ប្រធានាធិបតីវៀតណាម លោក តូ ឡឹម បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌានាថ្ងៃពុធ ទី ០៦ ឧសភា។ នេះជាទស្សនកិច្ចលើកទីមួយរបស់លោកនៅឥណ្ឌាក្នុងនាមជាប្រធានាធិបតី។ លោក តូ ឡឹមត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់នៅវិមានប្រធានាធិបតីដោយមានក្រាលកំរាលព្រំក្រហម និងក្បួនដង្ហែរបស់កងឆ្មាំកិត្តិយស។ កម្មវត្ថុនៃទស្សនកិច្ចរបស់លោក តូ ឡឹមនៅឥណ្ឌា គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យមួយចំនួនរវាងប្រទេសទាំងពីរ ពិសេសវិស័យពាណិជ្ជកម្ម។
ការឆ្លងរាលដាលមេរោគផ្លូវដង្ហើម « Hantavirus » នៅលើនាវាទេចរណ៍ Hondius កំពុងធ្វើឲ្យមានការភ័យជ្រួលច្របល់។ តែយ៉ាងណា អង្គការសុខភាពពិភពលោក បានអះអាងនៅថ្ងៃទី៦ឧសភា ថាគិតត្រឹមពេលនេះ មេរោគផ្លូវដង្ហើម« Hantavirus » មិនបង្កឲ្យមានគ្រោះថ្នាក់ប្រឈមធ្ងន់ធ្ងរឡើយ ចំពោះសុខភាពមនុស្ស។ ពោលគឺវាខុសពីមេរោគជំងឺCovid19។
នៅកូរ៉េខាងជើង របបក្រុងព្យុងយ៉ាងបានធ្វើវិសោតនកម្មច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនដោយលុបចោលមាត្រាស្តីពីការបង្រួបបង្រួមកូរ៉េតែមួយ។ នេះបើយោងតាមឯកសារដែលទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានមើលនៅថ្ងៃពុធ ទី៦ ឧសភា។ ការធ្វើវិសោតនកម្មច្បាប់រដ្ឋធម្មនុញ្ញត្រង់មាត្រានេះជាសក្ខីកម្មបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនមានឆន្ទៈចង់ប្រើនយោបាយដែលមានអរិភាពកាន់តែខ្លាំងទល់នឹងកូរ៉េខាងត្បូង។
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមតុលាការក្រុងភ្នំពេញទុកជាបានការចំពោះសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ ទន្ទឹមគ្នានេះ សាលាឧទ្ធរណ៍ថែមទាំងបានបន្ថែមទោសដោយហាមមិនឲ្យលោក កឹម សុខាចេញក្រៅប្រទេសរយៈពេល ៥ឆ្នាំ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោក ផែង ហេង សហមេធាវីការពារក្តីលោក កឹម សុខា បានថ្លែងថា លោក កឹម សុខា និងសហមេធាវីមិនទាន់អាចបញ្ជាក់បាននៅឡើយទេថាតើត្រូវបន្ត ឬមិនបន្តប្តឹងសាទុក្ខទៅតុលាការកំពូល។ តែសម្រាប់លោកមេធាវី ផែង ហេង ករណីលោក កឹម សុខា នឹងអាចឆាប់ចប់ បើសិនជាសំណុំរឿងនេះត្រូវបានដោះស្រាយតាមផ្លូវនយោបាយ៕
ប្រកាសអនុវត្តបានតែមួយថ្ងៃ នៅទីបំផុត ប្រតិបត្តិការរំដោះនាវាចេញតាមច្រកសមុទ្រអកមូហ្ស ត្រូវបានលោកដូណាល់ ត្រាំ ប្រកាសផ្អាកវិញ។ លោកដូណាក់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម ដោយលើកឡើងថា លោកសម្រេចផ្អាកប្រតិបត្តិការនេះមួយរយៈតូច ព្រោះថាការចរចាជាមួយអ៊ីរ៉ង់ កំពុងតែបានលទ្ធផល ជិតបានកិច្ចព្រមព្រៀងហើយ។
