នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានគូសបញ្ជាក់តាមប្រព័ន្ធទំនាក់ទំនងសង្គមពីប្រទេសហ្វីលីពីនថា កោះគុតនៅតែជាផ្នែកមួយនៃដែនដីរបស់ថៃ នៅពេលដែលរដ្ឋាភិបាលទីក្រុងបាងកកលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ជាមួយកម្ពុជា។ នេះបើតាមកាសែតថៃ The Nation។ តែមន្ត្រីកម្ពុជាថា កម្ពុជានៅបន្តដោះស្រាយបញ្ហាតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ តាមច្បាប់អន្តរជាតិ។ ជាការដោះស្រាយតាមរយៈយន្តការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS)។
វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងតែធ្វើឲ្យវិស័យអាកាសចរណ៍ស៊ីវីល ព្រួយបារម្ភ ទាក់ទិននឹងបញ្ហាតម្លៃខ្ពស់ និងបញ្ហាខ្វះសាំងយន្តហោះ។ នៅអឺរ៉ុបក្រុមហ៊ុនអាកាសចរណ៍តូចៗមួយចំនួន បានលុបជើងហោះហើរ និងខ្លះបានបិទទ្វារតែម្តង។ ទោះបីយ៉ាងណា សហភាពអឺរ៉ុប បានអះអាងនៅថ្ងៃទី ៨ឧសភា ថាសម្រាប់ពេលនេះ ពុំទាន់មានបញ្ហាខ្វះសាំងយន្តហោះនោះទេ។ តែទន្ទឹមនឹងនេះ អឺរ៉ុបកំពុងពិចារណា ងាកទៅទិញសាំងយន្តហោះផលិតនៅអាមេរិក បើទោះបីវាមានស្តង់ដារ ខុសពីសាំងយន្តហោះដែលអឺរ៉ុបធ្លាប់ប្រើជាទូទៅ។
ក្នុងពេលតែមួយសប្តាហ៍ អាជ្ញាធរឥណ្ឌូណេស៊ីចាប់ខ្លួនជនបរទេសបានចំនួន ២១០នាក់ ពីបទជាប់ពាក់ព័ន្ធនឹងបណ្តាញឆបោកអនឡាញ។ នេះបើតាមសេចក្តីប្រកាសរបស់ឥណ្ឌូណេស៊ីនៅថ្ងៃសុក្រទី៨ឧសភា ដោយបន្ថែមថា ជនជាប់សង្ស័យភាគច្រើន មានសញ្ជាតិចិន និងវៀតណាម។
ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦តទៅ រដ្ឋាភិបាលកម្ពុជានឹងបិទទាំងស្រុងនូវការផ្តល់រង្វាន់លើក្រវិលកំប៉ុង ឬគម្របផលិតផលស្រាបៀរ និងភេសជ្ជៈប៉ូវកម្លាំង។ បើតាមសេចក្តីប្រកាសដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី៦ឧសភា វិធានការនេះមានគោលដៅពង្រឹងការប្រកួតប្រជែងដោយស្មើភាព។ ពលរដ្ឋមួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានបង្ហាញការសាទរចំពោះវិធានការនេះ។ តែយ៉ាងណា ពលរដ្ឋទាំងនោះសង្ឃឹមថា វិធានការនេះនឹងមានប្រសិទ្ធភាពយូរអង្វែង៕
បង់ក្លាដែស កំពុងរងការរាតត្បាតនៃជំងឺកញ្ជ្រិល យ៉ាងខ្លាំង និងគ្មានសញ្ញាចុះថមថយទេ។ ចំនួនកុមាររងគ្រោះបានកើនឡើងជាង៥ម៉ឺនករណី និងស្លាប់យ៉ាងហោច៣២០នាក់ គិតត្រឹមថ្ងៃចន្ទទី៤ឧសភា២០២៦។ នេះជាការរាតត្បាតដ៏ធ្ងន់ធ្ងរខ្លាំងមិនធ្លាប់មាន ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ នៅក្នុងប្រទេសដែលមានប្រព័ន្ធសុខាភិបាលផុយស្រួយខ្លាំងនៅឡើយ។
