបត្តិ បង្កឡើងសង្រ្គាមវាយប្រហាររបស់អ៊ីស្រាអែល។ ជំនួបរវាងមេដឹកនាំបារាំងនិងលីបង់ផ្តោតផងដែរទៅលើការរក្សាបទឈប់បាញ់រវាងលីបង់ជាមួយអ៊ីស្រាអែល និងបើកផ្លូវទៅរកការចរចារសន្តិភាព។