នៅថ្ងៃទី៦ឧសភានេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ពីការគាំទ្រគោលជំហររដ្ឋាភិបាលលើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ក្រោយភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។ ទន្ទឹមនេះ លោក ហ៊ុន សែន យល់ថា កម្ពុជាមិនត្រូវបង្កើតយន្តការទ្វេភាគី ជំនួសយន្តការ MOU 2001 នោះឡើយ។ ពោល គឺកម្ពុជាត្រូវទៅស្វែងរកតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើបអាចដោះស្រាយបញ្ហាបាន។
អ្នកឧកញ៉ា ហ៊ុន តូ បានចេញសេចក្តីបំភ្លឺជាសាធារណៈមួយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីបដិសេធចំពោះការលើកឡើងដែលថា លោកជាថៅកែធំរបស់ក្រុមហ៊ុនហួយវ័នផេដែលកំពុងមានបញ្ហាជម្រះបញ្ជីឱ្យអតិថិជន ក្រោយធនាគារជាតិប្រកាសឱ្យបិទប្រតិបត្តិការ។ បើតាមសេចក្តីបំភ្លឺ កាលពីឆ្នាំ២០២០ អ្នកឧកញ៉ា ហ៊ុន តូ ពិតជាធ្លាប់មានភាគហ៊ុន៣០% ក្នុងក្រុមហ៊ុនហួយវ័នផេមែន ប៉ុន្តែត្រូវបាត់បង់សិទ្ធិចាត់ចែងការងារទូទៅក្នុងនាមជាម្ចាស់ភាគហ៊ុននោះវិញភ្លាមៗ ដោយសារលោកមិនបានអនុវត្តតាមលក្ខន្តិកៈក្រុមហ៊ុន។
ជាលើកទី១ សហភាពអឺរ៉ុបបានរៀបចំធ្វើជំនួបកំពូលជាមួយប្រទេសអាមេនី នៅរដ្ឋធានីអេរ៉េវ៉ាន។ លើសពីការពង្រឹងសហប្រតិបត្តិការលើច្រើនវិស័យ ជាជំនួបកំពូលនេះ មានកម្មវត្ថុទាក់ទាញចិត្តអាមេនី ឲ្យងាកចេញឆ្ងាយពីឥទ្ធិពលរបស់រុស្ស៊ី ដែលធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នាជាយូរមកហើយ។
នៅថ្ងៃអង្គារ ទី៥ ឧសភា កូនប្រុសលោកស្រី អ៊ុង សានស៊ូជី ប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលជាបក្សប្រឆាំងភូមាបានស្នើសុំការគាំទ្រពីបារាំងក្នុងការទាមទារឲ្យរដ្ឋាភិបាលភូមាបញ្ជាក់ពីព័ត៌មានស្តីពីស្ថានភាពសុខភាពរបស់ម្តាយខ្លួន។ ការស្នើសុំជំនួយពីបារាំងរបស់កូនប្រុសលោកស្រីអ៊ុង សានស៊ូជីដូចនេះធ្វើឡើង ក្រោយពីរដ្ឋាភិបាលភូមាបានសម្រេចសម្រាលទោស និងផ្ទេរការឃុំលោកស្រី ស៊ូជីនៅក្នុងពន្ធនាគារទៅឃុំនៅក្នុងផ្ទះដោយមានការយាមកាមយ៉ាងតឹងរឹងវិញ។
ស្ថាប័នរដ្ឋមួយចំនួនបានចេញសេចក្តីណែនាំជាបន្តបន្ទាប់ដោយហាមជក់បារីអេឡិចត្រូនិកនៅតាមគ្រឹះស្ថានអាជីវកម្ម និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ រួមទាំងបារីអេឡិចត្រូនិក។ សេចក្តីណែនាំទាំងនេះធ្វើឡើង ក្រោយមានបញ្ជាពីនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែតឲ្យឈប់នាំចូល និងការប្រើបារីអេឡិចត្រូនិក។ អ្នកជំនាញផ្នែកសុខាភិបាល និងអ្នកឃ្លាំមើលសង្គមខ្លះយល់ថា បទបញ្ជារបស់ប្រមុខរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ស្ថាប័នរដ្ឋនៅមិនទាន់គ្រប់គ្រាន់ទេ ពោលរដ្ឋគួរមានវិធានការច្បាប់តឹងរ៉ឹងដើម្បីឆ្លើយតបនឹងបញ្ហានេះ។
ថ្ងៃអង្គារ ទី ០៥ ឧសភានេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់វត្តមានជំងឺ « Hantavirus » ចំនួន ២ករណី និងករណីសង្ស័យចំនួន ៥ ករណីក្នុងចំណោមមនុស្សនៅលើនាវាទេសចរណ៍មួយដែលកំពុងជាប់នៅលើសមុទ្រក្នុងប្រទេសប្រជុំកោះ Cape Verde។ គិតត្រឹមថ្ងៃអង្គារ ទី០៥ ឧសភានេះ ជំងឺថ្មីមួយនេះបានសម្លាប់មនុស្ស ៣នាក់នៅលើនាវា។ បើតាម WHO មេរោគនេះអាចឆ្លងពីមនុស្សទៅមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធខ្លាំងនៅលើនាវា។