កម្ពុជា និងថៃព្រមព្រៀងកាត់បន្ថយភាពតានតឹង និងកសាងទំនុកចិត្តរវាងគ្នាដើម្បីធ្វើឱ្យទំនាក់ទំនងមានប្រក្រតីភាពឡើងវិញ។ នេះបើតាមខ្លឹមសារនៃសុន្ទរកថារបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅក្នុងសន្និសីទសារព័ត៌មានរួមរវាងភាគីកម្ពុជា ហ្វីលីពីន និងថៃនាល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ អ្នកតាមកិច្ចការនយោបាយក្នុងតំបន់យល់ថា ការកសាងទំនុកចិត្តរវាងភាគីកម្ពុជា និងថៃទំនងជាត្រូវប្រើពេលរាប់សិបទស្សវត្សរ៍ ព្រោះជម្លោះព្រំដែនលើកនេះបានចាក់ចំស្នាមរបួសប្រវត្តិសាស្ត្រដោយបានបង្កឲ្យមានភាពឈឺចាប់របស់ប្រជាជននៃប្រទេសជិតខាងទាំងពីរ។ តែអ្នកជំនាញភូមិសាស្ត្រនយោបាយនៅតែមើលឃើញច្រកចេញដើម្បីស្តារទំនាក់ទំនងនៃប្រទេសទាំងពីរឡើងវិញ។ តើកម្ពុជា និងថៃគួរប្រកាន់ជំហរបែបណាដើម្បីអាចស្តារទំនុកចិត្តគ្នាឡើងវិញបាន?
ថ្ងៃព្រហស្បតិ៍ទី៧ឧសភា កងទ័ពអាមេរិកនិងអ៊ីរ៉ង់បានផ្ទុះអាវុធដាក់គ្នាសាជាថ្មី នៅតំបន់ច្រកសមុទ្រអកមូហ្ស។ កងទ័ពអាមេរិកបានបាញ់ប្លោងគ្រាប់ កម្ទេចមូលដ្ឋានបាញ់មីស៊ីលនិងដ្រូនរបស់អ៊ីរ៉ង់ បន្ទាប់ពីអ៊ីរ៉ង់បានប៉ុនប៉ងវាយប្រហារមកលើនាវាកងទ័ពអាមេរិក។ អ៊ីរ៉ង់អះអាងថា អាមេរិកបានរំលោភបទឈប់បាញ់ តែយ៉ាងណា លោកដូណាល់ ត្រាំ បានអះអាងថា បទឈប់បាញ់នៅតែមានសុពលភាពរឹងមាំ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសផ្តល់សេវាសាធារណៈរហ័ស (Express Service) ជាលើកដំបូងនៅរដ្ឋបាលកណ្តាលរបស់ក្រសួង។ យន្តការផ្តល់សេវាសាធារណៈរហ័សនេះត្រូវបានក្រសួងរៀបចំដែនដីបញ្ជាក់ថា ដើម្បីសម្រួលដល់ពលរដ្ឋ និងធុរជន។ មន្ត្រីនៃអង្គការសង្គមស៊ីវិលបានគាំទ្រចំពោះយន្តការដែលបង្កើតឡើងដោយក្រសួងរៀបចំដែនដីនេះ តែក៏មានការបារម្ភខ្លះ ចំពោះពលរដ្ឋមួយចំនួនដែលមិនសូវមានការយល់ដឹងពីបច្ចេកវិទ្យា។
តុលាការខេត្តបាត់ដំបងបានសម្រេចចោទប្រកាន់អ្នកនាំចូលទុរេនពីប្រទេសថៃ និងបក្ខពួក ពីបទលួចនាំចូលទំនិញគេចពន្ធ ខណៈជនសង្ស័យម្នាក់ទៀតដែលជាអ្នកទទួលទិញបានរត់គេចខ្លួន។ បើតាមសេចក្តីប្រកាសរបស់សាលាដំបូងខេត្តបាត់ដំបងចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ រាល់ទុរេនថៃដែលនាំចូលមកកម្ពុជាគឺសុទ្ធតែមានការលាក់បាំង គ្មានការអនុញ្ញាត និងគ្មានការបង់ពន្ធអ្វីទាំងអស់។ តែការណ៍នេះបានក្លាយជាចម្ងល់ចំពោះពលរដ្ឋមួយចំនួនថាតើឈ្មួញខាងលើអាចនាំចូលទុរេនដើម្បីយកមកលក់ក្នុងទីផ្សារខ្មែរបែបណា ប្រសិនបើគ្មានការបើកដៃពីមន្ត្រីគយ។
បន្ទាប់ពីផ្តាច់ភូមាចេញពីកិច្ចប្រជុំកំពូលអាស៊ានអស់ពេលជាច្រើនឆ្នាំ ក្រុមប្រទេសអាស៊ានមួយចំនួនបានបង្ហាញពីសញ្ញាបើកទ្វារទទួលស្វាគមន៍ភូមាត្រលប់មកវិញ។ កម្ពុជា តាមរយៈមន្រ្តីការទូតជាន់ខ្ពស់ បានចាត់ទុកការដោះលែងអ្នកទោស និងការបន្ធូរបន្ថយទោសលើលោកស្រី អ៊ុង សានស៊ូជី ជាជំហានវិជ្ជមានសម្រាប់ការស្តារទំនាក់ទំនងឡើងវិញជាមួយអាស៊ាន។ ទោះយ៉ាងណា អាស៊ាននៅមិនទាន់ឈានដល់ការឯកភាពគ្នា ក្នុងការទទួលស្គាល់លទ្ធផលបោះឆ្នោតនៅភូមានៅឡើយទេ។
រូបគំនូរមនុស្សត្រូវគេរុំភ្នែក ចាប់ចងអូសបណ្តើរជាខ្សែចូលមន្ទីរឃុំឃាំងទាំងយប់ងងឹត។ ឌុច អតីតមេគុកទួលស្លែងបានពន្យល់នៅមុខកាមេរ៉ារបស់សមិទ្ធិករ ប៉ាន់ រិទ្ធីដើម្បីពន្យល់ពីដំណើរការសួរចម្លើយអ្នកទោស។ រូបគំនូររបស់វ៉ាន់ណាត អ្នករួចរស់ជីវិតពីគុកទួលស្លែង និងខ្សែភាពយន្តឯកសាររបស់ប៉ាន់រិទ្ធឈ្មោះ ឌុច គ្រូលត់ដំនៅឋាននរក មិនមែនគ្រាន់តែរូបភាព សាច់រឿងកុនដែលគេមើលរួចហើយចប់នោះទេ ប៉ុន្តែ វាជាសក្ខីកម្មលាតត្រដាងអំពើឃោឃៅ ឧក្រិដ្ឋកម្មសម្លាប់មនុស្សក្នុងរបបខ្មែរក្រហម។ លោកស្រី សូកូ ផៃ សាស្រា្តចារ្យផ្នែកប្រវត្តិសាស្រ្តសិល្បៈនៅសកលវិទ្យាល័យ ប៉ារីស៍ ទី៨ បានចំណាយពេលសិក្សា ស្រាវជ្រាវ១៨ឆ្នាំ អំពីការងាររបស់សិល្បៈនៅចំពោះមុខអំពើព្រៃផ្សៃ ដែលខ្មែរក្រហមព្យាយាមលុបបំបាត់ចោលមិនឲ្យគេពឃើញដាន។ កម្ពុជា សិល្បៈនៅចំពោះមុខអំពើព្រៃផ្សៃ ពីលោកប៉ាន់ រិទ្ធីរហូតដល់យុវជនជំនាន់ក្រោយ ជាសៀវភៅដែលលោកស្រីសូកូ ផៃទើបសរសេរចប់ និងបោះពុម្ពផ្សាយកាលពីខែមេសា។
នៅក្នុងប្រទេសអូស្រ្តាលី រដ្ឋមន្ត្រីក្រសួងថាមពលបានប្រកាសក្នុងព្រហស្បតិ៍ ទី០៧ ឧសភាថា អូស្ត្រាលីនឹងចាត់វិធានការថ្មីដោយបង្ខំឲ្យក្រុមហ៊ុនឧស្ម័នធំៗទុកឧស្ម័ន ២០% សម្រាប់ប្រើប្រាស់ក្នុងស្រុក។ វិធានការថ្មីរបស់ក្រុងកង់បេរ៉ាពេលនេះធ្វើឡើងស្របពេលដែលពិភពលោកកំពុងជួបវិបត្តិថាមពលដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Samsung នៅលើទីផ្សារមូលប័ត្របានកើនឡើងខ្ពស់លើស ១០០០ពាន់លានដុល្លារជាលើកទីមួយក្នុងប្រវត្តិរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនផលិតសឺមីកុងឌុចទ័រដ៏ធំបំផុតនៅលើពិភពលោកមួយនេះបានទទួលផលចំណេញខ្លាំងពីកំណើននៃតម្រូវការផ្នែកបន្ទះឈីបក្នុងសេវាកម្មបញ្ញាសិប្បនិម្មិត។ ប៉ុន្តែនៅចំពោះមុខភាពរីកចម្រើនខ្លាំងផ្នែកហិរញ្ញវត្ថុ បុគ្គលិកបានគំរាមធ្វើកូដកម្ម ទាមទារសុំដំឡើងប្រាក់ខែ ប្រាក់បៀវត្សរ៍ និងសុំមានចំណែកទទួលផលចំណេញដែរ។
ក្រោយថៃបានប្រកាសលុបចោលអនុស្សារណៈយោគយល់កម្ពុជា-ថៃ លើការកំណត់ព្រំដែនសមុទ្រ (MOU44) ជាឯកតោភាគីមក កម្ពុជាបានសម្តែងការសោកស្តាយជាខ្លាំង។ តែដើម្បីបន្តដោះស្រាយបញ្ហាស្តីពីការកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ កម្ពុជាបានប្រកាសជំហរជ្រើសយកការប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) តាមរយៈមធ្យោបាយផ្សះផ្សាដោយបង្ខំជាមួយភាគីថៃ។ អ្វីជាយន្តការផ្សះផ្សាដោយបង្ខំ និងថា តើកម្ពុជា និងថៃអាចដោះស្រាយបញ្ហាព្រំដែនសមុទ្រដោយប្រើយន្តការអន្តរជាតិមួយនេះយ៉ាងដូចម្តេច?