នៅក្នុងឱកាសប្រារព្ធបុណ្យរំឭកជ័យជំនះសហភាពសូវៀត ក្នុងសង្គ្រាមលោកលើកទី ២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែ ឧសភា ភាគីរុស្ស៊ីបានប្រកាសផ្អាកប្រយុទ្ធគ្នាជាមួយអ៊ុយក្រែន ក្នុងអំឡុងពេល ២ ថ្ងៃ ពោលគឺថ្ងៃទី ៨ និង ៩ ខែ ឧសភា ។ ចំណែកឯអ៊ុយក្រែនវិញ ក៏បានប្រកាសជាផ្លូវការ អំពីបទឈប់បាញ់ជាឯកតោភាគីមួយ ដែលនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី ៦ ខែ ឧសភានេះតទៅ ។
តើបទឈប់បាញ់រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក អាចនឹងរលាយសូន្យបង់ដែរឬទេ? នៅថ្ងៃទី៤ឧសភា មានការផ្ទុះអាវុធរវាងកងទ័ពអាមេរិកនិងអ៊ីរ៉ង់ ក្នុងពេលដែលកងទ័ពអាមេរិក អមដំណើរការពារ រំដោះនាវាចេញតាមច្រកសមុទ្រអកមូហ្ស។ ហើយនៅព្រឹកថ្ងៃអង្គារនេះ អ៊ីរ៉ង់បានវាយប្រហារដោយមីស៊ីល និងដ្រូនច្រើនគ្រឿង មកលើស្ថានីយស្តុកប្រេង និងនាវាដឹកប្រេងរបស់អេមីរ៉ាតអារ៉ាប់រួម។ ពីអឺរ៉ុប បណ្ដាថ្នាក់ដឹកនាំ បានអំពាវនាវបន្តបន្ទាប់គ្នា ឲ្យភាគីជម្លោះមានការអត់ធ្មត់ និងងាកទៅចូលតុចរចាដើម្បីដោះស្រាយវិបត្តិនេះ ព្រោះវាកំពុងតែធ្វើបាបពិភពលោកទាំងមូល។
នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ក្រសួងចំនួន៣ គឺកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទបានប្តេជ្ញាចិត្តរួមគ្នាបន្តសហការ និងគាំទ្រពេញទំហឹងដល់ក្រុមការងារ «កសិកម្ម-ទឹក-ជនបទ» ដើម្បីធានាប្រសិទ្ធភាពការងារ និងឧត្តមប្រយោជន៍ជាតិ។ ការប្តេជ្ញាចិត្តនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រីវិស័យលើកទី៦ រវាងរដ្ឋមន្ត្រីទាំង ៣ក្រសួងនេះ។ ចំណែកតំណាងកសិករចង់ឃើញមានការអនុវត្តជាក់ស្តែងលើសពីការប្តេជ្ញាចិត្តរបស់ក្រសួងទាំង ៣។
កម្ពុជាគ្មានជម្រើសអ្វីប្រសើរជាងការផ្ដើមគំនិតជំរុញយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយគ្រប់វិវាទទាំងអស់ជាមួយប្រទេសជិតខាងទេ។ នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្រាក់ សុខុន នៅក្នុងសេក្តីថ្លែងការណ៍មួយនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ពោលបន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃបានអនុម័តសេចក្តីសម្រេចបញ្ចប់ MOU ឆ្នាំ២០០១ ជាមួយកម្ពុជា។ សម្រាប់លោក ប្រាក់ សុខុន ការដកខ្លួនរបស់ថៃចេញពីអនុស្សរណៈឆ្នាំ២០០១ គឺជាការដើរចេញពីឆន្ទៈនយោបាយរួមគ្នាជាមួយកម្ពុជាក្នុងការដោះស្រាយបញ្ហាត្រួតស៊ីគ្នាក្នុងដែនសមុទ្រ និងថា បញ្ហានេះនឹងមិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជាលើដែនសមុទ្ររបស់ខ្លួនឡើយ។