ប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ រយៈពេល ២ថ្ងៃដោយចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ទី៧ ឧសភានេះក្នុងទីក្រុងសេប៊ូ។ វិបត្តិសេដ្ឋកិច្ច វិបត្តិថាមពល និងបញ្ហាសមុទ្រចិនខាងត្បូងត្រូវបានគេមើលឃើញជាប្រធានបទធំៗនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នេះ។
នៅថ្ងៃព្រហស្បតិ៍ ទី ០៧ឧសភា អាជ្ញាធរស្រីលង្កា ប្រកាសចាត់វិធានការបង្រ្កាបក្រុមល្មើស អនឡាញខុសច្បាប់ ដោយបានឃាត់ខ្លួនជនបរទេសចំនួន ២៣១នាក់ នៅទីក្រុងកូឡុំបូ។ ជនសង្ស័យភាគច្រើនជាជនជាតិចិន និង វៀតណាម។ ការចាប់ខ្លួននេះធ្វើឡើងស្របពេល ដែលប្រទេសស្រីលង្កា កំពុងក្លាយជាទីតាំងថ្មី របស់ក្រុមបណ្តាញបោកប្រាស់តាមអ៊ីនធ័រនែតអន្តរជាតិ (ឧក្រិដ្ឋកម្មឆបោកអនឡាញពីបរទេស)។
កិច្ចព្រមព្រៀងសន្តិភាពទំនងជានឹងអាចកើតចេញជារូបរាងបាន។ ជម្លោះជាមួយអ៊ីរ៉ង់នឹងត្រូវដោះស្រាយបានក្នុងពេលឆាប់ៗ។ នេះបើតាមប្រសាសន៍របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅល្ងាចថ្ងៃពុធទី៦ឧសភាម្សិលមិញ ក្រោយពីអ៊ីរ៉ង់ព្រមសិក្សាសំណើកិច្ចព្រមព្រៀងបិទបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ដែលគ្មានបញ្ជាក់អំពីដំណោះស្រាយជុំវិញសំណុំរឿងនុយក្លេអ៊ែរ និងការបើកច្រកអកមូហ្ស ភ្លាមទេ។
អតីតប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក Casey Barnett បានលើកឡើងក្នុងថ្ងៃទី៦ ឧសភាថា ក្នុងរយៈពេល៧៥ ឆ្នាំទៀត សេដ្ឋកិច្ច និងចំនួនប្រជាជនកម្ពុជាអាចនឹងមានច្រើនជាងប្រទេសថៃ បើសិនជាកម្ពុជាអនុវត្តគោលនយោបាយត្រឹមត្រូវ។ បើតាមអ្នកជំនាញសេដ្ឋកិច្ចអាមេរិករូបនេះ មូលហេតុមួយដែលថៃហ៊ានឈ្លានពានកម្ពុជា គឺគម្លាតសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ តែសម្រាប់លោក Casey Barnett គម្លាតនេះកំពុងតែរួមតូចហើយ។ ទោះជាយ៉ាងណា អ្នកសេដ្ឋវិទូផ្សេងទៀតយល់ឃើញផ្ទុយទៅវិញថា កម្ពុជាពិបាកនឹងដើរទាន់ថៃ ព្រោះចំនួនប្រជាជន និងទំហំផ្ទៃដីកម្ពុជាមានទំហំតូចជាងឆ្ងាយពីថៃ៕
វិវាទដីធ្លីរវាងពលរដ្ឋ និងអ្នកមានអំណាចបានកើនឡើង ៤៥ករណីនៅឆ្នាំ ២០២៥។ នេះបើតាមក្នុងរបាយការណ៍របស់សមាគមអាដហុកដែលចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ សមាគមអាដហុកកត់សម្គាល់ឃើញថា បើទោះបីជាកម្ពុជាមានច្បាប់គ្រប់គ្រងដីធ្លីក៏ដោយ ក៏បញ្ហានេះនៅតែមានភាពស្មុគស្មាញ និងធ្ងន់ធ្ងរទៅ។ ធ្ងន់ធ្ងរដ្បិតថា វិវាទទាំងនោះមានជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាច និងមូលធន។
កម្ពុជានឹងបន្តកិច្ចចរចាជាមួយសហរដ្ឋអាមេរិកលើបញ្ហាពន្ធបដិការ ដើម្បីធានាថាអាមេរិកនឹងមិនយកពន្ធគយលើស ១៩%ពីកម្ពុជា ដូចដែលឯកភាពគ្នាក្នុងពេលចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងវេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ តាមលោក ស៊ុន ចាន់ថុល កម្ពុជាគឺជាប្រទេសទី១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានចុះកិច្ចព្រមព្រៀងពន្ធបដិការជាមួយសហរដ្ឋអាមេរិក។ ក្រុមការងារចរចាពន្ធបដិការកម្ពុជា-អាមេរិក នឹងបន្តកិច្ចពិភាក្សាគ្នាម្តងទៀតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ខាងមុខ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ តុលាការកំពូលអាមេរិកបានចេញសាលក្រមបញ្ជាឲ្យលុបចោលពន្ធបដិការដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់លើគ្រប់ប្រទេសក្នុងពិភពលោក ដោយរាប់ទាំងកម្ពុជាផង ក្នុងអត្រាពន្ធ១៩%។ តែភា្លមៗ លោក ដូណាល់ ត្រាំ ក៏បានប្រកាសពីការដាក់ចេញអត្រាពន្ធថ្មី១០% លើបណ្តាប្រទេសទាំងអស់ និងមានសុពលភាពរយៈពេល ១៥០ថ្ងៃ៕ សូមស្តាប់ការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ដូចតទៅ៖
អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន សង្ឃឹមថា ហ្វីលីពីននឹងកសាងប្រវត្តិសាស្ត្រនៃជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ និងថាបញ្ហានេះនឹងបញ្ចប់ដោយហ្វីលីពីន។ ការថ្លែងរបស់មេបញ្ជាការជាន់ខ្ពស់កម្ពុជាដូច្នេះធ្វើឡើង បន្ទាប់ពីលោកមានជំនួបមួយជាមួយនឹងប្រធានបេសកកម្មនៃក្រុមសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីនប្រចាំកម្ពុជានារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។
ប្រធានាធិបតីវៀតណាម លោក តូ ឡឹម បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌានាថ្ងៃពុធ ទី ០៦ ឧសភា។ នេះជាទស្សនកិច្ចលើកទីមួយរបស់លោកនៅឥណ្ឌាក្នុងនាមជាប្រធានាធិបតី។ លោក តូ ឡឹមត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់នៅវិមានប្រធានាធិបតីដោយមានក្រាលកំរាលព្រំក្រហម និងក្បួនដង្ហែរបស់កងឆ្មាំកិត្តិយស។ កម្មវត្ថុនៃទស្សនកិច្ចរបស់លោក តូ ឡឹមនៅឥណ្ឌា គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យមួយចំនួនរវាងប្រទេសទាំងពីរ ពិសេសវិស័យពាណិជ្ជកម្ម។