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានប្រកាសដកហូតអាជ្ញាបណ្ណកាស៊ីណូពីក្រុមហ៊ុន ជេ ប៊ី អឹម អេ ឌីវេឡុបមិន ដែលគ្រប់គ្រងកាស៊ីណូ អរឆីដ អូតែល និង រិច កាស៊ីណូ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុនកាស៊ីណូនេះបានអនុវត្តផ្ទុយនឹងសេចក្តីណែនាំរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដោយបានធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រក្សាទុកអាវុធ និងប្រើប្រាស់អាវុធដោយខុសច្បាប់។ សូមរំឭកថា កាលពីពេលថ្មីៗ កម្លាំងសមត្ថកិច្ចកម្ពុជាបានចុះបង្ក្រាបអគារកាស៊ីណូចំនួន ១៩កន្លែង និងបានឃាត់ខ្លួនជនបរទេសជាងមួយពាន់នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លក្នុងឆ្នាំ២០២៦នេះដែលគ្រោងរៀបចំឡើងនៅខេត្តព្រៃវែង ក្រោមព្រះរាជាធិបតីភាព សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានផ្អាកដោយសារព្រះអង្គ ទ្រង់ព្រះប្រឈួន និងកំពុងគង់ប្រថាប់ព្យាបាលនៅទីក្រុងប៉េកាំងប្រទេសចិន។ ត្បិតតែមិនមានការប្រារព្ធពិធីច្រត់ព្រះនង្គ័លនៅឆ្នាំនេះ តែប្រមុខរដ្ឋាភិបាលកម្ពុជា និងមន្ត្រីជាន់ខ្ពស់មួយចំនួនបានសរសេរសារអបអរព្រះរាជពិធីនេះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួនជាមួយនឹងការបួងសួងឲ្យកម្ពុជាទទួលបានភោគផលកសិកម្មខ្ពស់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់នឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកោះសេប៊ូ ប្រទេសហ្វីលីពីន រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។ តាមគម្រោង លោក ហ៊ុន ម៉ាណែត ក៏នឹងមានជំនួបទ្វេភាគីជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាននៅក្រៅកិច្ចប្រជុំផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា កិច្ចប្រជុំអាស៊ានឆ្នាំ២០២៦នេះនឹងត្រូវពិភាក្សាច្រើនលើបញ្ហាក្តៅគគុកដូចជា ជម្លោះព្រំដែនកម្ពុជា-ថៃ បញ្ហាសមុទ្រចិនខាងត្បូង វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា និងបញ្ហាអន្តរជាតិផ្សេងទៀតដែលអាចប៉ះពាល់ដល់ស្ថិរភាព និងភាពរួបរួមក្នុងតំបន់។
កាលពីសប្តាហ៍កន្លងទៅ ប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលជាប្រទេសផលិតប្រេងមួយដ៏សំខាន់ បានបង្កឲ្យមានការផ្ញាក់ផ្អើល តាមរយៈការប្រកាសចាកចេញពីអង្គការក្រុមប្រទេសផលិតប្រេង ហៅកាត់ថា OPEP និង OPEP+។ តើមានមូលហេតុអ្វី នៅពីក្រោយការសម្រេចចិត្តនេះ? យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម បានអះអាងនៅថ្ងៃចន្ទទី៤ឧសភា ថាការចាកចេញរបស់អេមីរ៉ាតអារ៉ាប់រួម គឺជាការសម្រេចចិត្តដើម្បីប្រយោជន៍ជាតិ មិនមែនដើម្បីប្រឆាំង ឬជំទាស់នឹងប្រទេសសមាជិកផ្សេងទៀតណាមួយឡើយ។