ការឆ្លងរាលដាលមេរោគផ្លូវដង្ហើម « Hantavirus » នៅលើនាវាទេចរណ៍ Hondius កំពុងធ្វើឲ្យមានការភ័យជ្រួលច្របល់។ តែយ៉ាងណា អង្គការសុខភាពពិភពលោក បានអះអាងនៅថ្ងៃទី៦ឧសភា ថាគិតត្រឹមពេលនេះ មេរោគផ្លូវដង្ហើម« Hantavirus » មិនបង្កឲ្យមានគ្រោះថ្នាក់ប្រឈមធ្ងន់ធ្ងរឡើយ ចំពោះសុខភាពមនុស្ស។ ពោលគឺវាខុសពីមេរោគជំងឺCovid19។
នៅកូរ៉េខាងជើង របបក្រុងព្យុងយ៉ាងបានធ្វើវិសោតនកម្មច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនដោយលុបចោលមាត្រាស្តីពីការបង្រួបបង្រួមកូរ៉េតែមួយ។ នេះបើយោងតាមឯកសារដែលទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានមើលនៅថ្ងៃពុធ ទី៦ ឧសភា។ ការធ្វើវិសោតនកម្មច្បាប់រដ្ឋធម្មនុញ្ញត្រង់មាត្រានេះជាសក្ខីកម្មបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនមានឆន្ទៈចង់ប្រើនយោបាយដែលមានអរិភាពកាន់តែខ្លាំងទល់នឹងកូរ៉េខាងត្បូង។
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមតុលាការក្រុងភ្នំពេញទុកជាបានការចំពោះសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ ទន្ទឹមគ្នានេះ សាលាឧទ្ធរណ៍ថែមទាំងបានបន្ថែមទោសដោយហាមមិនឲ្យលោក កឹម សុខាចេញក្រៅប្រទេសរយៈពេល ៥ឆ្នាំ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោក ផែង ហេង សហមេធាវីការពារក្តីលោក កឹម សុខា បានថ្លែងថា លោក កឹម សុខា និងសហមេធាវីមិនទាន់អាចបញ្ជាក់បាននៅឡើយទេថាតើត្រូវបន្ត ឬមិនបន្តប្តឹងសាទុក្ខទៅតុលាការកំពូល។ តែសម្រាប់លោកមេធាវី ផែង ហេង ករណីលោក កឹម សុខា នឹងអាចឆាប់ចប់ បើសិនជាសំណុំរឿងនេះត្រូវបានដោះស្រាយតាមផ្លូវនយោបាយ៕
ប្រកាសអនុវត្តបានតែមួយថ្ងៃ នៅទីបំផុត ប្រតិបត្តិការរំដោះនាវាចេញតាមច្រកសមុទ្រអកមូហ្ស ត្រូវបានលោកដូណាល់ ត្រាំ ប្រកាសផ្អាកវិញ។ លោកដូណាក់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម ដោយលើកឡើងថា លោកសម្រេចផ្អាកប្រតិបត្តិការនេះមួយរយៈតូច ព្រោះថាការចរចាជាមួយអ៊ីរ៉ង់ កំពុងតែបានលទ្ធផល ជិតបានកិច្ចព្រមព្រៀងហើយ។
នៅថ្ងៃទី៦ឧសភានេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ពីការគាំទ្រគោលជំហររដ្ឋាភិបាលលើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ក្រោយភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។ ទន្ទឹមនេះ លោក ហ៊ុន សែន យល់ថា កម្ពុជាមិនត្រូវបង្កើតយន្តការទ្វេភាគី ជំនួសយន្តការ MOU 2001 នោះឡើយ។ ពោល គឺកម្ពុជាត្រូវទៅស្វែងរកតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើបអាចដោះស្រាយបញ្ហាបាន។