ប្រទេសឥណ្ឌូណេស៊ីបានប្រកាសឲ្យដឹងក្នុងថ្ងៃចន្ទ ទី៤ ឧសភាថា រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌូណេស៊ី និងសមភាគីជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីវិស័យការពារ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងវិស័យមួយនេះត្រូវបានក្រុងហ្សាការតាចាត់ទុកជារឿងចាំបាច់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ប្រឈមនឹងពិភពលោកមួយដែលកំពុងស្គាល់ភាពស្មុគស្មាញ និងវឹកវរ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យទី៣ឧសភា ថាកងទ័ពអាមេរិកនឹងបើកប្រតិបត្តិការចាប់ពីថ្ងៃចន្ទនេះទៅ ដើម្បីអមការពារ នាវាដែលជាប់ក្នុងឈូងសមុទ្រពែក្ស ឲ្យអាចបើកចេញតាមច្រកសមុទ្រអកមូហ្ស។ លោកដូណាល់ ត្រាំ អះអាងថាប្រតិបត្តិការនេះ គឺជាកាយវិការមនុស្សធម៌ និងចេតនាល្អរបស់សហរដ្ឋអាមេរិក។ តែយ៉ាងណា អ៊ីរ៉ង់បានប្រកាសថា វត្តមានរបស់កងទ័ពអាមេរិកនៅក្នុងច្រកសមុទ្រអកមូហ្ស នឹងត្រូវក្លាយជាផ្ទាំងស៊ីបវាយប្រហាររបស់អ៊ីរ៉ង់។
ទីភ្នាក់ងារសន្តិសុខថៃជាច្រើនវិភាគថា ការដែលរដ្ឋាភិបាលកម្ពុជាផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ហៅកាត់ UNCLOS គឺជាយុទ្ធសាស្ត្រដើម្បីឆ្លើយតបនឹងផែនការលុបចោលអនុស្សរណៈយោគយល់ឆ្នាំ ២០០១ (MOU២០០១) របស់ភាគីថៃ និងជាការត្រៀមទុកក្នុងការតតាំងតាមផ្លូវច្បាប់អន្តរជាតិដើម្បីទាមទារដែនទឹកដែលកម្ពុជាកំពុងមានជម្លោះជាមួយវៀតណាម។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃ The Nation ចុះផ្សាយកាលពីថ្ងៃទី៣ ឧសភា។ ការលើកឡើងបែបនេះត្រូវបានមន្ត្រីកម្ពុជាបន្តបកស្រាយថា កម្ពុជាផ្តល់តម្លៃលើ MOU២០០១ និងមិនចង់ឃើញថៃលុបចោលឯកសារច្បាប់មួយនេះទេ។
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី តាកាអ៊ីជី សាណាអេបន្តទស្សនកិច្ចមួយជុំវិញទ្វីបអាស៊ី។ បន្ទាប់ពីប្រទេសវៀតណាមនៅចុងសប្តាហ៍កន្លងទៅ លោកស្រីបានបន្តដំណើរទស្សនកិច្ចនៅក្នុងប្រទេសអូស្រ្តាលីនាថ្ងៃចន្ទ ទី៤ ឧសភានេះ។ « វិបត្តិប្រេងឥន្ធនៈសកលបានធ្វើឲ្យប៉ះពាល់ធំធេងដល់តំបន់អាស៊ី ប៉ាស៊ីហ្វិក » នេះជាការថ្លែងរបស់លោកស្រី តាកាអ៊ីជី សាណាអេ បន្ទាប់ពីបានជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក អង់តូនី អាល់បានីស៊ី។
សមយុទ្ធយោធាលើកទី២ រវាងកងទ័ពកម្ពុជា និងកងទ័ពឥណ្ឌាបានចាប់ផ្តើមក្នុងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ ភ្នំធំម្រះព្រៅ ខេត្តកំពង់ស្ពឺ។ សមយុទ្ធយោធាក្រោមប្រធានបទ «រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ» មានការចូលរួមពីកងទ័ពជើងគោកឥណ្ឌាចំនួន ១២០នាក់ និងកងយោធពលខេមរភូមិន្ទកម្ពុជាចំនួន ១៦០នាក់។ សមយុទ្ធយោធាកម្ពុជា-ឥណ្ឌាលើកទី២ នេះត្រូវបានឥណ្ឌាចាត់ទុកជាការឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃកិច្ចសហការវិស័យការពារជាតិរវាងប្រទេសទាំងពីរ។