អ្នកឧកញ៉ា ហ៊ុន តូ បានចេញសេចក្តីបំភ្លឺជាសាធារណៈមួយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីបដិសេធចំពោះការលើកឡើងដែលថា លោកជាថៅកែធំរបស់ក្រុមហ៊ុនហួយវ័នផេដែលកំពុងមានបញ្ហាជម្រះបញ្ជីឱ្យអតិថិជន ក្រោយធនាគារជាតិប្រកាសឱ្យបិទប្រតិបត្តិការ។ បើតាមសេចក្តីបំភ្លឺ កាលពីឆ្នាំ២០២០ អ្នកឧកញ៉ា ហ៊ុន តូ ពិតជាធ្លាប់មានភាគហ៊ុន៣០% ក្នុងក្រុមហ៊ុនហួយវ័នផេមែន ប៉ុន្តែត្រូវបាត់បង់សិទ្ធិចាត់ចែងការងារទូទៅក្នុងនាមជាម្ចាស់ភាគហ៊ុននោះវិញភ្លាមៗ ដោយសារលោកមិនបានអនុវត្តតាមលក្ខន្តិកៈក្រុមហ៊ុន។
ជាលើកទី១ សហភាពអឺរ៉ុបបានរៀបចំធ្វើជំនួបកំពូលជាមួយប្រទេសអាមេនី នៅរដ្ឋធានីអេរ៉េវ៉ាន។ លើសពីការពង្រឹងសហប្រតិបត្តិការលើច្រើនវិស័យ ជាជំនួបកំពូលនេះ មានកម្មវត្ថុទាក់ទាញចិត្តអាមេនី ឲ្យងាកចេញឆ្ងាយពីឥទ្ធិពលរបស់រុស្ស៊ី ដែលធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នាជាយូរមកហើយ។
នៅថ្ងៃអង្គារ ទី៥ ឧសភា កូនប្រុសលោកស្រី អ៊ុង សានស៊ូជី ប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលជាបក្សប្រឆាំងភូមាបានស្នើសុំការគាំទ្រពីបារាំងក្នុងការទាមទារឲ្យរដ្ឋាភិបាលភូមាបញ្ជាក់ពីព័ត៌មានស្តីពីស្ថានភាពសុខភាពរបស់ម្តាយខ្លួន។ ការស្នើសុំជំនួយពីបារាំងរបស់កូនប្រុសលោកស្រីអ៊ុង សានស៊ូជីដូចនេះធ្វើឡើង ក្រោយពីរដ្ឋាភិបាលភូមាបានសម្រេចសម្រាលទោស និងផ្ទេរការឃុំលោកស្រី ស៊ូជីនៅក្នុងពន្ធនាគារទៅឃុំនៅក្នុងផ្ទះដោយមានការយាមកាមយ៉ាងតឹងរឹងវិញ។
ស្ថាប័នរដ្ឋមួយចំនួនបានចេញសេចក្តីណែនាំជាបន្តបន្ទាប់ដោយហាមជក់បារីអេឡិចត្រូនិកនៅតាមគ្រឹះស្ថានអាជីវកម្ម និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ រួមទាំងបារីអេឡិចត្រូនិក។ សេចក្តីណែនាំទាំងនេះធ្វើឡើង ក្រោយមានបញ្ជាពីនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែតឲ្យឈប់នាំចូល និងការប្រើបារីអេឡិចត្រូនិក។ អ្នកជំនាញផ្នែកសុខាភិបាល និងអ្នកឃ្លាំមើលសង្គមខ្លះយល់ថា បទបញ្ជារបស់ប្រមុខរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ស្ថាប័នរដ្ឋនៅមិនទាន់គ្រប់គ្រាន់ទេ ពោលរដ្ឋគួរមានវិធានការច្បាប់តឹងរ៉ឹងដើម្បីឆ្លើយតបនឹងបញ្ហានេះ។
ថ្ងៃអង្គារ ទី ០៥ ឧសភានេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់វត្តមានជំងឺ « Hantavirus » ចំនួន ២ករណី និងករណីសង្ស័យចំនួន ៥ ករណីក្នុងចំណោមមនុស្សនៅលើនាវាទេសចរណ៍មួយដែលកំពុងជាប់នៅលើសមុទ្រក្នុងប្រទេសប្រជុំកោះ Cape Verde។ គិតត្រឹមថ្ងៃអង្គារ ទី០៥ ឧសភានេះ ជំងឺថ្មីមួយនេះបានសម្លាប់មនុស្ស ៣នាក់នៅលើនាវា។ បើតាម WHO មេរោគនេះអាចឆ្លងពីមនុស្សទៅមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធខ្លាំងនៅលើនាវា។