លោក សឺន ជុំជួន មេធាវីការពារក្ដីឲ្យលោក ថាច់ សេដ្ឋា បានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៤ឧសភា ដើម្បីតាមដានពាក្យបណ្តឹងដែលស្នើសុំឲ្យមានការដោះលែងអ្នកនយោបាយប្រឆាំងរូបនេះឲ្យមានសេរីភាពឡើងវិញ។ សំណើរបស់មេធាវីការពារក្តីយ៉ាងដូចនេះធ្វើឡើងក្នុងហេតុផលថា លោក ថាច់ សេដ្ឋា បានអនុវត្តទោសគ្រប់ចំនួនតាមច្បាប់កំណត់។
ជប៉ុនបានប្រកាសលុបចោលបម្រាមចុងក្រោយស្តីពីការនាំចេញអាវុធ។ អំណើះតទៅ ឧស្សាហកម្មអាវុធជប៉ុនអាចបញ្ចេញសក្តានុពលយ៉ាងពេញទំហឹងបាន នៅលើទីផ្សារសព្វាវុធអន្តរជាតិ។ ប៉ុន្តែជប៉ុនទំនងត្រូវការពេលវេលាបន្តិច ដើម្បីរៀបចំផែនការឱ្យបានច្បាស់លាស់និងពង្រឹងសមត្ថភាព។
អ៊ីស្រាអែលបានអនុម័តលើកិច្ចសន្យា ក្នុងទំហំទឹកប្រាក់ ជាច្រើនពាន់លានដុល្លារ ទិញយន្តហោះចម្បាំងអាមេរិកទំនើបចុងក្រោយ ប្រភេទ F-35 និង F-15IA បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកងទ័ពអាកាស។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិអ៊ីស្រាអែល នៅថ្ងៃអាទិត្យ ទី៣ ឧសភា។
សកម្មជនពីរនាក់នៃកងនាវាមនុស្សធម៌សម្រាប់ហ្កាហ្សា បានបង្ហាញខ្លួននៅតុលាការអ៊ីស្រាអែល នៅព្រឹកថ្ងៃអាទិត្យ ទី៣ ឧសភា។ បើផ្អែកតាមអង្គការក្រៅរដ្ឋាភិបាលគំាព៌ាសិទ្ធិមនុស្ស នៅអ៊ីស្រាអែល តុលាការបានសម្រេចបន្តឃុំខ្លួនសកម្មជនទាំងពីរនាក់ ដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងអង្គការភេរវនិយម។ ចំណែក សកម្មជនមនុស្សធម៌ផ្សេងទៀតត្រូវកងទ័ពអ៊ីស្រាអែលដោះលែង និងបញ្ជូនតាមកប៉ាល់ ទៅឲ្យអាជ្ញាធរក្រិក។
បន្ទាប់ពីច្រានចោលសំណើថ្ងៃសុក្រទី១ឧសភា លោកប្រធានាធិបតីអាមេរិក បានប្រកាសនៅល្ងាចថ្ងៃសៅរ៍ទី២ឧសភាថានឹងពិនិត្យមើលផែនការសន្តិភាពថ្មីដែលអ៊ីរ៉ង់ទើបដាក់ស្នើមកទៀតតាមរយៈប៉ាគីស្ថាន។ បើតាមសារព័ត៌មានផ្លូវការអ៊ីរ៉ង់ ផែនការសន្តិភាពថ្មីមាន១៤ចំណុច និងអាចបិទបញ្ចប់ជម្លោះក្នុងរយៈពេល៣០ថ្ងៃ។
នៅថ្ងៃអាទិត្យទី៣ ខែឧសភានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ចេញលទ្ធផលនៃប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ដោយបានឃាត់ខ្លួនជនបរទេសចំនួនជាង ៤ពាន់នាក់ចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦។ តាមអគ្គស្នងការនគរបាលជាតិ នេះជាប្រតិបត្តិការចុងក្រោយប្រកបដោយភាពស្មុគស្មាញ ខណៈមានជនជាតិចិនជាង ១០០នាក់ បាននាំគ្នារត់គេច នៅថ្ងៃទី២ខែ ឧសភាកន្លងទៅ តែត្រូវបានឃាត់ខ្លួនមកវិញ។
នៅក្នុងឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ២០២៦ ក្រសួងព័ត៌មានកម្ពុជាបានរៀបចំពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និងបាត់ខ្លួនក្នុងអំឡុងសង្គ្រាមស៊ីវិលនៅកម្ពុជា។ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត ភក្រ្តា បានលើកសរសើរតួនាទីអ្នកសារព័ត៌មាន ដែលបានរាយការណ៍ និងកត់ត្រាការពិតពីស្ថានភាពរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។